km:tipitaka:sut:sn:19:sut.sn.19.v01



អដ្ឋិសង្ខលិកវគ្គ ទី១

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 19.v01 បាលី cs-km: sut.sn.19.v01 អដ្ឋកថា: sut.sn.19.v01_att PTS: ?

អដ្ឋិសង្ខលិកវគ្គ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១. បឋមវគ្គោ)

(អដ្ឋិ)សូត្រ ទី១

(១. អដ្ឋិសុត្តំ)

[៣០៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ ក៏ក្នុងសម័យនោះឯង ព្រះលក្ខណៈមានអាយុ និងព្រះមហាមោគ្គល្លានមានអាយុ គង់នៅនាភ្នំគិជ្ឈកូដ។

[៣០៥] គ្រានោះឯង ព្រះមហាមោគ្គល្លានមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅរកព្រះលក្ខណៈមានអាយុ លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងព្រះលក្ខណៈមានអាយុថា ម្នាលអាវុសោលក្ខណៈ អ្នកចូរមក យើងនឹងចូលទៅក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត។ ព្រះលក្ខណៈមានអាយុ ទទួលពាក្យព្រះមហាមោគ្គល្លានមានអាយុថា អើអាវុសោ។ គ្រានោះឯង ព្រះមហាមោគ្គល្លានមានអាយុ កាលនិមន្តចុះអំពីភ្នំគិជ្ឈកូដ ក៏ធ្វើនូវការញញឹមឲ្យប្រាកដ ក្នុងប្រទេសមួយ។ គ្រានោះឯង ព្រះលក្ខណៈមានអាយុ បានសួរព្រះមហាមោគ្គល្លានមានអាយុ ដូច្នេះថា ម្នាលអាវុសោមោគ្គល្លាន ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាលោកធ្វើនូវការញញឹមឲ្យប្រាកដ។ ម្នាលអាវុសោលក្ខណៈ កាលនេះ ជាកាលមិនគួរ ដើម្បីសួរប្រស្នានុ៎ះទេ អ្នកចូរសួរប្រស្នានុ៎ះ នឹងខ្ញុំ ក្នុងសំណាក់ព្រះមានព្រះភាគចុះ។

[៣០៦] គ្រានោះឯង ព្រះលក្ខណៈមានអាយុ និងព្រះមហាមោគ្គល្លានមានអាយុ ចូលទៅបិណ្ឌបាតក្នុងក្រុងរាជគ្រឹះ ត្រឡប់មកអំពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ លុះព្រះលក្ខណៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានសួរព្រះមហាមោគ្គល្លានមានអាយុ ដូច្នេះថា ក្នុងទីឯណោះ មហាមោគ្គល្លានមានអាយុ កាលចុះមកអំពីភ្នំគិជ្ឈកូដ បានធ្វើនូវការញញឹម ឲ្យប្រាកដ ក្នុងប្រទេសមួយ ម្នាលអាវុសោមោគ្គល្លាន ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាលោកធ្វើនូវការញញឹមឲ្យប្រាកដ។

[៣០៧] ព្រះមហាមោគ្គល្លានតបថា ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំ ចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញអដ្ឋិសង្ខលិក គឺរាងឆ្អឹង កំពុងអណ្តែតទៅក្នុងអាកាស ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែងនូវរាងឆ្អឹងនោះ រាងឆ្អឹងនោះ ក៏ចេះតែស្រែកថ្ងូរ ម្នាលអាវុសោ ទើបខ្ញុំនោះមានសេចក្តីបរិវិតក្កៈថា យីអើ អស្ចារ្យណាស់ យីអើ មិនធ្លាប់កើតមានសោះឡើយ យីអើ សត្វបែបនេះ នឹងត្រឡប់ទៅជាមានខ្លះដែរ យក្ខបែបនេះ នឹងត្រឡប់ទៅជាមានខ្លះដែរ កិរិយាបានអត្តភាពបែបនេះ នឹងត្រឡប់ទៅជាមានខ្លះដែរតើ។

[៣០៨] គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ពួកសាវ័កមានចក្ខុកើតពិតហើយ ម្នាលភិក្ខុទាំងឡាយ ពួកសាវ័ក មានញាណកើតពិតហើយ ដ្បិតសាវ័កដឹង ឬឃើញសត្វបែបនេះ ឬថានឹងធ្វើសត្វបែបនេះ ឲ្យជាសាក្សី (ដល់តថាគតបាន)។ ម្នាលភិក្ខុទាំងឡាយ សត្វនោះ តថាគត ធ្លាប់ឃើញមកអំពីមុនដែរ ប៉ុន្តែតថាគត មិនទាន់សំដែង បើតថាគតសំដែងអំពីរឿងសត្វនុ៎ះទៅ ជនទាំងឡាយដទៃ មិនជឿពាក្យតថាគតទេ ជនទាំងឡាយណា មិនជឿពាក្យតថាគត សេចក្តីមិនជឿនោះ របស់ជនទាំងនោះ នឹងនាំឲ្យខានបានប្រយោជន៍ នាំឲ្យបានតែសេចក្តីទុក្ខ អស់កាលជាយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ សត្វនោះ (ពីដើម) ជាគោឃាតកៈ គឺអ្នកសម្លាប់គោ ក្នុងក្រុងរាជគ្រឹះនេះឯង ដោយវិបាករបស់កម្មនោះ គោឃាតកបុរសនោះ ក៏ទៅឆេះក្នុងនរកអស់ឆ្នាំដ៏ច្រើន អស់រយឆ្នាំដ៏ច្រើន អស់ពាន់ឆ្នាំដ៏ច្រើន អស់សែនឆ្នាំដ៏ច្រើន ដោយសេសសល់វិបាកនៃកម្មនោះឯង ទើបបានត្រឡប់មកទទួលផល គឺត្រឡប់បានអត្តភាពបែបនេះឯង។

ចប់ សូត្រ ទី១។

(បេសិ)សូត្រ ទី២

(២. បេសិសុត្តំ)

(នេះឯងជាបេយ្យាលៈ នៃសូត្រទាំងអស់)

[៣០៩] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំ ចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញ មំសបេសិ គឺចម្រៀកសាច់ កំពុងអណ្តែតទៅលើអាកាស ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែងនូវចម្រៀកសាច់នោះ ចម្រៀកសាច់នោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ ជាគោឃាតកៈ គឺអ្នកសម្លាប់គោ (ពីដើម) ក្នុងក្រុងរាជគ្រឹះនេះឯង។

ចប់ សូត្រ ទី២។

(បិណ្ឌ)សូត្រ ទី៣

(៣. បិណ្ឌសុត្តំ)

[៣១០] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំ ចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញមំសបិណ្ឌៈ គឺដុំសាច់ កំពុងអណ្តែតទៅលើអាកាស ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែងនូវដុំសាច់នោះ ដុំសាច់នោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះជាព្រានបក្សី (អំពីដើម) ក្នុងក្រុងរាជគ្រឹះនេះឯង។

ចប់ សូត្រ ទី៣។

(និច្ឆវិ)សូត្រ ទី៤

(៤. និច្ឆវិសុត្តំ)

[៣១១] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញនិច្ឆវិបុរស គឺបុរសមិនមានស្បែកក្រៅ កំពុងអណ្តែតទៅលើអាកាស ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែងនូវនិច្ឆវិបុរសនោះ និច្ឆវិបុរសនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះជាអ្នកសម្លាប់ចៀម (ពីដើម) ក្នុងក្រុងរាជគ្រឹះនេះឯង។

ចប់ សូត្រ ទី៤។

(អសិលោម)សូត្រ ទី៥

(៥. អសិលោមសុត្តំ)

[៣១២] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញអសិលោមបុរស គឺបុរសមានរោមដូចដាវ កំពុងអណ្តែតទៅលើអាកាស ដាវទាំងនោះ របស់បុរសនោះ អណ្តែតធ្លាក់ៗ មកត្រូវកាយរបស់បុរសនោះឯង បុរសនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ ជាអ្នកសម្លាប់ជ្រូក (ពីដើម) ក្នុងក្រុងរាជគ្រឹះនេះឯង។

ចប់ សូត្រ ទី៥។

(សត្តិ)សូត្រ ទី៦

(៦. សត្តិសុត្តំ)

[៣១៣] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញសត្តិលោមបុរស គឺបុរសមានរោមដូចលំពែង កំពុងអណ្តែតទៅលើអាកាស លំពែងទាំងនោះ របស់បុរសនោះ អណ្តែតធ្លាក់ៗ មកត្រូវកាយរបស់បុរសនោះឯង បុរសនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះជាព្រានម្រឹគ (ពីដើម) ក្នុងក្រុងរាជគ្រឹះនេះឯង។

ចប់ សូត្រ ទី៦។

(ឧសុលោម)សូត្រ ទី៧

(៧. ឧសុលោមសុត្តំ)

[៣១៤] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញឧសុលោមបុរស គឺបុរសមានរោមដូចព្រួញ កំពុងអណ្តែតទៅលើអាកាស ព្រួញទាំងនោះ របស់បុរសនោះ អណ្តែតធ្លាក់ៗ មកត្រូវកាយរបស់បុរសនោះឯង បុរសនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ ជាពេជ្ឈឃាត (ពីដើម) ក្នុងក្រុងរាជគ្រឹះនេះឯង។

ចប់ សូត្រ ទី៧។

(សូចិលោម)សូត្រ ទី៨

(៨. សូចិលោមសុត្តំ)

[៣១៥] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញសូចិលោមបុរស គឺបុរសមានរោមដូចដែកស្រួច កំពុងអណ្តែតលើអាកាស ដែកស្រួចទាំងនោះ របស់បុរសនោះ អណ្តែតធ្លាក់ៗ មកត្រូវកាយរបស់បុរសនោះវិញ បុរសនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ ជាអ្នកបរគោ (ពីដើម) ក្នុងក្រុងរាជគ្រឹះនេះឯង។

ចប់ សូត្រ ទី៨។

(ទុតិយសូចិលោម)សូត្រ ទី៩

(៩. ទុតិយសូចិលោមសុត្តំ)

[៣១៦] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញសូចិលោមបុរស គឺបុរសមានរោមដូចដែកស្រួច កំពុងអណ្តែតទៅលើអាកាស ដែកស្រួចទាំងនោះ របស់បុរសនោះ ក៏ដោតចូលទៅក្នុងក្បាល ធ្លាយចេញមកតាមមាត់ ដោតចូលទៅក្នុងមាត់ ធ្លាយចេញមកតាមទ្រូង ដោតចូលទៅក្នុងទ្រូង ធ្លាយចេញមកតាមពោះ ដោតចូលទៅក្នុងពោះ ធ្លាយចេញមកតាមភ្លៅ ដោតចូលទៅក្នុងភ្លៅ ធ្លាយចេញមកតាមស្មង ដោតចូលទៅក្នុងស្មង ធ្លាយចេញមកតាមបាតជើង បុរសនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ ជាអ្នកចាក់ដោត ញុះញង់គេ (ពីដើម) ក្នុងក្រុងរាជគ្រឹះនេះឯង។

ចប់ សូត្រ ទី៩។

(កុម្ភណ្ឌ)សូត្រ ទី១០

(១០. កុម្ភណ្ឌសុត្តំ)

[៣១៧] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញកុម្ភណ្ឌបុរស គឺបុរសមានអណ្ឌៈប៉ុនក្អម1) កំពុងអណ្តែតលើអាកាស កាលបុរសនោះដើរទៅ លុះតែលើកអណ្ឌៈទាំងនោះដាក់ត្រង់ក (លី) ទើបដើរទៅបាន កាលអង្គុយ ក៏អង្គុយសង្កត់លើអណ្ឌៈទាំងនោះឯង ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែងនូវបុរសនោះ បុរសនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ ជាអ្នកកាន់អំពើវៀចក្នុងស្រុក2) (ពីដើម) ក្នុងក្រុងរាជគ្រឹះនេះឯង។

ចប់សូត្រទី១០។

ចប់ អដ្ឋិសង្ខលិកវគ្គ ទី១។

ឧទ្ទាននៃ អដ្ឋិសង្ខលិកវគ្គ នោះគឺ

អដ្ឋិសង្ខលិកប្រេត មំសបេសិប្រេត (ពីដើម) ជាអ្នកសម្លាប់គោទាំងពីរនាក់ មំសបិណ្ឌប្រេត (ពីដើម) ជាព្រានបក្សី និច្ឆវីប្រេត (ពីដើម) ជាអ្នកសម្លាប់ចៀម អសិលោមប្រេត (ពីដើម) ជាអ្នកសម្លាប់ជ្រូក សត្តិលោមប្រេត (ពីដើម) ជាព្រានម្រឹគ ឧសុលោមប្រេត (ពីដើម) ជាពេជ្ឈឃាត សុចិលោមប្រេត (ពីដើម) ជានាយសារថី អ្នកណាញុះញង់គេ (ពីដើម) អ្នកនោះជាសូចិលោមប្រេតពិត កុម្ភណ្ឌប្រេត មានអណ្ឌៈធ្ងន់ (ពីដើម) ជាអ្នកកាន់អំពើវៀចក្នុងស្រុក។

 

លេខយោង

1)
ពងល្វា
2)
ជាអាមាត្យអ្នកវិនិច្ឆ័យក្តីដោយទុច្ចរិត។
km/tipitaka/sut/sn/19/sut.sn.19.v01.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann