km:tipitaka:sut:sn:19:sut.sn.19.v02



បារទារិកវគ្គ ទី២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 19.v02 បាលី cs-km: sut.sn.19.v02 អដ្ឋកថា: sut.sn.19.v02_att PTS: ?

បារទារិកវគ្គ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. ទុតិយវគ្គោ)

(សសីសក)សូត្រ ទី១

(១. សសីសកសុត្តំ)

[៣១៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំ ចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញបុរសម្នាក់ កំពុងមុជក្បាលចុះទៅក្នុងរណ្តៅលាមក។ ម្នាលភិក្ខុទាំងឡាយ សត្វនោះ ជាអ្នកប្រព្រឹត្តបរទារិកកម្ម គឺលួចប្រពន្ធអ្នកដទៃ (ពីដើម) ក្នុងក្រុងរាជគ្រឹះនេះឯង។

ចប់ សូត្រ ទី១។

(គូថខាទ)សូត្រ ទី២

(២. គូថខាទសុត្តំ)

(បេយ្យាលៈ បណ្ឌិតគប្បីធ្វើយ៉ាងនេះ)

[៣១៩] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញបុរសម្នាក់ កំពុងមុជចុះក្នុងរណ្តៅលាមក ចាប់លាមកដោយដៃទាំងសងខាងស៊ី។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ ពីដើម ជាព្រាហ្មណ៍ ក្នុងក្រុងរាជគ្រឹះនេះឯង។ ព្រាហ្មណ៍នោះ កាលក្នុងសាសនាព្រះកស្សបសម្មាសម្ពុទ្ធ បាននិមន្តភិក្ខុសង្ឃ ដោយភត្តាហារ ក៏ដាក់លាមកពេញក្នុងស្នូក រួចហើយ ប្រើគេឲ្យប្រាប់ភត្តកាល ហើយពោលដូច្នេះថា សូមលោកម្ចាស់ទាំងឡាយ និមន្តឆាន់ដរាបដល់ឆ្អែតផង សូមនិមន្តយកទៅផង។

ចប់ សូត្រ ទី២។

(និច្ឆវិត្ថិ)សូត្រ ទី៣

(៣. និច្ឆវិត្ថិសុត្តំ)

[៣២០] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំ ចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញស្រីនិច្ឆវី គឺស្រីមិនមានស្បែកក្រៅ កំពុងអណ្តែតទៅលើអាកាស ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែងនូវស្រីនោះ ស្រីនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ ស្រីនុ៎ះ (ពីដើម) ជាស្រីប្រព្រឹត្តកន្លងចិត្តប្តី ក្នុងក្រុងរាជគ្រឹះនេះឯង។

ចប់ សូត្រ ទី៣។

(មង្គុលិត្ថិ)សូត្រ ទី៤

(៤. មង្គុលិត្ថិសុត្តំ)

[៣២១] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញស្រីមង្គុឡី1) មានក្លិនស្អុយ កំពុងអណ្តែតទៅលើអាកាស ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែង នូវស្រីនោះ ស្រីនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ ស្រីនុ៎ះ (ពីដើម) ជាស្រីមេមត់ ក្នុងក្រុងរាជគ្រឹះនេះឯង។

ចប់ សូត្រ ទី៤។

(កិលិនី)សូត្រ ទី៥

(៥. ឱកិលិនីសុត្តំ)

៣២២>[៣២២]</span> ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញស្រីមានកាយឆេះរោលរាលដោយភ្លើង មានកាយសើមជោកជាំ មានកាយដេរដាសដោយរងើកភ្លើង កំពុងតែអណ្តែតទៅលើអាកាស ស្រីនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ ស្រីនុ៎ះ (ពីដើម) ជាអគ្គមហេសីនៃស្តេចក្នុងដែនកលិង្គ ស្រីនោះ ជាអ្នកមានសេចក្តីឫស្សាគ្របសង្កត់ បានចាក់រងើកភ្លើងមួយអំបែង លើស្រី2) ជាមហេសីចុង។

ចប់ សូត្រ ទី៥។

(អសីសក)សូត្រ ទី៦

(៦. អសីសកសុត្តំ)

[៣២៣] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញអសីសកពន្ធប្រេត កំពុងអណ្តែតទៅលើអាកាស ប្រេតនោះ មានភ្នែក និងមុខ នៅត្រង់ទ្រូង ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែង នូវប្រេតនោះ ប្រេតនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (ពីដើម) ឈ្មោះ ហារិកៈ ជាអ្នកពិឃាតចោរ ក្នុងក្រុងរាជគ្រឹះនេះឯង។

ចប់ សូត្រ ទី៦។

(បាបភិក្ខុ)សូត្រ ទី៧

(៧. បាបភិក្ខុសុត្តំ)

[៣២៤] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញភិក្ខុ កំពុងអណ្តែតទៅលើអាកាស សង្ឃាដីរបស់ភិក្ខុនោះក្តី មានភ្លើងឆេះសន្ធោសន្ធៅ បាត្រក្តី ក៏មានភ្លើងឆេះសន្ធោសន្ធៅ វត្ថពន្ធចង្កេះក្តី ក៏មានភ្លើងឆេះសន្ធោសន្ធៅ រាងកាយក្តី ក៏មានភ្លើងឆេះសន្ធោសន្ធៅ ភិក្ខុនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនុ៎ះ (ពីដើម) ជាភិក្ខុលាមក ក្នុងសាសនាព្រះកស្សបសម្មាសម្ពុទ្ធ។

ចប់ សូត្រ ទី៧។

(បាបភិក្ខុនី)សូត្រ ទី៨

(៨. បាបភិក្ខុនីសុត្តំ)

[៣២៥] ខ្ញុំបានឃើញភិក្ខុនី កំពុងអណ្តែតទៅលើអាកាស សង្ឃាដីរបស់ភិក្ខុនីនោះក្តី មានភ្លើងឆេះ។បេ។ ជាភិក្ខុនីលាមក។

ចប់ សូត្រ ទី៨។

(បាបសិក្ខមាន)សូត្រ ទី៩

(៩. បាបសិក្ខមានសុត្តំ)

[៣២៦] ខ្ញុំបានឃើញសិក្ខមានា កំពុងអណ្តែតទៅលើអាកាស សង្ឃាដីរបស់សិក្ខមានានោះក្តី មានភ្លើងឆេះ។បេ។ ជាសិក្ខមានាលាមក។

ចប់ សូត្រ ទី៩។

(បាបសាមណេរ)សូត្រ ទី១០

(១០. បាបសាមណេរសុត្តំ)

[៣២៧] ខ្ញុំបានឃើញសាមណេរ កំពុងអណ្តែតទៅលើអាកាស សង្ឃាដីរបស់សាមណេរនោះក្តី មានភ្លើងឆេះ។បេ។ ជាសាមណេរលាមក។

ចប់ សូត្រ ទី១០។

(បាបសាមណេរី)សូត្រ ទី១១

(១១. បាបសាមណេរីសុត្តំ)

[៣២៨] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញសាមណេរី កំពុងអណ្តែតទៅលើអាកាស សង្ឃាដីរបស់សាមណេរីនោះក្តី មានភ្លើងឆេះសន្ធោសន្ធៅ បាត្រក្តី ក៏មានភ្លើងឆេះសន្ធោសន្ធៅ វត្ថពន្ធចង្កេះក្តី ក៏មានភ្លើងឆេះសន្ធោសន្ធៅ រាងកាយក្តី ក៏មានភ្លើងឆេះសន្ធោសន្ធៅ សាមណេរីនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលអាវុសោ ខ្ញុំមានសេចក្តីត្រិះរិះ ដូច្នេះថា ឱអស្ចារ្យណាស់ហ្ន៎ ឱប្លែកណាស់ហ្ន៎ យីអើ សត្វបែបនេះ នឹងមានខ្លះដែរ យក្សបែបនេះ នឹងមានខ្លះដែរ ការត្រឡប់បានអត្តភាពបែបនេះ នឹងមានខ្លះដែរតើ។

[៣២៩] គ្រានោះ ព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ពួកសាវ័ក មានចក្ខុកើតពិតហើយ ម្នាលភិក្ខុទាំងឡាយ ពួកសាវ័ក មានញាណកើតពិតហើយ ដ្បិតថាសាវ័ក នឹងដឹង ឬនឹងឃើញនូវសាមណេរីបែបនេះ នឹងធ្វើជាសាក្សី (ដល់តថាគតបាន)។ ម្នាលភិក្ខុទាំងឡាយ សាមណេរីនោះ តថាគត ធ្លាប់បានឃើញមកពីមុនដែរ។ តែថា តថាគត មិនទាន់បានព្យាករ បើតថាគតព្យាករហេតុនោះទៅ ជនទាំងឡាយដទៃមិនជឿតថាគត ពួកជនណាមិនជឿតថាគត ហេតុដែលមិនជឿនោះ នឹងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ជនទាំងនោះ អស់កាលដ៏យូរ។ ម្នាលភិក្ខុទាំងឡាយ សាមណេរីនោះ (ពីដើម) ជាសាមណេរីលាមក ក្នុងសាសនាព្រះកស្សបសម្មាសម្ពុទ្ធ ដោយវិបាកនៃកម្មនោះ សាមណេរីនោះ ក៏ឆេះនៅក្នុងនរក អស់ឆ្នាំទាំងឡាយដ៏ច្រើន អស់រយឆ្នាំដ៏ច្រើន អស់ពាន់ឆ្នាំដ៏ច្រើន អស់សែនឆ្នាំដ៏ច្រើន ដោយសេសសល់វិបាកនៃកម្មនោះឯង ទើបត្រឡប់បាននូវអត្តភាពបែបនេះ។

ចប់សូត្រទី១១។

ចប់ បារទារិកវគ្គ ទី២។

ឧទ្ទាននៃ បារទារិកវគ្គ នោះគឺ

ប្រេតដែលមុជក្នុងរណ្តៅ ប្រេតនោះ (ពីដើម) ជាអ្នកប្រព្រឹត្តបរទារិកកម្ម ប្រេតដែលទំពាស៊ីលាមក ប្រេតនោះ (ពីដើម) ធ្លាប់ជាព្រាហ្មណ៍អាក្រក់ ស្រីជានិច្ឆវីប្រេត (ពីដើម) ជាអ្នកប្រព្រឹត្តកន្លងចិត្តប្តី ស្រីជាមង្គុឡីប្រេត (ពីដើម) ជាស្រីមេមត់ ស្រីជាឱកិលិនីប្រេត (ពីដើម) ធ្វើ (ប្រទូស្ត) នឹងស្រីរួមប្តី សីសច្ឆិន្នប្រេត (ពីដើម) ជាអ្នកសម្លាប់ចោរ ភិក្ខុ ភិក្ខុនី សិក្ខមានា សាមណេរ សាមណេរី (ពីដើម) បួសក្នុងសាសនាព្រះកស្សបសម្មាសម្ពុទ្ធ បានធ្វើនូវកម្មដ៏លាមក។

ចប់លក្ខណសំយុត្ត ទី

 

លេខយោង

1)
ស្រីមានរូបអាក្រក់ បុរសគប្បីខ្ពើម។
2)
ស្រីរួមប្តី
km/tipitaka/sut/sn/19/sut.sn.19.v02.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann