km:tipitaka:sut:sn:12:sut.sn.12.041



(បញ្ចវេរភយ)សូត្រ ទី១

សង្ខេប

ការ​ថប់បារម្ភ​មាន​ហេតុ​ផល​របស់​វា។ ការ​​ទៅ​​ដល់​​ទន្លេ​​នៃ​​ព្រះ​ធម៌​ មាន​ន័យ​​ថា​ បាន​​រួច​​ផុត​​ពី​​ការ​​ភ័យ​​ខ្លាច​​៥​​ប្រភេទ។

sn 12.041 បាលី cs-km: sut.sn.12.041 អដ្ឋកថា: sut.sn.12.041_att PTS: ?

(បញ្ចវេរភយ)សូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១. បញ្ចវេរភយសុត្តំ)

[១៥១] ទ្រង់គង់នៅជិតក្រុងសាវត្ថី… គ្រានោះឯង អនាថបិណ្ឌិកគហបតី បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលគហបតី កាលណាបើភ័យ ឬពៀរទាំង៥ប្រការ អរិយសាវ័កបានរម្ងាប់ហើយ អរិយសាវ័កនោះ ឈ្មោះថា ប្រកបដោយអង្គនៃសោតាបត្តិ ៤ប្រការផង បានឃើញច្បាស់ ចាក់ធ្លុះនូវញេយ្យធម៌ ដ៏ប្រសើរដោយប្រាជ្ញាផង អរិយសាវ័កនោះ បើចង់ព្យាករ ក៏គប្បីព្យាករខ្លួន ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់ប្រេតវិស័យហើយ អស់អបាយទុគ្គតិវិនិបាតហើយ ជាអ្នកបានដល់នូវសោតៈហើយ មានសភាពមិនបានធ្លាក់ចុះ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ ដូច្នេះក៏បាន។

[១៥២] ចុះភ័យ ឬពៀរទាំង៥ គឺអរិយសាវ័ករម្ងាប់ហើយ តើដូចម្តេច។ ម្នាលគហបតី បុគ្គលអ្នកសម្លាប់សត្វ តែងចួបប្រសព្វនូវភ័យ ឬពៀរណា ក្នុងបច្ចុប្បន្នផង ចួបប្រសព្វនូវភ័យ ឬពៀរណា ក្នុងបរលោកផង ទទួលនូវទុក្ខ និងទោមនស្ស ប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះតែបាណាតិបាតជាបច្ច័យ ភ័យ ឬពៀរនោះ អរិយសាវ័ក អ្នកវៀរស្រឡះចាកបាណាតិបាត បានរម្ងាប់ហើយ យ៉ាងនេះ។ ម្នាលគហបតី បុគ្គលអ្នកកាន់យកទ្រព្យ ដែលគេមិនបានឲ្យ តែងចួបប្រសព្វនូវភ័យ ឬពៀរណា ក្នុងបច្ចុប្បន្នផង ចួបប្រសព្វ នូវភ័យ ឬពៀរណា ក្នុងបរលោកផង ទទួលនូវទុក្ខ និងទោមនស្ស ប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះតែអទិន្នាទានជាបច្ច័យ ភ័យ ឬពៀរនោះ អរិយសាវ័ក អ្នកវៀរស្រឡះចាកអទិន្នាទាន បានរម្ងាប់ហើយ យ៉ាងនេះ។ ម្នាលគហបតី បុគ្គលអ្នកប្រព្រឹត្តកាមេសុមិច្ឆាចារ តែងចួបប្រសព្វនូវភ័យ ឬពៀរណា ក្នុងបច្ចុប្បន្នផង ចួបប្រសព្វ នូវភ័យ ឬពៀរណា ក្នុងបរលោកផង ទទួលនូវទុក្ខ និងទោមនស្ស ប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះតែកាមេសុមិច្ឆាចារ ជាបច្ច័យ ភ័យ ឬពៀរនោះ អរិយសាវ័ក អ្នកវៀរស្រឡះចាកកាមេសុមិច្ឆាចារ បានរម្ងាប់ហើយ យ៉ាងនេះ។ ម្នាលគហបតី បុគ្គលអ្នកពោលនូវពាក្យកុហក តែងចួបប្រសព្វនូវភ័យ ឬពៀរណា ក្នុងបច្ចុប្បន្នផង ចួបប្រសព្វ នូវភ័យ ឬពៀរណា ក្នុងបរលោកផង ទទួលនូវទុក្ខ និងទោមនស្ស ប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះតែមុសាវាទ ជាបច្ច័យ ភ័យ ឬពៀរនោះ អរិយសាវ័ក អ្នកវៀរស្រឡះចាកមុសាវាទ បានរម្ងាប់ហើយ យ៉ាងនេះ។ ម្នាលគហបតី បុគ្គលអ្នកផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ តែងចួបប្រសព្វនូវភ័យ ឬពៀរណា ក្នុងបច្ចុប្បន្នផង ចួបប្រសព្វ នូវភ័យ ឬពៀរណា ក្នុងបរលោកផង ទទួលនូវទុក្ខ និងទោមនស្ស ប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះតែហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ជាបច្ច័យ ភ័យ ឬពៀរនោះ អរិយសាវ័ក អ្នកវៀរស្រឡះចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរា និងមេរ័យ បានរម្ងាប់ហើយ យ៉ាងនេះ។ នេះ ភ័យ ឬពៀរទាំង៥ ដែលពួកអរិយសាវ័ក បានរម្ងាប់អស់ហើយ។

[១៥៣] អរិយសាវ័ក ប្រកបដោយអង្គនៃសោតាបត្តិ ៤ប្រការ គឺអ្វីខ្លះ។ ម្នាលគហបតី អរិយសាវ័កក្នុងសាសនានេះ ប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើកក្នុងព្រះពុទ្ធថា ព្រះមានព្រះភាគអង្គនោះ ជាព្រះអរហន្ត ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ ដោយព្រះអង្គឯង ដោយប្រពៃ ព្រះអង្គ បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គអ្នកប្រដៅបុរសបុគ្គលដូចនាយសារថី ជាសាស្តាចារ្យ នៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវចតុរារិយសច្ច ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត១ អរិយសាវ័ក ប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើកក្នុងព្រះធម៌ថា ព្រះបរិយត្តិធម៌ ជាធម៌ គឺព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងហើយ ដោយប្រពៃ ព្រះនព្វលោកុត្តរធម៌ ជាធម៌ គឺបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង ជាធម៌ ឲ្យផលមិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ ដែលពួកវិញ្ញូជន គប្បីដឹងច្បាស់ ដោយខ្លួនឯង១ អរិយសាវ័ក ប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើកក្នុងព្រះសង្ឃថា ព្រះសង្ឃជាសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិ ដោយប្រពៃ ព្រះសង្ឃជាសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិដោយត្រង់ ព្រះសង្ឃជាសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិដើម្បីការដឹង ព្រះសង្ឃជាសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិដ៏សមគួរ ដល់សាមីចិកម្ម បើរាប់ជាគូនៃបុរស មាន៤គូ បើរាប់រៀងជាបុរសបុគ្គល មាន៨ នេះ ជាសង្ឃជាសាវ័ក នៃព្រះមានព្រះភាគ លោកគួរទទួល នូវចតុប្បច្ច័យ គួរទទួលនូវអាគន្តុកទាន ដែលគេនាំមកបូជា គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលីកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក១ អរិយសាវ័ក ប្រកបដោយអរិយកន្តសីល គឺសីល៥ ដែលជាទីពេញចិត្ត របស់អរិយៈ មិនដាច់ មិនធ្លុះ មិនពព្រុះ មិនពពាល ជាសីលមិនខ្ញុំតណ្ហា ជាសីល ដែលពួកអ្នកប្រាជ្ញ គប្បីសរសើរ ដែលមិនបានប៉ះពាល់ដោយតណ្ហា ដែលប្រព្រឹត្តទៅ ដើម្បីសមាធិ១ អរិយសាវ័ក ប្រកបដោយអង្គនៃសោតាបត្តិ ទាំង៤ប្រការនេះឯង។

[១៥៤] ចុះញាយធម៌ដ៏ប្រសើរ ដែលអរិយសាវ័កនោះ បានឃើញដោយប្រពៃ បានចាក់ធ្លុះដោយប្រពៃ ដោយប្រាជ្ញា តើដូចម្តេច។ ម្នាលគហបតី អរិយសាវ័ក ក្នុងសាសនានេះ ធ្វើទុកក្នុងចិត្ត នូវបដិច្ចសមុប្បាទធម៌ ដោយឧបាយប្រាជ្ញាឲ្យប្រពៃថា កាលបើរបស់នេះមាន របស់នេះក៏មាន របស់នេះកើតឡើង ព្រោះកើតរបស់នេះ កាលបើរបស់នេះមិនមាន របស់នេះក៏មិនមាន របស់នេះរលត់ទៅ ព្រោះរលត់របស់នេះ សង្ខារទាំងឡាយកើតឡើង ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតឡើង ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ញាយធម៌ ដ៏ប្រសើរនេះហើយ ដែលអរិយសាវ័កនោះ ឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយប្រាជ្ញា។

[១៥៥] ម្នាលគហបតី កាលណាបើភ័យ ឬពៀរទាំង៥ប្រការនេះ គឺអរិយសាវ័ក រម្ងាប់ហើយ អរិយសាវ័កនោះ ឈ្មោះថា បានប្រកបដោយអង្គ នៃសោតាបត្តិ ៤ប្រការនេះផង ទាំងញាយធម៌ដ៏ប្រសើរនេះ ក៏អរិយសាវ័ក បានឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយប្រាជ្ញាផង អរិយសាវ័កនោះ បើចង់ព្យាករ ក៏គប្បីព្យាករខ្លួន ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់ប្រេតវិស័យហើយ អស់អបាយទុគ្គតិវិនិបាតហើយ ជាអ្នកបានដល់នូវសោតៈ មានសភាពមិនបានធ្លាក់ចុះ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ ដូច្នេះក៏បាន។

ចប់សូត្រ ទី១។

 

លេខយោង

km/tipitaka/sut/sn/12/sut.sn.12.041.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann