អ្វីដែលកើតឡើងមានចេតនាជាហេតុ វាជាឫស។ តាំងចិត្តសេពគប់ តាំងនៅជាមួយគ្នា ប្រាថ្នាអ្វីក៏មកដល់។
sn 12.038 បាលី cs-km: sut.sn.12.038 អដ្ឋកថា: sut.sn.12.038_att PTS: ?
(ចេតនា)សូត្រ ទី៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ អានដោយ ឧបាសិកា វិឡា
(៨. ចេតនាសុត្តំ)
[១៤៥] ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ បុគ្គលញុំាងចេតនាណា ឲ្យត្រិះរិះគិត1) ក្តី ញុំាងកប្បៈណា ឲ្យសម្រេច2) ក្តី ញុំាងអនុស័យណា ឲ្យដេកនៅរឿយៗក្តី ធម្មជាត មានចេតនាជាដើមនេះ ជាអារម្មណ៍3) ប្រព្រឹត្តទៅ ដើម្បីការតាំងនៅនៃវិញ្ញាណ4)) កាលបើអារម្មណ៍មាន ការតាំងនៅនៃវិញ្ញាណ ក៏មានដែរ កាលបើវិញ្ញាណនោះ តាំងនៅហើយ លូតលាស់ឡើងហើយ ការកើត គឺភពថ្មី រមែងមានតទៅ កាលបើការកើត គឺភពថ្មី មានតទៅទៀត ជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏កើតមានព្រមតទៅ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលមិនញុំាងចេតនា ឲ្យត្រិះរិះគិតក្តី មិនញុំាងកប្បៈឲ្យសម្រេចក្តី គ្រាន់តែញុំាងអនុស័យ ឲ្យដេកនៅរឿយៗ អនុស័យនេះ ជាអារម្មណ៍ ប្រព្រឹត្តទៅ ដើម្បីការតាំងនៅនៃវិញ្ញាណ កាលបើអារម្មណ៍មានហើយ ការតាំងនៅនៃវិញ្ញាណ ក៏មានដែរ កាលបើវិញ្ញាណនោះ តាំងនៅហើយ លូតលាស់ឡើងហើយ ការកើត គឺភពថ្មី ក៏រមែងមានតទៅ កាលបើការកើត គឺភពថ្មី មានតទៅទៀត ជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏កើតមានព្រមតទៅ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។
[១៤៦] ម្នាលភិក្ខុទាំងឡាយ កាលណាបើបុគ្គលមិនញុំាងចេតនា ឲ្យត្រិះរិះគិតផង មិនញុំាងកប្បៈឲ្យសម្រេចផង មិនញុំាងអនុស័យ ឲ្យដេកនៅរឿយៗផង អារម្មណ៍នេះ មិនប្រព្រឹត្តទៅ ដើម្បីការតាំងនៅនៃវិញ្ញាណឡើយ កាលបើអារម្មណ៍មិនមាន ការតាំងនៅនៃវិញ្ញាណ ក៏មិនមានដែរ កាលបើវិញ្ញាណនោះ មិនតាំងនៅហើយ មិនលូតលាស់ឡើងហើយ ការកើត គឺភពថ្មី រមែងមិនមានតទៅ កាលបើការកើត គឺភពថ្មី មិនមានតទៅទៀត ជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏រលត់ទៅ សេចក្តីរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។
ចប់សូត្រ ទី៨។