km:tipitaka:sut:sn:21:sut.sn.21.003



(ឃដ)សូត្រ ទី៣

សង្ខេប

ពោល​អំពីសេចក្តី​ប្រៀប​ដូច​ជា​ឆ្នាំង។

sn 21.003 បាលី cs-km: sut.sn.21.003 អដ្ឋកថា: sut.sn.21.003_att PTS: ?

(ឃដ)សូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជាប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(៣. ឃដសុត្តំ)

[៣៥៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក៏ក្នុងសម័យនោះឯង ព្រះសារីបុត្តមានអាយុ និងព្រះមហាមោគ្គល្លានមានអាយុ គង់នៅក្នុងវិហារជាមួយគ្នា1) ក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង ព្រះសារីបុត្តមានអាយុ ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅរកព្រះមហាមោគ្គល្លានមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមហាមោគ្គល្លានមានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។

[៣៦០] លុះព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានពោលនឹងព្រះមហាមោគ្គល្លានមានអាយុ ដូច្នេះថា ម្នាលអាវុសោមោគ្គល្លាន ឥន្ទ្រិយទាំងឡាយ របស់លោក ថ្លាម្ល៉េះ សម្បុរមុខ ក៏បរិសុទ្ធ ផូរផង់ ថ្ងៃនេះ មហាមោគ្គល្លានមានអាយុ នៅដោយធម៌ ជាគ្រឿងនៅល្អិតពេកណាស់។ ព្រះមហាមោគ្គល្លាន តបថា ម្នាលអាវុសោ ថ្ងៃនេះ ខ្ញុំនៅដោយធម៌ ជាគ្រឿងនៅគ្រោតគ្រាតពេកណាស់ តែថា ធម្មីកថា របស់ខ្ញុំមាន។ ចុះធម្មីកថា របស់ព្រះមហាមោគ្គល្លានមានអាយុ មានជាមួយនឹងបុគ្គលណា។ ម្នាលអាវុសោ ធម្មីកថារបស់ខ្ញុំ មានជាមួយនឹងព្រះមានព្រះភាគ។ ម្នាលអាវុសោ ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ឆ្ងាយពេកណាស់ តើព្រះមហាមោគ្គល្លានមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ ដោយឫទ្ធិឬ ៗក៏ព្រះមានព្រះភាគ ស្តេចចូលមករកព្រះមហាមោគ្គល្លានមានអាយុ ដោយឫទ្ធិវិញ។ ម្នាលអាវុសោ ខ្ញុំមិនបានចូលទៅគាល់ព្រះមានព្រះភាគ ដោយឫទ្ធិទេ ចំណែកព្រះមានព្រះភាគ ក៏ពុំបានមករកខ្ញុំដោយឫទ្ធិដែរ តែថា ព្រះមានព្រះភាគ ព្រះអង្គមានទិព្វចក្ខុ និងទិព្វសោតធាតុ ដ៏បរិសុទ្ធ កំណត់ត្រឹមណា ទិព្វចក្ខុ និងទិព្វសោតធាតុរបស់ខ្ញុំ ក៏បរិសុទ្ធ កំណត់ត្រឹមណោះដែរ ខ្ញុំមានទិព្វចក្ខុ និងទិព្វសោតធាតុ ដ៏បរិសុទ្ធ កំណត់ត្រឹមណា ទិព្វចក្ខុ និងទិព្វសោតធាតុ របស់ព្រះមានព្រះភាគ ក៏បរិសុទ្ធ កំណត់ត្រឹមណោះដែរ។ ចុះធម្មីកថា របស់ព្រះមហាមោគ្គល្លានមានអាយុ មានជាមួយនឹងព្រះមានព្រះភាគ ដោយប្រការដូចម្តេចទៅ។

[៣៦១] ម្នាលអាវុសោ ក្នុងទីឯណោះ ខ្ញុំបានក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលពោលថា (ភិក្ខុ) មានព្យាយាមប្រារព្ធហើយ មានព្យាយាមប្រារព្ធហើយ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុមានព្យាយាមប្រារព្ធហើយ តើដោយហេតុដូចម្តេច។ ម្នាលអាវុសោ កាលខ្ញុំក្រាបបង្គំទូលសួរយ៉ាងនេះហើយ ព្រះមានព្រះភាគ បានត្រាស់នឹងខ្ញុំ ដូច្នេះថា ម្នាលមោគ្គល្លាន ភិក្ខុក្នុងសាសនានេះ មានព្យាយាមប្រារព្ធ ដោយតាំងចិត្តថា ស្បែកក្តី សរសៃក្តី ឆ្អឹងក្តី ចូរសល់នៅចុះ ឯសាច់ និងឈាមក្នុងសរីរៈ ចង់រីងស្ងួតទៅ ក៏តាមការណ៍ចុះ (បើអាត្មាអញ) មិនទាន់ដល់គុណជាត ដែលគេគប្បីដល់ ដោយកម្លាំងនៃបុរស ដោយព្យាយាមនៃបុរស ដោយការប្រឹងប្រែងនៃបុរសទេ ក៏មិនបញ្ឈប់សេចក្តីព្យាយាមឡើយ ម្នាលមោគ្គល្លាន យ៉ាងនេះឯង ឈ្មោះថា ភិក្ខុមានសេចក្តីព្យាយាមប្រារព្ធហើយ។ ម្នាលអាវុសោ ធម្មីកថា របស់ខ្ញុំ មានជាមួយនឹងព្រះមានព្រះភាគ យ៉ាងនេះឯង។

[៣៦២] ម្នាលអាវុសោ ដុំថ្មតូច លើកយកទៅដាក់ផ្ទឹម ក្នុងទីជិតនៃស្តេចភ្នំហិមពាន្ត យ៉ាងណា ខ្លួនយើង លើកយកទៅផ្ទឹមក្នុងទីជិត នៃព្រះមហាមោគ្គល្លានមានអាយុ ក៏យ៉ាងនោះដែរ ព្រោះថា ព្រះមហាមោគ្គល្លាន មានអាយុ មានឫទ្ធិច្រើន មានអានុភាពច្រើន ប្រាថ្នាឋិតនៅអស់មួយអាយុកប្បក៏បាន។

[៣៦៣] ម្នាលអាវុសោ ដុំអំបិលតូច គេបង់ទៅក្នុងឆ្នាំងអំបិលដ៏ធំ យ៉ាងណា ខ្លួនយើង លើកយកទៅផ្ទឹមនឹងព្រះសារីបុត្តមានអាយុ ក៏យ៉ាងនោះដែរ ដ្បិតថា ព្រះសារីបុត្តមានអាយុ ព្រះមានព្រះភាគ ទ្រង់ស្ងើច ទ្រង់ពណ៌នាគុណ ទ្រង់សរសើរ ដោយអនេកបរិយាយថា

ព្រះសារីបុត្ត (ប្រកប) ដោយបញ្ញា ដោយសីល ដោយការរម្ងាប់ ជាភិក្ខុដល់នូវត្រើយ ជាបុគ្គលប្រសើរមែនពិត។

មហានាគទាំងគូនោះ ស្មោះសរ រីករាយ នឹងសុភាសិតដែលលោកពោលល្អ ដល់គ្នានិងគ្នា ដោយប្រការដូច្នេះ។

ចប់ សូត្រ ទី៣។

 

លេខយោង

1)
ក្នុងល្វែងជាមួយគ្នា (អដ្ឋកថា)។
km/tipitaka/sut/sn/21/sut.sn.21.003.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann