km:tipitaka:sut:sn:20:sut.sn.20.009



(នាគ)សូត្រ ទី៩

សង្ខេប

ពេល​កូន​ដំរី​មិន​យល់ពាក្យ និង​អត្ថន័យ។

sn 20.009 បាលី cs-km: sut.sn.20.009 អដ្ឋកថា: sut.sn.20.009_att PTS: ?

(នាគ)សូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៩. នាគសុត្តំ)

[៣៤៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក៏ក្នុងសម័យនោះឯង មានភិក្ខុបួសថ្មីមួយរូប ចូលទៅរកត្រកូលហួសវេលា។ ភិក្ខុទាំងឡាយ និយាយនឹងភិក្ខុនោះ យ៉ាងនេះថា លោកមានអាយុ កុំចូលទៅរកត្រកូលហួសវេលាឡើយ។ ភិក្ខុនោះ កាលបើពួកភិក្ខុនិយាយប្រាប់ ក៏បែរជាពោលយ៉ាងនេះថា អម្បាលយ៉ាងពួកភិក្ខុជាថេរៈទាំងនេះ ម្តេចគង់សំគាល់នូវត្រកូល ថាគួរចូលទៅរកបាន នឹងបាច់និយាយថ្វីត្រឹមខ្ញុំករុណា។ គ្រានោះឯង ភិក្ខុច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ មានភិក្ខុបួសថ្មីមួយរូប ចូលទៅរកត្រកូលហួសវេលា ពួកភិក្ខុបាននិយាយនឹងភិក្ខុនោះ យ៉ាងនេះថា លោកដ៏មានអាយុ កុំចូលទៅរកត្រកូលហួសវេលាឡើយ ភិក្ខុនោះ កាលបើពួកភិក្ខុនិយាយប្រាប់ ក៏បែរជានិយាយយ៉ាងនេះថា អម្បាលយ៉ាងពួកភិក្ខុជាថេរៈទាំងនេះ ម្តេចគង់សំគាល់នូវត្រកូល ថាគួរចូលទៅរកបាន នឹងបាច់ពោលទៅថ្វីត្រឹមខ្ញុំករុណា។

[៣៤៦] ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយមក មានស្រះធំមួយ ក្នុងព្រៃរំលោង ដំរីទាំងឡាយ តែងអាស្រ័យនៅនឹងស្រះធំនោះ។ ដំរីទាំងនោះ ចុះទៅកាន់ស្រះនោះ ដកយកក្រអៅឈូក និងមើមឈូក ដោយប្រមោយ ហើយរលាស់ឲ្យស្អាតល្អ លាងឲ្យជ្រះភក់ ហើយទើបបរិភោគ ឯសរីរៈនោះ របស់ដំរីទាំងនោះ ក៏មានសម្បុរល្អផង មានកម្លាំងផង ដំរីទាំងនោះ ក៏មិនដល់នូវមរណៈ ឬមិនដល់នូវទុក្ខស្ទើរនឹងមរណៈ ព្រោះអាហារនោះជាហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ មានពួកកូនដំរីក្មេង សិក្សាតាមដំរីធំៗទាំងនោះឯង ក៏នាំគ្នាចុះទៅកាន់ស្រះនោះ ដកយកក្រអៅឈូក និងមើមឈូក ដោយប្រមោយ មិនបានរលាស់ឲ្យស្អាតល្អ មិនបានលាងនូវក្រអៅ និងមើម ដែលមានភក់ចេញ ក៏បរិភោគទៅ សរីរៈនោះ របស់កូនដំរីក្មេងទាំងនោះ ក៏មិនមានសម្បុរល្អ មិនមានកម្លាំង កូនដំរីក្មេងទាំងនោះ ក៏ដល់នូវមរណៈ ឬដល់នូវទុក្ខស្ទើរនឹងមរណៈ ព្រោះអាហារនោះជាហេតុ។

[៣៤៧] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យ ដូចពួកភិក្ខុជាថេរៈ ក្នុងសាសនានេះ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត ថេរៈទាំងនោះ សម្តែងធម៌ ក្នុងស្រុកនិគមនោះៗ មានពួកគ្រហស្ថគេជ្រះថ្លា ធ្វើនូវអាការជ្រះថ្លា ចំពោះថេរៈទាំងនោះ ថេរៈទាំងនោះ ក៏មិនបានជាប់ចំពាក់ មិនបានវង្វេង មិនបានជ្រុលជ្រប់ នឹងលាភនោះឡើយ ជាអ្នកឃើញទោស មានបញ្ញាសម្រាប់រើខ្លួន ទើបបរិភោគ សរីរៈនោះ របស់ថេរៈទាំងនោះ ក៏មានសម្បុរល្អផង មានកម្លាំងផង ថេរៈទាំងនោះ ក៏មិនដល់នូវមរណៈ ឬមិនដល់នូវទុក្ខស្ទើរនឹងមរណៈ ព្រោះលាភនោះជាហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ ចំណែកពួកភិក្ខុ ដែលសិក្សាតាមពួកភិក្ខុជាថេរៈនោះឯង ក៏ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត ភិក្ខុទាំងនោះ ក៏សម្តែងធម៌ ក្នុងស្រុក ឬនិគមនោះៗ ពួកគ្រហស្ថ ក៏មានសេចក្តីជ្រះថ្លា ធ្វើអាការជ្រះថ្លា ចំពោះភិក្ខុទាំងនោះ ភិក្ខុទាំងនោះ ក៏ជាប់ចំពាក់ វង្វេង ជ្រុលជ្រប់ នឹងលាភនោះ ជាអ្នកមិនឃើញទោស មិនមានបញ្ញាសម្រាប់រើខ្លួន ហើយបរិភោគឡើយ សរីរៈនោះ របស់ភិក្ខុទាំងនោះ ក៏មិនមានសម្បុរល្អផង មិនមានកម្លាំងផង ភិក្ខុទាំងនោះ តែងដល់នូវមរណៈ ឬដល់នូវទុក្ខស្ទើរនឹងមរណៈ ព្រោះលាភនោះជាហេតុ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយ ជាអ្នកមិនជាប់ចំពាក់ មិនវង្វេង មិនជ្រុលជ្រប់ (នឹងលាភ) ឡើយ ត្រូវជាអ្នកឃើញទោស ទាំងមានបញ្ញា សម្រាប់រើខ្លួនហើយទើបបរិភោគ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី៩។

 

លេខយោង

km/tipitaka/sut/sn/20/sut.sn.20.009.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann