km:tipitaka:sut:sn:22:sut.sn.22.037



(អានន្ទ)សូត្រ ទី៥

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 22.037 បាលី cs-km: sut.sn.22.037 អដ្ឋកថា: sut.sn.22.037_att PTS: ?

(អានន្ទ)សូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥. អានន្ទសុត្តំ)

[៧៩] ក្នុងក្រុងសាវត្ថី។ គ្រានោះ ព្រះអានន្ទមានអាយុ ចេញចាកទីពួនសម្ងំ ក្នុងសាយណ្ហសម័យ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ បើគេសួរអ្នក យ៉ាងនេះថា នែអានន្ទមានអាយុ ធម៌ទាំងឡាយ ដូចម្តេចខ្លះ ដែលកើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅ ហើយប្រែប្រួលទៅវិញ1) ក៏ប្រាកដ។ ម្នាលអានន្ទ កាលបើគេសួរយ៉ាងនេះ តើអ្នកគប្បីដោះស្រាយដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន បើគេសួរខ្ញុំព្រះអង្គ យ៉ាងនេះថា នែអានន្ទមានអាយុ ធម៌ទាំងឡាយ ដូចម្តេចខ្លះ ដែលកើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅ ហើយប្រែប្រួលទៅវិញ ក៏ប្រាកដ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះថា ម្នាលអាវុសោ រូប រមែងកើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដ។ វេទនា។ សញ្ញា។ សង្ខារ។ វិញ្ញាណ រមែងកើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅ ហើយប្រែប្រួលទៅវិញ ក៏ប្រាកដ។ ម្នាលអាវុសោ ធម៌ទាំងនេះឯង រមែងកើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅ ហើយប្រែប្រួលទៅវិញ ក៏ប្រាកដ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះឯង។

[៨០] ម្នាលអានន្ទ ត្រូវហើយៗ ម្នាលអានន្ទ រូប ពិតជាកើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅ ហើយប្រែប្រួលទៅវិញ ក៏ប្រាកដ។ វេទនា។ សញ្ញា។ សង្ខារ។ វិញ្ញាណ ពិតជាកើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដ។ ម្នាលអានន្ទ ធម៌ទាំងឡាយនេះឯង រមែងកើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដ។ ម្នាលអានន្ទ កាលបើគេសួរយ៉ាងនេះ អ្នកគប្បីដោះស្រាយ យ៉ាងនេះចុះ។

 

លេខយោង

1)
សំដៅយកធម៌ គឺរូប វេទនា សញ្ញា វិញ្ញាណ របស់សត្វ កំពុងរស់នៅ ហើយចាស់គ្រាំគ្រា (អដ្ឋកថា)។
km/tipitaka/sut/sn/22/sut.sn.22.037.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann