km:tipitaka:sut:sn:14:sut.sn.14.v03



ទសកម្មបថវគ្គ ទី៣

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 14.v03 បាលី cs-km: sut.sn.14.v03 អដ្ឋកថា: sut.sn.14.v03_att PTS: ?

ទសកម្មបថវគ្គ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៣. កម្មបថវគ្គោ)

(អសមាហិតសុ)សូត្រ ទី១

(១. អសមាហិតសុត្តំ)

[៥៨] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយត្រូវគ្នា សមគ្នា1) ដោយធាតុជាប្រាកដ ពួកសត្វមិនមានសទ្ធា ត្រូវគ្នា សមគ្នា នឹងពួកសត្វមិនមានសទ្ធា ពួកសត្វមិនមានសេចក្តីខ្មាសបាប ត្រូវគ្នា សមគ្នា នឹងពួកសត្វមិនមានសេចក្តីខ្មាសបាប ពួកសត្វមិនមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា នឹងពួកសត្វមិនមានសេចក្តីខ្លាចបាប ពួកសត្វមិនបានតាំងចិត្តនឹង ត្រូវគ្នា សមគ្នា នឹងពួកសត្វមិនបានតាំងចិត្តនឹង ពួកសត្វគ្មានប្រាជ្ញា ត្រូវគ្នា សមគ្នា នឹងពួកសត្វគ្មានប្រាជ្ញា។ ពួកសត្វមានសទ្ធា ត្រូវគ្នា សមគ្នា នឹងពួកសត្វមានសទ្ធា ពួកសត្វមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា នឹងពួកសត្វមានចិត្តខ្មាសបាប ពួកសត្វមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា នឹងពួកសត្វមានសេចក្តីខ្លាចបាប ពួកសត្វមានចិត្តតាំងនឹង ត្រូវគ្នា សមគ្នា នឹងពួកសត្វមានចិត្តតាំងនឹង ពួកសត្វមានប្រាជ្ញា ត្រូវគ្នា សមគ្នា នឹងពួកសត្វមានប្រាជ្ញា។

ចប់ សូត្រ ទី១។

(ទុស្សីល)សូត្រ ទី២

(២. ទុស្សីលសុត្តំ)

[៥៩] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុជាប្រាកដ ពួកសត្វមិនមានសទ្ធា ត្រូវគ្នា សមគ្នា នឹងពួកសត្វមិនមានសទ្ធា ពួកសត្វមិនមានសេចក្តីខ្មាសបាប ត្រូវគ្នា សមគ្នា នឹងពួកសត្វមិនមានសេចក្តីខ្មាសបាប ពួកសត្វមិនមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា នឹងពួកសត្វមិនមានសេចក្តីខ្លាចបាប ពួកសត្វទ្រុស្តសីល ត្រូវគ្នា សមគ្នា នឹងពួកសត្វទ្រុស្តសីល ពួកសត្វគ្មានប្រាជ្ញា ត្រូវគ្នា សមគ្នា នឹងពួកសត្វគ្មានប្រាជ្ញា។ ពួកសត្វមានសទ្ធា ត្រូវគ្នា សមគ្នា នឹងពួកសត្វមានសទ្ធា ពួកសត្វមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា នឹងពួកសត្វមានចិត្តខ្មាសបាប ពួកសត្វមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា នឹងពួកសត្វមានសេចក្តីខ្លាចបាប ពួកសត្វមានសីល ត្រូវគ្នា សមគ្នា នឹងពួកសត្វមានសីល ពួកសត្វមានប្រាជ្ញា ត្រូវគ្នា សមគ្នា នឹងពួកសត្វមានប្រាជ្ញា។

ចប់ សូត្រ ទី២។

(បញ្ចសិក្ខាបទ)សូត្រ ទី៣

(៣. បញ្ចសិក្ខាបទសុត្តំ)

[៦០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។

[៦១] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុជាប្រាកដ ពួកសត្វអ្នកសម្លាប់សត្វ ត្រូវគ្នា សមគ្នា នឹងពួកសត្វអ្នកសម្លាប់សត្វ ពួកសត្វអ្នកលួចទ្រព្យគេ ត្រូវគ្នា សមគ្នា នឹងពួកសត្វអ្នកលួចទ្រព្យគេ ពួកសត្វប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ត្រូវគ្នា សមគ្នា នឹងពួកសត្វប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ពួកសត្វនិយាយពាក្យកុហក ត្រូវគ្នា សមគ្នា នឹងពួកសត្វនិយាយពាក្យកុហក ពួកសត្វដែលប្រកបដោយហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរានិងមេរ័យ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលប្រកបដោយហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរានិងមេរ័យ។

[៦២] ពួកសត្វវៀរចាកការសម្លាប់សត្វ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរចាកការសម្លាប់សត្វ ពួកសត្វវៀរចាកការលួចទ្រព្យគេ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរចាកការលួចទ្រព្យគេ ពួកសត្វវៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ពួកសត្វវៀរចាកការនិយាយកុហក ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរចាកការនិយាយកុហក ពួកសត្វវៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរា និងមេរ័យ។

ចប់ សូត្រ ទី៣។

(សត្តកម្មបថ)សូត្រ ទី៤

(៤. សត្តកម្មបថសុត្តំ)

[៦៣] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុជាប្រាកដ ពួកសត្វអ្នកសម្លាប់សត្វ ត្រូវគ្នា សមគ្នា នឹងពួកសត្វអ្នកសម្លាប់សត្វ ពួកសត្វអ្នកលួចទ្រព្យគេ ត្រូវគ្នា សមគ្នា នឹងពួកសត្វអ្នកលួចទ្រព្យគេ ពួកសត្វប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ត្រូវគ្នា សមគ្នា នឹងពួកសត្វប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ពួកសត្វនិយាយពាក្យកុហក ត្រូវគ្នា សមគ្នា នឹងពួកសត្វនិយាយពាក្យកុហក ពួកសត្វនិយាយពាក្យញុះញង់ ត្រូវគ្នា សមគ្នា នឹងពួកសត្វនិយាយពាក្យញុះញង់ ពួកសត្វនិយាយពាក្យទ្រគោះ ត្រូវគ្នា សមគ្នា នឹងពួកសត្វនិយាយពាក្យទ្រគោះ ពួកសត្វនិយាយពាក្យរោយរាយឥតប្រយោជន៍ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលនិយាយពាក្យរោយរាយឥតប្រយោជន៍។

[៦៤] ពួកសត្វវៀរចាកការសម្លាប់សត្វ… វៀរចាកការលួចទ្រព្យគេ… វៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ… វៀរចាកការនិយាយពាក្យកុហក… វៀរចាកការនិយាយពាក្យញុះញង់ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរចាកការនិយាយពាក្យញុះញង់ ពួកសត្វវៀរចាកការនិយាយពាក្យទ្រគោះ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរចាកការនិយាយពាក្យទ្រគោះ ពួកសត្វវៀរចាកការនិយាយពាក្យរោយរាយឥតប្រយោជន៍ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរចាកការនិយាយពាក្យរោយរាយឥតប្រយោជន៍។

ចប់ សូត្រ ទី៤។

(ទសកម្មបថ)សូត្រ ទី៥

(៥. ទសកម្មបថសុត្តំ)

[៦៥] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុជាប្រាកដ ពួកសត្វអ្នកសម្លាប់សត្វ ត្រូវគ្នា សមគ្នា នឹងពួកសត្វអ្នកសម្លាប់សត្វ ពួកសត្វអ្នកលួចទ្រព្យគេ… ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ… និយាយពាក្យកុហក… និយាយពាក្យញុះញង់… និយាយពាក្យទ្រគោះ… និយាយពាក្យរោយរាយឥតប្រយោជន៍ ត្រូវគ្នា សមគ្នា នឹងពួកសត្វនិយាយពាក្យរោយរាយឥតប្រយោជន៍ ពួកសត្វមានសេចក្តីលោភច្រើន ត្រូវគ្នា សមគ្នា នឹងពួកសត្វមានសេចក្តីលោភច្រើន ពួកសត្វមានចិត្តព្យាបាទ ត្រូវគ្នា សមគ្នា នឹងពួកសត្វមានចិត្តព្យាបាទ ពួកសត្វជាមិច្ឆាទិដ្ឋិ ត្រូវគ្នា សមគ្នា នឹងពួកសត្វជាមិច្ឆាទិដ្ឋិ។

[៦៦] ពួកសត្វវៀរចាកការសម្លាប់សត្វ ត្រូវគ្នា សមគ្នា នឹងពួកសត្វវៀរចាកការសម្លាប់សត្វ ពួកសត្វវៀរចាកការលួចទ្រព្យគេ… វៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ… វៀរចាកការនិយាយពាក្យកុហក… វៀរចាកការនិយាយពាក្យញុះញង់… វៀរចាកការនិយាយពាក្យទ្រគោះ… ពួកសត្វវៀរចាកការនិយាយពាក្យរោយរាយឥតប្រយោជន៍ ត្រូវគ្នា សមគ្នា នឹងពួកសត្វវៀរចាកការនិយាយពាក្យរោយរាយឥតប្រយោជន៍ ពួកសត្វមិនមានសេចក្តីលោភច្រើន ត្រូវគ្នា សមគ្នា នឹងពួកសត្វមិនមានសេចក្តីលោភច្រើន ពួកសត្វមានចិត្តមិនព្យាបាទ ត្រូវគ្នា សមគ្នា នឹងពួកសត្វមានចិត្តមិនព្យាបាទ ពួកសត្វជាសម្មាទិដ្ឋិ ត្រូវគ្នា សមគ្នា នឹងពួកសត្វជាសម្មាទិដ្ឋិ។

ចប់ សូត្រ ទី៥។

(អដ្ឋង្គិក)សូត្រ ទី៦

(៦. អដ្ឋង្គិកសុត្តំ)

[៦៧] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុជាប្រាកដ ពួកសត្វមានទិដ្ឋិខុស ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលមានទិដ្ឋិខុស ពួកសត្វមានសេចក្តីត្រិះរិះខុស… មានវាចាខុស… មានការងារខុស… មានការចិញ្ចឹមជីវិតខុស… មានព្យាយាមខុស… មានសតិខុស… មានសមាធិខុស ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលមានសមាធិខុស។

[៦៨] ពួកសត្វមានទិដ្ឋិត្រូវ ត្រូវគ្នា សមគ្នា នឹងពួកសត្វមានទិដ្ឋិត្រូវ ពួកសត្វមានសេចក្តីត្រិះរិះត្រូវ… មានវាចាត្រូវ… មានការងារត្រូវ… មានការចិញ្ចឹមជីវិតត្រូវ… មានព្យាយាមត្រូវ… មានសតិត្រូវ… ពួកសត្វមានសមាធិត្រូវ ត្រូវគ្នា សមគ្នា នឹងពួកសត្វមានសមាធិត្រូវ។

ចប់ សូត្រ ទី៦។

(ទសង្គ)សូត្រ ទី៧

(៧. ទសង្គសុត្តំ)

[៦៩] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុជាប្រាកដ ពួកសត្វមានទិដ្ឋិខុស ត្រូវគ្នា សមគ្នា នឹងពួកសត្វមានទិដ្ឋិខុស ពួកសត្វមានសេចក្តីត្រិះរិះខុស… មានវាចាខុស… មានការងារខុស… មានការចិញ្ចឹមជីវិតខុស… មានព្យាយាមខុស… មានសតិខុស… ពួកសត្វមានសមាធិខុស ត្រូវគ្នា សមគ្នា នឹងពួកសត្វមានសមាធិខុស ពួកសត្វមានញាណខុស ត្រូវគ្នា សមគ្នា នឹងពួកសត្វមានញាណខុស ពួកសត្វមានវិមុត្តិខុស ត្រូវគ្នា សមគ្នា នឹងពួកសត្វមានវិមុត្តិខុស។

[៧០] ពួកសត្វមានទិដ្ឋិត្រូវ ត្រូវគ្នា សមគ្នា នឹងពួកសត្វមានទិដ្ឋិត្រូវ ពួកសត្វមានសេចក្តីត្រិះរិះត្រូវ… មានវាចាត្រូវ… មានការងារត្រូវ… មានការចិញ្ចឹមជីវិតត្រូវ… មានព្យាយាមត្រូវ… មានសតិត្រូវ… មានសមាធិត្រូវ… ពួកសត្វមានញាណត្រូវ ត្រូវគ្នា សមគ្នា នឹងពួកសត្វមានញាណត្រូវ ពួកសត្វមានវិមុត្តិត្រូវ ត្រូវគ្នា សមគ្នា នឹងពួកសត្វមានវិមុត្តិត្រូវ។

ចប់សូត្រទី៧។

(អតីត អនាគត និងបច្ចុប្បន្ន បណ្ឌិតគប្បីធ្វើសព្វអន្លើផងចុះ)។

ឧទ្ទាននៃសូត្រទាំង៧គឺ

ការមិនបានតាំងចិត្តឲ្យនឹង ការទ្រុស្តសីល សិក្ខាបទ៥ កម្មបថ៧ លោកបានពោលហើយ មួយអន្លើដោយកម្មបថ១០ សូត្រទី៦ និយាយពីមគ្គប្រកបដោយអង្គ៨ លោកបានពោលហើយ មួយអន្លើដោយអង្គទាំង១០ ក្នុងសូត្រទី៧។

ចប់ ទសកម្មបថវគ្គ ទី៣។

 

លេខយោង

1)
ស្មើគ្នា ប្រហែលគ្នា ប្រជុំគ្នា ជួបគ្នា ចូលចិត្តនឹងគ្នា ត្រូវជើងគ្នា កាត់រកគ្នា។
km/tipitaka/sut/sn/14/sut.sn.14.v03.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann