km:tipitaka:sut:sn:22:sut.sn.22.123



(សុតវន្ត)សូត្រ ទី១១

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 22.123 បាលី cs-km: sut.sn.22.123 អដ្ឋកថា: sut.sn.22.123_att PTS: ?

(សុតវន្ត)សូត្រ ទី១១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១១. សុតវន្តសុត្តំ)

[៤២] សម័យមួយ ព្រះសារីបុត្តមានអាយុ និងព្រះមហាកោដ្ឋិតៈមានអាយុ នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ គ្រានោះឯង ព្រះកោដ្ឋិតៈមានអាយុ ចេញចាកទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅរកព្រះសារីបុត្រមានអាយុ លុះចូលទៅដល់ហើយ។បេ។ បានពោលពាក្យនេះថា ម្នាលអាវុសោសារីបុត្រ ភិក្ខុមានសេចក្តីចេះដឹង គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះធម៌ដូចម្តេច។ ម្នាលអាវុសោ កោដ្ឋិតៈ ភិក្ខុមានសេចក្តីចេះដឹង គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន។ ឧបាទានក្ខន្ធ ទាំង៥ ដូចម្តេច។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលអាវុសោ កោដ្ឋិតៈ ភិក្ខុមានសេចក្តីចេះដឹង គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន។ ម្នាលអាវុសោ ហេតុនេះ តែងមានប្រាកដ គឺត្រង់ដែលភិក្ខុមានសេចក្តីចេះដឹង កាលធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន នឹងធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផលបាន។

[៤៣] ម្នាលអាវុសោសារីបុត្ត ចុះភិក្ខុជាសោតាបន្ន គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះធម៌ដូចម្តេចទៀត។ ម្នាលអាវុសោ កោដ្ឋិតៈ ទោះបីភិក្ខុជាសោតាបន្ន ក៏គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន។ ម្នាលអាវុសោ ហេតុនេះ តែងមានប្រាកដ គឺត្រង់ដែលភិក្ខុ ជាសោតាបន្ន កាលធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន នឹងធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផលបាន។បេ។ នូវអនាគាមិផលបាន។បេ។ នូវអរហត្តផលបាន។

[៤៤] ម្នាលអាវុសោសារីបុត្ត ចុះភិក្ខុជាព្រះអរហន្ត គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះធម៌ដូចម្តេចទៀត។ ម្នាលអាវុសោ កោដ្ឋិតៈ ទោះបីភិក្ខុជាព្រះអរហន្ត ក៏គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង ជាទុក្ខ ជារោគ ជាបូស ជាសរ ជាជម្ងឺ ជាអាពាធ ជារបស់ដទៃ ជារបស់វិនាស ជារបស់សូន្យ ជារបស់មិនមែនខ្លួន។ ម្នាលអាវុសោ សេចក្តីសន្សំ របស់ភិក្ខុជាព្រះអរហន្ត ដែលធ្វើនូវករណីកិច្ចតទៅទៀត ឥតមានទេ ប៉ុន្តែធម៌ទាំងនេះ ដែលព្រះអរហន្ត បានចម្រើនហើយ បានធ្វើរឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្នផង ដើម្បីសតិសម្បជញ្ញៈផង។

 

លេខយោង

km/tipitaka/sut/sn/22/sut.sn.22.123.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann