តើសល់បន្ទុកប៉ុន្មានទើបបានដល់ព្រះធម៌?
sn 13.002 បាលី cs-km: sut.sn.13.002 អដ្ឋកថា: sut.sn.13.002_att PTS: ?
(បោក្ខរណី)សូត្រ ទី២
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
(២. បោក្ខរណីសុត្តំ)
[៣១៣] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ម្នាលភិក្ខុទាំងឡាយ ដូចជាស្រះបោក្ខរណី មានបណ្តោយ ៥០យោជន៍ ទទឹង ៥០យោជន៍ ជម្រៅ ៥០យោជន៍ ពេញដោយទឹកស្មើមាត់ច្រាំង ល្មមក្អែកឱនផឹកបាន មានបុរសម្នាក់ ទៅដួសទឹកអំពីស្រះនោះ ដោយចុងស្បូវ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច ទឹកដែលបុរសដួសដោយចុងស្បូវ និងទឹកក្នុងស្រះបោក្ខរណី តើណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ទឹកក្នុងស្រះបោក្ខរណីនេះច្រើនជាង ទឹកដែលបុរសដួសឡើង ដោយចុងស្បូវ មានប្រមាណតិចណាស់ ទឹកដែលបុរសដួសឡើង ដោយចុងស្បូវ យកទៅប្រៀបធៀបនឹងទឹកក្នុងស្រះបោក្ខរណី មិនដល់នូវចំណែកមួយ ក្នុងមួយរយចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយពាន់ចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយសែនចំណែកឡើយ។
[៣១៤] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូច បុគ្គលជាអរិយសាវ័ក ជាអ្នកបរិបូណ៌ដោយទិដ្ឋិ ត្រាស់ដឹងនូវអរិយសច្ច រមែងមានទុក្ខដែលអស់ទៅ សាបសូន្យទៅ ច្រើនជាង ឯទុក្ខដែលសល់នៅ សំដៅយកត្រឹម ៧អត្តភាព មានប្រមាណតិចណាស់ មិនដល់នូវចំណែកមួយ ក្នុងមួយរយចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយពាន់ចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយសែនចំណែក ដោយការប្រៀបធៀបនឹងកងទុក្ខ ដែលអស់ទៅ សាបសូន្យទៅឡើយ។ ម្នាលភិក្ខុទាំងឡាយ ការត្រាស់ដឹងធម៌ មានប្រយោជន៍ច្រើនយ៉ាងនេះ ការបានធម្មចក្ខុ មានប្រយោជន៍ច្រើនយ៉ាងនេះ។
ចប់សូត្រ ទី២។