km:tipitaka:sut:sn:12:sut.sn.12.033



(ញាណវត្ថុ)សូត្រ ទី៣

សង្ខេប

មាន​សេចក្តី​ឧបមា​ថា បើ​ទ្វារ​ទ្រុង​បាន​បើក បក្សី​ណា​នឹង​ឈរ​នៅ​ជិត​ទ្វារ ឬ​ឈរ​នៅ​ទី​តាំង​ត្រូវ ដើម្បី​នឹង​ចាក​ចេញ?

sn 12.033 បាលី cs-km: sut.sn.12.033 អដ្ឋកថា: sut.sn.12.033_att PTS: ?

(ញាណវត្ថុ)សូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៣. ញាណវត្ថុសុត្តំ)

[១១៨] ទ្រង់គង់ជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវញាណវត្ថុ៤៤ប្រការ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរយកចិត្តទុកដាក់ ប្រុងស្តាប់ពាក្យនោះ ឲ្យប្រពៃចុះ តថាគត នឹងពោលឲ្យស្តាប់។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។

[១១៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះញាណវត្ថុទាំង៤៤ តើដូចម្តេចខ្លះ គឺសេចក្តីដឹងក្នុងជរា និងមរណៈ១ សេចក្តីដឹងក្នុងហេតុ ជាទីកើតឡើងនៃជរា និងមរណៈ១ សេចក្តីដឹងក្នុងទីរលត់នៃជរា និងមរណៈ១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃជរា និងមរណៈ១ សេចក្តីដឹងក្នុងជាតិ១ សេចក្តីដឹងក្នុងហេតុជាទីកើតឡើងនៃជាតិ១ សេចក្តីដឹងក្នុងទីរលត់នៃជាតិ១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃជាតិ១ សេចក្តីដឹងក្នុងភព១ សេចក្តីដឹងក្នុងហេតុជាទីកើតឡើងនៃភព១ សេចក្តីដឹងក្នុងទីរលត់នៃភព១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃភព១ សេចក្តីដឹងក្នុងឧបាទាន១ សេចក្តីដឹងក្នុងហេតុជាទីកើតឡើងនៃឧបាទាន១ សេចក្តីដឹងក្នុងទីរលត់នៃឧបាទាន១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃឧបាទាន១ សេចក្តីដឹងក្នុងតណ្ហា១ សេចក្តីដឹងក្នុងហេតុជាទីកើតឡើងនៃតណ្ហា១ សេចក្តីដឹងក្នុងទីរលត់នៃតណ្ហា១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃតណ្ហា១ សេចក្តីដឹងក្នុងវេទនា១ សេចក្តីដឹងក្នុងហេតុជាទីកើតឡើងនៃវេទនា១ សេចក្តីដឹងក្នុងទីរលត់នៃវេទនា១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃវេទនា១ សេចក្តីដឹងក្នុងផស្សៈ១…. សេចក្តីដឹងក្នុងសឡាយតនៈ១… សេចក្តីដឹងក្នុងនាមរូប១… សេចក្តីដឹងក្នុងវិញ្ញាណ១… សេចក្តីដឹងក្នុងសង្ខារទាំងឡាយ១… សេចក្តីដឹងក្នុងហេតុជាទីកើតឡើងនៃសង្ខារ១ សេចក្តីដឹងក្នុងទីរលត់នៃសង្ខារ១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃសង្ខារ១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ញាណវត្ថុ ៤៤ប្រការ ។

[១២០] ម្នាលភិក្ខុទាំងឡាយ ជរា និងមរណៈ តើដូចម្តេច។ សេចក្តីគ្រាំគ្រា ភាពគ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវ ដំណើរថយអាយុ ដំណើរចាស់ទុំនៃឥន្ទ្រិយទាំងឡាយណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ នេះហៅថា ជរា។ ចុតិ ការឃ្លាត ការបែកធ្លាយ ការបាត់បង់ សេចក្តីស្លាប់ ដំណើរងាប់ ការធ្វើនូវមរណកាល ការបែកធ្លាយនៃខន្ធទាំងឡាយ ការដាក់ចុះនូវសាកសព ការដាច់នៃជីវិតិន្ទ្រិយណា របស់សត្វទាំងឡាយនោះៗ ចាកសត្តនិកាយនោះៗ នេះហៅថា មរណៈ។ ម្នាលភិក្ខុទាំងឡាយ ជរានេះផង មរណៈនេះផង នេះហៅថា ជរា និងមរណៈ ដោយប្រការដូច្នេះឯង។ ការកើតឡើងនៃជរា និងមរណៈ ព្រោះការកើតឡើងនៃជាតិ ការរលត់នៃជរានិងមរណៈ ព្រោះការរលត់នៃជាតិ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ប្រការនេះឯង ជាបដិបទា ដែលជាដំណើរទៅកាន់ទីរលត់នៃជរា និងមរណៈ គឺប្រាជ្ញាយល់ឃើញត្រូវ១។បេ។ ការតម្កល់ចិត្តត្រូវ១។

[១២១] ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័កដឹងច្បាស់ នូវជរា និងមរណៈយ៉ាងនេះ ដឹងច្បាស់នូវហេតុជាទីកើតឡើង នៃជរា និងមរណៈយ៉ាងនេះ ដឹងច្បាស់នូវទីរលត់នៃជរា និងមរណៈ យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃជរា និងមរណៈ យ៉ាងនេះ នេះជាធម្មញ្ញាណ របស់អរិយសាវ័កនោះ។ អរិយសាវ័កនោះ តែងនាំទៅនូវន័យ ក្នុងអតីតកាល និងអនាគតកាល ដោយធម៌នេះ1) ដែលខ្លួនបានឃើញហើយ ដឹងច្បាស់ហើយ ជាធម៌ឲ្យផលមិនខុសកាល ជាធម៌ដែលខ្លួនបានដល់ហើយ បានជ្រួតជ្រាបហើយ ដោយបញ្ញាថា ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងអតីតកាល ដឹងច្បាស់ នូវជរា និងមរណៈ ដឹងច្បាស់នូវហេតុជាទីកើតឡើង នៃជរានិងមរណៈ ដឹងច្បាស់នូវទីរលត់នៃជរានិងមរណៈ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃជរានិងមរណៈ សមណព្រាហ្មណ៍ទាំងអស់នោះ បានដឹងច្បាស់យ៉ាងនេះឯង ដូចជាអាត្មាអញ ក្នុងកាលឥឡូវនេះ។ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយក្នុងអនាគតកាល នឹងដឹងច្បាស់ នូវជរា និងមរណៈ នឹងដឹងច្បាស់នូវហេតុជាទីកើតឡើង នៃជរានិងមរណៈ នឹងដឹងច្បាស់នូវទីរលត់នៃជរានិងមរណៈ នឹងដឹងច្បាស់នូវបដិបទា ដែលជាដំណើរទៅកាន់ទីរលត់ នៃជរានិងមរណៈ សមណព្រាហ្មណ៍ទាំងអស់នោះ នឹងដឹងច្បាស់យ៉ាងនេះឯង ដូចជាអាត្មាអញ ក្នុងកាលឥឡូវនេះ។ នេះជា អន្វយញ្ញាណ2) របស់អរិយសាវ័កនោះ។

[១២២] ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក មានញាណទាំង២នេះ គឺ ធម្មញ្ញាណ ១ អន្វយញ្ញាណ ១ បរិសុទ្ធ ផូរផង់ហើយ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា បរិបូណ៌ដោយទិដ្ឋិក៏បាន ថាបរិបូណ៌ដោយទស្សនៈក៏បាន ថាមកកាន់ព្រះសទ្ធម្មនេះក៏បាន ថាឃើញព្រះសទ្ធម្មនេះក៏បាន ថាប្រកបដោយសេក្ខញ្ញាណក៏បាន ថាប្រកបដោយសេក្ខវិជ្ជាក៏បាន ថាដល់ព្រម នូវធម្មស្រោតក៏បាន ថាជាអរិយៈ អ្នកមាននិព្វេធិកប្បញ្ញាក៏បាន ថាឋិតអែបនឹងទ្វារនៃអមតនិព្វានក៏បាន។

[១២៣] ម្នាលភិក្ខុទាំងឡាយ ជាតិ តើដូចម្តេច។បេ។ ម្នាលភិក្ខុទាំងឡាយ ភព តើដូចម្តេច… ម្នាលភិក្ខុទាំងឡាយ ឧបាទាន តើដូចម្តេច… ម្នាលភិក្ខុទាំងឡាយ តណ្ហា តើដូចម្តេច… ម្នាលភិក្ខុទាំងឡាយ វេទនា តើដូចម្តេច… ម្នាលភិក្ខុទាំងឡាយ ផស្សៈ តើដូចម្តេច… ម្នាលភិក្ខុទាំងឡាយ សឡាយតនៈ តើដូចម្តេច… ម្នាលភិក្ខុទាំងឡាយ នាមរូប តើដូចម្តេច… ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ តើដូចម្តេច… ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ សង្ខារនេះ មាន៣គឺ កាយសង្ខារ១ វចីសង្ខារ១ ចិត្តសង្ខារ១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សង្ខារទាំងឡាយ។ ការកើតឡើងនៃសង្ខារ ព្រោះការកើតឡើងនៃអវិជ្ជា ការរលត់នៃសង្ខារ ព្រោះការរលត់នៃអវិជ្ជា មគ្គដ៏ប្រសើរ ប្រកបដោយអង្គទាំង៨ប្រការនេះឯង ជាបដិបទា ដែលជាដំណើរទៅកាន់ទីរលត់នៃសង្ខារ គឺប្រាជ្ញាយល់ឃើញត្រូវ១។បេ។ ការតម្កល់ចិត្តត្រូវ១។

[១២៤] ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័កដឹងច្បាស់ នូវសង្ខារទាំងឡាយយ៉ាងនេះ ដឹងច្បាស់នូវហេតុជាទីកើតឡើង នៃសង្ខារយ៉ាងនេះ ដឹងច្បាស់នូវទីរលត់នៃសង្ខារ យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ យ៉ាងនេះ នេះជាធម្មញ្ញាណ របស់អរិយសាវ័កនោះ។ អរិយសាវ័កនោះ តែងនាំទៅនូវន័យ ក្នុងអតីតកាល និងអនាគតកាល ដោយធម៌នេះ ដែលខ្លួនបានឃើញហើយ ដឹងច្បាស់ហើយ ជាធម៌ឲ្យផលមិនខុសកាល ជាធម៌ដែលខ្លួនបានដល់ហើយ បានជ្រួតជ្រាបហើយ ដោយបញ្ញាថា ពួកសមណព្រាហ្មណ៍ណាមួយ ក្នុងអតីតកាល បានដឹងច្បាស់ នូវសង្ខារទាំងឡាយ ដឹងច្បាស់នូវហេតុជាទីកើតឡើង នៃសង្ខារ ដឹងច្បាស់នូវទីរលត់នៃសង្ខារ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ សមណព្រាហ្មណ៍ទាំងអស់នោះ បានដឹងច្បាស់យ៉ាងនេះឯង ដូចជាអាត្មាអញ ក្នុងកាលឥឡូវនេះដែរ។ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងអនាគតកាល នឹងដឹងច្បាស់ នូវសង្ខារទាំងឡាយ នឹងដឹងច្បាស់ នូវហេតុជាទីកើតឡើង នៃសង្ខារ នឹងដឹងច្បាស់ នូវទីរលត់នៃសង្ខារ នឹងដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ សមណព្រាហ្មណ៍ទាំងអស់នោះ នឹងដឹងច្បាស់យ៉ាងនេះឯង ដូចជាអាត្មាអញ ក្នុងកាលឥឡូវនេះដែរ។ នេះជាអន្វយញ្ញាណ របស់អរិយសាវ័កនោះ។

[១២៥] ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក មានញាណទាំង២នេះ គឺធម្មញ្ញាណ១ អន្វយញ្ញាណ១ បរិសុទ្ធ ផូរផង់ហើយ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា បរិបូណ៌ដោយទិដ្ឋិក៏បាន ថាបរិបូណ៌ដោយទស្សនៈក៏បាន ថាមកកាន់ព្រះសទ្ធម្មនេះក៏បាន ថាឃើញព្រះសទ្ធម្មនេះក៏បាន ថាប្រកបដោយសេក្ខញ្ញាណក៏បាន ថាប្រកបដោយសេក្ខវិជ្ជាក៏បាន ថាដល់ព្រម នូវធម្មស្រោតក៏បាន ថាជាអរិយៈ អ្នកមាននិព្វេធិកប្បញ្ញាក៏បាន ថាឋិតអែបនឹងទ្វារ នៃអមតនិព្វានក៏បាន។

ចប់សូត្រ ទី៣។

 

លេខយោង

1)
សំដៅយកចតុសច្ចធម៌ ឬមគ្គញ្ញាណធម៌។
2)
សេចក្តីដឹងក្នុងធម៌ ដែលប្រព្រឹត្តទៅតាមញាណ បានដល់បច្ចវេក្ខណញ្ញាណ។
km/tipitaka/sut/sn/12/sut.sn.12.033.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann