km:tipitaka:sut:sn:22:sut.sn.22.085



(យមក)សូត្រ ទី៣

សង្ខេប

ព្រះយមកៈ កើត​ទិដ្ឋិ​អាក្រក់ អះ​អាង​​ថា ពេល​​ដែល​​ព្រះ​​អរហន្ត​​ស្លាប់ ខ្លួន​​ត្រូវ​​វិនាស​សូន្យ​​ឈឹង។ ព្រះ​សារីបុត្ត​ទាញ​គាត់​ចេញ​ពី​ការ​​យល់​ខុស​​នេះ ហើយ​​ពេល​​បាន​​ធ្វើ​ដូ​ច្នេះ​ នាំ​គាត់​ទៅ​រក​​ការ​ត្រាស់​ដឹង​ខ្លួន។ (ចំណាំ៖ «កើតទៀត» គួរតែត្រូវបានកែតម្រូវ «មាន ឬ រស់នៅ» ហើយ «សត្វ» តាម​ពិត​គួរ​ដូច​ជា​នៅ​ក្នុង​ភាសា​​បាលី «តថាគត»)។

sn 22.085 បាលី cs-km: sut.sn.22.085 អដ្ឋកថា: sut.sn.22.085_att PTS: ?

(យមក)សូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៣. យមកសុត្តំ)

[១៩៨] សម័យមួយ ព្រះសារីបុត្តមានអាយុ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក៏សម័យនោះឯង ភិក្ខុឈ្មោះ យមកៈ កើតទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះថា អញយល់ច្បាស់នូវធម៌ ដែលព្រះមានព្រះភាគសំដែងហើយថា ភិក្ខុជាខីណាស្រព តែទម្លាយកាយហើយ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងដាច់សូន្យទៅ មិនកើតទៀតទេ។ ភិក្ខុទាំងឡាយច្រើនរូប បានឮថា យមកភិក្ខុ កើតទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះថា អញយល់ច្បាស់នូវធម៌ ដែលព្រះមានព្រះភាគសំដែងហើយថា ភិក្ខុជាខីណាស្រព តែទម្លាយកាយហើយ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងដាច់សូន្យទៅ មិនកើតទៀតទេ។ លំដាប់នោះ ភិក្ខុអម្បាលនោះ ចូលទៅរកយមកភិក្ខុមានអាយុ លុះចូលទៅដល់ហើយ ក៏រាក់ទាក់ជាមួយនឹងយមកភិក្ខុមានអាយុ លុះបញ្ចប់ពាក្យគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះភិក្ខុអម្បាលនោះ អង្គុយក្នុងទីសមគួរហើយ ទើបពោលនឹងយមកភិក្ខុមានអាយុ ដូច្នេះថា ម្នាលអាវុសោយមកៈ ឮថា លោកកើតទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះថា អញយល់ច្បាស់នូវធម៌ ដែលព្រះមានព្រះភាគសំដែងហើយថា ភិក្ខុជាខីណាស្រព តែទម្លាយកាយហើយ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងដាច់សូន្យទៅ មិនកើតទៀត ដូច្នេះពិតឬ។ យមកភិក្ខុមានអាយុ ឆ្លើយថា ម្នាលអាវុសោ យ៉ាងហ្នឹងមែនហើយ ខ្ញុំយល់ច្បាស់នូវធម៌ដែលព្រះមានព្រះភាគ សំដែងហើយថា ភិក្ខុជាខីណាស្រព តែទម្លាយកាយហើយ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងដាច់សូន្យ មិនកើតទៀតទេ។ ម្នាលអាវុសោយមកៈ លោកកុំពោលយ៉ាងនេះឡើយ លោកកុំពោលបង្កាច់ព្រះមានព្រះភាគឡើយ ការពោលបង្កាច់ព្រះមានព្រះភាគ មិនល្អទេ ព្រោះព្រះមានព្រះភាគ មិនមែនត្រាស់យ៉ាងនេះថា ភិក្ខុជាខីណាស្រព តែទម្លាយកាយហើយ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងដាច់សូន្យ មិនកើតទៀត យ៉ាងនេះទេ។ កាលភិក្ខុអម្បាលនោះ ពោល (ហាមឃាត់) យ៉ាងនេះហើយ យមកភិក្ខុមានអាយុ ក៏នៅតែកួចកាន់ ស្ទាបអង្អែលទិដ្ឋិអាក្រក់នោះ ដូច្នោះដដែល ហើយពោលថា ខ្ញុំយល់ច្បាស់ នូវធម៌ដែលព្រះមានព្រះភាគ សំដែងហើយថា ភិក្ខុជាខីណាស្រព តែទម្លាយកាយហើយ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងដាច់សូន្យបាត់ទៅ មិនកើតទៀតទេ។ កាលបើភិក្ខុអម្បាលនោះ មិនអាចរំដោះយមកភិក្ខុមានអាយុ ចាកទិដ្ឋិអាក្រក់នេះបានទេ។ ទើបភិក្ខុអម្បាលនោះ ក្រោកចាកអាសនៈ ចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលអាវុសោ សារីបុត្ត យមកភិក្ខុ កើតទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះថា អញយល់ច្បាស់ នូវធម៌ដែលព្រះមានព្រះភាគ សំដែងហើយថា ភិក្ខុជាខីណាស្រព តែទម្លាយកាយហើយ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងដាច់សូន្យទៅ មិនកើតទៀតទេ សូមព្រះសារីបុត្តមានអាយុ និមន្តចូលទៅរកយមកភិក្ខុ ដើម្បីធ្វើនូវសេចក្តីអនុគ្រោះ។ ព្រះសារីបុត្តមានអាយុ ក៏ទទួលដោយតុណ្ហីភាព។

[១៩៩] លំដាប់នោះ ព្រះសារីបុត្តមានអាយុ ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅរកយមកភិក្ខុមានអាយុ លុះចូលទៅដល់ ក៏ពោលពាក្យរាក់ទាក់ ជាមួយនឹងយមកភិក្ខុមានអាយុ។បេ។ លុះព្រះសារីបុត្តមានអាយុ គង់ក្នុងទីសមគួរហើយ ក៏ពោលនឹងយមកភិក្ខុមានអាយុ ដូច្នេះថា ម្នាលអាវុសោយមកៈ ឮថា លោកកើតទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះថា អញយល់ច្បាស់ នូវធម៌ដែលព្រះមានព្រះភាគ សំដែងហើយថា ភិក្ខុជាខីណាស្រព តែទម្លាយកាយហើយ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងដាច់សូន្យទៅ មិនកើតទៀត ដូច្នេះ មែនឬ។ យមកភិក្ខុមានអាយុ ឆ្លើយថា យ៉ាងហ្នឹងមែនហើយ ម្នាលអាវុសោ ខ្ញុំយល់ច្បាស់ នូវធម៌ដែលព្រះមានព្រះភាគ សំដែងហើយថា ភិក្ខុជាខីណាស្រព តែទម្លាយកាយហើយ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងដាច់សូន្យទៅ មិនកើតទៀតទេ។ ម្នាលអាវុសោយមកៈ លោកសំគាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ អាវុសោ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ អាវុសោ។ ព្រោះហេតុនោះ អរិយសាវ័កក្នុងសាសនានេះ។បេ។ ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[២០០] ម្នាលអាវុសោយមកៈ លោកសំគាល់សេចក្តីនោះ ដូចម្តេច លោកពិចារណាឃើញរូប ថាជាសត្វឬ។ មិនដូច្នោះទេ អាវុសោ។ ព្រះសារីបុត្តសួរថា លោកពិចារណាឃើញវេទនា ថាជាសត្វឬ។ មិនដូច្នោះទេ អាវុសោ។ សញ្ញា។ សង្ខារទាំងឡាយ។ លោកពិចារណាឃើញវិញ្ញាណ ថាជាសត្វឬ។ មិនដូច្នោះទេ អាវុសោ។

[២០១] ម្នាលអាវុសោយមកៈ លោកសំគាល់សេចក្តីនោះ ដូចម្តេច លោកពិចារណាឃើញថា សត្វមានក្នុងរូបឬ។ មិនដូច្នោះទេ អាវុសោ។ លោកពិចារណាឃើញថា សត្វផ្សេងពីរូបឬ។ មិនដូច្នោះទេ អាវុសោ។ ក្នុងវេទនា។បេ។ ផ្សេងពីវេទនា។បេ។ ក្នុងសញ្ញា។ ផ្សេងពីសញ្ញា។ ក្នុងសង្ខារទាំងឡាយ។ ផ្សេងពីសង្ខារទាំងឡាយ។ លោកពិចារណាឃើញថា សត្វមានក្នុងវិញ្ញាណឬ។ មិនដូច្នោះទេ អាវុសោ។ លោកពិចារណាឃើញថា សត្វផ្សេងពីវិញ្ញាណឬ។ មិនដូច្នោះទេ អាវុសោ។

[២០២] ម្នាលអាវុសោយមកៈ លោកសំគាល់សេចក្តីនោះ ដូចម្តេច លោកពិចារណាឃើញរូប។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ថាជាសត្វឬ។ មិនដូច្នោះទេ អាវុសោ។

[២០៣] ម្នាលអាវុសោយមកៈ លោកសំគាល់សេចក្តីនោះ ដូចម្តេច លោកពិចារណាឃើញសត្វនេះថា មិនមានរូប មិនមានវេទនា មិនមានសញ្ញា មិនមានសង្ខារ មិនមានវិញ្ញាណឬ។ មិនដូច្នោះទេ អាវុសោ។ ម្នាលអាវុសោយមកៈ ក្នុងស្ថាននេះ កាលបើលោកកំណត់សត្វ ថាទៀង ថាពិត ក្នុងបច្ចុប្បន្នហើយ ការព្យាករណ៍ របស់លោកនោះ គួរហើយឬ ថាអញយល់ច្បាស់នូវធម៌ ដែលព្រះមានព្រះភាគ សម្តែងហើយថា ភិក្ខុជាខីណាស្រព តែទម្លាយកាយហើយ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងដាច់សូន្យបាត់ទៅ មិនកើតទៀត។ ម្នាលអាវុសោសារីបុត្ត កាលពីដើម ខ្ញុំមិនដឹងថា ទិដ្ឋិរបស់ខ្ញុំនោះ ជាទិដ្ឋិអាក្រក់ ឥឡូវនេះ ខ្ញុំលះបង់ទិដ្ឋិអាក្រក់នោះហើយ ព្រោះបានស្តាប់ធម្មទេសនា របស់ព្រះសារីបុត្តមានអាយុនេះ មួយទៀត ខ្ញុំក៏បានសម្រេចធម៌វិសេសហើយ។

[២០៤] ម្នាលអាវុសោយមកៈ បើជនទាំងឡាយសួរលោកយ៉ាងនេះថា ម្នាលអាវុសោយមកៈ ភិក្ខុណា ជាអរហន្តខីណាស្រព ភិក្ខុនោះ ទម្លាយកាយហើយ ខាងមុខអំពីសេចក្តីស្លាប់ទៅ នឹងកើតទៀតឬ ម្នាលអាវុសោយមកៈ កាលបើគេសួរយ៉ាងនេះ លោកគប្បីព្យាករ (ឆ្លើយ) ដូចម្តេចទៅ។ ម្នាលអាវុសោ បើគេសួរខ្ញុំ យ៉ាងនេះថា ម្នាលអាវុសោយមកៈ ភិក្ខុណា ជាអរហន្ត ខីណាស្រព ភិក្ខុនោះ លុះទម្លាយកាយហើយ ខាងមុខអំពីសេចក្តីស្លាប់ទៅ នឹងកើតទៀតឬ ម្នាលអាវុសោ កាលបើគេសួរយ៉ាងនេះ ខ្ញុំគប្បីព្យាករយ៉ាងនេះថា ម្នាលអាវុសោ រូបមិនទៀងទេ រូបណាមិនទៀង រូបនោះជាទុក្ខ រូបណាជាទុក្ខ រូបនោះ រលត់ទៅ ដល់នូវសេចក្តីវិនាសទៅ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនទៀងទេ វិញ្ញាណណា មិនទៀង វិញ្ញាណនោះជាទុក្ខ វិញ្ញាណណាជាទុក្ខ វិញ្ញាណនោះ រលត់ទៅ ដល់នូវសេចក្តីវិនាសទៅ ម្នាលអាវុសោ កាលបើគេសួរយ៉ាងនេះ ខ្ញុំគប្បីព្យាករយ៉ាងនេះឯង។

[២០៥] ម្នាលអាវុសោយមកៈ ប្រពៃហើយ ប្រពៃហើយ ម្នាលអាវុសោយមកៈ បើដូច្នោះ ខ្ញុំនឹងធ្វើសេចក្តីឧបមាឲ្យលោកស្តាប់ ដើម្បីឲ្យដឹងសេចក្តីនោះ ច្បាស់លាស់ឡើងទៀត។ ម្នាលអាវុសោយមកៈ ដូចជាគហបតី ឬគហបតិបុត្ត ជាអ្នកស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន គហបតី ឬគហបតិបុត្តនោះ ក៏ប្រកបដោយការរក្សាមាំមួន ទោះបីបុរសណាមួយ ចង់ឲ្យគហបតី ឬគហបតិបុត្តនោះវិនាស ចង់ឲ្យខូចប្រយោជន៍ មិនចង់ឲ្យក្សេមក្សាន្តចាកយោគៈ ចង់សម្លាប់គហបតី ឬគហបតិបុត្តនោះ បុរសនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា គហបតី ឬគហបតិបុត្តនេះឯង ជាអ្នកស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន គហបតី ឬគហបតិបុត្តនោះ ក៏ប្រកបដោយការរក្សាមាំមួន អញមិនងាយនឹងកំហែងសម្លាប់គហបតី ឬគហបតិបុត្តនេះបានទេ បើដូច្នោះ មានតែអញចូលទៅលួងលោមហើយ សឹមសម្លាប់។ បុរសនោះ ក៏ចូលទៅរកគហបតី ឬគហបតិបុត្តនោះ ហើយនិយាយ យ៉ាងនេះថា សូមមេត្តាប្រោស ខ្ញុំបាទសូមបម្រើលោក។ គហបតី ឬគហបតិបុត្តនោះ ក៏ឲ្យបុរសនោះបម្រើ លុះបុរសនោះ ចូលទៅបម្រើ ក៏ក្រោកឡើងមុន ដេកក្រោយ ទទួលធ្វើការអ្វីៗ ប្រព្រឹត្តជាទីគាប់ចិត្ត ពោលពាក្យជាទីស្រឡាញ់ នៃគហបតី ឬគហបតិបុត្តនោះ លុះគហបតី ឬគហបតិបុត្តនោះ ជឿបុរសនោះថាជាមិត្តផង ជឿបុរសនោះ ថាជាបុគ្គលមានចិត្តល្អផង ហើយក៏ដល់នូវសេចក្តីស្និទ្ធស្នាល នឹងបុរសនោះ។ ម្នាលអាវុសោ កាលណាបើបុរសនោះ គិតយ៉ាងនេះថា គហបតី ឬគហបតិបុត្តនេះ អញបានស្និទ្ធស្នាលល្អហើយ លុះវេលាខាងក្រោយដឹងថា គហបតី ឬគហបតិបុត្តនោះ នៅក្នុងទីស្ងាត់ ក៏សម្លាប់ដោយសស្ត្រាដ៏មុត។ ម្នាលអាវុសោយមកៈ លោកសំគាល់សេចក្តីនោះ ដូចម្តេច កាលដែលបុរសនោះ ចូលទៅរកគហបតី ឬគហបតិបុត្តឯណោះ ហើយនិយាយ យ៉ាងនេះថា សូមមេត្តាប្រោស ខ្ញុំបាទសូមបម្រើលោក គហបតី ឬគហបតិបុត្ត ដែលត្រូវគេសម្លាប់នោះឯង មិនស្គាល់បុរសអ្នកសម្លាប់ថា ជាអ្នកសម្លាប់ខ្លួនទេឬ។ កាលដែលបុរសនោះ ចូលទៅបម្រើ ក៏ក្រោកឡើងមុន ដេកក្រោយ ទទួលធ្វើការអ្វីៗ ប្រព្រឹត្តជាទីពេញចិត្ត ពោលពាក្យជាទីស្រឡាញ់ គហបតី ឬគហបតិបុត្ត ដែលត្រូវគេសម្លាប់នោះឯង មិនស្គាល់បុរសអ្នកសម្លាប់ថា ជាអ្នកសម្លាប់ខ្លួនទេ។ កាលដែលបុរសនោះដឹងថា គហបតី ឬគហបតិបុត្តនោះ នៅក្នុងទីស្ងាត់ហើយ ក៏សម្លាប់ដោយសស្ត្រាដ៏មុត តើគហបតី ឬគហបតិបុត្ត ដែលត្រូវគេសម្លាប់នោះឯង មិនស្គាល់បុរសអ្នកសម្លាប់ ថាជាអ្នកសម្លាប់ខ្លួនទេឬ។ យ៉ាងហ្នឹងឯង អាវុសោ។

[២០៦] ព្រះសារីបុត្តពោលថា ម្នាលអាវុសោ បុថុជ្ជនអ្នកមិនចេះដឹង មិនធ្លាប់ឃើញពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងអរិយធម៌ មិនហ្វឹកហ្វឺនក្នុងអរិយធម៌ មិនឃើញពួកសប្បុរស មិនឈ្លាសវៃ ក្នុងសប្បុរិសធម៌ មិនហ្វឹកហ្វឺនក្នុងសប្បុរិសធម៌ រមែងឃើញរូប ថាជាខ្លួនខ្លះ ឃើញខ្លួន ថាមានរូបខ្លះ ឃើញរូប ថាមានក្នុងខ្លួនខ្លះ ឃើញខ្លួន ថាមានក្នុងរូបខ្លះ។ ឃើញវេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ថាជាខ្លួន។បេ។ ឃើញខ្លួន ថាមានក្នុងវិញ្ញាណខ្លះ។ បុថុជ្ជននោះ រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវរូបមិនទៀង ថារូបមិនទៀង រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវវេទនាមិនទៀង ថាវេទនាមិនទៀង រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវសញ្ញាមិនទៀង ថាសញ្ញាមិនទៀង រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវសង្ខារទាំងឡាយមិនទៀង ថាសង្ខារទាំងឡាយ មិនទៀងឡើយ រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវវិញ្ញាណមិនទៀង ថាវិញ្ញាណមិនទៀងឡើយ។ រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវរូបជាទុក្ខ ថារូបជាទុក្ខឡើយ។ នូវវេទនាជាទុក្ខ។ នូវសញ្ញាជាទុក្ខ។ នូវសង្ខារទាំងឡាយជាទុក្ខ។ រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវវិញ្ញាណជាទុក្ខ ថាវិញ្ញាណជាទុក្ខឡើយ។ រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវរូបមិនមែនខ្លួន ថារូបមិនមែនខ្លួនឡើយ។ នូវវេទនាមិនមែនខ្លួន។ នូវសញ្ញាមិនមែនខ្លួន។ នូវសង្ខារទាំងឡាយមិនមែនខ្លួន។ រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវវិញ្ញាណមិនមែនខ្លួន ថាវិញ្ញាណមិនមែនខ្លួនឡើយ។ រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវរូបមានបច្ច័យតាក់តែង ថារូបមានបច្ច័យតាក់តែងឡើយ។ នូវវេទនាមានបច្ច័យតាក់តែង។ នូវសញ្ញាមានបច្ច័យតាក់តែង។ នូវសង្ខារទាំងឡាយ មានបច្ច័យតាក់តែង។ រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវវិញ្ញាណមានបច្ច័យតាក់តែង ថាវិញ្ញាណមានបច្ច័យតាក់តែងឡើយ។ រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវរូបជាអ្នកសម្លាប់ ថារូបជាអ្នកសម្លាប់ឡើយ។ នូវវេទនាជាអ្នកសម្លាប់។ នូវសញ្ញាជាអ្នកសម្លាប់។ នូវសង្ខារទាំងឡាយជាអ្នកសម្លាប់។ រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវវិញ្ញាណជាអ្នកសម្លាប់ ថាវិញ្ញាណជាអ្នកសម្លាប់ឡើយ។ បុថុជ្ជននោះ រមែងចូលទៅប្រកាន់ខ្ជាប់ តាំងចិត្តស៊ប់ នូវរូបថាជាខ្លួនរបស់អញ។ រមែងចូលទៅប្រកាន់ខ្ជាប់ តាំងចិត្តស៊ប់ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ នូវវិញ្ញាណ ថាជាខ្លួនរបស់អញ។ ឧបាទានក្ខន្ធ ទាំង៥នេះ ដែលបុថុជ្ជននោះ ចូលទៅប្រកាន់ខ្ជាប់ហើយ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខ អស់កាលជាអង្វែង។

[២០៧] ព្រះសារីបុត្តពោលថា ម្នាលអាវុសោ ឯអរិយសាវ័ក ជាអ្នកចេះដឹង បានឃើញពួកព្រះអរិយៈ ឈ្លាសវៃ ក្នុងអរិយធម៌ ហ្វឹកហ្វឺនក្នុងអរិយធម៌។បេ។ ជាអ្នកហឹ្វកហ្វឺនក្នុងសប្បុរិសធម៌ រមែងមិនឃើញរូបថាជាខ្លួន មិនឃើញខ្លួនថាមានរូបខ្លះ មិនឃើញរូបថាមានក្នុងខ្លួនខ្លះ មិនឃើញខ្លួន ថាមានក្នុងរូបខ្លះ។ មិនឃើញវេទនា។ មិនឃើញសញ្ញា។ មិនឃើញសង្ខារទាំងឡាយ។ មិនឃើញវិញ្ញាណ ថាជាខ្លួន មិនឃើញខ្លួន ថាមានវិញ្ញាណខ្លះ មិនឃើញវិញ្ញាណថាមានក្នុងខ្លួនខ្លះ មិនឃើញខ្លួន ថាមានក្នុងវិញ្ញាណខ្លះ។ អរិយសាវ័កនោះ ដឹងច្បាស់តាមសេចក្តីពិត នូវរូបមិនទៀងថា រូបមិនទៀងមែន។ នូវវេទនាមិនទៀង។ នូវសញ្ញាមិនទៀង។ នូវសង្ខារទាំងឡាយមិនទៀង។ ដឹងច្បាស់តាមសេចក្តីពិត នូវវិញ្ញាណមិនទៀង ថា វិញ្ញាណមិនទៀងមែន។ ដឹងច្បាស់តាមសេចក្តីពិត នូវរូបជាទុក្ខថា រូបជាទុក្ខមែន។ ដឹងច្បាស់តាមសេចក្តីពិត នូវវេទនាជាទុក្ខ។ នូវសញ្ញាជាទុក្ខ។ នូវសង្ខារទាំងឡាយជាទុក្ខ។ នូវវិញ្ញាណជាទុក្ខ ថាវិញ្ញាណជាទុក្ខមែន។ ដឹងច្បាស់តាមសេចក្តីពិត នូវរូបមិនមែនខ្លួនថា រូបមិនមែនខ្លួនមែន។ ដឹងច្បាស់តាមសេចក្តីពិតនូវវេទនាមិនមែនខ្លួន។ នូវសញ្ញាមិនមែនខ្លួន។ នូវសង្ខារទាំងឡាយមិនមែនខ្លួន។ នូវវិញ្ញាណមិនមែនខ្លួនថា វិញ្ញាណមិនមែនខ្លួនមែន។ ដឹងច្បាស់តាមសេចក្តីពិត នូវរូបមានបច្ច័យតាក់តែងថា រូបមានបច្ច័យតាក់តែងមែន។ ដឹងច្បាស់តាមសេចក្តីពិត នូវវេទនា មានបច្ច័យតាក់តែង។ នូវសញ្ញា មានបច្ច័យតាក់តែង។ នូវសង្ខារទាំងឡាយមានបច្ច័យតាក់តែង។ នូវវិញ្ញាណមានបច្ច័យតាក់តែងថា វិញ្ញាណមានបច្ច័យតាក់តែងមែន។ ដឹងច្បាស់តាមសេចក្តីពិត នូវរូបជាអ្នកសម្លាប់ថា រូបជាអ្នកសម្លាប់មែន។ ដឹងច្បាស់តាមសេចក្តីពិត នូវវេទនាជាអ្នកសម្លាប់។ នូវសញ្ញាជាអ្នកសម្លាប់។ នូវសង្ខារទាំងឡាយជាអ្នកសម្លាប់ថា សង្ខារទាំងឡាយជាអ្នកសម្លាប់មែន។ ដឹងច្បាស់តាមសេចក្តីពិត នូវវិញ្ញាណជាអ្នកសម្លាប់ថា វិញ្ញាណជាអ្នកសម្លាប់មែន។ អរិយសាវ័កនោះ ក៏មិនចូលទៅជិត មិនប្រកាន់ខ្ជាប់ មិនតាំងចិត្តស៊ប់ នូវរូប ថាជាខ្លួនរបស់អញ។ មិនចូលទៅជិត មិនប្រកាន់ខ្ជាប់ មិនតាំងចិត្តស៊ប់ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ នូវវិញ្ញាណ ថាជាខ្លួនរបស់អញ។ ឧបាទានក្ខន្ធ ទាំង៥នេះ ដែលអរិយសាវ័កនោះ មិនចូលទៅជិត មិនប្រកាន់ខ្ជាប់ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលជាអង្វែង។ យមកភិក្ខុតបថា ម្នាលអាវុសោ សារីបុត្ត សេចក្តីនុ៎ះ យ៉ាងហ្នឹងមែនហើយ បណ្តាលោកមានអាយុទាំងឡាយណា លោកមានអាយុទាំងឡាយនោះ ប្រាកដដូចជាលោកម្ចាស់ ឈ្មោះថា ជាសព្រហ្មចារី ជាអ្នកអនុគ្រោះ ចង់ឲ្យបានប្រយោជន៍ ជាអ្នកឲ្យឱវាទ ជាអ្នកប្រៀនប្រដៅមែន ឯចិត្តរបស់ខ្ញុំ រួចចាកអាសវៈ មិនប្រកាន់មាំហើយ ព្រោះបានស្តាប់ធម្មទេសនានេះ របស់ព្រះសារីបុត្តមានអាយុ។

 

លេខយោង

km/tipitaka/sut/sn/22/sut.sn.22.085.txt · ពេលកែចុងក្រោយ: 2024/10/14 13:17 និពន្ឋដោយ Johann