ព្រះសម្មាសម្ពុទ្ធទ្រង់ប្រៀនប្រដៅអំពីការកើតឡើង និងការរលត់នៃលោក (=ទុក្ខ)។
sn 12.044 បាលី cs-km: sut.sn.12.044 អដ្ឋកថា: sut.sn.12.044_att PTS: ?
(លោក)សូត្រ ទី៤
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសក សុខ វិបុល
(៤. លោកសុត្តំ)
[១៦៤] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងហេតុ ដែលនាំឲ្យកើតសង្ខារលោក និងសេចក្តីរលត់នៃសង្ខារលោក អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះចុះ… ម្នាលភិក្ខុទាំងឡាយ ចុះហេតុដែលនាំឲ្យកើតសង្ខារលោក តើដូចម្តេច ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការចួបជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ឧបាទានកើតឡើង ព្រោះតណ្ហាជាបច្ច័យ ភពកើតឡើង ព្រោះឧបាទាន ជាបច្ច័យ ជាតិកើតឡើង ព្រោះភពជាបច្ច័យ ជរាមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើតឡើងព្រម ព្រោះជាតិជាបច្ច័យ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា ហេតុនាំឲ្យកើតសង្ខារលោក។ ព្រោះអាស្រ័យត្រចៀក និងសំឡេង… ព្រោះអាស្រ័យច្រមុះ និងក្លិន… ព្រោះអាស្រ័យអណ្តាត និងរស … ព្រោះអាស្រ័យកាយ និងផោដ្ឋព្វៈ… មនោវិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការចួបជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ។បេ។ ជរាមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើតឡើងព្រម ព្រោះជាតិជាបច្ច័យ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា ហេតុនាំឲ្យកើតសង្ខារលោក។
[១៦៥] ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់នៃសង្ខារលោក តើដូចម្តេច។ ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការចួបជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ការរលត់នៃឧបាទាន ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃតណ្ហានោះឯង ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា សេចក្តីរលត់នៃសង្ខារលោក។ ព្រោះអាស្រ័យត្រចៀក និងសំឡេង… ព្រោះអាស្រ័យច្រមុះ និងក្លិន… ព្រោះអាស្រ័យអណ្តាត និងរស… ព្រោះអាស្រ័យកាយ និងផោដ្ឋព្វៈ… មនោវិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការចួបជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ការរលត់នៃឧបាទាន ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃតណ្ហានោះឯង ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា ការរលត់នៃសង្ខារលោក។
ចប់សូត្រ ទី៤។