(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 12.v07 បាលី cs-km: sut.sn.12.v07 អដ្ឋកថា: sut.sn.12.v07_att PTS: ?
មហាវគ្គ (ទី៧)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៧. មហាវគ្គោ)
(១. អស្សុតវាសុត្តំ)
[២៣០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះមានព្រះភាគ …. ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង គប្បីនឿយណាយផង ធុញទ្រាន់ផង ផុតស្រឡះផង ក្នុងកាយ ដែលកើតអំពីមហាភូតទាំង៤នេះ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា សេចក្តីចម្រើនក្តី សេចក្តីវិនាសក្តី ដំណើរកើតឡើងក្តី ដំណើរបែកធ្លាយក្តី នៃកាយដែលកើតអំពីមហាភូតទាំង៤នេះ តែងប្រាកដ ហេតុនោះ បានជាបុថុជ្ជនអ្នកមិនចេះដឹង គប្បីនឿយណាយផង ធុញទ្រាន់ផង ផុតស្រឡះផង ក្នុងកាយ ដែលកើតអំពីមហាភូតទាំង៤នោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងធម្មជាតណា ដែលហៅថាចិត្តខ្លះ ហៅថាមនោខ្លះ ហៅថាវិញ្ញាណខ្លះ បុថុជ្ជនអ្នកមិនចេះដឹង មិនអាចនឿយណាយ មិនអាចធុញទ្រាន់ មិនអាចផុតស្រឡះ ក្នុងធម្មជាតនោះបានឡើយ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ធម្មជាតនុ៎ះ បុថុជ្ជនអ្នកមិនចេះដឹង ធ្លាប់ចូលចិត្ត រាប់អាន ប្រកាន់មកហើយ អស់កាលជាអង្វែងថា នុ៎ះ ជារបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះ ហេតុនោះ បានជាបុថុជ្ជនអ្នកមិនចេះដឹង មិនអាចនឿយណាយ មិនអាចធុញទ្រាន់ មិនអាចផុតស្រឡះ ក្នុងធម្មជាតនោះបានឡើយ។
[២៣១] ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង រមែងប្រកាន់កាយ ដែលកើតអំពីមហាភូតទាំង៤នេះ ថាប្រសើរ ដោយថាជាខ្លួន តែមិនប្រកាន់នូវចិត្តឡើយ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា កាយដែលកើតអំពីមហាភូតទាំង៤នេះ កាលបើឋិតនៅបានមួយឆ្នាំខ្លះ ឋិតនៅបានពីរឆ្នាំខ្លះ ឋិតនៅបានបីឆ្នាំខ្លះ ឋិតនៅបានបួនឆ្នាំខ្លះ ឋិតនៅបានប្រាំឆ្នាំខ្លះ ឋិតនៅបាន១០ឆ្នាំខ្លះ ឋិតនៅបាន២០ឆ្នាំខ្លះ ឋិតនៅបាន៣០ឆ្នាំខ្លះ ឋិតនៅបាន៤០ឆ្នាំខ្លះ ឋិតនៅបាន៥០ឆ្នាំខ្លះ ឋិតនៅបាន១០០ឆ្នាំខ្លះ ឋិតនៅជាង១០០ឆ្នាំខ្លះ តែងប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ចំណែកឯធម្មជាត ដែលហៅថាចិត្តខ្លះ មនោខ្លះ វិញ្ញាណខ្លះនោះ តែងកើតឡើងផ្សេង រលត់ទៅផ្សេង ទាំងយប់ ទាំងថ្ងៃ។
[២៣២] ម្នាលភិក្ខុទាំងឡាយ ដូចស្វា ត្រាច់ទៅក្នុងព្រៃតូច ព្រៃធំ តែងចាប់មែកឈើ លែងមែកដែលចាប់នោះហើយ ចាប់មែកដទៃ លែងមែកដទៃនោះហើយ ចាប់មែកដទៃទៀត លែងមែកដទៃទៀតនោះហើយ ចាប់មែកដទៃតទៅទៀត យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ធម្មជាត ដែលហៅថា ចិត្តខ្លះ មនោខ្លះ វិញ្ញាណខ្លះនោះ តែងកើតឡើងផ្សេង រលត់ទៅវិញផ្សេង ទាំងយប់ទាំងថ្ងៃ ក៏យ៉ាងនោះឯង។
[២៣៣] ម្នាលភិក្ខុទាំងឡាយ ត្រង់សេចក្តីនោះ អរិយសាវ័កអ្នកចេះដឹង តែងធ្វើទុកក្នុងចិត្ត នូវបដិច្ចសមុប្បាទធម៌ ដោយឧបាយនៃប្រាជ្ញាឲ្យប្រពៃថា កាលបើវត្ថុនេះមាន ទើបវត្ថុនេះមាន ព្រោះតែវត្ថុនេះកើតឡើង បានជាវត្ថុនេះកើតឡើងដែរ កាលបើវត្ថុនេះមិនមាន វត្ថុនេះក៏មិនមានដែរ ព្រោះតែវត្ថុនេះរលត់ បានជាវត្ថុនេះរលត់ដែរ គឺថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។ ឯការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។
[២៣៤] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ តែងនឿយណាយក្នុងរូបផង នឿយណាយក្នុងវេទនាផង នឿយណាយក្នុងសញ្ញាផង នឿយណាយក្នុងសង្ខារទាំងឡាយផង នឿយណាយក្នុងវិញ្ញាណផង កាលបើនឿយណាយ ក៏តែងធុញទ្រាន់ ព្រោះតែការធុញទ្រាន់ ចិត្តក៏ផុតស្រឡះបាន។ កាលបើចិត្តផុតស្រឡះហើយ សេចក្តីដឹងថា ចិត្តផុតស្រឡះហើយ ដូច្នេះ ក៏កើតមាន។ អរិយសាវ័កនោះ តែងដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
ចប់សូត្រ ទី១។
(២. ទុតិយអស្សុតវាសុត្តំ)
[២៣៥] ទ្រង់គង់នៅទៀបក្រុងសាវត្ថី…. ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង គប្បីនឿយណាយផង ធុញទ្រាន់ផង ផុតស្រឡះផង ក្នុងកាយដែលកើតអំពីមហាភូតទាំង៤នេះ ដំណើរនេះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា សេចក្តីចម្រើនក្តី សេចក្តីវិនាសក្តី ដំណើរកើតក្តី ដំណើរបែកធ្លាយក្តី របស់កាយដែលកើតអំពីមហាភូតទាំង៤នេះ តែងប្រាកដ ហេតុនោះ បានជាបុថុជ្ជនអ្នកមិនចេះដឹង គប្បីនឿយណាយផង ធុញទ្រាន់ផង ផុតស្រឡះផង ក្នុងកាយនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងធម្មជាតណា ដែលហៅថា ចិត្តខ្លះ មនោខ្លះ វិញ្ញាណខ្លះ បុថុជ្ជនអ្នកមិនចេះដឹង មិនអាចនឿយណាយ មិនអាចធុញទ្រាន់ មិនអាចផុតស្រឡះ ក្នុងធម្មជាតនោះឡើយ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ធម្មជាតនុ៎ះ បុថុជ្ជនអ្នកមិនចេះដឹង ធ្លាប់ចូលចិត្ត រាប់អាន ប្រកាន់មកហើយ អស់កាលជាអង្វែងថា នុ៎ះជារបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះ ហេតុនោះ បានជាបុថុជ្ជនអ្នកមិនចេះដឹង មិនអាចនឿយណាយ មិនអាចធុញទ្រាន់ មិនអាចផុតស្រឡះ ក្នុងធម្មជាតនោះឡើយ។
[២៣៦] ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង តែងប្រកាន់កាយ ដែលកើតអំពីមហាភូតទាំង៤នេះ ថាប្រសើរ ដោយថាជាខ្លួន តែមិនប្រកាន់នូវចិត្តឡើយ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា កាយដែលកើតអំពីមហាភូតទាំង៤នេះ កាលបើឋិតនៅបាន១ឆ្នាំខ្លះ ឋិតនៅបាន២ឆ្នាំខ្លះ ឋិតនៅបាន៣ឆ្នាំខ្លះ ឋិតនៅបាន៤ឆ្នាំខ្លះ ឋិតនៅបាន៥ឆ្នាំខ្លះ ឋិតនៅបាន១០ឆ្នាំខ្លះ ឋិតនៅបាន២០ឆ្នាំខ្លះ ឋិតនៅបាន៣០ឆ្នាំខ្លះ ឋិតនៅបាន៤០ឆ្នាំខ្លះ ឋិតនៅបាន៥០ឆ្នាំខ្លះ ឋិតនៅបាន១០០ឆ្នាំខ្លះ ឋិតនៅច្រើនជាង១០០ឆ្នាំខ្លះ តែងប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ចំណែកឯធម្មជាតណា ដែលហៅថា ចិត្តខ្លះ មនោខ្លះ វិញ្ញាណខ្លះ ធម្មជាតនោះ តែងកើតឡើងផ្សេង រលត់ទៅវិញផ្សេង ទាំងយប់ទាំងថ្ងៃ។
[២៣៧] ម្នាលភិក្ខុទាំងឡាយ ត្រង់សេចក្តីនោះ អរិយសាវ័កអ្នកចេះដឹង តែងធ្វើទុកក្នុងចិត្ត នូវបដិច្ចសមុប្បាទធម៌ ដោយឧបាយប្រាជ្ញាឲ្យប្រពៃថា កាលបើវត្ថុនេះមាន ទើបវត្ថុនេះមាន ព្រោះតែវត្ថុនេះកើតឡើង បានជាវត្ថុនេះកើតឡើងដែរ កាលបើវត្ថុនេះមិនមាន វត្ថុនេះក៏មិនមានដែរ ព្រោះតែវត្ថុនេះរលត់ បានជាវត្ថុនេះរលត់ដែរ។ ម្នាលភិក្ខុទាំងឡាយ សុខវេទនា រមែងកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យនៃសុខវេទនា វេទនាណា ដែលកើតអំពីផស្សៈនោះ គឺសុខវេទនាដែលកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យ នៃសុខវេទនា វេទនានោះ ក៏រលត់ទៅ ស្ងប់រម្ងាប់ទៅ ព្រោះការរលត់នៃផស្សៈ ដែលជាបច្ច័យនៃសុខវេទនានោះឯង។ ម្នាលភិក្ខុទាំងឡាយ ទុក្ខវេទនា រមែងកើតឡើងព្រោះអាស្រ័យផស្សៈ ជាបច្ច័យនៃទុក្ខវេទនា វេទនាណា ដែលកើតអំពីផស្សៈនោះ គឺទុក្ខវេទនាដែលកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យ នៃទុក្ខវេទនា វេទនានោះ ក៏រលត់ទៅ ស្ងប់រម្ងាប់ទៅ ព្រោះការរលត់នៃផស្សៈ ដែលជាបច្ច័យនៃទុក្ខវេទនានោះឯង។ ម្នាលភិក្ខុទាំងឡាយ វេទនាដែលមិនជាទុក្ខ មិនជាសុខ រមែងកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យនៃវេទនាមិនជាទុក្ខមិនជាសុខ វេទនាណា ដែលកើតអំពីផស្សៈនោះ គឺវេទនាមិនជាទុក្ខមិនជាសុខ ដែលកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យ នៃវេទនាមិនជាទុក្ខមិនជាសុខ វេទនានោះ ក៏រលត់ទៅ ស្ងប់រម្ងាប់ទៅ ព្រោះការរលត់នៃផស្សៈ ដែលជាបច្ច័យនៃវេទនាមិនជាទុក្ខមិនជាសុខនោះឯង។
[២៣៨] ម្នាលភិក្ខុទាំងឡាយ ដូចជាចំហាយក្តៅ កើតឡើង ភ្លើងក៏កើតឡើង ព្រោះតែការប្រជុំខ្ទប់គ្នា នៃឈើពីរកំណាត់ កាលបើឈើទាំងពីរកំណាត់នោះឯង ញែកឃ្លាតចេញពីគ្នាហើយ ចំហាយក្តៅ ដែលកើតអំពីកំណាត់ឈើនោះ ក៏រលត់ទៅ ស្ងប់រម្ងាប់ទៅ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ សុខវេទនា តែងកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យនៃសុខវេទនា វេទនាណា ដែលកើតអំពីផស្សៈនោះ គឺសុខវេទនា ដែលកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យ នៃសុខវេទនា វេទនានោះ ក៏រលត់ទៅ ស្ងប់រម្ងាប់ទៅ ព្រោះការរលត់នៃផស្សៈ ដែលជាបច្ច័យនៃសុខវេទនានោះឯង ទុក្ខវេទនា តែងកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យ នៃទុក្ខវេទនា វេទនាណា ដែលកើតអំពីផស្សៈនោះ គឺទុក្ខវេទនា ដែលកើតឡើង ព្រោះអាស្រ័យផស្សៈ ជាបច្ច័យ នៃទុក្ខវេទនា វេទនានោះ ក៏រលត់ទៅ ស្ងប់រម្ងាប់ទៅ ព្រោះការរលត់នៃផស្សៈ ដែលជាបច្ច័យ នៃទុក្ខវេទនានោះឯង វេទនាមិនជាទុក្ខ មិនជាសុខ កើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យ នៃវេទនាមិនជាទុក្ខមិនជាសុខ វេទនាណា ដែលកើតអំពីផស្សៈនោះ គឺវេទនាមិនជាទុក្ខមិនជាសុខ ដែលកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យ នៃវេទនាមិនជាទុក្ខមិនជាសុខ វេទនានោះ ក៏រលត់ទៅ ស្ងប់រម្ងាប់ទៅ ព្រោះការរលត់នៃផស្សៈ ដែលជាបច្ច័យនៃវេទនាមិនជាទុក្ខមិនជាសុខនោះឯង ក៏យ៉ាងនោះឯង។
[២៣៩] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ តែងនឿយណាយក្នុងផស្សៈផង នឿយណាយក្នុងវេទនាផង នឿយណាក្នុងសញ្ញាផង នឿយណាយក្នុងសង្ខារទាំងឡាយផង នឿយណាយក្នុងវិញ្ញាណផង កាលបើនឿយណាយ ក៏តែងធុញទ្រាន់ ព្រោះតែការធុញទ្រាន់ ចិត្តក៏ផុតស្រឡះបាន។ កាលបើចិត្តផុតស្រឡះហើយ សេចក្តីដឹងថា ចិត្តផុតស្រឡះហើយ ដូច្នេះ ក៏កើតមាន។ អរិយសាវ័កនោះ តែងដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ ព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
ចប់សូត្រ ទី២។
(៣. បុត្តមំសូបមសុត្តំ)
[២៤០] ទ្រង់គង់នៅទៀបក្រុងសាវត្ថី…. ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ អាហារ៤នេះ ប្រព្រឹត្តទៅ ដើម្បីការតាំងនៅបាន នៃពួកភូតសត្វផង ដើម្បីអនុគ្រោះ ដល់ពួកសម្ភវេសីសត្វផង។ អាហារ៤ តើដូចម្តេច។ កវឡីការាហារ ដ៏គ្រោតគ្រាតក្តី ល្អិតក្តី (ជាទីមួយ) ផស្សាហារ ជាទីពីរ មនោសញ្ចេតនាហារ ជាទីបី វិញ្ញាណាហារ ជាទីបួន។ ម្នាលភិក្ខុទាំងឡាយ អាហារទាំង៤នេះឯង ប្រព្រឹត្តទៅ ដើម្បីការតាំងនៅបាននៃពួកភូតសត្វផង ដើម្បីអនុគ្រោះ ដល់ពួកសម្ភវេសីសត្វផង។
[២៤១] ម្នាលភិក្ខុទាំងឡាយ កវឡីការាហារ តើត្រូវយល់ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដូចជាភរិយាស្វាមី ពីរនាក់ គប្បីនាំយកស្បៀងតិចតួច ដើរទៅកាន់ផ្លូវលំបាក ស្វាមីភរិយានោះ មានកូនប្រុសតែមួយ ជាទីស្រឡាញ់ពេញចិត្ត។ ម្នាលភិក្ខុទាំងឡាយ គ្រាកាលដែលភរិយាស្វាមី ទាំងពីរនាក់ កំពុងដើរទៅកាន់ផ្លូវលំបាកនោះ ស្បៀងបន្តិចបន្តួចនោះ អស់រលីងទៅ ផ្លូវលំបាកនោះ នៅសល់ឆ្លងមិនទាន់ផុត។ ម្នាលភិក្ខុទាំងឡាយ ទើបភរិយាស្វាមីទាំងពីរនាក់នោះ ប្រឹក្សាគ្នាយ៉ាងនេះថា ស្បៀងអាហារបន្តិចបន្តួចរបស់យើងនោះ អស់រលីងទៅហើយ ផ្លូវលំបាកនៅសល់ ឆ្លងមិនទាន់ផុតឡើយ បើដូច្នោះ យើងត្រូវសម្លាប់កូនប្រុសតែមួយ ជាទីស្រឡាញ់ពេញចិត្តនេះ ធ្វើជាងៀតផង ជាផ្អកផង កាលបើយើងទាំងពីរនាក់ ស៊ីសាច់កូននោះហើយ នឹងឆ្លងផ្លូវលំបាក ដែលនៅសល់នោះផុតបាន បើមិនដូច្នោះ យើងទាំងអស់គ្នា មុខជានឹងស្លាប់ទាំងបីនាក់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ភរិយាស្វាមីទាំងពីរនាក់នោះ សម្លាប់កូនប្រុសតែមួយ ជាទីស្រឡាញ់ពេញចិត្តនុ៎ះ ធ្វើជាងៀតផង ជាផ្អកផង កាលបើភរិយាស្វាមី ទាំងពីរនាក់ ស៊ីសាច់កូនហើយ ទើ់បដើរឆ្លងផ្លូវលំបាក ដែលនៅសល់នោះ ឲ្យផុតបាន ភរិយាស្វាមីនោះ ស៊ីសាច់កូនផង រឹតទ្រូងផងថា ហៃកូនប្រុសតែមួយ អ្នកឯងនៅឯណា ហៃកូនប្រុសតែមួយ អ្នកឯងនៅឯណា។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ដំណើរនោះ ថាដូចម្តេច ភរិយាស្វាមីនោះ លេបអាហារដើម្បីការលេង លេបអាហារដើម្បីការស្រវឹង លេបអាហារ ដើម្បីការប្រដាប់តាក់តែង លេបអាហារ ដើម្បីការស្អិតស្អាង ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរនុ៎ះ មិនមែនដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ ភរិយាស្វាមីនោះ ក្រែងលេបអាហារ គ្រាន់តែដើម្បីនឹងឆ្លងផ្លូវលំបាក ឲ្យផុតតែប៉ុណ្ណោះទេឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ត្រូវអ្នករាល់គ្នា យល់កវឡីការាហារ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ កាលបើកំណត់ដឹងកវឡីការាហារហើយ ក៏ឈ្មោះថា បានកំណត់ដឹងរាគៈ ដែលប្រព្រឹត្តទៅក្នុងកាមគុណទាំង៥ដែរ កាលបើកំណត់ដឹងរាគៈ ដែលប្រព្រឹត្តទៅក្នុងកាមគុណទាំង៥ហើយ អរិយសាវ័ក ដែលប្រកបដោយសំយោជនៈណាហើយ ត្រូវត្រឡប់មកកាន់លោកនេះម្តងទៀត សំយោជនៈនោះ មិនមានទេ។
[២៤២] ម្នាលភិក្ខុទាំងឡាយ ផស្សាហារ តើត្រូវយល់ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដូចជាមេគោ ដែលមិនមានស្បែក បើឈរផ្អែកនឹងជញ្ជាំង ក៏ត្រូវពួកសត្វ ដែលអាស្រ័យនៅនឹងជញ្ជាំងនោះខាំ បើឈរផ្អែកនឹងដើមឈើ ក៏ត្រូវពួកសត្វ ដែលអាស្រ័យនៅនឹងដើមឈើនោះខាំ បើឈរត្រាំនៅក្នុងទឹក ក៏ត្រូវពួកសត្វ ដែលអាស្រ័យនៅក្នុងទឹកនោះចឹកប្របិច បើឈរកណ្តាលវាល ក៏ត្រូវពួកសត្វ ដែលអាស្រ័យនៅនឹងអាកាសនោះខាំ ម្នាលភិក្ខុទាំងឡាយ មេគោដែលមិនមានស្បែកនោះ ឈរនៅក្នុងទីណាៗ ក៏គង់តែពួកសត្វ ដែលអាស្រ័យនៅក្នុងទីនោះៗខាំស៊ី យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ត្រូវអ្នករាល់គ្នា យល់ផស្សាហារ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ កាលបើកំណត់ដឹងផស្សាហារហើយ ក៏ឈ្មោះថា បានកំណត់ដឹង នូវវេទនាទាំងបីដែរ កាលបើកំណត់ដឹងនូវវេទនាទាំងបីហើយ តថាគតពោលថា កិច្ចណាមួយ ដែលអរិយសាវ័កត្រូវធ្វើតទៅទៀត មិនមានឡើយ។
[២៤៣] ម្នាលភិក្ខុទាំងឡាយ មនោសញ្ចេតនាហារ តើត្រូវយល់ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដូចជារណ្តៅរងើកភ្លើង មានជម្រៅជាងមួយជួរបុរស ពេញដោយរងើកភ្លើង ឥតមានអណ្តាត ឥតមានផ្សែង ចួនជាមានបុរសអ្នកប្រាថ្នាចង់រស់នៅ មិនប្រាថ្នាចង់ស្លាប់ ស្រឡាញ់សុខ ខ្ពើមទុក្ខ ដើរមក ស្រាប់តែបុរសពីរនាក់ មានកម្លាំង ចាប់បុរសនោះ ត្រង់ដើមដៃម្ខាងម្នាក់ ទាញទម្លាក់ទៅក្នុងរណ្តៅរងើកភ្លើងនោះ។ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នោះ បុរសនោះ សមជាមានចេតនាគិតចង់ឲ្យឃ្លាត មានប្រាថ្នាចង់ឲ្យឆ្ងាយ មានបំណងចង់ឲ្យឃ្វាង អំពីរណ្តៅរងើកភ្លើងនោះ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុរសនោះ បានដឹងជាក់លាក់ថា បើអាត្មាអញ នឹងធ្លាក់ទៅក្នុងរណ្តៅរងើកភ្លើងនេះ អាត្មាអញ មុខជានឹងដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខ ស្ទើរនឹងស្លាប់ ព្រោះតែការធ្លាក់ទៅក្នុងរណ្តៅរងើកភ្លើងនោះជាហេតុ ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ត្រូវអ្នករាល់គ្នា យល់មនោសញ្ចេតនាហារ ក៏ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ កាលបើកំណត់ដឹងនូវមនោសញ្ចេតនាហារហើយ ក៏ឈ្មោះថា បានកំណត់ដឹង នូវតណ្ហាទាំងបីដែរ កាលបើកំណត់ដឹង នូវតណ្ហាទាំងបីហើយ តថាគតពោលថា កិច្ចណាមួយ ដែលអរិយសាវ័កត្រូវធ្វើតទៅទៀត មិនមានឡើយ។
[២៤៤] ម្នាលភិក្ខុទាំងឡាយ ចុះវិញ្ញាណាហារ តើត្រូវយល់ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដូចជាពួករាជបុរស ចាប់បានចោរ ដែលប្រព្រឹត្តអំពើអាក្រក់ យកមកថ្វាយដល់ព្រះរាជាថា បពិត្រព្រះសម្មតិទេព បុគ្គលនេះ ជាចោររបស់ព្រះអង្គ ជាអ្នកប្រព្រឹត្តអំពើអាក្រក់ សូមទ្រង់ដាក់អាជ្ញាដល់ចោរនេះ តាមព្រះរាជបំណង ព្រះរាជាមានព្រះបន្ទូល ចំពោះបុរសនោះ យ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន ចូរអ្នកទាំងឡាយ ទៅប្រហារបុរសនេះ ១០០លំពែង ក្នុងវេលាព្រឹក រាជបុរស ក៏ប្រហារបុរសនោះ ១០០លំពែង ក្នុងវេលាព្រឹក លុះដល់សម័យថ្ងៃត្រង់ ព្រះរាជាត្រាស់សួរ យ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន បុរសនោះដូចម្តេចទៅ រាជបុរសក្រាបទូលថា បពិត្រព្រះសម្មតិទេព បុរសនោះ នៅរស់ដដែលទេ ព្រះរាជាមានព្រះបន្ទូល ចំពោះបុរសនោះ យ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន ចូរអ្នកទាំងឡាយ ទៅប្រហារបុរសនោះ ១០០លំពែង ក្នុងសម័យថ្ងៃត្រង់ រាជបុរស ក៏ប្រហារបុរសនោះ ១០០លំពែង ក្នុងសម័យថ្ងៃត្រង់ លុះដល់សម័យថ្ងៃរសៀល ព្រះរាជាទ្រង់ត្រាស់សួរ យ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន បុរសនោះដូចម្តេចទៅ រាជបុរសក្រាបទូលថា បពិត្រព្រះសម្មតិទេព បុរសនោះ នៅរស់ដដែលទេ ព្រះរាជា ទ្រង់មានព្រះបន្ទូល ចំពោះបុរសនោះ យ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន ចូរអ្នកទាំងឡាយ ទៅប្រហារបុរសនោះ ១០០លំពែង ក្នុងសម័យថ្ងៃរសៀល រាជបុរស ក៏ប្រហារបុរសនោះ ១០០លំពែង ក្នុងសម័យថ្ងៃរសៀល។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ដូចម្តេច កាលបើបុរសនោះ ត្រូវគេប្រហារ ៣០០លំពែង ក្នុងមួយថ្ងៃ នឹងរងទុក្ខទោមនស្ស ព្រោះហេតុតែគេប្រហារនោះដែរឬ ម្នាលភិក្ខុទាំងឡាយ កាលបើបុរសនោះ ត្រូវប្រហារត្រឹម១លំពែងប៉ុណ្ណោះ ក៏រងទុក្ខទោមនស្ស ព្រោះតែគេប្រហារ១លំពែងនោះទៅហើយ ចំណង់បើត្រូវគេប្រហារ ដល់៣០០លំពែងនោះ មិនបាច់និយាយទេ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ត្រូវអ្នករាល់គ្នា យល់វិញ្ញាណាហារ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ កាលបើកំណត់ដឹងវិញ្ញាណាហារហើយ ក៏ឈ្មោះថា បានកំណត់ដឹងនូវនាម និងរូបដែរ កាលបើកំណត់នឹងនូវនាម និងរូបហើយ តថាគតពោលថា កិច្ចណាមួយ ដែលអរិយសាវ័កត្រូវធ្វើតទៅទៀត មិនមានឡើយ។
ចប់សូត្រ ទី៣។
(៤. អត្ថិរាគសុត្តំ)
[២៤៥] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ អាហារនេះ មាន៤ ប្រព្រឹត្តទៅ ដើម្បីការតាំងនៅបាន នៃពួកភូតសត្វផង ដើម្បីអនុគ្រោះ ដល់ពួកសម្ភវេសីសត្វផង។ អាហារ៤ តើដូចម្តេចខ្លះ។ គឺកវឡីការាហារ ដ៏គ្រោតគ្រាតក្តី ល្អិតក្តី (ជាទីមួយ) ផស្សាហារ ជាទីពីរ មនោសញ្ចេតនាហារ ជាទីបី វិញ្ញាណាហារ ជាទីបួន។ ម្នាលភិក្ខុទាំងឡាយ អាហារ៤នេះឯង ប្រព្រឹត្តទៅ ដើម្បីការតាំងនៅបាននៃពួកភូតសត្វផង ដើម្បីអនុគ្រោះដល់ពួកសម្ភវេសីសត្វផង។
[២៤៦] ម្នាលភិក្ខុទាំងឡាយ បើតម្រេក សេចក្តីរីករាយ ចំណង់ មានក្នុងកវឡីការាហារហើយ វិញ្ញាណក៏លូតលាស់ តាំងនៅស៊ប់ក្នុងកវឡីការាហារនោះដែរ វិញ្ញាណលូតលាស់ តាំងនៅស៊ប់ក្នុងទីណា នាមរូបក៏ឈានចុះក្នុងទីនោះ នាមរូបឈានចុះក្នុងទីណា សង្ខារទាំងឡាយ ក៏ចម្រើនក្នុងទីនោះ សង្ខារទាំងឡាយ ចម្រើនក្នុងទីណា ការចាប់កំណើតក្នុងភពថ្មីតទៅទៀត ក៏មានក្នុងទីនោះ ការចាប់កំណើតក្នុងភពថ្មីតទៅទៀត មានក្នុងទីណា ជាតិ ជរា មរណៈ តទៅទៀត ក៏មានក្នុងទីនោះ ជាតិ ជរា មរណៈ តទៅទៀត មានក្នុងទីណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ទីនោះ ប្រកបដោយសោក ប្រកបដោយធុលី គឺរាគាទិក្កិលេស ប្រកបដោយសេចក្តីចង្អៀតចង្អល់។ ម្នាលភិក្ខុទាំងឡាយ បើក្នុងផស្សាហារ… ម្នាលភិក្ខុទាំងឡាយ បើក្នុងមនោសញ្ចេតនាហារ… ម្នាលភិក្ខុទាំងឡាយ បើតម្រេក សេចក្តីរីករាយ ចំណង់ មានក្នុងវិញ្ញាណាហារ វិញ្ញាណក៏លូតលាស់ តាំងនៅស៊ប់ក្នុងវិញ្ញាណាហារនោះ វិញ្ញាណលូតលាស់ តាំងនៅស៊ប់ ក្នុងទីណា នាមរូបក៏ឈានចុះក្នុងទីនោះ នាមរូបឈានចុះក្នុងទីណា សង្ខារទាំងឡាយ ក៏ចម្រើនឡើងក្នុងទីនោះ សង្ខារទាំងឡាយ ចម្រើនឡើងក្នុងទីណា ការចាប់កំណើតក្នុងភពថ្មីតទៅទៀត ក៏មានក្នុងទីនោះ ការចាប់កំណើតក្នុងភពថ្មីតទៅទៀត មានក្នុងទីណា ជាតិ ជរា មរណៈ តទៅទៀត ក៏មានក្នុងទីនោះ ជាតិ ជរា មរណៈ តទៅទៀត មានក្នុងទីណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ទីនោះ ប្រកបដោយសោក ប្រកបដោយធុលី គឺរាគាទិក្កិលេស ប្រកបដោយសេចក្តីចង្អៀតចង្អល់ចិត្ត។
[២៤៧] ម្នាលភិក្ខុទាំងឡាយ ដូចជាជាងជ្រលក់ ឬជាងគំនូរ កាលបើមានទឹកជ្រលក់ក្តី ល័ក្តក្តី រមៀតក្តី ត្រុំក្តី ស្បែងក្តី ក៏គូររូបស្ត្រី ឬរូបបុរស ឲ្យមានអវយវៈតូចធំសព្វគ្រប់ នាក្រដាស ឬផែនក្តារ នាជញ្ជាំង ឬផ្ទាំងសំពត់ ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ បើតម្រេក សេចក្តីរីករាយ ចំណង់ មានក្នុងកវឡីការាហារនោះ វិញ្ញាណក៏លូតលាស់ តាំងនៅស៊ប់ក្នុងកវឡីការាហារនោះ វិញ្ញាណលូតលាស់ តាំងនៅស៊ប់ក្នុងទីណា នាមរូបក៏ឈានចុះក្នុងទីនោះ នាមរូបឈានចុះក្នុងទីណា សង្ខារទាំងឡាយ ក៏ចម្រើនឡើងក្នុងទីនោះ សង្ខារទាំងឡាយ ចម្រើនឡើងក្នុងទីណា ការចាប់កំណើតក្នុងភពថ្មីតទៅទៀត ក៏មានក្នុងទីនោះ ការចាប់កំណើតក្នុងភពថ្មីតទៅទៀត មានក្នុងទីណា ជាតិ ជរា មរណៈ តទៅទៀត ក៏មានក្នុងទីនោះ ជាតិ ជរា មរណៈ តទៅទៀត មានក្នុងទីណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ទីនោះ ប្រកបដោយសោក ប្រកបដោយធុលី គឺរាគាទិក្កិលេស ប្រកបដោយសេចក្តីចង្អៀតចង្អល់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ បើក្នុងផស្សាហារ… ម្នាលភិក្ខុទាំងឡាយ បើក្នុងមនោសញ្ចេតនាហារ… ម្នាលភិក្ខុទាំងឡាយ បើតម្រេក សេចក្តីរីករាយ ចំណង់ មានក្នុងវិញ្ញាណាហារ វិញ្ញាណក៏លូតលាស់ តាំងនៅស៊ប់ក្នុងវិញ្ញាណាហារនោះ វិញ្ញាណលូតលាស់ តាំងនៅស៊ប់ ក្នុងទីណា នាមរូបក៏ឈានចុះក្នុងទីនោះ នាមរូបឈានចុះក្នុងទីណា សង្ខារទាំងឡាយ ក៏ចម្រើនឡើងក្នុងទីនោះ សង្ខារទាំងឡាយ ចម្រើនឡើងក្នុងទីណា ការចាប់កំណើតក្នុងភពថ្មីតទៅទៀត ក៏មានក្នុងទីនោះ ការចាប់កំណើតក្នុងភពថ្មីតទៅទៀត មានក្នុងទីណា ជាតិ ជរា មរណៈ តទៅទៀត ក៏មានក្នុងទីនោះ ជាតិ ជរា មរណៈ តទៅទៀត មានក្នុងទីណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ទីនោះ ប្រកបដោយសោក ប្រកបដោយធុលី គឺរាគាទិក្កិលេស ប្រកបដោយសេចក្តីចង្អៀតចង្អល់ចិត្ត ក៏ដូច្នោះដែរ។
[២៤៨] ម្នាលភិក្ខុទាំងឡាយ បើតម្រេក សេចក្តីរីករាយ ចំណង់ មិនមានក្នុងកវឡីការាហារទេ វិញ្ញាណក៏មិនលូតលាស់ មិនតាំងនៅស៊ប់ ក្នុងកវឡីការាហារនោះដែរ វិញ្ញាណមិនលូតលាស់ មិនតាំងនៅស៊ប់ក្នុងទីណា នាមរូបក៏មិនឈានចុះក្នុងទីនោះ នាមរូបមិនឈានចុះក្នុងទីណា សង្ខារទាំងឡាយ ក៏មិនចម្រើនឡើងក្នុងទីនោះ សង្ខារទាំងឡាយ មិនចម្រើនឡើងក្នុងទីណា ការចាប់កំណើតក្នុងភពថ្មីតទៅទៀត ក៏មិនមានក្នុងទីនោះ ការចាប់កំណើតក្នុងភពថ្មីតទៅទៀត មិនមានក្នុងទីណា ជាតិ ជរា មរណៈ តទៅទៀត ក៏មិនមានក្នុងទីនោះ ជាតិ ជរា មរណៈ តទៅទៀត មិនមានក្នុងទីណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ទីនោះ មិនមានសោក មិនមានធុលី គឺរាគាទិក្កិលេស មិនមានសេចក្តីចង្អៀតចង្អល់ចិត្តទេ។ ម្នាលភិក្ខុទាំងឡាយ បើក្នុងផស្សាហារ… ម្នាលភិក្ខុទាំងឡាយ បើក្នុងមនោសញ្ចេតនាហារ… ម្នាលភិក្ខុទាំងឡាយ បើតម្រេក សេចក្តីរីករាយ ចំណង់ មិនមានក្នុងវិញ្ញាណាហារទេ វិញ្ញាណក៏មិនលូតលាស់ មិនតាំងនៅស៊ប់ ក្នុងវិញ្ញាណាហារនោះដែរ វិញ្ញាណមិនលូតលាស់ មិនតាំងនៅស៊ប់ ក្នុងទីណា នាមរូបក៏មិនឈានចុះក្នុងទីនោះ នាមរូបមិនឈានចុះក្នុងទីណា សង្ខារទាំងឡាយ ក៏មិនចម្រើនឡើងក្នុងទីនោះ សង្ខារទាំងឡាយ មិនចម្រើនឡើងក្នុងទីណា ការចាប់កំណើតក្នុងភពថ្មីតទៅទៀត ក៏មិនមានក្នុងទីនោះ ការចាប់កំណើតក្នុងភពថ្មីតទៅទៀត មិនមានក្នុងទីណា ជាតិ ជរា មរណៈ តទៅទៀត ក៏មិនមានក្នុងទីនោះ ជាតិ ជរា មរណៈ តទៅទៀត មិនមានក្នុងទីណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ទីនោះ មិនមានសោក មិនមានធុលី គឺរាគាទិក្កិលេស មិនមានសេចក្តីចង្អៀតចង្អល់ចិត្តឡើយ។
[២៤៩] ម្នាលភិក្ខុទាំងឡាយ ដូចជាផ្ទះមានកំពូល ឬសាលាមានកំពូល ក្នុងទិសខាងជើង ឬក្នុងទិសខាងត្បូង មានបង្អួចខាងកើត កាលបើព្រះអាទិត្យរះឡើង រស្មីរបស់ព្រះអាទិត្យនោះ ក៏ចូលតាមបង្អួច តើទៅតាំងនៅក្នុងទីណា។ បពិត្រព្រះអង្គដ៏ចំរើន តាំងនៅត្រង់ជញ្ជាំងទិសខាងលិច។ ម្នាលភិក្ខុទាំងឡាយ បើជញ្ជាំងទិសខាងលិចមិនមានទេ តើរស្មីរបស់ព្រះអាទិត្យនោះ តាំងនៅក្នុងទីណា។ បពិត្រព្រះអង្គដ៏ចំរើន តាំងនៅលើផែនដី។ ម្នាលភិក្ខុទាំងឡាយ បើផែនដីមិនមានទេ តើរស្មីរបស់ព្រះអាទិត្យនោះ តាំងនៅក្នុងទីណា។ បពិត្រព្រះអង្គដ៏ចំរើន លើទឹក។ ម្នាលភិក្ខុទាំងឡាយ បើទឹកមិនមានទេ តើរស្មីរបស់ព្រះអាទិត្យនោះ តាំងនៅក្នុងទីណា។ បពិត្រព្រះអង្គដ៏ចំរើន មិនតាំងនៅទេ។ ម្នាលភិក្ខុទាំងឡាយ ការនេះ ក៏យ៉ាងនោះដែរ បើតម្រេក សេចក្តីរីករាយ ចំណង់ មិនមានក្នុងកវឡីការាហារទេ… ម្នាលភិក្ខុទាំងឡាយ ក្នុងផស្សាហារទេ… ម្នាលភិក្ខុទាំងឡាយ ក្នុងមនោសញ្ចេតនាហារទេ… ម្នាលភិក្ខុទាំងឡាយ បើតម្រេក សេចក្តីរីករាយ ចំណង់ មិនមានក្នុងវិញ្ញាណាហារទេ វិញ្ញាណក៏មិនលូតលាស់ មិនតាំងនៅស៊ប់ ក្នុងវិញ្ញាណាហារនោះដែរ វិញ្ញាណមិនលូតលាស់ មិនតាំងនៅស៊ប់ ក្នុងទីណា នាមរូបក៏មិនឈានចុះក្នុងទីនោះ នាមរូបមិនឈានចុះក្នុងទីណា សង្ខារទាំងឡាយ ក៏មិនចម្រើនឡើងក្នុងទីនោះ សង្ខារទាំងឡាយ មិនចម្រើនឡើងក្នុងទីណា ការចាប់កំណើត ក្នុងភពថ្មីតទៅទៀត ក៏មិនមានក្នុងទីនោះ ការចាប់កំណើត ក្នុងភពថ្មីតទៅទៀត មិនមានក្នុងទីណា ជាតិ ជរា មរណៈ តទៅទៀត ក៏មិនមានក្នុងទីនោះ ជាតិ ជរា មរណៈ តទៅទៀត មិនមានក្នុងទីណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ទីនោះ មិនមានសោក មិនមានធុលី គឺរាគាទិក្កិលេស មិនមានសេចក្តីចង្អៀតចង្អល់ចិត្តឡើយ។
ចប់សូត្រ ទី៤។
(៥. នគរសុត្តំ)
[២៥០] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះ ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ ក្នុងកាលមុន អំពីការត្រាស់ដឹង កាលតថាគតនៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹងនៅឡើយ មានសេចក្តីត្រិះរិះយ៉ាងនេះថា ឱហ្ន៎ សត្វលោកនេះ ដល់នូវសេចក្តីលំបាកណាស់ តែងកើត ចាស់ ស្លាប់ ច្យុត និងចាប់បដិសន្ធិ ថែមទាំងមិនដឹងច្បាស់ នូវការរលាស់ចោលសេចក្តីទុក្ខ គឺជរាមរណៈនេះទៀតផង កាលណាទៅហ្ន៎ ទើបការរលាស់ចោលនូវសេចក្តីទុក្ខ គឺជរា មរណៈនេះ នឹងប្រាកដឡើងបាន។
[២៥១] ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើមានអ្វីហ្ន៎ ទើបមានជរាមរណៈ ជរាមរណៈ មានព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ក៏បានត្រាស់ដឹង ដោយបញ្ញា ព្រោះយោនិសោមនសិការៈថា កាលបើមានជាតិ ទើបមានជរាមរណៈ ជរា និងមរណៈមាន ព្រោះជាតិជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះ (តទៅទៀត)ថា កាលបើមានអ្វីហ្ន៎ ទើបមានជាតិ។បេ។ ទើបមានភព… ទើបមានឧបាទាន… ទើបមានតណ្ហា… ទើបមានវេទនា… ទើបមានផស្សៈ… ទើបមានសឡាយតនៈ.. ទើបមាននាមរូប នាមរូបមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ក៏បានត្រាស់ដឹង ដោយបញ្ញា ព្រោះយោនិសោមនសិការៈថា កាលបើមានវិញ្ញាណ ទើបមាននាមរូប នាមរូបមាន ព្រោះវិញ្ញាណជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើមានអ្វីហ្ន៎ ទើបមានវិញ្ញាណ វិញ្ញាណមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ក៏បានត្រាស់ដឹង ដោយបញ្ញា ព្រោះយោនិសោមនសិការៈថា កាលបើមាននាមរូប ទើបមានវិញ្ញាណ វិញ្ញាណមាន ព្រោះនាមរូបជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា វិញ្ញាណនេះ តែងត្រឡប់មកអំពីនាមរូប មិនមែនទៅកាន់ទីដទៃទេ សត្វលោកកើតក្តី ចាស់ក្តី ស្លាប់ក្តី ច្យុតក្តី ចាប់បដិសន្ធិក្តី ដោយហេតុមានប្រមាណប៉ុណ្ណេះ គឺថា ព្រោះនាមរូបជាបច្ច័យ ទើបមានវិញ្ញាណ ព្រោះវិញ្ញាណជាបច្ច័យ ទើបមាននាមរូប ព្រោះនាមរូបជាបច្ច័យ ទើបមានអាយតនៈ៦ ព្រោះអាយតនៈ៦ជាបច្ច័យ ទើបមានផស្សៈ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតឡើងហើយ មានញាណកើតឡើងហើយ មានបញ្ញាកើតឡើងហើយ មានវិជ្ជាកើតឡើងហើយ មានពន្លឺកើតឡើងហើយ ក្នុងធម៌ទាំងឡាយ ដែលតថាគតមិនធ្លាប់បានស្តាប់មក ក្នុងកាលមុនថា ហេតុជាទីកើតទុក្ខ ហេតុជាទីកើតទុក្ខ។
[២៥២] ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើមិនមានអ្វីហ្ន៎ ទើបមិនមានជរាមរណៈ ព្រោះតែអ្វីរលត់ ទើបជរាមរណៈ រលត់។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ក៏បានត្រាស់ដឹង ដោយបញ្ញា ព្រោះយោនិសោមនសិការៈថា កាលបើមិនមានជាតិ ទើបមិនមានជរាមរណៈ ព្រោះតែជាតិរលត់ ទើបជរាមរណៈរលត់។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើមិនមានអ្វីហ្ន៎ ទើបមិនមានជាតិ។បេ។ ទើបមិនមានភព… មិនមានឧបាទាន… មិនមានតណ្ហា… មិនមានវេទនា… មិនមានផស្សៈ… មិនមានអាយតនៈ៦.. មិនមាននាមរូប ព្រោះតែអ្វីរលត់ ទើបនាមរូបរលត់។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ បានត្រាស់ដឹង ដោយបញ្ញា ព្រោះយោនិសោមនសិការៈថា កាលបើមិនមានវិញ្ញាណ ទើបមិនមាននាមរូប ព្រោះតែវិញ្ញាណរលត់ ទើបនាមរូបរលត់។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើមិនមានអ្វីហ្ន៎ ទើបមិនមានវិញ្ញាណ ព្រោះតែអ្វីរលត់ ទើបវិញ្ញាណរលត់។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ បានត្រាស់ដឹង ដោយបញ្ញា ព្រោះយោនិសោមនសិការៈថា កាលបើមិនមាននាមរូប ទើបមិនមានវិញ្ញាណ ព្រោះតែនាមរូបរលត់ ទើបវិញ្ញាណរលត់។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ផ្លូវប្រព្រឹត្តទៅ ដើម្បីការត្រាស់ដឹងនេះ តថាគត បានត្រាស់ដឹងហើយ គឺថា ព្រោះតែនាមរូបរលត់ ទើបវិញ្ញាណរលត់ ព្រោះតែវិញ្ញាណរលត់ ទើបនាមរូបរលត់ ព្រោះតែនាមរូបរលត់ ទើបអាយតនៈ៦រលត់ ព្រោះតែអាយតនៈ៦រលត់ ទើបផស្សៈរលត់។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតឡើងហើយ មានញាណកើតឡើងហើយ មានបញ្ញាកើតឡើងហើយ មានវិជ្ជាកើតឡើងហើយ មានពន្លឺកើតឡើងហើយ ក្នុងធម៌ទាំងឡាយ ដែលតថាគតមិនធ្លាប់បានស្តាប់មក អំពីមុនថា ហេតុជាគ្រឿងរលត់ ហេតុជាគ្រឿងរលត់ ដូច្នេះ។
[២៥៣] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរស កាលដើរទៅក្នុងព្រៃតូច ព្រៃធំ ឃើញផ្លូវចាស់ ធ្លាចាស់ ដែលពួកមនុស្សជាន់មុនតែងដើរទៅ។ បុរសនោះ ដើរទៅតាមផ្លូវនោះ កាលដើរទៅតាមផ្លូវនោះ ក៏ប្រទះឃើញក្រុងបុរាណ រាជធានីបុរាណ ដែលពួកមនុស្សជាន់មុន បាននៅអាស្រ័យហើយ ជាកន្លែងបរិបូណ៌ដោយសួរច្បារ បរិបូណ៌ដោយព្រៃ បរិបូណ៌ដោយស្រះ មានកំពែង ជាទីគួរឲ្យត្រេកអរ។ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នោះ បុរសនោះ ក៏ក្រាបទូលដល់ព្រះរាជា ឬរាជមហាមាត្យថា សូមទ្រង់មេត្តាប្រោស សូមទ្រង់ជ្រាប ខ្ញុំព្រះអង្គ ត្រាច់ទៅក្នុងព្រៃតូច ព្រៃធំ បានឃើញផ្លូវចាស់ ធ្លាចាស់ ដែលពួកមនុស្សជាន់មុន ធ្លាប់ដើរទៅរឿយៗ ខ្ញុំព្រះអង្គ បានដើរតាមផ្លូវនោះ កាលខ្ញុំព្រះអង្គដើរទៅតាមផ្លូវនោះ បានឃើញក្រុងបុរាណ រាជធានីបុរាណ ដែលមនុស្សទាំងឡាយជាន់ដើម ធ្លាប់នៅអាស្រ័យ ជាកន្លែងបរិបូណ៌ដោយសួរច្បារ បរិបូណ៌ដោយព្រៃ បរិបូណ៌ដោយស្រះ មានកំពែង ជាទីគួរឲ្យត្រេកអរ បពិត្រព្រះអង្គ សូមព្រះអង្គទ្រង់សាងទីក្រុងនោះឡើង។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះរាជា ឬរាជមហាមាត្យនោះ ក៏កសាងក្រុងនោះ លុះសម័យតមក ក្រុងនោះ ក៏ស្តុកស្តម្ភ សម្បូរ មានរបស់ជាប្រយោជន៍ដល់ជនច្រើន កុះករដោយមនុស្ស ជានគរមានសេចក្តីចម្រើនទូលំទូលាយ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះក៏ដូច្នោះដែរ តថាគត បានឃើញផ្លូវចាស់ ធ្លាចាស់ ដែលព្រះសម្មាសម្ពុទ្ធទាំងឡាយជាន់ដើម តែងត្រាច់ទៅ។ ម្នាលភិក្ខុទាំងឡាយ ផ្លូវចាស់ ធ្លាចាស់ ដែលព្រះសម្មាសម្ពុទ្ធទាំងឡាយជាន់ដើម តែងត្រាច់ទៅនោះ តើដូចម្តេច។ ផ្លូវប្រកបដោយអង្គ៨ ដ៏ប្រសើរនេះឯង គឺសេចក្តីយល់ឃើញត្រូវ១។បេ។ ការតម្កល់ចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាផ្លូវចាស់ ធ្លាចាស់ ដែលព្រះសម្មាសម្ពុទ្ធទាំងឡាយជាន់ដើម តែងត្រាច់ទៅ តថាគតនោះ បានដើរទៅ តាមផ្លូវនោះ កាលដើរទៅតាមផ្លូវនោះ ក៏បានដឹងច្បាស់ នូវជរា និងមរណៈ ដឹងច្បាស់នូវហេតុ ជាទីកើតនៃជរា និងមរណៈ ដឹងច្បាស់នូវទីរលត់នៃជរា និងមរណៈ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃជរា និងមរណៈ តថាគត បានដើរទៅតាមផ្លូវនោះ កាលដើរទៅតាមផ្លូវនោះ ក៏បានស្គាល់ច្បាស់នូវជាតិ។បេ។ បានស្គាល់ច្បាស់នូវភព… បានស្គាល់ច្បាស់នូវឧបាទាន… បានស្គាល់ច្បាស់នូវតណ្ហា… បានស្គាល់ច្បាស់នូវវេទនា…. បានស្គាល់ច្បាស់នូវផស្សៈ… បានស្គាល់ច្បាស់នូវសឡាយតនៈ… បានស្គាល់ច្បាស់នូវនាមរូប… បានស្គាល់ច្បាស់នូវវិញ្ញាណ តថាគត បានដើរទៅតាមផ្លូវនោះ កាលដើរទៅតាមផ្លូវនោះ ក៏បានដឹងច្បាស់ នូវសង្ខារទាំងឡាយ បានដឹងច្បាស់នូវហេតុ ជាទីកើតនៃសង្ខារ បានដឹងច្បាស់នូវទីរលត់នៃសង្ខារ បានដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ លុះតថាគត បានដឹងច្បាស់ នូវធម៌នោះហើយ ក៏បានប្រាប់ដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា។ ម្នាលភិក្ខុទាំងឡាយ ព្រហ្មចរិយៈនោះឯង ស្តុកស្តម្ភ សម្បូរ ទូលាយ សម្រាប់ជនច្រើនគ្នាចេះដឹង ជាព្រហ្មចរិយៈក្រាស់ក្រែល ដែលព្រះពុទ្ធទាំងឡាយ ប្រកាសដោយប្រពៃ ដល់ពួកទេវតា និងមនុស្ស ជាកំណត់។
ចប់សូត្រ ទី៥។
(៦. សម្មសសុត្តំ)
[២៥៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកម្មាសទម្មនិគម របស់ពួកអ្នកកុរុ ក្នុងដែនកុរុ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ពិចារណានូវធម៌ ជាគ្រឿងពិចារណាខាងក្នុង ដែរឬទេ។ កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះ ភិក្ខុមួយរូប បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ តែងពិចារណា នូវធម៌ជាគ្រឿងពិចារណាខាងក្នុងដែរ។ ម្នាលភិក្ខុ អ្នកពិចារណានូវធម៌ ជាគ្រឿងពិចារណាខាងក្នុង តើដូចម្តេចខ្លះ។ ភិក្ខុនោះ ក៏បានដោះស្រាយភ្លាម តែភិក្ខុនោះដោះស្រាយយ៉ាងណា ភិក្ខុនោះ ក៏មិនញុំាងព្រះហឫទ័យ របស់ព្រះមានព្រះភាគ ឲ្យត្រេកអរយ៉ាងនោះបានឡើយ។
[២៥៥] កាលបើភិក្ខុនោះ ក្រាបទូលយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា ព្រះមានព្រះភាគ គួរសំដែងនូវធម៌ ជាគ្រឿងពិចារណាខាងក្នុងណា បពិត្រព្រះមានព្រះភាគ កាលនេះ ជាកាលគួរដល់ការសំដែង នូវធម៌ជាគ្រឿងពិចារណា ខាងក្នុងនុ៎ះហើយ បពិត្រព្រះសុគត កាលនេះ ជាកាលគួរដល់ការសំដែងនូវធម៌ ជាគ្រឿងពិចារណាខាងក្នុងនុ៎ះហើយ ភិក្ខុទាំងឡាយ បានស្តាប់ព្រះមានព្រះភាគហើយ នឹងចងចាំទុក។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលអានន្ទ បើដូច្នេះ ចូរអ្នកទាំងឡាយ ស្តាប់ចុះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
[២៥៦] ព្រះមានព្រះភាគ បានត្រាស់យ៉ាងនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កាលពិចារណាធម៌ ជាគ្រឿងពិចារណាខាងក្នុង រមែងពិចារណាថា ទុក្ខ គឺជរា និងមរណៈនេះ មានប្រការច្រើន មានប្រការផ្សេងៗ តែងកើតឡើងក្នុងលោក ទុក្ខនេះ មានអ្វីជាហេតុ មានអ្វីជាទីកើត មានអ្វីជាកំណើត មានអ្វីជាប្រភពហ្ន៎ កាលបើមានអ្វី ទើបមានជរា និងមរណៈ កាលបើគ្មានអ្វី ទើបគ្មានជរា និងមរណៈ។ កាលភិក្ខុនោះ ពិចារណា ក៏រមែងដឹងយ៉ាងនេះថា ទុក្ខ គឺជរា និងមរណៈនេះ មានប្រការច្រើន មានប្រការផ្សេងៗ តែងកើតឡើងក្នុងលោក ទុក្ខនេះឯង មានឧបធិជាហេតុ1) មានឧបធិជាទីកើត មានឧបធិជាកំណើត មានឧបធិជាប្រភព កាលបើមានឧបធិ ទើបមានជរា និងមរណៈ កាលបើឧបធិមិនមាន ជរា និងមរណៈក៏មិនមាន។ ភិក្ខុនោះ រមែងដឹងច្បាស់នូវជរា និងមរណៈផង ដឹងច្បាស់នូវហេតុជាទីកើតនៃជរា និងមរណៈផង ដឹងច្បាស់នូវទីរលត់ជរា និងមរណៈផង ដឹងច្បាស់នូវបដិបទា ជាដំណើរទៅដ៏សមគួរដល់ការរលត់ នៃជរា និងមរណៈនោះផង ជាអ្នកប្រតិបត្តិយ៉ាងនោះ ប្រព្រឹត្តធម៌សមគួរតាមធម៌ផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតពោលថា ជាអ្នកប្រតិបត្តិ ដើម្បីការអស់នៃទុក្ខដោយប្រពៃ ដើម្បីការរលត់នៃជរាមរណៈ ដោយប្រការទាំងពួង។
[២៥៧] ប្រការមួយទៀត កាលភិក្ខុនឹងពិចារណាធម៌ ជាគ្រឿងពិចារណាខាងក្នុងតទៅទៀត ក៏រមែងពិចារណាថា ឧបធិនេះសោត មានអ្វីជាហេតុ មានអ្វីជាទីកើត មានអ្វីជាកំណើត មានអ្វីជាប្រភព កាលបើមានអ្វី ទើបមានឧបធិ កាលបើគ្មានអ្វី ទើបគ្មានឧបធិ។ កាលភិក្ខុនោះ ពិចារណា ក៏រមែងដឹងយ៉ាងនេះថា ឧបធិ មានតណ្ហាជាហេតុ មានតណ្ហាជាទីកើត មានតណ្ហាជាកំណើត មានតណ្ហាជាប្រភព កាលបើមានតណ្ហា ទើបមានឧបធិ កាលបើគ្មានតណ្ហា ទើបគ្មានឧបធិ។ ភិក្ខុនោះ ក៏រមែងដឹងច្បាស់ នូវឧបធិផង ដឹងច្បាស់នូវទីកើតនៃឧបធិផង ដឹងច្បាស់នូវទីរលត់នៃឧបធិផង ដឹងច្បាស់នូវបដិបទា ជាដំណើរដ៏សមគួរ ដល់ការរលត់ឧបធិនោះផង ជាអ្នកប្រតិបត្តិយ៉ាងនោះ ប្រព្រឹត្តធម៌សមគួរតាមធម៌ផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតពោលថា ជាអ្នកប្រតិបត្តិ ដើម្បីការអស់នៃទុក្ខដោយប្រពៃ ដើម្បីការរលត់នៃឧបធិ ដោយប្រការទាំងពួង។
[២៥៨] ប្រការមួយទៀត កាលភិក្ខុពិចារណានូវធម៌ ជាគ្រឿងពិចារណាខាងក្នុងរមែងពិចារណាថា តណ្ហានេះ កាលដែលកើតឡើង តើកើតឡើងក្នុងទីណា កាលដែលតាំងនៅ តើតាំងនៅក្នុងទីណា។ កាលភិក្ខុនោះ ពិចារណាទៅ ក៏រមែងដឹងយ៉ាងនេះថា អារម្មណ៍ណាក្នុងលោក ដែលជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង តែងកើតឡើងក្នុងអារម្មណ៍នុ៎ះ កាលដែលតាំងនៅ តែងតាំងនៅក្នុងអារម្មណ៍នុ៎ះ។ តើអារម្មណ៍អ្វីហ្ន៎ ដែលជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក។ ចក្ខុជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក។បេ។ សោតៈ ជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក… ឃានៈ ជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក… ជិវ្ហា ជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក… កាយ ជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក… ចិត្ត ជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងអារម្មណ៍នុ៎ះ កាលដែលតាំងនៅ ក៏តាំងនៅក្នុងអារម្មណ៍នុ៎ះ។
[២៥៩] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ ក្នុងកាលដែលកន្លងទៅហើយ បានឃើញនូវអារម្មណ៍ ដែលជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក ថាទៀង បានឃើញថាជាសុខ បានឃើញថាជារបស់ខ្លួន បានឃើញថាជារបស់គ្មានរោគ បានឃើញថាជារបស់ក្សេមក្សាន្ត សមណៈ ឬព្រាហ្មណ៍ទាំងអម្បាលនោះ ឈ្មោះថា ញុំាងតណ្ហាឲ្យចម្រើនឡើង។ ពួកសមណៈ ឬព្រាហ្មណ៍ណា ញុំាងតណ្ហាឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ញុំាងឧបធិឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍ណា ញុំាងឧបធិឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ញុំាងទុក្ខឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍ណា ញុំាងទុក្ខឲ្យចម្រើនឡើង តថាគតពោលថា ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា មិនរួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្ត មិនរួចចាកទុក្ខឡើយ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ ក្នុងកាលជាអនាគត នឹងឃើញនូវអារម្មណ៍ ដែលជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោកនេះ ថាទៀង នឹងឃើញថាជាសុខ នឹងឃើញថាជារបស់ខ្លួន នឹងឃើញថាជារបស់គ្មានរោគ នឹងឃើញថា ជារបស់ក្សេមក្សាន្ត ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា នឹងញុំាងតណ្ហាឲ្យចម្រើនឡើង។ ពួកសមណៈ ឬព្រាហ្មណ៍ណា នឹងញុំាងតណ្ហាឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា នឹងញុំាងឧបធិឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍ណា នឹងញុំាងឧបធិឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា នឹងញុំាងទុក្ខឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍ណា នឹងញុំាងទុក្ខឲ្យចម្រើនឡើង តថាគតពោលថា ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា នឹងមិនរួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត នឹងមិនរួចចាកទុក្ខឡើយ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ ក្នុងកាលឥឡូវនេះ ឃើញនូវអារម្មណ៍ ដែលជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក ថាទៀង ឃើញថាជាសុខ ឃើញថាជារបស់ខ្លួន ឃើញថាជារបស់គ្មានរោគ ឃើញថា ជារបស់ក្សេមក្សាន្ត ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ញុំាងតណ្ហាឲ្យចម្រើនឡើង។ ពួកសមណៈ ឬព្រាហ្មណ៍ណា ញុំាងតណ្ហាឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ញុំាងឧបធិឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍ណា ញុំាងឧបធិឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ញុំាងទុក្ខឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍ណា ញុំាងទុក្ខឲ្យចម្រើនឡើង តថាគតពោលថា ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា មិនរួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត មិនរួចចាកទុក្ខឡើយ។
[២៦០] ម្នាលភិក្ខុទាំងឡាយ ដូចជាផ្តិលដែលពេញដោយសុរា បរិបូណ៌ដោយពណ៌ បរិបូណ៌ដោយក្លិន បរិបូណ៌ដោយរស។ តែផ្តិលនោះ គេលាយដោយថ្នាំពិស។ ចួនជាមានបុរសក្តៅក្រហាយដោយកំដៅថ្ងៃ ត្រូវកំដៅថ្ងៃបៀតបៀនហើយ មានកាយលំបាក ក្រហល់ក្រហាយ ស្រេកឃ្លាន មកដល់។ មនុស្សទាំងឡាយ និយាយនឹងបុរសនោះឯង យ៉ាងនេះថា នែបុរសដ៏ចម្រើន ផ្តិលពេញដោយសុរានេះ បរិបូណ៌ដោយពណ៌ បរិបូណ៌ដោយក្លិន បរិបូណ៌ដោយរស តែផ្តិលនោះ គេលាយដោយថ្នាំពិស បើអ្នកប្រាថ្នា ចូរអ្នកផឹកចុះ ព្រោះថា កាលបើអ្នកផឹកទៅហើយ ទឹកនោះនឹងគាប់ចិត្តអ្នក ដោយពណ៌ផង ដោយក្លិនផង ដោយរសផង ប៉ុន្តែបើអ្នកផឹកទៅហើយ អ្នកនឹងដល់នូវសេចក្តីស្លាប់ ឬនឹងដល់នូវសេចក្តីទុក្ខស្ទើរស្លាប់ ព្រោះតែការផឹកនោះជាហេតុ។ បុរសនោះ មិនបានពិចារណាផ្តិលដ៏ពេញដោយសុរានោះហើយ ក៏ផឹកដោយរួសរាន់ មិនលះបង់ចោល។ បុរសនោះ គប្បីដល់នូវសេចក្តីស្លាប់ ឬដល់នូវទុក្ខស្ទើរស្លាប់ ព្រោះតែការផឹកនោះជាហេតុ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យក៏ដូច្នោះដែរ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលដែលកន្លងទៅហើយ បានឃើញនូវអារម្មណ៍ណា ជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក។បេ។ ក្នុងកាលជាអនាគត។បេ។ ពួកសមណៈ ឬព្រាហ្មណ៍ ក្នុងកាលឥឡូវនេះ ឃើញនូវអារម្មណ៍ ដែលជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក ថាទៀង ឃើញថាជាសុខ ឃើញថាជារបស់ខ្លួន ឃើញថាជារបស់គ្មានរោគ ឃើញថាជារបស់ក្សេមក្សាន្ត ពួកសមណៈ ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា ញុំាងតណ្ហាឲ្យចម្រើនឡើង។ ពួកសមណៈ ឬព្រាហ្មណ៍ណា ញុំាងតណ្ហាឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ញុំាងឧបធិឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍ណា ញុំាងឧបធិឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ញុំាងទុក្ខឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍ណា ញុំាងទុក្ខឲ្យចម្រើនឡើង តថាគតពោលថា ពួកសមណៈ ឬព្រាហ្មណ៍នោះ មិនរួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត មិនរួចចាកទុក្ខឡើយ។
[២៦១] ម្នាលភិក្ខុទាំងឡាយ ចំណែកពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលដែលកន្លងទៅ បានឃើញនូវអារម្មណ៍ ដែលជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក ថាមិនទៀង បានឃើញថាជាទុក្ខ បានឃើញថាមិនមែនជារបស់ខ្លួន បានឃើញថាជារបស់មានរោគ បានឃើញថាគួរខ្លាច ពួកសមណៈ ឬព្រាហ្មណ៍នោះ លះតណ្ហាបាន។ ពួកសមណៈ ឬព្រាហ្មណ៍ណា លះតណ្ហាបានហើយ ពួកសមណៈ ឬព្រាហ្មណ៍នោះ លះឧបធិបាន ពួកសមណៈ ឬព្រាហ្មណ៍ណា លះឧបធិបានហើយ ពួកសមណៈ ឬព្រាហ្មណ៍នោះ លះទុក្ខបាន ពួកសមណៈ ឬព្រាហ្មណ៍ណា លះទុក្ខបានហើយ តថាគតពោលថា ពួកសមណៈ ឬព្រាហ្មណ៍នោះ បានរួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត រួចចាកទុក្ខហើយ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលជាអនាគត នឹងឃើញអារម្មណ៍ ដែលជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក ថាមិនទៀង នឹងឃើញថាជាទុក្ខ នឹងឃើញថាមិនមែនរបស់ខ្លួន នឹងឃើញថាមានរោគ នឹងឃើញថាគួរខ្លាច ពួកសមណៈ ឬព្រាហ្មណ៍នោះ នឹងលះតណ្ហាបាន។ ពួកសមណៈ ឬព្រាហ្មណ៍ណា នឹងលះតណ្ហាបាន។បេ។ តថាគតពោលថា ពួកសមណៈ ឬព្រាហ្មណ៍នោះ នឹងរួចចាកទុក្ខបាន។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលឥឡូវនេះ ឃើញអារម្មណ៍ ដែលជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក ថាមិនទៀង ឃើញថាជាទុក្ខ ឃើញថាមិនមែនជារបស់ខ្លួន ឃើញថាជារបស់មានរោគ ឃើញថាគួរខ្លាច ពួកសមណៈ ឬព្រាហ្មណ៍នោះ រមែងលះតណ្ហាបាន។ ពួកសមណៈ ឬព្រាហ្មណ៍ណា លះតណ្ហាបាន ពួកសមណៈ ឬព្រាហ្មណ៍នោះ រមែងលះឧបធិបាន ពួកសមណៈ ឬព្រាហ្មណ៍ណា លះឧបធិបាន ពួកសមណៈ ឬព្រាហ្មណ៍នោះ រមែងលះទុក្ខបាន ពួកសមណៈ ឬព្រាហ្មណ៍ណា លះទុក្ខបាន តថាគតពោលថា ពួកសមណៈ ឬព្រាហ្មណ៍នោះ រមែងរួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត រមែងរួចចាកទុក្ខបាន។
[២៦២] ម្នាលភិក្ខុទាំងឡាយ ដូចជាផ្តិលដែលពេញដោយសុរា បរិបូណ៌ដោយពណ៌ បរិបូណ៌ដោយក្លិន បរិបូណ៌ដោយរស។ តែផ្តិលនោះឯង គេលាយដោយថ្នាំពិស។ ចួនជាមានបុរសក្តៅក្រហាយដោយកំដៅថ្ងៃ ត្រូវកំដៅថ្ងៃបៀតបៀនហើយ មានកាយលំបាក ក្រហល់ក្រហាយ ស្រេកឃ្លាន មកដល់។ មនុស្សទាំងឡាយ និយាយនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន ផ្តិលពេញដោយសុរានេះ បរិបូណ៌ដោយពណ៌ បរិបូណ៌ដោយក្លិន បរិបូណ៌ដោយរស (សមគួរ) ដល់អ្នក តែផ្តិលនោះ គេលាយដោយថ្នាំពិស បើអ្នកចង់ ក៏ចូរផឹកចុះ ព្រោះថា កាលបើអ្នកផឹកហើយ ទឹកនោះនឹងគាប់ចិត្តអ្នក ដោយពណ៌ផង ដោយក្លិនផង ដោយរសផង តែបើអ្នកផឹកទៅហើយ មុខជានឹងដល់នូវសេចក្តីស្លាប់ ឬនឹងដល់នូវទុក្ខស្ទើរស្លាប់ ព្រោះតែការផឹកនោះជាហេតុ។ ម្នាលភិក្ខុទាំងឡាយ កាលនោះ បុរសនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា សុរាដែលអាត្មាអញស្រេកហើយនេះ អាចបន្ទោបង់ដោយទឹកត្រជាក់ក៏បាន បន្ទោបង់ដោយទធិថ្លាក៏បាន បន្ទោបង់ដោយទឹកសតូវ ដែលលាយដោយអំបិលក៏បាន បន្ទោបង់ដោយថ្នាំត្រាំឈ្មោះថាលោណសោចិរកៈ2) ក៏បាន អាត្មាអញ មិនត្រូវផឹកសុរា ដែលប្រព្រឹត្តទៅ ដើម្បីមិនមែនជាគុណ ដើម្បីទុក្ខអស់កាលដ៏យូរ ដល់អាត្មាអញនោះទេ។ បុរសនោះ ក៏គប្បីពិចារណានូវផ្តិល ដែលពេញដោយសុរានោះហើយ ក៏មិនបានផឹក លះបង់ចោលចេញ។ បុរសនោះ ក៏មិនដល់នូវសេចក្តីស្លាប់ ឬដល់នូវទុក្ខស្ទើរស្លាប់ ព្រោះតែការផឹកនោះជាហេតុទេ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យ ដូចពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ ក្នុងកាលកន្លងទៅហើយ បានឃើញអារម្មណ៍ ដែលជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក ថាមិនទៀង បានឃើញថាជាទុក្ខ បានឃើញថាមិនមែនជារបស់ខ្លួន បានឃើញថាជារបស់មានរោគ បានឃើញថាគួរខ្លាច ពួកសមណៈ ឬព្រាហ្មណ៍នោះ បានលះតណ្ហាហើយ។ ពួកសមណៈ ឬព្រាហ្មណ៍ណា លះតណ្ហាបានហើយ ពួកសមណៈ ឬព្រាហ្មណ៍នោះ លះឧបធិបាន ពួកសមណៈ ឬព្រាហ្មណ៍ណា លះឧបធិបានហើយ ពួកសមណៈ ឬព្រាហ្មណ៍នោះ លះទុក្ខបាន ពួកសមណៈ ឬព្រាហ្មណ៍ណា លះទុក្ខបានហើយ តថាគតពោលថា ពួកសមណៈ ឬព្រាហ្មណ៍នោះ រួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្ត រួចចាកទុក្ខបានហើយ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ ក្នុងកាលជាអនាគត។បេ។ ពួកសមណៈ ឬព្រាហ្មណ៍ ក្នុងកាលឥឡូវនេះ ឃើញអារម្មណ៍ ដែលជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក ថាមិនទៀង ឃើញថាជាទុក្ខ ឃើញថាមិនមែនខ្លួន ឃើញថាមានរោគ ឃើញថាគួរខ្លាច ពួកសមណៈ ឬព្រាហ្មណ៍នោះ រមែងលះតណ្ហាបាន។ ពួកសមណៈ ឬព្រាហ្មណ៍ណា លះតណ្ហាបាន ពួកសមណៈ ឬព្រាហ្មណ៍នោះ រមែងលះឧបធិបាន ពួកសមណៈ ឬព្រាហ្មណ៍ណា លះឧបធិបាន ពួកសមណៈ ឬព្រាហ្មណ៍នោះ រមែងលះទុក្ខបាន ពួកសមណៈ ឬព្រាហ្មណ៍ណា លះទុក្ខបាន តថាគតពោលថា ពួកសមណៈ ឬព្រាហ្មណ៍នោះ រមែងរួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត រមែងរួចចាកទុក្ខបាន។
ចប់សូត្រ ទី៦។
(៧. នឡកលាបីសុត្តំ)
[២៦៣] សម័យមួយ ព្រះសារីបុត្តមានអាយុ និងព្រះមហាកោដ្ឋិតៈមានអាយុ គង់នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ គ្រានោះ ព្រះមហាកោដ្ឋិតៈមានអាយុ ចេញអំពីទីសម្ងំក្នុងសម័យថ្ងៃរសៀល ក៏ចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្តមានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។
[២៦៤] លុះព្រះមហាកោដ្ឋិតៈមានអាយុ អង្គុយក្នុងទីសមគួរហើយ បានសួរព្រះសារីបុត្តមានអាយុ យ៉ាងនេះថា ម្នាលអាវុសោសារីបុត្ត ជរា និងមរណៈ គឺបុគ្គលធ្វើខ្លួនឯង ឬជរា និងមរណៈ គឺបុគ្គលដទៃធ្វើឲ្យ ជរា និងមរណៈ គឺបុគ្គលធ្វើខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង ឬជរា និងមរណៈ មិនមែនជាអំពីរបស់ខ្លួនឯង មិនមែនជាអំពើរបស់អ្នកដទៃទេ គឺកើតឡើងដោយមិនអាស្រ័យហេតុ។ ម្នាលអាវុសោកោដ្ឋិតៈ ជរា និងមរណៈ មិនមែនបុគ្គលធ្វើខ្លួនឯងទេ ជរា និងមរណៈ មិនមែនបុគ្គលដទៃធ្វើឲ្យទេ ជរា និងមរណៈ មិនមែនបុគ្គលធ្វើខ្លួនឯងផង មិនមែនបុគ្គលដទៃធ្វើឲ្យផងទេ ជរា និងមរណៈ មិនមែនជាអំពីរបស់ខ្លួនឯង មិនមែនជាអំពើរបស់អ្នកដទៃទេ គឺកើតឡើងដោយមិនអាស្រ័យហេតុ ក៏មិនមែនដែរ ប៉ុន្តែជរា និងមរណៈកើតឡើង ព្រោះជាតិជាបច្ច័យ។ ម្នាលអាវុសោសារីបុត្ត ជាតិ គឺបុគ្គលធ្វើខ្លួនឯង ឬជាតិ គឺបុគ្គលដទៃធ្វើឲ្យ ឬថាជាតិ គឺបុគ្គលធ្វើខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង មិនមែនជាអំពីរបស់ខ្លួនឯង មិនមែនជាអំពើរបស់អ្នកដទៃទេ គឺកើតឡើងដោយមិនអាស្រ័យហេតុ។ ម្នាលអាវុសោកោដ្ឋិតៈ ជាតិ មិនមែនបុគ្គលធ្វើខ្លួនឯងទេ ជាតិ មិនមែនបុគ្គលដទៃធ្វើឲ្យទេ ជាតិ មិនមែនបុគ្គលធ្វើខ្លួនឯងផង មិនមែនបុគ្គលដទៃធ្វើឲ្យផងទេ ជាតិ មិនមែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់បុគ្គលដទៃទេ គឺកើតឡើងដោយមិនអាស្រ័យហេតុ ក៏មិនមែនដែរ ប៉ុន្តែជាតិកើតឡើង ព្រោះភពជាបច្ច័យ។ ម្នាលអាវុសោ សារីបុត្ត ភព គឺបុគ្គលធ្វើខ្លួនឯង ឬ។បេ។ ឧបាទាន គឺបុគ្គលធ្វើខ្លួនឯង… តណ្ហា គឺបុគ្គលធ្វើខ្លួនឯង… វេទនា គឺបុគ្គលធ្វើខ្លួនឯង… ផស្សៈ គឺបុគ្គលធ្វើខ្លួនឯង… សឡាយតនៈ គឺបុគ្គលធ្វើខ្លួនឯង… នាមរូប គឺបុគ្គលធ្វើខ្លួនឯង នាមរូប គឺបុគ្គលដទៃធ្វើឲ្យ នាមរូប គឺបុគ្គលធ្វើខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង ឬមួយនាមរូប មិនមែនជាអំពីរបស់ខ្លួនឯង មិនមែនជាអំពើរបស់បុគ្គលដទៃទេ គឺកើតឡើងដោយមិនអាស្រ័យហេតុ។ ម្នាលកោដ្ឋិតៈ នាមរូប គឺបុគ្គលធ្វើខ្លួនឯងក៏ទេ នាមរូប គឺបុគ្គលដទៃធ្វើឲ្យក៏ទេ នាមរូប មិនមែនបុគ្គលធ្វើខ្លួនឯងផង មិនមែនបុគ្គលដទៃធ្វើឲ្យផងក៏ទេ នាមរូប មិនមែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់បុគ្គលដទៃទេ គឺកើតឡើងដោយមិនអាស្រ័យហេតុ ក៏ទេដែរ ប៉ុន្តែនាមរូបកើតឡើង ព្រោះវិញ្ញាណជាបច្ច័យ។ ម្នាលអាវុសោសារីបុត្ត វិញ្ញាណ គឺបុគ្គលធ្វើខ្លួនឯង ឬវិញ្ញាណ គឺបុគ្គលដទៃធ្វើឲ្យ វិញ្ញាណ គឺបុគ្គលធ្វើខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង ឬមួយវិញ្ញាណ មិនមែនជាអំពីរបស់ខ្លួនឯង មិនមែនជាអំពើរបស់អ្នកដទៃទេ គឺកើតឡើងដោយមិនអាស្រ័យហេតុ។ ម្នាលអាវុសោកោដ្ឋិតៈ វិញ្ញាណ គឺបុគ្គលធ្វើខ្លួនឯងក៏ទេ វិញ្ញាណ គឺបុគ្គលដទៃធ្វើឲ្យក៏ទេ វិញ្ញាណ គឺបុគ្គលធ្វើខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផងក៏ទេ វិញ្ញាណ មិនមែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់បុគ្គលដទៃទេ គឺកើតឡើងដោយមិនអាស្រ័យហេតុ ក៏ទេដែរ ប៉ុន្តែវិញ្ញាណកើតឡើង ព្រោះនាមរូបជាបច្ច័យ។
[២៦៥] ឥឡូវនេះឯង យើងយល់ភាសិតរបស់ព្រះសារីបុត្តមានអាយុ យ៉ាងនេះថា ម្នាលអាវុសោ កោដ្ឋិតៈ នាមរូប គឺបុគ្គលធ្វើខ្លួនឯងក៏ទេ នាមរូប គឺបុគ្គលដទៃធ្វើឲ្យ ក៏ទេ នាមរូប គឺបុគ្គលធ្វើខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង ក៏ទេ នាមរូប មិនមែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់បុគ្គលដទៃទេ គឺកើតឡើងដោយមិនអាស្រ័យហេតុ ក៏ទេដែរ ប៉ុន្តែនាមរូបកើតឡើង ព្រោះវិញ្ញាណជាបច្ច័យ។ ទើបតែអម្បាញ់មិញនេះឯង យើងយល់ភាសិតរបស់ព្រះសារីបុត្តមានអាយុ យ៉ាងនេះថា ម្នាលអាវុសោកោដ្ឋិតៈ វិញ្ញាណ គឺបុគ្គលដទៃធ្វើខ្លួនឯងក៏ទេ វិញ្ញាណ គឺបុគ្គលដទៃធ្វើឲ្យក៏ទេ វិញ្ញាណ គឺបុគ្គលធ្វើខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផងក៏ទេ វិញ្ញាណ មិនមែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់បុគ្គលដទៃទេ គឺកើតឡើងដោយមិនអាស្រ័យហេតុ ក៏ទេដែរ ប៉ុន្តែវិញ្ញាណកើតឡើង ព្រោះនាមរូបជាបច្ច័យ។ ម្នាលអាវុសោសារីបុត្ត តើយើងត្រូវយល់ សេចក្តីនៃភាសិតនេះ ដូចម្តេចបាន។
[២៦៦] ម្នាលអាវុសោ បើដូច្នោះ ខ្ញុំនឹងធ្វើសេចក្តីឧបមា ប្រាប់លោក ព្រោះបុរសទាំងឡាយ ដែលមានប្រាជ្ញាពួកខ្លះ ក្នុងលោកនេះ តែងយល់សេចក្តីនៃភាសិត ដោយឧបមាបាន។ ម្នាលអាវុសោ ដូចជាបាច់បបុះពីរបាច់ អាស្រ័យគ្នានឹងគ្នា ឋិតនៅបាន យ៉ាងណាមិញ ម្នាលអាវុសោ សេចក្តីនេះ មានឧបមេយ្យដូចវិញ្ញាណកើតមាន ព្រោះនាមរូបជាបច្ច័យ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ។បេ។ ការកើតព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ម្នាលអាវុសោ បើបាច់បបុះទាំងអម្បាលនោះ បុគ្គលទាញយកបាច់បបុះមួយ (បាច់បបុះដែលសល់នៅ) មួយបាច់ មុខជារលំទៅ បើបុគ្គលទាញយកបាច់បបុះម្ខាងចេញ បាច់បបុះម្ខាងក៏រលំទៅ ដូចម្តេចមិញ។ ម្នាលអាវុសោ សេចក្តីនេះ ក៏មានឧបមេយ្យដូច្នោះដែរ ព្រោះតែនាមរូបរលត់ ទើបវិញ្ញាណរលត់ ព្រោះតែវិញ្ញាណរលត់ ទើបនាមរូបរលត់ ព្រោះតែនាមរូបរលត់ ទើបសឡាយតនៈរលត់ ព្រោះតែសឡាយតនៈរលត់ ទើបផស្សៈរលត់។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។
[២៦៧] ម្នាលអាវុសោសារីបុត្ត អស្ចារ្យណាស់ ម្នាលអាវុសោសារីបុត្ត ចំឡែកណាស់ ព្រះសារីបុត្តមានអាយុ និយាយនេះ ត្រូវហើយ មួយទៀត យើងសូមអនុមោទនាសុភាសិត របស់ព្រះសារីបុត្តមានអាយុនេះ ដោយវត្ថុ៣៦នេះ ម្នាលអាវុសោ បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃជរា និងមរណៈ ទើបគួរហៅថា ភិក្ខុជាធម្មកថិក។ ម្នាលអាវុសោ បើភិក្ខុជាអ្នកប្រតិបត្តិ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃជរា និងមរណៈ ទើបគួរហៅថា ភិក្ខុជាអ្នកប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌។ ម្នាលអាវុសោ បើភិក្ខុជាអ្នកមានចិត្តរួចស្រឡះហើយ ព្រោះការនឿយណាយ ព្រោះការវិនាស ព្រោះការរលត់ ព្រោះការមិនប្រកាន់ស្អិត នូវជរា និងមរណៈ ទើបគួរហៅថា ភិក្ខុជាអ្នកដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន។ បើជាតិ។បេ។ បើភព… បើឧបាទាន… បើតណ្ហា… បើវេទនា… បើផស្សៈ… បើសឡាយតនៈ… បើនាមរូប … បើវិញ្ញាណ… បើសង្ខារទាំងឡាយ… ម្នាលអាវុសោ បើភិក្ខុអ្នកសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃអវិជ្ជា ទើបគួរហៅថា ភិក្ខុជាធម្មកថិក។ ម្នាលអាវុសោ បើភិក្ខុជាអ្នកប្រតិបត្តិ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃអវិជ្ជា ទើបគួរហៅថា ភិក្ខុជាអ្នកប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌។ ម្នាលអាវុសោ បើភិក្ខុជាអ្នកមានចិត្តរួចស្រឡះហើយ ព្រោះការនឿយណាយ ព្រោះការវិនាស ព្រោះការរលត់ ព្រោះការមិនប្រកាន់ស្អិត នូវអវិជ្ជា ទើបគួរហៅថា ភិក្ខុជាអ្នកដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន។
ចប់សូត្រ ទី៧។
(៨. កោសម្ពិសុត្តំ)
[២៦៨] សម័យមួយ ព្រះមុសិលៈមានអាយុ ព្រះបវិដ្ឋៈមានអាយុ ព្រះនារទៈមានអាយុ និងព្រះអានន្ទមានអាយុ នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី។
[២៦៩] លំដាប់នោះ ព្រះបវិដ្ឋៈមានអាយុ បានសួរព្រះមុសិលៈមានអាយុ យ៉ាងនេះថា ម្នាលអាវុសោមុសិលៈ វៀរចាកសេចក្តីជឿ (តាមគេ) វៀរចាកសេចក្តីចូលចិត្ត (ខ្លួនឯង) វៀរចាកសេចក្តីឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ តើមុសិលៈមានអាយុ មានញាណកើតឡើង ចំពោះខ្លួនឯងថា ជរា និងមរណៈកើតឡើង ព្រោះជាតិជាបច្ច័យ ដូច្នេះឬទេ។ ម្នាលអាវុសោបវិដ្ឋៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកសេចក្តីឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ ខ្ញុំក៏ដឹងហេតុនុ៎ះ ខ្ញុំក៏ឃើញហេតុនុ៎ះថា ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ។ ម្នាលអាវុសោមុសិលៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកសេចក្តីឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ តើមុសិលៈមានអាយុ មានញាណកើតឡើង ចំពោះខ្លួនឯងថា ជាតិកើតមាន ព្រោះភពជាបច្ច័យ ដូច្នេះឬទេ។បេ។ ថាភព កើតមាន ព្រោះឧបាទានជាបច្ច័យ… ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ… តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ… វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ… ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ… សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ… នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ… វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ… សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ ដូច្នេះឬទេ។ ម្នាលអាវុសោបវិដ្ឋៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកសេចក្តីឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ ខ្ញុំក៏ដឹងហេតុនុ៎ះ ខ្ញុំក៏ឃើញហេតុនុ៎ះថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ។
[២៧០] ម្នាលអាវុសោមុសិលៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកការឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ តើមុសិលៈមានអាយុ មានញាណកើតឡើង ចំពោះខ្លួនឯងថា ជាតិរលត់ ទើបជរា និងមរណៈរលត់ ដូច្នេះឬទេ។ ម្នាលអាវុសោបវិដ្ឋៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកការឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ ខ្ញុំក៏ដឹងហេតុនុ៎ះ ខ្ញុំក៏ឃើញហេតុនុ៎ះថា ព្រោះតែជាតិរលត់ ទើបជរា និងមរណៈរលត់។ ម្នាលអាវុសោមុសិលៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកការឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ តើមុសិលៈមានអាយុ មានញាណកើតឡើង ចំពោះខ្លួនឯងថា ព្រោះតែភពរលត់ ទើបជាតិរលត់ ដូច្នេះឬទេ។បេ។ ថា ព្រោះតែឧបាទានរលត់ ទើបភពរលត់… ព្រោះតែតណ្ហារលត់ ទើបឧបាទានរលត់… ព្រោះតែវេទនារលត់ ទើបតណ្ហារលត់… ព្រោះតែផស្សៈរលត់ ទើបវេទនារលត់ ព្រោះតែសឡាយតនៈរលត់ ទើបផស្សៈរលត់… ព្រោះតែនាមរូបរលត់ ទើបសឡាយតនៈរលត់… ព្រោះតែវិញ្ញាណរលត់ ទើបនាមរូបរលត់… ព្រោះតែសង្ខាររលត់ ទើបវិញ្ញាណរលត់… ព្រោះតែអវិជ្ជារលត់ ទើបសង្ខាររលត់ ដូច្នេះឬទេ។ ម្នាលអាវុសោបវិដ្ឋៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកសេចក្តីឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ ខ្ញុំក៏ដឹងហេតុនុ៎ះ ខ្ញុំក៏ឃើញហេតុនុ៎ះថា ព្រោះតែអវិជ្ជារលត់ ទើបសង្ខាររលត់។
[២៧១] ម្នាលអាវុសោមុសិលៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកការឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ តើមុសិលៈមានអាយុ មានញាណកើតឡើង ចំពោះខ្លួនឯងថា សេចក្តីរលត់នៃភព ជាព្រះនិព្វាន ដូច្នេះឬទេ។ ម្នាលអាវុសោបវិដ្ឋៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកការឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ ខ្ញុំក៏ដឹងហេតុនុ៎ះ ខ្ញុំក៏ឃើញហេតុនុ៎ះថា សេចក្តីរលត់នៃភព ជាព្រះនិព្វាន។ បើដូច្នោះ មានតែ ព្រះមុសិលៈមានអាយុ ជាព្រះអរហន្តខីណាស្រព។ កាលបើព្រះបវិដ្ឋៈ និយាយយ៉ាងនេះហើយ ព្រះមុសិលៈមានអាយុ ក៏នៅស្ងៀម។
[២៧២] លំដាប់នោះ ព្រះនារទៈមានអាយុ បាននិយាយនឹងព្រះបវិដ្ឋៈមានអាយុ យ៉ាងនេះថា ម្នាលអាវុសោបវិដ្ឋៈ ខ្ញុំសូមឱកាស ខ្ញុំគួរតែបានដើម្បីដោះស្រាយប្រស្នានុ៎ះ កាលបើដូច្នេះ លោកចូរសួរប្រស្នានោះមកចុះ ខ្ញុំនឹងព្យាករប្រស្នានុ៎ះដល់លោក។ បើព្រះនារទៈមានអាយុបាន (ឱកាសដើម្បីដោះ) នូវប្រស្នានុ៎ះ ខ្ញុំសូមសួរប្រស្នានុ៎ះ ចំពោះព្រះនារទៈមានអាយុ សូមព្រះនារទៈមានអាយុ ព្យាករប្រស្នានុ៎ះ ដល់ខ្ញុំ ម្នាលអាវុសោនារទៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកការឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ តើនារទៈមានអាយុ មានញាណកើតឡើងចំពោះខ្លួនឯងថា ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ដូច្នេះឬទេ។ ម្នាលអាវុសោបវិដ្ឋៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកការឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ ខ្ញុំក៏ដឹងហេតុនុ៎ះ ខ្ញុំក៏ឃើញហេតុនុ៎ះថា ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ។ ម្នាលអាវុសោនារទៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកសេចក្តីឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ តើនារទៈមានអាយុ មានណាញកើតឡើង ចំពោះខ្លួនឯងថា ជាតិកើតមាន ព្រោះភពជាបច្ច័យ ដូច្នេះឬទេ។បេ។ ថាសង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ ដូច្នេះឬទេ។ ម្នាលអាវុសោបវិដ្ឋៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកសេចក្តីឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ ខ្ញុំក៏ដឹងហេតុនុ៎ះ ខ្ញុំក៏ឃើញហេតុនុ៎ះថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ។
[២៧៣] ម្នាលអាវុសោនារទៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកសេចក្តីឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ តើនារទៈមានអាយុ មានញាណកើតឡើង ចំពោះខ្លួនឯងថា ព្រោះតែជាតិរលត់ ទើបជរា និងមរណៈរលត់ ដូច្នេះឬទេ។បេ។ ថាព្រោះតែអវិជ្ជារលត់ ទើបសង្ខាររលត់ ដូច្នេះឬទេ។ ម្នាលអាវុសោបវិដ្ឋៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកសេចក្តីឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ ខ្ញុំក៏ដឹងហេតុនុ៎ះ ខ្ញុំក៏ឃើញហេតុនុ៎ះថា ព្រោះតែអវិជ្ជារលត់ ទើបសង្ខាររលត់។
[២៧៤] ម្នាលអាវុសោនារទៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកសេចក្តីឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ តើនារទៈមានអាយុ មានញាណកើតឡើង ចំពោះខ្លួនឯងថា សេចក្តីរលត់នៃភព ជាព្រះនិព្វាន ដូច្នេះឬទេ។ ម្នាលអាវុសោបវិដ្ឋៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកសេចក្តីឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ ខ្ញុំក៏ដឹងហេតុនុ៎ះ ខ្ញុំក៏ឃើញហេតុនុ៎ះថា សេចក្តីរលត់នៃភព ជាព្រះនិព្វាន។ បើដូច្នោះ មានតែព្រះនារទៈមានអាយុ ជាព្រះអរហន្តខីណាស្រព។ ម្នាលអាវុសោ ខ្ញុំយល់ឃើញដោយប្រាជ្ញាដ៏ប្រពៃ តាមសេចក្តីពិតថា សេចក្តីរលត់ភព ជាព្រះនិព្វាន ដូច្នេះពិតមែន តែខ្ញុំមិនមែនជាព្រះអរហន្តខីណាស្រពទេ ម្នាលអាវុសោ ដូចអណ្តូងទឹកក្នុងផ្លូវលំបាក ខ្សែក៏មិនមានក្នុងទីនោះ យោងសម្រាប់ដងក៏មិនមានក្នុងទីនោះ ស្រាប់តែបុរស ដែលក្តៅក្រហាយ ព្រោះត្រូវកំដៅថ្ងៃ ត្រូវកំដៅថ្ងៃបៀតបៀនហើយ លំបាក ក្រហល់ក្រហាយ ស្រេកឃ្លាន ដើរមកដល់ បុរសនោះ ក្រឡេកមើលឃើញអណ្តូងទឹកនោះ បុរសនោះ ដឹងថា ទឹកមានពិត តែថានឹងប៉ះពាល់ដោយកាយមិនបាន ដូចម្តេចមិញ ម្នាលអាវុសោ ខ្ញុំឃើញដោយបញ្ញា ដ៏ប្រពៃតាមពិតថា សេចក្តីរលត់ភព ជាព្រះនិព្វាន តែខ្ញុំមិនមែនជាព្រះអរហន្តខីណាស្រព ក៏ដូច្នោះដែរ។
[២៧៥] កាលព្រះនារទៈនិយាយយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ បាននិយាយនឹងព្រះបវិដ្ឋៈមានអាយុ យ៉ាងនេះថា ម្នាលអាវុសោបវិដ្ឋៈ លោកតែងនិយាយយ៉ាងនេះ ចុះលោកនិយាយនឹងព្រះនារទៈមានអាយុ ដូចម្តេច។ ម្នាលអាវុសោអានន្ទ ខ្ញុំតែងនិយាយយ៉ាងនេះ តែខ្ញុំមិនបាននិយាយពាក្យអ្វី នឹងព្រះនារទៈមានអាយុ ក្រៅអំពីការល្អ ក្រៅអំពីការកុសលទេ។
ចប់សូត្រ ទី៨។
(៩. ឧបយន្តិសុត្តំ)
[២៧៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។
[២៧៧] ក្នុងទីនោះឯង ព្រះមានព្រះភាគ …. ម្នាលភិក្ខុទាំងឡាយ កាលមហាសមុទ្រជោរឡើង ទន្លេក៏ជោរ កាលទន្លេជោរឡើង ស្ទឹងក៏ជោរ កាលស្ទឹងជោរឡើង ព្រែកធំក៏ជោរ កាលព្រែកធំជោរឡើង ព្រែកតូចក៏ជោរ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចអវិជ្ជា កាលចម្រើនឡើង ក៏ញុំាងសង្ខារទាំងឡាយ ឲ្យចម្រើន កាលសង្ខារទាំងឡាយចម្រើនឡើង ក៏ញុំាងវិញ្ញាណឲ្យចម្រើន កាលវិញ្ញាណចម្រើនឡើង ក៏ញុំាងនាមរូបឲ្យចម្រើន កាលនាមរូបចម្រើនឡើង ក៏ញុំាងអាយតនៈ៦ឲ្យចម្រើន កាលអាយតនៈ៦ចម្រើនឡើង ក៏ញុំាងផស្សៈឲ្យចម្រើន កាលផស្សៈចម្រើនឡើង ក៏ញុំាងវេទនាឲ្យចម្រើន កាលវេទនាចម្រើនឡើង ក៏ញុំាងតណ្ហាឲ្យចម្រើន កាលតណ្ហាចម្រើនឡើង ក៏ញុំាងឧបាទានឲ្យចម្រើន កាលឧបាទានចម្រើនឡើង ក៏ញុំាងភពឲ្យចម្រើន កាលភពចម្រើនឡើង ក៏ញុំាងជាតិឲ្យចម្រើន កាលជាតិចម្រើនឡើង ក៏ញុំាងជរាមរណៈឲ្យចម្រើន ដូច្នោះឯង។
[២៧៨] ម្នាលភិក្ខុទាំងឡាយ កាលបើមហាសមុទ្រនាចទៅវិញ ទន្លេក៏នាច កាលទន្លេនាច ស្ទឹងក៏នាច កាលស្ទឹងនាច ព្រែកធំក៏នាច កាលព្រែកធំនាច ព្រែកតូចក៏នាច មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចអវិជ្ជា កាលខ្សោយកម្លាំង ក៏ញុំាងសង្ខារទាំងឡាយ ឲ្យខ្សោយ កាលសង្ខារទាំងឡាយខ្សោយ ក៏ញុំាងវិញ្ញាណឲ្យខ្សោយ កាលវិញ្ញាណខ្សោយ ក៏ញុំាងនាមរូបឲ្យខ្សោយ កាលនាមរូបខ្សោយ ក៏ញុំាងអាយតនៈ៦ឲ្យខ្សោយ កាលអាយតនៈ៦ខ្សោយ ក៏ញុំាងផស្សៈឲ្យខ្សោយ កាលផស្សៈខ្សោយ ក៏ញុំាងវេទនាឲ្យខ្សោយ កាលវេទនាខ្សោយ ក៏ញុំាងតណ្ហាឲ្យខ្សោយ កាលតណ្ហាខ្សោយ ក៏ញុំាងឧបាទានឲ្យខ្សោយ កាលឧបាទានខ្សោយ ក៏ញុំាងភពឲ្យខ្សោយ កាលភពខ្សោយ ក៏ញុំាងជាតិឲ្យខ្សោយ កាលជាតិខ្សោយ ក៏ញុំាងជរាមរណៈឲ្យខ្សោយ ដូច្នោះឯង។
ចប់សូត្រ ទី៩។
(១០. សុសិមសុត្តំ)
[២៧៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមានព្រះភាគ មានមនុស្ស និងទេវតាធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ព្រះអង្គបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយ ទាំងភិក្ខុសង្ឃ ក៏មានមនុស្ស និងទេវតា ធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ជាអ្នកបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយដែរ។ ចំណែកខាងពួកបរិព្វាជក ជាអន្យតិរ្ថិយ គេមិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជា មិនកោតក្រែង ជាអ្នកមិនបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយឡើយ។
[២៨០] សម័យនោះឯង បរិព្វាជកឈ្មោះសុសិមៈ នៅអាស្រ័យក្នុងក្រុងរាជគ្រឹះ ជាមួយនឹងបរិព្វាជកបរិស័ទជាច្រើន។ គ្រានោះ ពួកបរិស័ទ របស់សុសិមបរិព្វាជក បាននិយាយពាក្យនេះ និងសុសិមបរិព្វាជកថា ម្នាលអាវុសោសុសិមៈ អ្នកចូរមកអាយ ចូរប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុង(សំណាក់) ព្រះសមណគោតម ចូរអ្នករៀនធម៌ ហើយបង្ហាញយើងទាំងឡាយផង យើងទាំងឡាយនឹងរៀនធម៌នោះ ហើយសំដែងប្រាប់គ្រហស្ថទាំងឡាយ កាលបើយ៉ាងនេះ ពួកយើងមុខជានឹងមានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ជាអ្នកបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយ មិនខាន។ សុសិមបរិព្វាជក ទទួលពាក្យបរិស័ទរបស់ខ្លួនថា អើអាវុសោ ហើយក៏ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ ជាមួយនឹងព្រះអានន្ទមានអាយុ លុះបញ្ចប់ពាក្យគួររីករាយ និងពាក្យគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះសុសិមបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ទើបនិយាយស្នើរសេចក្តីនុ៎ះ នឹងព្រះអានន្ទមានអាយុថា បពិត្រព្រះអានន្ទមានអាយុ ខ្ញុំប្រាថ្នា ដើម្បីប្រព្រឹត្តព្រហ្មចរិយៈ ក្នុងធម៌វិន័យនេះ។
[២៨១] គ្រានោះឯង ព្រះអានន្ទមានអាយុ នាំសុសិមបរិព្វាជក ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏បានក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សុសិមបរិព្វាជកនេះ បាននិយាយយ៉ាងនេះថា បពិត្រអានន្ទមានអាយុ ខ្ញុំប្រាថ្នាដើម្បីប្រព្រឹត្តព្រហ្មចរិយៈ ក្នុងធម៌វិន័យនេះ។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ ចូរអ្នកនាំគ្នាបំបួសសុសិមៈចុះ។ សុសិមបរិព្វាជក ក៏បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់ព្រះមានព្រះភាគ។
[២៨២] សម័យនោះឯង ឮថា ពួកភិក្ខុច្រើនរូប បាននាំគ្នាក្រាបទូលនូវអរហត្តផល ក្នុងសំណាក់ព្រះមានព្រះភាគថា ពួកខ្ញុំព្រះអង្គ ដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ សុសិមភិក្ខុមានអាយុ បានឮថា ពួកភិក្ខុច្រើនរូប នាំគ្នាក្រាបទូលអរហត្តផល ក្នុងសំណាក់ព្រះមានព្រះភាគថា ពួកខ្ញុំព្រះអង្គ ដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ គ្រានោះឯង សុសិមភិក្ខុមានអាយុ ក៏ចូលទៅរកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ ជាមួយនឹងភិក្ខុទាំងនោះ លុះបញ្ចប់ពាក្យគួររីករាយ និងពាក្យគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះសុសិមភិក្ខុមានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបពោលពាក្យនេះ នឹងភិក្ខុទាំងនោះថា បានឮថា លោកមានអាយុទាំងឡាយ នាំគ្នាក្រាបទូលអរហត្តផល ក្នុងសំណាក់ព្រះមានព្រះភាគថា ពួកខ្ញុំព្រះអង្គ ដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ (ដូច្នេះ) ពិតមែនឬ។ ពួកភិក្ខុទាំងនោះ តបថា ពិតមែន អាវុសោ។
[២៨៣] សុសិមភិក្ខុសួរថា បពិត្រលោកមានអាយុទាំងឡាយ ចុះលោកទាំងឡាយ កាលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ តើបាននូវការតាក់តែង ឬសំដែងឫទ្ធិច្រើនប្រការ គឺកាយតែមួយ ធ្វើឲ្យទៅជាកាយច្រើនក៏បាន កាយច្រើន ធ្វើឲ្យទៅជាកាយតែមួយវិញក៏បាន ដើរទៅក្នុងទីណាក៏បាន ឥតមានទើសទាល់ គឺនៅក្នុងទីកំបាំង ដើរទៅក្នុងទីវាលក៏បាន នៅខាងក្នុង ដើរចេញទៅខាងក្រៅក៏បាន នៅខាងក្នុងជញ្ជាំង ដើរចេញទៅខាងក្រៅជញ្ជាំង (ដោយឥតទ្វារ ឥតផ្លូវ) ក៏បាន នៅខាងក្នុងកំពែង ដើរចេញទៅខាងក្រៅកំពែងក៏បាន នៅខាងក្នុងភ្នំ ដើរចេញទៅខាងក្រៅភ្នំវិញ ឥតមានទើសទាល់ ដូចជាគេដើរទៅ ក្នុងអាកាសក៏បាន មុជងើបក្នុងផែនដី ដូចជាគេមុជងើបក្នុងទឹកក៏បាន ដើរលើទឹកឥតមានបែកធ្លាយ ដូចជាគេដើរលើផែនដីក៏បាន អង្គុយពែនភ្នែនលើអាកាស ដូចជាសកុណជាតិទាំងឡាយ ដែលមានស្លាបហើរទៅក្នុងអាកាសក៏បាន យកដៃស្ទាបអង្អែល (មណ្ឌល) ព្រះចន្ទ្រ ព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិធំ មានអានុភាពធំយ៉ាងនេះក៏បាន ឬញុំាងអំណាចកាយ ឲ្យផ្សព្វផ្សាយទៅ រហូតដល់ព្រហ្មលោកក៏បាន ដូច្នេះបានឬទេ។ មិនដូច្នោះទេ អាវុសោ។
[២៨៤] បពិត្រលោកមានអាយុទាំងឡាយ ចុះកាលបើលោកទាំងឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ តើមានត្រចៀកដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសត្រចៀកជារបស់មនុស្សធម្មតា រមែងឮសំឡេងពីរប្រការ គឺសំឡេងទិព្វ និងសំឡេងមនុស្ស ដែលនៅក្នុងទីឆ្ងាយ ឬនៅក្នុងទីជិតដែរឬទេ។ មិនដូច្នោះ អាវុសោ។
[២៨៥] បពិត្រលោកមានអាយុទាំងឡាយ ចុះកាលបើលោកទាំងឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ តើអាចកំណត់ដឹងចិត្តរបស់សត្វដទៃ របស់បុគ្គលដទៃ ដោយចិត្តរបស់ខ្លួនបាន គឺចិត្តប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែលប្រាសចាករាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈ ចិត្តដែលប្រកបដោយទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្តដែលប្រាសចាកទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈ ចិត្តដែលប្រកបដោយមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ចិត្តដែលប្រាសចាកមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈ ចិត្តដែលរួញថយក្តី ក៏ដឹងច្បាស់ថា ចិត្តរួញថយ ចិត្តដែលរាយមាយក្តី ក៏ដឹងច្បាស់ថា ចិត្តរាយមាយ ចិត្តដែលជាមហគ្គតៈ គឺរូបាវចរ និងអរូបាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តជាមហគ្គតៈ ចិត្តដែលមិនមែនជាមហគ្គតៈក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមែនជាមហគ្គតៈ ចិត្តជាសឧត្តរៈ គឺកាមាវចរចិត្តក្តី ក៏ដឹងច្បាស់ថា ចិត្តជាសឧត្តរៈ ចិត្តដែលជាអនុត្តរៈ គឺរូបាវចរ និងអរូបាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តជាអនុត្តរៈ ចិត្តដែលតាំងនៅខ្ជាប់ខ្ជួនក្តី ក៏ដឹងច្បាស់ថា ចិត្តតាំងនៅខ្ជាប់ខ្ជួន ចិត្តដែលមិនតាំងនៅខ្ជាប់ខ្ជួនក្តី ក៏ដឹងច្បាស់ថា ចិត្តមិនតាំងនៅខ្ជាប់ខ្ជួន ចិត្តដែលរួចស្រឡះ ចាកកិលេសហើយក្តី ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះហើយ ចិត្តដែលមិនទាន់រួចស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ ដែរឬទេ។ មិនដូច្នោះទេ អាវុសោ។
[២៨៦] បពិត្រលោកមានអាយុទាំងឡាយ ចុះកាលបើលោកទាំងឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ តើរឭកឃើញនូវបុព្វេនិវាស គឺខន្ធ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន ជាច្រើនប្រការ គឺរឭកឃើញបាន ១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិ ក៏បាន រឭកឃើញសំវដ្តកប្បជាច្រើនក៏បាន វិវដ្តកប្បជាច្រើនក៏បាន សំវដ្តវិវដ្តកប្បជាច្រើនក៏បាន ថាអាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកអត្តភាពនោះហើយ ក៏បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញនោះ ច្យុតចាកអត្តភាពនោះហើយ ក៏បានមកកើតក្នុងភពនេះ លោកទាំងឡាយ រឭកឃើញនូវបុព្វេនិវាសជាច្រើនប្រការ ព្រមទាំងអាការៈ គឺរូប និងអាហារជាដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រកូល ដោយប្រការដូច្នេះ បានដែរឬទេ។ មិនដូច្នោះទេ អាវុសោ។
[២៨៧] បពិត្រលោកមានអាយុទាំងឡាយ ចុះកាលបើលោកទាំងឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ តើមានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុជារបស់មនុស្សធម្មតា រមែងឃើញនូវពួកសត្វដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនថា អើហ្ន៎ សត្វទាំងអម្បាលនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលព្រះអរិយបុគ្គល មានសេចក្តីយល់ខុស ប្រកាន់នូវអំពើតាមសេចក្តីយល់ខុស សត្វទាំងអម្បាលនោះ លុះរំលាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក មួយទៀត អើហ្ន៎ សត្វទាំងអម្បាលនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀលព្រះអរិយបុគ្គល មានសេចក្តីយល់ត្រូវ ប្រកាន់នូវអំពើតាមសេចក្តីយល់ត្រូវ សត្វទាំងអម្បាលនោះ លុះរំលាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិសួគ៌ ទេវលោក ចុះលោកទាំងឡាយ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុជារបស់មនុស្សធម្មតា រមែងឃើញនូវពួកសត្វដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន ដោយប្រការដូច្នេះ ដែរឬទេ។ មិនដូច្នោះទេ អាវុសោ។
[២៨៨] បពិត្រលោកមានអាយុទាំងឡាយ ចុះកាលបើលោកទាំងឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ តើកន្លងនូវរូបជ្ឈានហើយ បាននូវអារុប្បវិមោក្ខ ដែលជាធម៌ស្ងប់រម្ងាប់ ដោយនាមកាយ ហើយសម្រាន្តនៅ ដែរឬទេ។ មិនដូច្នោះទេ អាវុសោ។
[២៨៩] សុសិមភិក្ខុសួរថា ម្នាលលោកមានអាយុទាំងឡាយ ឥឡូវនេះ ការដោះស្រាយនេះក្តី ការមិនបានលុះនូវធម៌ទាំងនេះក្តី ក្នុងដំណើរនុ៎ះ ម្នាលអាវុសោ ចុះហេតុនេះ តើដូចម្តេច។ ពួកភិក្ខុទាំងនោះ តបថា ម្នាលអាវុសោសុសិមៈ យើងទាំងឡាយ ជាបញ្ញាវិមុត្តបុគ្គល គឺជាអ្នករួចស្រឡះ ចាកកិលេសដោយសារបញ្ញាទេតើ។ សុសិមភិក្ខុឆ្លើយថា ខ្ញុំមិនទាន់យល់សេចក្តី នៃពាក្យដែលលោកមានអាយុទាំងឡាយ សំដែងសង្ខេបហើយនេះ ដោយពិស្តារបានទេ ខ្ញុំសូមអង្វរ សូមលោកមានអាយុទាំងឡាយ សំដែងប្រាប់ខ្ញុំ យ៉ាងណា ឲ្យខាងតែខ្ញុំយល់សេចក្តី នៃពាក្យដែលលោកមានអាយុទាំងឡាយ សំដែងសង្ខេបហើយនេះ ដោយពិស្តារបាន។ ពួកភិក្ខុទាំងនោះ តបថា ម្នាលអាវុសោសុសិមៈ លោកយល់ក្តី មិនយល់ក្តី យើងទាំងឡាយ ជាក់ជាបញ្ញាវិមុត្តបុគ្គលដោយពិត។
[២៩០] គ្រានោះឯង សុសិមភិក្ខុមានអាយុ ក្រោកអំពីអាសនៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះសុសិមភិក្ខុមានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូល នូវពាក្យទាំងអស់នោះ ដែលខ្លួនចរចាទាំងប៉ុន្មាន ជាមួយនឹងពួកភិក្ខុទាំងនោះ ចំពោះព្រះមានព្រះភាគ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលសុសិមៈ ធម្មដ្ឋិតិញ្ញាណ គឺវិបស្សនាញាណ តែងកើតឡើងមុន ការដឹងក្នុងព្រះនិព្វាន គឺមគ្គញ្ញាណ តែងកើតឡើងក្រោយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនអាចយល់សេចក្តី នៃព្រះពុទ្ធដីកា ដែលព្រះអង្គសំដែងសង្ខេបនេះ ដោយពិស្តារបានទេ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ សំដែងប្រាប់ខ្ញុំព្រះអង្គ យ៉ាងណា ឲ្យខាងតែខ្ញុំព្រះអង្គយល់សេចក្តី នៃព្រះពុទ្ធដីកា ដែលព្រះអង្គសំដែងសង្ខេបនេះ ដោយពិស្តារបានឲ្យទាន។
[២៩១] ម្នាលសុសិមៈ អ្នកយល់ក្តី អ្នកមិនយល់ក្តី ចំណែកធម្មដ្ឋិតិញ្ញាណ តែងកើតឡើងមុន ការដឹងក្នុងព្រះនិព្វាន តែងកើតឡើងក្រោយដោយពិត ម្នាលសុសិមៈ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា ដែលមិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា ដែលមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះឬទេ។ មិនគួរនឹងយល់ឃើញយ៉ាងនោះទេ ព្រះអង្គ។ វេទនា ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា ដែលមិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា ដែលមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះឬទេ។ មិនគួរនឹងយល់ឃើញយ៉ាងនោះទេ ព្រះអង្គ។ សញ្ញា ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ សង្ខារទាំងឡាយ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា ដែលមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះឬទេ។ មិនគួរនឹងយល់ឃើញយ៉ាងនោះទេ ព្រះអង្គ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា ដែលមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះឬទេ។ មិនគួរនឹងយល់ឃើញយ៉ាងនោះទេ ព្រះអង្គ។
[២៩២] ម្នាលសុសិមៈ ព្រោះហេតុនោះ រូបណាមួយ ដែលជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបណា ដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី រូបទាំងអស់នោះ គ្រាន់តែជារូប (ប៉ុណ្ណោះឯង) បុគ្គលគួរឃើញរូបនុ៎ះ ដោយបញ្ញាដ៏ប្រពៃ តាមពិត យ៉ាងនេះថា នុ៎ះ មិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ វេទនាណាមួយ ដែលជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វេទនាណា ដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី វេទនាទាំងអស់នោះ គ្រាន់តែជាវេទនា (ប៉ុណ្ណោះឯង) បុគ្គលគួរឃើញវេទនានុ៎ះ ដោយបញ្ញាដ៏ប្រពៃ តាមពិត យ៉ាងនេះថា នុ៎ះ មិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ សញ្ញាណណាមួយ។បេ។ សង្ខារទាំងឡាយណាមួយ ដែលជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី សង្ខារទាំងឡាយណា ដែលមានក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី សង្ខារទាំងអស់នោះ គ្រាន់តែជាសង្ខារ (ប៉ុណ្ណោះឯង) បុគ្គលគួរឃើញសង្ខារនុ៎ះ ដោយបញ្ញាដ៏ប្រពៃ តាមពិត យ៉ាងនេះថា នុ៎ះ មិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ វិញ្ញាណណាមួយ ដែលជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វិញ្ញាណណា ដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី វិញ្ញាណទាំងអស់នោះ គ្រាន់តែជាវិញ្ញាណ (ប៉ុណ្ណោះឯង) បុគ្គលគួរឃើញវិញ្ញាណនុ៎ះ ដោយបញ្ញាដ៏ប្រពៃ តាមពិត យ៉ាងនេះថា នុ៎ះ មិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។
[២៩៣] ម្នាលសុសិមៈ អរិយសាវ័កជាអ្នកចេះដឹង កាលបើយល់ឃើញយ៉ាងនេះ ក៏នឿយណាយក្នុងរូបផង នឿយណាយក្នុងវេទនាផង នឿយណាយក្នុងសញ្ញាផង នឿយណាយក្នុងសង្ខារទាំងឡាយផង នឿយណាយក្នុងវិញ្ញាណផង កាលបើនឿយណាយ (យ៉ាងនេះហើយ) ក៏ប្រាសចាកតម្រេក ចិត្តក៏ផុតស្រឡះ (ចាកអាសវៈ) ព្រោះប្រាសចាកតម្រេក។ កាលចិត្តផុតស្រឡះ (ចាកអាសវៈ) ហើយ ញាណ (របស់អរិយសាវ័កនោះ) កើតឡើងប្រាកដថា ចិត្តផុតស្រឡះហើយ។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
[២៩៤] ម្នាលសុសិមៈ អ្នកយល់ឃើញថា ជរាមរណៈកើតមាន ព្រោះជាតិ ជាបច្ច័យដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលសុសិមៈ អ្នកយល់ឃើញថា ជាតិកើតមាន ព្រោះភព ជាបច្ច័យដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលសុសិមៈ អ្នកយល់ឃើញថា ភពកើតមាន ព្រោះឧបាទាន ជាបច្ច័យដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលសុសិមៈ អ្នកយល់ឃើញថា ឧបាទានកើតមាន ព្រោះតណ្ហា ជាបច្ច័យដែរឬ។ ព្រះករុណា ព្រះអង្គ។ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ… វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ… ផស្សៈកើតមាន ព្រោះអាយតនៈ៦ ជាបច្ច័យ… អាយតនៈ៦ កើតមាន ព្រោះនាមរូប ជាបច្ច័យ… នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ… វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ… ម្នាលសុសិមៈ អ្នកយល់ឃើញថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជា ជាបច្ច័យដែរឬ។ ព្រះករុណា ព្រះអង្គ។
[២៩៥] ម្នាលសុសិមៈ អ្នកយល់ឃើញថា ការរលត់នៃជរាមរណៈ ព្រោះការរលត់នៃជាតិ ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលសុសិមៈ អ្នកយល់ឃើញថា ការរលត់នៃជាតិ ព្រោះការរលត់នៃភព ដែរឬ។ ព្រះករុណា ព្រះអង្គ។ ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន… ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា… ការរលត់នៃតណ្ហា… ព្រោះការរលត់នៃវេទនា… ការរលត់នៃវេទនា ព្រោះការរលត់នៃផស្សៈ… ការរលត់នៃផស្សៈ ព្រោះការរលត់នៃអាយតនៈ៦… ការរលត់នៃអាយតនៈ៦ ព្រោះការរលត់នៃនាមរូប… ការរលត់នៃនាមរូប ព្រោះការរលត់នៃវិញ្ញាណ… ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ… ម្នាលសុសិមៈ អ្នកយល់ឃើញថា ការរលត់នៃសង្ខារ ព្រោះការរលត់នៃអវិជ្ជា ដែរឬ។ ព្រះករុណា ព្រះអង្គ។
[២៩៦] ម្នាលសុសិមៈ ចុះកាលបើអ្នកដឹងយ៉ាងនេះ ឃើញយ៉ាងនេះ តើបាននូវការតាក់តែង ឬសំដែងឫទ្ធិច្រើនប្រការ គឺកាយតែមួយ ធ្វើឲ្យទៅជាកាយច្រើនក៏បាន កាយច្រើន ធ្វើឲ្យទៅជាកាយតែមួយវិញក៏បាន ដើរទៅទីណា ឥតទើសទាល់ គឺនៅក្នុងទីកំបាំង ដើរទៅក្នុងទីវាលក៏បាន នៅខាងក្នុង ដើរចេញទៅខាងក្រៅក៏បាន នៅខាងក្នុងជញ្ជាំង ដើរចេញទៅខាងក្រៅជញ្ជាំង (ដោយឥតទ្វារ ឬផ្លូវ) ក៏បាន នៅខាងក្នុងកំពែង ដើរចេញទៅខាងក្រៅកំពែងក៏បាន នៅខាងក្នុងភ្នំ ដើរចេញទៅខាងក្រៅភ្នំ ឥតទើសទាល់ ដូចជាគេដើរទៅ ក្នុងអាកាសទទេក៏បាន មុជងើបក្នុងផែនដី ដូចជាគេមុជងើបក្នុងទឹកក៏បាន ដើរលើទឹកឥតបែកធ្លាយ ដូចជាគេដើរលើផែនដីក៏បាន ពែនភ្នែនទៅក្នុងអាកាស ដូចជាសកុណជាតិ ដែលមានស្លាប ហើរទៅក្នុងអាកាសក៏បាន យកដៃទៅស្ទាបអង្អែល (មណ្ឌល) ព្រះចន្ទ្រ ព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើន មានអានុភាពច្រើនយ៉ាងនេះក៏បាន ញុំាងអំណាចកាយ ឲ្យផ្សព្វផ្សាយទៅ រហូតដល់ព្រហ្មលោកនាយក៏បាន ដែឬទេ។ មិនដូច្នោះទេ ព្រះអង្គ។
[២៩៧] ម្នាលសុសិមៈ ចុះកាលបើអ្នកដឹងយ៉ាងនេះ ឃើញយ៉ាងនេះ តើមានត្រចៀក ដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសត្រចៀក ជារបស់មនុស្សធម្មតា រមែងឮសំឡេងពីរប្រការ គឺសំឡេងទិព្វ និងសំឡេងមនុស្ស ដែលនៅក្នុងទីឆ្ងាយ ឬនៅក្នុងទីជិត ដែរឬទេ។ មិនដូច្នោះ ព្រះអង្គ។
[២៩៨] ម្នាលសុសិមៈ ចុះកាលបើអ្នកដឹងយ៉ាងនេះ ឃើញយ៉ាងនេះ តើអាចកំណត់ដឹងចិត្ត របស់សត្វដទៃ របស់បុគ្គលដទៃ ដោយចិត្តរបស់ខ្លួនបាន គឺចិត្តប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ។បេ។ ចិត្តមិនទាន់ផុតស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់ផុតស្រឡះ ដែរឬទេ។ មិនដូច្នោះទេ ព្រះអង្គ។
[២៩៩] ម្នាលសុសិមៈ ចុះកាលបើអ្នកដឹងយ៉ាងនេះ ឃើញយ៉ាងនេះ តើរឭកឃើញ បុព្វេនិវាស បានជាច្រើនប្រការ គឺរឭកឃើញបាន ១ជាតិ។បេ។ អ្នករឭកឃើញបុព្វេនិវាស បានជាច្រើនប្រការ ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ ដែរឬទេ។ មិនដូច្នោះទេ ព្រះអង្គ។
[៣០០] ម្នាលសុសិមៈ ចុះកាលបើអ្នកដឹងយ៉ាងនេះ ឃើញយ៉ាងនេះ តើមានចក្ខុ ដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា ឃើញពួកសត្វកាលច្យុត។បេ។ ដឹងច្បាស់ នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន ដែរឬទេ។ មិនដូច្នោះទេ ព្រះអង្គ។
[៣០១] ម្នាលសុសិមៈ ចុះកាលបើអ្នកដឹងយ៉ាងនេះ ឃើញយ៉ាងនេះ តើកន្លងនូវរូបជ្ឈាន ហើយបាននូវអារុប្បវិមោក្ខ ដែលជាធម៌ស្ងប់រម្ងាប់ ដោយនាមកាយ ហើយសម្រាន្តនៅ ដែរឬទេ។ មិនដូច្នោះទេ ព្រះអង្គ។
[៣០២] ម្នាលសុសិមៈ ឥឡូវនេះ ការដោះស្រាយនេះក្តី ការមិនបានលុះធម៌ទាំងនេះក្តី ក្នុងដំណើរនុ៎ះ ម្នាលសុសិមៈ ចុះហេតុនេះ តើដូចម្តេច។ គ្រានោះឯង ព្រះសុសិមៈមានអាយុ ក្រាបចុះទៀបព្រះបាទា នៃព្រះមានព្រះភាគ ដោយសិរ្សៈ ពោលខមាទោស នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កំហុសគ្របសង្កត់ហើយ នូវខ្ញុំព្រះអង្គ តាមដោយខ្ញុំព្រះអង្គ ជាមនុស្សល្ងង់ខ្លៅ ជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាស ខ្ញុំព្រះអង្គណា ជាអ្នកលួចធម៌ បួសក្នុងធម៌វិន័យ ដែលព្រះអង្គសំដែងហើយ ដោយប្រពៃ យ៉ាងនេះ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អត់នូវកំហុស តាមទោស របស់ខ្ញុំព្រះអង្គនោះ ដើម្បីការសង្រួមតទៅ។
[៣០៣] អើសុសិមៈ កំហុសគ្របសង្កត់អ្នក តាមដោយអ្នក ជាមនុស្សល្ងង់ខ្លៅ ជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាសមែន អ្នកឯងដែលជាអ្នកលួចធម៌ បួសក្នុងធម៌វិន័យ ដែលតថាគតសំដែងហើយ ដោយប្រពៃ យ៉ាងនេះ ម្នាលសុសិមៈ ដូចពួករាជបុរស ចាប់បានចោរ ដែលប្រព្រឹត្តអាក្រក់ នាំមកថ្វាយព្រះរាជាថា បពិត្រព្រះសម្មតិទេព នេះជាចោរ ប្រព្រឹត្តអាក្រក់នឹងព្រះអង្គ ព្រះអង្គ ទ្រង់សព្វព្រះហឫទ័យដាក់អាជ្ញាណា ដល់ចោរនេះ សូមព្រះអង្គដាក់អាជ្ញានោះចុះ ទើបព្រះរាជា មានព្រះបន្ទូល នឹងរាជបុរសនោះ យ៉ាងនេះថា នែប្រស្តែងទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរនាំគ្នាចងបុរសនេះ ឲ្យមានដើមដៃទៅខាងក្រោយ (ចងស្លាបសេក) ឲ្យខ្ជាប់ ដោយខ្សែដ៏មាំ កោរក្បាលឲ្យរលីងចេញហើយ (ត្រូវទួង) ស្គរជ័យ ដែលមានសំឡេងឮខ្លាំង នាំបណ្តើរជុំវិញសព្វច្រក សព្វផ្លូវត្រឡែងកែង នាំចេញទៅតាមទ្វារខាងត្បូងហើយ ចូរកាត់ក្បាល ត្រង់កន្លែងសម្រាប់ពិឃាត ជាខាងត្បូងនៃព្រះនគរចុះ ឯពួករាជបុរស នាំគ្នាចាប់ចងបុរសនោះ ឲ្យមានដើមដៃទៅខាងក្រោយឲ្យខ្ជាប់ ដោយខ្សែដ៏មាំ កោរក្បាលឲ្យរលីងចេញ(ទួង) ស្គរជ័យ ដែលមានសំឡេងឮខ្លាំង នាំបណ្តើរជុំវិញសព្វច្រក សព្វផ្លូវត្រឡែងកែង រួចនាំចេញទៅតាមទ្វារខាងត្បូង កាត់ក្បាល នៅខាងត្បូង នៃព្រះនគរ ម្នាលសុសិមៈ អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច បុរសនោះ គប្បីទទួលទុក្ខ ទោមនស្ស ព្រោះដំណើរនោះជាហេតុ ដែរឬទេ។ ព្រះករុណា ព្រះអង្គ។
[៣០៤] ម្នាលសុសិមៈ បុរសនោះ ទទួលទុក្ខទោមនស្ស ព្រោះដំណើរនោះ ជាហេតុណា បព្វជ្ជាណា របស់បុគ្គលអ្នកលួចធម៌ ក្នុងធម៌វិន័យ ដែលតថាគត សំដែងហើយ ដោយប្រពៃ យ៉ាងនេះ បព្វជ្ជានេះ មានទុក្ខវិបាកខ្លាំងផង មានវិបាកខ្លោចផ្សាខ្លាំងផង ជាងហេតុនោះទៅទៀត មិនតែប៉ុណ្ណោះ បព្វជ្ជានេះ រមែងប្រព្រឹត្តទៅ ក្នុងវិនិបាតកំណើត។ ម្នាលសុសិមៈ កាលណាបើអ្នកឃើញទោស តាមទោសហើយ សំដែងទោស ឲ្យសមគួរតាមធម៌ តថាគត ទទួលអត់ទោស ដល់អ្នកនោះបាន ម្នាលសុសិមៈ នេះឯង ជាសេចក្តីចម្រើន ក្នុងវិន័យរបស់អរិយៈ នៃបុគ្គលដែលឃើញទោស តាមទោស ហើយសំដែងទោសតាមធម៌ ដល់នូវសេចក្តីសង្រួមតទៅ ដោយពិត។
ចប់សូត្រទី១០។
ចប់ មហាវគ្គ ទី៧។
បញ្ជីរឿង នៃមហាវគ្គនោះគឺ
និយាយអំពីបុគ្គល២ពួក គឺបុគ្គលអ្នកមិនចេះដឹង និងបុគ្គលអ្នកចេះដឹង ដែលព្រះមានព្រះភាគ ត្រាស់ហើយ១ អំពីបរិភោគដូចបរិភោគសាច់កូន១ អំពីធម៌ មានរាគៈជាដើម ដែលមាន និងមិនមានក្នុងអាហារ១ អំពីអដ្ឋង្គិកមគ្គ ដូចផ្លូវទៅកាន់បុរាណនគរ១ អំពីការពិចារណា នូវបដិច្ចសមុប្បាទ១ អំពីនាមរូប ដូចបាច់បបុះ១ អំពីធម្មកថិក នៅក្នុងក្រុងកោសម្ពី១ អំពីបដិច្ចសមុប្បាទចម្រើនឡើង និងថយកម្លាំង ដូចមហាសមុទ្រជោរនាច១ អំពីសុសិមបរិព្វាជក១ ត្រូវជា១០។