km:tipitaka:sut:sn:12:sut.sn.12.v02



អាហារវគ្គ (ទី២)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 12.v02 បាលី cs-km: sut.sn.12.v02 អដ្ឋកថា: sut.sn.12.v02_att PTS: ?

អាហារវគ្គ (ទី២)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. អាហារវគ្គោ)

(អាហារ)សូត្រ ទី១

(១. អាហារសុត្តំ)

[២៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាហារនេះមាន៤ តែងប្រព្រឹត្តទៅ ដើម្បីការតាំងនៅបាន នៃពួកភូតសត្វផង ដើម្បីអនុគ្រោះ ដល់ពួកសម្ភវេសីសត្វផង1) ។ អាហារ ទាំង៤ តើដូចម្តេច។ កវឡីការាហារ ដ៏គ្រោតគ្រាតក្តី ល្អិតក្តី (ជាទី១) ផស្សាហារ ជាទី២ មនោសញ្ចេតនាហារ ជាទី៣ វិញ្ញាណាហារ ជាទី៤។ ម្នាលភិក្ខុទាំងឡាយ អាហារទាំង៤នេះឯង តែងប្រព្រឹត្តទៅ ដើម្បីការតាំងនៅបាន នៃពួកភូតសត្វផង ដើម្បីអនុគ្រោះ ដល់ពួកសម្ភវេសីសត្វផង។

[២៩] ម្នាលភិក្ខុទាំងឡាយ ចុះអាហារទាំង៤នេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ អាហារទាំង៤នេះ មានតណ្ហាជាហេតុ មានតណ្ហានាំឲ្យកើត មានតណ្ហាជាកំណើត មានតណ្ហាជាប្រភព។ ម្នាលភិក្ខុទាំងឡាយ ចុះតណ្ហានេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ តណ្ហា មានវេទនាជាហេតុ មានវេទនានាំឲ្យកើត មានវេទនាជាកំណើត មានវេទនាជាប្រភព។ ម្នាលភិក្ខុទាំងឡាយ ចុះវេទនានេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ វេទនា មានផស្សៈជាហេតុ មានផស្សៈនាំឲ្យកើត មានផស្សៈជាកំណើត មានផស្សៈជាប្រភព។ ម្នាលភិក្ខុទាំងឡាយ ចុះផស្សៈនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ ផស្សៈ មានសឡាយតនៈជាហេតុ មានសឡាយតនៈនាំឲ្យកើត មានសឡាយតនៈជាកំណើត មានសឡាយតនៈជាប្រភព។ ម្នាលភិក្ខុទាំងឡាយ ចុះសឡាយតនៈនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ សឡាយតនៈនេះ មាននាមរូបជាហេតុ មាននាមរូបនាំឲ្យកើត មាននាមរូបជាកំណើត មាននាមរូបជាប្រភព។ ម្នាលភិក្ខុទាំងឡាយ ចុះនាមរូបនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ នាមរូប មានវិញ្ញាណជាហេតុ មានវិញ្ញាណនាំឲ្យកើត មានវិញ្ញាណជាកំណើត មានវិញ្ញាណជាប្រភព។ ម្នាលភិក្ខុទាំងឡាយ ចុះវិញ្ញាណនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ វិញ្ញាណ មានសង្ខារជាហេតុ មានសង្ខារនាំឲ្យកើត មានសង្ខារជាកំណើត មានសង្ខារជាប្រភព។ ម្នាលភិក្ខុទាំងឡាយ ចុះសង្ខារទាំងឡាយនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ សង្ខារទាំងឡាយ មានអវិជ្ជាជាហេតុ មានអវិជ្ជានាំឲ្យកើត មានអវិជ្ជាជាកំណើត មានអវិជ្ជាជាប្រភព។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នេះ សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

[៣០] ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់ឥតមានសេសសល់នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

ចប់សូត្រ ទី១។

(មោឡិយផគ្គុន)សូត្រ ទី២

(២. មោឡិយផគ្គុនសុត្តំ)

[៣១] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ អាហារនេះ មាន៤ តែងប្រព្រឹត្តទៅ ដើម្បីការតាំងនៅបាន នៃភូតសត្វផង ដើម្បីអនុគ្រោះ ដល់ពួកសម្ភវេសីសត្វផង។ អាហារទាំង៤ តើដូចម្តេច។ កវឡីការាហារ ដ៏គ្រោតគ្រាតក្តី ល្អិតក្តី (ជាទី១) ផស្សាហារ ជាទី២ មនោសញ្ចេតនាហារ ជាទី៣ វិញ្ញាណាហារ ជាទី៤។ ម្នាលភិក្ខុទាំងឡាយ អាហារទាំង៤នេះឯង តែងប្រព្រឹត្តទៅ ដើម្បីការតាំងនៅបាន នៃពួកភូតសត្វផង ដើម្បីអនុគ្រោះ ដល់ពួកសម្ភវេសីសត្វផង។

[៣២] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះមោលិយផគ្គុនមានអាយុ បានក្រាបបង្គំទូលសួរ នូវព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងទំពាស៊ីនូវវិញ្ញាណាហារ។ ព្រះមានព្រះភាគ ត្រាស់តបថា ប្រស្នានេះ មិនត្រូវទេ ដូច្នេះ ហើយទើបត្រាស់ថា តថាគតមិនពោលថា នរណាហ្ន៎ តែងទំពាស៊ីដូច្នេះឡើយ ប្រសិនបើតថាគតពោលថា នរណាហ្ន៎ តែងទំពាស៊ីដូច្នេះ ប្រស្នាថា បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងទំពាស៊ី ដូច្នេះនោះ ត្រូវគ្នានឹងពាក្យតថាគតហើយ តែថា តថាគតមិនពោលយ៉ាងនេះទេ កាលបើយ៉ាងនេះ បុគ្គលណាសួរ ចំពោះតថាគត ដែលមិនពោលសោះ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន វិញ្ញាណាហារ (ជាបច្ច័យ) នៃធម៌ដូចម្តេចហ្ន៎ ដូច្នេះ ប្រស្នានុ៎ះ របស់បុគ្គលនោះទើបត្រូវ ទាំងត្រូវព្យាករណ៍ចំពោះប្រស្នានោះថា វិញ្ញាណាហារ គឺបដិសន្ធិចិត្ត (ជាបច្ច័យ) នៃកិរិយាកើត ក្នុងភពថ្មីទៀត គឺនាមរូបតទៅ, កាលបើការកើតក្នុងភពថ្មីទៀត គឺនាមរូបនោះ កើតមានហើយ, សឡាយតនៈក៏កើតមាន ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ។

[៣៣] បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងពាល់ត្រូវ។ ព្រះមានព្រះភាគ ត្រាស់តបថា ប្រស្នានេះមិនត្រូវទេ ដូច្នេះហើយ ទើបត្រាស់ថា តថាគតមិនពោលថា នរណាហ្ន៎ តែងពាល់ត្រូវដូច្នេះទេ ប្រសិនបើតថាគតពោលថា នរណាហ្ន៎ តែងពាល់ត្រូវដូច្នេះ ប្រស្នាថា បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងពាល់ត្រូវ ដូច្នេះនោះ ត្រូវគ្នានឹងពាក្យតថាគតហើយ តែថា តថាគតមិនពោលយ៉ាងនេះទេ កាលបើយ៉ាងនេះ បុគ្គលណាសួរ ចំពោះតថាគត ដែលមិនពោលសោះ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ផស្សៈកើតមាន ព្រោះអ្វីជាបច្ច័យហ្ន៎ ដូច្នេះ ប្រស្នានុ៎ះ របស់បុគ្គលនោះ ទើបត្រូវ ទាំងត្រូវព្យាករណ៍ ចំពោះប្រស្នានោះថា ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ។

[៣៤] បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងទទួលយក។ ព្រះមានព្រះភាគ ត្រាស់តបថា ប្រស្នានេះមិនត្រូវទេ ដូច្នេះហើយ ទើបត្រាស់ថា តថាគតមិនពោលថា នរណាហ្ន៎ តែងទទួលយក ដូច្នេះទេ ប្រសិនបើតថាគតពោលថា នរណាហ្ន៎ តែងទទួលយក ដូច្នេះ ប្រស្នាថា បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងទទួលយក ដូច្នេះនោះ ត្រូវគ្នានឹងពាក្យតថាគតហើយ តែថា តថាគតមិនពោលយ៉ាងនេះទេ កាលបើយ៉ាងនេះ បុគ្គលណាសួរ ចំពោះតថាគត ដែលមិនពោលសោះ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន វេទនាកើតមាន ព្រោះអ្វីជាបច្ច័យហ្ន៎ ដូច្នេះ ប្រស្នានុ៎ះ របស់បុគ្គលនោះ ទើបត្រូវ ទាំងត្រូវព្យាករណ៍ ចំពោះប្រស្នានោះថា វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ។

[៣៥] បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងតក់ស្លុត។ ព្រះមានព្រះភាគ ត្រាស់ថា ប្រស្នានេះមិនត្រូវទេ ដូច្នេះហើយ ទើបត្រាស់ថា តថាគតមិនពោលថា នរណាហ្ន៎ តែងតក់ស្លុត ដូច្នេះទេ ប្រសិនបើតថាគតពោលថា នរណាហ្ន៎ តែងតក់ស្លុត ដូច្នេះ ប្រស្នាថា បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងតក់ស្លុត ដូច្នេះនោះ ត្រូវគ្នានឹងពាក្យតថាគតហើយ តែថា តថាគតមិនពោលយ៉ាងនេះទេ កាលបើយ៉ាងនេះ បុគ្គលណាសួរ ចំពោះតថាគត ដែលមិនពោលសោះ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន តណ្ហាកើតមាន ព្រោះអ្វីជាបច្ច័យហ្ន៎ ដូច្នេះ ប្រស្នានុ៎ះ របស់បុគ្គលនោះ ទើបត្រូវ ទាំងត្រូវព្យាករណ៍ ចំពោះប្រស្នានោះថា តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ។

[៣៦] បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងប្រកាន់មាំ។ ព្រះមានព្រះភាគ ត្រាស់ថា ប្រស្នានេះមិនត្រូវទេ ដូច្នេះហើយ ទើបត្រាស់ថា តថាគតមិនពោលថា នរណាហ្ន៎ តែងប្រកាន់មាំ ដូច្នេះទេ ប្រស្នាថា បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងប្រកាន់មាំ ដូច្នេះនោះ ត្រូវគ្នានឹងពាក្យតថាគតហើយ តែថា តថាគតមិនពោលយ៉ាងនេះទេ កាលបើយ៉ាងនេះ បុគ្គលណាសួរ ចំពោះតថាគត ដែលមិនពោលសោះ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ឧបាទានកើតមាន ព្រោះអ្វីជាបច្ច័យហ្ន៎ ដូច្នេះ ប្រស្នានុ៎ះ របស់បុគ្គលនោះ ទើបត្រូវ ទាំងត្រូវព្យាករណ៍ ចំពោះប្រស្នានោះថា ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ។បេ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

[៣៧] ម្នាលផគ្គុន ឯការរលត់នៃផស្សៈ ព្រោះការរលត់ឥតមានសេសសល់នៃផស្សាយតនៈ ទាំង៦ ការរលត់នៃវេទនា ព្រោះការរលត់នៃផស្សៈ ការរលត់នៃតណ្ហា ព្រោះការរលត់នៃវេទនា ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន ការរលត់នៃជាតិ ព្រោះការរលត់នៃភព ជរាមរណៈ សេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏រមែងរលត់ទៅ ព្រោះការរលត់នៃជាតិ។ ការរលត់ទៅនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

ចប់សូត្រ ទី២។

(សមណព្រាហ្មណ)សូត្រ ទី៣

(៣. សមណព្រាហ្មណសុត្តំ)

[៣៨] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍ ណាមួយ មិនដឹងច្បាស់នូវជរាមរណៈ មិនដឹងច្បាស់ នូវហេតុជាទីកើតនៃជរាមរណៈ មិនដឹងច្បាស់ នូវទីរលត់នៃជរាមរណៈ មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃជរាមរណៈ។ នូវជាតិ។បេ។ នូវភព… នូវឧបាទាន… នូវតណ្ហា… នូវវេទនា… នូវផស្សៈ… នូវសឡាយតនៈ… នូវនាមរូប… នូវវិញ្ញាណ… មិនដឹងច្បាស់នូវសង្ខារទាំងឡាយ មិនដឹងច្បាស់ នូវហេតុជាទីកើតនៃសង្ខារ មិនដឹងច្បាស់នូវទីរលត់នៃសង្ខារ មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃសង្ខារ។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងនោះ តថាគត មិនរាប់ថាសមណៈក្នុងពួកសមណៈផង មិនរាប់ថាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង ព្រោះសមណព្រាហ្មណ៍ មានអាយុទាំងនោះ មិនធ្វើឲ្យជាក់ច្បាស់ សម្រេចនូវសាមញ្ញផល ឬព្រហ្មញ្ញផល ដោយបញ្ញាដ៏ឧត្តមរបស់ខ្លួនឯង ក្នុងបច្ចុប្បន្នឡើយ។

[៣៩] ម្នាលភិក្ខុទាំងឡាយ មួយទៀត ពួកសមណព្រាហ្មណ៍ណាមួយ ដឹងច្បាស់នូវជរាមរណៈ ដឹងច្បាស់ នូវហេតុជាទីកើតនៃជរាមរណៈ ដឹងច្បាស់ នូវទីរលត់នៃជរាមរណៈ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃជរាមរណៈ។ នូវជាតិ។បេ។ នូវភព… នូវឧបាទាន… នូវតណ្ហា… នូវវេទនា… នូវផស្សៈ… នូវសឡាយតនៈ… នូវនាមរូប… នូវវិញ្ញាណ… ដឹងច្បាស់នូវសង្ខារទាំងឡាយ ដឹងច្បាស់ នូវហេតុជាទីកើតនៃសង្ខារ ដឹងច្បាស់នូវទីរលត់នៃសង្ខារ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃសង្ខារ។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងនោះ ទើបតថាគត រាប់ថាសមណៈក្នុងពួកសមណៈផង រាប់ថាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង ព្រោះថាសមណព្រាហ្មណ៍ មានអាយុទាំងនោះ រមែងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវសាមញ្ញផល ឬព្រហ្មញ្ញផល ដោយបញ្ញាដ៏ឧត្តមរបស់ខ្លួនឯង ក្នុងបច្ចុប្បន្ន។

ចប់សូត្រ ទី៣។

(ទុតិយសមណព្រាហ្មណ)សូត្រ ទី៤

(៤. ទុតិយសមណព្រាហ្មណសុត្តំ)

[៤០] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍ណាមួយ មិនដឹងច្បាស់នូវធម៌ទាំងនេះ មិនដឹងច្បាស់ នូវហេតុជាទីកើតនៃធម៌ទាំងនេះ មិនដឹងច្បាស់ នូវទីរលត់នៃធម៌ទាំងនេះ មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃធម៌នេះ។ សមណព្រាហ្មណ៍ទាំងនោះ មិនដឹងច្បាស់ នូវធម៌អ្វី មិនដឹងច្បាស់នូវហេតុជាទីកើតនៃធម៌អ្វី មិនដឹងច្បាស់នូវទីរលត់នៃធម៌អ្វី មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃធម៌អ្វី។ គឺមិនដឹងច្បាស់នូវជរាមរណៈ មិនដឹងច្បាស់នូវហេតុជាទីកើតនៃជរាមរណៈ មិនដឹដងច្បាស់នូវទីរលត់នៃជរាមរណៈ មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃជរាមរណៈ។ នូវជាតិ។បេ។ នូវភព… នូវឧបាទាន… នូវតណ្ហា… នូវវេទនា… នូវផស្សៈ… នូវសឡាយតនៈ… នូវនាមរូប… នូវវិញ្ញាណ… មិនដឹងច្បាស់នូវសង្ខារទាំងឡាយ មិនដឹងច្បាស់ នូវហេតុជាទីកើតនៃសង្ខារ មិនដឹងច្បាស់នូវទីរលត់នៃសង្ខារ មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃសង្ខារ។ សមណព្រាហ្មណ៍ទាំងនោះ មិនដឹងច្បាស់នូវធម៌ទាំងនេះ មិនដឹងច្បាស់នូវហេតុ ជាទីកើតនៃធម៌ទាំងនេះ មិនដឹងច្បាស់ នូវទីរលត់នៃធម៌ទាំងនេះ មិនដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃធម៌ទាំងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍នោះ តថាគត មិនរាប់ថាសមណៈ ក្នុងពួកសមណៈផង មិនរាប់ថាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង ព្រោះថា សមណព្រាហ្មណ៍ មានអាយុទាំងនោះ រមែងមិនធ្វើឲ្យជាក់ច្បាស់ មិនសម្រេចនូវសាមញ្ញផល ឬព្រហ្មញ្ញផល ដោយបញ្ញា ដ៏ឧត្តមរបស់ខ្លួនឯង ក្នុងបច្ចុប្បន្នឡើយ។

[៤១] ម្នាលភិក្ខុទាំងឡាយ ចំណែកខាងពួកសមណព្រាហ្មណ៍ណាមួយ ដឹងច្បាស់នូវធម៌ទាំងនេះ ដឹងច្បាស់ នូវហេតុជាទីកើតនៃធម៌ទាំងនេះ ដឹងច្បាស់ នូវទីរលត់នៃធម៌ទាំងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃធម៌ទាំងនេះ។ សមណព្រាហ្មណ៍ទាំងនោះ ដឹងច្បាស់នូវធម៌អ្វី ដឹងច្បាស់នូវហេតុ ជាទីកើតនៃធម៌អ្វី ដឹងច្បាស់នូវទីរលត់នៃធម៌អ្វី ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃធម៌អ្វី។ គឺ ដឹងច្បាស់នូវជរាមរណៈ ដឹងច្បាស់ នូវហេតុជាទីកើតនៃជរាមរណៈ ដឹងច្បាស់ នូវទីរលត់នៃជរាមរណៈ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃជរាមរណៈ។ នូវជាតិ។បេ។ នូវភព… នូវឧបាទាន… នូវតណ្ហា… នូវវេទនា… នូវផស្សៈ… នូវសឡាយតនៈ… នូវនាមរូប… នូវវិញ្ញាណ… ដឹងច្បាស់នូវសង្ខារទាំងឡាយ ដឹងច្បាស់ នូវហេតុជាទីកើតនៃសង្ខារ ដឹងច្បាស់នូវទីរលត់នៃសង្ខារ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃសង្ខារ។ សមណព្រាហ្មណ៍ទាំងនោះ ដឹងច្បាស់នូវធម៌ទាំងនេះ ដឹងច្បាស់ នូវហេតុជាទីកើតនៃធម៌ទាំងនេះ ដឹងច្បាស់ នូវទីរលត់នៃធម៌ទាំងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃធម៌ទាំងនេះ។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងនោះ ទើបតថាគត រាប់ថាជាសមណៈ ក្នុងពួកសមណៈផង រាប់ថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង ព្រោះថាសមណព្រាហ្មណ៍ មានអាយុទាំងនោះ រមែងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវសាមញ្ញផលផង នូវព្រហ្មញ្ញផលផង ដោយប្រាជ្ញាដ៏ឧត្តមរបស់ខ្លួនឯង ក្នុងបច្ចុប្បន្ន។

ចប់សូត្រ ទី៤។

(ច្ចានគោត្ត)សូត្រ ទី៥

(៥. កច្ចានគោត្តសុត្តំ)

[៤២] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… គ្រានោះ ព្រះកច្ចានគោត្រមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះកច្ចានគោត្រមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គតែងត្រាស់ថា សម្មាទិដ្ឋិ សម្មាទិដ្ឋិ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ចុះសម្មាទិដ្ឋិ តើកើតមាន ដោយហេតុប៉ុន្មានយ៉ាង។

[៤៣] ម្នាលកច្ចានៈ សត្វលោកនេះ ច្រើនតែអាស្រ័យនូវចំណែកពីរយ៉ាងគឺ អត្ថិភាព (សស្សតទិដ្ឋិ)១ នត្ថិភាព (ឧច្ឆេទទិដ្ឋិ)១។ ម្នាលកច្ចានៈ នត្ថិភាពក្នុងលោក រមែងមិនមាន ដល់បុគ្គលដែលឃើញនូវហេតុជាទីកើតនៃលោក ដោយប្រាជ្ញាដ៏ប្រពៃតាមពិតឡើយ។ ម្នាលកច្ចានៈ អត្ថិភាពក្នុងលោក រមែងមិនមាន ដល់បុគ្គលដែលឃើញនូវទីរលត់នៃលោក ដោយប្រាជ្ញាដ៏ប្រពៃតាមពិតឡើយ។ ម្នាលកច្ចានៈ សត្វលោកនេះ ច្រើនតែជាប់ចំពាក់ដោយឧបាយ ឧបាទាន និងសេចក្តីប្រកាន់មាំ ចំណែកខាងអរិយសាវ័កនេះ រមែងមិនចូលទៅដល់ មិនប្រកៀកប្រកាន់ មិនអធិដ្ឋាន នូវឧបាយ និងឧបាទាន នូវការតាំងទុកនៃចិត្ត នូវសេចក្តីប្រកាន់មាំ និងអនុសយក្កិលេសនោះៗថា ខ្លួនរបស់អាត្មាអញ ដូច្នេះឡើយ។ ឧបាទានក្ខន្ធទុក្ខ កាលកើត ក៏កើតឡើង ឧបាទានក្ខន្ធទុក្ខ កាលរលត់ ក៏រលត់ទៅ ព្រោះហេតុនោះ ទើបអរិយសាវ័កមិនសង្ស័យ មិនងឿងឆ្ងល់ឡើយ។ ញាណរបស់អរិយសាវ័កនោះ រមែងមានក្នុងឧបាទានក្ខន្ធទុក្ខនុ៎ះ ដោយមិនបាច់ជឿពាក្យបុគ្គលដទៃឡើយ។ ម្នាលកច្ចានៈ សម្មាទិដ្ឋិ កើតមានដោយហេតុប៉ុណ្ណេះឯង។

[៤៤] ម្នាលកច្ចានៈ ទីបំផុតទី១នេះ ថា វត្ថុទាំងពួងមាន ទីបំផុតទី២នេះ ថា វត្ថុទាំងពួងមិនមាន។ ម្នាលកច្ចានៈ តថាគត មិនអាស្រ័យនូវទីបំផុតទាំងពីរនុ៎ះទេ តែងសំដែងនូវធម៌ដោយបទកណ្តាលថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ឯការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់ឥតមានសេសសល់នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

ចប់សូត្រ ទី៥។

(ធម្មកថិក)សូត្រ ទី៦

(៦. ធម្មកថិកសុត្តំ)

[៤៥] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… គ្រានោះ ភិក្ខុ១រូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គតែងត្រាស់ថា ធម្មកថិក ធម្មកថិក (អ្នកសំដែងធម៌ អ្នកសំដែងធម៌) បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុជាធម្មកថិក មានដោយហេតុប៉ុន្មានយ៉ាង។

[៤៦] ព្រះអង្គត្រាស់ថា បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់ នៃជរាមរណៈ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន។ បើភិក្ខុប្រតិបត្តិ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់ នៃជរាមរណៈ ទើបគួរហៅថា ភិក្ខុអ្នកប្រតិបត្តិនូវធម៌សមគួរដល់ធម៌។ បើភិក្ខុមានចិត្តរួចស្រឡះហើយ ព្រោះការនឿយណាយ ព្រោះការវិនាស ព្រោះការរលត់ នៃជរាមរណៈ ព្រោះការមិនប្រកាន់មាំ ទើបគួរហៅថា ភិក្ខុអ្នកដល់ នូវព្រះនិព្វានក្នុងបច្ចុប្បន្ន។ បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃជាតិ។បេ។ បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃភព… បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃឧបាទាន… បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃតណ្ហា… បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃវេទនា… បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃផស្សៈ… បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃសឡាយតនៈ… បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃនាមរូប… បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃវិញ្ញាណ… បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃសង្ខារ… បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់ នៃអវិជ្ជា ទើបគួរហៅថា ភិក្ខុធម្មកថិក។ បើភិក្ខុប្រតិបត្តិ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់ នៃអវិជ្ជា ទើបគួរហៅថា ភិក្ខុអ្នកប្រតិបត្តិនូវធម៌ សមគួរដល់ធម៌។ បើភិក្ខុមានចិត្តរួចស្រឡះហើយ ព្រោះការនឿយណាយ ព្រោះការវិនាស ព្រោះការរលត់ នៃអវិជ្ជា ព្រោះការមិនប្រកាន់មាំ ទើបគួរហៅថា ភិក្ខុអ្នកដល់ នូវព្រះនិព្វានក្នុងបច្ចុប្បន្ន។

ចប់សូត្រ ទី៦។

(អចេលកស្សប)សូត្រ ទី៧

(៧. អចេលកស្សបសុត្តំ)

[៤៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ហើយស្តេចចូលទៅក្នុងក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត។ អចេលកស្សប បានឃើញព្រះមានព្រះភាគ យាងមកអំពីចម្ងាយលឹមៗ លុះឃើញហើយ ក៏ដើរចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏ឋិតនៅក្នុងទីសមគួរ។

[៤៨] លុះអចេលកស្សប ឋិតនៅក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា យើងខ្ញុំនឹងសួរនូវហេតុនីមួយ ចំពោះព្រះគោតមដ៏ចម្រើន បើព្រះគោតមដ៏ចម្រើន បើកឱកាសដើម្បីការដោះស្រាយប្រស្នារបស់យើងខ្ញុំ។ ព្រះមានព្រះភាគ ត្រាស់តបថា កុំអាលសិន កស្សប កាលនេះ ជាកាលមិនគួរដល់ប្រស្នាទេ ព្រោះយើងកំពុងចូលមកកាន់ចន្លោះផ្ទះ។ អចេលកស្សប ក្រាបបង្គំសួរព្រះមានព្រះភាគ ជាគម្រប់ពីរដងថា យើងខ្ញុំនឹងសួរនូវហេតុនីមួយ ចំពោះព្រះគោតមដ៏ចម្រើន បើព្រះគោតមដ៏ចម្រើន បើកឱកាសដើម្បីការដោះស្រាយ នូវប្រស្នារបស់យើងខ្ញុំ។ កុំអាលសិន កស្សប កាលនេះ ជាកាលមិនគួរ ដល់ប្រស្នាទេ ព្រោះយើងកំពុងចូលមកកាន់ចន្លោះផ្ទះ។ អចេលកស្សប ក្រាបបង្គំសួរ ជាគម្រប់បីដង។បេ។ ព្រោះយើងកំពុងចូលមកកាន់ចន្លោះផ្ទះ។

[៤៩] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អចេលកស្សប ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា យើងខ្ញុំមិនមានបំណង ដើម្បីសួរព្រះគោតមដ៏ចម្រើនច្រើនរឿងទេ។ ម្នាលកស្សប អ្នកប្រាថ្នានឹងសួរនូវហេតុណា ចូរសួរចុះ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ឬអ្វី។ ព្រះមានព្រះភាគ ត្រាស់ថា កុំពោលយ៉ាងនេះឡើយ កស្សប។ បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ សេចក្តីទុក្ខ គឺបុគ្គលដទៃធ្វើឲ្យឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា កុំពោលយ៉ាងនេះឡើយ កស្សប។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង ឬអ្វី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា កុំពោលយ៉ាងនេះឡើយ កស្សប។ បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ សេចក្តីទុក្ខ មិនមែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់អ្នកដទៃទេ គឺកើតឡើងដោយឥតហេតុ ឬអ្វី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា កុំពោលយ៉ាងនេះឡើយ កស្សប។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីទុក្ខ មិនមានទេឬ។ ម្នាលកស្សប សេចក្តីទុក្ខ មិនមែនជាមិនមានទេ ម្នាលកស្សប សេចក្តីទុក្ខ មានដោយពិត។ បើដូច្នោះ មានតែព្រះគោតមដ៏ចំរើន មិនស្គាល់ មិនឃើញសេចក្តីទុក្ខទេឬ។ ម្នាលកស្សប តថាគត មិនមែនជាមិនស្គាល់ មិនឃើញសេចក្តីទុក្ខទេ ម្នាលកស្សប តថាគត ស្គាល់សេចក្តីទុក្ខ ដោយពិត ម្នាលកស្សប តថាគត ឃើញសេចក្តីទុក្ខដោយពិត។ ចុះកាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន សេចក្តីទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ឬអ្វី។ ព្រះអង្គ ត្រាស់ថា កុំពោលយ៉ាងនេះឡើយ កស្សប កាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ សេចក្តីទុក្ខ គឺបុគ្គលដទៃធ្វើឲ្យឬ ព្រះអង្គ ត្រាស់ថា កុំពោលយ៉ាងនេះឡើយ កស្សប កាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន សេចក្តីទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផងឬ ព្រះអង្គ ត្រាស់ថា កុំពោលយ៉ាងនេះឡើយ កស្សប កាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ សេចក្តីទុក្ខ មិនមែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយឥតហេតុឬ ព្រះអង្គត្រាស់ថា កុំពោលយ៉ាងនេះឡើយ កស្សប កាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន សេចក្តីទុក្ខ មិនមានទេឬ ព្រះអង្គត្រាស់ថា ម្នាលកស្សប សេចក្តីទុក្ខ មិនមែនជាមិនមានទេ ម្នាលកស្សប សេចក្តីទុក្ខ មានដោយពិត កាលដែលខ្ញុំសួរថា បើដូច្នោះ មានតែព្រះគោតមដ៏ចំរើន មិនស្គាល់ មិនឃើញសេចក្តីទុក្ខឬ ព្រះអង្គត្រាស់ថា ម្នាលកស្សប តថាគត មិនមែនជាមិនស្គាល់ មិនឃើញសេចក្តីទុក្ខទេ ម្នាលកស្សប តថាគត ស្គាល់សេចក្តីទុក្ខ ដោយពិត ម្នាលកស្សប តថាគត ឃើញសេចក្តីទុក្ខដោយពិត បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ប្រាប់សេចក្តីទុក្ខ ដល់ខ្ញុំផង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំដែងសេចក្តីទុក្ខដល់ខ្ញុំផង។

[៥០] ម្នាលកស្សប កាលបើមានសេចក្តីយល់ឃើញខាងដើមថា គេធ្វើ គេក៏ទទួលផល ដូច្នេះ លទ្ធិថា សេចក្តីទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ក៏នឹងមាន បុគ្គលកាលពោលយ៉ាងនេះ ឈ្មោះថា ប្រកាន់នូវសស្សតទិដ្ឋិនុ៎ះ។ ម្នាលកស្សប កាលបើមានសេចក្តីយល់ឃើញខាងដើមថា អ្នកដទៃធ្វើ អ្នកឯទៀតទទួលផល ដូច្នេះ បុគ្គលដែលត្រូវវេទនាគ្របសង្កត់ ក៏នឹងមានលទ្ធិថា សេចក្តីទុក្ខ គឺបុគ្គលដទៃធ្វើ បុគ្គលកាលពោលយ៉ាងនេះ ឈ្មោះថា ប្រកាន់នូវឧច្ឆេទទិដ្ឋិនុ៎ះ។ ម្នាលកស្សប តថាគត មិនប្រកាន់នូវទីបំផុតទាំងពីរនុ៎ះឡើយ តែងសំដែងធម៌ដោយបទកណ្តាលថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់ឥតសេសសល់ នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

[៥១] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អចេលកស្សប ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះអង្គដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចបុគ្គលផ្ងារឡើង នូវវត្ថុដែលផ្កាប់។បេ។ ដោយគិតថា ពួកបុគ្គលមានភ្នែកភ្លឺ នឹងឃើញរូបបាន យ៉ាងណាមិញ ធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីរឭក បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមបាននូវបព្វជ្ជា សូមបាននូវឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលកស្សប បុគ្គលណាធ្លាប់ជាអន្យតិរ្ថិយ ប្រាថ្នានូវបព្វជ្ជា ប្រាថ្នានូវឧបសម្បទា ក្នុងធម្មវិន័យនេះ បុគ្គលនោះ តែងនៅបរិវាស អស់៤ខែសិន លុះបុគ្គលនោះបាននៅបរិវាសកន្លង៤ខែហើយ ពួកភិក្ខុដែលមានចិត្តប្រោសប្រាណ កាលបើប្រាថ្នា ទើបបំបួស ទើបឲ្យឧបសម្បទា ដើម្បីភិក្ខុភាពបាន ម្យ៉ាងទៀត តថាគត បានដឹងច្បាស់នូវការផ្សេង នៃបុគ្គលដែលគួរនៅបរិវាស និងមិនគួរនៅបរិវាស។ អចេលកស្សបទូលថា បពិត្រព្រះអង្គដ៏ចំរើន បើបុគ្គលទាំងឡាយ ធ្លាប់ជាអន្យតិរ្ថិយ ប្រាថ្នានូវបព្វជ្ជា ប្រាថ្នានូវឧបសម្បទា ក្នុងធម្មវិន័យនេះ តែងនៅបរិវាសអស់៤ខែសិន លុះបុគ្គលនោះ បាននៅបរិវាសកន្លង៤ខែហើយ ពួកភិក្ខុដែលមានចិត្តប្រោសប្រាណ កាលបើប្រាថ្នា ទើបបំបួស ទើបឲ្យឧបសម្បទា ដើម្បីភិក្ខុភាពបាន ឯខ្ញុំព្រះអង្គនឹងហ៊ាននៅបរិវាសអស់៤ឆ្នាំ លុះខ្ញុំព្រះអង្គបាននៅបរិវាសកន្លង៤ឆ្នាំហើយ សូមពួកភិក្ខុដែលមានចិត្តប្រោសប្រាណបំបួស ឲ្យឧបសម្បទា ដើម្បីភិក្ខុភាពឲ្យទាន។

[៥២] អចេលកស្សប ក៏បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។ លុះកស្សបមានអាយុ បានឧបសម្បទាហើយ មិនយូរប៉ុន្មាន ក៏ចៀសចេញទៅតែម្នាក់ឯង ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងកំដៅនូវកិលេស មានចិត្តស្លុង (ទៅកាន់ព្រះនិព្វាន) កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា មិនយូរប៉ុន្មាន លោកក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវអនុត្តរធម៌ ដែលជាទីបំផុតនៃព្រហ្មចរិយធម៌នោះ ដោយប្រាជ្ញា ដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយក៏បានដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះកស្សបមានអាយុ ក៏រាប់ថាជាព្រះអរហន្តមួយអង្គដែរ។

ចប់សូត្រ ទី៧។

(តិម្ពរុក)សូត្រ ទី៨

(៨. តិម្ពរុកសុត្តំ)

[៥៣] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… គ្រានោះ បរិព្វាជក ឈ្មោះតិម្ពរុក្ខ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។

[៥៤] លុះតិម្ពរុក្ខ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន សេចក្តីសុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ឬអ្វី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា កុំពោលយ៉ាងនេះឡើយ តិម្ពរុក្ខ។ បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ សេចក្តីសុខ និងទុក្ខ គឺបុគ្គលដទៃធ្វើឲ្យឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា កុំពោលយ៉ាងនេះឡើយ តិម្ពរុក្ខ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីសុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង ឬអ្វី។ ព្រះមានព្រះភាគ ត្រាស់ថា កុំពោលយ៉ាងនេះឡើយ តិម្ពរុក្ខ។ បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ សេចក្តីសុខ និងទុក្ខ មិនមែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយឥតហេតុទេ ឬអ្វី។ ព្រះមានព្រះភាគ ត្រាស់ថា កុំពោលយ៉ាងនេះឡើយ តិម្ពរុក្ខ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីសុខ និងទុក្ខ មិនមានទេឬ។ ម្នាលតិម្ពរុក្ខ សេចក្តីសុខ និងទុក្ខ មិនមែនជាមិនមានទេ ម្នាលតិម្ពរុក្ខ សេចក្តីសុខ និងទុក្ខ មានដោយពិត។ បើដូច្នោះ មានតែព្រះគោតមដ៏ចំរើន មិនស្គាល់ មិនឃើញសេចក្តីសុខ និងទុក្ខទេ។ ម្នាលតិម្ពរុក្ខ តថាគត មិនមែនមិនស្គាល់ មិនឃើញសេចក្តីសុខ និងទុក្ខទេ ម្នាលតិម្ពរុក្ខ តថាគត ស្គាល់សេចក្តីសុខ និងទុក្ខ ដោយពិត ម្នាលតិម្ពរុក្ខ តថាគត ឃើញសេចក្តីសុខ និងទុក្ខ ដោយពិត។ ចុះកាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន សេចក្តីសុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ឬអ្វី ព្រះអង្គត្រាស់ថា កុំពោលយ៉ាងនេះឡើយ តិម្ពរុក្ខ កាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ សេចក្តីសុខ និងទុក្ខ គឺបុគ្គលដទៃធ្វើឲ្យឬ ព្រះអង្គត្រាស់ថា កុំពោលយ៉ាងនេះឡើយ តិម្ពរុក្ខ កាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន សេចក្តីសុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផងឬអ្វី ព្រះអង្គត្រាស់ថា កុំពោលយ៉ាងនេះឡើយ តិម្ពរុក្ខ កាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ សេចក្តីសុខ និងទុក្ខ មិនមែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយឥតហេតុទេឬអ្វី ព្រះអង្គត្រាស់ថា កុំពោលយ៉ាងនេះឡើយ តិម្ពរុក្ខ កាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន សេចក្តីសុខ និងទុក្ខ មិនមានទេឬ ព្រះអង្គត្រាស់ថា ម្នាលតិម្ពរុក្ខ សេចក្តីសុខ និងទុក្ខ មិនមែនជាមិនមានទេ ម្នាលតិម្ពរុក្ខ សេចក្តីសុខ និងទុក្ខ មានដោយពិត កាលដែលខ្ញុំសួរថា បើដូច្នោះ មានតែព្រះគោតមដ៏ចំរើន មិនស្គាល់ មិនឃើញសេចក្តីសុខ និងទុក្ខទេ ព្រះអង្គត្រាស់ថា ម្នាលតិម្ពរុក្ខ តថាគត មិនមែនជាមិនស្គាល់ មិនឃើញសេចក្តីសុខ និងទុក្ខទេ ម្នាលតិម្ពរុក្ខ តថាគត ស្គាល់សេចក្តីសុខ និងទុក្ខ ដោយពិត ម្នាលតិម្ពរុក្ខ តថាគត ឃើញសេចក្តីសុខ និងទុក្ខដោយពិត សូមព្រះគោតមដ៏ចំរើន ប្រាប់សេចក្តីសុខ និងទុក្ខ ដល់ខ្ញុំព្រះអង្គផង សូមព្រះគោតមដ៏ចំរើន សំដែងសេចក្តីសុខ និងទុក្ខដល់ខ្ញុំព្រះអង្គផង។

[៥៥] ម្នាលតិម្ពរុក្ខ កាលបើមានសេចក្តីយល់ឃើញខាងដើមថា វេទនានោះ ក៏គឺអ្នកនោះទទួល ដូច្នេះ លទ្ធិថា សេចក្តីសុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ក៏នឹងមាន ឯតថាគត មិនពោលយ៉ាងនេះទេ។ ម្នាលតិម្ពរុក្ខ កាលបើមានសេចក្តីយល់ឃើញខាងដើមថា វេទនាដទៃ អ្នកដទៃទទួល ដូច្នេះ បុគ្គលដែលត្រូវវេទនាគ្របសង្កត់ ក៏នឹងមាន លទ្ធិថា សេចក្តីសុខ និងទុក្ខ គឺអ្នកដទៃធ្វើឲ្យ ឯតថាគត មិនពោលយ៉ាងនេះទេ។ ម្នាលតិម្ពរុក្ខ តថាគត មិនប្រកាន់នូវទីបំផុតទាំងពីរនុ៎ះឡើយ តែងសំដែងធម៌ ដោយបទកណ្តាលថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់ ឥតសេសសល់ នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

[៥៦] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ តិម្ពរុក្ខបរិព្វាជក ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់។បេ។ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះគោតមដ៏ចម្រើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីរឭក សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះរៀងទៅ។

ចប់សូត្រ ទី៨។

(ពាលបណ្ឌិត)សូត្រ ទី៩

(៩. ពាលបណ្ឌិតសុត្តំ)

[៥៧] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល ដែលមានអវិជ្ជាជាគ្រឿងរារាំង ដែលប្រកបដោយតណ្ហា រមែងមានកាយ គឺបដិសន្ធិនេះ កើតឡើងយ៉ាងនេះឯង2) ដ្បិត ផស្សៈ រមែងកើតឡើង ព្រោះអាស្រ័យនូវធម៌ជាគូៗនឹងគ្នានុ៎ះ យ៉ាងនេះ គឺកាយនេះផង3) នាមរូបខាងក្រៅផង4) បុគ្គលពាលដែលផស្សាយតនៈ5) ទាំង៦ ឬក៏បណ្តាផស្សាយតនៈទាំងនោះ ណាមួយ ពាល់ត្រូវហើយ រមែងទទួលនូវសុខ និងទុក្ខ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត ដែលមានអវិជ្ជា ជាគ្រឿងរារាំង ដែលប្រកបដោយតណ្ហា រមែងមានកាយនេះ កើតឡើងយ៉ាងនេះឯង ដ្បិតផស្សៈរមែងកើតឡើង ព្រោះអាស្រ័យនូវធម៌ជាគូៗនឹងគ្នានុ៎ះ យ៉ាងនេះ គឺកាយនេះផង នាមរូបខាងក្រៅផង បុគ្គលជាបណ្ឌិត ដែលផស្សាយតនៈទាំង៦ ឬក៏ បណ្តាផស្សាយតនៈទាំងនុ៎ះ ណាមួយ ពាល់ត្រូវហើយ រមែងទទួលនូវសុខ និងទុក្ខ។

[៥៨] ម្នាលភិក្ខុទាំងឡាយ ក្នុងដំណើរនោះ បណ្ឌិត និងពាល តើមានសេចក្តីវិសេសដូចម្តេច មានសេចក្តីអធិប្បាយដូចម្តេច មានសេចក្តីផ្សេងគ្នាដូចម្តេច។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលតបថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ (នេះ) មានព្រះមានព្រះភាគជាឫសគល់ មានព្រះមានព្រះភាគ ជាអ្នកណែនាំ មានព្រះមានព្រះភាគជាទីពឹង របស់យើងខ្ញុំ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំសូមអង្វរ សូមព្រះមានព្រះភាគ បំភ្លឺនូវសេចក្តីនៃភាសិតនុ៎ះ ដល់ខ្ញុំព្រះអង្គឲ្យទាន ភិក្ខុទាំងឡាយ បានស្តាប់ព្រះមានព្រះភាគហើយ នឹងចងចាំទុក។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយប្រុងចាំស្តាប់ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគត នឹងសំដែងប្រាប់។ ភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[៥៩] ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល ដែលអវិជ្ជាណាបិទបាំងទុកផង ដែលតណ្ហាណាប្រកបទុកផង ទើបកាយនេះកើតឡើង បុគ្គលពាលមិនបានលះបង់អវិជ្ជានោះផង មិនទាន់អស់តណ្ហានោះផង ដំណើរនោះ តើព្រោះហេតុដូចម្តេច ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុគ្គលពាល មិនបានប្រព្រឹត្តមគ្គព្រហ្មចរិយៈ ដើម្បីការអស់នៃទុក្ខ ដោយប្រពៃទេ ព្រោះហេតុនោះ បុគ្គលពាល លុះបែកធ្លាយរាងកាយទៅហើយ ក៏ចូលទៅចាប់បដិសន្ធិកាយ (ផ្សេងទៀត) កាលបុគ្គលពាលនោះ ចូលទៅចាប់បដិសន្ធិកាយ (ផ្សេងទៀត) រមែងមិនរួចស្រឡះ ចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ លំបាកចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត តថាគតពោលថា បុគ្គលពាលនោះ មិនរួចស្រឡះចាកវដ្តទុក្ខឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត ដែលអវិជ្ជាណាបិទបាំងទុកផង ដែលតណ្ហាណាប្រកបទុកផង ទើបកាយនេះកើតឡើង តែបុគ្គលជាបណ្ឌិត បានលះបង់អវិជ្ជានោះចេញផង ធ្វើឲ្យអស់តណ្ហានោះផង ដំណើរនោះ ព្រោះហេតុដូចម្តេច ម្នាលភិក្ខុទាំងឡាយ ព្រោះបណ្ឌិត បានប្រព្រឹត្តមគ្គព្រហ្មចរិយៈ ដើម្បីការអស់នៃទុក្ខ ដោយប្រពៃ ព្រោះហេតុនោះ បណ្ឌិត លុះបែកធ្លាយរាងកាយទៅហើយ មិនចូលទៅចាប់បដិសន្ធិកាយទៀតឡើយ កាលបណ្ឌិតនោះ មិនបានចូលទៅចាប់បដិសន្ធិកាយទៀត រមែងរួចស្រឡះ ចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត តថាគតពោលថា បណ្ឌិតនោះ រមែងរួចស្រឡះ ចាកវដ្តទុក្ខបាន។ ម្នាលភិក្ខុទាំងឡាយ ការប្រព្រឹត្តមគ្គព្រហ្មចរិយៈណា នេះឯង ជាសេចក្តីវិសេស នេះឯង ជាសេចក្តីអធិប្បាយ នេះឯងជាសេចក្តីផ្សេងគ្នា នៃបណ្ឌិត និងពាល។

ចប់សូត្រ ទី៩។

(បច្ចយ)សូត្រ ទី១០

(១០. បច្ចយសុត្តំ)

[៦០] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវបដិច្ចសមុប្បាទធម៌ផង6) នូវបដិច្ចសមុប្បន្នធម៌7) ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ប្រុងស្តាប់នូវសេចក្តីនោះ ចូរយកចិត្តទុកដាក់ ដោយប្រពៃចុះ តថាគត នឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[៦១] ព្រះមានព្រះភាគទ្រង់ត្រាស់ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះបដិច្ចសមុប្បាទធម៌ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ជរា មរណៈកើតមាន ព្រោះជាតិជាបច្ច័យ ព្រះតថាគត កើតឡើងក្តី ព្រះតថាគត មិនទាន់កើតឡើងក្តី ធាតុ8) នោះ ធម្មដ្ឋិតិ9) នោះ ធម្មនិយាម10) នោះ ឥទប្បច្ច័យ11) នោះ តែងឋិតនៅជាធម្មតា តថាគត ត្រាស់ដឹង យល់ច្បាស់នូវបច្ច័យនោះ លុះត្រាស់ដឹង យល់ច្បាស់ហើយ ទើបប្រាប់សំដែង ពន្យល់ តែងតាំង បើកបង្ហាញ ចែករលែក ធ្វើឲ្យរាក់ ហើយប្រាប់ថែមថា អ្នកទាំងឡាយ ចូរមើលចុះ។ ម្នាលភិក្ខុទាំងឡាយ ជរាមរណៈកើតមាន ព្រោះជាតិជាបច្ច័យ។បេ។ ម្នាលភិក្ខុទាំងឡាយ ជាតិកើតមាន ព្រោះភពជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ ព្រះតថាគតកើតឡើងក្តី ព្រះតថាគតមិនទាន់កើតឡើងក្តី ធាតុនោះ ធម្មដ្ឋិតិនោះ ធម្មនិយាមនោះ ឥទប្បច្ច័យនោះ តែងឋិតនៅជាធម្មតា តថាគត ត្រាស់ដឹង យល់ច្បាស់ នូវបច្ច័យនោះ លុះត្រាស់ដឹង យល់ច្បាស់ហើយ ទើបប្រាប់ សំដែង ពន្យល់ តែងតាំង បើកបង្ហាញ ចែករំលែក ធ្វើឲ្យរាក់ ហើយប្រាប់ថែមថា អ្នកទាំងឡាយ ចូរមើលចុះ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ ធម្មជាតណា ជារបស់ពិត ទៀតទាត់ មិនប្រែប្រួល មានសភាវៈនេះជាបច្ច័យ ក្នុងធម៌នោះ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិច្ចសមុប្បាទធម៌ ដោយប្រការដូច្នេះឯង។

[៦២] ម្នាលភិក្ខុទាំងឡាយ ចុះបដិច្ចសមុប្បន្នធម៌ទាំងឡាយ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ជរាមរណៈ មិនទៀង ជាធម្មជាតដែលបច្ច័យប្រជុំតាក់តែង កើតព្រោះអាស្រ័យបច្ច័យ ជាធម្មជាតតែងអស់ជាធម្មតា សូន្យជាធម្មតា វិនាសជាធម្មតា រលត់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ជាតិ មិនទៀង ជាធម្មជាតិដែលបច្ច័យប្រជុំតាក់តែង កើតព្រោះអាស្រ័យបច្ច័យ ជាធម្មជាតិតែងអស់ជាធម្មតា សូន្យជាធម្មតា វិនាសជាធម្មតា រលត់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ភព មិនទៀង ជាសភាវៈដែលបច្ច័យប្រជុំតាក់តែង កើតព្រោះអាស្រ័យបច្ច័យ ជាសភាវៈតែងអស់ជាធម្មតា សូន្យជាធម្មតា វិនាសជាធម្មតា រលត់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ឧបាទាន។បេ។ ម្នាលភិក្ខុទាំងឡាយ តណ្ហា… ម្នាលភិក្ខុទាំងឡាយ វេទនា… ម្នាលភិក្ខុទាំងឡាយ ផស្សៈ… ម្នាលភិក្ខុទាំងឡាយ សឡាយតនៈ… ម្នាលភិក្ខុទាំងឡាយ នាមរូប… ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ… ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ… ម្នាលភិក្ខុទាំងឡាយ អវិជ្ជា មិនទៀង ជាធម្មជាតិដែលបច្ច័យប្រជុំតាក់តែង កើតព្រោះអាស្រ័យបច្ច័យ ជាធម្មជាតិតែងអស់ជាធម្មតា សូន្យជាធម្មតា វិនាសជាធម្មតា រលត់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងនេះហៅថា បដិច្ចសមុប្បន្នធម៌។

[៦៣] ម្នាលភិក្ខុទាំងឡាយ កាលណា អរិយសាវ័កបានឃើញ នូវបដិច្ចសមុប្បាទធម៌នេះផង នូវបដិច្ចសមុប្បន្នធម៌នេះផង ដោយប្រពៃ ដោយប្រាជ្ញា ដ៏ឧត្តម តាមពិត អរិយសាវ័កនោះ នឹងពិចារណារកទីបំផុតខាងដើម គឺខន្ធក្នុងអតីតកាលថា អាត្មាអញ បានកើតហើយក្នុងអតីតកាលដែរឬហ្ន៎ អាត្មាអញ មិនបានកើតក្នុងអតីតកាលទេឬហ្ន៎ អាត្មាអញបានកើតហើយក្នុងអតីតកាល ដូចម្តេចហ្ន៎ អាត្មាអញ បានកើតហើយក្នុងអតីតកាល ដោយប្រការដូចម្តេចហ្ន៎ អាត្មាអញកើតជាអ្វី ហើយបានកើតជាអ្វី ក្នុងអតីតកាលហ្ន៎ ដូច្នេះក្តី ពិចារណារកនូវទីបំផុតខាងចុង គឺខន្ធក្នុងអនាគតកាលថា អាត្មាអញ នឹងកើតក្នុងអនាគតកាលដែរឬហ្ន៎ អាត្មាអញ នឹងមិនកើតក្នុងអនាគតកាលទេឬហ្ន៎ អាត្មាអញ នឹងកើតក្នុងអនាគតកាល ដូចម្តេចហ្ន៎ អាត្មាអញ នឹងកើតក្នុងអនាគតកាល ដោយប្រការដូចម្តេចហ្ន៎ អាត្មាអញ នឹងកើតជាអ្វី ហើយកើតជាអ្វី ទៅក្នុងអនាគតកាលហ្ន៎ ដូច្នេះក្តី នឹងមានសេចក្តីងឿងឆ្ងល់ ចំពោះខន្ធខាងក្នុង (ខន្ធរបស់ខ្លួន) ក្នុងបច្ចុប្បន្នកាលឥឡូវនេះថា អាត្មាអញ មានដែរឬហ្ន៎ អាត្មាអញ មិនមានទេឬហ្ន៎ អាត្មាអញ មានដូចម្តេចហ្ន៎ អាត្មាអញ មានដោយប្រការដូចម្តេចទៅហ្ន៎ សត្វនេះមកពីណាហ្ន៎ សត្វនោះនឹងទៅកើតក្នុងទីណាហ្ន៎ ដូច្នេះក្តី ហេតុនេះ រមែងមិនមានឡើយ ដំណើរនោះ តើព្រោះហេតុដូចម្តេច ម្នាលភិក្ខុទាំងឡាយ ព្រោះថា ព្រះអរិយសាវ័កបានឃើញ នូវបដិច្ចសមុប្បាទធម៌នេះផង នូវបដិច្ចសមុប្បន្នធម៌នេះផង ដោយប្រពៃ ដោយប្រាជ្ញាដ៏ឧត្តមតាមពិត។

ចប់សូត្រទី១០។

ចប់ អាហារវគ្គ ទី២។

បញ្ជីនៃអាហារវគ្គនោះ គឺ

និយាយអំពីអាហារ១ អំពីមោលិយផគ្គុន១ អំពីសមណៈ និងព្រាហ្មណ៍២លើក អំពីកច្ចានគោត្រ១ អំពីធម្មកថិក១ អំពីអចេលកស្សប១ អំពីតិម្ពរុក្ខបរិព្វាជក១ អំពីពាល និងបណ្ឌិត១ អំពីបច្ច័យ១ ត្រូវជា១០។

 

លេខយោង

1)
សត្វកំពុងស្វែងរកនូវសម្ភព គឺកំណើត ហៅថា សម្ភវេសី ក្នុងកំណើតទាំង៤នោះ ពួកសត្វដែលជាអណ្ឌជៈកំណើត និងជលាម្ពុជៈកំណើត ដែលមិនទាន់ញាស់ចេញមក និងមិនទាន់កើតចេញមកនៅឡើយ ហៅថា សម្ភវេសី លុះញាស់ចេញ កើតចេញហើយ ហៅថា ភូត។ ចំណែកសំសេទជៈកំណើត និងឱបបាតិកៈកំណើត ដែលកើតក្នុងខណៈចិត្តជាបឋម ហៅថា សម្ភវេសី តាំងអំពីខណៈ ជាគម្រប់ពីរទៅ ហៅថាភូត ឬថាកើតដោយឥរិយាបថណា បើមិនទាន់ផ្លាស់ឥរិយាបថនោះទេ ហៅថាសម្ភវេសីដែរ លុះផ្លាស់ឥរិយាបថនោះទៅហើយ ហៅថា ភូតដែរ។ មួយវិញទៀត សត្វដែលកើតហើយ មិនកើតទៅទៀត ហៅថាភូត បានដល់ព្រះខីណាស្រព សត្វដែលមិនទាន់លះបង់ភវសំយោជនៈបាន នៅស្វែងរកសម្ភពតទៅទៀត ហៅថាសម្ភវេសីដែរ បានដល់សេក្ខបុគ្គល និងបុថុជ្ជន (អដ្ឋកថា)។
2)
អដ្ឋកថាចារ្យ លោកពន្យល់ថា កាយកើតឡើងដោយសារអវិជ្ជា និងតណ្ហា។
3)
បានខាងកាយ មានវិញ្ញាណរបស់ខ្លួនឯង។
4)
បានខាងកាយមានវិញ្ញាណរបស់អ្នកដទៃ។
5)
សំដៅយកអាយតនៈ៦ ទាំងខាងក្នុង ទាំងខាងក្រៅ។
6)
ការកើតឡើងនៃហេតុ ព្រោះអាស្រ័យគ្នា ក្នុងទីនេះ សំដៅយកបច្ច័យ មានអវិជ្ជាជាដើម។
7)
សភាវធម៌ ដែលកើតឡើងហើយ ព្រោះអាស្រ័យបច្ច័យ។
8)
សភាពនៃធម៌ ដែលជាតួបច្ច័យ ហៅថា ធាតុ។
9)
ធម៌កើតឡើងអំពីបច្ច័យ អាស្រ័យគ្នា ហើយឋិតនៅ ហៅថា ធម្មដ្ឋិតិ។
10)
បច្ច័យដែលកំណត់នូវធម៌ ហៅថា ធម្មនិយាម។
11)
បច្ច័យនៃធម៌ មានជរាមរណៈ ជាដើមនេះ ហៅថា ឥទប្បច្ច័យ។
km/tipitaka/sut/sn/12/sut.sn.12.v02.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann