km:tipitaka:sut:sn:21:sut.sn.21.010



(ថេរនាមក)សូត្រ ទី១០

សង្ខេប

ពោល​អំពី​ព្រះ​ភិក្ខុ​នាម​ជា​ថេរៈ។

sn 21.010 បាលី cs-km: sut.sn.21.010 អដ្ឋកថា: sut.sn.21.010_att PTS: ?

(ថេរនាមក)សូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជាប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(១០. ថេរនាមកសុត្តំ)

[៣៨៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ ក៏ក្នុងសម័យនោះឯង មានភិក្ខុមួយរូប បាននាមជាថេរៈ គង់នៅតែម្នាក់ឯងផង ពោលសរសើរចំពោះកិរិយានៅតែម្នាក់ឯងផង។ ភិក្ខុនោះ ចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាតតែម្នាក់ឯង ត្រឡប់មកវិញតែម្នាក់ឯង អង្គុយក្នុងទីស្ងាត់តែម្នាក់ឯង អធិដ្ឋានចង្ក្រមតែម្នាក់ឯង។ គ្រានោះឯង ភិក្ខុច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ភិក្ខុមួយរូប បាននាមជាថេរៈ នៅតែម្នាក់ឯងផង ពោលសរសើរ ចំពោះកិរិយានៅតែម្នាក់ឯងផង។

[៣៨៥] គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុមួយរូបទៀត មកបង្គាប់ថា ម្នាលភិក្ខុ អ្នកចូរមក អ្នកចូរទៅហៅភិក្ខុជាថេរៈ តាមពាក្យតថាគតថា ម្នាលអាវុសោ ព្រះសាស្តា ត្រាស់ហៅអ្នកជាថេរៈ។ ភិក្ខុនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយចូលទៅរកព្រះថេរៈមានអាយុ លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងព្រះថេរៈមានអាយុថា ម្នាលអាវុសោ ព្រះសាស្តាត្រាស់ហៅអ្នកជាថេរៈ។ ព្រះថេរៈមានអាយុ ទទួលពាក្យភិក្ខុនោះថា អើ អាវុសោ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។

[៣៨៦] លុះព្រះថេរៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់សួរ ដូច្នេះថា ម្នាលថេរៈ ឮថា អ្នកនៅតែម្នាក់ឯងផង ពោលសរសើរចំពោះកិរិយានៅតែម្នាក់ឯងផង ពិតឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលថេរៈ ចុះអ្នកនៅតែម្នាក់ឯងផង ពោលសរសើរ ចំពោះកិរិយានៅតែម្នាក់ឯងផង ដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីនេះ ខ្ញុំព្រះអង្គ តែម្នាក់ឯង ចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាត ត្រឡប់មកវិញតែម្នាក់ឯង អង្គុយក្នុងទីស្ងាត់តែម្នាក់ឯង អធិដ្ឋានចង្ក្រមតែម្នាក់ឯង បពិត្រព្រះអង្គដ៏ចម្រើន យ៉ាងនេះឯង ខ្ញុំព្រះអង្គ ឈ្មោះថា នៅតែម្នាក់ឯងផង ពោលសរសើរចំពោះកិរិយានៅតែម្នាក់ឯងផង។

[៣៨៧] ម្នាលថេរៈ កិរិយានៅតែម្នាក់ឯងនុ៎ះ មានហើយ តថាគត មិនពោលថា មិនមានទេ ម្នាលថេរៈ ប៉ុន្តែ កិរិយានៅតែម្នាក់ឯង របស់អ្នកនោះ ឈ្មោះថា បរិបូណ៌ដោយពិស្តារក្រៃពេក ដោយប្រការណា អ្នកចូរស្តាប់នូវប្រការនោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគត នឹងសម្តែង។ ព្រះករុណា ព្រះអង្គ។បេ។

[៣៨៨] ម្នាលថេរៈ ចុះកិរិយានៅតែម្នាក់ឯង ឈ្មោះថា បរិបូណ៌ដោយពិស្តារក្រៃពេក ដោយប្រការដូចម្តេច ម្នាលថេរៈ ក្នុងសាសនានេះ របស់ណាជាអតីត របស់នោះ គេលះបង់ហើយ របស់ណា ជាអនាគត របស់នោះ ក៏គេលះចោលហើយ ឆន្ទរាគ ក្នុងការបានចំពោះនូវអត្តភាព ជាបច្ចុប្បន្ន គេកំចាត់បង់ចេញល្អហើយ ម្នាលថេរៈ យ៉ាងនេះឯង ឈ្មោះថា កិរិយានៅម្នាក់ឯង បរិបូណ៌ដោយពិស្តារក្រៃពេក។

[៣៨៩] ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ លុះព្រះសុគត ជាសាស្តា ត្រាស់ព្រះពុទ្ធដីកានេះហើយ ទើបទ្រង់ត្រាស់ព្រះពុទ្ធដីកានេះ តទៅទៀតថា

ជនណា អ្នកគ្របសង្កត់ធម៌ទាំងអស់ ដឹងនូវធម៌ទាំងអស់ មានប្រាជ្ញាល្អ មិនជាប់ចំពាក់ក្នុងពួកធម៌ទាំងអស់ លះបង់នូវធម៌ទាំងអស់ មានចិត្តចុះស៊ប់ក្នុងព្រះនិព្វាន ជាទីអស់ទៅនៃតណ្ហា ទើបតថាគត ហៅជននោះថា អ្នកនៅតែម្នាក់ឯង។

ចប់ សូត្រ ទី១០។

 

លេខយោង

km/tipitaka/sut/sn/21/sut.sn.21.010.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann