km:tipitaka:sut:sn:12:sut.sn.12.061



(អស្សុតវា)សូត្រ ទី១

សង្ខេប

ហេតុ​​អ្វី​​បាន​​ជា​​ព្រះពុទ្ធ​​ ចង់​​ឱ្យ​​អ្នក​​យល់​​អំពី​​រូបកាយ​​ច្បាស់​មុន?

sn 12.061 បាលី cs-km: sut.sn.12.061 អដ្ឋកថា: sut.sn.12.061_att PTS: ?

(អស្សុតវា)សូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១. អស្សុតវាសុត្តំ)

[២៣០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះមានព្រះភាគ …. ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង គប្បីនឿយណាយផង ធុញទ្រាន់ផង ផុតស្រឡះផង ក្នុងកាយ ដែលកើតអំពីមហាភូតទាំង៤នេះ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា សេចក្តីចម្រើនក្តី សេចក្តីវិនាសក្តី ដំណើរកើតឡើងក្តី ដំណើរបែកធ្លាយក្តី នៃកាយដែលកើតអំពីមហាភូតទាំង៤នេះ តែងប្រាកដ ហេតុនោះ បានជាបុថុជ្ជនអ្នកមិនចេះដឹង គប្បីនឿយណាយផង ធុញទ្រាន់ផង ផុតស្រឡះផង ក្នុងកាយ ដែលកើតអំពីមហាភូតទាំង៤នោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងធម្មជាតណា ដែលហៅថាចិត្តខ្លះ ហៅថាមនោខ្លះ ហៅថាវិញ្ញាណខ្លះ បុថុជ្ជនអ្នកមិនចេះដឹង មិនអាចនឿយណាយ មិនអាចធុញទ្រាន់ មិនអាចផុតស្រឡះ ក្នុងធម្មជាតនោះបានឡើយ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ធម្មជាតនុ៎ះ បុថុជ្ជនអ្នកមិនចេះដឹង ធ្លាប់ចូលចិត្ត រាប់អាន ប្រកាន់មកហើយ អស់កាលជាអង្វែងថា នុ៎ះ ជារបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះ ហេតុនោះ បានជាបុថុជ្ជនអ្នកមិនចេះដឹង មិនអាចនឿយណាយ មិនអាចធុញទ្រាន់ មិនអាចផុតស្រឡះ ក្នុងធម្មជាតនោះបានឡើយ។

[២៣១] ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង រមែងប្រកាន់កាយ ដែលកើតអំពីមហាភូតទាំង៤នេះ ថាប្រសើរ ដោយថាជាខ្លួន តែមិនប្រកាន់នូវចិត្តឡើយ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា កាយដែលកើតអំពីមហាភូតទាំង៤នេះ កាលបើឋិតនៅបានមួយឆ្នាំខ្លះ ឋិតនៅបានពីរឆ្នាំខ្លះ ឋិតនៅបានបីឆ្នាំខ្លះ ឋិតនៅបានបួនឆ្នាំខ្លះ ឋិតនៅបានប្រាំឆ្នាំខ្លះ ឋិតនៅបាន១០ឆ្នាំខ្លះ ឋិតនៅបាន២០ឆ្នាំខ្លះ ឋិតនៅបាន៣០ឆ្នាំខ្លះ ឋិតនៅបាន៤០ឆ្នាំខ្លះ ឋិតនៅបាន៥០ឆ្នាំខ្លះ ឋិតនៅបាន១០០ឆ្នាំខ្លះ ឋិតនៅជាង១០០ឆ្នាំខ្លះ តែងប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ចំណែកឯធម្មជាត ដែលហៅថាចិត្តខ្លះ មនោខ្លះ វិញ្ញាណខ្លះនោះ តែងកើតឡើងផ្សេង រលត់ទៅផ្សេង ទាំងយប់ ទាំងថ្ងៃ។

[២៣២] ម្នាលភិក្ខុទាំងឡាយ ដូចស្វា ត្រាច់ទៅក្នុងព្រៃតូច ព្រៃធំ តែងចាប់មែកឈើ លែងមែកដែលចាប់នោះហើយ ចាប់មែកដទៃ លែងមែកដទៃនោះហើយ ចាប់មែកដទៃទៀត លែងមែកដទៃទៀតនោះហើយ ចាប់មែកដទៃតទៅទៀត យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ធម្មជាត ដែលហៅថា ចិត្តខ្លះ មនោខ្លះ វិញ្ញាណខ្លះនោះ តែងកើតឡើងផ្សេង រលត់ទៅវិញផ្សេង ទាំងយប់ទាំងថ្ងៃ ក៏យ៉ាងនោះឯង។

[២៣៣] ម្នាលភិក្ខុទាំងឡាយ ត្រង់សេចក្តីនោះ អរិយសាវ័កអ្នកចេះដឹង តែងធ្វើទុកក្នុងចិត្ត នូវបដិច្ចសមុប្បាទធម៌ ដោយឧបាយនៃប្រាជ្ញាឲ្យប្រពៃថា កាលបើវត្ថុនេះមាន ទើបវត្ថុនេះមាន ព្រោះតែវត្ថុនេះកើតឡើង បានជាវត្ថុនេះកើតឡើងដែរ កាលបើវត្ថុនេះមិនមាន វត្ថុនេះក៏មិនមានដែរ ព្រោះតែវត្ថុនេះរលត់ បានជាវត្ថុនេះរលត់ដែរ គឺថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។ ឯការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២៣៤] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ តែងនឿយណាយក្នុងរូបផង នឿយណាយក្នុងវេទនាផង នឿយណាយក្នុងសញ្ញាផង នឿយណាយក្នុងសង្ខារទាំងឡាយផង នឿយណាយក្នុងវិញ្ញាណផង កាលបើនឿយណាយ ក៏តែងធុញទ្រាន់ ព្រោះតែការធុញទ្រាន់ ចិត្តក៏ផុតស្រឡះបាន។ កាលបើចិត្តផុតស្រឡះហើយ សេចក្តីដឹងថា ចិត្តផុតស្រឡះហើយ ដូច្នេះ ក៏កើតមាន។ អរិយសាវ័កនោះ តែងដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់សូត្រ ទី១។

 

លេខយោង

km/tipitaka/sut/sn/12/sut.sn.12.061.txt · ពេលកែចុងក្រោយ: 2023/08/26 12:58 និពន្ឋដោយ Johann