km:tipitaka:sut:sn:12:sut.sn.12.050



(ទុតិយអរិយសាវក)សូត្រ ទី១០

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 12.050 បាលី cs-km: sut.sn.12.050 អដ្ឋកថា: sut.sn.12.050_att PTS: ?

(ទុតិយអរិយសាវក)សូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១០. ទុតិយអរិយសាវកសុត្តំ)

[១៨៣] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង… ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កជាអ្នកចេះដឹង មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើរបស់អ្វី មាន ទើបរបស់អ្វីមានហ្ន៎ របស់អ្វីមាន ព្រោះការកើតឡើង នៃរបស់អ្វី កាលបើរបស់អ្វីមាន ទើបសង្ខារទាំងឡាយមាន កាលបើរបស់អ្វីមាន ទើបវិញ្ញាណមាន កាលបើរបស់អ្វីមាន ទើបនាមរូបមាន កាលបើរបស់អ្វីមាន ទើបសឡាយតនៈមាន កាលបើរបស់អ្វីមាន ទើបផស្សៈមាន កាលបើរបស់អ្វីមាន ទើបវេទនាមាន កាលបើរបស់អ្វីមាន ទើបតណ្ហាមាន កាលបើរបស់អ្វីមាន ទើបឧបាទានមាន កាលបើរបស់អ្វីមាន ទើបភពមាន កាលបើរបស់អ្វីមាន ទើបជាតិមាន កាលបើរបស់អ្វីមាន ទើបជរាមរណៈមាន។

[១៨៤] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង អរិយសាវ័កជាអ្នកចេះដឹង មានញាណក្នុងធម៌នោះ ព្រោះបច្ច័យដែលកើតតៗគ្នាថា កាលបើរបស់នេះ មាន របស់នេះក៏មាន របស់នេះកើតឡើង ព្រោះការកើតឡើង នៃរបស់នេះ គឺកាលបើអវិជ្ជាមាន សង្ខារទាំងឡាយក៏មាន កាលបើសង្ខារទាំងឡាយមាន វិញ្ញាណក៏មាន កាលបើវិញ្ញាណមាន នាមរូបក៏មាន កាលបើនាមរូបមាន សឡាយតនៈក៏មាន កាលបើសឡាយតនៈមាន ផស្សៈក៏មាន កាលបើផស្សៈមាន វេទនាក៏មាន កាលបើវេទនាមាន តណ្ហាក៏មាន កាលបើតណ្ហាមាន ឧបាទានក៏មាន កាលបើឧបាទានមាន ភពក៏មាន កាលបើភពមាន ជាតិក៏មាន កាលបើជាតិមាន ជរាមរណៈក៏មាន។ អរិយសាវ័កនោះ តែងដឹងច្បាស់យ៉ាងនេះថា លោកនេះ រមែងកើតឡើងព្រម យ៉ាងនេះ។

[១៨៥] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កជាអ្នកចេះដឹង មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើមិនមានរបស់អ្វី ទើបមិនមានរបស់អ្វីហ្ន៎ របស់អ្វីរលត់ទៅ ព្រោះការរលត់ទៅ នៃរបស់អ្វី កាលបើរបស់អ្វីមិនមាន ទើបសង្ខារទាំងឡាយមិនមាន កាលបើរបស់អ្វីមិនមាន ទើបវិញ្ញាណមិនមាន កាលបើរបស់អ្វីមិនមាន ទើបនាមរូបមិនមាន កាលបើរបស់អ្វីមិនមាន ទើបសឡាយតនៈមិនមាន កាលបើរបស់អ្វីមិនមាន ទើបផស្សៈមិនមាន កាលបើរបស់អ្វីមិនមាន ទើបវេទនាមិនមាន កាលបើរបស់អ្វីមិនមាន ទើបតណ្ហាមិនមាន។បេ។ ឧបាទាន… ភព… ជាតិ… កាលបើរបស់អ្វីមិនមាន ទើបជរាមរណៈមិនមាន ដូច្នេះឡើយ។

[១៨៦] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង អរិយសាវ័កជាអ្នកចេះដឹង មានញាណក្នុងធម៌នោះ ព្រោះបច្ច័យដែលកើតតៗគ្នាថា កាលបើរបស់នេះ មិនមាន របស់នេះក៏មិនមាន របស់នេះរលត់ទៅ ព្រោះការរលត់ នៃរបស់នេះ គឺកាលបើអវិជ្ជាមិនមាន សង្ខារទាំងឡាយ ក៏មិនមាន កាលបើសង្ខារទាំងឡាយមិនមាន វិញ្ញាណក៏មិនមាន កាលបើវិញ្ញាណមិនមាន នាមរូបក៏មិនមាន កាលបើនាមរូបមិនមាន សឡាយតនៈក៏មិនមាន។បេ។ កាលបើជាតិមិនមាន ជរាមរណៈក៏មិនមាន។ អរិយសាវ័កនោះ រមែងដឹងច្បាស់ យ៉ាងនេះថា លោកនេះ តែងរលត់យ៉ាងនេះ។

[១៨៧] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ដឹងច្បាស់តាមពិត នូវហេតុដែលនាំឲ្យកើតសង្ខារលោក និងសេចក្តីរលត់នៃសង្ខារលោកយ៉ាងនេះ ក្នុងកាលណា ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា ជាអ្នកបរិបូណ៌ដោយទិដ្ឋិ ដូច្នេះខ្លះ ថាអ្នកបរិបូណ៌ដោយទស្សនៈ ដូច្នេះខ្លះ ថាជាអ្នកមកកាន់ព្រះសទ្ធម្ម ដូច្នេះខ្លះ ថាជាអ្នកឃើញព្រះសទ្ធម្ម ដូច្នេះខ្លះ ថាជាអ្នកប្រកបដោយញាណ ជាសេក្ខៈ ដូច្នេះខ្លះ ថាជាអ្នកប្រកបដោយវិជ្ជាសេក្ខៈ ដូច្នេះខ្លះ ថាជាអ្នកសម្រេចធម្មស្រោត ដូច្នេះខ្លះ ថាជាអរិយៈអ្នកមាននិព្វេធិកប្បញ្ញា (ប្រាជ្ញាទម្លាយបង់នូវកិលេស) ដូច្នេះខ្លះ ថាឋិតអែបនឹងទ្វារ នៃអមតនិព្វាន ដូច្នេះខ្លះ ក្នុងកាលនោះ។

ចប់សូត្រទី១០។

ចប់ គហបតិវគ្គ ទី៥។

បញ្ជីរឿងនៃគហបតិវគ្គនោះ គឺ

បញ្ចវេរភយសូត្រ លោកពោលអស់២លើក ទ្រង់សំដែងហេតុដែលឲ្យកើតទុក្ខ ហេតុដែលឲ្យកើតលោក ព្រះអង្គគង់ក្នុងស្រុកជារបស់ព្រះញាតិ រឿងអញ្ញតរព្រាហ្មណ៍ រឿងជាណុស្សោណិព្រាហ្មណ៍ រឿងលោកាយតិកព្រាហ្មណ៍ ត្រូវជា៨ លោកពោលថា អរិយសាវ័ក ២លើក វគ្គពោលតាមរឿងនោះ។

 

លេខយោង

km/tipitaka/sut/sn/12/sut.sn.12.050.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann