km:tipitaka:sut:sn:12:sut.sn.12.048



(លោកាយតិក)សូត្រ ទី៨

សង្ខេប

ទិដ្ឋិ ៤ យ៉ាង របស់​វិទ្យាសាស្ត្រ (លោកាយតៈ) និង ព្រះ​ធម៌។

sn 12.048 បាលី cs-km: sut.sn.12.048 អដ្ឋកថា: sut.sn.12.048_att PTS: ?

(លោកាយតិក)សូត្រ ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសក សុខ វិបុល

(៨. លោកាយតិកសុត្តំ)

[១៧៥] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… គ្រានោះឯង ព្រាហ្មណ៍ឈ្មោះ លោកាយតិកៈ បានចូលទៅគាល់ព្រះមានព្រះភាគ។បេ។

[១៧៦] លុះ លោកាយតិកព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន របស់ទាំងអស់ មានឬហ្ន៎។ ព្រះអង្គតបថា ម្នាលព្រាហ្មណ៍ ពាក្យថា របស់ទាំងអស់ មាន នេះ ជាលោកាយតៈជាច្បង។ បពិត្រព្រះគោតមដ៏ចម្រើន របស់ទាំងអស់ មិនមានទេឬ។ ម្នាលព្រាហ្មណ៍ ពាក្យថា របស់ទាំងអស់ មិនមាន នេះ ជាលោកាយតៈទីពីរ។ បពិត្រព្រះគោតមដ៏ចម្រើន របស់ទាំងអស់ មានសភាពតែមួយឬ។ ម្នាលព្រាហ្មណ៍ ពាក្យថា របស់ទាំងអស់ មានសភាពតែមួយ នេះជាលោកាយតៈទីបី។ បពិត្រព្រះគោតមដ៏ចម្រើន របស់ទាំងអស់ មានសភាពផ្សេងគ្នាឬ។ ម្នាលព្រាហ្មណ៍ ពាក្យថា របស់ទាំងអស់ មានសភាពផ្សេងគ្នា នេះជាលោកាយតៈទីបួន ម្នាលព្រាហ្មណ៍ តថាគត មិនបានប៉ះពាល់ផ្លូវលាមកទាំង២នេះទេ សំដែងធម៌តាមផ្លូវកណ្តាលថា សង្ខារទាំងឡាយ កើតឡើង ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតឡើង ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។ ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[១៧៧] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ លោកាយតិកព្រាហ្មណ៍ បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់។បេ។ អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមអំពីថ្ងៃនេះតទៅ។

ចប់សូត្រ ទី៨។

 

លេខយោង

km/tipitaka/sut/sn/12/sut.sn.12.048.txt · ពេលកែចុងក្រោយ: 2024/04/11 14:14 និពន្ឋដោយ Johann