km:tipitaka:sut:sn:12:sut.sn.12.v05



គហបតិវគ្គ (ទី៥)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 12.v05 បាលី cs-km: sut.sn.12.v05 អដ្ឋកថា: sut.sn.12.v05_att PTS: ?

គហបតិវគ្គ (ទី៥)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥. គហបតិវគ្គោ)

(បញ្ចវេរភយ)សូត្រ ទី១

(១. បញ្ចវេរភយសុត្តំ)

[១៥១] ទ្រង់គង់នៅជិតក្រុងសាវត្ថី… គ្រានោះឯង អនាថបិណ្ឌិកគហបតី បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលគហបតី កាលណាបើភ័យ ឬពៀរទាំង៥ប្រការ អរិយសាវ័កបានរម្ងាប់ហើយ អរិយសាវ័កនោះ ឈ្មោះថា ប្រកបដោយអង្គនៃសោតាបត្តិ ៤ប្រការផង បានឃើញច្បាស់ ចាក់ធ្លុះនូវញេយ្យធម៌ ដ៏ប្រសើរដោយប្រាជ្ញាផង អរិយសាវ័កនោះ បើចង់ព្យាករ ក៏គប្បីព្យាករខ្លួន ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់ប្រេតវិស័យហើយ អស់អបាយទុគ្គតិវិនិបាតហើយ ជាអ្នកបានដល់នូវសោតៈហើយ មានសភាពមិនបានធ្លាក់ចុះ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ ដូច្នេះក៏បាន។

[១៥២] ចុះភ័យ ឬពៀរទាំង៥ គឺអរិយសាវ័ករម្ងាប់ហើយ តើដូចម្តេច។ ម្នាលគហបតី បុគ្គលអ្នកសម្លាប់សត្វ តែងចួបប្រសព្វនូវភ័យ ឬពៀរណា ក្នុងបច្ចុប្បន្នផង ចួបប្រសព្វនូវភ័យ ឬពៀរណា ក្នុងបរលោកផង ទទួលនូវទុក្ខ និងទោមនស្ស ប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះតែបាណាតិបាតជាបច្ច័យ ភ័យ ឬពៀរនោះ អរិយសាវ័ក អ្នកវៀរស្រឡះចាកបាណាតិបាត បានរម្ងាប់ហើយ យ៉ាងនេះ។ ម្នាលគហបតី បុគ្គលអ្នកកាន់យកទ្រព្យ ដែលគេមិនបានឲ្យ តែងចួបប្រសព្វនូវភ័យ ឬពៀរណា ក្នុងបច្ចុប្បន្នផង ចួបប្រសព្វ នូវភ័យ ឬពៀរណា ក្នុងបរលោកផង ទទួលនូវទុក្ខ និងទោមនស្ស ប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះតែអទិន្នាទានជាបច្ច័យ ភ័យ ឬពៀរនោះ អរិយសាវ័ក អ្នកវៀរស្រឡះចាកអទិន្នាទាន បានរម្ងាប់ហើយ យ៉ាងនេះ។ ម្នាលគហបតី បុគ្គលអ្នកប្រព្រឹត្តកាមេសុមិច្ឆាចារ តែងចួបប្រសព្វនូវភ័យ ឬពៀរណា ក្នុងបច្ចុប្បន្នផង ចួបប្រសព្វ នូវភ័យ ឬពៀរណា ក្នុងបរលោកផង ទទួលនូវទុក្ខ និងទោមនស្ស ប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះតែកាមេសុមិច្ឆាចារ ជាបច្ច័យ ភ័យ ឬពៀរនោះ អរិយសាវ័ក អ្នកវៀរស្រឡះចាកកាមេសុមិច្ឆាចារ បានរម្ងាប់ហើយ យ៉ាងនេះ។ ម្នាលគហបតី បុគ្គលអ្នកពោលនូវពាក្យកុហក តែងចួបប្រសព្វនូវភ័យ ឬពៀរណា ក្នុងបច្ចុប្បន្នផង ចួបប្រសព្វ នូវភ័យ ឬពៀរណា ក្នុងបរលោកផង ទទួលនូវទុក្ខ និងទោមនស្ស ប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះតែមុសាវាទ ជាបច្ច័យ ភ័យ ឬពៀរនោះ អរិយសាវ័ក អ្នកវៀរស្រឡះចាកមុសាវាទ បានរម្ងាប់ហើយ យ៉ាងនេះ។ ម្នាលគហបតី បុគ្គលអ្នកផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ តែងចួបប្រសព្វនូវភ័យ ឬពៀរណា ក្នុងបច្ចុប្បន្នផង ចួបប្រសព្វ នូវភ័យ ឬពៀរណា ក្នុងបរលោកផង ទទួលនូវទុក្ខ និងទោមនស្ស ប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះតែហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ជាបច្ច័យ ភ័យ ឬពៀរនោះ អរិយសាវ័ក អ្នកវៀរស្រឡះចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរា និងមេរ័យ បានរម្ងាប់ហើយ យ៉ាងនេះ។ នេះ ភ័យ ឬពៀរទាំង៥ ដែលពួកអរិយសាវ័ក បានរម្ងាប់អស់ហើយ។

[១៥៣] អរិយសាវ័ក ប្រកបដោយអង្គនៃសោតាបត្តិ ៤ប្រការ គឺអ្វីខ្លះ។ ម្នាលគហបតី អរិយសាវ័កក្នុងសាសនានេះ ប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើកក្នុងព្រះពុទ្ធថា ព្រះមានព្រះភាគអង្គនោះ ជាព្រះអរហន្ត ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ ដោយព្រះអង្គឯង ដោយប្រពៃ ព្រះអង្គ បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គអ្នកប្រដៅបុរសបុគ្គលដូចនាយសារថី ជាសាស្តាចារ្យ នៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវចតុរារិយសច្ច ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត១ អរិយសាវ័ក ប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើកក្នុងព្រះធម៌ថា ព្រះបរិយត្តិធម៌ ជាធម៌ គឺព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងហើយ ដោយប្រពៃ ព្រះនព្វលោកុត្តរធម៌ ជាធម៌ គឺបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង ជាធម៌ ឲ្យផលមិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ ដែលពួកវិញ្ញូជន គប្បីដឹងច្បាស់ ដោយខ្លួនឯង១ អរិយសាវ័ក ប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើកក្នុងព្រះសង្ឃថា ព្រះសង្ឃជាសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិ ដោយប្រពៃ ព្រះសង្ឃជាសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិដោយត្រង់ ព្រះសង្ឃជាសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិដើម្បីការដឹង ព្រះសង្ឃជាសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិដ៏សមគួរ ដល់សាមីចិកម្ម បើរាប់ជាគូនៃបុរស មាន៤គូ បើរាប់រៀងជាបុរសបុគ្គល មាន៨ នេះ ជាសង្ឃជាសាវ័ក នៃព្រះមានព្រះភាគ លោកគួរទទួល នូវចតុប្បច្ច័យ គួរទទួលនូវអាគន្តុកទាន ដែលគេនាំមកបូជា គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលីកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក១ អរិយសាវ័ក ប្រកបដោយអរិយកន្តសីល គឺសីល៥ ដែលជាទីពេញចិត្ត របស់អរិយៈ មិនដាច់ មិនធ្លុះ មិនពព្រុះ មិនពពាល ជាសីលមិនខ្ញុំតណ្ហា ជាសីល ដែលពួកអ្នកប្រាជ្ញ គប្បីសរសើរ ដែលមិនបានប៉ះពាល់ដោយតណ្ហា ដែលប្រព្រឹត្តទៅ ដើម្បីសមាធិ១ អរិយសាវ័ក ប្រកបដោយអង្គនៃសោតាបត្តិ ទាំង៤ប្រការនេះឯង។

[១៥៤] ចុះញាយធម៌ដ៏ប្រសើរ ដែលអរិយសាវ័កនោះ បានឃើញដោយប្រពៃ បានចាក់ធ្លុះដោយប្រពៃ ដោយប្រាជ្ញា តើដូចម្តេច។ ម្នាលគហបតី អរិយសាវ័ក ក្នុងសាសនានេះ ធ្វើទុកក្នុងចិត្ត នូវបដិច្ចសមុប្បាទធម៌ ដោយឧបាយប្រាជ្ញាឲ្យប្រពៃថា កាលបើរបស់នេះមាន របស់នេះក៏មាន របស់នេះកើតឡើង ព្រោះកើតរបស់នេះ កាលបើរបស់នេះមិនមាន របស់នេះក៏មិនមាន របស់នេះរលត់ទៅ ព្រោះរលត់របស់នេះ សង្ខារទាំងឡាយកើតឡើង ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតឡើង ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ញាយធម៌ ដ៏ប្រសើរនេះហើយ ដែលអរិយសាវ័កនោះ ឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយប្រាជ្ញា។

[១៥៥] ម្នាលគហបតី កាលណាបើភ័យ ឬពៀរទាំង៥ប្រការនេះ គឺអរិយសាវ័ក រម្ងាប់ហើយ អរិយសាវ័កនោះ ឈ្មោះថា បានប្រកបដោយអង្គ នៃសោតាបត្តិ ៤ប្រការនេះផង ទាំងញាយធម៌ដ៏ប្រសើរនេះ ក៏អរិយសាវ័ក បានឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយប្រាជ្ញាផង អរិយសាវ័កនោះ បើចង់ព្យាករ ក៏គប្បីព្យាករខ្លួន ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់ប្រេតវិស័យហើយ អស់អបាយទុគ្គតិវិនិបាតហើយ ជាអ្នកបានដល់នូវសោតៈ មានសភាពមិនបានធ្លាក់ចុះ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ ដូច្នេះក៏បាន។

ចប់សូត្រ ទី១។

(ទុតិយបញ្ចវេរភយ)សូត្រ ទី២

(២. ទុតិយបញ្ចវេរភយសុត្តំ)

[១៥៦] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ កាលណាបើ ភ័យ ឬពៀរទាំង៥ប្រការ គឺអរិយសាវ័ក បានរម្ងាប់ហើយ អរិយសាវ័កនោះ ក៏បានប្រកបដោយអង្គនៃសោតាបត្តិ ៤ប្រការផង ទាំងញាយធម៌ដ៏ប្រសើរ ក៏អរិយសាវ័កនោះ បានឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយប្រាជ្ញាផង អរិយសាវ័កនោះ បើចង់ព្យាករ ក៏គប្បីព្យាករខ្លួន ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ។បេ។ មានសភាពមិនបានធ្លាក់ចុះ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ ដូច្នេះ ក៏បាន។

(ត្រង់ពាក្យថា ភិក្ខវេ បណ្ឌិតត្រូវធ្វើឲ្យពិស្តារ គ្រប់អន្លើផងចុះ)។

[១៥៧] ភ័យ ឬពៀរទាំង៥ប្រការ គឺអរិយសាវ័ករម្ងាប់ហើយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកសម្លាប់សត្វ។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកកាន់យកទ្រព្យ ដែលគេមិនបានឲ្យ។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោលពាក្យកុហក។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ជាហេតុនៃសេចក្តីប្រមាទ។បេ។ នេះ ភ័យ ឬពៀរទាំង៥ប្រការ ដែលអរិយសាវ័កបានរម្ងាប់ហើយ។

[១៥៨] ចុះអរិយសាវ័ក ដែលប្រកបដោយអង្គនៃសោតាបត្តិ៤ប្រការ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ (ប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើក) ក្នុងព្រះពុទ្ធ។បេ។ ក្នុងព្រះធម៌។បេ។ ក្នុងព្រះសង្ឃ។បេ។ ប្រកបដោយអរិយកន្តសីល។បេ។ អរិយសាវ័ក ប្រកបដោយអង្គនៃសោតាបត្តិ៤ប្រការនេះឯង។

[១៥៩] ចុះញាយធម៌ដ៏ប្រសើរ គឺអរិយសាវ័កនោះ ឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយប្រាជ្ញា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ក្នុងសាសនានេះ ធ្វើទុកក្នុងចិត្ត នូវបដិច្ចសមុប្បាទធម៌ ដោយឧបាយប្រាជ្ញា ឲ្យប្រពៃ។បេ។ នេះ ជាញាយធម៌ដ៏ប្រសើរ គឺអរិយសាវ័ក ឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយប្រាជ្ញា។

[១៦០] ម្នាលភិក្ខុទាំងឡាយ កាលណាបើភ័យ ឬពៀរ ៥ប្រការនេះ គឺអរិយសាវ័ក បានរម្ងាប់ហើយ អរិយសាវ័កនោះ ក៏បានប្រកបដោយអង្គ នៃសោតាបត្តិ៤ប្រការនេះឯង ទាំងញាយធម៌ដ៏ប្រសើរនេះ ក៏អរិយសាវ័កឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយប្រាជ្ញាផង។ អរិយសាវ័កនោះ បើចង់ព្យាករ ក៏គប្បីព្យាករខ្លួន ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់ប្រេតវិស័យហើយ អស់អបាយទុគ្គតិវិនិបាតហើយ ជាអ្នកដល់នូវសោតៈហើយ មានសភាពមិនធ្លាក់ចុះ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ ដូច្នេះក៏បាន។

ចប់សូត្រ ទី២។

(ទុក្ខ)សូត្រ ទី៣

(៣. ទុក្ខសុត្តំ)

[១៦១] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវហេតុដែលនាំឲ្យកើតទុក្ខផង នូវសេចក្តីរលត់នៃទុក្ខផង អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ក៏ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[១៦២] ព្រះមានព្រះភាគទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ចុះហេតុដែលនាំឲ្យកើតទុក្ខ តើដូចម្តេច ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការចួបជុំរបស់ទាំង៣ គឺចក្ខុ១ រូប១ ចក្ខុវិញ្ញាណ១ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា ហេតុនាំឲ្យកើតទុក្ខ។ ព្រោះអាស្រ័យត្រចៀក និងសំឡេង… ព្រោះអាស្រ័យច្រមុះ និងក្លិន… ព្រោះអាស្រ័យអណ្តាត និងរស … ព្រោះអាស្រ័យកាយ និងផោដ្ឋព្វៈ… មនោវិញ្ញាណកើតឡើងបាន ក៏ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការចួបជុំរបស់ទាំង៣ គឺចិត្ត១ ធម្មារម្មណ៍១ មនោវិញ្ញាណ១ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា ហេតុនាំឲ្យកើតទុក្ខ។

[១៦៣] ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់នៃទុក្ខ តើដូចម្តេច។ ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការចួបជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ការរលត់នៃឧបាទាន ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃតណ្ហានោះឯង ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន ការរលត់នៃជាតិ ព្រោះការរលត់នៃភព ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ ក៏រមែងរលត់ ព្រោះការរលត់នៃជាតិ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា សេចក្តីរលត់នៃទុក្ខ។ ព្រោះអាស្រ័យត្រចៀក និងសំឡេង… ព្រោះអាស្រ័យច្រមុះ និងក្លិន… ព្រោះអាស្រ័យអណ្តាត និងរស… ព្រោះអាស្រ័យកាយ និងផោដ្ឋព្វៈ… មនោវិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការចួបជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ការរលត់នៃឧបាទាន ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃតណ្ហានោះឯង ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន ការរលត់នៃជាតិ ព្រោះការរលត់នៃភព ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ ក៏រមែងរលត់ ព្រោះការរលត់នៃជាតិ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា សេចក្តីរលត់នៃទុក្ខ។

ចប់សូត្រ ទី៣។

(លោក)សូត្រ ទី៤

(៤. លោកសុត្តំ)

[១៦៤] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងហេតុ ដែលនាំឲ្យកើតសង្ខារលោក និងសេចក្តីរលត់នៃសង្ខារលោក អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះចុះ… ម្នាលភិក្ខុទាំងឡាយ ចុះហេតុដែលនាំឲ្យកើតសង្ខារលោក តើដូចម្តេច ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការចួបជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ឧបាទានកើតឡើង ព្រោះតណ្ហាជាបច្ច័យ ភពកើតឡើង ព្រោះឧបាទាន ជាបច្ច័យ ជាតិកើតឡើង ព្រោះភពជាបច្ច័យ ជរាមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើតឡើងព្រម ព្រោះជាតិជាបច្ច័យ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា ហេតុនាំឲ្យកើតសង្ខារលោក។ ព្រោះអាស្រ័យត្រចៀក និងសំឡេង… ព្រោះអាស្រ័យច្រមុះ និងក្លិន… ព្រោះអាស្រ័យអណ្តាត និងរស … ព្រោះអាស្រ័យកាយ និងផោដ្ឋព្វៈ… មនោវិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការចួបជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ។បេ។ ជរាមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើតឡើងព្រម ព្រោះជាតិជាបច្ច័យ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា ហេតុនាំឲ្យកើតសង្ខារលោក។

[១៦៥] ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់នៃសង្ខារលោក តើដូចម្តេច។ ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការចួបជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ការរលត់នៃឧបាទាន ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃតណ្ហានោះឯង ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា សេចក្តីរលត់នៃសង្ខារលោក។ ព្រោះអាស្រ័យត្រចៀក និងសំឡេង… ព្រោះអាស្រ័យច្រមុះ និងក្លិន… ព្រោះអាស្រ័យអណ្តាត និងរស… ព្រោះអាស្រ័យកាយ និងផោដ្ឋព្វៈ… មនោវិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការចួបជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ការរលត់នៃឧបាទាន ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃតណ្ហានោះឯង ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា ការរលត់នៃសង្ខារលោក។

ចប់សូត្រ ទី៤។

(ញាតិក)សូត្រ ទី៥

(៥. ញាតិកសុត្តំ)

[១៦៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទ ឈ្មោះ គិញ្ជកាវសថៈ គឺមហាប្រាសាទ ដែលកដោយឥដ្ឋ ជារបស់ពួកព្រះញាតិ។ គ្រានោះឯង ព្រះមានព្រះភាគ គង់នៅក្នុងទីស្ងាត់ សម្ងំនៅមួយព្រះអង្គឯង ទ្រង់សំដែងធម្មបរិយាយនេះថា ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការចួបជុំរបស់ទាំង៣ នេះហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ឧបាទានកើតឡើង ព្រោះតណ្ហាជាបច្ច័យ។បេ។ ហេតុដែលនាំឲ្យកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។ ព្រោះអាស្រ័យត្រចៀក និងសំឡេង… ព្រោះអាស្រ័យច្រមុះ និងក្លិន… ព្រោះអាស្រ័យអណ្តាត និងរស… ព្រោះអាស្រ័យកាយ និងផោដ្ឋព្វៈ… មនោវិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការចួបជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ឧបាទានកើតឡើង ព្រោះតណ្ហាជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[១៦៧] ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការចួបជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ការរលត់នៃឧបាទាន ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃតណ្ហានោះឯង ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។ ព្រោះអាស្រ័យត្រចៀក និងសំឡេង។បេ។ មនោវិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការចួបជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ការរលត់នៃឧបាទាន ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃតណ្ហានោះឯង ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[១៦៨] សម័យនោះឯង ភិក្ខុមួយរូបឈរអែបចាំស្តាប់ព្រះបន្ទូលព្រះមានព្រះភាគ។ ព្រះមានព្រះភាគ បានទតឃើញភិក្ខុនោះ ដែលកំពុងឈរអែបចាំស្តាប់ លុះទតឃើញហើយ ទើបទ្រង់ត្រាស់នឹងភិក្ខុនោះ យ៉ាងនេះថា ម្នាលភិក្ខុ អ្នកឮធម្មបរិយាយនេះ ឬមិនឮទេ។ ភិក្ខុនោះក្រាបបង្គំទូលថា ឮ ព្រះអង្គ។ ម្នាលភិក្ខុ អ្នកចូររៀនធម្មបរិយាយនេះចុះ ម្នាលភិក្ខុ អ្នកចូរទន្ទេញធម្មបរិយាយនេះចុះ ម្នាលភិក្ខុ អ្នកចូរទ្រទ្រង់ធម្មបរិយាយនេះចុះ ម្នាលភិក្ខុ ឯធម្មបរិយាយនេះ ប្រកបដោយប្រយោជន៍ ជាអាទិព្រហ្មចរិយៈ។

ចប់សូត្រ ទី៥។

(អញ្ញតរព្រាហ្មណ)សូត្រ ទី៦

(៦. អញ្ញតរព្រាហ្មណសុត្តំ)

[១៦៩] ទ្រង់គង់នៅទៀបក្រុងសាវត្ថី…. គ្រានោះឯង មានព្រាហ្មណ៍ម្នាក់ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏និយាយសំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ទើបអង្គុយក្នុងទីសមគួរ។

[១៧០] លុះព្រាហ្មណ៍នោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន បុគ្គលនោះ ធ្វើកម្ម បុគ្គលនោះទទួលផលកម្មឬ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពាក្យថា បុគ្គលនោះ ធ្វើកម្ម បុគ្គលនោះទទួលផលកម្ម នេះ ជាផ្លូវលាមកទីមួយ។ បពិត្រព្រះគោតមដ៏ចម្រើន ចុះបុគ្គលដទៃ ធ្វើកម្ម បុគ្គលដទៃ ទទួលផលកម្មឬ។ ម្នាលព្រាហ្មណ៍ ពាក្យថា បុគ្គលដទៃ ធ្វើកម្ម បុគ្គលដទៃទទួលផលកម្ម នេះ ជាផ្លូវលាមកទីពីរ ម្នាលព្រាហ្មណ៍ តថាគត មិនបានប៉ះពាល់ផ្លូវលាមកទាំងពីរខាងនេះទេ សំដែងធម៌តាមផ្លូវកណ្តាល សង្ខារទាំងឡាយ កើតឡើង ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតឡើង ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។ ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[១៧១] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រាហ្មណ៍នោះ បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់។បេ។ សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះតទៅ។

ចប់សូត្រ ទី៦។

(ជាណុស្សោណិ)សូត្រ ទី៧

(៧. ជាណុស្សោណិសុត្តំ)

[១៧២] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… គ្រានោះឯង ព្រាហ្មណ៍ឈ្មោះ ជាណុស្សោណិ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ។បេ។ ជាមួយនឹងព្រះមានព្រះភាគ។

[១៧៣] លុះ ជាណុស្សោណិព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន របស់ទាំងអស់ មានឬហ្ន៎។ ព្រះអង្គតបថា ម្នាលព្រាហ្មណ៍ ពាក្យថា របស់ទាំងអស់មាន នេះ ជាផ្លូវលាមកទីមួយ។ បពិត្រព្រះគោតមដ៏ចម្រើន ចុះរបស់ទាំងអស់ មិនមានទេឬ។ ម្នាលព្រាហ្មណ៍ ពាក្យថា របស់ទាំងអស់ មិនមាន នេះ ជាផ្លូវលាមកទីពីរ ម្នាលព្រាហ្មណ៍ តថាគត មិនបានប៉ះពាល់ធម៌លាមក២ប្រការនុ៎ះទេ សំដែងធម៌តាមផ្លូវកណ្តាលថា សង្ខារទាំងឡាយ កើតឡើង ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតឡើង ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។ ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[១៧៤] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ជាណុស្សោណិព្រាហ្មណ៍ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់។បេ។ អ្នកដល់នូវសរណៈ ស្មើដោយជីវិត។

ចប់សូត្រ ទី៧។

(លោកាយតិក)សូត្រ ទី៨

(៨. លោកាយតិកសុត្តំ)

[១៧៥] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… គ្រានោះឯង ព្រាហ្មណ៍ឈ្មោះ លោកាយតិកៈ បានចូលទៅគាល់ព្រះមានព្រះភាគ។បេ។

[១៧៦] លុះ លោកាយតិកព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន របស់ទាំងអស់ មានឬហ្ន៎។ ព្រះអង្គតបថា ម្នាលព្រាហ្មណ៍ ពាក្យថា របស់ទាំងអស់ មាន នេះ ជាលោកាយតៈជាច្បង។ បពិត្រព្រះគោតមដ៏ចម្រើន របស់ទាំងអស់ មិនមានទេឬ។ ម្នាលព្រាហ្មណ៍ ពាក្យថា របស់ទាំងអស់ មិនមាន នេះ ជាលោកាយតៈទីពីរ។ បពិត្រព្រះគោតមដ៏ចម្រើន របស់ទាំងអស់ មានសភាពតែមួយឬ។ ម្នាលព្រាហ្មណ៍ ពាក្យថា របស់ទាំងអស់ មានសភាពតែមួយ នេះជាលោកាយតៈទីបី។ បពិត្រព្រះគោតមដ៏ចម្រើន របស់ទាំងអស់ មានសភាពផ្សេងគ្នាឬ។ ម្នាលព្រាហ្មណ៍ ពាក្យថា របស់ទាំងអស់ មានសភាពផ្សេងគ្នា នេះជាលោកាយតៈទីបួន ម្នាលព្រាហ្មណ៍ តថាគត មិនបានប៉ះពាល់ផ្លូវលាមកទាំង២នេះទេ សំដែងធម៌តាមផ្លូវកណ្តាលថា សង្ខារទាំងឡាយ កើតឡើង ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតឡើង ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។ ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[១៧៧] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ លោកាយតិកព្រាហ្មណ៍ បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់។បេ។ អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមអំពីថ្ងៃនេះតទៅ។

ចប់សូត្រ ទី៨។

(អរិយសាវក)សូត្រ ទី៩

(៩. អរិយសាវកសុត្តំ)

[១៧៨] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង… ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កអ្នកចេះដឹង មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើរបស់អ្វី មាន ទើបរបស់អ្វីមានហ្ន៎ របស់អ្វីកើតឡើង ព្រោះការកើតឡើង នៃរបស់អ្វីហ្ន៎ កាលបើរបស់អ្វីមាន ទើបសង្ខារទាំងឡាយមាន កាលបើរបស់អ្វីមាន ទើបវិញ្ញាណមាន កាលបើរបស់អ្វីមាន ទើបនាមរូបមាន កាលបើរបស់អ្វីមាន ទើបសឡាយតនៈមាន កាលបើរបស់អ្វីមាន ទើបផស្សៈមាន កាលបើរបស់អ្វីមាន ទើបវេទនាមាន កាលបើរបស់អ្វីមាន ទើបតណ្ហាមាន កាលបើរបស់អ្វីមាន ទើបឧបាទានមាន កាលបើរបស់អ្វីមាន ទើបភពមាន កាលបើរបស់អ្វីមាន ទើបជាតិមាន កាលបើរបស់អ្វីមាន ទើបជរាមរណៈមាន ដូច្នេះឡើយ។

[១៧៩] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង អរិយសាវ័កជាអ្នកចេះដឹង មានញាណក្នុងធម៌នោះ ព្រោះបច្ច័យដែលកើតតៗគ្នាថា កាលបើរបស់នេះ មាន របស់នេះក៏មាន របស់នេះកើតឡើង ព្រោះការកើត នៃរបស់នេះ កាលបើអវិជ្ជាមាន សង្ខារទាំងឡាយក៏មាន កាលបើសង្ខារទាំងឡាយមាន វិញ្ញាណក៏មាន កាលបើវិញ្ញាណមាន នាមរូបក៏មាន កាលបើនាមរូបមាន សឡាយតនៈក៏មាន កាលបើសឡាយតនៈមាន ផស្សៈក៏មាន កាលបើផស្សៈមាន វេទនាក៏មាន កាលបើវេទនាមាន តណ្ហាក៏មាន កាលបើតណ្ហាមាន ឧបាទានក៏មាន កាលបើឧបាទានមាន ភពក៏មាន។បេ។ កាលបើជាតិមាន ជរាមរណៈក៏មាន។ អរិយសាវ័កនោះ តែងដឹងច្បាស់យ៉ាងនេះថា លោកនេះ កើតឡើងព្រមយ៉ាងនេះ។

[១៨០] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កអ្នកចេះដឹង មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើរបស់អ្វី មិនមាន របស់អ្វីក៏មិនមាន របស់អ្វីរលត់ ព្រោះការរលត់ នៃរបស់អ្វី កាលបើរបស់អ្វីមិនមាន សង្ខារទាំងឡាយក៏មិនមាន កាលបើរបស់អ្វីមិនមាន វិញ្ញាណក៏មិនមាន កាលបើរបស់អ្វីមិនមាន នាមរូបក៏មិនមាន កាលបើរបស់អ្វីមិនមាន សឡាយតនៈក៏មិនមាន កាលបើរបស់អ្វីមិនមាន ផស្សៈក៏មិនមាន កាលបើរបស់អ្វីមិនមាន វេទនាក៏មិនមាន កាលបើរបស់អ្វីមិនមាន តណ្ហាក៏មិនមាន កាលបើរបស់អ្វីមិនមាន ឧបាទានក៏មិនមាន កាលបើរបស់អ្វីមិនមាន ភពក៏មិនមាន កាលបើរបស់អ្វីមិនមាន ជាតិក៏មិនមាន កាលបើរបស់អ្វីមិនមាន ជរាមរណៈក៏មិនមាន ដូច្នេះឡើយ។

[១៨១] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង អរិយសាវ័កជាអ្នកចេះដឹង មានញាណក្នុងធម៌នោះ ព្រោះបច្ច័យដែលកើតតៗគ្នាថា កាលបើរបស់នេះ មិនមាន របស់នេះក៏មិនមាន របស់នេះរលត់ ព្រោះការរលត់ នៃរបស់នេះ កាលបើវិញ្ញាណមិនមាន នាមរូបក៏មិនមាន កាលបើនាមរូបមិនមាន សឡាយតនៈក៏មិនមាន។បេ។ ឧបាទានក៏មិនមាន… ភពក៏មិនមាន.. ជាតិក៏មិនមាន កាលបើជាតិមិនមាន ជរាមរណៈក៏មិនមាន។ អរិយសាវ័កនោះ រមែងដឹងច្បាស់ យ៉ាងនេះថា លោកនេះ តែងរលត់យ៉ាងនេះ។

[១៨២] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ដឹងច្បាស់តាមពិត នូវហេតុដែលនាំឲ្យកើតឡើង និងសេចក្តីរលត់នៃលោកយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ តថាគត ហៅថា អ្នកបរិបូណ៌ដោយទិដ្ឋិ ដូច្នេះខ្លះ។បេ។ ថាអ្នកឋិតអែបនឹងទ្វារនៃអមតនិព្វាន ដូច្នេះខ្លះ ក្នុងកាលនោះ។

ចប់សូត្រ ទី៩។

(ទុតិយអរិយសាវក)សូត្រ ទី១០

(១០. ទុតិយអរិយសាវកសុត្តំ)

[១៨៣] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង… ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កជាអ្នកចេះដឹង មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើរបស់អ្វី មាន ទើបរបស់អ្វីមានហ្ន៎ របស់អ្វីមាន ព្រោះការកើតឡើង នៃរបស់អ្វី កាលបើរបស់អ្វីមាន ទើបសង្ខារទាំងឡាយមាន កាលបើរបស់អ្វីមាន ទើបវិញ្ញាណមាន កាលបើរបស់អ្វីមាន ទើបនាមរូបមាន កាលបើរបស់អ្វីមាន ទើបសឡាយតនៈមាន កាលបើរបស់អ្វីមាន ទើបផស្សៈមាន កាលបើរបស់អ្វីមាន ទើបវេទនាមាន កាលបើរបស់អ្វីមាន ទើបតណ្ហាមាន កាលបើរបស់អ្វីមាន ទើបឧបាទានមាន កាលបើរបស់អ្វីមាន ទើបភពមាន កាលបើរបស់អ្វីមាន ទើបជាតិមាន កាលបើរបស់អ្វីមាន ទើបជរាមរណៈមាន។

[១៨៤] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង អរិយសាវ័កជាអ្នកចេះដឹង មានញាណក្នុងធម៌នោះ ព្រោះបច្ច័យដែលកើតតៗគ្នាថា កាលបើរបស់នេះ មាន របស់នេះក៏មាន របស់នេះកើតឡើង ព្រោះការកើតឡើង នៃរបស់នេះ គឺកាលបើអវិជ្ជាមាន សង្ខារទាំងឡាយក៏មាន កាលបើសង្ខារទាំងឡាយមាន វិញ្ញាណក៏មាន កាលបើវិញ្ញាណមាន នាមរូបក៏មាន កាលបើនាមរូបមាន សឡាយតនៈក៏មាន កាលបើសឡាយតនៈមាន ផស្សៈក៏មាន កាលបើផស្សៈមាន វេទនាក៏មាន កាលបើវេទនាមាន តណ្ហាក៏មាន កាលបើតណ្ហាមាន ឧបាទានក៏មាន កាលបើឧបាទានមាន ភពក៏មាន កាលបើភពមាន ជាតិក៏មាន កាលបើជាតិមាន ជរាមរណៈក៏មាន។ អរិយសាវ័កនោះ តែងដឹងច្បាស់យ៉ាងនេះថា លោកនេះ រមែងកើតឡើងព្រម យ៉ាងនេះ។

[១៨៥] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កជាអ្នកចេះដឹង មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើមិនមានរបស់អ្វី ទើបមិនមានរបស់អ្វីហ្ន៎ របស់អ្វីរលត់ទៅ ព្រោះការរលត់ទៅ នៃរបស់អ្វី កាលបើរបស់អ្វីមិនមាន ទើបសង្ខារទាំងឡាយមិនមាន កាលបើរបស់អ្វីមិនមាន ទើបវិញ្ញាណមិនមាន កាលបើរបស់អ្វីមិនមាន ទើបនាមរូបមិនមាន កាលបើរបស់អ្វីមិនមាន ទើបសឡាយតនៈមិនមាន កាលបើរបស់អ្វីមិនមាន ទើបផស្សៈមិនមាន កាលបើរបស់អ្វីមិនមាន ទើបវេទនាមិនមាន កាលបើរបស់អ្វីមិនមាន ទើបតណ្ហាមិនមាន។បេ។ ឧបាទាន… ភព… ជាតិ… កាលបើរបស់អ្វីមិនមាន ទើបជរាមរណៈមិនមាន ដូច្នេះឡើយ។

[១៨៦] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង អរិយសាវ័កជាអ្នកចេះដឹង មានញាណក្នុងធម៌នោះ ព្រោះបច្ច័យដែលកើតតៗគ្នាថា កាលបើរបស់នេះ មិនមាន របស់នេះក៏មិនមាន របស់នេះរលត់ទៅ ព្រោះការរលត់ នៃរបស់នេះ គឺកាលបើអវិជ្ជាមិនមាន សង្ខារទាំងឡាយ ក៏មិនមាន កាលបើសង្ខារទាំងឡាយមិនមាន វិញ្ញាណក៏មិនមាន កាលបើវិញ្ញាណមិនមាន នាមរូបក៏មិនមាន កាលបើនាមរូបមិនមាន សឡាយតនៈក៏មិនមាន។បេ។ កាលបើជាតិមិនមាន ជរាមរណៈក៏មិនមាន។ អរិយសាវ័កនោះ រមែងដឹងច្បាស់ យ៉ាងនេះថា លោកនេះ តែងរលត់យ៉ាងនេះ។

[១៨៧] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ដឹងច្បាស់តាមពិត នូវហេតុដែលនាំឲ្យកើតសង្ខារលោក និងសេចក្តីរលត់នៃសង្ខារលោកយ៉ាងនេះ ក្នុងកាលណា ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា ជាអ្នកបរិបូណ៌ដោយទិដ្ឋិ ដូច្នេះខ្លះ ថាអ្នកបរិបូណ៌ដោយទស្សនៈ ដូច្នេះខ្លះ ថាជាអ្នកមកកាន់ព្រះសទ្ធម្ម ដូច្នេះខ្លះ ថាជាអ្នកឃើញព្រះសទ្ធម្ម ដូច្នេះខ្លះ ថាជាអ្នកប្រកបដោយញាណ ជាសេក្ខៈ ដូច្នេះខ្លះ ថាជាអ្នកប្រកបដោយវិជ្ជាសេក្ខៈ ដូច្នេះខ្លះ ថាជាអ្នកសម្រេចធម្មស្រោត ដូច្នេះខ្លះ ថាជាអរិយៈអ្នកមាននិព្វេធិកប្បញ្ញា (ប្រាជ្ញាទម្លាយបង់នូវកិលេស) ដូច្នេះខ្លះ ថាឋិតអែបនឹងទ្វារ នៃអមតនិព្វាន ដូច្នេះខ្លះ ក្នុងកាលនោះ។

ចប់សូត្រទី១០។

ចប់ គហបតិវគ្គ ទី៥។

បញ្ជីរឿងនៃគហបតិវគ្គនោះ គឺ

បញ្ចវេរភយសូត្រ លោកពោលអស់២លើក ទ្រង់សំដែងហេតុដែលឲ្យកើតទុក្ខ ហេតុដែលឲ្យកើតលោក ព្រះអង្គគង់ក្នុងស្រុកជារបស់ព្រះញាតិ រឿងអញ្ញតរព្រាហ្មណ៍ រឿងជាណុស្សោណិព្រាហ្មណ៍ រឿងលោកាយតិកព្រាហ្មណ៍ ត្រូវជា៨ លោកពោលថា អរិយសាវ័ក ២លើក វគ្គពោលតាមរឿងនោះ។

 

លេខយោង

km/tipitaka/sut/sn/12/sut.sn.12.v05.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann