km:tipitaka:sut:sn:12:sut.sn.12.046



(អញ្ញតរព្រាហ្មណ)សូត្រ ទី៦

សង្ខេប

ព្រះពុទ្ធ​មិន​ចង់​ឱ្យ​​ជាប់​គាំង​ក្នុង​ការ​សន្មតអំ​ពី​កម្ម​ផ្ទាល់​ខ្លួន។

sn 12.046 បាលី cs-km: sut.sn.12.046 អដ្ឋកថា: sut.sn.12.046_att PTS: ?

(អញ្ញតរព្រាហ្មណ)សូត្រ ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៦. អញ្ញតរព្រាហ្មណសុត្តំ)

[១៦៩] ទ្រង់គង់នៅទៀបក្រុងសាវត្ថី…. គ្រានោះឯង មានព្រាហ្មណ៍ម្នាក់ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏និយាយសំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ទើបអង្គុយក្នុងទីសមគួរ។

[១៧០] លុះព្រាហ្មណ៍នោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន បុគ្គលនោះ ធ្វើកម្ម បុគ្គលនោះទទួលផលកម្មឬ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពាក្យថា បុគ្គលនោះ ធ្វើកម្ម បុគ្គលនោះទទួលផលកម្ម នេះ ជាផ្លូវលាមកទីមួយ។ បពិត្រព្រះគោតមដ៏ចម្រើន ចុះបុគ្គលដទៃ ធ្វើកម្ម បុគ្គលដទៃ ទទួលផលកម្មឬ។ ម្នាលព្រាហ្មណ៍ ពាក្យថា បុគ្គលដទៃ ធ្វើកម្ម បុគ្គលដទៃទទួលផលកម្ម នេះ ជាផ្លូវលាមកទីពីរ ម្នាលព្រាហ្មណ៍ តថាគត មិនបានប៉ះពាល់ផ្លូវលាមកទាំងពីរខាងនេះទេ សំដែងធម៌តាមផ្លូវកណ្តាល សង្ខារទាំងឡាយ កើតឡើង ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតឡើង ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។ ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[១៧១] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រាហ្មណ៍នោះ បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់។បេ។ សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះតទៅ។

ចប់សូត្រ ទី៦។

 

លេខយោង

km/tipitaka/sut/sn/12/sut.sn.12.046.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann