km:tipitaka:sut:sn:17:sut.sn.17.010



(សគាថក)សូត្រ ទី១០

សង្ខេប

អ្នក​បាន​ឈាន​មិន​ព្រួយបារម្ភពីសក្ការៈ​និង​អសក្ការៈ​ទៀត​ទេ។​

sn 17.010 បាលី cs-km: sut.sn.17.010 អដ្ឋកថា: sut.sn.17.010_att PTS: ?

(សគាថក)សូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(១០. សគាថកសុត្តំ)

[២២៥] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង។

[២២៦] ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគត ឃើញបុគ្គលពួកខ្លះ ត្រូវគ្រឿងសក្ការៈគ្របសង្កត់ រួបរឹតចិត្ត លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ តែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ក្នុងលោកនេះ តថាគត ឃើញបុគ្គលពួកខ្លះ ត្រូវអសក្ការៈ1) គ្របសង្កត់ រួបរឹតចិត្ត លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ តែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគត ឃើញបុគ្គលពួកខ្លះ ត្រូវគ្រឿងសក្ការៈផង អសក្ការៈផង ទាំងពីរនោះ គ្របសង្កត់ រួបរឹតចិត្ត លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ តែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

[២២៧] ព្រះមានព្រះភាគ បានត្រាស់សម្តែងសូត្រនេះ លុះព្រះសុគត ជាសាស្តា បានសម្តែងសូត្រនេះចប់ហើយ ក៏ទ្រង់ពោលនូវគាថាព័ន្ធ ដូច្នេះ តទៅទៀតថា

សមាធិ របស់បុគ្គលណា ដែលមានប្រក្រតីនៅដោយផលសមាធិ ប្រមាណមិនបាន រមែងមិនញាប់ញ័រដោយសក្ការៈផង ដោយអសក្ការៈផង ដោយសក្ការៈ និងអសក្ការៈទាំងពីរផង អ្នកប្រាជ្ញទាំងឡាយ រមែងពោលនូវបុគ្គលនោះ ដែលជាអ្នកពិនិត្យ មានព្យាយាមជាប់តគ្នា ជាអ្នកឃើញច្បាស់ ដោយទិដ្ឋិដ៏សុខុម ត្រេកអរចំពោះព្រះនិព្វាន ជាទីក្ស័យនៃឧបាទាន ថាជាសប្បុរស។

ចប់សូត្រទី១០។

ចប់ សុទ្ធកវគ្គ ទី

ឧទ្ទាននៃសុទ្ធកវគ្គនោះគឺ

និយាយអំពីលាភសក្ការៈ និងសេចក្តីសរសើរសុទ្ធ១ និយាយអំពីលាភសក្ការៈ និងសេចក្តីសរសើរប្រៀបដោយផ្លែសន្ទូច១ ប្រៀបដោយមូលចាក់សត្វអណ្តើក១ ប្រៀបដោយមេចៀមមានរោមវែង (ប្រៀបដោយសត្វកំពោងបានដុំលាមក១) ប្រៀបដោយកាំរន្ទះ១ ប្រៀបដោយសរ១ ប្រៀបដោយសត្វចចកចាស់១ ប្រៀបដោយវេរម្ភវាត១ និយាយអំពីបុគ្គលមានចិត្តត្រូវសក្ការៈជាដើម គ្របសង្កត់១។

 

លេខយោង

1)
មិនមានគ្រឿងសក្ការបូជា។
km/tipitaka/sut/sn/17/sut.sn.17.010.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann