km:tipitaka:sut:sn:15:sut.sn.15.v01



តិណកដ្ឋវគ្គ ទី១

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 15.v01 បាលី cs-km: sut.sn.15.v01 អដ្ឋកថា: sut.sn.15.v01_att PTS: ?

តិណកដ្ឋវគ្គ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបសិកា វិឡា

(១. បឋមវគ្គោ)

(តិណកដ្ឋ)សូត្រ ទី១

(១. តិណកដ្ឋសុត្តំ)

[៨៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ។1)

[៩០] ម្នាលភិក្ខុទាំងឡាយ ដូចបុរសកាត់ស្មៅ កំណាត់ឈើ មែកឈើ ស្លឹកឈើ ក្នុងជម្ពូទ្វីបនេះ ហើយប្រមូលទុកក្នុងទីជាមួយគ្នា លុះប្រមូលទុកក្នុងទីជាមួយគ្នារួចហើយ ក៏ធ្វើខ្នាច់ប្រវែងបួនធ្នាប់ៗ ហើយតំកល់ទុកថា នេះទុកជាមាតារបស់អញ នេះទុកជាមាតានៃមាតារបស់អញ។ ម្នាលភិក្ខុទាំងឡាយ មាតាទាំងឡាយ របស់មាតានៃបុរសនោះ មិនអស់ឡើយ ឯស្មៅ កំណាត់ឈើ មែកឈើ និងស្លឹកឈើ ក្នុងជម្ពូទ្វីបនេះ គប្បីដល់នូវការអស់ទៅ ផុតទៅ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខ សេចក្តីព្រួយ សេចក្តីវិនាស ដែលសត្វទាំងនោះបានទទួលហើយ អស់កាលជាអង្វែង យ៉ាងនេះឯង ព្រៃខ្មោចក៏ចម្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ អ្នកទាំងឡាយ គួរនឿយណាយ គួរធុញទ្រាន់ គួរជិនឆ្អន់ ក្នុងសង្ខារទាំងពួង។

ចប់ សូត្រ ទី១។

(បថវី)សូត្រ ទី២

(២. បថវីសុត្តំ)

[៩១] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ។

[៩២] ម្នាលភិក្ខុទាំងឡាយ ដូចបុរសយកមហាប្រឹថពីនេះ មកសូនជាគុលិកាឲ្យប៉ុនៗគ្រាប់ក្របៅ ហើយតំកល់ទុកថា នេះជាបិតារបស់អញ នេះជាបិតានៃបិតារបស់អញ។ ម្នាលភិក្ខុទាំងឡាយ បិតាទាំងឡាយ របស់បិតានៃបុរសនោះ មិនអស់ឡើយ ឯមហាប្រឹថពីនេះ គប្បីដល់នូវការអស់ទៅ ផុតទៅ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខ សេចក្តីព្រួយ សេចក្តីវិនាស ដែលសត្វទាំងនោះបានទទួលហើយ អស់កាលជាអង្វែងយ៉ាងនេះឯង ព្រៃខ្មោចក៏ចម្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ អ្នកទាំងឡាយ គួរនឿយណាយ គួរធុញទ្រាន់ គួរជិនឆ្អន់ ក្នុងសង្ខារទាំងពួង។

ចប់ សូត្រ ទី២។

(អស្សុ)សូត្រ ទី៣

(៣. អស្សុសុត្តំ)

[៩៣] ទ្រង់គង់នៅក្នុងក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះថាដូចម្តេច គឺត្រង់ដែលអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ កន្ទក់កន្ទេញ ទួញ យំ ព្រោះជួបប្រទះនឹងរបស់ដែលមិនគាប់ចិត្ត ព្រាត់ប្រាសចាករបស់ដែលគាប់ចិត្ត ដោយកាលអង្វែងនេះ ទឹកភ្នែកដែលហូរស្រក់ ហើយនិងទឹកក្នុងមហាសមុទ្រទាំង៤ តើបណ្តាទឹកទាំងពីរនោះ ទឹកណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ យល់ច្បាស់នូវធម៌ តាមដែលព្រះមានព្រះភាគ សំដែងហើយ បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំព្រះអង្គទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ កន្ទក់កន្ទេញ ទួញ យំ ព្រោះជួបប្រទះនឹងរបស់ដែលមិនគាប់ចិត្ត ប្រាសចាករបស់ដែលគាប់ចិត្ត ដោយកាលជាអង្វែងនេះ ទឹកភ្នែកហូរស្រក់ទៅហើយ ច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង៤ មិនច្រើនជាងឡើយ។

[៩៤] ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់ច្បាស់នូវធម៌ តាមដែលតថាគតសំដែងហើយ យ៉ាងនេះ ប្រពៃហើយ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ កន្ទក់កន្ទេញ ទួញ យំ ព្រោះជួបប្រទះនឹងរបស់ដែលមិនគាប់ចិត្ត ព្រាត់ប្រាសចាករបស់ដែលគាប់ចិត្ត ដោយកាលអង្វែងនេះ ទឹកភ្នែកហូរស្រក់ទៅហើយ ច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង៤ មិនច្រើនជាងមែន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីស្លាប់របស់មាតា អ្នកទាំងឡាយបានទទួលរង អស់កាលអង្វែង កាលដែលអ្នកទាំងឡាយ ទទួលរងនូវសេចក្តីស្លាប់របស់មាតា កន្ទក់កន្ទេញ ទួញ យំ ព្រោះជួបប្រទះនឹងរបស់ដែលមិនគាប់ចិត្ត ព្រាត់ប្រាសចាករបស់ដែលគាប់ចិត្ត ទឹកភ្នែកហូរស្រក់ទៅ ច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង៤ មិនច្រើនជាងឡើយ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីស្លាប់របស់បិតា អ្នកទាំងឡាយបានទទួលរង អស់កាលអង្វែង… សេចក្តីស្លាប់របស់បងប្អូនប្រុស អ្នកទាំងឡាយបានទទួលរង… សេចក្តីស្លាប់របស់បងប្អូនស្រី អ្នកទាំងឡាយបានទទួលរង… សេចក្តីស្លាប់របស់កូនប្រុស អ្នកទាំងឡាយបានទទួលរង… សេចក្តីស្លាប់របស់កូនស្រី អ្នកទាំងឡាយបានទទួលរង… សេចក្តីវិនាសនៃញាតិ អ្នកទាំងឡាយបានទទួលរង… សេចក្តីវិនាសភោគៈ អ្នកទាំងឡាយបានទទួលរង… ម្នាលភិក្ខុទាំងឡាយ សេចក្តីវិនាសព្រោះរោគ អ្នកទាំងឡាយបានទទួលរង អស់កាលជាអង្វែង កាលដែលអ្នកទាំងឡាយ ទទួលរងនូវសេចក្តីវិនាសព្រោះរោគ កន្ទក់កន្ទេញ ទួញ យំ ព្រោះជួបប្រទះនឹងរបស់ដែលមិនគាប់ចិត្ត ព្រាត់ប្រាសចាករបស់ដែលគាប់ចិត្ត ទឹកភ្នែកហូរស្រក់ទៅ ច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង៤ មិនច្រើនជាងឡើយ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន។បេ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ អ្នកទាំងឡាយ គួរនឿយណាយ គួរធុញទ្រាន់ គួរជិនឆ្អន់ ក្នុងសង្ខារទាំងពួង ដោយពិត។

ចប់ សូត្រ ទី៣។

(ខីរ)សូត្រ ទី៤

(៤. ខីរសុត្តំ)

[៩៥] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច គឺត្រង់ដែលអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ដោយកាលជាអង្វែងនេះ បានផឹកនូវទឹកដោះនៃមាតា និងទឹកក្នុងមហាសមុទ្រទាំង៤ តើបណ្តាទឹកទាំងពីរនោះ ទឹកណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ យល់ច្បាស់នូវធម៌ តាមដែលព្រះមានព្រះភាគ សំដែងហើយ បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំព្រះអង្គទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ដោយកាលជាអង្វែងនេះ បានផឹកទឹកដោះមាតាច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង៤ មិនច្រើនជាងឡើយ។

[៩៦] ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់ច្បាស់នូវធម៌ តាមដែលតថាគត សំដែងហើយ យ៉ាងនេះ ប្រពៃហើយ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ដោយកាលជាអង្វែងនេះ បានផឹកទឹកដោះរបស់មាតា ច្រើនអនេកពិត ឯទឹកក្នុងមហាសមុទ្រទាំង៤ មិនច្រើនជាងមែន សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន។បេ។ អ្នកទាំងឡាយ គួរជិនឆ្អន់។

ចប់ សូត្រ ទី៤។

(បព្វត)សូត្រ ទី៥

(៥. បព្វតសុត្តំ)

[៩៧] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… គ្រានោះឯង មានភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ។បេ។ លុះភិក្ខុនោះអង្គុយ ក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន កប្បមានកាលវែងប៉ុន្មាន។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ កប្បមានកាលវែងណាស់ កប្បនោះ មិនងាយនឹងរាប់ថា ប៉ុណ្ណេះឆ្នាំ ឬថាប៉ុណ្ណេះរយឆ្នាំ ថាប៉ុណ្ណេះពាន់ឆ្នាំ ឬថាប៉ុណ្ណេះសែនឆ្នាំ បានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គអាចធ្វើពាក្យឧបមាបានឬទេ។

[៩៨] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អាចធ្វើបាន ហើយទ្រង់ត្រាស់ តទៅទៀតថា ម្នាលភិក្ខុ ដូចភ្នំថ្មសុទ្ធដ៏ធំ បណ្តោយមួយយោជន៍ ទទឹងមួយយោជន៍ កំពស់ក៏មួយយោជន៍ មិនធ្លុះ មិនមានប្រហោង ជាភ្នំតាន់ កន្លងមួយរយឆ្នាំៗទៅ មានបុរសយកសំពត់កាសិក មកបោសភ្នំនោះម្តងៗ ម្នាលភិក្ខុ ភ្នំថ្មសុទ្ធដ៏ធំនោះ គប្បីដល់នូវការអស់ទៅ រេចទៅ ដោយសេចក្តីព្យាយាមនេះឆាប់ជាង ឯកប្បមិនទាន់អស់ទៅឡើយ ម្នាលភិក្ខុ កប្បមានកាលវែង យ៉ាងនេះឯង។ ម្នាលភិក្ខុ បណ្តាកប្បដែលមានកាលវែង យ៉ាងនេះ សូម្បីកប្បមួយក៏រាប់មិនបាន កប្បមួយរយក៏រាប់មិនបាន កប្បមួយពាន់ក៏រាប់មិនបាន កប្បមួយសែនក៏រាប់មិនបាន សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុ ព្រោះសង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន។បេ។ ម្នាលភិក្ខុ ហេតុនេះ អ្នកទាំងឡាយ គួរនឿយណាយ គួរធុញទ្រាន់ គួរជិនឆ្អន់ ក្នុងសង្ខារទាំងពួង។

ចប់ សូត្រ ទី៥។

(សាសប)សូត្រ ទី៦

(៦. សាសបសុត្តំ)

[៩៩] ទ្រង់គង់នៅជិតក្រុងសាវត្ថី… គ្រានោះឯង ភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះភិក្ខុនោះអង្គុយ ក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កប្បមានកាលវែងប៉ុន្មាន។ ម្នាលភិក្ខុ កប្បមានកាលវែងណាស់ កប្បនោះ មិនងាយនឹងរាប់ថា ប៉ុណ្ណេះឆ្នាំ។បេ។ ឬថាប៉ុណ្ណេះសែនឆ្នាំ បានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គអាចធ្វើពាក្យឧបមាបានឬទេ។

[១០០] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អាចធ្វើបាន ហើយទ្រង់ត្រាស់ តទៅទៀតថា ម្នាលភិក្ខុ ដូចនគរដែលព័ទ្ធដោយកំពែង បណ្តោយមួយយោជន៍ ទទឹងមួយយោជន៍ កំពស់មួយយោជន៍ ពេញដោយគ្រាប់ស្ពៃ ជានគរគេបិទភ្ជាប់ ដោយដុំដីស្អិត កន្លងមួយរយឆ្នាំៗទៅ មានបុរសទៅរើសយកគ្រាប់ស្ពៃមួយគ្រាប់ៗ អំពីនគរនោះ ម្នាលភិក្ខុ គំនរគ្រាប់ស្ពៃដ៏ធំនោះ គប្បីដល់នូវការអស់ទៅ រលីងទៅ ដោយសេចក្តីព្យាយាមនេះឆាប់ជាង ឯកប្បមិនទាន់អស់ទៅឡើយ ម្នាលភិក្ខុ កប្បមានកាលវែង យ៉ាងនេះឯង។ ម្នាលភិក្ខុ បណ្តាកប្បដែលមានកាលវែង យ៉ាងនេះ សូម្បីកប្បមួយក៏រាប់មិនបាន កប្បមួយរយក៏រាប់មិនបាន កប្បមួយពាន់ក៏រាប់មិនបាន កប្បមួយសែនក៏រាប់មិនបាន សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុ ព្រោះសង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន។បេ។ គួរជិនឆ្អន់។

ចប់ សូត្រ ទី៦។

(សាវក)សូត្រ ទី៧

(៧. សាវកសុត្តំ)

[១០១] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… គ្រានោះឯង ភិក្ខុច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះភិក្ខុទាំងនោះអង្គុយ ក្នុងទីសមគួរហើយ បានក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កប្បដែលកន្លងរំលងទៅហើយ មានចំនួនច្រើនប៉ុន្មាន។ ម្នាលភិក្ខុទាំងឡាយ កប្បដែលកន្លងរំលងទៅហើយ មានចំនួនច្រើនណាស់ កប្បទាំងនោះ មិនងាយនឹងរាប់ថា ប៉ុណ្ណេះកប្ប ឬថាប៉ុណ្ណេះរយកប្ប ថាប៉ុណ្ណេះពាន់កប្ប ឬថា ប៉ុណ្ណេះសែនកប្ប បានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គអាចធ្វើពាក្យឧបមាបានឬទេ។

[១០២] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាចធ្វើបាន ហើយទ្រង់ត្រាស់ តទៅទៀតថា ម្នាលភិក្ខុទាំងឡាយ ប្រសិនបើសាវ័ក៤រូប ក្នុងសាសនានេះ មានអាយុមួយរយឆ្នាំ រស់នៅមួយរយឆ្នាំ បើសាវ័កទាំងនោះ រឭកបានមួយសែនកប្ប ម្នាក់ៗ រាល់ៗថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ សាវ័កទាំងនោះ ក៏មិនអាចនឹងរឭកកប្បឲ្យអស់បានឡើយ។ គ្រានោះឯង សាវ័កទាំង៤របស់តថាគត មានអាយុមួយរយឆ្នាំ រស់នៅមួយរយឆ្នាំ កន្លងទៅមួយរយឆ្នាំ ម្នាក់ៗ នឹងធ្វើមរណកាលទៅ។ ម្នាលភិក្ខុទាំងឡាយ កប្បដែលកន្លងរំលងទៅ មានចំនួនច្រើនយ៉ាងនេះឯង កប្បទាំងនោះ មិនងាយនឹងរាប់ថា ប៉ុណ្ណេះកប្ប ឬថាប៉ុណ្ណេះរយកប្ប ថាប៉ុណ្ណេះពាន់កប្ប ឬថាប៉ុណ្ណេះសែនកប្បបានឡើយ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន។បេ។ គួរជិនឆ្អន់។

ចប់ សូត្រ ទី៧។

(គង្គា)សូត្រ ទី៨

(៨. គង្គាសុត្តំ)

[១០៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង ព្រាហ្មណ៍ម្នាក់ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះព្រាហ្មណ៍នោះអង្គុយក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន កប្បដែលកន្លងរំលងទៅ មានចំនួនច្រើនប៉ុន្មាន។ ម្នាលព្រាហ្មណ៍ កប្បដែលកន្លងរំលងទៅ មានចំនួនច្រើនណាស់ កប្បទាំងនោះ មិនងាយនឹងរាប់ថា ប៉ុណ្ណេះកប្ប ឬថាប៉ុណ្ណេះរយកប្ប ថាប៉ុណ្ណេះពាន់កប្ប ឬថាប៉ុណ្ណេះសែនកប្បបានឡើយ។ បពិត្រព្រះគោតមដ៏ចំរើន ចុះព្រះអង្គអាចធ្វើពាក្យឧបមាបានឬទេ។

[១០៤] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ អាចធ្វើបាន ហើយទ្រង់ត្រាស់តទៅទៀតថា ម្នាលព្រាហ្មណ៍ ដូចជាចាប់ដើមតាំងពីស្ទឹងគង្គានេះកើតមានមក តែងហូរទៅកាន់មហាសមុទ្រក្នុងចន្លោះណា គ្រាប់ខ្សាច់ណាដែលមានក្នុងចន្លោះនុ៎ះ គ្រាប់ខ្សាច់នោះ មិនងាយនឹងរាប់ថា ប៉ុណ្ណេះគ្រាប់ខ្សាច់ ឬថាប៉ុណ្ណេះរយគ្រាប់ខ្សាច់ ថាប៉ុណ្ណេះពាន់គ្រាប់ខ្សាច់ ឬថាប៉ុណ្ណេះសែនគ្រាប់ខ្សាច់។ ម្នាលព្រាហ្មណ៍ កប្បដែលកន្លងរំលងទៅហើយ ច្រើនជាងគ្រាប់ខ្សាច់នោះឯង កប្បនោះ មិនងាយនឹងរាប់ថា ប៉ុណ្ណេះកប្ប ឬថាប៉ុណ្ណេះរយកប្ប ថាប៉ុណ្ណេះពាន់កប្ប ឬថាប៉ុណ្ណេះសែនកប្ប សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលព្រាហ្មណ៍ ព្រោះសង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ ម្នាលព្រាហ្មណ៍ សេចក្តីទុក្ខ សេចក្តីព្រួយ សេចក្តីវិនាស សត្វទាំងនោះ ទទួលរងហើយ អស់កាលជាអង្វែងយ៉ាងនេះ ព្រៃខ្មោចក៏ចម្រើនឡើង។ ម្នាលព្រាហ្មណ៍ ហេតុនេះ អ្នកទាំងឡាយ គួរនឿយណាយ គួរធុញទ្រាន់ គួរជិនឆ្អន់ ក្នុងសង្ខារទាំងពួង។

[១០៥] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រាហ្មណ៍នោះ ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណៈស្មើដោយជីវិត ចាប់ដើមតាំងពីថ្ងៃនេះតទៅ។

ចប់ សូត្រ ទី៨។

(ទណ្ឌ)សូត្រ ទី៩

(៩. ទណ្ឌសុត្តំ)

[១០៦] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាគ្រឿងប្រកបផ្សំ អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ។បេ។

[១០៧] ម្នាលភិក្ខុទាំងឡាយ ដូចជាដំបងដែលគេចោលទៅឰដ៏អាកាសខាងលើ ចួនកាលក៏ធ្លាក់ចុះខាងគល់មកមុន ចួនកាលក៏ធ្លាក់ចុះត្រង់កណ្តាលមកមុន ចួនកាលក៏ធ្លាក់ចុះខាងចុងមកមុន ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយដែលមានអវិជ្ចាជារនាំង មានតណ្ហាជាគ្រឿងប្រកបផ្សំ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ចួនកាលក៏ចេញអំពីលោកនេះ ទៅកាន់លោកខាងមុខ ចួនកាលក៏ចេញអំពីលោកខាងមុខ មកកាន់លោកនេះវិញ យ៉ាងនោះឯង សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន។បេ។ គួរជិនឆ្អន់។

ចប់ សូត្រ ទី៩។

(បុគ្គល)សូត្រ ទី១០

(១០. បុគ្គលសុត្តំ)

[១០៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។

[១០៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន។បេ។ ម្នាលភិក្ខុទាំងឡាយ កាលដែលបុគ្គលម្នាក់ អន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់មួយកប្ប រាងឆ្អឹង ពំនូកឆ្អឹង គំនរឆ្អឹងយ៉ាងធំ ប្រហែលគ្នា នឹងភ្នំវេបុល្លៈនេះឯង ប្រសិនបើមានបុគ្គល អ្នកជញ្ជូនយកឆ្អឹងដែលគេគរទុក ក៏មិនគប្បីអស់ទៅឡើយ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន។បេ។ គួរជិនឆ្អន់។

[១១០] ព្រះមានព្រះភាគ ទ្រង់ត្រាស់សូត្រនេះរួចហើយ លុះព្រះសុគត ជាសាស្តាត្រាស់សូត្រនេះហើយ ទើបទ្រង់ត្រាស់ពាក្យនេះ តទៅទៀតថា

គំនរនៃឆ្អឹងរបស់បុគ្គលម្នាក់ ចំនួនមួយកប្ប គំនរនោះប្រហែលគ្នានឹងភ្នំ ព្រះពុទ្ធជាមហេសី បានត្រាស់ហើយដូច្នេះ ភ្នំវេបុល្លៈនេះ លោកពោលហើយថា ធំលើសលុបជាងភ្នំគិជ្ឈកូដ2) ទៀបក្រុងគិរិព្វជៈ (រាជគ្រឹះ) របស់អ្នកមគធៈទាំងឡាយ មួយទៀត បុគ្គលណាឃើញនូវអរិយសច្ច ដោយប្រាជ្ញាដ៏ប្រពៃ គឺទុក្ខ១ តណ្ហាដែលញុំាងទុក្ខឲ្យកើតឡើង១ ព្រះនិព្វាន ជាគ្រឿងប្រព្រឹត្តកន្លងនូវទុក្ខ១ អដ្ឋង្គិកមគ្គដ៏ប្រសើរ ជាសភាវៈឲ្យដល់នូវសេចក្តីស្ងប់រម្ងាប់នៃទុក្ខ១ បុគ្គលនោះ អន្ទោលទៅ កំណត់ត្រឹម៧ជាតិ ជាយ៉ាងយូរ រមែងធ្វើនូវទីបំផុតនៃសេចក្តីទុក្ខ ព្រោះអស់ទៅនៃសំយោជនៈទាំងពួង។

ចប់ សូត្រ ទី១០។

ចប់ តិណកដ្ឋវគ្គ ទី១។

ឧទ្ទាននៃតិណកដ្ឋវគ្គនោះ គឺ

ទ្រង់សំដែងប្រៀបដូចស្មៅ និងកំណាត់ឈើជាដើម១ ផែនដី១ ទឹកភ្នែក១ ទឹកដោះ១ ភ្នំ១ គ្រាប់ស្ពៃ១ សាវ័ក១ ស្ទឹងគង្គា១ ដំបង១ បុគ្គល១។

 

លេខយោង

1)
ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដទេ ប៉ុន្តែអដ្ឋកថា ប្រាប់ថា សូម្បីទីបំផុតខាងចុង ក៏មិនប្រាកដដែរ។
2)
ភ្នំវេបុល្លៈនេះ ឋិតនៅខាងជើងនៃភ្នំគិជ្ឈកូដ។ អដ្ឋកថា។
km/tipitaka/sut/sn/15/sut.sn.15.v01.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann