km:tipitaka:sut:sn:17:sut.sn.17.003



(កុម្ម)សូត្រ ទី៣

សង្ខេប

សត្វ​អណ្តើក​ជាប់​​ខ្សែសន្ទូច​ព្រាន​ក្រុម​គ្រួសារ​មិនចង់​ទទួល​ទៀត​ទេ។

sn 17.003 បាលី cs-km: sut.sn.17.003 អដ្ឋកថា: sut.sn.17.003_att PTS: ?

(កុម្ម)សូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ ខេមានន្ទ

(៣. កុម្មសុត្តំ)

[២១០] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង។

[២១១] ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកហើយថា មានត្រកូលនៃសត្វអណ្តើកធំ អាស្រ័យនៅជាយូរអង្វែងមកហើយ ក្នុងអន្លង់ទឹកមួយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ អណ្តើកមួយ ចូលទៅរកអណ្តើកមួយទៀត ហើយក៏ពោលទៅនឹងអណ្តើកមួយ (នោះ) ដូច្នេះថា នែបងអណ្តើក បងឯងកុំទៅកាន់ប្រទេសនុ៎ះឡើយ។ ម្នាលភិក្ខុទាំងឡាយ អណ្តើកនោះ បានទៅកាន់ប្រទេសនោះ ព្រានក៏ចាប់អណ្តើកនោះដោយមូល។1) ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ អណ្តើកនោះចូលទៅរកអណ្តើក (ដែលឃាត់) នោះ។ ម្នាលភិក្ខុទាំងឡាយ អណ្តើកនោះ បានឃើញអណ្តើកនោះមកអំពីចម្ងាយ លុះឃើញហើយ ក៏ពោលទៅនឹងអណ្តើកនោះ ដូច្នេះថា នែបងអណ្តើក បងឯងមិនបានទៅកាន់ប្រទេសនោះទេឬ។ អណ្តើកនោះឆ្លើយថា នែបងអណ្តើក ខ្ញុំបានទៅកាន់ប្រទេសនោះហើយ។ នែបងអណ្តើក បងឯងមិនត្រូវគេបៀតបៀន មិនត្រូវគេប្រហារទេឬ។ នែបងអណ្តើក ខ្ញុំមិនត្រូវគេបៀតបៀន មិនត្រូវគេប្រហារទេ គ្រាន់តែមានខ្សែនេះ ជាប់តាមអំពីក្រោយខ្នងខ្ញុំប៉ុណ្ណោះ។ នែបងអណ្តើក អើនោះហើយ ហៅថា ត្រូវគេបៀតបៀន អើនោះហើយ ហៅថា ត្រូវគេប្រហារ នែបងអណ្តើក មាតាបិតាក្តី ជីដូនជីតាក្តី របស់បងឯង ដល់នូវសេចក្តីទុក្ខ ដល់នូវសេចក្តីវិនាស ដោយខ្សែនុ៎ះឯង នែបងអណ្តើក ឥឡូវនេះ បងឯងចូរទៅចុះ ឥឡូវនេះ បងឯងមិនមែនដូចយើងទេ។

[២១២] ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្រាន នុ៎ះ ជាឈ្មោះនៃមារចិត្តបាប។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា មូល នុ៎ះ ជាឈ្មោះនៃលាភសក្ការៈ និងសេចក្តីសរសើរ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ខ្សែ នុ៎ះ ជាឈ្មោះនៃនន្ទរាគ (តម្រេកដោយសេចក្តីត្រេកត្រអាល)។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណានីមួយ ត្រេកអរ ត្រូវការនូវលាភសក្ការៈ និងសេចក្តីសរសើរ ដែលកើតឡើងហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា អ្នកដល់នូវសេចក្តីទុក្ខ ដល់នូវសេចក្តីវិនាស ត្រូវតាមអំពើដោយបំណងរបស់មារចិត្តបាប។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី៣។

 

លេខយោង

1)
ជាឈ្មោះគ្រឿងប្រហារសត្វមួយយ៉ាង ផ្លែវាធ្វើដោយដែកស្រួច បញ្ចូលដងទៅក្នុងមៀន សម្រាប់កាន់ពួយ មានខ្សែ១វែងចងផ្លែ កាលបើចាក់សត្វទៅហើយ ដងនោះរបូតចេញអំពីផ្លែទៅ នៅជាប់តែខ្សែទៅជាមួយនឹងផ្លែ (អដ្ឋកថា)។
km/tipitaka/sut/sn/17/sut.sn.17.003.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann