km:tipitaka:sut:sn:22:sut.sn.22.047



(សមនុបស្សនា)សូត្រ ទី៥

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 22.047 បាលី cs-km: sut.sn.22.047 អដ្ឋកថា: sut.sn.22.047_att PTS: ?

(សមនុបស្សនា)សូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥. សមនុបស្សនាសុត្តំ)

[៩៤] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ កាលយល់ឃើញ តែងយល់ឃើញ នូវខ្លួនជាច្រើនប្រការ សមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ រមែងយល់ឃើញ នូវឧបាទានក្ខន្ធ ទាំង៥ ឬបណ្តាឧបាទានក្ខន្ធ ទាំង៥នុ៎ះ ឧបាទានក្ខន្ធណាមួយ។ ចុះឧបាទានក្ខន្ធ ទាំង៥ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន ក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ។បេ។ មិនបានសិក្សា ក្នុងសប្បុរិសធម៌ រមែងពិចារណាឃើញ នូវរូប ថាជាខ្លួនខ្លះ ឃើញនូវខ្លួន ថាមានរូបខ្លះ ឃើញនូវរូប ថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួន ថាមានក្នុងរូបខ្លះ។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ ពិចារណាឃើញ នូវវិញ្ញាណ ថាជាខ្លួនខ្លះ ឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ ឃើញនូវវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ។ យ៉ាងនេះឯង ហៅថា ការយល់ឃើញ (ដោយទិដ្ឋិ) មួយទៀត បុគ្គលនោះ រមែងបាននូវសេចក្តីប្រកាន់ថា អាត្មាអញ មាន។1) ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលនោះ បាននូវសេចក្តីប្រកាន់ថា អាត្មាអញ មាន ដូច្នេះហើយ បន្ទាប់អំពីនោះមក ឥន្ទ្រិយ ទាំង៥ គឺ ចក្ខុន្ទ្រិយ១ សោតិន្ទ្រិយ១ ឃានិន្ទ្រិយ១ ជិវ្ហិន្ទ្រិយ១ កាយិន្ទ្រិយ១ រមែងកើតឡើងបាន។ ម្នាលភិក្ខុទាំងឡាយ ចិត្តក៏មាន ធម្មារម្មណ៍ក៏មាន អវិជ្ជាធាតុ ក៏មាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបុថុជ្ជន មិនចេះដឹង កាលបើវេទនា ដែលកើតអំពីអវិជ្ជាសម្ផ័ស្ស ពាល់ត្រូវហើយ តែងយល់ឃើញថា អាត្មាអញ មានដូច្នេះខ្លះ យល់ឃើញថា នេះអាត្មាអញ ដូច្នេះខ្លះ យល់ឃើញថា អាត្មាអញនឹងមាន ដូច្នេះខ្លះ យល់ឃើញថា អាត្មាអញ នឹងមិនមាន ដូច្នេះខ្លះ យល់ឃើញថា អាត្មាអញនឹងមានរូបដូច្នេះខ្លះ យល់ឃើញថា អាត្មាអញ នឹងមិនមានរូប ដូច្នេះខ្លះ យល់ឃើញថា អាត្មាអញ នឹងមានសញ្ញា ដូច្នេះខ្លះ យល់ឃើញថា អាត្មាអញ នឹងមិនមានសញ្ញា ដូច្នេះខ្លះ យល់ឃើញថា អាត្មាអញ នឹងមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ដូច្នេះខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក៏ឥន្ទ្រិយ ទាំង៥ តែងឋិតនៅ ក្នុងបុគ្គលនោះៗឯង ទុកជាឥន្ទ្រិយទាំងនោះ ឋិតនៅដោយប្រការដូច្នេះ ចំណែកអរិយសាវ័កអ្នកចេះដឹង រមែងលះបង់អវិជ្ជាចេញបាន វិជ្ជាក៏កើតឡើង ព្រោះវិនាសអវិជ្ជា ព្រោះកើតឡើងនៃវិជ្ជា អរិយសាវ័កនោះ ក៏មិនបានយល់ឃើញថា អាត្មាអញ មាន ដូច្នេះផង មិនយល់ឃើញថា នេះអាត្មាអញ ដូច្នេះផង មិនយល់ឃើញថា អាត្មាអញនឹងមាន ដូច្នេះផង មិនយល់ឃើញថា អាត្មាអញ នឹងមិនមាន ដូច្នេះផង មិនយល់ឃើញថា អាត្មាអញ នឹងមានរូប ដូច្នេះផង មិនយល់ឃើញថា អាត្មាអញ នឹងមិនមានរូប ដូច្នេះផង មិនយល់ឃើញថា អាត្មាអញ នឹងមានសញ្ញា ដូច្នេះផង មិនយល់ឃើញថា អាត្មាអញ នឹងមិនមានសញ្ញា ដូច្នេះផង មិនយល់ឃើញថា អាត្មាអញ នឹងមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ដូច្នេះផង។

 

លេខយោង

1)
អដ្ឋកថាពន្យល់ថា ប្រកាន់ដោយបបញ្ចធម៌ ៣យ៉ាង គឺ តណ្ហា មានះ ទិដ្ឋិ។
km/tipitaka/sut/sn/22/sut.sn.22.047.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann