km:tipitaka:sut:sn:17:sut.sn.17.005



(មីឡ្ហក)សូត្រ ទី៥

សង្ខេប

សត្វ​កំពោង​​មិន​ដែល​ដឹង​ថា​ខ្លួន​កំពុង​សុី​លាមក។

sn 17.005 បាលី cs-km: sut.sn.17.005 អដ្ឋកថា: sut.sn.17.005_att PTS: ?

(មីឡ្ហក)សូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(៥. មីឡ្ហកសុត្តំ)

[២១៥] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង។

[២១៦] ម្នាលភិក្ខុទាំងឡាយ ដូចសត្វកំពោង1) ទំពាស៊ីនូវលាមក ខាងក្នុងខ្លួនពេញដោយលាមក បរិបូណ៌ដោយលាមក មានគំនរនៃលាមកធំពីខាងមុខ សត្វកំពោងនោះ ក៏មើលងាយសត្វកំពោងដទៃ ដោយហេតុនោះថា អាត្មាអញ ទំពាស៊ីលាមក ខាងក្នុងខ្លួនពេញដោយលាមក បរិបូណ៌ដោយលាមក នេះជាគំនរនៃលាមកដ៏ធំពីខាងមុខអាត្មាអញ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរ គ្របសង្កត់ រួបរឹតចិត្ត ក៏ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ហើយចូលទៅកាន់ស្រុកក្តី និគមក្តី ដើម្បីបិណ្ឌបាត ភិក្ខុនោះ ក៏បរិភោគភត្តក្នុងទីនោះ ដរាបដល់ឆ្អែតផង មានគេនិមន្តដើម្បីឆាន់ក្នុងថ្ងៃស្អែកផង ចង្ហាន់បិណ្ឌបាត ក៏មានពោរពេញ ភិក្ខុនោះទៅកាន់អារាមវិញ ពោលអួតកណ្តាលពពួកនៃភិក្ខុថា ខ្ញុំបានបរិភោគភត្ត ដរាបដល់ឆ្អែតផង មានគេនិមន្តដើម្បីឆាន់ក្នុងថ្ងៃស្អែកផង នេះជាចង្ហាន់បិណ្ឌបាត ដ៏ពោរពេញ របស់ខ្ញុំផង ខ្ញុំជាបុគ្គលបាននូវចីវរ បិណ្ឌបាត សេនាសនៈ និងគ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យដល់អ្នកជម្ងឺផង ពួកភិក្ខុដទៃទាំងអម្បាលនេះ មានបុណ្យតិច ស័ក្តិតូច មិនបាននូវចីវរ បិណ្ឌបាត សេនាសនៈ និងគ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យដល់អ្នកជម្ងឺទេ។ ភិក្ខុនោះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរនោះ គ្របសង្កត់ រួបរឹតចិត្ត តែងមើលងាយនូវពួកភិក្ខុឯទៀត ដែលមានសីលជាទីស្រឡាញ់ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ អំពើនោះឯង ជាអំពើប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលដ៏វែង ដល់មោឃបុរសនោះ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី៥។

 

លេខយោង

1)
ឈ្មោះសត្វតូចៗមួយយ៉ាង ស្រដៀងគ្នានឹងកញ្ចែ មានស្លាបពីរជាន់ ច្រើនត្បុលលញ់លាមក។
km/tipitaka/sut/sn/17/sut.sn.17.005.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann