km:tipitaka:sut:sn:16:sut.sn.16.003



(ចន្ទូបម)សូត្រ ទី៣

សង្ខេប

អ្នក​ចេះ​សេព​​គប់​ជាមួយ​ត្រកូល​នីមួយៗបរិសុទ្ធ​ដូចជា​ព្រះច័ន្ទ។

sn 16.003 បាលី cs-km: sut.sn.16.003 អដ្ឋកថា: sut.sn.16.003_att PTS: ?

(ចន្ទូបម)សូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៣. ចន្ទូបមសុត្តំ)

[១៣៨] ព្រះមានព្រះភាគ គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មានឧបមាដូចជាព្រះចន្ទ1) ចូរដកកាយ ដកចិត្តចេញ ធ្វើដូចជាអាគន្តុកភិក្ខុ មិនឃ្នើសឃ្នង ក្នុងត្រកូលទាំងឡាយ ហើយចូលទៅកាន់ត្រកូលចុះ។ ម្នាលភិក្ខុទាំងឡាយ បុរសក្រឡេកមើលនូវរណ្តៅចាស់ក្តី នូវទីដែលមិនរាបស្មើក្នុងភ្នំក្តី នូវទីដែលឆ្លងបានដោយលំបាកក្នុងស្ទឹងក្តី តែងដកកាយ ដកចិត្តចេញ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មានឧបមាដូចជាព្រះចន្ទ ចូរដកកាយ ដកចិត្តចេញ ធ្វើដូចជាអាគន្តុកភិក្ខុ មិនឃ្នើសឃ្នង ក្នុងត្រកូលទាំងឡាយ ហើយចូលទៅកាន់ត្រកូលចុះ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ កស្សបមានឧបមាដូចព្រះចន្ទ តែងដកកាយ ដកចិត្តចេញ ធ្វើដូចជាអាគន្តុកភិក្ខុ មិនឃ្នើសឃ្នង ក្នុងត្រកូលទាំងឡាយ ហើយចូលទៅកាន់ត្រកូល។

[១៣៩] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់ហេតុនោះដូចម្តេច ភិក្ខុមានសភាពដូចម្តេច ដែលគួរចូលទៅកាន់ត្រកូលទាំងឡាយបាន។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយរបស់ពួកខ្ញុំព្រះអង្គ សឹងមានព្រះមានព្រះភាគជាឫស មានព្រះមានព្រះភាគ ជាអ្នកណែនាំ មានព្រះមានព្រះភាគ ជាទីពឹងអាស្រ័យ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ព្រះមេត្តាប្រោស បំភ្លឺសេចក្តីនៃភាសិតនុ៎ះ ឲ្យទាន ពួកភិក្ខុបានស្តាប់ព្រះមានព្រះភាគហើយ នឹងបានចងចាំទុក។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់លើកព្រះហស្តទៅក្នុងអាកាស ហើយធ្វើឲ្យញ័រ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បាតដៃនេះ មិនជាប់ មិនចំពាក់ មិនស្អិត លើអាកាស យ៉ាងណា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមួយ ចូលទៅកាន់ត្រកូលទាំងឡាយហើយ មានចិត្តមិនជាប់ មិនចំពាក់ មិនស្អិតក្នុងត្រកូលទាំងឡាយ ដោយគិតថា ពួកជនដែលប្រាថ្នាលាភ ចូរឲ្យបាននូវលាភចុះ ពួកជនប្រាថ្នាបុណ្យ ចូរធ្វើបុណ្យចុះ យ៉ាងនោះឯង បុគ្គលជាអ្នកពេញចិត្ត មានចិត្តល្អ ដោយលាភរបស់ខ្លួន យ៉ាងណា បុគ្គលជាអ្នកពេញចិត្ត មានចិត្តល្អ ដោយលាភរបស់ពួកជនដទៃ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបែបនេះ ទើបគួរចូលទៅកាន់ត្រកូលទាំងឡាយបាន។ ម្នាលភិក្ខុទាំងឡាយ កាលកស្សបភិក្ខុ ចូលទៅកាន់ត្រកូលទាំងឡាយ មានចិត្តមិនជាប់ មិនចំពាក់ មិនស្អិត ក្នុងត្រកូលទាំងឡាយ ដោយគិតថា ពួកជនប្រាថ្នាលាភ ចូរបានលាភចុះ ពួកជនប្រាថ្នាបុណ្យ ចូរធ្វើនូវបុណ្យចុះ ជនជាអ្នកពេញចិត្ត មានចិត្តល្អ ដោយលាភរបស់ខ្លួន យ៉ាងណា បុគ្គលជាអ្នកពេញចិត្ត មានចិត្តល្អ ដោយលាភរបស់ពួកបុគ្គលដទៃ យ៉ាងនោះដែរ។

[១៤០] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់ហេតុនោះដូចម្តេច ធម្មទេសនា របស់ភិក្ខុបែបណា ដែលមិនបរិសុទ្ធ ធម្មទេសនា របស់ភិក្ខុបែបណា ដែលបរិសុទ្ធ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់ពួកខ្ញុំព្រះអង្គ សឹងមានព្រះមានព្រះភាគជាឫស មានព្រះមានព្រះភាគ ជាអ្នកណែនាំ មានព្រះមានព្រះភាគ ជាទីពឹងអាស្រ័យ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ព្រះមេត្តាប្រោស សំដែងសេចក្តី នៃភាសិតនុ៎ះ ឲ្យទាន ពួកភិក្ខុបានស្តាប់ព្រះមានព្រះភាគហើយ នឹងបានចងចាំទុក។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណានីមួយ តាំងចិត្តយ៉ាងនេះថា អើហ្ន៎ ពួកជន គប្បីស្តាប់ធម៌របស់អាត្មាអញ លុះស្តាប់រួចហើយ ជ្រះថ្លាចំពោះធម៌ លុះជ្រះថ្លាពិតហើយ គប្បីធ្វើនូវអាការជ្រះថ្លា ចំពោះអាត្មាអញទៀត ហើយក៏សំដែងធម៌ ដល់ពួកជនដទៃ។ ម្នាលភិក្ខុទាំងឡាយ ធម្មទេសនារបស់ភិក្ខុបែបនេះ ឈ្មោះថា មិនបរិសុទ្ធទេ។ ម្នាលភិក្ខុទាំងឡាយ លុះតែភិក្ខុណា តាំងចិត្តយ៉ាងនេះថា ព្រះធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃ ជាធម៌ ដែលអ្នកប្រាជ្ញ គប្បីឃើញច្បាស់ ដោយខ្លួនឯង ជាធម៌ឲ្យផល មិនរង់ចាំកាល ជាធម៌មានអាការដូចជាហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន ជាធម៌គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលអ្នកប្រាជ្ញទាំងឡាយ គប្បីដឹងចំពោះខ្លួន អើហ្ន៎ ពួកជនដទៃ គប្បីស្តាប់ធម៌របស់អាត្មាអញ លុះស្តាប់រួចហើយ គប្បីដឹងច្បាស់នូវធម៌ លុះដឹងច្បាស់នូវធម៌ហើយ គប្បីប្រតិបត្តិតាមបែបនោះ ហើយក៏សំដែងធម៌ ដល់ពួកជនដទៃ ភិក្ខុសំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យនូវភាពនៃធម៌ជាធម៌ល្អ សំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យសេចក្តីករុណា សំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យសេចក្តីអាណិត សំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យសេចក្តីអនុគ្រោះ ដូចសំដែងមកនេះឯង។ ម្នាលភិក្ខុទាំងឡាយ ធម្មទេសនារបស់ភិក្ខុបែបនេះ ទើបឈ្មោះថា បរិសុទ្ធ។

[១៤១] ម្នាលភិក្ខុទាំងឡាយ កស្សបភិក្ខុតាំងចិត្តយ៉ាងនេះថា ព្រះធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃ ជាធម៌ ដែលអ្នកប្រាជ្ញ គប្បីឃើញច្បាស់ ដោយខ្លួនឯង ជាធម៌ឲ្យផល មិនរង់ចាំកាល ជាធម៌មានអាការដូចជាហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន ជាធម៌គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលអ្នកប្រាជ្ញទាំងឡាយ គប្បីដឹងចំពោះខ្លួន អើហ្ន៎ ពួកជនដទៃ គប្បីស្តាប់ធម៌របស់អាត្មាអញ លុះស្តាប់រួចហើយ គប្បីដឹងច្បាស់នូវធម៌ លុះដឹងច្បាស់ហើយ គប្បីប្រតិបត្តិតាមបែបនោះ ហើយក៏សំដែងធម៌ ដល់ពួកជនដទៃ កស្សបភិក្ខុ រមែងសំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យនូវភាពនៃធម៌ជាធម៌ល្អ សំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យសេចក្តីករុណា សំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យសេចក្តីអាណិត សំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យសេចក្តីអនុគ្រោះ ដូចសំដែងមកនេះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងទូន្មានអ្នកទាំងឡាយ តាមបែបកស្សបភិក្ខុ ឬក៏តាមបែបភិក្ខុណា ដែលប្រហែលនឹងកស្សបភិក្ខុ អ្នកទាំងឡាយ ដែលតថាគត ទូន្មានហើយ គប្បីប្រតិបត្តិតាមបែបនោះចុះ។

ចប់ សូត្រ ទី៣។

 

លេខយោង

1)
ភិក្ខុប្រព្រឹត្តខ្លួនដូចជាព្រះចន្ទ ហើយចូលទៅកាន់ត្រកូលនោះ គឺមិនរើសមុខថា ក្សត្រិយ៍ ឬព្រាហ្មណ៍ជាដើម ដូចព្រះចន្ទដែលផ្សាយរស្មីមិនរើសមុខសត្វណាមួយឡើយ។
km/tipitaka/sut/sn/16/sut.sn.16.003.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann