km:tipitaka:sut:sn:22:sut.sn.22.003



(ហាលិទ្ទិកានិ)សូត្រ ទី៣

សង្ខេប

នៅ​លើ​អ្វី​ដែល​មានន័យ​ថា​ជា​​ម្នាក់​ដែល​ពិត​ជា​បាន​ចាក​ចេញ​ពី​ផ្ទះ​ទាំង​អស់។

sn 22.003 បាលី cs-km: sut.sn.22.003 អដ្ឋកថា: sut.sn.22.003_att PTS: ?

(ហាលិទ្ទិកានិ)សូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៣. ហាលិទ្ទិកានិសុត្តំ)

[១១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមហាកច្ចានៈមានអាយុ គង់នៅលើភ្នំមានជ្រោះ (ម្ខាង) ទៀបក្រុងឈ្មោះ កុររឃរៈ ក្នុងអវន្តីជនបទ។ គ្រានោះឯង គហបតីឈ្មោះ ហលិទ្ទិកានិ បានចូលទៅរកព្រះមហាកច្ចានៈមានអាយុ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមហាកច្ចានៈមានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះហលិទ្ទិកានិគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ក៏បាននិយាយនឹងព្រះមហាកច្ចានៈមានអាយុ យ៉ាងនេះថា បពិត្រលោកម្ចាស់ដ៏ចម្រើន សុភាសិតនេះ ព្រះមានព្រះភាគ បានសំដែងទុក ក្នុងមាគណ្ឌិយប្បញ្ហា ដែលរាប់បញ្ចូលក្នុងអដ្ឋកវគ្គថា

ព្រះតថាគតលះបង់នូវផ្ទះ (បញ្ចក្ខន្ធ) ជាអ្នកមិនមានការអន្ទោលទៅរកកន្លែងស្នាក់ (អារម្មណ៍ទាំង៦) ជាអ្នកប្រាជ្ញ មិនបានធ្វើ នូវសេចក្តីស្និទ្ធស្នាល ក្នុងស្រុក ជាអ្នកទំនេរ ចាកកាមទាំងឡាយ មិនមានប្រាថ្នាទៅក្នុងអនាគតកាល មិនគប្បីធ្វើនូវពាក្យទាស់ទែងជាមួយនឹងជន។

បពិត្រលោកដ៏ចម្រើន សេចក្តីនៃធម៌ ដែលព្រះមានព្រះភាគ ត្រាស់ដោយសង្ខេបនេះ តើត្រូវយល់ដោយពិស្តារដូចម្តេច។

[១២] ម្នាលគហបតី រូបធាតុ ឈ្មោះថា ជាផ្ទះរបស់វិញ្ញាណ ឯកម្មវិញ្ញាណ ដែលជាប់ចំពាក់ដោយតម្រេក ក្នុងរូបធាតុ ហៅថា ការអន្ទោលទៅរកផ្ទះ។ ម្នាលគហបតី វេទនាធាតុ ឈ្មោះថា ជាផ្ទះរបស់វិញ្ញាណ ឯកម្មវិញ្ញាណ ដែលជាប់ចំពាក់ដោយតម្រេក ក្នុងវេទនាធាតុ ហៅថា ការអន្ទោលទៅរកផ្ទះ។ ម្នាលគហបតី សញ្ញាធាតុ ឈ្មោះថា ជាផ្ទះរបស់វិញ្ញាណ ឯកម្មវិញ្ញាណ ដែលជាប់ចំពាក់ដោយតម្រេក ក្នុងសញ្ញាធាតុ ហៅថា ការអន្ទោលទៅរកផ្ទះ។ ម្នាលគហបតី សង្ខារធាតុ ឈ្មោះថា ជាផ្ទះរបស់វិញ្ញាណ ឯកម្មវិញ្ញាណ ដែលជាប់ចំពាក់ដោយតម្រេក ក្នុងសង្ខារធាតុ ហៅថា ការអន្ទោលទៅរកផ្ទះ។ ម្នាលគហបតី បុគ្គលជាអ្នកអន្ទោលទៅរកផ្ទះ យ៉ាងនេះឯង។

[១៣] ម្នាលគហបតី ចុះព្រះតថាគត មិនមានការអន្ទោលទៅរកផ្ទះ តើដូចម្តេច។ ម្នាលគហបតី សេចក្តីប៉ុនប៉ង តម្រេក សេចក្តីរីករាយ សេចក្តីប្រាថ្នាណា ក្នុងរូបធាតុ មួយទៀត ឧបាយ1) និង ឧបាទាន2) ណា ដែលជាទីឈរ ជាទីអង្គុយ ជាទីដេក របស់អកុសលចិត្ត ធម៌ទាំងនោះ ព្រះតថាគត បានលះបង់ហើយ បានគាស់រំលើងគល់អស់ហើយ បានធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព ជាសភាពមិនកើតតទៅ ព្រោះហេតុនោះ បានជាគេហៅថា ព្រះតថាគត មិនមានការអន្ទោលទៅរកផ្ទះ។ ម្នាលគហបតី ក្នុងវេទនាធាតុ។ ម្នាលគហបតី ក្នុងសញ្ញាធាតុ។ ម្នាលគហបតី ក្នុងសង្ខារធាតុ។ ម្នាលគហបតី សេចក្តីប៉ុនប៉ង តម្រេក សេចក្តីរីករាយ សេចក្តីប្រាថ្នាណា ក្នុងវិញ្ញាណធាតុ មួយទៀត ឧបាយ និងឧបាទានណា ដែលជាទីឈរ ជាទីអង្គុយ ជាទីដេក របស់អកុសលចិត្ត ធម៌ទាំងនោះ ព្រះតថាគត បានលះបង់ចោលហើយ បានគាស់រំលើងគល់អស់ហើយ បានធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព ជាសភាពមិនកើតតទៅ ព្រោះហេតុនោះ បានជាគេហៅថា ព្រះតថាគត មិនមានការអន្ទោលទៅរកផ្ទះ។ ម្នាលគហបតី ព្រះតថាគត មិនមានការអន្ទោលទៅរកផ្ទះ យ៉ាងនេះឯង។

[១៤] ម្នាលគហបតី ចុះបុគ្គលដែលមានការអន្ទោលទៅរកកន្លែងស្នាក់ (អារម្មណ៍ទាំង៦) តើដូចម្តេច។ ម្នាលគហបតី បុគ្គលដែលហៅថា មានការអន្ទោល ទៅរកកន្លែងស្នាក់ ព្រោះការផ្សាយទៅ និងការជាប់ចំពាក់ នៃកិលេស ដែលកើតឡើង ក្នុងកន្លែងស្នាក់ គឺរូបនិមិត្ត។ សទ្ទនិមិត្ត។បេ។ គន្ធនិមិត្ត… រសនិមិត្ត… ផោដ្ឋព្វនិមិត្ត… ម្នាលគហបតី បុគ្គល ដែលហៅថា មានការអន្ទោល ទៅរកកន្លែងស្នាក់ ព្រោះការផ្សាយទៅ និងការជាប់ចំពាក់ នៃកិលេស ដែលកើតឡើង ក្នុងកន្លែងស្នាក់ គឺធម្មនិមិត្ត។ ម្នាលគហបតី បុគ្គលដែលមានការអន្ទោល ទៅរកកន្លែងស្នាក់ យ៉ាងនេះឯង។

[១៥] ម្នាលគហបតី ចុះព្រះតថាគត ដែលមិនមានការអន្ទោលទៅរកកន្លែងស្នាក់ តើដូចម្តេច។ ម្នាលគហបតី សេចក្តីផ្សាយទៅ និងការជាប់ចំពាក់ នៃកិលេស ដែលកើតឡើង ក្នុងកន្លែងស្នាក់ គឺរូបនិមិត្ត ព្រះតថាគត បានលះបង់ចោលហើយ បានគាស់រំលើងគល់អស់ហើយ បានធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព ជាសភាពមិនកើតតទៅ ព្រោះហេតុនោះ បានជាគេហៅថា ព្រះតថាគត មិនមានការអន្ទោលទៅរកកន្លែងស្នាក់ (អារម្មណ៍ទាំង៦)។ សទ្ទនិមិត្ត។បេ។ គន្ធនិមិត្ត… រសនិមិត្ត… ផោដ្ឋព្វនិមិត្ត… ម្នាលគហបតី សេចក្តីផ្សាយទៅ និងការជាប់ចំពាក់ នៃកិលេស ដែលកើតឡើង ក្នុងកន្លែងស្នាក់ គឺធម្មនិមិត្ត ព្រះតថាគត បានលះបង់ចោលហើយ បានគាស់រំលើងគល់អស់ហើយ បានធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព ជាសភាពមិនកើតតទៅ ព្រោះហេតុនោះ បានជាគេហៅថា ព្រះតថាគត មិនមានការអន្ទោលទៅរកកន្លែងស្នាក់។ ម្នាលគហបតី ព្រះតថាគត មិនមានការអន្ទោលទៅរកកន្លែងស្នាក់ យ៉ាងនេះឯង។

[១៦] ម្នាលគហបតី ភិក្ខុដែលមានសេចក្តីស្និទ្ធស្នាលក្នុងស្រុក តើដូចម្តេច។ ម្នាលគហបតី ភិក្ខុខ្លះ ក្នុងសាសនានេះ ជាអ្នកច្រឡូកច្រឡំ ដោយពួកគ្រហស្ថ មានសេចក្តីរីករាយជាមួយគ្នា មានសេចក្តីសោកជាមួយគ្នា កាលបើពួកគ្រហស្ថបានសេចក្តីសុខ ក៏បានសេចក្តីសុខផង កាលបើពួកគ្រហស្ថបានសេចក្តីទុក្ខ ក៏បានសេចក្តីទុក្ខផង កាលបើពួកគ្រហស្ថទាំងនោះ មានកិច្ចការ ដែលត្រូវធ្វើកើតឡើង ជួយខ្វល់ខ្វាយ ក្នុងកិច្ចទាំងនោះ ដោយខ្លួនឯង។ ម្នាលគហបតី ភិក្ខុមានសេចក្តីស្និទ្ធស្នាលក្នុងស្រុក យ៉ាងនេះឯង។

[១៧] ម្នាលគហបតី ចុះភិក្ខុដែលមិនស្និទ្ធស្នាលក្នុងស្រុក តើដូចម្តេច។ ម្នាលគហបតី ភិក្ខុក្នុងសាសនានេះ មិនច្រឡូកច្រឡំ ដោយពួកគ្រហស្ថ មិនត្រេកអរជាមួយគ្នា មិនមានសេចក្តីសោកជាមួយគ្នា កាលបើពួកគ្រហស្ថ បានសេចក្តីសុខ ក៏មិនបានសេចក្តីសុខជាមួយផង កាលបើពួកគ្រហស្ថ បានសេចក្តីទុក្ខ ក៏មិនបានសេចក្តីទុក្ខជាមួយផង កាលបើពួកគ្រហស្ថ មានកិច្ចការ ដែលត្រូវធ្វើកើតឡើង ក៏មិនជួយខ្វល់ខ្វាយ ក្នុងកិច្ចការទាំងនោះ ដោយខ្លួនឯង។ ម្នាលគហបតី ភិក្ខុដែលមិនស្និទ្ធស្នាលក្នុងស្រុក យ៉ាងនេះឯង។

[១៨] ម្នាលគហបតី ចុះភិក្ខុដែលមិនស្ងាត់ចាកកាម តើដូចម្តេច។ ម្នាលគហបតី ភិក្ខុខ្លះ ក្នុងសាសនានេះ មិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកសេចក្តីប៉ុនប៉ង មិនទាន់ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្តីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្តីក្តៅក្រហាយ មិនទាន់ប្រាសចាកសេចក្តីប្រាថ្នា ក្នុងកាមទាំងឡាយនៅឡើយ។ ម្នាលគហបតី ភិក្ខុដែលមិនស្ងាត់ចាកកាមទាំងឡាយ យ៉ាងនេះឯង។

[១៩] ម្នាលគហបតី ចុះភិក្ខុដែលស្ងាត់ចាកកាម តើដូចម្តេច។ ម្នាលគហបតី ភិក្ខុខ្លះ ក្នុងសាសនានេះ ប្រាសចាកតម្រេក ប្រាសចាកសេចក្តីប៉ុនប៉ង ប្រាសចាកសេចក្តីស្រឡាញ់ ប្រាសចាកសេចក្តីស្រេកឃ្លាន ប្រាសចាកសេចក្តីក្តៅក្រហាយ ប្រាសចាកសេចក្តីប្រាថ្នា ក្នុងកាមទាំងឡាយ។ ម្នាលគហបតី ភិក្ខុដែលស្ងាត់ចាកកាមទាំងឡាយ យ៉ាងនេះឯង។

[២០] ម្នាលគហបតី ចុះភិក្ខុជាអ្នកប្រាថ្នាទៅក្នុងអនាគតកាល តើដូចម្តេច។ ម្នាលគហបតី ភិក្ខុខ្លះ ក្នុងសាសនានេះ មានសេចក្តីប្រាថ្នា យ៉ាងនេះថា សូមឲ្យអាត្មាអញ មានរូបយ៉ាងនេះ ក្នុងកាលជាអនាគត សូមឲ្យមានវេទនាយ៉ាងនេះ ក្នុងកាលជាអនាគត សូមឲ្យមានសញ្ញាយ៉ាងនេះ ក្នុងកាលជាអនាគត សូមឲ្យមានសង្ខារយ៉ាងនេះ ក្នុងកាលជាអនាគត សូមឲ្យមានវិញ្ញាណយ៉ាងនេះ ក្នុងកាលជាអនាគត។ ម្នាលគហបតី ភិក្ខុជាអ្នកប្រាថ្នាទៅក្នុងអនាគតកាល យ៉ាងនេះឯង។

[២១] ម្នាលគហបតី ចុះភិក្ខុជាអ្នកមិនប្រាថ្នាទៅក្នុងអនាគតកាល តើដូចម្តេច។ ម្នាលគហបតី ភិក្ខុខ្លះ ក្នុងសាសនានេះ មិនមានសេចក្តីប្រាថ្នា យ៉ាងនេះ សូមឲ្យអាត្មាអញ មានរូបយ៉ាងនេះ ក្នុងកាលជាអនាគត សូមឲ្យមានវេទនាយ៉ាងនេះ ក្នុងកាលជាអនាគត សូមឲ្យមានសញ្ញាយ៉ាងនេះ ក្នុងកាលជាអនាគត សូមឲ្យមានសង្ខារយ៉ាងនេះ ក្នុងកាលជាអនាគត សូមឲ្យមានវិញ្ញាណយ៉ាងនេះ ក្នុងកាលជាអនាគត។ ម្នាលគហបតី ភិក្ខុជាអ្នកមិនប្រាថ្នាទៅក្នុងអនាគតកាល យ៉ាងនេះឯង។

[២២] ម្នាលគហបតី ចុះភិក្ខុធ្វើនូវពាក្យទាស់ទែង ជាមួយនឹងជន តើដូចម្តេច។ ម្នាលគហបតី ភិក្ខុខ្លះ ក្នុងសាសនានេះ និយាយពាក្យ មានសភាពយ៉ាងនេះថា អ្នកមិនស្គាល់ច្បាស់ នូវធម៌វិន័យនេះទេ ខ្ញុំទើបស្គាល់ច្បាស់ធម៌វិន័យនេះ អ្នកនឹងស្គាល់ធម៌វិន័យនេះដូចម្តេចបាន អ្នកជាអ្នកប្រតិបត្តិខុស ខ្ញុំទើបប្រតិបត្តិត្រូវ ពាក្យដែលគេគួរនិយាយមុន អ្នកទៅជានិយាយក្រោយ ពាក្យដែលគេគួរនិយាយក្រោយ អ្នកទៅជានិយាយមុន ពាក្យរបស់ខ្ញុំ ទើបមានប្រយោជន៍ ពាក្យរបស់អ្នក មិនមានប្រយោជន៍ទេ វត្តដែលអ្នកសន្សំមកយូរហើយ ដល់មកត្រូវសំដីខ្ញុំ ក៏វិបរិតទៅ ខ្ញុំលើកទោសអ្នកហើយ ចូរអ្នកទៅរកដោះទោស (ឲ្យរួចចុះ) ខ្ញុំសង្កត់សង្កិនអ្នកហើយ បើអ្នកគ្រាន់បើ អ្នកដោះស្រាយមកចុះ។ ម្នាលគហបតី ភិក្ខុធ្វើនូវពាក្យទាស់ទែងជាមួយនឹងជន យ៉ាងនេះឯង។

[២៣] ចុះភិក្ខុមិនធ្វើនូវពាក្យទាស់ទែងជាមួយនឹងជន តើដូចម្តេច។ ម្នាលគហបតី ភិក្ខុក្នុងសាសនានេះ មិននិយាយពាក្យ មានសភាពយ៉ាងនេះថា អ្នកមិនស្គាល់ច្បាស់ នូវធម៌វិន័យនេះទេ ខ្ញុំទើបស្គាល់ច្បាស់ នូវធម៌វិន័យនេះ អ្នកនឹងស្គាល់ធម៌វិន័យនេះ ដូចម្តេចបាន អ្នកជាអ្នកប្រតិបត្តិខុស ខ្ញុំទើបប្រតិបត្តិត្រូវ ពាក្យដែលគេគួរនិយាយមុន អ្នកទៅជានិយាយក្រោយ ពាក្យដែលគេគួរនិយាយក្រោយ អ្នកទៅជានិយាយមុន ពាក្យរបស់ខ្ញុំ ទើបមានប្រយោជន៍ ពាក្យអ្នកមិនមានប្រយោជន៍ទេ វត្តដែលអ្នកសន្សំមកយូរហើយ ដល់មកត្រូវសំដីខ្ញុំ ក៏វិបរិតទៅ ខ្ញុំលើកទោសអ្នកហើយ ចូរអ្នកទៅរកដោះទោស (ឲ្យរួចចុះ) ខ្ញុំសង្កត់សង្កិនអ្នកហើយ បើអ្នកគ្រាន់បើ អ្នកដោះស្រាយមកចុះ។ ម្នាលគហបតី ភិក្ខុមិនធ្វើនូវពាក្យទាស់ទែងជាមួយនឹងជន យ៉ាងនេះឯង។

[២៤] ម្នាលគហបតី ភាសិតដែលព្រះមានព្រះភាគ បានត្រាស់ហើយ ក្នុងមាគណ្ឌិយប្បញ្ហា ដែលរាប់ចូលក្នុងអដ្ឋកវគ្គថា ព្រះតថាគត លះបង់ផ្ទះ គឺបញ្ចក្ខន្ធហើយ ជាអ្នកមិនមានការអន្ទោលទៅរកកន្លែងស្នាក់ (គឺអារម្មណ៍ ទាំង៦) ជាអ្នកប្រាជ្ញ មិនធ្វើសេចក្តីស្និទ្ធស្នាលក្នុងស្រុក ជាអ្នកទំនេរ ចាកកាមទាំងឡាយ មិនមានសេចក្តីប្រាថ្នា ទៅក្នុងអនាគតកាល មិនគប្បីធ្វើ នូវពាក្យទាស់ទែងជាមួយនឹងជន ដូច្នេះឯង។ ម្នាលគហបតី សេចក្តីនៃព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ ត្រាស់ហើយ ដោយសង្ខេបនេះឯង អ្នកត្រូវយល់សេចក្តីដោយពិស្តារ យ៉ាងនេះចុះ។

 

មើល​ផង​ដែរ

«មាគណ្ឌិយប្បញ្ហា ដែលរាប់បញ្ចូលក្នុងអដ្ឋកវគ្គ«៖ មាគន្ទិយសូត្រ

លេខយោង

1)
ឧបាយពីរ គឺតណ្ហា១ ទិដ្ឋិ១។
2)
ឧបាទាន៤ មានកាមុបាទានជាដើម (អដ្ឋកថា)។
km/tipitaka/sut/sn/22/sut.sn.22.003.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann