«គំនរនៃឆ្អឹងរបស់បុគ្គលម្នាក់ ចំនួនមួយកប្ប គំនរនោះប្រហែលគ្នានឹងភ្នំ …» ឪរ៉ាល់។
sn 15.010 បាលី cs-km: sut.sn.15.010 អដ្ឋកថា: sut.sn.15.010_att PTS: ?
(បុគ្គល)សូត្រ ទី១០
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(១០. បុគ្គលសុត្តំ)
[១០៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។
[១០៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន។បេ។ ម្នាលភិក្ខុទាំងឡាយ កាលដែលបុគ្គលម្នាក់ អន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់មួយកប្ប រាងឆ្អឹង ពំនូកឆ្អឹង គំនរឆ្អឹងយ៉ាងធំ ប្រហែលគ្នា នឹងភ្នំវេបុល្លៈនេះឯង ប្រសិនបើមានបុគ្គល អ្នកជញ្ជូនយកឆ្អឹងដែលគេគរទុក ក៏មិនគប្បីអស់ទៅឡើយ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន។បេ។ គួរជិនឆ្អន់។
[១១០] ព្រះមានព្រះភាគ ទ្រង់ត្រាស់សូត្រនេះរួចហើយ លុះព្រះសុគត ជាសាស្តាត្រាស់សូត្រនេះហើយ ទើបទ្រង់ត្រាស់ពាក្យនេះ តទៅទៀតថា
គំនរនៃឆ្អឹងរបស់បុគ្គលម្នាក់ ចំនួនមួយកប្ប គំនរនោះប្រហែលគ្នានឹងភ្នំ ព្រះពុទ្ធជាមហេសី បានត្រាស់ហើយដូច្នេះ ភ្នំវេបុល្លៈនេះ លោកពោលហើយថា ធំលើសលុបជាងភ្នំគិជ្ឈកូដ1) ទៀបក្រុងគិរិព្វជៈ (រាជគ្រឹះ) របស់អ្នកមគធៈទាំងឡាយ មួយទៀត បុគ្គលណាឃើញនូវអរិយសច្ច ដោយប្រាជ្ញាដ៏ប្រពៃ គឺទុក្ខ១ តណ្ហាដែលញុំាងទុក្ខឲ្យកើតឡើង១ ព្រះនិព្វាន ជាគ្រឿងប្រព្រឹត្តកន្លងនូវទុក្ខ១ អដ្ឋង្គិកមគ្គដ៏ប្រសើរ ជាសភាវៈឲ្យដល់នូវសេចក្តីស្ងប់រម្ងាប់នៃទុក្ខ១ បុគ្គលនោះ អន្ទោលទៅ កំណត់ត្រឹម៧ជាតិ ជាយ៉ាងយូរ រមែងធ្វើនូវទីបំផុតនៃសេចក្តីទុក្ខ ព្រោះអស់ទៅនៃសំយោជនៈទាំងពួង។
ចប់ សូត្រ ទី១០។
ចប់ តិណកដ្ឋវគ្គ ទី១។
ឧទ្ទាននៃតិណកដ្ឋវគ្គនោះ គឺ
ទ្រង់សំដែងប្រៀបដូចស្មៅ និងកំណាត់ឈើជាដើម១ ផែនដី១ ទឹកភ្នែក១ ទឹកដោះ១ ភ្នំ១ គ្រាប់ស្ពៃ១ សាវ័ក១ ស្ទឹងគង្គា១ ដំបង១ បុគ្គល១។