km:tipitaka:sut:sn:12:sut.sn.12.049



(អរិយសាវក)សូត្រ ទី៩

សង្ខេប

កាល​បើ​របស់​អ្វី មាន ទើប​របស់​អ្វី​មាន​ហ្ន៎ របស់​អ្វី​កើត​ឡើង? មាន​ឬ​មិន​មាន៖ ទាំង​ពីរ​មិន​មាន​មូលដ្ឋាន​នៅ​ក្នុង​សាសនា​នេះ។

sn 12.049 បាលី cs-km: sut.sn.12.049 អដ្ឋកថា: sut.sn.12.049_att PTS: ?

(អរិយសាវក)សូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៩. អរិយសាវកសុត្តំ)

[១៧៨] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង… ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កអ្នកចេះដឹង មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើរបស់អ្វី មាន ទើបរបស់អ្វីមានហ្ន៎ របស់អ្វីកើតឡើង ព្រោះការកើតឡើង នៃរបស់អ្វីហ្ន៎ កាលបើរបស់អ្វីមាន ទើបសង្ខារទាំងឡាយមាន កាលបើរបស់អ្វីមាន ទើបវិញ្ញាណមាន កាលបើរបស់អ្វីមាន ទើបនាមរូបមាន កាលបើរបស់អ្វីមាន ទើបសឡាយតនៈមាន កាលបើរបស់អ្វីមាន ទើបផស្សៈមាន កាលបើរបស់អ្វីមាន ទើបវេទនាមាន កាលបើរបស់អ្វីមាន ទើបតណ្ហាមាន កាលបើរបស់អ្វីមាន ទើបឧបាទានមាន កាលបើរបស់អ្វីមាន ទើបភពមាន កាលបើរបស់អ្វីមាន ទើបជាតិមាន កាលបើរបស់អ្វីមាន ទើបជរាមរណៈមាន ដូច្នេះឡើយ។

[១៧៩] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង អរិយសាវ័កជាអ្នកចេះដឹង មានញាណក្នុងធម៌នោះ ព្រោះបច្ច័យដែលកើតតៗគ្នាថា កាលបើរបស់នេះ មាន របស់នេះក៏មាន របស់នេះកើតឡើង ព្រោះការកើត នៃរបស់នេះ កាលបើអវិជ្ជាមាន សង្ខារទាំងឡាយក៏មាន កាលបើសង្ខារទាំងឡាយមាន វិញ្ញាណក៏មាន កាលបើវិញ្ញាណមាន នាមរូបក៏មាន កាលបើនាមរូបមាន សឡាយតនៈក៏មាន កាលបើសឡាយតនៈមាន ផស្សៈក៏មាន កាលបើផស្សៈមាន វេទនាក៏មាន កាលបើវេទនាមាន តណ្ហាក៏មាន កាលបើតណ្ហាមាន ឧបាទានក៏មាន កាលបើឧបាទានមាន ភពក៏មាន។បេ។ កាលបើជាតិមាន ជរាមរណៈក៏មាន។ អរិយសាវ័កនោះ តែងដឹងច្បាស់យ៉ាងនេះថា លោកនេះ កើតឡើងព្រមយ៉ាងនេះ។

[១៨០] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កអ្នកចេះដឹង មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើរបស់អ្វី មិនមាន របស់អ្វីក៏មិនមាន របស់អ្វីរលត់ ព្រោះការរលត់ នៃរបស់អ្វី កាលបើរបស់អ្វីមិនមាន សង្ខារទាំងឡាយក៏មិនមាន កាលបើរបស់អ្វីមិនមាន វិញ្ញាណក៏មិនមាន កាលបើរបស់អ្វីមិនមាន នាមរូបក៏មិនមាន កាលបើរបស់អ្វីមិនមាន សឡាយតនៈក៏មិនមាន កាលបើរបស់អ្វីមិនមាន ផស្សៈក៏មិនមាន កាលបើរបស់អ្វីមិនមាន វេទនាក៏មិនមាន កាលបើរបស់អ្វីមិនមាន តណ្ហាក៏មិនមាន កាលបើរបស់អ្វីមិនមាន ឧបាទានក៏មិនមាន កាលបើរបស់អ្វីមិនមាន ភពក៏មិនមាន កាលបើរបស់អ្វីមិនមាន ជាតិក៏មិនមាន កាលបើរបស់អ្វីមិនមាន ជរាមរណៈក៏មិនមាន ដូច្នេះឡើយ។

[១៨១] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង អរិយសាវ័កជាអ្នកចេះដឹង មានញាណក្នុងធម៌នោះ ព្រោះបច្ច័យដែលកើតតៗគ្នាថា កាលបើរបស់នេះ មិនមាន របស់នេះក៏មិនមាន របស់នេះរលត់ ព្រោះការរលត់ នៃរបស់នេះ កាលបើវិញ្ញាណមិនមាន នាមរូបក៏មិនមាន កាលបើនាមរូបមិនមាន សឡាយតនៈក៏មិនមាន។បេ។ ឧបាទានក៏មិនមាន… ភពក៏មិនមាន.. ជាតិក៏មិនមាន កាលបើជាតិមិនមាន ជរាមរណៈក៏មិនមាន។ អរិយសាវ័កនោះ រមែងដឹងច្បាស់ យ៉ាងនេះថា លោកនេះ តែងរលត់យ៉ាងនេះ។

[១៨២] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ដឹងច្បាស់តាមពិត នូវហេតុដែលនាំឲ្យកើតឡើង និងសេចក្តីរលត់នៃលោកយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ តថាគត ហៅថា អ្នកបរិបូណ៌ដោយទិដ្ឋិ ដូច្នេះខ្លះ។បេ។ ថាអ្នកឋិតអែបនឹងទ្វារនៃអមតនិព្វាន ដូច្នេះខ្លះ ក្នុងកាលនោះ។

ចប់សូត្រ ទី៩។

 

លេខយោង

km/tipitaka/sut/sn/12/sut.sn.12.049.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann