km:tipitaka:sut:sn:22:sut.sn.22.122



(សីលវន្ត)សូត្រ ទី១០

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 22.122 បាលី cs-km: sut.sn.22.122 អដ្ឋកថា: sut.sn.22.122_att PTS: ?

(សីលវន្ត)សូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១០. សីលវន្តសុត្តំ)

[៣៧] សម័យមួយព្រះសារីបុត្តមានអាយុ និងព្រះមហាកោដ្ឋិតៈមានអាយុ នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ គ្រានោះ ព្រះមហាកោដ្ឋិតៈមានអាយុ ចេញចាកទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅរកព្រះសារីបុត្តមានអាយុ។បេ។ បានពោលពាក្យនេះថា ម្នាលអាវុសោសារីបុត្ត ភិក្ខុអ្នកមានសីល គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះធម៌ដូចម្តេច។ ម្នាលអាវុសោ កោដ្ឋិតៈ ភិក្ខុអ្នកមានសីល គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥ ថាមិនទៀង ជាទុក្ខ ជារោគ ជាបូស ជាសរ ជាជម្ងឺ ជាអាពាធ ជារបស់ដទៃ ជារបស់វិនាស ជារបស់សូន្យ ជារបស់មិនមែនខ្លួន។ ឧបាទានក្ខន្ធ ទាំង៥ ដូចម្តេច។ គឺរូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលអាវុសោ កោដ្ឋិតៈ ភិក្ខុអ្នកមានសីល គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង ជាទុក្ខ ជារោគ ជាបូស ជាសរ ជាជម្ងឺ ជាអាពាធ ជារបស់ដទៃ ជារបស់វិនាស ជារបស់សូន្យ ជារបស់មិនមែនខ្លួន។ ម្នាលអាវុសោ ហេតុនេះ តែងមានប្រាកដ គឺត្រង់ដែលភិក្ខុមានសីល កាលធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន នឹងធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផលបាន។

[៣៨] ម្នាលអាវុសោសារីបុត្ត ចុះភិក្ខុជាសោតាបន្ន គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះធម៌ដូចម្តេច។ ម្នាលអាវុសោ កោដ្ឋិតៈ ទោះបីភិក្ខុជាសោតាបន្ន ក៏គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន។ ម្នាលអាវុសោ ហេតុនេះ តែងមានប្រាកដ គឺត្រង់ដែលភិក្ខុជាសោតាបន្ន កាលធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន នឹងធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផលបាន។

[៣៩] ម្នាលអាវុសោសារីបុត្ត ចុះភិក្ខុជាសកទាគាមី គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះធម៌ដូចម្តេច។ ម្នាលអាវុសោ កោដ្ឋិតៈ ទោះបីភិក្ខុជាសកទាគាមី ក៏គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន។ ម្នាលអាវុសោ ហេតុនេះ តែងមានប្រាកដ គឺត្រង់ដែលភិក្ខុជាសកទាគាមី កាលធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន នឹងធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផលបាន។

[៤០] ម្នាលអាវុសោសារីបុត្ត ចុះភិក្ខុជាអនាគាមី គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះធម៌ដូចម្តេច។ ម្នាលអាវុសោ កោដ្ឋិតៈ ទោះបីភិក្ខុជាអនាគាមី ក៏គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន។ ម្នាលអាវុសោ ហេតុនេះ តែងមានប្រាកដ គឺត្រង់ដែលភិក្ខុជាអនាគាមី កាលធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន នឹងធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផលបាន។

[៤១] ម្នាលអាវុសោសារីបុត្ត ចុះភិក្ខុជាព្រះអរហន្ត គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះធម៌ដូចម្តេច។ ម្នាលអាវុសោ កោដ្ឋិតៈ ទោះបីភិក្ខុជាព្រះអរហន្ត ក៏គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង ជាទុក្ខ ជារោគ ជាបូស ជាសរ ជាជម្ងឺ ជាអាពាធ ជារបស់ដទៃ ជារបស់វិនាស ជារបស់សូន្យ ជារបស់មិនមែនខ្លួន។ ម្នាលអាវុសោ សេចក្តីសន្សំរបស់ភិក្ខុជាព្រះអរហន្ត ដែលធ្វើករណីកិច្ចតទៅទៀត ឥតមានទេ ប៉ុន្តែធម៌ទាំងនេះ ដែលព្រះអរហន្ត បានចម្រើន បានធ្វើរឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្នផង ដើម្បីសតិសម្បជញ្ញៈផង។

 

លេខយោង

km/tipitaka/sut/sn/22/sut.sn.22.122.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann