km:tipitaka:sut:sn:12:sut.sn.12.v06



ទុក្ខវគ្គ (ទី៦)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 12.v06 បាលី cs-km: sut.sn.12.v06 អដ្ឋកថា: sut.sn.12.v06_att PTS: ?

ទុក្ខវគ្គ (ទី៦)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៦. ទុក្ខវគ្គោ)

(បរិវីមំសន)សូត្រ ទី១

(១. បរិវីមំសនសុត្តំ)

[១៨៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្នុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ត្រាស់សួរយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលនឹងពិចារណា គួរពិចារណា ដើម្បីកិរិយាអស់ទៅនៃសេចក្តីទុក្ខ ដោយប្រពៃ គ្រប់ប្រការ ដោយហេតុដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយរបស់ពួកយើងខ្ញុំ មានព្រះមានព្រះភាគ ជាឫសគល់ មានព្រះមានព្រះភាគ ជាអ្នកដឹកនាំ មានព្រះមានព្រះភាគ ជាទីពឹង បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់មេត្តាប្រោស សូមព្រះមានព្រះភាគ បំភ្លឺសេចក្តីនៃភាសិតនុ៎ះ ពួកភិក្ខុបានស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគហើយ នឹងបានចាំទុក។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះចុះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ក៏ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[១៨៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កាលនឹងពិចារណា ក៏ពិចារណាថា ជរាមរណៈណា ជាទុក្ខ មានប្រការច្រើន មានប្រការផ្សេងៗ កើតឡើងក្នុងលោក សេចក្តីទុក្ខនេះឯង មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព កាលបើអ្វីមាន ទើបជរាមរណៈមាន កាលបើអ្វីមិនមាន ទើបជរាមរណៈមិនមាន។ កាលភិក្ខុនោះ ពិចារណា ក៏ដឹងច្បាស់យ៉ាងនេះថា ជរាមរណៈណា ជាទុក្ខ មានប្រការច្រើន មានប្រការផ្សេងៗ កើតឡើងក្នុងលោក សេចក្តីទុក្ខនេះឯង មានជាតិជាហេតុ មានជាតិនាំឲ្យកើត មានជាតិជាកំណើត មានជាតិជាប្រភព កាលបើជាតិមាន ជរាមរណៈក៏មាន កាលបើជាតិមិនមានជរាមរណៈក៏មិនមាន។ ភិក្ខុនោះ ក៏ដឹងច្បាស់នូវជរាមរណៈផង ដឹងច្បាស់នូវហេតុ ជាទីកើតនៃជរាមរណៈផង ដឹងច្បាស់នូវទីរលត់ នៃជរាមរណៈផង ដឹងច្បាស់នូវបដិបទាដ៏សមគួរ ជាដំណើរទៅកាន់ទីរលត់ នៃជរាមរណៈផង ហើយប្រតិបត្តិតាមលំអាននោះ ជាអ្នកប្រព្រឹត្តធម៌ តាមសមគួរផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា ជាអ្នកប្រតិបត្តិ ដើម្បីកិរិយាអស់ទៅនៃទុក្ខ ដើម្បីការរំលត់នូវជរាមរណៈ ដោយប្រពៃ ដោយប្រការទាំងពួង។

[១៩០] បើភិក្ខុពិចារណាតទៅទៀត រមែងពិចារណាថា ចុះជាតិនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព កាលបើអ្វីមាន ទើបជាតិមាន កាលបើអ្វីមិនមាន ទើបជាតិមិនមាន។ កាលភិក្ខុនោះ ពិចារណា ក៏ដឹងច្បាស់យ៉ាងនេះថា ជាតិ មានភពជាហេតុ មានភពនាំឲ្យកើត មានភពជាកំណើត មានភពជាប្រភព កាលបើភពមាន ជាតិក៏មាន កាលបើភពមិនមាន ជាតិក៏មិនមាន។ ភិក្ខុនោះ រមែងដឹងច្បាស់នូវជាតិផង ដឹងច្បាស់នូវហេតុ ជាទីកើតនៃជាតិផង ដឹងច្បាស់នូវទីរលត់ នៃជាតិផង ដឹងច្បាស់នូវបដិបទាដ៏សមគួរ ជាដំណើរទៅកាន់ទីរលត់ នៃជាតិផង ហើយប្រតិបត្តិតាមលំអាននោះ ជាអ្នកប្រព្រឹត្តធម៌ តាមសមគួរផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា ជាអ្នកប្រតិបត្តិ ដើម្បីកិរិយាអស់ទៅនៃទុក្ខ ដោយប្រពៃ ដើម្បីរំលត់ជាតិ ដោយសព្វគ្រប់។

[១៩១] បើភិក្ខុពិចារណាតទៅទៀត រមែងពិចារណាថា ចុះភពនេះ មានអ្វីជាហេតុ។បេ។ ចុះឧបាទាននេះ មានអ្វីជាហេតុ… ចុះតណ្ហានេះ មានអ្វីជាហេតុ… ចុះវេទនា មានអ្វីជាហេតុ… ចុះផស្សៈនេះ មានអ្វីជាហេតុ… ចុះសឡាយតនៈនេះ មានអ្វីជាហេតុ… ចុះនាមរូបនេះ មានអ្វីជាហេតុ… វិញ្ញាណនេះ មានអ្វីជាហេតុ… សង្ខារទាំងឡាយនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព កាលបើអ្វីមាន ទើបសង្ខារទាំងឡាយមាន កាលបើអ្វីមិនមាន ទើបសង្ខារទាំងឡាយមិនមាន។ កាលភិក្ខុនោះ ពិចារណា ក៏ដឹងច្បាស់យ៉ាងនេះថា សង្ខារទាំងឡាយ មានអវិជ្ជាជាហេតុ មានអវិជ្ជានាំឲ្យកើត មានអវិជ្ជាជាកំណើត មានអវិជ្ជាជាប្រភព កាលបើអវិជ្ជាមាន សង្ខារទាំងឡាយក៏មាន កាលបើអវិជ្ជាមិនមាន សង្ខារទាំងឡាយក៏មិនមាន។ ភិក្ខុនោះ រមែងដឹងច្បាស់នូវសង្ខារទាំងឡាយផង ដឹងច្បាស់នូវហេតុ ជាទីកើតនៃសង្ខារផង ដឹងច្បាស់នូវទីរលត់ នៃសង្ខារផង ដឹងច្បាស់នូវបដិបទាដ៏សមគួរ ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារផង ហើយប្រតិបត្តិតាមលំអាននោះ ជាអ្នកប្រព្រឹត្តធម៌ តាមសមគួរផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា ជាអ្នកប្រតិបត្តិ ដើម្បីកិរិយាអស់ទៅនៃសេចក្តីទុក្ខ ដោយប្រពៃ ដើម្បីការរលត់នៃសង្ខារ ដោយប្រការទាំងពួង។ ម្នាលភិក្ខុទាំងឡាយ បើបុរសបុគ្គល លុះក្នុងអំណាចអវិជ្ជាហើយ រមែងតាក់តែងសង្ខារជាបុណ្យ1) វិញ្ញាណ ក៏ចូលទៅកៀកនឹងបុណ្យ បើតាក់តែងសង្ខារជាបាប2) វិញ្ញាណ ក៏ចូលទៅកៀកនឹងបាប បើតាក់តែងសង្ខារជាអនេជៈ3) វិញ្ញាណក៏ចូលទៅកៀកនឹងអនេជៈ។

[១៩២] ម្នាលភិក្ខុទាំងឡាយ កាលដែលភិក្ខុលះបង់អវិជ្ជាចោលហើយ វិជ្ជាក៏កើតឡើង។ ព្រោះតែការបាត់ទៅនៃអវិជ្ជា ព្រោះតែការកើតឡើងនៃវិជ្ជា បានជាភិក្ខុនោះ លែងតាក់តែងបុញ្ញាភិសង្ខារ លែងតាក់តែងអបុញ្ញាភិសង្ខារ លែងតាក់តែងអនេជាភិសង្ខារ កាលបើលែងតាក់តែង លែងសន្សំហើយ ក៏លែងប្រកាន់អ្វីតិចតួច ក្នុងលោកសោះឡើយ កាលបើលែងប្រកាន់ហើយ ក៏ឥតតក់ស្លុត កាលបើឥតតក់ស្លុតហើយ រមែងរលត់កិលេស ដោយចំពោះខ្លួនឯង ទើបដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ ព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បើភិក្ខុនោះ ទទួលវេទនាជាសុខ ក៏ដឹងច្បាស់ថា វេទនានោះ មិនទៀង ដឹងច្បាស់ថា លោកមិនប្រកាន់ហើយ ដឹងច្បាស់ថា លោកមិនត្រេកអរហើយ។ បើភិក្ខុនោះ ទទួលវេទនាជាទុក្ខ ក៏ដឹងច្បាស់ថា វេទនានោះ មិនទៀង ដឹងច្បាស់ថា លោកមិនប្រកាន់ហើយ ដឹងច្បាស់ថា លោកមិនត្រេកអរហើយ។ បើភិក្ខុនោះ ទទួលវេទនា មិនមែនជាទុក្ខ មិនមែនជាសុខ ក៏ដឹងច្បាស់ថា វេទនានោះ មិនទៀង ដឹងច្បាស់ថា លោកមិនប្រកាន់ហើយ ដឹងច្បាស់ថា លោកមិនត្រេកអរហើយ។ បើភិក្ខុនោះ ទទួលសុខវេទនា លុះប្រាសចេញហើយ ក៏នៅតែទទួលសុខវេទនានោះ បើភិក្ខុនោះ ទទួលទុក្ខវេទនា លុះប្រាសចេញហើយ ក៏នៅតែទទួលទុក្ខវេទនានោះ បើភិក្ខុនោះ ទទួលអទុក្ខមសុខវេទនា លុះប្រាសចេញហើយ ក៏នៅតែទទួលអទុក្ខមសុខវេទនានោះ។ កាលភិក្ខុនោះ ទទួលវេទនា មានកាយជាទីបំផុត ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលវេទនា មានកាយជាទីបំផុត។ កាលភិក្ខុនោះ ទទួលវេទនា មានជីវិតជាទីបំផុត ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលវេទនា មានជីវិតជាទីបំផុត។ ភិក្ខុនោះ លុះបែកធ្លាយរាងកាយ ខាងលើអំពីកិរិយាអស់ជីវិតទៅ ក៏ដឹងច្បាស់ថា វេទនាទាំងពួង ក្នុងលោកនេះ អាត្មាអញ មិនត្រេកអរទេ នឹងជាវេទនាដ៏ត្រជាក់ នឹងនៅសល់តែសរីរៈប៉ុណ្ណោះ។

[១៩៣] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរស រើយកឆ្នាំងក្តៅ អំពីកន្លែងដុតឆ្នាំង ហើយដាក់លើផែនដីដ៏ស្មើ ចំហាយណា ដែលនៅក្នុងទីនោះ ចំហាយនោះ ក៏ស្ងប់រម្ងាប់នៅក្នុងទីនោះឯង នៅសល់តែអំបែង យ៉ាងណា ម្នាលភិក្ខុទាំងឡាយ ដូចជាភិក្ខុទទួលវេទនា មានកាយជាទីបំផុត ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលវេទនា មានកាយជាទីបំផុត យ៉ាងនោះឯង។ កាលភិក្ខុទទួលវេទនា មានជីវិតជាទីបំផុត ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលវេទនា មានជីវិតជាទីបំផុត។ លុះភិក្ខុនោះ បែកធ្លាយរាងកាយ ខាងលើអំពីកិរិយាអស់ជីវិតទៅ ក៏ដឹងច្បាស់ថា វេទនាទាំងពួង ក្នុងលោកនេះ អាត្មាអញ មិនត្រេកអរទេ នឹងជាវេទនាដ៏ត្រជាក់ នឹងនៅសល់តែសរីរៈប៉ុណ្ណោះ។

[១៩៤] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ដូចម្តេច ភិក្ខុជាខីណាស្រព គួរតាក់តែងបុញ្ញាភិសង្ខារ តាក់តែងអបុញ្ញាភិសង្ខារ តាក់តែងអនេជាភិសង្ខារដែរឬទេ។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនមានទេ។ កាលបើសង្ខារទាំងឡាយ មិនមាន ព្រោះការរលត់នៃសង្ខារ ដោយប្រការទាំងពួង តើវិញ្ញាណនៅប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនប្រាកដទេ។ កាលបើវិញ្ញាណមិនមាន ព្រោះការរលត់នៃវិញ្ញាណ ដោយប្រការទាំងពួង តើនាមរូបនៅប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនប្រាកដទេ។ កាលបើនាមរូបមិនមាន ព្រោះការរលត់នៃនាមរូប ដោយប្រការទាំងពួង តើសឡាយតនៈនៅប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនប្រាកដទេ។ កាលបើសឡាយតនៈមិនមាន ព្រោះការរលត់នៃសឡាយតនៈ ដោយប្រការទាំងពួង តើផស្សៈនៅប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនប្រាកដទេ។ កាលបើផស្សៈមិនមាន ព្រោះការរលត់នៃផស្សៈ ដោយប្រការទាំងពួង តើវេទនា នៅប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនប្រាកដទេ។ កាលបើវេទនាមិនមាន ព្រោះការរលត់នៃវេទនា ដោយប្រការទាំងពួង តើតណ្ហា នៅប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនប្រាកដទេ។ កាលបើតណ្ហាមិនមាន ព្រោះការរលត់នៃតណ្ហា ដោយប្រការទាំងពួង តើឧបាទាន នៅប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនប្រាកដទេ។ កាលបើឧបាទាន មិនមាន ព្រោះការរលត់នៃឧបាទាន ដោយប្រការទាំងពួង តើភព នៅប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនប្រាកដទេ។ កាលបើភពមិនមាន ព្រោះការរលត់នៃភព ដោយប្រការទាំងពួង តើជាតិនៅប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនប្រាកដទេ។ កាលបើជាតិមិនមាន ព្រោះការរលត់នៃជាតិ ដោយប្រការទាំងពួង តើជរាមរណៈ នៅប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនប្រាកដទេ។

[១៩៥] ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ត្រូវហើយ អ្នកទាំងឡាយ ចូរសំគាល់ ចូរជឿសេចក្តីនុ៎ះ យ៉ាងនេះចុះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំងឿងឆ្ងល់ កុំសង្ស័យក្នុងដំណើរនុ៎ះឡើយ នេះឯង ជាទីបំផុតនៃសេចក្តីទុក្ខ។

ចប់សូត្រ ទី១។

(ឧបាទាន)សូត្រ ទី២

(២. ឧបាទានសុត្តំ)

[១៩៦] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងឧបាទានីយធម៌ទាំងឡាយ (ធម៌ដែលប្រព្រឹត្តទៅក្នុងភូមិ៣ ជាបច្ច័យនៃឧបាទានទាំង៤) តណ្ហា រមែងចម្រើនឡើង ឧបាទានកើតឡើង ព្រោះតណ្ហាជាបច្ច័យ ភពកើតឡើង ព្រោះឧបាទានជាបច្ច័យ ជាតិកើតឡើង ព្រោះភពជាបច្ច័យ ជរាមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើតឡើងព្រម ព្រោះជាតិជាបច្ច័យ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[១៩៧] ម្នាលភិក្ខុទាំងឡាយ គំនរភ្លើងធំ របស់អ្នករកឧស១០នាក់ក្តី អ្នករកឧស២០នាក់ក្តី អ្នករកឧស៣០នាក់ក្តី អ្នករកឧស៤០នាក់ក្តី ឆេះឡើង (បើ) មានបុរសយកស្មៅស្ងួត គោម័យស្ងួត និងឈើស្ងួត ទៅដាក់លើគំនរភ្លើងនោះសព្វកាល ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ គំនរភ្លើងធំ ដែលមានស្មៅស្ងួត ជាដើមនោះ ជាអាហារ មានស្មៅស្ងួត ជាដើមនោះ ជាគ្រឿងឆេះ មុខជាឆេះអស់កាលយូរអង្វែង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ហារមែងចម្រើនឡើង ឧបាទានកើតឡើង ព្រោះតណ្ហាជាបច្ច័យ។បេ។ ក៏យ៉ាងនោះឯង ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[១៩៨] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ហាក៏រលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន ការរលត់នៃជាតិ ព្រោះការរលត់នៃភព ជរាមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏រលត់ទៅ ព្រោះការរលត់នៃជាតិ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[១៩៩] ម្នាលភិក្ខុទាំងឡាយ គំនរភ្លើងធំ របស់អ្នករកឧស១០នាក់ក្តី អ្នករកឧស២០នាក់ក្តី អ្នករកឧស៣០នាក់ក្តី អ្នករកឧស៤០នាក់ក្តី គប្បីឆេះ (តែបើ) បុរសមិនយកស្មៅស្ងួត មិនយកគោម័យស្ងួត មិនយកកំណាត់ឈើស្ងួត ទៅដាក់ក្នុងគំនរភ្លើងនោះ គ្រប់កាលទេ (គំនរភ្លើងនោះ ក៏មិនអាចឆេះបាន) ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ គំនរភ្លើងធំនោះ មិនមានអាហារ គប្បីរលត់ទៅ ព្រោះការអស់គ្រឿងឆេះមុនផង ព្រោះការមិនបានបន្ថែមវត្ថុដទៃផង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ហារមែងរលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា។បេ។ ក៏យ៉ាងនោះឯង ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

ចប់សូត្រ ទី២។

(សំយោជន)សូត្រ ទី៣

(៣. សំយោជនសុត្តំ)

[២០០] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងសញ្ញោជនីយធម៌ទាំងឡាយ (ធម៌ជាគ្រឿងប្រកបព្រម) ហើយ តណ្ហា រមែងចម្រើន ឧបាទានកើតឡើង ព្រោះតណ្ហាជាបច្ច័យ ភពកើតឡើង ព្រោះឧបាទានជាបច្ច័យ ជាតិកើតឡើង ព្រោះភពជាបច្ច័យ ជរាមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើតឡើងព្រម ព្រោះជាតិជាបច្ច័យ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២០១] ម្នាលភិក្ខុទាំងឡាយ ប្រទីបប្រេង ឆេះបាន ព្រោះអាស្រ័យប្រេងផង ព្រោះអាស្រ័យប្រឆេះផង (បើ) បុរសចាក់ប្រេង វេញប្រឆេះ ដាក់ក្នុងប្រទីបប្រេងនោះគ្រប់កាល ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ ប្រទីបប្រេង ដែលមានប្រេង និងប្រឆេះនោះជាអាហារ មានប្រេង និងប្រឆេះនោះជាគ្រឿងឆេះ គប្បីឆេះឡើង អស់កាលយូរអង្វែង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ តណ្ហារមែងចម្រើនឡើង ឧបាទានចម្រើនឡើង ព្រោះតណ្ហាជាបច្ច័យ ភពចម្រើនឡើង ព្រោះឧបាទាន ជាបច្ច័យ ជាតិកើតឡើង ព្រោះភពជាបច្ច័យ ជរាមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើតឡើងព្រម ព្រោះជាតិជាបច្ច័យ ក៏យ៉ាងនោះឯង ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២០២] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ តណ្ហារមែងរលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន ការរលត់នៃជាតិ ព្រោះការរលត់នៃភព ជរាមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏រលត់ទៅ ព្រោះការរលត់នៃជាតិ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២០៣] ម្នាលភិក្ខុទាំងឡាយ ប្រទីបប្រេង ឆេះឡើងបាន ព្រោះអាស្រ័យប្រេងផង ព្រោះអាស្រ័យប្រឆេះផង (តែបើ) បុរសមិនចាក់ប្រេង មិនវេញប្រឆេះ ដាក់ក្នុងប្រទីបប្រេងនោះគ្រប់កាលទេ (ប្រទីបប្រេងនោះ ក៏មិនអាចឆេះឡើងបាន) ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ ប្រទីបដែលមិនមានអាហារនោះ គប្បីរលត់ទៅ ព្រោះការអស់គ្រឿងឆេះមុនផង ព្រោះការមិនបន្ថែមវត្ថុឯទៀតផង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ តណ្ហាក៏រលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា។បេ។ ក៏យ៉ាងនោះឯង ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

ចប់សូត្រ ទី៣។

(ទុតិយសំយោជន)សូត្រ ទី៤

(៤. ទុតិយសំយោជនសុត្តំ)

[២០៤] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះ ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ ប្រទីបប្រេង ឆេះឡើងបាន ព្រោះអាស្រ័យប្រេងផង ព្រោះអាស្រ័យប្រឆេះផង (បើ) បុរសចាក់ប្រេង វេញប្រឆេះ ដាក់ក្នុងប្រទីបប្រេងនោះគ្រប់កាលហើយ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ ប្រទីបប្រេង ដែលមានប្រេង និងប្រឆេះនោះជាអាហារផង មានប្រេង និងប្រឆេះនោះជាគ្រឿងឆេះផង មុខជាឆេះអស់កាលយូរអង្វែង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ តណ្ហារមែងចម្រើនឡើង ឧបាទានចម្រើនឡើង ព្រោះតណ្ហាជាបច្ច័យ។បេ។ ក៏យ៉ាងនោះឯង ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២០៥] ម្នាលភិក្ខុទាំងឡាយ ប្រទីបប្រេង ឆេះបាន ព្រោះអាស្រ័យប្រេងផង ព្រោះអាស្រ័យប្រឆេះផង (តែបើ) បុរសមិនបានចាក់ប្រេង មិនវេញប្រឆេះ ដាក់ក្នុងប្រទីបប្រេងនោះគ្រប់កាលទេ (ប្រទីបប្រេងនោះ មិនអាចឆេះបាន) ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ ប្រទីបប្រេង ដែលមិនមានអាហារនោះ ក៏រលត់ទៅ ព្រោះការអស់គ្រឿងឆេះពីមុនផង ព្រោះការមិនបន្ថែមរបស់ឯទៀតផង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុពិចារណាឃើញទោស ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ តណ្ហាក៏រលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា។បេ។ ក៏យ៉ាងនោះឯង ការរលត់ទៅ នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

ចប់សូត្រ ទី៤។

(មហារុក្ខ)សូត្រ ទី៥

(៥. មហារុក្ខសុត្តំ)

[២០៦] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះ ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងឧបាទានីយធម៌ទាំងឡាយ តណ្ហា រមែងចម្រើនឡើង ឧបាទានចម្រើនឡើង ព្រោះតណ្ហាជាបច្ច័យ ភពចម្រើនឡើង ព្រោះឧបាទានជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២០៧] ម្នាលភិក្ខុទាំងឡាយ ដូចជាឈើធំ ឫសទាំងអស់ របស់ឈើធំនោះ ដែលដុះចាក់ទៅក្រោម ដុះចាក់ទៅទទឹង រមែងនាំឱជារសទៅចុងខាងលើ កាលបើដូច្នេះ ម្នាលភិក្ខុទាំងឡាយ ឈើធំនោះ ដែលមានឫសនោះជាអាហារផង មានឫសនោះជាគ្រឿងបំប៉នផង មុខជាឋិតនៅ អស់កាលយូរអង្វែង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ហារមែងចម្រើនឡើង ឧបាទានចម្រើនឡើង ព្រោះតណ្ហាជាបច្ច័យ ភពចម្រើនឡើង ព្រោះឧបាទាន ជាបច្ច័យ។បេ។ ក៏យ៉ាងនោះឯង ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២០៨] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ហារមែងរលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២០៩] ម្នាលភិក្ខុទាំងឡាយ ដូចជាឈើធំមួយដើម កាលនោះ បុរសម្នាក់ កាន់ចប និងកញ្ជើដើរមក កាត់ឈើធំនោះ ត្រង់ឫស លុះកាត់រួចហើយ ទើបគាស់រំលើង លុះគាស់រំលើងរួចហើយ ក៏រើឫស ដោយហោចទៅ សូម្បីនៅសល់ប៉ុនទងស្បូវភ្លាំង ក៏មិនមាន។ បុរសនោះ កាត់ឈើនោះ ឲ្យមានកំណាត់តូច កំណាត់ធំ លុះកាត់ឲ្យជាកំណាត់តូច កំណាត់ធំហើយ ទើបពុះ លុះពុះរួចហើយ ក៏ធ្វើឲ្យជាបន្ទះតូចៗ លុះធ្វើឲ្យជាបន្ទះតូចៗហើយ ក៏យកទៅហាលខ្យល់ និងកំដៅថ្ងៃ លុះហាលខ្យល់ និងកំដៅថ្ងៃហើយ ទើបយកភ្លើងដុត លុះយកភ្លើងដុតរួចហើយ ទើបធ្វើឲ្យជាកម្ទេចធ្យូង ធ្វើឲ្យជាកម្ទេចធ្យូងហើយ ក៏បាចទៅតាមខ្យល់ធំ ឬក៏បណ្តែតទៅក្នុងស្ទឹង ដែលមានខ្សែទឹកហូរខ្មាញ់ ម្នាលភិក្ខុទាំងឡាយ ក៏កាលបើដូច្នេះ ឈើធំនោះ ឈ្មោះថា គេបានផ្តាច់ផ្តិលឫសគល់ចោលហើយ បានធ្វើឲ្យលែងមានទីកន្លែងដុះទៀត ជាឈើដល់នូវភាពមិនមានតទៅ មិនមានការកើតឡើងតទៅទៀតជាធម្មតា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ហារមែងរលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន។បេ។ ក៏យ៉ាងនោះឯង ការរលត់ទៅ នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

ចប់សូត្រ ទី៥។

(ទុតិយមហារុក្ខ)សូត្រ ទី៦

(៦. ទុតិយមហារុក្ខសុត្តំ)

[២១០] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើធំ ឫសរបស់ឈើធំនោះទាំងអស់ ដែលដុះចាក់ទៅខាងក្រោម ដុះចាក់ទៅទទឹង រមែងនាំឱជារសទៅចុងខាងលើ ម្នាលភិក្ខុទាំងឡាយ ក៏កាលបើដូច្នេះ ឈើធំនោះ ដែលមានឫសនោះជាអាហារផង មានឫសនោះជាកម្លាំងមាំផង មុខជាឋិតនៅ អស់កាលយូរអង្វែង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញសេចក្តីត្រេកអរ ក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ហារមែងចម្រើនឡើង ឧបាទានចម្រើនឡើង ព្រោះតណ្ហាជាបច្ច័យ។បេ។ ក៏យ៉ាងនោះដែរ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២១១] ម្នាលភិក្ខុទាំងឡាយ ដូចជាឈើធំមួយដើម កាលនោះ បុរសម្នាក់ កាន់យកចប និងកញ្ជើដើរមក កាត់ឈើធំនោះ ត្រង់ឫស លុះកាត់ឫសហើយ ក៏គាស់រំលើង លុះគាស់រំលើងហើយ ក៏រើឫស។បេ។ ឬក៏បណ្តែតទៅក្នុងស្ទឹង ដែលមានខ្សែទឹកហូរខ្មាញ់ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ ឈើធំនោះ ឈ្មោះថា គេបានផ្តាច់ផ្តិលឫសគល់ចោលហើយ បានធ្វើឲ្យលែងមានទីកន្លែងដុះទៀត ជាឈើដល់នូវភាពមិនមានតទៅ មិនមានការកើតឡើងតទៅទៀតជាធម្មតា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ហារមែងរលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា។បេ។ ក៏យ៉ាងនោះឯង ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

ចប់សូត្រ ទី៦។

(តរុណរុក្ខ)សូត្រ ទី៧

(៧. តរុណរុក្ខសុត្តំ)

[២១២] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ តណ្ហា រមែងចម្រើនឡើង ឧបាទានចម្រើនឡើង ព្រោះតណ្ហាជាបច្ច័យ។បេ។ ការកើតឡើង នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២១៣] ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើខ្ចី បុរសផ្សាំឫសរបស់ឈើខ្ចីគ្រប់កាល ចាក់ដីគ្រប់កាល ស្រោចទឹកគ្រប់កាល ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ ឈើខ្ចីនោះ ដែលមានរបស់ទាំងនោះ ជាអាហារ មានរបស់ទាំងនោះ ជាកម្លាំង ក៏ដល់នូវសេចក្តីចម្រើន ដុះដាលធំទូលាយឡើង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ តណ្ហារមែងចម្រើនឡើង ឧបាទានចម្រើនឡើង ព្រោះតណ្ហាជាបច្ច័យ។បេ។ ក៏យ៉ាងនោះឯង ការកើតឡើង នៃកងទុក្ខទាំងអស់នុ៎ះ តែងមានដោយប្រការដូច្នេះឯង។

[២១៤] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ តណ្ហារមែងរលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២១៥] ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើខ្ចី កាលនោះ បុរសកាន់យកចប និងកញ្ជើដើរមក កាត់ឈើខ្ចីត្រង់ឫស។បេ។ បណ្តែតទៅក្នុងស្ទឹង ដែលមានខ្សែទឹកហូរខ្មាញ់ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ ឈើខ្ចីនោះ ឈ្មោះថា គេបានផ្តាច់ផ្តិលឫសគល់ចោលហើយ បានធ្វើឲ្យលែងមានទីកន្លែងដុះទៀតហើយ ជាឈើដល់នូវភាពមិនមានតទៅ មិនមានការកើតឡើងតទៅទៀតជាធម្មតា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ តណ្ហារមែងរលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា។បេ។ ក៏យ៉ាងនោះឯង ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

ចប់សូត្រ ទី៧។

(នាមរូប)សូត្រ ទី៨

(៨. នាមរូបសុត្តំ)

[២១៦] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ ការចាប់កំណើតនៃនាមរូបក៏មាន សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២១៧] ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើធំ ឫសទាំងអស់ របស់ឈើធំនោះ ដែលដុះចាក់ទៅខាងក្រោម ដុះចាក់ទៅទទឹង តែងនាំឱជារសទៅចុងខាងលើ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ ដើមឈើធំនោះ ដែលមានឫសនោះជាអាហារ មានឫសនោះជាកម្លាំង ក៏ឋិតនៅ អស់កាលយូរអង្វែង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ ការចាប់កំណើតនៃនាមរូប ក៏មាន សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ។បេ។ ក៏យ៉ាងនោះឯង ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២១៨] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ ការចាប់កំណើតឡើង នៃនាមរូប ក៏មិនមាន សឡាយតនៈរលត់ ព្រោះការរលត់នៃនាមរូប។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២១៩] ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើធំ កាលនោះ បុរសកាន់យកចប និងកញ្ជើដើរមក កាត់ឈើធំនោះ ត្រង់ឫស។បេ។ ជាឈើដល់នូវភាពមិនមានតទៅ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ ការចាប់កំណើតនៃនាមរូបក៏មិនមាន ការរលត់នៃសឡាយតនៈ ព្រោះការរលត់នៃនាមរូប។បេ។ ក៏យ៉ាងនោះឯង ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

ចប់សូត្រ ទី៨។

(វិញ្ញាណ)សូត្រ ទី៩

(៩. វិញ្ញាណសុត្តំ)

[២២០] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ ការចាប់កំណើតឡើង នៃវិញ្ញាណ រមែងមាន នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២២១] ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើធំ ឫសទាំងអស់ របស់ឈើធំនោះ។បេ។ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ ការចាប់កំណើតនៃវិញ្ញាណ រមែងមាន នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ។បេ។ ក៏យ៉ាងនោះឯង ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២២២] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ ការចាប់កំណើតនៃវិញ្ញាណក៏មិនមាន ការរលត់នៃនាមរូប ព្រោះការរលត់នៃវិញ្ញាណ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២២៣] ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើធំ កាលនោះ បុរសកាន់យកចប និងកញ្ជើដើរមក កាត់ឈើធំនោះ ត្រង់ឫស។បេ។ ជាឈើដល់នូវភាពមិនមានតទៅ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ ការចាប់កំណើតនៃវិញ្ញាណ រមែងមិនមាន ការរលត់នៃនាមរូប ព្រោះការរលត់នៃវិញ្ញាណ។បេ។ ក៏យ៉ាងនោះឯង ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

ចប់សូត្រ ទី៩។

(និទាន)សូត្រ ទី១០

(១០. និទានសុត្តំ)

[២២៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនិគម ឈ្មោះកម្មាសទម្មៈ របស់អ្នកដែនកុរុ ក្នុងដែនកុរុ។ គ្រានោះឯង ព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន បដិច្ចសមុប្បាទធម៌នេះ មានជម្រៅពេកផង មានឱភាសដ៏ជ្រៅផង ក៏ប៉ុន្តែហាក់ដូចជារាក់ៗ ប្រាកដដល់ខ្ញុំព្រះអង្គ។

[២២៥] ម្នាលអានន្ទ មិនមែនយ៉ាងនេះទេ ម្នាលអានន្ទ មិនមែនយ៉ាងនេះទេ ម្នាលអានន្ទ បដិច្ចសមុប្បាទធម៌នេះ មានជម្រៅផង មានឱភាសដ៏ជ្រៅផង ម្នាលអានន្ទ ពពួកសត្វនេះ ជាប់ចំពាក់វឹកវរ ចាក់ស្រែះស្មុកស្មាញ ដូចជាស្មៅយាប្លង និងស្មៅដំណេកទន្សាយ រមែងមិនកន្លងអបាយ ទុគ្គតិ វិនិបាត និងសង្សារ ព្រោះតែការមិនស្គាល់ ការមិនត្រាស់ដឹង ការមិនចាក់ធ្លុះ នូវបដិច្ចសមុប្បាទធម៌នុ៎ះ។

[២២៦] ម្នាលអានន្ទ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ហារមែងចម្រើនឡើង ឧបាទានចម្រើនឡើង ព្រោះតណ្ហាជាបច្ច័យ ភពចម្រើនឡើង ព្រោះឧបាទានជាបច្ច័យ ជាតិចម្រើនឡើង ព្រោះភពជាបច្ច័យ ជរាមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើតឡើងព្រម ព្រោះជាតិជាបច្ច័យ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២២៧] ម្នាលអានន្ទ ដូចជាដើមឈើធំ ឫសទាំងអស់ របស់ឈើធំនោះ ដែលដុះចាក់ទៅក្រោម ដុះចាក់ទៅខាងទទឹង រមែងនាំឱជារស ទៅចុងខាងលើ ម្នាលអានន្ទ កាលបើដូច្នោះ ឈើធំនោះ ឈ្មោះថា មានឫសនោះជាអាហារ មានឫសនោះជាកម្លាំង មុខជាឋិតថេរនៅអស់កាលយូរ យ៉ាងណាមិញ ម្នាលអានន្ទ កាលភិក្ខុ ពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ហា រមែងចម្រើនឡើង ឧបាទានចម្រើនឡើង ព្រោះតណ្ហាជាបច្ច័យ ភពចម្រើនឡើង ព្រោះឧបាទានជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២២៨] ម្នាលអានន្ទ កាលភិក្ខុពិចារណាឃើញទោស ក្នុងឧបាទានីយធម៌ទាំងឡាយ តណ្ហារមែងរលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[២២៩] ម្នាលអានន្ទ ដូចជាដើមឈើធំ កាលនោះ បុរសកាន់ចប និងកញ្ជើដើរមក កាត់ឈើនោះ ត្រង់ឫស លុះកាត់ឫសរួចហើយ ក៏គាស់រំលើង លុះគាស់រំលើងហើយ ក៏រើឫសចេញ ដោយហោចទៅ សូម្បីនៅសល់តែប៉ុនទងស្បូវភ្លាំង ក៏មិនមាន។ បុរសនោះ កាត់ឈើនោះ ឲ្យជាកំណាត់តូច កំណាត់ធំ លុះកាត់ឲ្យជាកំណាត់តូច កំណាត់ធំហើយ ក៏ពុះ លុះពុះហើយ ធ្វើឲ្យជាបន្ទះតូចៗ លុះធ្វើឲ្យជាបន្ទះតូចៗហើយ ហាលខ្យល់ និងកំដៅថ្ងៃ លុះហាលខ្យល់ និងកំដៅថ្ងៃហើយ យកភ្លើងដុត លុះយកភ្លើងដុតហើយ ធ្វើឲ្យជាកម្ទេចធ្យូង លុះធ្វើឲ្យជាកម្ទេចធ្យូងហើយ បាចទៅលើខ្យល់ធំ ឬបណ្តែតទៅក្នុងស្ទឹង ដែលមានខ្សែទឹកហូរខ្មាញ់ ម្នាលអានន្ទ កាលបើដូច្នេះ ឈើធំនោះ ឈ្មោះថា គេបានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើឲ្យលែងមានទីកន្លែងដុះទៀតហើយ ជាឈើដល់នូវភាពមិនមានតទៅ មិនមានការកើតឡើងតទៅទៀតជាធម្មតា ម្នាលអានន្ទ កាលភិក្ខុពិចារណាឃើញទោស ក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ហារមែងរលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន ការរលត់នៃជាតិ ព្រោះការរលត់នៃភព ជរាមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏រលត់ទៅ ព្រោះការរលត់នៃជាតិ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

ចប់សូត្រទី១០។

ចប់ ទុក្ខវគ្គ ទី៦។

ឧទ្ទាន នៃទុក្ខវគ្គនោះគឺ

និយាយពីភិក្ខុពិចារណាសេចក្តីទុក្ខ១ និយាយពីភិក្ខុឃើញទោស និងសេចក្តីត្រេកអរ ក្នុងឧបាទានីយធម៌២លើក និយាយពីសញ្ញោជនីយធម៌២លើក ពោលប្រៀបពីដើមឈើធំ២លើក សេចក្តីប្រៀបដោយដើមឈើខ្ចី ជាគម្រប់៧ និយាយពីការចាប់កំណើតនៃនាមរូប១ និយាយពីវិញ្ញាណ បើរាប់តាមនិទាន មាន១៣។

 

លេខយោង

1)
សំដៅយកកាមាវចរកុសលចេតនា៨ និងរូបាវចរកុសលចេតនា៥ រួមជា១៣។
2)
បានដល់អកុសលចេតនា២។
3)
បានដល់អរូបាវចរកុសលចេតនា៤។
km/tipitaka/sut/sn/12/sut.sn.12.v06.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann