km:tipitaka:sut:sn:20:sut.sn.20.003



(កុល)សូត្រ ទី៣

សង្ខេប

មេត្តាចេតោវិមុត្តិ ដែល​អ្នក​ណា​មួយ បាន​ចម្រើន​ហើយ ពួក​អមនុស្ស បៀត​បៀន​អ្នកនោះ​បាន​ដោយ​កម្រ។

sn 20.003 បាលី cs-km: sut.sn.20.003 អដ្ឋកថា: sut.sn.20.003_att PTS: ?

(កុល)សូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៣. កុលសុត្តំ)

[៣៣៣] ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី… គ្រានោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ត្រកូលទាំងឡាយណាមួយ ដែលមានស្រីច្រើន មានប្រុសតិច ត្រកូលទាំងនោះ ពួកចោរអ្នកលួចទ្រព្យដោយឆ្នាំង1) រមែងបៀតបៀនបានដោយងាយ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលភិក្ខុណាមួយមិនបានចម្រើន មិនបានធ្វើឲ្យច្រើនហើយ ពួកអមនុស្ស តែងបៀតបៀនភិក្ខុនោះបានដោយងាយ យ៉ាងនោះឯង។

[៣៣៤] ម្នាលភិក្ខុទាំងឡាយ ត្រកូលទាំងឡាយណាមួយ ដែលមានស្រីតិច មានប្រុសច្រើន ត្រកូលទាំងនោះ ពួកចោរអ្នកលួចទ្រព្យដោយឆ្នាំង រមែងបៀតបៀនបានដោយកម្រ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលភិក្ខុណាមួយ បានចម្រើន បានធ្វើឲ្យច្រើនហើយ ពួកអមនុស្ស បៀតបៀនភិក្ខុនោះបានដោយកម្រ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា មេត្តាចេតោវិមុត្តិ យើងទាំងឡាយ នឹងចម្រើន ធ្វើឲ្យច្រើន ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីនៅ តម្កល់ទុករឿយៗ សន្សំទុក ប្រារព្ធដោយប្រពៃ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី៣។

 

លេខយោង

1)
ពួកចោរដែលអុជប្រទីបក្នុងឆ្នាំង ហើយចូលទៅក្នុងផ្ទះ ប្រាថ្នាដើម្បីនឹងបំភ្លឺមើលទ្រព្យរបស់ (អដ្ឋកថា)។
km/tipitaka/sut/sn/20/sut.sn.20.003.txt · ពេលកែចុងក្រោយ: 2023/08/27 15:27 និពន្ឋដោយ Johann