km:tipitaka:sut:sn:22:sut.sn.22.117



(ពន្ធន)សូត្រ ទី៥

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 22.117 បាលី cs-km: sut.sn.22.117 អដ្ឋកថា: sut.sn.22.117_att PTS: ?

(ពន្ធន)សូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥. ពន្ធនសុត្តំ)

[៣១] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ។បេ។ មិនបានសិក្សាក្នុងធម៌របស់សប្បុរស រមែងពិចារណាឃើញនូវរូប ថាជាខ្លួនខ្លះ នូវខ្លួន ថាមានរូបខ្លះ នូវរូប ថាមានក្នុងខ្លួនខ្លះ នូវខ្លួន ថាមានក្នុងរូបខ្លះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុថុជ្ជន អ្នកមិនចេះដឹង ជាប់ដោយចំណង គឺរូប ជាប់ដោយចំណងទាំងខាងក្នុង ទាំងខាងក្រៅ ជាអ្នកមិនឃើញនូវឆ្នេរ គឺវដ្តៈ មិនឃើញនូវត្រើយ គឺព្រះនិព្វាន រមែងចាស់ទាំងជាប់ចំណង ស្លាប់ទាំងជាប់ចំណង ចេញចាកលោកនេះ ទៅកាន់លោកខាងមុខ ទាំងជាប់ចំណង។ ពិចារណាឃើញ នូវវេទនា ថាជាខ្លួនខ្លះ។បេ។ នូវខ្លួន ថាមានក្នុងវេទនាខ្លះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុថុជ្ជន អ្នកមិនចេះដឹង ជាប់ដោយចំណង គឺវេទនា ជាប់ដោយចំណងទាំងខាងក្នុង ទាំងខាងក្រៅ មិនឃើញនូវឆ្នេរ មិនឃើញនូវត្រើយ រមែងចាស់ទាំងជាប់ចំណង ស្លាប់ទាំងជាប់ចំណង ចេញចាកលោកនេះ ទៅកាន់លោកខាងមុខ ទាំងជាប់ចំណង។ ពិចារណាឃើញនូវសញ្ញា។ នូវសង្ខារទាំងឡាយ។ នូវវិញ្ញាណ ថាជាខ្លួន។បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុថុជ្ជន អ្នកមិនចេះដឹង ជាប់ដោយចំណង គឺវិញ្ញាណ ជាប់ដោយចំណងទាំងខាងក្នុង ទាំងខាងក្រៅ មិនឃើញនូវឆ្នេរ មិនឃើញនូវត្រើយ រមែងចាស់ទាំងជាប់ចំណង ស្លាប់ទាំងជាប់ចំណង ចេញចាកលោកនេះ ទៅកាន់លោកខាងមុខ ទាំងជាប់ចំណង។

[៣២] ម្នាលភិក្ខុទាំងឡាយ ចំណែកខាងអរិយសាវ័ក ជាអ្នកចេះដឹង បានឃើពួកព្រះអរិយៈ។បេ។ បានសិក្សាក្នុងធម៌របស់សប្បុរស មិនពិចារណាឃើញ នូវរូប ថាជាខ្លួនខ្លះ នូវខ្លួន ថាមានរូបខ្លះ នូវរូប ថាមានក្នុងខ្លួនខ្លះ នូវខ្លួន ថាមានក្នុងរូបខ្លះឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អរិយសាវ័ក អ្នកចេះដឹង មិនជាប់ដោយចំណង គឺរូប មិនជាប់ដោយចំណងទាំងខាងក្នុង ទាំងខាងក្រៅ ឃើញនូវឆ្នេរ ឃើញនូវត្រើយ តថាគតពោលថា អរិយសាវ័កនោះ ផុតស្រឡះចាកទុក្ខ។បេ។ មិនពិចារណាឃើញនូវសញ្ញា។ មិនពិចារណាឃើញ នូវសង្ខារទាំងឡាយ។ មិនពិចារណាឃើញ នូវវិញ្ញាណ ថាជាខ្លួន។បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អរិយសាវ័ក អ្នកចេះដឹង មិនជាប់ដោយចំណង គឺវិញ្ញាណ មិនជាប់ដោយចំណងទាំងខាងក្នុង ទាំងខាងក្រៅ ឃើញនូវឆ្នេរ ឃើញនូវត្រើយ តថាគតពោលថា អរិយសាវ័កនោះ ផុតស្រឡះចាកទុក្ខ។

 

លេខយោង

km/tipitaka/sut/sn/22/sut.sn.22.117.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann