km:tipitaka:sut:sn:12:sut.sn.12.v03



ទសពលវគ្គ (ទី៣)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 12.v03 បាលី cs-km: sut.sn.12.v03 អដ្ឋកថា: sut.sn.12.v03_att PTS: ?

ទសពលវគ្គ (ទី៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៣. ទសពលវគ្គោ)

(ទសពល)សូត្រ ទី១

(១. ទសពលសុត្តំ)

[៦៤] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតប្រកបដោយកម្លាំង ១០ផង ប្រកបដោយវេសារជ្ជធម៌1) ៤ផង រមែងប្តេជ្ញានូវឋានៈដ៏ប្រសើរ បន្លឺនូវសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រឲ្យប្រព្រឹត្តទៅថា រូបដូច្នេះ ហេតុជាទីកើតឡើងនៃរូបដូច្នេះ សេចក្តីរលត់នៃរូបដូច្នេះ វេទនាដូច្នេះ ហេតុជាទីកើតឡើងនៃវេទនា ដូច្នេះ សេចក្តីរលត់នៃវេទនាដូច្នេះ សញ្ញាដូច្នេះ ហេតុជាទីកើតឡើងនៃសញ្ញាដូច្នេះ សេចក្តីរលត់នៃសញ្ញាដូច្នេះ សង្ខារទាំងឡាយដូច្នេះ ហេតុជាទីកើតឡើង នៃសង្ខារទាំងឡាយដូច្នេះ សេចក្តីរលត់នៃសង្ខារទាំងឡាយដូច្នេះ វិញ្ញាណដូច្នេះ ហេតុជាទីកើតឡើងនៃវិញ្ញាណដូច្នេះ សេចក្តីរលត់នៃវិញ្ញាណដូច្នេះ កាលបើធម្មជាតនេះមាន ធម្មជាតនេះក៏មានដែរ ព្រោះការកើតឡើងនៃធម្មជាតនេះ ទើបធម្មជាតនេះកើតឡើងដែរ កាលបើធម្មជាតនេះមិនមាន ធម្មជាតនេះក៏មិនមានដែរ ព្រោះការរលត់ទៅនៃធម្មជាតនេះ ទើបធម្មជាតនេះរលត់ទៅដែរ គឺថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ឃារជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

ចប់ សូត្រទី១។

(ទុតិយទសពល)សូត្រ ទី២

(២. ទុតិយទសពលសុត្តំ)

[៦៥] ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ប្រកបដោយកម្លាំង១០ផង ប្រកបដោយវេសារជ្ជធម៌៤ផង រមែងប្តេជ្ញានូវឋានៈប្រសើរ បន្លឺនូវសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រឲ្យប្រព្រឹត្តទៅថា រូបដូច្នេះ ហេតុជាទីកើតឡើងនៃរូប ដូច្នេះ សេចក្តីរលត់នៃរូបដូច្នេះ វេទនាដូច្នេះ ហេតុជាទីកើតឡើងនៃវេទនា ដូច្នេះ សេចក្តីរលត់នៃវេទនា ដូច្នេះ សញ្ញាដូច្នេះ ហេតុជាទីកើតឡើងនៃសញ្ញា ដូច្នេះ សេចក្តីរលត់នៃសញ្ញាដូច្នេះ សង្ខារទាំងឡាយដូច្នេះ ហេតុជាទីកើតឡើងនៃសង្ខារទាំងឡាយ ដូច្នេះ សេចក្តីរលត់នៃសង្ខារទាំងឡាយដូច្នេះ វិញ្ញាណដូច្នេះ ហេតុជាទីកើតឡើងនៃវិញ្ញាណ ដូច្នេះ សេចក្តីរលត់នៃវិញ្ញាណដូច្នេះ កាលបើធម្មជាតនេះមាន ធម្មជាតនេះក៏មានដែរ ព្រោះការកើតឡើងនៃធម្មជាតនេះ ទើបធម្មជាតនេះកើតឡើងដែរ កាលបើធម្មជាតនេះមិនមាន ធម្មជាតនេះក៏មិនមានដែរ ព្រោះការរលត់នៃធម្មជាតនេះ ទើបធម្មជាតនេះរលត់ដែរ គឺថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា ការរលត់នៃវិញ្ញា ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

[៦៦] ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគតសំដែងហើយ ដោយប្រពៃ តថាគត បានបើក បានប្រកាស ឲ្យងាយ ដូចជាបុរសគ្មានកំណាត់សំពត់ បិទបាំងកាយ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ កាលបើធម៌ ដែលតថាគតសំដែងហើយដោយប្រពៃ តថាគត បានបើក បានប្រកាស ឲ្យងាយ ដូចជាបុរសគ្មានកំណាត់សំពត់ បិទបាំងកាយ យ៉ាងនេះ កុលបុត្ត ដែលបួសហើយព្រោះសទ្ធា គួរតែប្រារព្ធ នូវសេចក្តីព្យាយាម (ប្រកបដោយអង្គ៤) ថា ស្បែក១ សរសៃ១ ឆ្អឹង១ ចូរសល់នៅចុះ ឯសាច់ឈាមក្នុងសរីរៈ ចូររីងស្ងួតទៅចុះ គុណជាតណា ដែលបុគ្គលគប្បីដល់ដោយកម្លាំងរបស់បុរស ដោយសេចក្តីព្យាយាម របស់បុរស ដោយសេចក្តីប្រឹងប្រែង របស់បុរស បើមិនទាន់ដល់នូវគុណជាតនោះទេ នឹងមិនបញ្ឈប់ នូវសេចក្តីព្យាយាម របស់បុរសឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្ជិលច្រអូស រមែងច្រឡូកច្រឡំដោយអកុសលធម៌ដ៏លាមក នៅជាទុក្ខ ថែមទាំងញុំាងប្រយោជន៍នៃខ្លួន ដ៏ធំ ឲ្យសាបសូន្យទៅ។ ម្នាលភិក្ខុទាំងឡាយ ចំណែកបុគ្គល ដែលមានព្យាយាមតឹងរឹង រមែងស្ងប់ស្ងាត់ ចាកអកុសលធម៌ដ៏លាមក នៅជាសុខ ថែមទាំងញុំាងប្រយោជន៍នៃខ្លួនដ៏ធំ ឲ្យបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ ការដល់នូវគុណវិសេសដ៏ខ្ពង់ខ្ពស់2) ដោយឥន្ទ្រិយដ៏ថោកទាប3) រមែងមិនមានទេ ការដល់នូវគុណវិសេសដ៏ខ្ពង់ខ្ពស់ ដោយឥន្ទ្រិយដ៏ខ្ពង់ខ្ពស់ ទើបមាន។ ម្នាលភិក្ខុទាំងឡាយ ព្រហ្មចរិយៈនេះ ជាធម្មជាតជ្រះថ្លា គួរក្រេបផឹក ព្រោះព្រះសាស្តា មាននៅចំពោះមុខ។

[៦៧] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរប្រារព្ធនូវសេចក្តីព្យាយាម ដើម្បីការដល់នូវគុណធម៌ ដែលមិនទាន់បានដល់ ដើម្បីការត្រាស់ដឹងនូវគុណធម៌ ដែលមិនទាន់បានត្រាស់ដឹង ដើម្បីការធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលមិនទាន់បានធ្វើឲ្យជាក់ច្បាស់ ក្នុងសាសនានេះ ដោយគិតយ៉ាងនេះថា បព្វជ្ជារបស់យើងទាំងឡាយនេះ មិនមែនវៀច មិនមែនឥតផលទេ រមែងប្រកបដោយផល ប្រកដដោយសេចក្តីចម្រើន ព្រោះថា យើងទាំងឡាយ បរិភោគនូវចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ របស់ជនទាំងឡាយណា ការបូជាទាំងនោះ ចំពោះយើងទាំងឡាយ របស់ជនទាំងនោះ នឹងមានផលច្រើន មានអានិសង្សច្រើន ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលឃើញច្បាស់នូវប្រយោជន៍របស់ខ្លួន គួរតែញុំាងកិច្ចទាំងពួង ឲ្យបរិបូណ៌ដោយសេចក្តីមិនប្រមាទ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលឃើញច្បាស់ នូវប្រយោជន៍របស់បុគ្គលដទៃ គួរតែញុំាងកិច្ចទាំងពួង ឲ្យបរិបូណ៌ ដោយសេចក្តីមិនប្រមាទ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលឃើញច្បាស់នូវប្រយោជន៍ទាំងពីរ គួរតែញុំាងកិច្ចទាំងពួង ឲ្យបរិបូណ៌ ដោយសេចក្តីមិនប្រមាទ។

ចប់សូត្រ ទី២។

(ឧបនិស)សូត្រ ទី៣

(៣. ឧបនិសសុត្តំ)

[៦៨] ទ្រង់គង់នៅជិតក្រុងសាវត្ថី … ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា កិរិយាអស់ទៅនៃអាសវៈ ចំពោះតែបុគ្គល ដែលដឹងច្បាស់ ឃើញច្បាស់ មិនពោលចំពោះបុគ្គល ដែលមិនដឹងច្បាស់ មិនឃើញច្បាស់ទេ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលកាលដឹងអ្វី កាលឃើញអ្វី ទើបមានការអស់ទៅនៃអាសវៈ។ បុគ្គលដឹង ឃើញថា រូប ដូច្នេះ ហេតុជាទីកើតឡើងនៃរូបដូច្នេះ សេចក្តីរលត់នៃរូបដូច្នេះ។បេ។ វេទនាដូច្នេះ។បេ។ សញ្ញាដូច្នេះ។បេ។ សង្ខារទាំងឡាយដូច្នេះ។បេ។ វិញ្ញាណដូច្នេះ ហេតុជាទីកើតឡើងនៃវិញ្ញាណដូច្នេះ សេចក្តីរលត់នៃវិញ្ញាណដូច្នេះ។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹងយ៉ាងនេះ កាលឃើញយ៉ាងនេះឯង ទើបមានការអស់ទៅនៃអាសវៈ។

[៦៩] ម្នាលភិក្ខុទាំងឡាយ កាលធម៌4) ជាគ្រឿងអស់ទៅនៃអាសវៈ កើតឡើងហើយ ខយញ្ញាណ5) ណា កើតឡើងដែរ តថាគតពោលថា ខយញ្ញាណនោះ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃខយញ្ញាណ តើដូចម្តេច។ គប្បីឆ្លើយថា វិមុត្តិ គឺអរហត្តផល ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា វិមុត្តិ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃវិមុត្តិ តើដូចម្តេច។ គប្បីឆ្លើយថា វិរាគៈ គឺមគ្គ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា វិរាគៈ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃវិរាគៈ តើដូចម្តេច។ គប្បីឆ្លើយថា និព្វិទាញាណ គឺពលវវិបស្សនា6) ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា និព្វិទាញាណ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃនិព្វិទាញាណ តើដូចម្តេច។ គប្បីឆ្លើយថា យថាភូតញ្ញាណទស្សនៈ គឺតរុណវិបស្សនា7) ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា យថាភូតញ្ញាណទស្សនៈ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃយថាភូតញ្ញាណទស្សនៈ តើដូចម្តេច។ គប្បីឆ្លើយថា សមាធិ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សមាធិប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃសមាធិ តើដូចម្តេច។ គប្បីឆ្លើយថា សុខៈ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សុខៈ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃសុខៈ តើដូចម្តេច។ គប្បីឆ្លើយថា បស្សទ្ធិ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បស្សទ្ធិ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃបស្សទ្ធិ តើដូចម្តេច។ គប្បីឆ្លើយថា បីតិ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បីតិ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃបីតិ តើដូចម្តេច។ គប្បីឆ្លើយថា បាមុជ្ជៈ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បាមុជ្ជៈ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃបាមុជ្ជៈ តើដូចម្តេច។ គប្បីឆ្លើយថា សទ្ធា ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សទ្ធា ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃសទ្ធា តើដូចម្តេច។ គប្បីឆ្លើយថា ទុក្ខ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ទុក្ខ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃទុក្ខ តើដូចម្តេច។ គប្បីឆ្លើយថា ជាតិ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ជាតិ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃជាតិ តើដូចម្តេច។ គប្បីឆ្លើយថា ភព ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ភព ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃភព តើដូចម្តេច។ គប្បីឆ្លើយថា ឧបាទាន ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ឧបាទាន ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃឧបាទាន តើដូចម្តេច។ គប្បីឆ្លើយថា តណ្ហា ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា តណ្ហា ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃតណ្ហា តើដូចម្តេច។ គប្បីឆ្លើយថា វេទនា ជាហេតុ។បេ។ គប្បីឆ្លើយថា ផស្សៈ ជាហេតុ… គប្បីឆ្លើយថា សឡាយតនៈ ជាហេតុ… គប្បីឆ្លើយថា នាមរូប ជាហេតុ… គប្បីឆ្លើយថា វិញ្ញាណ ជាហេតុ… គប្បីឆ្លើយថា សង្ខារទាំងឡាយ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សង្ខារទាំងឡាយ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃសង្ខារទាំងឡាយ តើដូចម្តេច។ គប្បីឆ្លើយថា អវិជ្ជា ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរួបរួមដូច្នេះ សង្ខារទាំងឡាយ មានអវិជ្ជាជាហេតុ វិញ្ញាណ មានសង្ខារជាហេតុ នាមរូប មានវិញ្ញាណជាហេតុ សឡាយតនៈ មាននាមរូបជាហេតុ ផស្សៈ មានសឡាយតនៈជាហេតុ វេទនា មានផស្សៈជាហេតុ តណ្ហា មានវេទនាជាហេតុ ឧបាទាន មានតណ្ហាជាហេតុ ភព មានឧបាទានជាហេតុ ជាតិ មានភពជាហេតុ ទុក្ខ មានជាតិជាហេតុ សទ្ធា មានទុក្ខជាហេតុ បាមុជ្ជៈ មានសទ្ធាជាហេតុ បីតិ មានបាមុជ្ជៈជាហេតុ បស្សទ្ធិ មានបីតិជាហេតុ សុខៈ មានបស្សទ្ធិជាហេតុ សមាធិ មានសុខៈជាហេតុ យថាភូតញ្ញាណទស្សនៈ មានសមាធិជាហេតុ និព្វិទាញាណ មានយថាភូតញ្ញាណទស្សនៈជាហេតុ វិរាគៈ មាននិព្វិទាញាណជាហេតុ វិមុត្តិ មានវិរាគៈជាហេតុ ខយញ្ញាណ មានវិមុត្តិជាហេតុ។

[៧០] ម្នាលភិក្ខុទាំងឡាយ ដូចទឹកភ្លៀងមានគ្រាប់ដ៏ថ្លោស បង្អុរចុះលើភ្នំ កាលទឹកនោះ ហូរទៅកាន់ទីទាប រមែងញុំាងជ្រោះភ្នំ ក្រហែង និងប្រឡាយទឹកឲ្យពេញ កាលបើជ្រោះភ្នំ ក្រហែង និងប្រឡាយទឹកពេញហើយ រមែងញុំាងត្រពាំងតូចឲ្យពេញ កាលបើត្រពាំងតូចពេញហើយ រមែងញុំាងបឹងឲ្យពេញ កាលបើបឹងពេញហើយ រមែងញុំាងស្ទឹងឲ្យពេញ កាលបើស្ទឹងពេញហើយ រមែងញុំាងទន្លេឲ្យពេញ កាលបើទន្លេពេញហើយ រមែងញុំាងមហាសមុទ្រឲ្យពេញ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មានអវិជ្ជាជាហេតុ វិញ្ញាណ មានសង្ខារជាហេតុ នាមរូប មានវិញ្ញាណជាហេតុ សឡាយតនៈ មាននាមរូបជាហេតុ ផស្សៈ មានសឡាយតនៈជាហេតុ វេទនា មានផស្សៈជាហេតុ តណ្ហាមានវេទនាជាហេតុ ឧបាទាន មានតណ្ហាជាហេតុ ភព មានឧបាទានជាហេតុ ជាតិមានភពជាហេតុ ទុក្ខ មានជាតិជាហេតុ សទ្ធាមានទុក្ខជាហេតុ បាមុជ្ជៈ មានសទ្ធាជាហេតុ បីតិ មានបាមុជ្ជៈជាហេតុ បស្សទ្ធិ មានបីតិជាហេតុ សុខៈ មានបស្សទ្ធិជាហេតុ សមាធិ មានសុខៈជាហេតុ យថាភូតញ្ញាណទស្សនៈ មានសមាធិជាហេតុ និព្វិទាញាណ មានយថាភូតញ្ញាទស្សនៈជាហេតុ វិរាគៈ មាននិព្វិទាញាណជាហេតុ វិមុត្តិ មានវិរាគៈជាហេតុ ខយញ្ញាណ មានវិមុត្តិជាហេតុ។

ចប់សូត្រ ទី៣។

(អញ្ញតិត្ថិយ)សូត្រ ទី៤

(៤. អញ្ញតិត្ថិយសុត្តំ)

[៧១] ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជិតក្រុងរាជគ្រឹះ… គ្រានោះ ព្រះសារីបុត្តមានអាយុ ស្លៀកស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ មានសេចក្តីត្រិះរិះ ដូច្នេះថា ការត្រាច់ទៅដើម្បីបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ នៅព្រឹកពេកណាស់ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅកាន់អារាម នៃពួកអន្យតិរ្ថិយបរិព្វាជក8) សិន។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ ចូលទៅកាន់អារាម នៃពួកអន្យតិរ្ថិយបរិព្វាជក លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងអន្យតិរ្ថិយបរិព្វាជកទាំងនោះ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏គង់ក្នុងទីសមគួរ។

[៧២] លុះព្រះសារីបុត្តមានអាយុ គង់ក្នុងទីសមគួរហើយ អន្យតិរ្ថិយបរិព្វាជកទាំងនោះ ក៏ពោលពាក្យដូច្នេះថា ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង។ ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលដទៃធ្វើឲ្យ។ ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង។ ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ។ ម្នាលសារីបុត្តមានអាយុ បណ្ហាហេតុទាំង៤នេះ ព្រះសមណគោតម បានពោលដូចម្តេច បានប្រាប់ដូចម្តេច ចុះកាលយើងទាំងឡាយ ព្យាករដូចម្តេច ទើបឈ្មោះថា ជាអ្នកពោលតាមពាក្យដែលព្រះសមណគោតមពោលហើយផង ឈ្មោះថា មិនពោលបង្កាច់ព្រះសមណគោតម ដោយពាក្យមិនពិតផង ឈ្មោះថា ព្យាករនូវធម៌ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគួរតិះដៀលផង។

[៧៣] ព្រះសារីបុត្តពោលថា ម្នាលអាវុសោ សេចក្តីទុក្ខ ព្រះមានព្រះភាគ បានពោលហើយថា កើតឡើងព្រោះអាស្រ័យហេតុ តើអាស្រ័យហេតុដូចម្តេច គឺអាស្រ័យផស្សៈ កាលបើបុគ្គលពោលដូច្នេះ ឈ្មោះថា ពោលតាមពាក្យដែលព្រះមានព្រះភាគ បានពោលហើយផង មិនពោលបង្កាច់ព្រះមានព្រះភាគ ដោយពាក្យមិនពិតផង ព្យាករនូវធម៌ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគួរតិះដៀលផង។ ម្នាលអាវុសោ បណ្តាវាទៈទាំង៤នោះ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង តែសេចក្តីទុក្ខនោះ កើតឡើង ព្រោះផស្សៈជាបច្ច័យ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ តែសេចក្តីទុក្ខនោះកើតឡើង ព្រោះផស្សៈជាបច្ច័យ។ ម្នាលអាវុសោ បណ្តាវាទៈទាំង៤នោះ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលដទៃធ្វើឲ្យ សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។

[៧៤] ព្រះអានន្ទមានអាយុ បានឮនូវការចរចា ដោយពាក្យនេះ របស់ព្រះសារីបុត្តមានអាយុ ជាមួយនឹងអន្យតិរ្ថិយបរិព្វាជកទាំងនោះហើយ។ ទើបព្រះអានន្ទមានអាយុ ត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ លុះត្រឡប់មកអំពីបិណ្ឌបាត ក្នុងបច្ឆាភត្តកាល ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចគង់ក្នុងទីសមគួរ។ លុះព្រះអានន្ទមានអាយុ គង់ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលនូវការចរចា ដោយពាក្យទាំងអស់នោះ របស់ព្រះសារីបុត្តមានអាយុ ជាមួយនឹងអន្យតិរ្ថិយបរិព្វាជកទាំងនោះ ចំពោះព្រះមានព្រះភាគ។

[៧៥] ព្រះមានព្រះភាគត្រាស់ថា ម្នាលអានន្ទ ប្រពៃហើយ ប្រពៃហើយ តាមដែលសារីបុត្តព្យាករហើយនោះ ឈ្មោះថា ព្យាករដោយប្រពៃ។ ម្នាលអានន្ទ សេចក្តីទុក្ខ ដែលតថាគតបានពោលហើយថា កើតឡើងព្រោះអាស្រ័យហេតុ តើអាស្រ័យហេតុដូចម្តេច គឺអាស្រ័យផស្សៈ កាលបើបុគ្គលពោលដូច្នេះ ឈ្មោះថា ពោលតាមពាក្យដែលតថាគតពោលហើយផង មិនពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង ព្យាករនូវធម៌ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគួរតិះដៀលផង។ ម្នាលអានន្ទ បណ្តាវាទៈទាំង៤នោះ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង តែទុក្ខនោះកើតឡើង ព្រោះផស្សៈជាបច្ច័យ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ តែទុក្ខនោះកើតឡើង ព្រោះផស្សៈជាបច្ច័យ។ ម្នាលអានន្ទ បណ្តាវាទៈទាំង៤នោះ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។

[៧៦] ម្នាលអានន្ទ សម័យមួយ តថាគតនៅក្នុងវត្តវេឡុវ័ន កលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះនោះឯង។ ម្នាលអានន្ទ គ្រានោះ តថាគតស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត។ ម្នាលអានន្ទ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ការត្រាច់ទៅដើម្បីបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះនៅព្រឹកពេកណាស់ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅកាន់អារាមនៃពួកអន្យតិរ្ថិយបរិព្វាជកសិន។ ម្នាលអានន្ទ លំដាប់នោះ តថាគតចូលទៅកាន់អារាម នៃពួកអន្យតិរ្ថិយបរិព្វាជក លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងអន្យតិរ្ថិយបរិព្វាជកទាំងនោះ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ ម្នាលអានន្ទ លុះតថាគតអង្គុយក្នុងទីសមគួរហើយ អន្យតិរ្ថិយបរិព្វាជកទាំងនោះ ក៏ពោលពាក្យដូច្នេះថា បពិត្រព្រះគោតមមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង បពិត្រព្រះគោតមមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលដទៃធ្វើឲ្យ បពិត្រព្រះគោតមមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង បពិត្រព្រះគោតមមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ។ ចុះព្រះគោតមមានអាយុ ពោលដូចម្តេច ប្រាប់ដូចម្តេច ដល់យើងទាំងឡាយ ក្នុងហេតុទាំង៤នេះ យើងទាំងឡាយ កាលព្យាករដូចម្តេច ទើបឈ្មោះថា ពោលតាមពាក្យដែលព្រះគោតមមានអាយុពោលហើយផង ឈ្មោះថា មិនពោលបង្កាច់ព្រះគោតមមានអាយុ ដោយពាក្យមិនពិតផង ឈ្មោះថា ព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគួរតិះដៀលផង។ ម្នាលអានន្ទ កាលបើអន្យតិរ្ថិយបរិព្វាជកទាំងនោះ ពោលយ៉ាងនេះហើយ តថាគត ក៏ពោលតបទៅនឹងអន្យតិរ្ថិយបរិព្វាជកទាំងនោះ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ សេចក្តីទុក្ខ ដែលតថាគតបានពោលហើយថា កើតឡើងព្រោះអាស្រ័យហេតុ តើអាស្រ័យហេតុដូចម្តេច គឺអាស្រ័យផស្សៈ កាលបើបុគ្គលពោលដូច្នេះ ទើបឈ្មោះថា ពោលតាមពាក្យដែលតថាគត បានពោលហើយផង មិនពោលបង្កាច់តថាគតដោយពាក្យមិនពិតផង ព្យាករនូវធម៌ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគួរតិះដៀលផង។ ម្នាលអាវុសោទាំងឡាយ បណ្តាវាទៈទាំង៤នោះ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង តែទុក្ខនោះ កើតឡើង ព្រោះផស្សៈជាបច្ច័យ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ តែទុក្ខនោះកើតឡើង ព្រោះផស្សៈជាបច្ច័យ។ ម្នាលអាវុសោទាំងឡាយ បណ្តាវាទៈទាំង៤នោះ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ពួកសមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។

[៧៧] ព្រះអានន្ទក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកពេកណាស់ ព្រោះថា សេចក្តីទាំងពួង ព្រះមានព្រះភាគ ទ្រង់ពោលតែដោយបទមួយ បពិត្រព្រះអង្គដ៏ចំរើន ឯសេចក្តីនុ៎ះ ប្រសិនបើព្រះអង្គ ពោលដោយពិស្តារវិញ ប្រហែលជាជ្រាលជ្រៅ ទាំងមានឱភាសជ្រាលជ្រៅណាស់។ ម្នាលអានន្ទ បើដូច្នោះ ចូរអ្នកបំភ្លឺនូវសេចក្តីនោះ ក្នុងវាទៈទាំង៤នេះមកមើល។

[៧៨] បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាលអានន្ទមានអាយុ ជរា និងមរណៈ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួយ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ជរា និងមរណៈ មានជាតិជាហេតុ មានជាតិនាំឲ្យកើត មានជាតិជាកំណើត មានជាតិជាប្រភព។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះឯង។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាលអានន្ទមានអាយុ ចុះជាតិ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួយ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ជាតិ មានភពជាហេតុ មានភពនាំឲ្យកើត មានភពជាកំណើត មានភពជាប្រភព។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះឯង។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាលអានន្ទមានអាយុ ចុះភព មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួយ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភព មានឧបាទានជាហេតុ មានឧបាទាននាំឲ្យកើត មានឧបាទានជាកំណើត មានឧបាទានជាប្រភព។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះឯង។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាលអានន្ទមានអាយុ ចុះឧបាទាន។បេ។ ម្នាលអានន្ទមានអាយុ ចុះតណ្ហា។បេ។ ម្នាលអានន្ទមានអាយុ ចុះវេទនា។បេ។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាលអានន្ទមានអាយុ ចុះផស្សៈ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួយ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ផស្សៈ មានសឡាយតនៈជាហេតុ មានសឡាយតនៈនាំឲ្យកើត មានសឡាយតនៈជាកំណើត មានសឡាយតនៈជាប្រភព ម្នាលអាវុសោទាំងឡាយ ការរលត់នៃផស្សៈ ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃផស្សាយតនៈទាំង៦ ការរលត់នៃវេទនា ព្រោះការរលត់នៃផស្សៈ ការរលត់នៃតណ្ហា ព្រោះការរលត់នៃវេទនា ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន ការរលត់នៃជាតិ ព្រោះការរលត់នៃភព ជរា និងមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏តែងរលត់ទៅ ព្រោះការរលត់នៃជាតិ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះឯង។

ចប់ សូត្រ ទី៤។

(ភូមិជ)សូត្រ ទី៥

(៥. ភូមិជសុត្តំ)

[៧៩] ទ្រង់គង់ជិតក្រុងសាវត្ថី… គ្រានោះ ព្រះភូមិជៈមានអាយុ ចេញអំពីទីស្ងាត់ ក្នុងសាយណ្ហសម័យ ចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្តមានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រះភូមិជៈមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយទៀត ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ គឺបុគ្គលដទៃធ្វើឲ្យ។ ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយទៀត ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ។ ម្នាលសារីបុត្តមានអាយុ ព្រះមានព្រះភាគ ទ្រង់ពោលដូចម្តេច ទ្រង់ប្រាប់ដូចម្តេច ដល់យើងទាំងឡាយ ក្នុងហេតុទាំង៤នេះ ចុះកាលយើងទាំងឡាយព្យាករដូចម្តេច ទើបឈ្មោះថា ពោលតាមពាក្យ ដែលព្រះមានព្រះភាគពោលហើយផង ឈ្មោះថា មិនពោលបង្កាច់ព្រះមានព្រះភាគ ដោយពាក្យមិនពិតផង ឈ្មោះថា ព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគប្បីតិះដៀលផង។

[៨០] ព្រះសារីបុត្តតបថា ម្នាលអាវុសោ សុខ និងទុក្ខ ព្រះមានព្រះភាគ បានពោលហើយថា កើតឡើងព្រោះអាស្រ័យហេតុ តើអាស្រ័យហេតុដូចម្តេច គឺអាស្រ័យផស្សៈ កាលបើបុគ្គលពោលដូច្នេះ ឈ្មោះថា ពោលតាមពាក្យ ដែលព្រះមានព្រះភាគ ពោលហើយផង មិនពោលបង្កាច់ព្រះមានព្រះភាគ ដោយពាក្យមិនពិតផង ព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគប្បីតិះដៀលផង។ ម្នាលអាវុសោ បណ្តាវាទៈទាំង៤នោះ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា សុខនិងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង តែសុខ និងទុក្ខនោះឯង កើតឡើង ព្រោះផស្សៈជាបច្ច័យ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ តែសុខ និងទុក្ខនោះឯង កើតឡើង ព្រោះផស្សៈជាបច្ច័យ។ ម្នាលអាវុសោ បណ្តាវាទៈទាំង៤នោះ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង សមណព្រាហ្មណ៍ទាំងនោះឯង ទទួលសុខ និងទុក្ខ ក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើង ដោយមិនអាស្រ័យហេតុ សមណព្រាហ្មណ៍ទាំងនោះឯង ទទួលសុខ និងទុក្ខ ក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។

[៨១] ព្រះអានន្ទមានអាយុ បានស្តាប់ការចរចានេះ របស់ព្រះសារីបុត្តមានអាយុ ជាមួយនឹងព្រះភូមិជៈមានអាយុហើយ។ ទើបព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលការចរចា ទាំងអស់នោះ របស់ព្រះសារីបុត្តមានអាយុ ជាមួយនឹងព្រះភូមិជៈមានអាយុ ចំពោះព្រះមានព្រះភាគ។

[៨២] ព្រះមានព្រះភាគត្រាស់ថា ម្នាលអានន្ទ ប្រពៃហើយ ប្រពៃហើយ ត្រង់ពាក្យដែលសារីបុត្តព្យាករ ឈ្មោះថា ព្យាករដោយប្រពៃ។ ម្នាលអានន្ទ សុខ និងទុក្ខ តថាគត បានពោលហើយថា កើតឡើងព្រោះអាស្រ័យហេតុ តើអាស្រ័យហេតុដូចម្តេច គឺអាស្រ័យផស្សៈ កាលបើបុគ្គលពោលដូច្នេះ ឈ្មោះថា ពោលតាមពាក្យ ដែលតថាគតពោលហើយផង មិនពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង ព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគប្បីតិះដៀលផង។ ម្នាលអានន្ទ បណ្តាវាទៈទាំង៤នោះ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង តែសុខ និងទុក្ខនោះឯង កើតឡើង ព្រោះផស្សៈជាបច្ច័យ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើង ដោយមិនអាស្រ័យហេតុ តែសុខ និងទុក្ខនោះឯង កើតឡើង ព្រោះផស្សៈជាបច្ច័យ។ ម្នាលអានន្ទ បណ្តាវាទៈទាំង៤នោះ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង សមណព្រាហ្មណ៍ទាំងនោះ ទទួលសុខ និងទុក្ខ ក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើង ដោយមិនអាស្រ័យហេតុ សមណព្រាហ្មណ៍ទាំងនោះឯង ទទួលសុខ និងទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។

[៨៣] ម្នាលអានន្ទ កាលបើកាយមាន សុខ និងទុក្ខខាងក្នុង រមែងកើតឡើង ព្រោះកាយសញ្ចេតនា9) ជាហេតុ ម្នាលអានន្ទ កាលបើវាចាមាន សុខ និងទុក្ខខាងក្នុង រមែងកើតឡើង ព្រោះវចីសញ្ចេតនាជាហេតុ ម្នាលអានន្ទ កាលបើមនោមាន សុខ និងទុក្ខខាងក្នុង រមែងកើតឡើង ព្រោះមនោសញ្ចេតនាជាហេតុ ក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខ ខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺកាយសង្ខារ10) ណា បុគ្គលតែងធ្វើកាយសង្ខារនោះដោយខ្លួនឯង ព្រោះអវិជ្ជាជាបច្ច័យក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺកាយសង្ខារណា បុគ្គលទាំងឡាយដទៃ តែងធ្វើកាយសង្ខារនោះក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខ ខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺកាយសង្ខារណា បុគ្គលកាលដឹងច្បាស់ តែងធ្វើកាយសង្ខារនោះ ក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺកាយសង្ខារណា បុគ្គលមិនដឹងច្បាស់ តែងធ្វើកាយសង្ខារនោះ ក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខ ខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺវចីសង្ខារណា បុគ្គលតែងធ្វើវចីសង្ខារនោះដោយខ្លួនឯង ក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺវចីសង្ខារណា បុគ្គលទាំងឡាយដទៃ តែងធ្វើវចីសង្ខារនោះក៏មាន។ ម្នាលអានន្ទ បុគ្គលដឹងច្បាស់។បេ។ ម្នាលអានន្ទ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺវចីសង្ខារណា បុគ្គលមិនដឹងច្បាស់ តែងធ្វើវចីសង្ខារនោះ ក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខ ខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺមនោសង្ខារណា បុគ្គលតែងធ្វើមនោសង្ខារនោះដោយខ្លួនឯង ក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺមនោសង្ខារណា បុគ្គលទាំងឡាយដទៃ តែងធ្វើមនោសង្ខារនោះក៏មាន។ ម្នាលអានន្ទ បុគ្គលដឹងច្បាស់។បេ។ ម្នាលអានន្ទ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺមនោសង្ខារណា បុគ្គលមិនដឹងច្បាស់ តែងធ្វើមនោសង្ខារនោះ ក៏មាន។ ម្នាលអានន្ទ អវិជ្ជាធ្លាក់ចុះរឿយៗ ក្នុងធម៌ទាំងនេះឯង។

[៨៤] ម្នាលអានន្ទ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺកាយណា កាយនោះ មិនមាន ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា។ សុខ និងទុក្ខ ខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺវាចាណា វាចានោះ មិនមាន។ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺចិត្តណា ចិត្តនោះ មិនមាន ខេត្តក្តី មិនមាន។ វត្ថុក្តី មិនមាន។ អាយតនៈក្តី មិនមាន។ សុខ និងទុក្ខ ខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺអធិករណៈ11) ណា អធិករណ៍នោះក្តី មិនមាន។

ចប់សូត្រ ទី៥។

(ឧបវាណ)សូត្រ ទី៦

(៦. ឧបវាណសុត្តំ)

[៨៥] ទ្រង់គង់នៅជិតក្រុងសាវត្ថី… គ្រានោះ ព្រះឧបវាណៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។

[៨៦] លុះព្រះឧបវាណៈមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន មានសមណព្រាហ្មណ៍ពួកមួយ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង បពិត្រព្រះអង្គដ៏ចំរើន មានសមណព្រាហ្មណ៍ពួកមួយទៀត បញ្ញត្តថា ទុក្ខ គឺបុគ្គលដទៃធ្វើឲ្យ។ បពិត្រព្រះអង្គដ៏ចំរើន មានសមណព្រាហ្មណ៍ពួកមួយទៀត បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង បពិត្រព្រះអង្គដ៏ចំរើន មានសមណព្រាហ្មណ៍ពួកមួយទៀត បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ពោលដូចម្តេច ទ្រង់ប្រាប់ដូចម្តេច ដល់យើងទាំងឡាយ ក្នុងហេតុទាំង៤នេះ កាលយើងទាំងឡាយ ព្យាករដូចម្តេច ទើបឈ្មោះថា ពោលតាមពាក្យដែលព្រះមានព្រះភាគ ទ្រង់ពោលហើយផង ឈ្មោះថា មិនពោលបង្កាច់ព្រះមានព្រះភាគ ដោយពាក្យមិនពិតផង ឈ្មោះថា ព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគប្បីតិះដៀលផង។

[៨៧] ម្នាលឧបវាណៈ សេចក្តីទុក្ខ តថាគតបានពោលហើយថា កើតឡើងព្រោះអាស្រ័យហេតុ តើអាស្រ័យហេតុដូចម្តេច គឺអាស្រ័យផស្សៈ កាលបើបុគ្គលពោលដូច្នេះ ឈ្មោះថា ពោលតាមពាក្យ ដែលតថាគត ពោលហើយផង មិនពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង ព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគប្បីតិះដៀលផង។ ម្នាលឧបវាណៈ បណ្តាសមណព្រាហ្មណ៍ទាំង៤ពួកនោះ ពួកសមណព្រាហ្មណ៍ណា បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង តែទុក្ខនោះឯង កើតឡើងព្រោះផស្សៈជាបច្ច័យ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ តែទុក្ខនោះឯង កើតឡើង ព្រោះផស្សជាបច្ច័យ។ ម្នាលឧបវាណៈ បណ្តាសមណព្រាហ្មណ៍ទាំង៤ពួកនោះ ពួកសមណព្រាហ្មណ៍ណា បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។

ចប់សូត្រ ទី៦។

(បច្ចយ)សូត្រ ទី៧

(៧. បច្ចយសុត្តំ)

[៨៨] ទ្រង់គង់ជិតក្រុងសាវត្ថី…. ម្នាលភិក្ខុទាំងឡាយ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

[៨៩] ម្នាលភិក្ខុទាំងឡាយ ជរា និងមរណៈ តើដូចម្តេច។ សេចក្តីគ្រាំគ្រា ភាពគ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវ ដំណើរថយអាយុ ដំណើរចាស់ទុំនៃឥន្ទ្រិយទាំងឡាយណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ នេះហៅថា ជរា។ ចុតិ ការឃ្លាត ការបែកធ្លាយ ការបាត់បង់ សេចក្តីស្លាប់ ដំណើរងាប់ ការធ្វើនូវមរណកាល ការបែកធ្លាយនៃខន្ធទាំងឡាយ ការដាក់ចុះនូវសាកសព ការដាច់នៃជីវិតិន្ទ្រិយណា របស់សត្វទាំងឡាយនោះៗ ចាកសត្តនិកាយនោះៗ នេះហៅថា មរណៈ។ ម្នាលភិក្ខុទាំងឡាយ ជរានេះផង មរណៈនេះផង នេះហៅថា ជរា និងមរណៈ ដូច្នេះឯង។ ការកើតឡើងនៃជរា និងមរណៈ ព្រោះការកើតឡើងនៃជាតិ ការរលត់នៃជរានិងមរណៈ ព្រោះការរលត់នៃជាតិ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ៨នេះឯង ជាបដិបទា ដែលជាដំណើរទៅកាន់ទីរលត់នៃជរា និងមរណៈ គឺប្រាជ្ញាយល់ត្រូវ១ សេចក្តីត្រិះរិះត្រូវ១ ការនិយាយត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ សេចក្តីព្យាយាមត្រូវ១ សេចក្តីរឭកត្រូវ១ ការតម្កល់ចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ ចុះជាតិ តើដូចម្តេច។បេ។ ម្នាលភិក្ខុទាំងឡាយ ភព តើដូចម្តេច…. ម្នាលភិក្ខុទាំងឡាយ ឧបាទាន តើដូចម្តេច…. ម្នាលភិក្ខុទាំងឡាយ តណ្ហា តើដូចម្តេច…. ម្នាលភិក្ខុទាំងឡាយ វេទនា តើដូចម្តេច…. ម្នាលភិក្ខុទាំងឡាយ ផស្សៈ តើដូចម្តេច…. ម្នាលភិក្ខុទាំងឡាយ សឡាយតនៈ តើដូចម្តេច…. ម្នាលភិក្ខុទាំងឡាយ នាមរូប តើដូចម្តេច…. ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ តើដូចម្តេច…. ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយនេះ មាន៣គឺ កាយសង្ខារ១ វចីសង្ខារ១ ចិត្តសង្ខារ១ ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា សង្ខារ។ ការកើតឡើងនៃសង្ខារ ព្រោះការកើតឡើងនៃអវិជ្ជា ការរលត់នៃសង្ខារ ព្រោះការរលត់នៃអវិជ្ជា មគ្គដ៏ប្រសើរ ប្រកបដោយអង្គ៨នេះឯង ជាបដិបទា ដែលជាដំណើរទៅកាន់ទីរលត់នៃសង្ខារ គឺប្រាជ្ញាយល់ឃើញត្រូវ១។បេ។ ការតម្កល់ចិត្តត្រូវ១។

[៩០] ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័កដឹងច្បាស់ នូវបច្ច័យយ៉ាងនេះ ដឹងច្បាស់នូវការកើតឡើង នៃបច្ច័យយ៉ាងនេះ ដឹងច្បាស់នូវទីរលត់នៃបច្ច័យ យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃបច្ច័យ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា បរិបូណ៌ដោយទិដ្ឋិក៏បាន ថាបរិបូណ៌ដោយទស្សនៈក៏បាន ថា មកកាន់ព្រះសទ្ធម្មនេះក៏បាន ថា ឃើញនូវព្រះសទ្ធម្មនេះក៏បាន ថា ប្រកបដោយសេក្ខញ្ញាណក៏បាន ថា ប្រកបដោយសេក្ខវិជ្ជាក៏បាន ថា ដល់ព្រមនូវធម្មស្រោតក៏បាន ថា ជាអរិយៈ អ្នកមាននិព្វេធិកប្បញ្ញាក៏បាន ថា ឋិតអែបនែប នូវទ្វារនៃអមតៈ គឺព្រះនិព្វានក៏បាន។

ចប់សូត្រ ទី៧។

(ភិក្ខុ)សូត្រ ទី៨

(៨. ភិក្ខុសុត្តំ)

[៩១] ទ្រង់គង់នៅជិតក្រុងសាវត្ថី…. ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់នូវជរា និងមរណៈ ដឹងច្បាស់នូវការកើតឡើង នៃជរា និងមរណៈ ដឹងច្បាស់នូវទីរលត់នៃជរា និងមរណៈ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃជរានិងមរណៈ ដឹងច្បាស់នូវជាតិ។បេ។ ដឹងច្បាស់នូវភព… ដឹងច្បាស់នូវឧបាទាន… ដឹងច្បាស់នូវតណ្ហា… ដឹងច្បាស់នូវវេទនា… ដឹងច្បាស់នូវផស្សៈ… ដឹងច្បាស់នូវសឡាយតនៈ… ដឹងច្បាស់នូវនាមរូប … ដឹងច្បាស់នូវវិញ្ញាណ… ដឹងច្បាស់នូវសង្ខារទាំងឡាយ … ដឹងច្បាស់នូវការកើតឡើង នៃសង្ខារ ដឹងច្បាស់នូវទីរលត់នៃសង្ខារ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ។

[៩២] ម្នាលភិក្ខុទាំងឡាយ ជរា និងមរណៈ តើដូចម្តេច។ សេចក្តីគ្រាំគ្រា ភាពគ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវ ដំណើរថយអាយុ ដំណើរចាស់ទុំឥន្ទ្រិយទាំងឡាយណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ នេះហៅថា ជរា។ ចុតិ ការឃ្លាត ការបែកធ្លាយ ការបាត់បង់ សេចក្តីស្លាប់ ដំណើរងាប់ ការធ្វើនូវមរណកាល ការបែកធ្លាយនៃខន្ធទាំងឡាយ ការដាក់ចុះនូវសាកសព ការដាច់នៃជីវិតិន្ទ្រិយណា របស់សត្វទាំងឡាយនោះៗ ចាកសត្តនិកាយនោះៗ នេះហៅថា មរណៈ។ ម្នាលភិក្ខុទាំងឡាយ ជរានេះផង មរណៈនេះផង នេះហៅថា ជរា និងមរណៈ ដូច្នេះឯង។ ការកើតឡើងនៃជរា និងមរណៈ ព្រោះការកើតឡើងនៃជាតិ ការរលត់នៃជរានិងមរណៈ ព្រោះការរលត់នៃជាតិ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ៨នេះឯង ជាបដិបទា ដែលជាដំណើរទៅកាន់ទីរលត់នៃជរា និងមរណៈ គឺប្រាជ្ញាយល់ឃើញត្រូវ១។បេ។ ការតម្កល់ចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ ជាតិ តើដូចម្តេច។បេ។ ម្នាលភិក្ខុទាំងឡាយ ភព តើដូចម្តេច…. ម្នាលភិក្ខុទាំងឡាយ ឧបាទាន តើដូចម្តេច…. ម្នាលភិក្ខុទាំងឡាយ តណ្ហា តើដូចម្តេច…. វេទនា…. ផស្សៈ…. សឡាយតនៈ…. នាមរូប…. វិញ្ញាណ…. ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយនេះ មាន៣គឺ កាយសង្ខារ១ វចីសង្ខារ១ ចិត្តសង្ខារ១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សង្ខារ។ ការកើតឡើងនៃសង្ខារ ព្រោះការកើតឡើងនៃអវិជ្ជា ការរលត់នៃសង្ខារ ព្រោះការរលត់នៃអវិជ្ជា មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ទាំង៨នេះឯង ជាបដិបទា ដែលជាដំណើរទៅកាន់ទីរលត់នៃសង្ខារ គឺប្រាជ្ញាយល់ឃើញត្រូវ១។បេ។ ការតម្កល់ចិត្តត្រូវ១។

[៩៣] ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុដឹងច្បាស់ នូវជរា និងមរណៈយ៉ាងនេះ ដឹងច្បាស់នូវការកើតឡើង នៃជរា និងមរណៈយ៉ាងនេះ ដឹងច្បាស់នូវទីរលត់នៃជរា និងមរណៈ យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃជរា និងមរណៈ យ៉ាងនេះ។ ដឹងច្បាស់នូវជាតិយ៉ាងនេះ។បេ។ ដឹងច្បាស់នូវភព… ឧបាទាន… តណ្ហា… វេទនា… ផស្សៈ… សឡាយតនៈ… នាមរូប… វិញ្ញាណ… នូវសង្ខារទាំងឡាយយ៉ាងនេះ ដឹងច្បាស់ នូវការកើតឡើង នៃសង្ខារ យ៉ាងនេះ ដឹងច្បាស់នូវទីរលត់នៃសង្ខារ យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា បរិបូណ៌ដោយទិដ្ឋិក៏បាន ថាបរិបូណ៌ដោយទស្សនៈក៏បាន ថា មកកាន់ព្រះសទ្ធម្មនេះក៏បាន ថា ឃើញនូវព្រះសទ្ធម្មនេះក៏បាន ថា ប្រកបដោយសេក្ខញ្ញាណក៏បាន ថា ប្រកបដោយសេក្ខវិជ្ជាក៏បាន ថា ដល់ព្រមនូវធម្មស្រោតក៏បាន ថា ជាអរិយៈ អ្នកមាននិព្វេធិកប្បញ្ញាក៏បាន ថា ឋិតអែបនែប នូវទ្វារនៃអមតៈ គឺព្រះនិព្វានក៏បាន។

ចប់សូត្រ ទី៨។

(សមណព្រាហ្មណ)សូត្រ ទី៩

(៩. សមណព្រាហ្មណសុត្តំ)

[៩៤] ទ្រង់គង់នៅជិតក្រុងសាវត្ថី…. ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ មិនកំណត់ដឹងនូវជរា និងមរណៈ មិនកំណត់ដឹងនូវការកើតឡើង នៃជរា និងមរណៈ មិនកំណត់ដឹងនូវទីរលត់នៃជរា និងមរណៈ មិនកំណត់ដឹងនូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃជរានិងមរណៈ។ មិនកំណត់ដឹងនូវជាតិ។បេ។ មិនកំណត់ដឹងនូវភព… ឧបាទាន… តណ្ហា… វេទនា… ផស្សៈ… សឡាយតនៈ… នាមរូប … វិញ្ញាណ… នូវសង្ខារទាំងឡាយ មិនកំណត់ដឹងនូវការកើតឡើង នៃសង្ខារ មិនកំណត់ដឹងនូវទីរលត់នៃសង្ខារ មិនកំណត់ដឹងនូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនុ៎ះ តថាគត មិនបានសន្មតថាជាសមណៈ ក្នុងពួកសមណៈផង មិនបានសន្មតថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង មិនតែប៉ុណ្ណោះ សមណព្រាហ្មណ៍មានអាយុទាំងនុ៎ះឯង រមែងមិនបានធ្វើឲ្យជាក់ច្បាស់ មិនសម្រេច នូវសាមញ្ញផល ឬព្រហ្មញ្ញផល ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្នទេ។

[៩៥] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ កំណត់ដឹងនូវជរា និងមរណៈ កំណត់ដឹងនូវការកើតឡើង នៃជរា និងមរណៈ កំណត់ដឹងនូវទីរលត់នៃជរា និងមរណៈ កំណត់ដឹងនូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃជរានិងមរណៈ។ កំណត់ដឹងនូវជាតិ។បេ។ កំណត់ដឹងនូវភព… ឧបាទាន… តណ្ហា… វេទនា… ផស្សៈ… សឡាយតនៈ… នាមរូប … វិញ្ញាណ… នូវសង្ខារទាំងឡាយ កំណត់ដឹងនូវការកើតឡើង នៃសង្ខារ កំណត់ដឹងនូវទីរលត់នៃសង្ខារ កំណត់ដឹងនូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនោះ តថាគត បានសន្មតថាជាសមណៈ ក្នុងពួកសមណៈផង សន្មតថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង មិនតែប៉ុណ្ណោះ សមណព្រាហ្មណ៍មានអាយុទាំងនោះឯង រមែងបានធ្វើឲ្យជាក់ច្បាស់ សម្រេច នូវសាមញ្ញផលផង នូវព្រហ្មញ្ញផលផង ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។

ចប់សូត្រ ទី៩។

(ទុតិយសមណព្រាហ្មណ)សូត្រ ទី១០

(១០. ទុតិយសមណព្រាហ្មណសុត្តំ)

[៩៦] ទ្រង់គង់នៅជិតក្រុងសាវត្ថី…. ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ មិនដឹងច្បាស់នូវជរា និងមរណៈ មិនដឹងច្បាស់នូវការកើតឡើង នៃជរា និងមរណៈ មិនដឹងច្បាស់នូវទីរលត់នៃជរា និងមរណៈ មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃជរានិងមរណៈ សមណព្រាហ្មណ៍ទាំងនោះឯង នឹងប្រព្រឹត្តកន្លង នូវជរានិងមរណៈបាន ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ មិនដឹងច្បាស់នូវជាតិ។បេ។ មិនដឹងច្បាស់នូវភព… ឧបាទាន… តណ្ហា… វេទនា… ផស្សៈ… សឡាយតនៈ… នាមរូប … វិញ្ញាណ… នូវសង្ខារទាំងឡាយ មិនដឹងច្បាស់នូវការកើតឡើង នៃសង្ខារ មិនដឹងច្បាស់នូវទីរលត់នៃសង្ខារ មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ សមណព្រាហ្មណ៍ទាំងនោះឯង នឹងប្រព្រឹត្តកន្លង នូវសង្ខារទាំងឡាយបាន ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។

[៩៧] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដឹងច្បាស់នូវជរា និងមរណៈ ដឹងច្បាស់នូវការកើតឡើង នៃជរា និងមរណៈ ដឹងច្បាស់នូវទីរលត់នៃជរា និងមរណៈ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃជរានិងមរណៈ សមណព្រាហ្មណ៍ទាំងនោះឯង នឹងប្រព្រឹត្តកន្លងនូវជរា និងមរណៈបាន ពាក្យដូច្នេះនេះ ទើបសមហេតុ។ ដឹងច្បាស់នូវជាតិ។បេ។ ដឹងច្បាស់នូវភព… ឧបាទាន… តណ្ហា… វេទនា… ផស្សៈ… សឡាយតនៈ… នាមរូប … វិញ្ញាណ… នូវសង្ខារទាំងឡាយ ដឹងច្បាស់នូវការកើតឡើង នៃសង្ខារ ដឹងច្បាស់នូវទីរលត់នៃសង្ខារ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ សមណព្រាហ្មណ៍ទាំងនោះឯង នឹងប្រព្រឹត្តកន្លងនូវសង្ខារទាំងឡាយបាន ពាក្យដូច្នេះនេះ ទើបសមហេតុ។

ចប់សូត្រ ទី១០។

ចប់ ទសពលវគ្គ ទី៣។

ឧទ្ទាននៃទសពលវគ្គនោះគឺ

និយាយអំពីព្រះតថាគតជាទសពល ២លើក និយាយអំពីហេតុនៃខយញ្ញាណជាដើម១ និយាយអំពីពួកអន្យតិរ្ថិយបរិព្វាជក សួរប្រស្នានឹងព្រះសារីបុត្ត១ និយាយអំពីព្រះភូមិជភិក្ខុ សួរប្រស្នានឹងព្រះសារីបុត្ត១ និយាយអំពីព្រះឧបវាណៈមានអាយុ សួរប្រស្នានឹងព្រះមានព្រះភាគ១ និយាយអំពីបច្ច័យ គឺអវិជ្ជាជាដើម១ និយាយអំពីភិក្ខុដឹងច្បាស់ នូវជរាមរណៈជាដើម១ និយាយអំពីសមណព្រាហ្មណ៍២លើក។

 

លេខយោង

1)
សេចក្តីក្លៀវក្លា។
2)
សំដៅយកព្រះអរហត្តផល។
3)
សំដៅយកឥន្ទ្រិយទាំង៥ មានសទ្ធាជាដើម។
4)
បានដល់អរហត្តផល។
5)
សេចក្តីដឹងក្នុងធម៌ ជាគ្រឿងអស់ទៅនៃអាសវៈ បានដល់បដិវេកញ្ញាណ។
6)
បានដល់ញាណទាំង៤ គឺភយតូបដ្ឋានញ្ញាណ១ អាទីនវានុបស្សនាញាណ១ មុញ្ចិតុកាម្យតាញាណ១ សង្ខារូបេក្ខាញាណ១។
7)
បានដល់ញាណទាំង៤ គឺសង្ខារបរិច្ឆេទញ្ញាណ១ កង្ខាវិតរណញ្ញាណ១ សម្មសនញ្ញាណ១ មគ្គាមគ្គញ្ញាណ១ (អដ្ឋកថា)។
8)
អ្នកបួសមានលទ្ធិដទៃ។
9)
ចេតនាដែលកើតឡើងក្នុងកាយទ្វារ។
10)
កាយកម្ម។
11)
ហេតុ។
km/tipitaka/sut/sn/12/sut.sn.12.v03.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann