km:tipitaka:sut:sn:12:sut.sn.12.042



(ទុតិយបញ្ចវេរភយ)សូត្រ ទី២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 12.042 បាលី cs-km: sut.sn.12.042 អដ្ឋកថា: sut.sn.12.042_att PTS: ?

(ទុតិយបញ្ចវេរភយ)សូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. ទុតិយបញ្ចវេរភយសុត្តំ)

[១៥៦] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ កាលណាបើ ភ័យ ឬពៀរទាំង៥ប្រការ គឺអរិយសាវ័ក បានរម្ងាប់ហើយ អរិយសាវ័កនោះ ក៏បានប្រកបដោយអង្គនៃសោតាបត្តិ ៤ប្រការផង ទាំងញាយធម៌ដ៏ប្រសើរ ក៏អរិយសាវ័កនោះ បានឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយប្រាជ្ញាផង អរិយសាវ័កនោះ បើចង់ព្យាករ ក៏គប្បីព្យាករខ្លួន ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ។បេ។ មានសភាពមិនបានធ្លាក់ចុះ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ ដូច្នេះ ក៏បាន។

(ត្រង់ពាក្យថា ភិក្ខវេ បណ្ឌិតត្រូវធ្វើឲ្យពិស្តារ គ្រប់អន្លើផងចុះ)។

[១៥៧] ភ័យ ឬពៀរទាំង៥ប្រការ គឺអរិយសាវ័ករម្ងាប់ហើយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកសម្លាប់សត្វ។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកកាន់យកទ្រព្យ ដែលគេមិនបានឲ្យ។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោលពាក្យកុហក។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ជាហេតុនៃសេចក្តីប្រមាទ។បេ។ នេះ ភ័យ ឬពៀរទាំង៥ប្រការ ដែលអរិយសាវ័កបានរម្ងាប់ហើយ។

[១៥៨] ចុះអរិយសាវ័ក ដែលប្រកបដោយអង្គនៃសោតាបត្តិ៤ប្រការ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ (ប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើក) ក្នុងព្រះពុទ្ធ។បេ។ ក្នុងព្រះធម៌។បេ។ ក្នុងព្រះសង្ឃ។បេ។ ប្រកបដោយអរិយកន្តសីល។បេ។ អរិយសាវ័ក ប្រកបដោយអង្គនៃសោតាបត្តិ៤ប្រការនេះឯង។

[១៥៩] ចុះញាយធម៌ដ៏ប្រសើរ គឺអរិយសាវ័កនោះ ឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយប្រាជ្ញា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ក្នុងសាសនានេះ ធ្វើទុកក្នុងចិត្ត នូវបដិច្ចសមុប្បាទធម៌ ដោយឧបាយប្រាជ្ញា ឲ្យប្រពៃ។បេ។ នេះ ជាញាយធម៌ដ៏ប្រសើរ គឺអរិយសាវ័ក ឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយប្រាជ្ញា។

[១៦០] ម្នាលភិក្ខុទាំងឡាយ កាលណាបើភ័យ ឬពៀរ ៥ប្រការនេះ គឺអរិយសាវ័ក បានរម្ងាប់ហើយ អរិយសាវ័កនោះ ក៏បានប្រកបដោយអង្គ នៃសោតាបត្តិ៤ប្រការនេះឯង ទាំងញាយធម៌ដ៏ប្រសើរនេះ ក៏អរិយសាវ័កឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយប្រាជ្ញាផង។ អរិយសាវ័កនោះ បើចង់ព្យាករ ក៏គប្បីព្យាករខ្លួន ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់ប្រេតវិស័យហើយ អស់អបាយទុគ្គតិវិនិបាតហើយ ជាអ្នកដល់នូវសោតៈហើយ មានសភាពមិនធ្លាក់ចុះ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ ដូច្នេះក៏បាន។

ចប់សូត្រ ទី២។

 

លេខយោង

km/tipitaka/sut/sn/12/sut.sn.12.042.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann