km:tipitaka:sut:sn:22:sut.sn.22.022



(ភារ)សូត្រ ទី១

សង្ខេប

បញ្ចក្ខន្ធ ជា​របស់​ធ្ងន់​ដល់​បុគ្គល​ដែល​កាន់​យក តើ​ពេល​ណា ទើប​ដល់​នូវ​ការ​ដាក់​ចុះ?

sn 22.022 បាលី cs-km: sut.sn.22.022 អដ្ឋកថា: sut.sn.22.022_att PTS: ?

(ភារ)សូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១. ភារសុត្តំ)

[៤៩] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវភារៈ1) ផង នូវអ្នកដែលនាំភារៈផង នូវការប្រកាន់មាំ នូវភារៈផង នូវការដាក់ចុះ នូវភារៈផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ នូវធម៌នោះចុះ។បេ។ ទើបមានព្រះបន្ទូលសួរ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ឈ្មោះថា ភារៈ។ គប្បីឆ្លើយថា ឧបាទានក្ខន្ធ ទាំង៥។ ចុះឧបាទានក្ខន្ធទាំង៥ តើដូចម្តេចខ្លះ។ គឺរូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភារៈ។

[៥០] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ឈ្មោះថា អ្នកនាំនូវភារៈ។ គប្បីឆ្លើយថា បុគ្គល។ គឺអ្នកមានអាយុនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា អ្នកនាំនូវភារៈ។

[៥១] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ឈ្មោះថា ការប្រកាន់មាំ នូវភារៈ។ តណ្ហា ដែលនាំឲ្យកើតក្នុងភពថ្មី ប្រកបដោយតម្រេក ដោយអំណាច នៃសេចក្តីត្រេកត្រអាល មានកិរិយារីករាយ ក្នុងអារម្មណ៍នោះៗ ជាប្រក្រតី។ តណ្ហានោះ ដូចម្តេចខ្លះ។ គឺកាមតណ្ហា១ ភវតណ្ហា១ វិភវតណ្ហា១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការប្រកាន់មាំនូវភារៈ។

[៥២] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ឈ្មោះថា ការដាក់ចុះនូវភារៈ។ សេចក្តីវិនាស និងសេចក្តីរលត់ មិនមានសេសសល់ កិរិយាលះបង់ កិរិយារលាស់ចោល កិរិយារួចស្រឡះ ការមិនមានអាល័យ ក្នុងតណ្ហានោះ ឯណា ម្នាលភិក្ខុទាំងឡាយ នេះ ហៅថា ការដាក់ចុះនូវភារៈ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នូវព្រះពុទ្ធដីកានេះហើយ លុះព្រះសុគត ត្រាស់នូវព្រះពុទ្ធដីកានេះរួចហើយ បន្ទាប់ពីនោះមក ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះថា

[៥៣] បញ្ចក្ខន្ធ ជារបស់ធ្ងន់ដោយពិត បុគ្គលអ្នកនាំនូវភារៈ គឺបញ្ចក្ខន្ធក្តី ការប្រកាន់មាំនូវភារៈ គឺបញ្ចក្ខន្ធក្តី តែងនាំមកនូវទុក្ខក្នុងលោក ការដាក់ចុះនូវភារៈ ជាហេតុនាំមកនូវសុខ លុះតែបុគ្គលដាក់ចុះនូវភារៈ ដ៏ធ្ងន់ គឺបញ្ចក្ខន្ធចេញ មិនកួចកាន់នូវភារៈដទៃទៀត បានដកឡើងនូវតណ្ហា ព្រមទាំងឫស ទើបជាអ្នកមិនមានសេចក្តីប្រាថ្នា ហើយបរិនិព្វាន។

 

លេខយោង

1)
ប្រែថា ធ្ងន់ គឺលំបាកនឹងរក្សា មាន ឲ្យដើរ អង្គុយ ដេក ផ្ងូត ប្រដាប់ ស៊ី ផឹក ជាដើម (អដ្ឋកថា)។
km/tipitaka/sut/sn/22/sut.sn.22.022.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann