អ្នកអន្ទោលទៅ ត្រាច់រង្គាត់ទៅ កាត់ក្បាលដោយកាលជាអង្វែងនេះ ឈាមដែលហូរស្រក់ និងទឹកក្នុងមហាសមុទ្រទាំងបួន ទឹកទាំងពីរនោះទឹកណាអស់?
sn 15.013 បាលី cs-km: sut.sn.15.013 អដ្ឋកថា: sut.sn.15.013_att PTS: ?
(តិំសមត្ត)សូត្រ ទី៣
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
(៣. តិំសមត្តសុត្តំ)
[១១៣] ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ទៀបក្រុងរាជគ្រឹះ… គ្រានោះឯង បាវេយ្យកភិក្ខុ1) ប្រមាណ៣០រូប ជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គទាំងអស់ ជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គទាំងអស់ ជាអ្នកប្រព្រឹត្តបង្សុកូលិកធុតង្គទាំងអស់ ជាអ្នកប្រព្រឹត្តតេចីវរិកធុតង្គទាំងអស់ តែនៅមានសំយោជនធម៌ទាំងអស់គ្នា នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។
[១១៤] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ព្រះតំរិះយ៉ាងនេះថា បាវេយ្យកភិក្ខុប្រមាណ៣០រូបនេះ សុទ្ធតែជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គ សុទ្ធតែជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ សុទ្ធតែជាអ្នកប្រព្រឹត្តបង្សុកូលិកធុតង្គ សុទ្ធតែជាអ្នកប្រព្រឹត្តតេចីវរិកធុតង្គ តែនៅមានសំយោជនធម៌ទាំងអស់គ្នា បើដូច្នោះ គួរតែតថាគតសំដែងធម៌ដល់ភិក្ខុទាំងនេះ ដើម្បីធ្វើចិត្តភិក្ខុទាំងនោះ ឲ្យរួចចាកអាសវៈ ដោយមិនប្រកាន់ លើអាសនៈនេះឯង។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។
[១១៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ត្រូវគេកាត់ក្បាល ដោយកាលជាអង្វែងនេះ ឈាមដែលហូរស្រក់ និងទឹកក្នុងមហាសមុទ្រទាំង៤ តើបណ្តាទឹកទាំងពីរនោះ ទឹកណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ យល់ច្បាស់នូវធម៌ តាមដែលព្រះមានព្រះភាគ សំដែងហើយ បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំព្រះអង្គទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ត្រូវគេកាត់ក្បាលដោយកាលជាអង្វែងនេះ ឈាមដែលហូរស្រក់ទៅច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង៤ មិនច្រើនជាងឡើយ។
[១១៦] ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយយល់ច្បាស់នូវធម៌ តាមដែលតថាគត សំដែងហើយយ៉ាងនេះ ប្រពៃហើយ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ត្រូវគេកាត់ក្បាលដោយកាលជាអង្វែងនេះ ឈាមដែលហូរស្រក់ទៅច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង៤ មិនច្រើនជាងមែន។ ម្នាលភិក្ខុទាំងឡាយ កាលអ្នកទាំងឡាយកើតជាគោ មានសភាពជាគោ ត្រូវគេកាត់ក្បាលអស់កាលជាអង្វែង ឈាមដែលហូរស្រក់ទៅច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង៤ មិនច្រើនជាងឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ កើតជាក្របី មានសភាពជាក្របី ត្រូវគេកាត់ក្បាលអស់កាលជាអង្វែង ឈាមដែលហូរស្រក់ទៅច្រើនអនេក។ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ កើតជាចៀម មានសភាពជាចៀម អស់កាលជាអង្វែង។បេ។ កើតជាពពែ មានសភាពជាពពែ។បេ។ កើតជាម្រឹគ មានសភាពជាម្រឹគ។បេ។ កើតជាជ្រូក មានសភាពជាជ្រូក។បេ។ កើតជាមាន់ មានសភាពជាមាន់។បេ។ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ ត្រូវគេប្រចាប់ថាជាចោរ បៀតបៀនអ្នកស្រុក ហើយគេកាត់ក្បាល អស់កាលជាអង្វែង ឈាមដែលហូរស្រក់ទៅច្រើនអនេក។ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ ត្រូវគេប្រចាប់ថាជាចោរ ចាំស្ទាក់ក្បែរផ្លូវ អស់កាលជាអង្វែង។បេ។ កាលដែលអ្នកទាំងឡាយ ត្រូវគេប្រចាប់ថាជាចោរលួចប្រពន្ធគេ ហើយគេកាត់ក្បាល ឈាមដែលហូរស្រក់ទៅច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង៤ មិនមែនច្រើនជាងឡើយ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន។បេ។ គួរជិនឆ្អន់។
[១១៧] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់សូត្រនេះចប់ហើយ ពួកភិក្ខុនោះ ជាអ្នកមានសេចក្តីត្រេកអរ បានត្រេកអរចំពោះភាសិតរបស់ព្រះមានព្រះភាគ។ កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់វេយ្យាករណ៍នេះ ចិត្តរបស់បាវេយ្យកភិក្ខុប្រមាណ៣០រូប ក៏រួចស្រឡះចាកអាសវៈ ដោយការមិនប្រកាន់។
ចប់ សូត្រ ទី៣។