km:tipitaka:sut:sn:22:sut.sn.22.159



(អានន្ទ)សូត្រ ទី១០

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 22.159 បាលី cs-km: sut.sn.22.159 អដ្ឋកថា: sut.sn.22.159_att PTS: ?

(អានន្ទ)សូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១០. អានន្ទសុត្តំ)

[៩១] ក្រុងសាវត្ថី។ គ្រានោះឯង ព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ។បេ។ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ទ្រង់សម្តែងធម៌ ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ លុះខ្ញុំព្រះអង្គ បានស្តាប់ធម៌ព្រះមានព្រះភាគហើយ ក៏នឹងចៀសចេញទៅតែម្នាក់ឯង មិនមានសេចក្តីប្រមាទ មានតែសេចក្តីព្យាយាម មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន សម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ម្នាលអានន្ទ អ្នកសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញដែរឬ។ មិនដូច្នោះ ទេព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។

[៩២] ម្នាលអានន្ទ ហេតុដូច្នោះ រូបណានីមួយ ក្នុងលោកនេះ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបណា មានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី បុគ្គលគួរឃើញ នូវរូបទាំងអស់នោះ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ វេទនាណានីមួយ។ សញ្ញាណានីមួយ។ សង្ខារទាំងឡាយណានីមួយ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វិញ្ញាណណា ដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី បុគ្គលគួរឃើញ នូវវិញ្ញាណទាំងអស់នោះ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ ម្នាលអានន្ទ អរិយសាវ័ក ជាអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយនឹងរូប នឿយណាយនឹងវេទនា នឿយណាយនឹងសញ្ញា នឿយណាយនឹងសង្ខារទាំងឡាយ នឿយណាយនឹងវិញ្ញាណ កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេក ចិត្តក៏ផុតស្រឡះ។ កាលបើចិត្តផុតស្រឡះ ញាណ ក៏កើតឡើងថា ចិត្តរបស់អាត្មាអញ ផុតស្រឡះហើយ។ ក៏ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់ ទិដ្ឋិវគ្គ ទី៥។

ឧទ្ទាននៃទិដ្ឋិវគ្គនោះគឺ

ពោលអំពីសុខ និងទុក្ខ ប្រព្រឹត្តទៅខាងក្នុង១ អំពីសេចក្តីប្រកាន់ថា នុ៎ះរបស់អញ១ នុ៎ះជាខ្លួនអញ១ អំពីសេចក្តីប្រកាន់ថា (បរិក្ខារ) មិនគប្បីមានដល់អញ១ អំពីមិច្ឆាទិដ្ឋិ១ សក្កាយទិដ្ឋិ១ អត្តានុទិដ្ឋិ១ អំពីសេចក្តីប្រកាន់ មាន២លើក វគ្គ (នេះ) បង្គ្រប់ដោយរឿងព្រះអានន្ទ១។

ចប់ ចុល្លបណ្ណាសកៈ។

ឧទ្ទាននៃវគ្គនៃបណ្ណាសកៈនោះ គឺ

អន្តវគ្គ ធម្មកថិកវគ្គ អវិជ្ជាវគ្គ កុក្កុឡវគ្គ ទិដ្ឋិវគ្គ ជាគម្រប់៥ បញ្ញាសកៈទី៣ ព្រះមានព្រះភាគត្រាស់ហើយ ព្រោះហេតុនោះ ទើបហៅថា និបាត។

ចប់ តិបញ្ញាសកៈ ក្នុងនិបាតនៃខន្ធវគ្គ។

ចប់ ខន្ធសំយុត្ត។

 

លេខយោង

km/tipitaka/sut/sn/22/sut.sn.22.159.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann