km:tipitaka:sut:sn:12:sut.sn.12.028



(ភិក្ខុ)សូត្រ ទី៨

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 12.028 បាលី cs-km: sut.sn.12.028 អដ្ឋកថា: sut.sn.12.028_att PTS: ?

(ភិក្ខុ)សូត្រ ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៨. ភិក្ខុសុត្តំ)

[៩១] ទ្រង់គង់នៅជិតក្រុងសាវត្ថី…. ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់នូវជរា និងមរណៈ ដឹងច្បាស់នូវការកើតឡើង នៃជរា និងមរណៈ ដឹងច្បាស់នូវទីរលត់នៃជរា និងមរណៈ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃជរានិងមរណៈ ដឹងច្បាស់នូវជាតិ។បេ។ ដឹងច្បាស់នូវភព… ដឹងច្បាស់នូវឧបាទាន… ដឹងច្បាស់នូវតណ្ហា… ដឹងច្បាស់នូវវេទនា… ដឹងច្បាស់នូវផស្សៈ… ដឹងច្បាស់នូវសឡាយតនៈ… ដឹងច្បាស់នូវនាមរូប … ដឹងច្បាស់នូវវិញ្ញាណ… ដឹងច្បាស់នូវសង្ខារទាំងឡាយ … ដឹងច្បាស់នូវការកើតឡើង នៃសង្ខារ ដឹងច្បាស់នូវទីរលត់នៃសង្ខារ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ។

[៩២] ម្នាលភិក្ខុទាំងឡាយ ជរា និងមរណៈ តើដូចម្តេច។ សេចក្តីគ្រាំគ្រា ភាពគ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវ ដំណើរថយអាយុ ដំណើរចាស់ទុំឥន្ទ្រិយទាំងឡាយណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ នេះហៅថា ជរា។ ចុតិ ការឃ្លាត ការបែកធ្លាយ ការបាត់បង់ សេចក្តីស្លាប់ ដំណើរងាប់ ការធ្វើនូវមរណកាល ការបែកធ្លាយនៃខន្ធទាំងឡាយ ការដាក់ចុះនូវសាកសព ការដាច់នៃជីវិតិន្ទ្រិយណា របស់សត្វទាំងឡាយនោះៗ ចាកសត្តនិកាយនោះៗ នេះហៅថា មរណៈ។ ម្នាលភិក្ខុទាំងឡាយ ជរានេះផង មរណៈនេះផង នេះហៅថា ជរា និងមរណៈ ដូច្នេះឯង។ ការកើតឡើងនៃជរា និងមរណៈ ព្រោះការកើតឡើងនៃជាតិ ការរលត់នៃជរានិងមរណៈ ព្រោះការរលត់នៃជាតិ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ៨នេះឯង ជាបដិបទា ដែលជាដំណើរទៅកាន់ទីរលត់នៃជរា និងមរណៈ គឺប្រាជ្ញាយល់ឃើញត្រូវ១។បេ។ ការតម្កល់ចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ ជាតិ តើដូចម្តេច។បេ។ ម្នាលភិក្ខុទាំងឡាយ ភព តើដូចម្តេច…. ម្នាលភិក្ខុទាំងឡាយ ឧបាទាន តើដូចម្តេច…. ម្នាលភិក្ខុទាំងឡាយ តណ្ហា តើដូចម្តេច…. វេទនា…. ផស្សៈ…. សឡាយតនៈ…. នាមរូប…. វិញ្ញាណ…. ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយនេះ មាន៣គឺ កាយសង្ខារ១ វចីសង្ខារ១ ចិត្តសង្ខារ១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សង្ខារ។ ការកើតឡើងនៃសង្ខារ ព្រោះការកើតឡើងនៃអវិជ្ជា ការរលត់នៃសង្ខារ ព្រោះការរលត់នៃអវិជ្ជា មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ទាំង៨នេះឯង ជាបដិបទា ដែលជាដំណើរទៅកាន់ទីរលត់នៃសង្ខារ គឺប្រាជ្ញាយល់ឃើញត្រូវ១។បេ។ ការតម្កល់ចិត្តត្រូវ១។

[៩៣] ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុដឹងច្បាស់ នូវជរា និងមរណៈយ៉ាងនេះ ដឹងច្បាស់នូវការកើតឡើង នៃជរា និងមរណៈយ៉ាងនេះ ដឹងច្បាស់នូវទីរលត់នៃជរា និងមរណៈ យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃជរា និងមរណៈ យ៉ាងនេះ។ ដឹងច្បាស់នូវជាតិយ៉ាងនេះ។បេ។ ដឹងច្បាស់នូវភព… ឧបាទាន… តណ្ហា… វេទនា… ផស្សៈ… សឡាយតនៈ… នាមរូប… វិញ្ញាណ… នូវសង្ខារទាំងឡាយយ៉ាងនេះ ដឹងច្បាស់ នូវការកើតឡើង នៃសង្ខារ យ៉ាងនេះ ដឹងច្បាស់នូវទីរលត់នៃសង្ខារ យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា បរិបូណ៌ដោយទិដ្ឋិក៏បាន ថាបរិបូណ៌ដោយទស្សនៈក៏បាន ថា មកកាន់ព្រះសទ្ធម្មនេះក៏បាន ថា ឃើញនូវព្រះសទ្ធម្មនេះក៏បាន ថា ប្រកបដោយសេក្ខញ្ញាណក៏បាន ថា ប្រកបដោយសេក្ខវិជ្ជាក៏បាន ថា ដល់ព្រមនូវធម្មស្រោតក៏បាន ថា ជាអរិយៈ អ្នកមាននិព្វេធិកប្បញ្ញាក៏បាន ថា ឋិតអែបនែប នូវទ្វារនៃអមតៈ គឺព្រះនិព្វានក៏បាន។

ចប់សូត្រ ទី៨។

 

លេខយោង

km/tipitaka/sut/sn/12/sut.sn.12.028.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann