(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 17.v01 បាលី cs-km: sut.sn.17.v01 អដ្ឋកថា: sut.sn.17.v01_att PTS: ?
សុទ្ធកវគ្គ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១. បឋមវគ្គោ)
(១. ទារុណសុត្តំ)
[២០៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
[២០៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ នាំឲ្យក្តៅផ្សា គ្រោតគ្រាត ធ្វើនូវសេចក្តីអន្តរាយ ដល់ការត្រាស់ដឹងនូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ ដែលរកគុណជាតដទៃក្រៃលែងជាងគ្មាន ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយគប្បីសិក្សាក្នុងសាសនានេះ យ៉ាងនេះថា យើងទាំងឡាយ នឹងលះបង់នូវលាភសក្ការៈ និងសេចក្តីសរសើរដែលកើតឡើងហើយ ទាំងលាភសក្ការៈ និងសេចក្តីសរសើរដែលកើតឡើងហើយ ក៏កុំឲ្យគ្របសង្កត់ចិត្តយើងបានឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។
ចប់ សូត្រ ទី១។
(២. ពឡិសសុត្តំ)
[២០៦] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ នាំឲ្យក្តៅផ្សា គ្រោតគ្រាត ធ្វើនូវសេចក្តីអន្តរាយ ដល់ការត្រាស់ដឹងនូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ ដែលរកគុណជាតដទៃក្រៃលែងជាងគ្មាន។
[២០៧] ម្នាលភិក្ខុទាំងឡាយ ដូចព្រានសន្ទូច បោះនូវសន្ទូច ដែលបិទដោយនុយ ទៅក្នុងអន្លង់ទឹកដ៏ជ្រៅ ត្រីណាមួយសំឡឹងឃើញនុយ ក៏លេបសន្ទូចនោះ ម្នាលភិក្ខុទាំងឡាយ ត្រីនោះឯង លុះបានលេបសន្ទូចរបស់ព្រានសន្ទូច យ៉ាងនេះហើយ ក៏ដល់នូវសេចក្តីទុក្ខ ដល់នូវសេចក្តីវិនាស ត្រូវតាមអំពើដោយបំណងរបស់ព្រានសន្ទូច។
[២០៨] ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្រានសន្ទូច នុ៎ះ ជាឈ្មោះនៃមារចិត្តបាប។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា សន្ទូច នុ៎ះ ជាឈ្មោះនៃលាភសក្ការៈ និងសេចក្តីសរសើរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណានីមួយ ត្រេកអរ ត្រូវការនូវលាភសក្ការៈ និងសេចក្តីសរសើរ ដែលកើតឡើងហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា អ្នកលេបសន្ទូចរបស់មារ រមែងដល់នូវសេចក្តីទុក្ខ ដល់នូវសេចក្តីវិនាស ត្រូវតាមអំពើដោយបំណងរបស់មារចិត្តបាប។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ នាំឲ្យក្តៅផ្សា គ្រោតគ្រាត ធ្វើនូវសេចក្តីអន្តរាយ ដល់ការត្រាស់ដឹងព្រះនិព្វាន ជាទីក្សេមចាកយោគៈ ដែលរកគុណជាតដទៃក្រៃលែងជាងគ្មាន យ៉ាងនោះឯង។
[២០៩] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីសិក្សាក្នុងសាសនានេះ យ៉ាងនេះថា យើងទាំងឡាយ នឹងលះបង់នូវលាភសក្ការៈ និងសេចក្តីសរសើរ ដែលកើតឡើងហើយ ទាំងលាភសក្ការៈ និងសេចក្តីសរសើរ ដែលកើតឡើងហើយ ក៏កុំឲ្យគ្របសង្កត់ចិត្តយើងបានឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។
ចប់ សូត្រ ទី២។
(៣. កុម្មសុត្តំ)
[២១០] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង។
[២១១] ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកហើយថា មានត្រកូលនៃសត្វអណ្តើកធំ អាស្រ័យនៅជាយូរអង្វែងមកហើយ ក្នុងអន្លង់ទឹកមួយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ អណ្តើកមួយ ចូលទៅរកអណ្តើកមួយទៀត ហើយក៏ពោលទៅនឹងអណ្តើកមួយ (នោះ) ដូច្នេះថា នែបងអណ្តើក បងឯងកុំទៅកាន់ប្រទេសនុ៎ះឡើយ។ ម្នាលភិក្ខុទាំងឡាយ អណ្តើកនោះ បានទៅកាន់ប្រទេសនោះ ព្រានក៏ចាប់អណ្តើកនោះដោយមូល។1) ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ អណ្តើកនោះចូលទៅរកអណ្តើក (ដែលឃាត់) នោះ។ ម្នាលភិក្ខុទាំងឡាយ អណ្តើកនោះ បានឃើញអណ្តើកនោះមកអំពីចម្ងាយ លុះឃើញហើយ ក៏ពោលទៅនឹងអណ្តើកនោះ ដូច្នេះថា នែបងអណ្តើក បងឯងមិនបានទៅកាន់ប្រទេសនោះទេឬ។ អណ្តើកនោះឆ្លើយថា នែបងអណ្តើក ខ្ញុំបានទៅកាន់ប្រទេសនោះហើយ។ នែបងអណ្តើក បងឯងមិនត្រូវគេបៀតបៀន មិនត្រូវគេប្រហារទេឬ។ នែបងអណ្តើក ខ្ញុំមិនត្រូវគេបៀតបៀន មិនត្រូវគេប្រហារទេ គ្រាន់តែមានខ្សែនេះ ជាប់តាមអំពីក្រោយខ្នងខ្ញុំប៉ុណ្ណោះ។ នែបងអណ្តើក អើនោះហើយ ហៅថា ត្រូវគេបៀតបៀន អើនោះហើយ ហៅថា ត្រូវគេប្រហារ នែបងអណ្តើក មាតាបិតាក្តី ជីដូនជីតាក្តី របស់បងឯង ដល់នូវសេចក្តីទុក្ខ ដល់នូវសេចក្តីវិនាស ដោយខ្សែនុ៎ះឯង នែបងអណ្តើក ឥឡូវនេះ បងឯងចូរទៅចុះ ឥឡូវនេះ បងឯងមិនមែនដូចយើងទេ។
[២១២] ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្រាន នុ៎ះ ជាឈ្មោះនៃមារចិត្តបាប។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា មូល នុ៎ះ ជាឈ្មោះនៃលាភសក្ការៈ និងសេចក្តីសរសើរ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ខ្សែ នុ៎ះ ជាឈ្មោះនៃនន្ទរាគ (តម្រេកដោយសេចក្តីត្រេកត្រអាល)។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណានីមួយ ត្រេកអរ ត្រូវការនូវលាភសក្ការៈ និងសេចក្តីសរសើរ ដែលកើតឡើងហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា អ្នកដល់នូវសេចក្តីទុក្ខ ដល់នូវសេចក្តីវិនាស ត្រូវតាមអំពើដោយបំណងរបស់មារចិត្តបាប។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។
ចប់ សូត្រ ទី៣។
(៤. ទីឃលោមិកសុត្តំ)
[២១៣] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង។
[២១៤] ម្នាលភិក្ខុទាំងឡាយ ដូចមេចៀមមានរោមវែង ចូលទៅកាន់ព្រៃស្បាត ដែលមានបន្លា មេចៀមនោះ ក៏ជាប់នៅក្នុងទីនោះៗ ទាក់នៅក្នុងទីនោះៗ ចំពាក់នៅក្នុងទីនោះៗ ដល់នូវសេចក្តីទុក្ខ និងសេចក្តីវិនាសក្នុងទីនោះៗ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរ គ្របសង្កត់ រួបរឹតចិត្ត ក៏ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ហើយចូលទៅកាន់ស្រុកក្តី និគមក្តី ដើម្បីបិណ្ឌបាត ភិក្ខុនោះ រមែងជាប់នៅក្នុងទីនោះៗ រមែងទាក់នៅក្នុងទីនោះៗ រមែងចំពាក់នៅក្នុងទីនោះៗ រមែងដល់នូវសេចក្តីទុក្ខ និងសេចក្តីវិនាសក្នុងទីនោះៗ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។
ចប់ សូត្រ ទី៤។
(៥. មីឡ្ហកសុត្តំ)
[២១៥] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង។
[២១៦] ម្នាលភិក្ខុទាំងឡាយ ដូចសត្វកំពោង2) ទំពាស៊ីនូវលាមក ខាងក្នុងខ្លួនពេញដោយលាមក បរិបូណ៌ដោយលាមក មានគំនរនៃលាមកធំពីខាងមុខ សត្វកំពោងនោះ ក៏មើលងាយសត្វកំពោងដទៃ ដោយហេតុនោះថា អាត្មាអញ ទំពាស៊ីលាមក ខាងក្នុងខ្លួនពេញដោយលាមក បរិបូណ៌ដោយលាមក នេះជាគំនរនៃលាមកដ៏ធំពីខាងមុខអាត្មាអញ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរ គ្របសង្កត់ រួបរឹតចិត្ត ក៏ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ហើយចូលទៅកាន់ស្រុកក្តី និគមក្តី ដើម្បីបិណ្ឌបាត ភិក្ខុនោះ ក៏បរិភោគភត្តក្នុងទីនោះ ដរាបដល់ឆ្អែតផង មានគេនិមន្តដើម្បីឆាន់ក្នុងថ្ងៃស្អែកផង ចង្ហាន់បិណ្ឌបាត ក៏មានពោរពេញ ភិក្ខុនោះទៅកាន់អារាមវិញ ពោលអួតកណ្តាលពពួកនៃភិក្ខុថា ខ្ញុំបានបរិភោគភត្ត ដរាបដល់ឆ្អែតផង មានគេនិមន្តដើម្បីឆាន់ក្នុងថ្ងៃស្អែកផង នេះជាចង្ហាន់បិណ្ឌបាត ដ៏ពោរពេញ របស់ខ្ញុំផង ខ្ញុំជាបុគ្គលបាននូវចីវរ បិណ្ឌបាត សេនាសនៈ និងគ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យដល់អ្នកជម្ងឺផង ពួកភិក្ខុដទៃទាំងអម្បាលនេះ មានបុណ្យតិច ស័ក្តិតូច មិនបាននូវចីវរ បិណ្ឌបាត សេនាសនៈ និងគ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យដល់អ្នកជម្ងឺទេ។ ភិក្ខុនោះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរនោះ គ្របសង្កត់ រួបរឹតចិត្ត តែងមើលងាយនូវពួកភិក្ខុឯទៀត ដែលមានសីលជាទីស្រឡាញ់ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ អំពើនោះឯង ជាអំពើប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលដ៏វែង ដល់មោឃបុរសនោះ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។
ចប់ សូត្រ ទី៥។
(៦. អសនិសុត្តំ)
[២១៧] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង។
[២១៨] ម្នាលភិក្ខុទាំងឡាយ កាំរន្ទះធ្លាក់ចំលើបុគ្គលណា។ លាភសក្ការៈ និងសេចក្តីសរសើរ តែងដល់ដោយលំដាប់ ចំពោះសេក្ខបុគ្គល ដែលមិនទាន់បានសម្រេចព្រះអរហត្តផល។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា កាំរន្ទះ នុ៎ះ ជាឈ្មោះនៃលាភសក្ការៈ និងសេចក្តីសរសើរ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។
ចប់ សូត្រ ទី៦។
(៧. ទិទ្ធសុត្តំ)
[២១៩] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង។
[២២០] ម្នាលភិក្ខុទាំងឡាយ បុគ្គលចាក់នូវបុគ្គលណាដោយសរ។ លាភសក្ការៈ និងសេចក្តីសរសើរ រមែងដល់ដោយលំដាប់ ចំពោះសេក្ខបុគ្គល ដែលមិនទាន់បានសម្រេចអរហត្តផល។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា សរ នុ៎ះ ជាឈ្មោះនៃលាភសក្ការៈ និងសេចក្តីសរសើរ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។
ចប់ សូត្រ ទី៧។
(៨. សិង្គាលសុត្តំ)
[២២១] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង។
[២២២] ម្នាលភិក្ខុទាំងឡាយ កាលសត្វចចកចាស់ នៅក្នុងវេលាបច្ចូសសម័យនៃរាត្រី អ្នកទាំងឡាយ បានឃើញដែរឬទេ។ ភិក្ខុទាំងឡាយ ទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ សត្វចចកចាស់នោះ កើតរោគអង្គែរ3) រមែងទៅកាន់ទីគោក ក៏មិនស្រួល ទៅនៅក្រោមម្លប់ឈើ ក៏មិនស្រួល ទៅនៅក្នុងទីវាល ក៏មិនស្រួល ទុកជាដើរទៅក្នុងទីណាៗ ឈរនៅក្នុងទីណាៗ អង្គុយនៅក្នុងទីណាៗ ដេកនៅក្នុងទីណាៗ ក៏រមែងដល់នូវសេចក្តីទុក្ខ និងសេចក្តីវិនាសក្នុងទីនោះៗ (យ៉ាងណាមិញ)។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ រួបរឹតចិត្ត ទៅកាន់ផ្ទះស្ងាត់ ក៏មិនស្រួល ទៅនៅក្រោមម្លប់ឈើ ក៏មិនស្រួល ទៅនៅក្នុងទីវាល ក៏មិនស្រួល ទុកជាដើរទៅក្នុងទីណាៗ ឈរនៅក្នុងទីណាៗ អង្គុយនៅក្នុងទីណាៗ ដេកនៅក្នុងទីណាៗ ក៏រមែងដល់នូវសេចក្តីទុក្ខ និងសេចក្តីវិនាស ក្នុងទីនោះៗ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។
ចប់ សូត្រ ទី៨។
(៩. វេរម្ភសុត្តំ)
[២២៣] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង។
[២២៤] ម្នាលភិក្ខុទាំងឡាយ វេរម្ភវាត (ខ្យល់ព្យុះ) បក់ទៅលើអាកាស សត្វស្លាបណា ហើរទៅលើអាកាសនោះ វេរម្ភវាត ក៏បក់ផាត់សត្វស្លាបនោះ សត្វស្លាបនោះ លុះត្រូវវេរម្ភវាត ផាត់ឡើងហើយ ជើងក៏រសាត់ទៅដោយឡែក ស្លាបក៏រសាត់ទៅដោយឡែក ក្បាលក៏រសាត់ទៅដោយឡែក ដងខ្លួនក៏រសាត់ទៅដោយឡែក (យ៉ាងណាមិញ)។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុខ្លះ ក្នុងសាសនានេះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ រួបរឹតចិត្ត ក៏ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ហើយចូលទៅកាន់ស្រុកក្តី និគមក្តី ដើម្បីបិណ្ឌបាត ដោយមិនបានរក្សាកាយ មិនបានរក្សាវាចា មិនបានរក្សាចិត្ត មិនបានប្រុងប្រៀបស្មារតី មិនបានសង្រួមឥន្ទ្រិយ ភិក្ខុនោះ ក៏ឃើញមាតុគ្រាមក្នុងទីនោះ ស្លៀកសំពត់មិនស្រួលក្តី ដណ្តប់សំពត់មិនស្រួលក្តី ភិក្ខុនោះ លុះបានឃើញមាតុគ្រាម ដែលស្លៀកសំពត់មិនស្រួលក្តី ដណ្តប់សំពត់មិនស្រួលក្តី រាគៈ ក៏កំចាត់ចិត្ត ភិក្ខុនោះ លុះត្រូវរាគៈគ្របសង្កត់ចិត្តហើយ ក៏ពោលលាសិក្ខា ត្រឡប់ទៅកាន់ហីនភេទវិញ ពួកភិក្ខុឯទៀត ក៏យកចីវរ ពួកភិក្ខុឯទៀត យកបាត្រ ពួកភិក្ខុឯទៀតយកនិសីទនៈ ពួកភិក្ខុឯទៀតយកបំពង់ម្ជុល របស់ភិក្ខុនោះ ដូចគ្នានឹងសត្វស្លាប ដែលត្រូវវេរម្ភវាតបក់ផាត់ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។
ចប់ សូត្រ ទី៩។
(១០. សគាថកសុត្តំ)
[២២៥] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង។
[២២៦] ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគត ឃើញបុគ្គលពួកខ្លះ ត្រូវគ្រឿងសក្ការៈគ្របសង្កត់ រួបរឹតចិត្ត លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ តែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ក្នុងលោកនេះ តថាគត ឃើញបុគ្គលពួកខ្លះ ត្រូវអសក្ការៈ4) គ្របសង្កត់ រួបរឹតចិត្ត លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ តែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគត ឃើញបុគ្គលពួកខ្លះ ត្រូវគ្រឿងសក្ការៈផង អសក្ការៈផង ទាំងពីរនោះ គ្របសង្កត់ រួបរឹតចិត្ត លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ តែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។
[២២៧] ព្រះមានព្រះភាគ បានត្រាស់សម្តែងសូត្រនេះ លុះព្រះសុគត ជាសាស្តា បានសម្តែងសូត្រនេះចប់ហើយ ក៏ទ្រង់ពោលនូវគាថាព័ន្ធ ដូច្នេះ តទៅទៀតថា
សមាធិ របស់បុគ្គលណា ដែលមានប្រក្រតីនៅដោយផលសមាធិ ប្រមាណមិនបាន រមែងមិនញាប់ញ័រដោយសក្ការៈផង ដោយអសក្ការៈផង ដោយសក្ការៈ និងអសក្ការៈទាំងពីរផង អ្នកប្រាជ្ញទាំងឡាយ រមែងពោលនូវបុគ្គលនោះ ដែលជាអ្នកពិនិត្យ មានព្យាយាមជាប់តគ្នា ជាអ្នកឃើញច្បាស់ ដោយទិដ្ឋិដ៏សុខុម ត្រេកអរចំពោះព្រះនិព្វាន ជាទីក្ស័យនៃឧបាទាន ថាជាសប្បុរស។
ចប់សូត្រទី១០។
ចប់ សុទ្ធកវគ្គ ទី១។
ឧទ្ទាននៃសុទ្ធកវគ្គនោះគឺ
និយាយអំពីលាភសក្ការៈ និងសេចក្តីសរសើរសុទ្ធ១ និយាយអំពីលាភសក្ការៈ និងសេចក្តីសរសើរប្រៀបដោយផ្លែសន្ទូច១ ប្រៀបដោយមូលចាក់សត្វអណ្តើក១ ប្រៀបដោយមេចៀមមានរោមវែង (ប្រៀបដោយសត្វកំពោងបានដុំលាមក១) ប្រៀបដោយកាំរន្ទះ១ ប្រៀបដោយសរ១ ប្រៀបដោយសត្វចចកចាស់១ ប្រៀបដោយវេរម្ភវាត១ និយាយអំពីបុគ្គលមានចិត្តត្រូវសក្ការៈជាដើម គ្របសង្កត់១។