km:tipitaka:sut:sn:12:sut.sn.12.v04



កឡារខត្តិយវគ្គ (ទី៤)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 12.v04 បាលី cs-km: sut.sn.12.v04 អដ្ឋកថា: sut.sn.12.v04_att PTS: ?

កឡារខត្តិយវគ្គ (ទី៤)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៤. កឡារខត្តិយវគ្គោ)

(ភូត)សូត្រ ទី១

(១. ភូតសុត្តំ)

[៩៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះសារីបុត្តមានអាយុថា ម្នាលសារីបុត្ត អជិតមាណព បានពោលហើយ (ក្នុងអជិតបញ្ហា បារាយនវគ្គ) នូវពាក្យនេះថា

ពួកបុគ្គលណា មានធម៌ពិចារណា1) ហើយក្តី ពួកបុគ្គលណា ជាសេក្ខៈដ៏ច្រើនក្តី ក្នុងសាសនានេះ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គជាអ្នកមានបញ្ញា ខ្ញុំព្រះអង្គ សួរនូវការប្រព្រឹត្តិរបស់បុគ្គលទាំងនោះ សូមទ្រង់សំដែងឲ្យទាន

ម្នាលសារីបុត្ត ភាសិតសង្ខេបនេះ អ្នកគប្បីយល់ឃើញសេចក្តីដោយពិស្តារ ដោយប្រការដូចម្តេចហ្ន៎។

[៩៩] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះសារីបុត្តមានអាយុ ក៏នៅស្ងៀម។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះសារីបុត្តមានអាយុ ជាគម្រប់២ដង។បេ។ ព្រះសារីបុត្តមានអាយុ ក៏នៅស្ងៀម ជាគម្រប់២ដង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះសារីបុត្តមានអាយុ ជាគម្រប់៣ដងថា ម្នាលសារីបុត្ត អជិតមាណព បានពោលហើយ (ក្នុងអជិតបញ្ហា បារាយនវគ្គ) នូវពាក្យនេះថា

ពួកបុគ្គលណា មានធម៌ពិចារណាហើយក្តី ពួកបុគ្គលណា ជាសេក្ខៈដ៏ច្រើនក្តី ក្នុងសាសនានេះ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គជាអ្នកមានបញ្ញា ខ្ញុំព្រះអង្គ សួរនូវការប្រព្រឹត្តិរបស់បុគ្គលទាំងនោះ សូមទ្រង់សំដែងឲ្យទាន

ម្នាលសារីបុត្ត ភាសិតសង្ខេបនេះ អ្នកគប្បីយល់ឃើញសេចក្តីដោយពិស្តារ ដោយប្រការដូចម្តេចហ្ន៎។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះសារីបុត្តមានអាយុ ក៏នៅស្ងៀម ជាគម្រប់៣ដង។

[១០០] ម្នាលសារីបុត្ត អ្នកឃើញថា នេះជាភូត (ខន្ធបញ្ចកៈ) ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលឃើញដោយបញ្ញាដ៏ប្រពៃតាមពិតថា នេះជាភូត លុះឃើញដោយបញ្ញាដ៏ប្រពៃតាមពិតថា នេះជាភូត ដូច្នេះហើយ ក៏ប្រតិបត្តិ ដើម្បីការនឿយណាយ ដើម្បីការធុញទ្រាន់ ដើម្បីការរលត់នៃភូត ឃើញដោយបញ្ញាដ៏ប្រពៃតាមពិតថា អាហារនៃភូតនោះ រមែងកើតមានព្រម លុះឃើញដោយបញ្ញាដ៏ប្រពៃតាមពិតថា អាហារនៃភូតនោះ កើតមានព្រម ដូច្នេះហើយ ក៏ប្រតិបត្តិ ដើម្បីការនឿយណាយ ដើម្បីការធុញទ្រាន់ ដើម្បីការរលត់នៃកំណើតអាហារ ឃើញដោយបញ្ញាដ៏ប្រពៃតាមពិតថា ធម្មជាតណា ជាភូត ធម្មជាតនោះ មានកិរិយា រលត់ទៅជាធម្មតា ព្រោះការរលត់នៃអាហារនោះ លុះឃើញដោយបញ្ញាដ៏ប្រពៃតាមពិតថា ធម្មជាតណា ជាភូត ធម្មជាតនោះ មានកិរិយា រលត់ទៅជាធម្មតា ព្រោះការរលត់នៃអាហារនោះហើយ ក៏ប្រតិបត្តិ ដើម្បីការនឿយណាយ ដើម្បីការធុញទ្រាន់ ដើម្បីការរលត់នៃភូត ដែលមានកិរិយារលត់ទៅជាធម្មតា។ បពិត្រព្រះអង្គដ៏ចំរើន សេក្ខបុគ្គល យ៉ាងនេះឯង។

[១០១] បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដែលឈ្មោះថា មានធម៌ពិចារណាហើយ តើដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលឃើញដោយបញ្ញាដ៏ប្រពៃតាមពិតថា នេះជាភូត លុះឃើញដោយបញ្ញាដ៏ប្រពៃតាមពិតថា នេះជាភូត ដូច្នេះហើយ ក៏មានចិត្តរួចស្រឡះ ព្រោះការនឿយណាយ ព្រោះការធុញទ្រាន់ ព្រោះការរលត់ ព្រោះការមិនប្រកាន់មាំ នូវភូត ឃើញដោយបញ្ញាដ៏ប្រពៃតាមពិតថា អាហារនៃភូតនោះ រមែងកើតមានព្រម លុះឃើញដោយបញ្ញាដ៏ប្រពៃតាមពិតថា អាហារនៃភូតនោះ រមែងកើតមានព្រម ដូច្នេះហើយ ក៏មានចិត្តរួចស្រឡះ ព្រោះការនឿយណាយ ព្រោះការធុញទ្រាន់ ព្រោះការរលត់ ព្រោះការមិនប្រកាន់មាំ នូវកំណើតនៃអាហារ ឃើញដោយបញ្ញា ដ៏ប្រពៃតាមពិតថា ធម្មជាតណា ជាភូត ធម្មជាតនោះ មានកិរិយារលត់ទៅជាធម្មតា ព្រោះការរលត់នៃអាហារនោះ លុះឃើញដោយបញ្ញាដ៏ប្រពៃតាមពិតថា ធម្មជាតណា ជាភូត ធម្មជាតនោះ មានកិរិយារលត់ទៅជាធម្មតា ព្រោះការរលត់នៃអាហារនោះ ដូច្នេះហើយ ក៏មានចិត្តរួចស្រឡះ ព្រោះការនឿយណាយ ព្រោះការធុញទ្រាន់ ព្រោះការរលត់ ព្រោះការមិនប្រកាន់មាំ នូវភូត ដែលមានកិរិយារលត់ទៅជាធម្មតា។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដែលមានធម៌ពិចារណាហើយ យ៉ាងនេះឯង។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យដែលអជិតមាណព បានពោលហើយ (ក្នុងអជិតបញ្ហា បារាយនវគ្គ) ថា

ពួកបុគ្គលណា មានធម៌ពិចារណាហើយក្តី ពួកបុគ្គលណា ជាសេក្ខៈដ៏ច្រើនក្តី ក្នុងសាសនានេះ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គជាអ្នកមានបញ្ញា ខ្ញុំព្រះអង្គ សួរនូវការប្រព្រឹត្តិ របស់បុគ្គលទាំងនោះ សូមទ្រង់សំដែងឲ្យទាន

សឹងមានការបកស្រាយ ដោយប្រការដូច្នេះឯង

បពិត្រព្រះអង្គដ៏ចំរើន ភាសិតសង្ខេបនេះ ខ្ញុំព្រះអង្គ យល់សេចក្តី ដោយពិស្តារ យ៉ាងនេះ។

[១០២] ម្នាលសារីបុត្ត ត្រូវហើយ ត្រូវហើយ ម្នាលសារីបុត្ត បុគ្គល ឃើញដោយបញ្ញាដ៏ប្រពៃតាមពិតថា នេះជាភូត លុះឃើញដោយបញ្ញា ដ៏ប្រពៃតាមពិតថា នេះជាភូត ដូច្នេះហើយ ក៏ប្រតិបត្តិ ដើម្បីការនឿយណាយ ដើម្បីការធុញទ្រាន់ ដើម្បីការរលត់ នៃភូត ឃើញដោយបញ្ញា ដ៏ប្រពៃតាមពិតថា អាហារនៃភូតនោះ រមែងកើតមានព្រម លុះឃើញដោយបញ្ញា ដ៏ប្រពៃតាមពិតថា អាហារនៃភូតនោះ រមែងកើតមានព្រម ដូច្នេះហើយ ក៏ប្រតិបត្តិ ដើម្បីការនឿយណាយ ដើម្បីការធុញទ្រាន់ ដើម្បីការរលត់ នៃកំណើតអាហារ ឃើញដោយបញ្ញា ដ៏ប្រពៃតាមពិតថា ធម្មជាតណា ជាភូត ធម្មជាតនោះ មានកិរិយារលត់ទៅជាធម្មតា ព្រោះការរលត់នៃអាហារនោះ លុះឃើញដោយបញ្ញា ដ៏ប្រពៃតាមពិតថា ធម្មជាតណា ជាភូត ធម្មជាតនោះ មានកិរិយារលត់ទៅជាធម្មតា ព្រោះការរលត់នៃអាហារនោះ ដូច្នេះហើយ ក៏ប្រតិបត្តិ ដើម្បីការនឿយណាយ ដើម្បីការធុញទ្រាន់ ដើម្បីការរលត់ នៃភូត ដែលមានកិរិយារលត់ទៅជាធម្មតា។ ម្នាលសារីបុត្ត សេក្ខបុគ្គល យ៉ាងនេះឯង។

[១០៣] ម្នាលសារីបុត្ត បុគ្គលដែលឈ្មោះថា មានធម៌ពិចារណាហើយ តើដូចម្តេច។ ម្នាលសារីបុត្ត បុគ្គល ឃើញដោយបញ្ញា ដ៏ប្រពៃតាមពិតថា នេះជាភូត លុះឃើញដោយបញ្ញា ដ៏ប្រពៃតាមពិតថា នេះជាភូត ដូច្នេះហើយ ក៏មានចិត្តរួចស្រឡះ ព្រោះការនឿយណាយ ព្រោះការធុញទ្រាន់ ព្រោះការរលត់ ព្រោះការមិនប្រកាន់មាំ នូវភូត ឃើញដោយបញ្ញា ដ៏ប្រពៃតាមពិតថា អាហារនៃភូតនោះ រមែងកើតមានព្រម លុះឃើញដោយបញ្ញា ដ៏ប្រពៃតាមពិតថា អាហារនៃភូតនោះ រមែងកើតមានព្រម ដូច្នេះហើយ ក៏មានចិត្តរួចស្រឡះ ព្រោះការនឿយណាយ ព្រោះការធុញទ្រាន់ ព្រោះការរលត់ ព្រោះការមិនប្រកាន់មាំ នូវកំណើតនៃអាហារ ឃើញដោយបញ្ញា ដ៏ប្រពៃតាមពិតថា ធម្មជាតណា ជាភូត ធម្មជាតនោះ មានកិរិយារលត់ទៅជាធម្មតា ព្រោះការរលត់នៃអាហារនោះ លុះឃើញដោយបញ្ញា ដ៏ប្រពៃតាមពិតថា ធម្មជាតណា ជាភូត ធម្មជាតនោះ មានកិរិយារលត់ទៅជាធម្មតា ព្រោះការរលត់នៃអាហារនោះហើយ ក៏មានចិត្តរួចស្រឡះ ព្រោះការនឿយណាយ ព្រោះការធុញទ្រាន់ ព្រោះការរលត់ ព្រោះការមិនប្រកាន់មាំ នូវភូត ដែលមានកិរិយារលត់ទៅជាធម្មតា។ ម្នាលសារីបុត្ត បុគ្គលដែលឈ្មោះថា មានធម៌ពិចារណាហើយ យ៉ាងនេះឯង។ ម្នាលសារីបុត្ត ពាក្យដែលអជិតមាណព បានពោលហើយ (ក្នុងអជិតបញ្ហា បារាយនវគ្គ) ថា

ពួកបុគ្គលណា មានធម៌ពិចារណាហើយក្តី ពួកបុគ្គលណា ជាសេក្ខៈដ៏ច្រើនក្តី ក្នុងសាសនានេះ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គជាអ្នកមានបញ្ញា ខ្ញុំព្រះអង្គ សួរនូវការប្រព្រឹត្តិ របស់បុគ្គលទាំងនោះ សូមទ្រង់សំដែងឲ្យទាន

សឹងមានការបកស្រាយ ដោយប្រការដូច្នេះឯង

ម្នាលសារីបុត្ត ភាសិតសង្ខេបនេះ អ្នកគប្បីយល់ឃើញសេចក្តី ដោយពិស្តារ យ៉ាងនេះ។

ចប់សូត្រ ទី១។

(កឡារ)សូត្រ ទី២

(២. កឡារសុត្តំ)

[១០៤] ទ្រង់គង់នៅជិតក្រុងសាវត្ថី… គ្រានោះ ភិក្ខុឈ្មោះកឡារខត្តិយៈ ចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្តមានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះកឡារខត្តិយភិក្ខុ អង្គុយក្នុងទីសមគួរហើយ ក៏ពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលសារីបុត្តមានអាយុ ភិក្ខុឈ្មោះមោលិយផគ្គុន បានលាសិក្ខា ត្រឡប់ទៅកាន់ហីនភេទហើយ ព្រះមោលិយផគ្គុនមានអាយុនោះ មិនបាននូវទីពឹង ក្នុងធម្មវិន័យដោយពិតទេ បើដូច្នោះ មានតែព្រះសារីបុត្តមានអាយុ បានដល់នូវទីពឹងក្នុងធម្មវិន័យនេះហើយ។ ព្រះសារីបុត្តពោលថា ម្នាលអាវុសោ ខ្ញុំមិនសង្ស័យទេ។ ព្រះកឡារខត្តិយៈពោលថា ម្នាលអាវុសោ ចុះបដិសន្ធិក្នុងខាងមុខទៀត។ ម្នាលអាវុសោ ខ្ញុំមិនងឿងឆ្ងល់ទេ។

[១០៥] គ្រានោះ កឡារខត្តិយភិក្ខុ ក្រោកអំពីអាសនៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះកឡារខត្តិយភិក្ខុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ ពោលអួតព្រះអរហត្តផលថា ខ្ញុំដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ លំដាប់នោះ ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុមួយរូបមកថា ម្នាលភិក្ខុ អ្នកចូរមក ចូរហៅសារីបុត្ត តាមពាក្យតថាគតមកថា បពិត្រព្រះសារីបុត្តមានអាយុ ព្រះសាស្តាត្រាស់ទៅលោកម្ចាស់។ ភិក្ខុនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណា ព្រះអង្គ ហើយក៏ចូលទៅរក ព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា បពិត្រព្រះសារីបុត្តមានអាយុ ព្រះសាស្តាត្រាស់ហៅលោកម្ចាស់។ ព្រះសារីបុត្តមានអាយុ ទទួលពាក្យភិក្ខុនោះថា អើអាវុសោ ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។

[១០៦] លុះព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ត្រាស់សួរដូច្នេះថា ម្នាលសារីបុត្ត ឮថា អ្នកពោលអួតអរហត្តផលថា ខ្ញុំដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ដូច្នេះពិតឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនបានពោលសេចក្តី ដោយបទទាំងនេះ ដោយព្យញ្ជនៈទាំងនេះទេ។ ម្នាលសារីបុត្ត កុលបុត្តពោលអួតអរហត្តផល សូម្បីដោយបរិយាយណាមួយ ត្រូវតែឃើញនូវពាក្យពោលអួត ថាជាពាក្យពោលអួត ដោយពិត។ បពិត្រព្រះអង្គដ៏ចំរើន ក្រែងខ្ញុំព្រះអង្គ ទើបនឹងក្រាបទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនបានពោលសេចក្តី ដោយបទទាំងនុ៎ះ ដោយព្យញ្ជនៈទាំងនុ៎ះទេ ដូច្នេះឬ។ ម្នាលសារីបុត្ត ប្រសិនបើជនទាំងឡាយ សួរអ្នកយ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះលោកបានដឹងដូចម្តេច បានឃើញដូចម្តេច បានជាពោលអួតអរហត្តផលថា ខ្ញុំដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ម្នាលសារីបុត្ត កាលបើគេសួរយ៉ាងនេះ អ្នកគប្បីដោះស្រាយដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះលោកដឹងដូចម្តេច ឃើញដូចម្តេច បានជាពោលអួតអរហត្តផលថា ខ្ញុំដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ជាតិ មានធម៌ណាជាហេតុ កាលបើបច្ច័យនៃជាតិអស់ហើយ ព្រោះការអស់ទៅនៃហេតុនោះ យើងក៏ដឹងច្បាស់ថា ផល គឺជាតិអស់ហើយ ទើបប្តេជ្ញាថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះឯង។

[១០៧] ម្នាលសារីបុត្ត ប្រសិនបើជនទាំងឡាយ សួរអ្នកយ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះជាតិ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព ម្នាលសារីបុត្ត កាលបើគេសួរយ៉ាងនេះ អ្នកគប្បីដោះស្រាយ ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គ យ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះជាតិ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ជាតិ មានភពជាហេតុ មានភពនាំឲ្យកើត មានភពជាកំណើត មានភពជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះឯង។

[១០៨] ម្នាលសារីបុត្ត ប្រសិនបើជនទាំងឡាយ សួរអ្នកយ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះភព មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព ម្នាលសារីបុត្ត កាលបើគេសួរយ៉ាងនេះ អ្នកគប្បីដោះស្រាយ ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គ យ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះភព មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភព មានឧបាទានជាហេតុ មានឧបាទាននាំឲ្យកើត មានឧបាទានជាកំណើត មានឧបាទានជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះឯង។

[១០៩] ម្នាលសារីបុត្ត ប្រសិនបើជនទាំងឡាយ សួរអ្នកយ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះឧបាទាន មានអ្វីជាហេតុ។បេ។ មានអ្វីជាប្រភព ម្នាលសារីបុត្ត កាលបើគេសួរយ៉ាងនេះ អ្នកគប្បីដោះស្រាយ ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គ យ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះឧបាទាន មានអ្វីជាហេតុ។បេ។ មានអ្វីជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ឧបាទាន មានតណ្ហាជាហេតុ។បេ។ មានតណ្ហាជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះឯង។

[១១០] ម្នាលសារីបុត្ត ប្រសិនបើជនទាំងឡាយ សួរអ្នកយ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះតណ្ហា មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព ម្នាលសារីបុត្ត កាលបើគេសួរយ៉ាងនេះ អ្នកគប្បីដោះស្រាយ ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គ យ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះតណ្ហា មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ តណ្ហា មានវេទនាជាហេតុ មានវេទនានាំឲ្យកើត មានវេទនាជាកំណើត មានវេទនាជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះឯង។

[១១១] ម្នាលសារីបុត្ត ប្រសិនបើជនទាំងឡាយ សួរអ្នកយ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះវេទនា មានអ្វីជាហេតុ។បេ។ មានអ្វីជាប្រភព ម្នាលសារីបុត្ត កាលបើគេសួរយ៉ាងនេះ អ្នកគប្បីដោះស្រាយ ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គ យ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះវេទនា មានអ្វីជាហេតុ។បេ។ មានអ្វីជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ វេទនា មានផស្សៈជាហេតុ។បេ។ មានផស្សៈជាប្រភព បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះឯង។

[១១២] ម្នាលសារីបុត្ត ប្រសិនបើជនទាំងឡាយ សួរអ្នកយ៉ាងនេះថា នែសារីបុត្តមានអាយុ លោកបានដឹងដូចម្តេច ឃើញដូចម្តេច បានជាសេចក្តីត្រេកអរ ក្នុងវេទនាទាំងឡាយ មិនតាំងឡើងបាន ម្នាលសារីបុត្ត កាលបើគេសួរយ៉ាងនេះ អ្នកគប្បីដោះស្រាយ ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គ យ៉ាងនេះថា នែសារីបុត្តមានអាយុ លោកបានដឹងដូចម្តេច ឃើញដូចម្តេច បានជាសេចក្តីត្រេកអរក្នុងវេទនាទាំងឡាយ មិនតាំងឡើងបាន បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ វេទនានេះ មាន៣ វេទនាទាំង៣ តើដូចម្តេច គឺសុខវេទនា១ ទុក្ខវេទនា១ អទុក្ខមសុខវេទនា១ ម្នាលអាវុសោទាំងឡាយ វេទនាទាំង៣នេះឯង មិនទៀង ធម្មជាតណាមិនទៀង ធម្មជាតនោះ យើងដឹងច្បាស់ថាជាទុក្ខ បានជាសេចក្តីត្រេកអរ ក្នុងវេទនាទាំងឡាយមិនតាំងឡើងបាន បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះឯង។

[១១៣] ម្នាលសារីបុត្ត ត្រូវហើយ ត្រូវហើយ ម្នាលសារីបុត្ត នេះឯង ជាបរិយាយ ប្រព្រឹត្តទៅ ដើម្បីការដោះស្រាយនូវសេចក្តីនេះ ដោយសង្ខេបថា ការទទួលអារម្មណ៍ណាមួយ ការទទួលអារម្មណ៍នោះ ជាទុក្ខ ម្នាលសារីបុត្ត ចុះប្រសិនបើជនទាំងឡាយ សួរយ៉ាងនេះថា នែសារីបុត្តមានអាយុ ព្រោះវិមោក្ខដូចម្តេច លោកទើបពោលអួតអរហត្តផលថា យើងដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ម្នាលសារីបុត្ត កាលបើគេសួរយ៉ាងនេះ អ្នកគប្បីដោះស្រាយដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា នែសារីបុត្តមានអាយុ ព្រោះវិមោក្ខដូចម្តេច លោកទើបពោលអួតអរហត្តផលថា ខ្ញុំដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ព្រោះតែអជ្ឈត្តវិមោក្ខ2) ទើបអាសវៈទាំងឡាយ មិនជាប់តាមយើង ដែលមានសតិយ៉ាងណា យើងក៏មានសតិយ៉ាងនោះ ព្រោះការអស់ទៅនៃឧបាទានទាំងពួង មួយទៀត យើងមិនបានមើលងាយនូវខ្លួនឡើយ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គគប្បីដោះស្រាយ យ៉ាងនេះឯង។

[១១៤] ម្នាលសារីបុត្ត ត្រូវហើយ ត្រូវហើយ ម្នាលសារីបុត្ត នេះឯង ជាបរិយាយ ប្រព្រឹត្តទៅ ដើម្បីការដោះស្រាយសេចក្តីនេះ ដោយសង្ខេបថា អាសវៈទាំងឡាយណា ដែលព្រះពុទ្ធ ជាសមណៈ បានពោលហើយ យើងមិនសង្ស័យក្នុងអាសវៈទាំងនោះទេ អាសវៈទាំងនោះ យើងបានលះហើយ ព្រោះហេតុនោះ យើងមិនងឿងឆ្ងល់ឡើយ។ ព្រះមានព្រះភាគ បានត្រាស់នូវពាក្យនេះហើយ លុះព្រះសុគត ត្រាស់នូវពាក្យនេះរួចហើយ ក៏ទ្រង់ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ។

[១១៥] កាលដែលព្រះមានព្រះភាគ ស្តេចចេញទៅមិនយូរប៉ុន្មាន ព្រះសារីបុត្តមានអាយុ ក៏ហៅភិក្ខុទាំងឡាយក្នុងទីនោះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ បានសួរប្រស្នាទី១នឹងខ្ញុំ ជាប្រស្នាដែលខ្ញុំមិនធ្លាប់ដឹងពីមុនមកទេ សេចក្តីយឺតយូរ ក្នុងការដោះស្រាយ ក៏កើតមានដល់ខ្ញុំ ម្នាលអាវុសោទាំងឡាយ កាលដែលព្រះមានព្រះភាគ បានអនុមោទនាប្រស្នាជាដំបូងរបស់ខ្ញុំហើយ ម្នាលអាវុសោទាំងឡាយ ខ្ញុំមានសេចក្តីត្រិះរិះដូច្នេះថា ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ចំពោះអាត្មាអញ អស់មួយថ្ងៃ អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ថ្វាយព្រះមានព្រះភាគ អស់មួយថ្ងៃ ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ចំពោះអាត្មាអញ អស់មួយយប់ អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ថ្វាយព្រះមានព្រះភាគ អស់មួយយប់ ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ចំពោះអាត្មាអញ អស់មួយយប់មួយថ្ងៃ អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ថ្វាយព្រះមានព្រះភាគ អស់មួយយប់មួយថ្ងៃ ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ចំពោះអាត្មាអញ អស់២យប់២ថ្ងៃ។បេ។ អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ថ្វាយព្រះមានព្រះភាគ អស់២យប់២ថ្ងៃ។បេ។ ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ចំពោះអាត្មាអញ អស់៣យប់ ៣ថ្ងៃ… អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ថ្វាយព្រះមានព្រះភាគ អស់៣យប់៣ថ្ងៃ… ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ចំពោះអាត្មាអញ អស់៤យប់ ៤ថ្ងៃ… អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ថ្វាយព្រះមានព្រះភាគ អស់៤យប់៤ថ្ងៃ… ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ចំពោះអាត្មាអញ អស់៥យប់៥ថ្ងៃ… អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ថ្វាយព្រះមានព្រះភាគ អស់៥យប់ ៥ថ្ងៃ… ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ចំពោះអាត្មាអញ អស់៦យប់៦ថ្ងៃ… អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ថ្វាយព្រះមានព្រះភាគ អស់៦យប់៦ថ្ងៃ… ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ចំពោះអាត្មាអញ អស់៧យប់៧ថ្ងៃ អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ថ្វាយព្រះមានព្រះភាគ អស់៧យប់៧ថ្ងៃ។

[១១៦] គ្រានោះ កឡារខត្តិយភិក្ខុ ក្រោកអំពីអាសនៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះកឡារខត្តិយភិក្ខុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ បន្លឺសីហនាទថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ បានសួរប្រស្នាទី១នឹងខ្ញុំ ជាប្រស្នាដែលខ្ញុំមិនធ្លាប់ដឹងមកពីកាលមុនទេ សេចក្តីយឺតយូរ ក្នុងការដោះស្រាយ ក៏កើតមានដល់ខ្ញុំ ម្នាលអាវុសោទាំងឡាយ កាលណាបើព្រះមានព្រះភាគ បានអនុមោទនាប្រស្នាជាដំបូង របស់ខ្ញុំហើយ ម្នាលអាវុសោទាំងឡាយ ខ្ញុំមានសេចក្តីត្រិះរិះ ដូច្នេះថា ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ចំពោះអាត្មាអញ អស់១ថ្ងៃ អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ថ្វាយព្រះមានព្រះភាគ អស់១ថ្ងៃ ប្រសិនបើអស់១យប់។បេ។ ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ចំពោះអាត្មាអញ អស់១យប់១ថ្ងៃ… ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ចំពោះអាត្មាអញ អស់២យប់២ថ្ងៃ… ៣យប់ ៣ថ្ងៃ… ៤យប់ ៤ថ្ងៃ… ៥យប់៥ថ្ងៃ… ៦យប់៦ថ្ងៃ… ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ចំពោះអាត្មាអញ អស់៧យប់៧ថ្ងៃ អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ថ្វាយព្រះមានព្រះភាគ អស់៧យប់៧ថ្ងៃ។

[១១៧] ម្នាលភិក្ខុ ធម្មធាតុ3) គឺសារីបុត្តត្រាស់ដឹងហើយដោយប្រពៃពិត ព្រោះតែត្រាស់ដឹងធម្មធាតុដោយប្រពៃ បានជាបើតថាគតសួរសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ចំពោះសារីបុត្ត អស់១ថ្ងៃ សារីបុត្ត គប្បីដោះស្រាយសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ប្រាប់តថាគត អស់១ថ្ងៃបាន ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ចំពោះសារីបុត្ត អស់១យប់ សារីបុត្តក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ប្រាប់តថាគតអស់១យប់បាន។បេ។ ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ចំពោះសារីបុត្ត អស់១យប់១ថ្ងៃ… សារីបុត្ត ក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ប្រាប់តថាគត អស់១យប់១ថ្ងៃ… ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ចំពោះសារីបុត្ត អស់២យប់២ថ្ងៃ… សារីបុត្ត ក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ប្រាប់តថាគត អស់២យប់២ថ្ងៃ… ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ចំពោះសារីបុត្ត អស់៣យប់៣ថ្ងៃ… សារីបុត្ត ក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ប្រាប់តថាគត អស់៣យប់៣ថ្ងៃ… ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ចំពោះសារីបុត្ត អស់៤យប់៤ថ្ងៃ… សារីបុត្ត ក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ប្រាប់តថាគត អស់៤យប់៤ថ្ងៃ… ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ចំពោះសារីបុត្ត អស់៥យប់៥ថ្ងៃ… សារីបុត្ត ក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ប្រាប់តថាគត អស់៥យប់៥ថ្ងៃ… ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ចំពោះសារីបុត្ត អស់៦យប់៦ថ្ងៃ… សារីបុត្ត ក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ប្រាប់តថាគត អស់៦យប់៦ថ្ងៃ… ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ចំពោះសារីបុត្ត អស់៧យប់៧ថ្ងៃ សារីបុត្ត ក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ប្រាប់តថាគត អស់៧យប់៧ថ្ងៃបាន។

ចប់សូត្រ ទី២។

(ញាណវត្ថុ)សូត្រ ទី៣

(៣. ញាណវត្ថុសុត្តំ)

[១១៨] ទ្រង់គង់ជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវញាណវត្ថុ៤៤ប្រការ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរយកចិត្តទុកដាក់ ប្រុងស្តាប់ពាក្យនោះ ឲ្យប្រពៃចុះ តថាគត នឹងពោលឲ្យស្តាប់។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។

[១១៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះញាណវត្ថុទាំង៤៤ តើដូចម្តេចខ្លះ គឺសេចក្តីដឹងក្នុងជរា និងមរណៈ១ សេចក្តីដឹងក្នុងហេតុ ជាទីកើតឡើងនៃជរា និងមរណៈ១ សេចក្តីដឹងក្នុងទីរលត់នៃជរា និងមរណៈ១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃជរា និងមរណៈ១ សេចក្តីដឹងក្នុងជាតិ១ សេចក្តីដឹងក្នុងហេតុជាទីកើតឡើងនៃជាតិ១ សេចក្តីដឹងក្នុងទីរលត់នៃជាតិ១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃជាតិ១ សេចក្តីដឹងក្នុងភព១ សេចក្តីដឹងក្នុងហេតុជាទីកើតឡើងនៃភព១ សេចក្តីដឹងក្នុងទីរលត់នៃភព១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃភព១ សេចក្តីដឹងក្នុងឧបាទាន១ សេចក្តីដឹងក្នុងហេតុជាទីកើតឡើងនៃឧបាទាន១ សេចក្តីដឹងក្នុងទីរលត់នៃឧបាទាន១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃឧបាទាន១ សេចក្តីដឹងក្នុងតណ្ហា១ សេចក្តីដឹងក្នុងហេតុជាទីកើតឡើងនៃតណ្ហា១ សេចក្តីដឹងក្នុងទីរលត់នៃតណ្ហា១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃតណ្ហា១ សេចក្តីដឹងក្នុងវេទនា១ សេចក្តីដឹងក្នុងហេតុជាទីកើតឡើងនៃវេទនា១ សេចក្តីដឹងក្នុងទីរលត់នៃវេទនា១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃវេទនា១ សេចក្តីដឹងក្នុងផស្សៈ១…. សេចក្តីដឹងក្នុងសឡាយតនៈ១… សេចក្តីដឹងក្នុងនាមរូប១… សេចក្តីដឹងក្នុងវិញ្ញាណ១… សេចក្តីដឹងក្នុងសង្ខារទាំងឡាយ១… សេចក្តីដឹងក្នុងហេតុជាទីកើតឡើងនៃសង្ខារ១ សេចក្តីដឹងក្នុងទីរលត់នៃសង្ខារ១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃសង្ខារ១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ញាណវត្ថុ ៤៤ប្រការ ។

[១២០] ម្នាលភិក្ខុទាំងឡាយ ជរា និងមរណៈ តើដូចម្តេច។ សេចក្តីគ្រាំគ្រា ភាពគ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវ ដំណើរថយអាយុ ដំណើរចាស់ទុំនៃឥន្ទ្រិយទាំងឡាយណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ នេះហៅថា ជរា។ ចុតិ ការឃ្លាត ការបែកធ្លាយ ការបាត់បង់ សេចក្តីស្លាប់ ដំណើរងាប់ ការធ្វើនូវមរណកាល ការបែកធ្លាយនៃខន្ធទាំងឡាយ ការដាក់ចុះនូវសាកសព ការដាច់នៃជីវិតិន្ទ្រិយណា របស់សត្វទាំងឡាយនោះៗ ចាកសត្តនិកាយនោះៗ នេះហៅថា មរណៈ។ ម្នាលភិក្ខុទាំងឡាយ ជរានេះផង មរណៈនេះផង នេះហៅថា ជរា និងមរណៈ ដោយប្រការដូច្នេះឯង។ ការកើតឡើងនៃជរា និងមរណៈ ព្រោះការកើតឡើងនៃជាតិ ការរលត់នៃជរានិងមរណៈ ព្រោះការរលត់នៃជាតិ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ប្រការនេះឯង ជាបដិបទា ដែលជាដំណើរទៅកាន់ទីរលត់នៃជរា និងមរណៈ គឺប្រាជ្ញាយល់ឃើញត្រូវ១។បេ។ ការតម្កល់ចិត្តត្រូវ១។

[១២១] ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័កដឹងច្បាស់ នូវជរា និងមរណៈយ៉ាងនេះ ដឹងច្បាស់នូវហេតុជាទីកើតឡើង នៃជរា និងមរណៈយ៉ាងនេះ ដឹងច្បាស់នូវទីរលត់នៃជរា និងមរណៈ យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃជរា និងមរណៈ យ៉ាងនេះ នេះជាធម្មញ្ញាណ របស់អរិយសាវ័កនោះ។ អរិយសាវ័កនោះ តែងនាំទៅនូវន័យ ក្នុងអតីតកាល និងអនាគតកាល ដោយធម៌នេះ4) ដែលខ្លួនបានឃើញហើយ ដឹងច្បាស់ហើយ ជាធម៌ឲ្យផលមិនខុសកាល ជាធម៌ដែលខ្លួនបានដល់ហើយ បានជ្រួតជ្រាបហើយ ដោយបញ្ញាថា ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងអតីតកាល ដឹងច្បាស់ នូវជរា និងមរណៈ ដឹងច្បាស់នូវហេតុជាទីកើតឡើង នៃជរានិងមរណៈ ដឹងច្បាស់នូវទីរលត់នៃជរានិងមរណៈ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃជរានិងមរណៈ សមណព្រាហ្មណ៍ទាំងអស់នោះ បានដឹងច្បាស់យ៉ាងនេះឯង ដូចជាអាត្មាអញ ក្នុងកាលឥឡូវនេះ។ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយក្នុងអនាគតកាល នឹងដឹងច្បាស់ នូវជរា និងមរណៈ នឹងដឹងច្បាស់នូវហេតុជាទីកើតឡើង នៃជរានិងមរណៈ នឹងដឹងច្បាស់នូវទីរលត់នៃជរានិងមរណៈ នឹងដឹងច្បាស់នូវបដិបទា ដែលជាដំណើរទៅកាន់ទីរលត់ នៃជរានិងមរណៈ សមណព្រាហ្មណ៍ទាំងអស់នោះ នឹងដឹងច្បាស់យ៉ាងនេះឯង ដូចជាអាត្មាអញ ក្នុងកាលឥឡូវនេះ។ នេះជា អន្វយញ្ញាណ5) របស់អរិយសាវ័កនោះ។

[១២២] ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក មានញាណទាំង២នេះ គឺ ធម្មញ្ញាណ ១ អន្វយញ្ញាណ ១ បរិសុទ្ធ ផូរផង់ហើយ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា បរិបូណ៌ដោយទិដ្ឋិក៏បាន ថាបរិបូណ៌ដោយទស្សនៈក៏បាន ថាមកកាន់ព្រះសទ្ធម្មនេះក៏បាន ថាឃើញព្រះសទ្ធម្មនេះក៏បាន ថាប្រកបដោយសេក្ខញ្ញាណក៏បាន ថាប្រកបដោយសេក្ខវិជ្ជាក៏បាន ថាដល់ព្រម នូវធម្មស្រោតក៏បាន ថាជាអរិយៈ អ្នកមាននិព្វេធិកប្បញ្ញាក៏បាន ថាឋិតអែបនឹងទ្វារនៃអមតនិព្វានក៏បាន។

[១២៣] ម្នាលភិក្ខុទាំងឡាយ ជាតិ តើដូចម្តេច។បេ។ ម្នាលភិក្ខុទាំងឡាយ ភព តើដូចម្តេច… ម្នាលភិក្ខុទាំងឡាយ ឧបាទាន តើដូចម្តេច… ម្នាលភិក្ខុទាំងឡាយ តណ្ហា តើដូចម្តេច… ម្នាលភិក្ខុទាំងឡាយ វេទនា តើដូចម្តេច… ម្នាលភិក្ខុទាំងឡាយ ផស្សៈ តើដូចម្តេច… ម្នាលភិក្ខុទាំងឡាយ សឡាយតនៈ តើដូចម្តេច… ម្នាលភិក្ខុទាំងឡាយ នាមរូប តើដូចម្តេច… ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ តើដូចម្តេច… ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ សង្ខារនេះ មាន៣គឺ កាយសង្ខារ១ វចីសង្ខារ១ ចិត្តសង្ខារ១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សង្ខារទាំងឡាយ។ ការកើតឡើងនៃសង្ខារ ព្រោះការកើតឡើងនៃអវិជ្ជា ការរលត់នៃសង្ខារ ព្រោះការរលត់នៃអវិជ្ជា មគ្គដ៏ប្រសើរ ប្រកបដោយអង្គទាំង៨ប្រការនេះឯង ជាបដិបទា ដែលជាដំណើរទៅកាន់ទីរលត់នៃសង្ខារ គឺប្រាជ្ញាយល់ឃើញត្រូវ១។បេ។ ការតម្កល់ចិត្តត្រូវ១។

[១២៤] ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័កដឹងច្បាស់ នូវសង្ខារទាំងឡាយយ៉ាងនេះ ដឹងច្បាស់នូវហេតុជាទីកើតឡើង នៃសង្ខារយ៉ាងនេះ ដឹងច្បាស់នូវទីរលត់នៃសង្ខារ យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ យ៉ាងនេះ នេះជាធម្មញ្ញាណ របស់អរិយសាវ័កនោះ។ អរិយសាវ័កនោះ តែងនាំទៅនូវន័យ ក្នុងអតីតកាល និងអនាគតកាល ដោយធម៌នេះ ដែលខ្លួនបានឃើញហើយ ដឹងច្បាស់ហើយ ជាធម៌ឲ្យផលមិនខុសកាល ជាធម៌ដែលខ្លួនបានដល់ហើយ បានជ្រួតជ្រាបហើយ ដោយបញ្ញាថា ពួកសមណព្រាហ្មណ៍ណាមួយ ក្នុងអតីតកាល បានដឹងច្បាស់ នូវសង្ខារទាំងឡាយ ដឹងច្បាស់នូវហេតុជាទីកើតឡើង នៃសង្ខារ ដឹងច្បាស់នូវទីរលត់នៃសង្ខារ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ សមណព្រាហ្មណ៍ទាំងអស់នោះ បានដឹងច្បាស់យ៉ាងនេះឯង ដូចជាអាត្មាអញ ក្នុងកាលឥឡូវនេះដែរ។ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងអនាគតកាល នឹងដឹងច្បាស់ នូវសង្ខារទាំងឡាយ នឹងដឹងច្បាស់ នូវហេតុជាទីកើតឡើង នៃសង្ខារ នឹងដឹងច្បាស់ នូវទីរលត់នៃសង្ខារ នឹងដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ សមណព្រាហ្មណ៍ទាំងអស់នោះ នឹងដឹងច្បាស់យ៉ាងនេះឯង ដូចជាអាត្មាអញ ក្នុងកាលឥឡូវនេះដែរ។ នេះជាអន្វយញ្ញាណ របស់អរិយសាវ័កនោះ។

[១២៥] ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក មានញាណទាំង២នេះ គឺធម្មញ្ញាណ១ អន្វយញ្ញាណ១ បរិសុទ្ធ ផូរផង់ហើយ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា បរិបូណ៌ដោយទិដ្ឋិក៏បាន ថាបរិបូណ៌ដោយទស្សនៈក៏បាន ថាមកកាន់ព្រះសទ្ធម្មនេះក៏បាន ថាឃើញព្រះសទ្ធម្មនេះក៏បាន ថាប្រកបដោយសេក្ខញ្ញាណក៏បាន ថាប្រកបដោយសេក្ខវិជ្ជាក៏បាន ថាដល់ព្រម នូវធម្មស្រោតក៏បាន ថាជាអរិយៈ អ្នកមាននិព្វេធិកប្បញ្ញាក៏បាន ថាឋិតអែបនឹងទ្វារ នៃអមតនិព្វានក៏បាន។

ចប់សូត្រ ទី៣។

(ទុតិយញាណវត្ថុ)សូត្រ ទី៤

(៤. ទុតិយញាណវត្ថុសុត្តំ)

[១២៦] ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងញាណវត្ថុ៧៧ ប្រការ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរយកចិត្តទុកដាក់ ប្រុងចាំស្តាប់ពាក្យនោះ ឲ្យប្រពៃចុះ តថាគតនឹងពោលឲ្យស្តាប់។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[១២៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ញាណវត្ថុ ទាំង៧៧ប្រការ តើដូចម្តេច គឺសេចក្តីដឹងថា ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ១ សេចក្តដឹងថា កាលបើជាតិមិនមាន ជរា និងមរណៈក៏មិនមាន១ សេចក្តីដឹងថា ជរា និងមរណៈ ជាអតីតកាលកើតមាន ព្រោះជាតិជាបច្ច័យ១ សេចក្តដឹងថា កាលបើជាតិមិនមាន ជរា និងមរណៈក៏មិនមាន១ សេចក្តីដឹងថា ជរា និងមរណៈ ជាអនាគតកាលកើតមាន ព្រោះជាតិជាបច្ច័យ១ សេចក្តដឹងថា កាលបើជាតិមិនមាន ជរា និងមរណៈក៏មិនមាន១ សេចក្តីដឹងថា ធម្មដ្ឋិតិញ្ញាណ (បច្ចយាការញ្ញាណ) ណា គប្បីមាន ធម្មដ្ឋិតិញ្ញាណនោះ មានកិរិយាអស់ទៅជាធម្មតា មានកិរិយាសូន្យទៅជាធម្មតា មានកិរិយាវិនាសទៅជាធម្មតា មានកិរិយារលត់ទៅជាធម្មតា១។ សេចក្តីដឹងថា ជាតិកើតមាន ព្រោះភពជាបច្ច័យ១។បេ។ សេចក្តីដឹងថា ភពកើតមាន ព្រោះឧបាទានជាបច្ច័យ១… សេចក្តីដឹងថា ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ១… សេចក្តីដឹងថា តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ១… សេចក្តីដឹងថា វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ១… សេចក្តីដឹងថា ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ១… សេចក្តីដឹងថា សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ១… សេចក្តីដឹងថា នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ១… សេចក្តីដឹងថា វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ១… សេចក្តីដឹងថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ១… សេចក្តីដឹងថា កាលបើអវិជ្ជាមិនមានហើយ សង្ខារទាំងឡាយ ក៏មិនមាន១ សេចក្តីដឹងថា សង្ខារទាំងឡាយ ជាអតីតកាលកើតមាន ព្រោះអវិជ្ជាជាបច្ច័យ១ សេចក្តីដឹងថា កាលបើអវិជ្ជាមិនមាន សង្ខារទាំងឡាយ ក៏មិនមាន១ សេចក្តីដឹងថា សង្ខារទាំងឡាយ ជាអនាគតកាលកើតមាន ព្រោះអវិជ្ជាជាបច្ច័យ១ សេចក្តីដឹងថា កាលបើអវិជ្ជាមិនមាន សង្ខារទាំងឡាយ ក៏មិនមាន១ សេចក្តីដឹងថា ធម្មដ្ឋិតិញ្ញាណណា គប្បីមាន ធម្មដ្ឋិតិញ្ញាណនោះ មានកិរិយាអស់ទៅជាធម្មតា មានកិរិយាសូន្យទៅជាធម្មតា មានកិរិយាវិនាសទៅជាធម្មតា មានកិរិយារលត់ទៅជាធម្មតា១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ញាណវត្ថុ៧៧ប្រការ។

ចប់សូត្រ ទី៤។

(អវិជ្ជាបច្ចយ)សូត្រ ទី៥

(៥. អវិជ្ជាបច្ចយសុត្តំ)

[១២៨] ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

[១២៩] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុ១រូប ក៏ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ជរា និងមរណៈ តើដូចម្តេចហ្ន៎ មួយទៀត ជរានិងមរណៈនេះឯង ជារបស់អ្នកណា។ ព្រះមានព្រះភាគត្រាស់ថា ប្រស្នានេះមិនត្រូវទេ ហើយទ្រង់ត្រាស់តទៅទៀតថា ម្នាលភិក្ខុ បុគ្គលណា ពោលថា ជរា និងមរណៈ ដូចម្តេច មួយទៀត ជរានិងមរណៈនេះឯង ជារបស់អ្នកណា ដូច្នេះក្តី ម្នាលភិក្ខុ បុគ្គលណាពោលថា ជរា និងមរណៈ ដទៃ មួយទៀត ជរានិងមរណៈនេះឯង ជារបស់បុគ្គលដទៃ ដូច្នេះក្តី ពាក្យទាំង២នេះ មានអត្ថដូចគ្នា ផ្សេងតែព្យញ្ជនៈ។ ម្នាលភិក្ខុ កាលបើមានសេចក្តីឃើញថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ រមែងមិនមាន ម្នាលភិក្ខុ កាលបើមានសេចក្តីឃើញថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ ក៏រមែងមិនមាន។ ម្នាលភិក្ខុ ព្រះតថាគត មិនប្រកាន់នូវអន្តធម៌ គឺធម៌ដ៏លាមក ទាំង២នោះឡើយ តែងសំដែងធម៌ ដោយបទកណ្តាលថា ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ។

[១៣០] បពិត្រព្រះអង្គដ៏ចំរើន ជាតិ តើដូចម្តេចហ្ន៎ មួយទៀត ជាតិនេះឯង ជារបស់អ្នកណា។ ព្រះមានព្រះភាគ ត្រាស់ថា ប្រស្នានេះមិនត្រូវទេ ហើយទ្រង់ត្រាស់តទៅទៀតថា ម្នាលភិក្ខុ បុគ្គលណា ពោលថា ជាតិ ដូចម្តេច មួយទៀត ជាតិនេះឯង ជារបស់អ្នកណា ដូច្នេះក្តី ម្នាលភិក្ខុ បុគ្គលណាពោលថា ជាតិ ដទៃ មួយទៀត ជាតិនេះឯង ជារបស់បុគ្គលដទៃ ដូច្នេះក្តី ពាក្យទាំង២នេះឯង មានអត្ថដូចគ្នា ផ្សេងតែព្យញ្ជនៈ។ ម្នាលភិក្ខុ កាលបើមានសេចក្តីឃើញថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ រមែងមិនមាន ម្នាលភិក្ខុ កាលបើមានសេចក្តីឃើញថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ ក៏រមែងមិនមាន។ ម្នាលភិក្ខុ ព្រះតថាគត មិនបានប្រកាន់នូវអន្តធម៌ ទាំង២នោះឡើយ តែងសំដែងធម៌ ដោយបទកណ្តាលថា ជាតិកើតមាន ព្រោះភពជាបច្ច័យ។

[១៣១] បពិត្រព្រះអង្គដ៏ចំរើន ភព តើដូចម្តេចហ្ន៎ មួយទៀត ភពនេះឯង ជារបស់អ្នកណា។ ព្រះមានព្រះភាគ ត្រាស់ថា ប្រស្នានេះមិនត្រូវទេ ហើយទ្រង់ត្រាស់តទៅទៀតថា ម្នាលភិក្ខុ បុគ្គលណា ពោលថា ភព ដូចម្តេច មួយទៀត ភពនេះឯង ជារបស់អ្នកណា ដូច្នេះក្តី ម្នាលភិក្ខុ បុគ្គលណាពោលថា ភព ដទៃ មួយទៀត ភពនេះឯង ជារបស់បុគ្គលដទៃ ដូច្នេះក្តី ពាក្យទាំង២នេះឯង មានអត្ថដូចគ្នា ផ្សេងតែព្យញ្ជនៈ។ ម្នាលភិក្ខុ កាលបើមានសេចក្តីឃើញថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ រមែងមិនមាន ម្នាលភិក្ខុ កាលបើមានសេចក្តីឃើញថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ ក៏រមែងមិនមាន។ ម្នាលភិក្ខុ ព្រះតថាគត មិនប៉ះពាល់នូវអន្តធម៌ ទាំង២នោះឡើយ តែងសំដែងធម៌ ដោយបទកណ្តាលថា ភពកើតមាន ព្រោះឧបាទានជាបច្ច័យ។។បេ។ ថា ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ… ថា តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ… ថា វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ… ថា ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ… ថា សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ… ថា នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ… ថា វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។

[១៣២] បពិត្រព្រះអង្គដ៏ចំរើន សង្ខារទាំងឡាយ តើដូចម្តេច មួយទៀត សង្ខារទាំងនេះឯង ជារបស់អ្នកណា។ ព្រះមានព្រះភាគ ត្រាស់ថា ប្រស្នានេះមិនត្រូវទេ ហើយទ្រង់ត្រាស់តទៅទៀតថា ម្នាលភិក្ខុ បុគ្គលណា ពោលថា សង្ខារទាំងឡាយ ដូចម្តេច មួយទៀត សង្ខារទាំងនេះឯង ជារបស់អ្នកណា ដូច្នេះក្តី ម្នាលភិក្ខុ បុគ្គលណាពោលថា សង្ខារទាំងឡាយ ដទៃ មួយទៀត សង្ខារទាំងនេះឯង ជារបស់បុគ្គលដទៃ ដូច្នេះក្តី ពាក្យទាំង២នេះ មានអត្ថដូចគ្នា ផ្សេងតែព្យញ្ជនៈ។ ម្នាលភិក្ខុ កាលបើមានសេចក្តីឃើញថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ រមែងមិនមាន ម្នាលភិក្ខុ កាលបើមានសេចក្តីឃើញថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ ក៏រមែងមិនមាន។ ម្នាលភិក្ខុ ព្រះតថាគត មិនប៉ះពាល់នូវអន្តធម៌ ទាំង២នោះឡើយ តែងសំដែងធម៌ ដោយបទកណ្តាលថា សង្ខារទាំងឡាយ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ។

[១៣៣] ម្នាលភិក្ខុ សេចក្តីចម្រូងចម្រាស សេចក្តីប្រកាន់ទទឹងទទែង សេចក្តីប្រកាន់ឆ្វេងណានីមួយៗ របស់បុគ្គលនោះ ថា ជរា និងមរណៈ ដូចម្តេច មួយទៀត ជរា និងមរណៈនេះឯង ជារបស់អ្នកណា ដូច្នេះក្តី ថា ជរា និងមរណៈ ដទៃ មួយទៀត ជរា និងមរណៈនេះឯង ជារបស់បុគ្គលដទៃ ដូច្នេះក្តី ថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ធម្មជាតទាំងអស់នោះ បុគ្គលនោះ បានលះបង់ហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ជាធម្មជាត ដល់នូវការមិនមានបែបភាព មានសភាពមិនកើតឡើងតទៅ ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា។

[១៣៤] ម្នាលភិក្ខុ សេចក្តីចម្រូងចម្រាស សេចក្តីប្រកាន់ទទឹងទទែង សេចក្តីប្រកាន់ឆ្វេងណានីមួយៗ របស់បុគ្គលនោះ ថា ជាតិ ដូចម្តេច មួយទៀត ជាតិនេះឯង ជារបស់អ្នកណា ដូច្នេះក្តី ថា ជាតិ ដទៃ មួយទៀត ជាតិនេះឯង ជារបស់បុគ្គលដទៃ ដូច្នេះក្តី ថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ធម្មជាតទាំងអស់នោះ បុគ្គលនោះ បានលះបង់ហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ជាធម្មជាត ដល់នូវការមិនមានបែបភាព មានសភាពមិនកើតឡើងតទៅ ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា។

[១៣៥] ម្នាលភិក្ខុ សេចក្តីចម្រូងចម្រាស សេចក្តីប្រកាន់ទទឹងទទែង សេចក្តីប្រកាន់ឆ្វេងណានីមួយៗ របស់បុគ្គលនោះ ថា ភព ដូចម្តេច។បេ។ ឧបាទាន ដូចម្តេច… តណ្ហា ដូចម្តេច… វេទនា ដូចម្តេច… ផស្សៈ ដូចម្តេច… សឡាយតនៈ ដូចម្តេច… នាមរូប ដូចម្តេច… វិញ្ញាណ ដូចម្តេច… ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា។

[១៣៦] ម្នាលភិក្ខុ សេចក្តីចម្រូងចម្រាស សេចក្តីប្រកាន់ទទឹងទទែង សេចក្តីប្រកាន់ឆ្វេងណានីមួយៗ របស់បុគ្គលនោះ ថា សង្ខារទាំងឡាយ ដូចម្តេច មួយទៀត សង្ខារទាំងនេះឯង ជារបស់អ្នកណា ដូច្នេះក្តី ថា សង្ខារទាំងឡាយ ដទៃ មួយទៀត សង្ខារទាំងនេះឯង ជារបស់បុគ្គលដទៃ ដូច្នេះក្តី ថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ធម្មជាតទាំងអស់នោះ បុគ្គលនោះ បានលះបង់ហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ជាធម្មជាត ដល់នូវការមិនមានបែបភាព មានសភាពមិនកើតឡើងតទៅ ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា។

ចប់សូត្រ ទី៥។

(ទុតិយអវិជ្ជាបច្ចយ)សូត្រ ទី៦

(៦. ទុតិយអវិជ្ជាបច្ចយសុត្តំ)

[១៣៧] ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

[១៣៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលណាពោលថា ជរា និងមរណៈ ដូចម្តេច មួយទៀត ជរានិងមរណៈនេះ ជារបស់អ្នកណា ដូច្នេះក្តី ម្នាលភិក្ខុទាំងឡាយ បុគ្គលណាពោលថា ជរា និងមរណៈ ដទៃ មួយទៀត ជរានិងមរណៈនេះ ជារបស់បុគ្គលដទៃ ដូច្នេះក្តី ពាក្យទាំង២នេះ មានអត្ថដូចគ្នា ផ្សេងតែព្យញ្ជនៈ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានសេចក្តីឃើញថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ រមែងមិនមាន ម្នាលភិក្ខុទាំងឡាយ កាលបើមានសេចក្តីឃើញថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ ក៏រមែងមិនមាន។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត មិនប៉ះពាល់ នូវអន្តធម៌ ទាំង២នោះឡើយ តែងសំដែងធម៌ ដោយបទកណ្តាលថា ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ។បេ។ ជាតិ ដូចម្តេច… ភព ដូចម្តេច… ឧបាទាន ដូចម្តេច…. តណ្ហា ដូចម្តេច… វេទនា ដូចម្តេច… ផស្សៈ ដូចម្តេច… សឡាយតនៈ ដូចម្តេច… នាមរូប ដូចម្តេច… វិញ្ញាណដូចម្តេច…។

[១៣៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ពោលថា សង្ខារទាំងឡាយ ដូចម្តេច មួយទៀត សង្ខារទាំងនេះ ជារបស់អ្នកណា ដូច្នេះក្តី ម្នាលភិក្ខុទាំងឡាយ បុគ្គលណាពោលថា សង្ខារទាំងឡាយ ដទៃ មួយទៀត សង្ខារទាំងនេះ ជារបស់បុគ្គលដទៃ ដូច្នេះក្តី ពាក្យទាំង២នេះ មានអត្ថដូចគ្នា ផ្សេងតែព្យញ្ជនៈ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានសេចក្តីឃើញថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ រមែងមិនមាន ម្នាលភិក្ខុទាំងឡាយ កាលបើមានសេចក្តីឃើញថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ ក៏រមែងមិនមាន។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត មិនប៉ះពាល់នូវអន្តធម៌ ទាំង២នោះឡើយ តែងសំដែងធម៌ ដោយបទកណ្តាលថា សង្ខារទាំងឡាយ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ។បេ។

[១៤០] ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រូងចម្រាស សេចក្តីប្រកាន់ទទឹងទទែង សេចក្តីប្រកាន់ឆ្វេងណានីមួយៗ របស់បុគ្គលនោះ ថា ជរា និងមរណៈ ដូចម្តេច មួយទៀត ជរា និងមរណៈនេះ ជារបស់អ្នកណា ដូច្នេះក្តី ថា ជរា និងមរណៈ ដទៃ មួយទៀត ជរា និងមរណៈនេះ ជារបស់បុគ្គលដទៃ ដូច្នេះក្តី ថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ធម្មជាតទាំងអស់នោះ បុគ្គលនោះ បានលះបង់ហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ជាធម្មជាត ដល់នូវការមិនមានបែបភាព មានសភាពមិនកើតឡើងតទៅ ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា។

[១៤១] ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រូងចម្រាស សេចក្តីប្រកាន់ទទឹងទទែង សេចក្តីប្រកាន់ឆ្វេងណានីមួយៗ របស់បុគ្គលនោះ ថា ជាតិ ដូចម្តេច។បេ។ ភព ដូចម្តេច… ឧបាទាន ដូចម្តេច… តណ្ហា ដូចម្តេច… វេទនា ដូចម្តេច… ផស្សៈ ដូចម្តេច… សឡាយតនៈ ដូចម្តេច… នាមរូប ដូចម្តេច… វិញ្ញាណ ដូចម្តេច… ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា។

[១៤២] ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រូងចម្រាស សេចក្តីប្រកាន់ទទឹងទទែង សេចក្តីប្រកាន់ឆ្វេងណានីមួយៗ របស់បុគ្គលនោះ ថា សង្ខារទាំងឡាយ ដូចម្តេច មួយទៀត សង្ខារទាំងនេះ ជារបស់អ្នកណា ដូច្នេះក្តី ថា សង្ខារទាំងឡាយ ដទៃ មួយទៀត សង្ខារទាំងនេះ ជារបស់បុគ្គលដទៃ ដូច្នេះក្តី ថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ធម្មជាតទាំងអស់នោះ បុគ្គលនោះ បានលះបង់ហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ជាធម្មជាត ដល់នូវការមិនមានបែបភាព មានសភាពមិនកើតឡើងតទៅ ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា។

ចប់សូត្រ ទី៦។

(នតុម្ហ)សូត្រ ទី៧

(៧. នតុម្ហសុត្តំ)

[១៤៣] ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ កាយនេះ មិនមែនជារបស់អ្នកទាំងឡាយ ទាំងមិនមែនជារបស់បុគ្គលទាំងឡាយដទៃទេ។ ម្នាលភិក្ខុទាំងឡាយ បុរាណកម្មនេះ បុគ្គលគប្បីឃើញថា មានបច្ច័យតាក់តែង មានចេតនាជាមូល ជាហេតុនៃវេទនា។

[១៤៤] ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ អរិយសាវ័ក អ្នកចេះដឹង រមែងធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ឲ្យប្រពៃ នូវបដិច្ចសមុប្បាទថា កាលបើធម្មជាតនេះមាន ធម្មជាតនេះ ក៏មានដែរ ព្រោះតែធម្មជាតនេះកើតឡើង បានជាធម្មជាតនេះ កើតឡើងដែរ កាលបើធម្មជាតនេះមិនមាន ធម្មជាតនេះ ក៏មិនមានដែរ ព្រោះតែធម្មជាតនេះរលត់ទៅ បានជាធម្មជាតនេះរលត់ទៅដែរ គឺថា សង្ខារទាំងឡាយ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

ចប់សូត្រ ទី៧។

(ចេតនា)សូត្រ ទី៨

(៨. ចេតនាសុត្តំ)

[១៤៥] ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ បុគ្គលញុំាងចេតនាណា ឲ្យត្រិះរិះគិត6) ក្តី ញុំាងកប្បៈណា ឲ្យសម្រេច7) ក្តី ញុំាងអនុស័យណា ឲ្យដេកនៅរឿយៗក្តី ធម្មជាត មានចេតនាជាដើមនេះ ជាអារម្មណ៍8) ប្រព្រឹត្តទៅ ដើម្បីការតាំងនៅនៃវិញ្ញាណ9)) កាលបើអារម្មណ៍មាន ការតាំងនៅនៃវិញ្ញាណ ក៏មានដែរ កាលបើវិញ្ញាណនោះ តាំងនៅហើយ លូតលាស់ឡើងហើយ ការកើត គឺភពថ្មី រមែងមានតទៅ កាលបើការកើត គឺភពថ្មី មានតទៅទៀត ជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏កើតមានព្រមតទៅ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលមិនញុំាងចេតនា ឲ្យត្រិះរិះគិតក្តី មិនញុំាងកប្បៈឲ្យសម្រេចក្តី គ្រាន់តែញុំាងអនុស័យ ឲ្យដេកនៅរឿយៗ អនុស័យនេះ ជាអារម្មណ៍ ប្រព្រឹត្តទៅ ដើម្បីការតាំងនៅនៃវិញ្ញាណ កាលបើអារម្មណ៍មានហើយ ការតាំងនៅនៃវិញ្ញាណ ក៏មានដែរ កាលបើវិញ្ញាណនោះ តាំងនៅហើយ លូតលាស់ឡើងហើយ ការកើត គឺភពថ្មី ក៏រមែងមានតទៅ កាលបើការកើត គឺភពថ្មី មានតទៅទៀត ជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏កើតមានព្រមតទៅ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

[១៤៦] ម្នាលភិក្ខុទាំងឡាយ កាលណាបើបុគ្គលមិនញុំាងចេតនា ឲ្យត្រិះរិះគិតផង មិនញុំាងកប្បៈឲ្យសម្រេចផង មិនញុំាងអនុស័យ ឲ្យដេកនៅរឿយៗផង អារម្មណ៍នេះ មិនប្រព្រឹត្តទៅ ដើម្បីការតាំងនៅនៃវិញ្ញាណឡើយ កាលបើអារម្មណ៍មិនមាន ការតាំងនៅនៃវិញ្ញាណ ក៏មិនមានដែរ កាលបើវិញ្ញាណនោះ មិនតាំងនៅហើយ មិនលូតលាស់ឡើងហើយ ការកើត គឺភពថ្មី រមែងមិនមានតទៅ កាលបើការកើត គឺភពថ្មី មិនមានតទៅទៀត ជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏រលត់ទៅ សេចក្តីរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

ចប់សូត្រ ទី៨។

(ទុតិយចេតនា)សូត្រ ទី៩

(៩. ទុតិយចេតនាសុត្តំ)

[១៤៧] ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ បុគ្គលញុំាងចេតនាណា ឲ្យត្រិះរិះគិតក្តី ញុំាងកប្បៈណា ឲ្យសម្រេចក្តី ញុំាងអនុស័យណា ឲ្យដេកនៅរឿយៗក្តី ធម្មជាត មានចេតនាជាដើមនេះ ជាអារម្មណ៍ ប្រព្រឹត្តទៅ ដើម្បីការតាំងនៅនៃវិញ្ញាណ កាលបើអារម្មណ៍មាន ការតាំងនៅនៃវិញ្ញាណ ក៏មានដែរ កាលបើវិញ្ញាណនោះ តាំងនៅហើយ លូតលាស់ឡើងហើយ អវក្កន្តិ គឺបដិសន្ធិនៃនាមរូប ក៏មាន សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ… តណ្ហា… ឧបាទាន… ភព… ជាតិ… ជរា និងមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏កើតមានព្រម ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលមិនញុំាងចេតនា ឲ្យត្រិះរិះគិតផង មិនញុំាងកប្បៈឲ្យសម្រេចផង គ្រាន់តែញុំាងអនុស័យ ឲ្យដេកនៅរឿយៗ អនុស័យនេះ ជាអារម្មណ៍ ប្រព្រឹត្តទៅ ដើម្បីការតាំងនៅនៃវិញ្ញាណ កាលបើអារម្មណ៍មាន ការតាំងនៅនៃវិញ្ញាណ ក៏មានដែរ កាលបើវិញ្ញាណនោះ តាំងនៅហើយ លូតលាស់ឡើងហើយ អវក្កន្តិ គឺបដិសន្ធិនៃនាមរូប ក៏មាន សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

[១៤៨] ម្នាលភិក្ខុទាំងឡាយ កាលណាបើបុគ្គលមិនញុំាងចេតនា ឲ្យត្រិះរិះគិតផង មិនញុំាងកប្បៈឲ្យសម្រេចផង មិនញុំាងអនុស័យ ឲ្យដេកនៅរឿយៗផង ធម្មជាត មានចេតនាជាដើមនោះ ជាអារម្មណ៍ មិនប្រព្រឹត្តទៅ ដើម្បីការតាំងនៅនៃវិញ្ញាណឡើយ កាលបើអារម្មណ៍មិនមាន ការតាំងនៅនៃវិញ្ញាណ ក៏មិនមានដែរ កាលបើវិញ្ញាណនោះ មិនតាំងនៅហើយ មិនលូតលាស់ឡើងហើយ អវក្កន្តិ គឺបដិសន្ធិនៃនាមរូប ក៏មិនមាន ការរលត់នៃសឡាយតនៈ ព្រោះការរលត់នៃនាមរូប។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

ចប់សូត្រ ទី៩។

(តតិយចេតនា)សូត្រ ទី១០

(១០. តតិយចេតនាសុត្តំ)

[១៤៩] ទ្រង់គង់នៅជិតក្រុងសាវត្ថី … ម្នាលភិក្ខុទាំងឡាយ បុគ្គលញុំាងចេតនាណា ឲ្យត្រិះរិះគិតក្តី ញុំាងកប្បៈណា ឲ្យសម្រេចក្តី ញុំាងអនុស័យណា ឲ្យដេកនៅរឿយៗក្តី ធម្មជាត មានចេតនាជាដើមនេះ ជាអារម្មណ៍ ប្រព្រឹត្តទៅ ដើម្បីការតាំងនៅនៃវិញ្ញាណ កាលបើអារម្មណ៍មាន ការតាំងនៅនៃវិញ្ញាណ ក៏មានដែរ កាលបើវិញ្ញាណនោះ តាំងនៅហើយ លូតលាស់ឡើងហើយ នតិ10) គឺតណ្ហា ក៏មាន កាលបើនតិ គឺតណ្ហា មាន អាគតិគតិ11) ក៏មានដែរ កាលបើអាគតិគតិមាន ចុតិ និងបដិសន្ធិ ក៏មានដែរ កាលបើចុតិ និងបដិសន្ធិ មាន ជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏កើតព្រមតទៅ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គល មិនញុំាងចេតនា ឲ្យត្រិះរិះគិតផង មិនញុំាងកប្បៈឲ្យសម្រេចផង គ្រាន់តែញុំាងអនុស័យ ឲ្យដេកនៅរឿយៗ អនុស័យនេះ ជាអារម្មណ៍ ប្រព្រឹត្តទៅ ដើម្បីការតាំងនៅនៃវិញ្ញាណ កាលបើអារម្មណ៍មាន ការតាំងនៅនៃវិញ្ញាណ ក៏មានដែរ កាលបើវិញ្ញាណនោះ តាំងនៅហើយ លូតលាស់ឡើងហើយ នតិ គឺតណ្ហា ក៏មានដែរ កាលបើនតិ គឺតណ្ហា មាន អាគតិគតិ12) ក៏មានដែរ កាលបើអាគតិគតិមាន ចុតិ និងបដិសន្ធិ ក៏មានដែរ កាលបើចុតិ និងបដិសន្ធិ មាន ជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏កើតព្រមតទៅ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

[១៥០] ម្នាលភិក្ខុទាំងឡាយ កាលណាបើបុគ្គល មិនញុំាងចេតនា ឲ្យត្រិះរិះគិតផង មិនញុំាងកប្បៈឲ្យសម្រេចផង មិនញុំាងអនុស័យ ឲ្យដេកនៅរឿយៗផង ធម្មជាត មានចេតនា ជាដើមនេះ ជាអារម្មណ៍ មិនប្រព្រឹត្តទៅ ដើម្បីការតាំងនៅ នៃវិញ្ញាណឡើយ កាលបើអារម្មណ៍មិនមាន ការតាំងនៅនៃវិញ្ញាណ ក៏មិនមានដែរ កាលបើវិញ្ញាណនោះ មិនតាំងនៅហើយ មិនលូតលាស់ឡើងហើយ នតិ គឺតណ្ហា ក៏មិនមានដែរ កាលបើនតិ គឺតណ្ហា មិនមាន អាគតិគតិ ក៏មិនមានដែរ កាលបើអាគតិគតិមិនមាន ចុតិ និងបដិសន្ធិ ក៏មិនមានដែរ កាលបើចុតិ និងបដិសន្ធិ មិនមាន ជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏រលត់ទៅ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

ចប់សូត្រទី១០។

ចប់ កឡារខត្តិយវគ្គ ទី៤។

ឧទ្ទាននៃកឡារខត្តិយវគ្គនោះគឺ

និយាយអំពីបុគ្គលឃើញថាធម្មជាតនេះជាភូត១ និយាយអំពីកឡារខត្តិយភិក្ខុ១ និយាយអំពីញាណវត្ថុមាន២លើក និយាយអំពីបច្ច័យ គឺអវិជ្ជាមាន២លើក និយាយអំពីកាយនេះ មិនមែនជារបស់អ្នកទាំងឡាយ១ និយាយអំពីចេតនាមាន៣លើក។

 

លេខយោង

1)
អសេក្ខបុគ្គល។
2)
សំដៅយកព្រះអរហត្ត ដែលបុគ្គលបានសម្រេចដោយការកំណត់នូវសង្ខារខាងក្នុង។
3)
សំដៅយកសាវកបារមីញាណ។
4)
សំដៅយកចតុសច្ចធម៌ ឬមគ្គញ្ញាណធម៌។
5)
សេចក្តីដឹងក្នុងធម៌ ដែលប្រព្រឹត្តទៅតាមញាណ បានដល់បច្ចវេក្ខណញ្ញាណ។
6)
សំដៅយកកុសលចេតនា និងអកុសលចេតនា ដែលប្រព្រឹត្តទៅក្នុងភូមិ៣។
7)
សំដៅយកតណ្ហាកប្បៈ និងទិដ្ឋិកប្បៈ ដែលមានក្នុងលោភសហគតចិត្តទាំង៨។
8)
អារម្មណ៍ គឺបច្ច័យ។
9)
វិញ្ញាណ គឺកម្មវិញ្ញាណ។ (អដ្ឋកថា
10)
ប្រែថា ធម្មជាតឱនទៅក្នុងអារម្មណ៍ មានរូបជាដើម។
11)
ប្រែថា គតិកើតមានក្នុងអាគតិ។ អាគតិ សំដៅយកកម្ម ឬកម្មនិមិត្ត ឬក៏គតិនិមិត្ត ដែលប្រាកដឡើង គតិ គឺដំណើរនៃវិញ្ញាណ ដោយអំណាចនៃបដិសន្ធិ។
12)
កម្មក្តី កម្មនិមិត្តក្តី គតិនិមិត្តក្តី ដែលមកតាំងនៅចំពោះហើយ ហៅថា អាគតិ, ដំណើរនៃវិញ្ញាណ ដោយអំណាចនៃបដិសន្ធិ ហៅថា គតិ (អដ្ឋកថា)។
km/tipitaka/sut/sn/12/sut.sn.12.v04.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann