km:tipitaka:sut:sn:12:sut.sn.12.032



(កឡារ)សូត្រ ទី២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 12.032 បាលី cs-km: sut.sn.12.032 អដ្ឋកថា: sut.sn.12.032_att PTS: ?

(កឡារ)សូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. កឡារសុត្តំ)

[១០៤] ទ្រង់គង់នៅជិតក្រុងសាវត្ថី… គ្រានោះ ភិក្ខុឈ្មោះកឡារខត្តិយៈ ចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្តមានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះកឡារខត្តិយភិក្ខុ អង្គុយក្នុងទីសមគួរហើយ ក៏ពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលសារីបុត្តមានអាយុ ភិក្ខុឈ្មោះមោលិយផគ្គុន បានលាសិក្ខា ត្រឡប់ទៅកាន់ហីនភេទហើយ ព្រះមោលិយផគ្គុនមានអាយុនោះ មិនបាននូវទីពឹង ក្នុងធម្មវិន័យដោយពិតទេ បើដូច្នោះ មានតែព្រះសារីបុត្តមានអាយុ បានដល់នូវទីពឹងក្នុងធម្មវិន័យនេះហើយ។ ព្រះសារីបុត្តពោលថា ម្នាលអាវុសោ ខ្ញុំមិនសង្ស័យទេ។ ព្រះកឡារខត្តិយៈពោលថា ម្នាលអាវុសោ ចុះបដិសន្ធិក្នុងខាងមុខទៀត។ ម្នាលអាវុសោ ខ្ញុំមិនងឿងឆ្ងល់ទេ។

[១០៥] គ្រានោះ កឡារខត្តិយភិក្ខុ ក្រោកអំពីអាសនៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះកឡារខត្តិយភិក្ខុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ ពោលអួតព្រះអរហត្តផលថា ខ្ញុំដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ លំដាប់នោះ ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុមួយរូបមកថា ម្នាលភិក្ខុ អ្នកចូរមក ចូរហៅសារីបុត្ត តាមពាក្យតថាគតមកថា បពិត្រព្រះសារីបុត្តមានអាយុ ព្រះសាស្តាត្រាស់ទៅលោកម្ចាស់។ ភិក្ខុនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណា ព្រះអង្គ ហើយក៏ចូលទៅរក ព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា បពិត្រព្រះសារីបុត្តមានអាយុ ព្រះសាស្តាត្រាស់ហៅលោកម្ចាស់។ ព្រះសារីបុត្តមានអាយុ ទទួលពាក្យភិក្ខុនោះថា អើអាវុសោ ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។

[១០៦] លុះព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ត្រាស់សួរដូច្នេះថា ម្នាលសារីបុត្ត ឮថា អ្នកពោលអួតអរហត្តផលថា ខ្ញុំដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ដូច្នេះពិតឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនបានពោលសេចក្តី ដោយបទទាំងនេះ ដោយព្យញ្ជនៈទាំងនេះទេ។ ម្នាលសារីបុត្ត កុលបុត្តពោលអួតអរហត្តផល សូម្បីដោយបរិយាយណាមួយ ត្រូវតែឃើញនូវពាក្យពោលអួត ថាជាពាក្យពោលអួត ដោយពិត។ បពិត្រព្រះអង្គដ៏ចំរើន ក្រែងខ្ញុំព្រះអង្គ ទើបនឹងក្រាបទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនបានពោលសេចក្តី ដោយបទទាំងនុ៎ះ ដោយព្យញ្ជនៈទាំងនុ៎ះទេ ដូច្នេះឬ។ ម្នាលសារីបុត្ត ប្រសិនបើជនទាំងឡាយ សួរអ្នកយ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះលោកបានដឹងដូចម្តេច បានឃើញដូចម្តេច បានជាពោលអួតអរហត្តផលថា ខ្ញុំដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ម្នាលសារីបុត្ត កាលបើគេសួរយ៉ាងនេះ អ្នកគប្បីដោះស្រាយដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះលោកដឹងដូចម្តេច ឃើញដូចម្តេច បានជាពោលអួតអរហត្តផលថា ខ្ញុំដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ជាតិ មានធម៌ណាជាហេតុ កាលបើបច្ច័យនៃជាតិអស់ហើយ ព្រោះការអស់ទៅនៃហេតុនោះ យើងក៏ដឹងច្បាស់ថា ផល គឺជាតិអស់ហើយ ទើបប្តេជ្ញាថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះឯង។

[១០៧] ម្នាលសារីបុត្ត ប្រសិនបើជនទាំងឡាយ សួរអ្នកយ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះជាតិ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព ម្នាលសារីបុត្ត កាលបើគេសួរយ៉ាងនេះ អ្នកគប្បីដោះស្រាយ ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គ យ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះជាតិ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ជាតិ មានភពជាហេតុ មានភពនាំឲ្យកើត មានភពជាកំណើត មានភពជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះឯង។

[១០៨] ម្នាលសារីបុត្ត ប្រសិនបើជនទាំងឡាយ សួរអ្នកយ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះភព មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព ម្នាលសារីបុត្ត កាលបើគេសួរយ៉ាងនេះ អ្នកគប្បីដោះស្រាយ ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គ យ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះភព មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភព មានឧបាទានជាហេតុ មានឧបាទាននាំឲ្យកើត មានឧបាទានជាកំណើត មានឧបាទានជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះឯង។

[១០៩] ម្នាលសារីបុត្ត ប្រសិនបើជនទាំងឡាយ សួរអ្នកយ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះឧបាទាន មានអ្វីជាហេតុ។បេ។ មានអ្វីជាប្រភព ម្នាលសារីបុត្ត កាលបើគេសួរយ៉ាងនេះ អ្នកគប្បីដោះស្រាយ ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គ យ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះឧបាទាន មានអ្វីជាហេតុ។បេ។ មានអ្វីជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ឧបាទាន មានតណ្ហាជាហេតុ។បេ។ មានតណ្ហាជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះឯង។

[១១០] ម្នាលសារីបុត្ត ប្រសិនបើជនទាំងឡាយ សួរអ្នកយ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះតណ្ហា មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព ម្នាលសារីបុត្ត កាលបើគេសួរយ៉ាងនេះ អ្នកគប្បីដោះស្រាយ ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គ យ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះតណ្ហា មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ តណ្ហា មានវេទនាជាហេតុ មានវេទនានាំឲ្យកើត មានវេទនាជាកំណើត មានវេទនាជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះឯង។

[១១១] ម្នាលសារីបុត្ត ប្រសិនបើជនទាំងឡាយ សួរអ្នកយ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះវេទនា មានអ្វីជាហេតុ។បេ។ មានអ្វីជាប្រភព ម្នាលសារីបុត្ត កាលបើគេសួរយ៉ាងនេះ អ្នកគប្បីដោះស្រាយ ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គ យ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះវេទនា មានអ្វីជាហេតុ។បេ។ មានអ្វីជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ វេទនា មានផស្សៈជាហេតុ។បេ។ មានផស្សៈជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះឯង។

[១១២] ម្នាលសារីបុត្ត ប្រសិនបើជនទាំងឡាយ សួរអ្នកយ៉ាងនេះថា នែសារីបុត្តមានអាយុ លោកបានដឹងដូចម្តេច ឃើញដូចម្តេច បានជាសេចក្តីត្រេកអរ ក្នុងវេទនាទាំងឡាយ មិនតាំងឡើងបាន ម្នាលសារីបុត្ត កាលបើគេសួរយ៉ាងនេះ អ្នកគប្បីដោះស្រាយ ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គ យ៉ាងនេះថា នែសារីបុត្តមានអាយុ លោកបានដឹងដូចម្តេច ឃើញដូចម្តេច បានជាសេចក្តីត្រេកអរក្នុងវេទនាទាំងឡាយ មិនតាំងឡើងបាន បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ វេទនានេះ មាន៣ វេទនាទាំង៣ តើដូចម្តេច គឺសុខវេទនា១ ទុក្ខវេទនា១ អទុក្ខមសុខវេទនា១ ម្នាលអាវុសោទាំងឡាយ វេទនាទាំង៣នេះឯង មិនទៀង ធម្មជាតណាមិនទៀង ធម្មជាតនោះ យើងដឹងច្បាស់ថាជាទុក្ខ បានជាសេចក្តីត្រេកអរ ក្នុងវេទនាទាំងឡាយមិនតាំងឡើងបាន បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះឯង។

[១១៣] ម្នាលសារីបុត្ត ត្រូវហើយ ត្រូវហើយ ម្នាលសារីបុត្ត នេះឯង ជាបរិយាយ ប្រព្រឹត្តទៅ ដើម្បីការដោះស្រាយនូវសេចក្តីនេះ ដោយសង្ខេបថា ការទទួលអារម្មណ៍ណាមួយ ការទទួលអារម្មណ៍នោះ ជាទុក្ខ ម្នាលសារីបុត្ត ចុះប្រសិនបើជនទាំងឡាយ សួរយ៉ាងនេះថា នែសារីបុត្តមានអាយុ ព្រោះវិមោក្ខដូចម្តេច លោកទើបពោលអួតអរហត្តផលថា យើងដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ម្នាលសារីបុត្ត កាលបើគេសួរយ៉ាងនេះ អ្នកគប្បីដោះស្រាយដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា នែសារីបុត្តមានអាយុ ព្រោះវិមោក្ខដូចម្តេច លោកទើបពោលអួតអរហត្តផលថា ខ្ញុំដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ព្រោះតែអជ្ឈត្តវិមោក្ខ1) ទើបអាសវៈទាំងឡាយ មិនជាប់តាមយើង ដែលមានសតិយ៉ាងណា យើងក៏មានសតិយ៉ាងនោះ ព្រោះការអស់ទៅនៃឧបាទានទាំងពួង មួយទៀត យើងមិនបានមើលងាយនូវខ្លួនឡើយ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គគប្បីដោះស្រាយ យ៉ាងនេះឯង។

[១១៤] ម្នាលសារីបុត្ត ត្រូវហើយ ត្រូវហើយ ម្នាលសារីបុត្ត នេះឯង ជាបរិយាយ ប្រព្រឹត្តទៅ ដើម្បីការដោះស្រាយសេចក្តីនេះ ដោយសង្ខេបថា អាសវៈទាំងឡាយណា ដែលព្រះពុទ្ធ ជាសមណៈ បានពោលហើយ យើងមិនសង្ស័យក្នុងអាសវៈទាំងនោះទេ អាសវៈទាំងនោះ យើងបានលះហើយ ព្រោះហេតុនោះ យើងមិនងឿងឆ្ងល់ឡើយ។ ព្រះមានព្រះភាគ បានត្រាស់នូវពាក្យនេះហើយ លុះព្រះសុគត ត្រាស់នូវពាក្យនេះរួចហើយ ក៏ទ្រង់ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ។

[១១៥] កាលដែលព្រះមានព្រះភាគ ស្តេចចេញទៅមិនយូរប៉ុន្មាន ព្រះសារីបុត្តមានអាយុ ក៏ហៅភិក្ខុទាំងឡាយក្នុងទីនោះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ បានសួរប្រស្នាទី១នឹងខ្ញុំ ជាប្រស្នាដែលខ្ញុំមិនធ្លាប់ដឹងពីមុនមកទេ សេចក្តីយឺតយូរ ក្នុងការដោះស្រាយ ក៏កើតមានដល់ខ្ញុំ ម្នាលអាវុសោទាំងឡាយ កាលដែលព្រះមានព្រះភាគ បានអនុមោទនាប្រស្នាជាដំបូងរបស់ខ្ញុំហើយ ម្នាលអាវុសោទាំងឡាយ ខ្ញុំមានសេចក្តីត្រិះរិះដូច្នេះថា ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ចំពោះអាត្មាអញ អស់មួយថ្ងៃ អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ថ្វាយព្រះមានព្រះភាគ អស់មួយថ្ងៃ ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ចំពោះអាត្មាអញ អស់មួយយប់ អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ថ្វាយព្រះមានព្រះភាគ អស់មួយយប់ ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ចំពោះអាត្មាអញ អស់មួយយប់មួយថ្ងៃ អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ថ្វាយព្រះមានព្រះភាគ អស់មួយយប់មួយថ្ងៃ ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ចំពោះអាត្មាអញ អស់២យប់២ថ្ងៃ។បេ។ អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ថ្វាយព្រះមានព្រះភាគ អស់២យប់២ថ្ងៃ។បេ។ ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ចំពោះអាត្មាអញ អស់៣យប់ ៣ថ្ងៃ… អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ថ្វាយព្រះមានព្រះភាគ អស់៣យប់៣ថ្ងៃ… ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ចំពោះអាត្មាអញ អស់៤យប់ ៤ថ្ងៃ… អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ថ្វាយព្រះមានព្រះភាគ អស់៤យប់៤ថ្ងៃ… ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ចំពោះអាត្មាអញ អស់៥យប់៥ថ្ងៃ… អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ថ្វាយព្រះមានព្រះភាគ អស់៥យប់ ៥ថ្ងៃ… ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ចំពោះអាត្មាអញ អស់៦យប់៦ថ្ងៃ… អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ថ្វាយព្រះមានព្រះភាគ អស់៦យប់៦ថ្ងៃ… ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ចំពោះអាត្មាអញ អស់៧យប់៧ថ្ងៃ អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ថ្វាយព្រះមានព្រះភាគ អស់៧យប់៧ថ្ងៃ។

[១១៦] គ្រានោះ កឡារខត្តិយភិក្ខុ ក្រោកអំពីអាសនៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះកឡារខត្តិយភិក្ខុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ បន្លឺសីហនាទថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ បានសួរប្រស្នាទី១នឹងខ្ញុំ ជាប្រស្នាដែលខ្ញុំមិនធ្លាប់ដឹងមកពីកាលមុនទេ សេចក្តីយឺតយូរ ក្នុងការដោះស្រាយ ក៏កើតមានដល់ខ្ញុំ ម្នាលអាវុសោទាំងឡាយ កាលណាបើព្រះមានព្រះភាគ បានអនុមោទនាប្រស្នាជាដំបូង របស់ខ្ញុំហើយ ម្នាលអាវុសោទាំងឡាយ ខ្ញុំមានសេចក្តីត្រិះរិះ ដូច្នេះថា ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ចំពោះអាត្មាអញ អស់១ថ្ងៃ អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ថ្វាយព្រះមានព្រះភាគ អស់១ថ្ងៃ ប្រសិនបើអស់១យប់។បេ។ ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ចំពោះអាត្មាអញ អស់១យប់១ថ្ងៃ… ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ចំពោះអាត្មាអញ អស់២យប់២ថ្ងៃ… ៣យប់ ៣ថ្ងៃ… ៤យប់ ៤ថ្ងៃ… ៥យប់៥ថ្ងៃ… ៦យប់៦ថ្ងៃ… ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ចំពោះអាត្មាអញ អស់៧យប់៧ថ្ងៃ អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ថ្វាយព្រះមានព្រះភាគ អស់៧យប់៧ថ្ងៃ។

[១១៧] ម្នាលភិក្ខុ ធម្មធាតុ2) គឺសារីបុត្តត្រាស់ដឹងហើយដោយប្រពៃពិត ព្រោះតែត្រាស់ដឹងធម្មធាតុដោយប្រពៃ បានជាបើតថាគតសួរសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ចំពោះសារីបុត្ត អស់១ថ្ងៃ សារីបុត្ត គប្បីដោះស្រាយសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ប្រាប់តថាគត អស់១ថ្ងៃបាន ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ចំពោះសារីបុត្ត អស់១យប់ សារីបុត្តក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ប្រាប់តថាគតអស់១យប់បាន។បេ។ ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ចំពោះសារីបុត្ត អស់១យប់១ថ្ងៃ… សារីបុត្ត ក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ប្រាប់តថាគត អស់១យប់១ថ្ងៃ… ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ចំពោះសារីបុត្ត អស់២យប់២ថ្ងៃ… សារីបុត្ត ក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ប្រាប់តថាគត អស់២យប់២ថ្ងៃ… ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ចំពោះសារីបុត្ត អស់៣យប់៣ថ្ងៃ… សារីបុត្ត ក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ប្រាប់តថាគត អស់៣យប់៣ថ្ងៃ… ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ចំពោះសារីបុត្ត អស់៤យប់៤ថ្ងៃ… សារីបុត្ត ក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ប្រាប់តថាគត អស់៤យប់៤ថ្ងៃ… ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ចំពោះសារីបុត្ត អស់៥យប់៥ថ្ងៃ… សារីបុត្ត ក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ប្រាប់តថាគត អស់៥យប់៥ថ្ងៃ… ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ចំពោះសារីបុត្ត អស់៦យប់៦ថ្ងៃ… សារីបុត្ត ក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ប្រាប់តថាគត អស់៦យប់៦ថ្ងៃ… ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ចំពោះសារីបុត្ត អស់៧យប់៧ថ្ងៃ សារីបុត្ត ក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ប្រាប់តថាគត អស់៧យប់៧ថ្ងៃបាន។

ចប់សូត្រ ទី២។

 

លេខយោង

1)
សំដៅយកព្រះអរហត្ត ដែលបុគ្គលបានសម្រេចដោយការកំណត់នូវសង្ខារខាងក្នុង។
2)
សំដៅយកសាវកបារមីញាណ។
km/tipitaka/sut/sn/12/sut.sn.12.032.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann