km:tipitaka:sut:sn:22:sut.sn.22.v08

មាតិកា



ខជ្ជនីយវគ្គ (ទី៣|៨)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 22.v08 បាលី cs-km: sut.sn.22.v08 អដ្ឋកថា: sut.sn.22.v08_att PTS: ?

ខជ្ជនីយវគ្គ (ទី៣|៨)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៣៣ - Book 33

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170101 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 20170101 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០៣៣ - Tipitaka Book 033, for change log on ati.eu see here: រាយការណ៍ ភាគ ០៣៣



book_033.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_033.pdf

លេខសម្គាល់
លេខទំព៍រ

ទ. 1

សុត្តន្តបិដក

សំយុត្តនិកាយ

ខន្ធវារវគ្គ

(ខន្ធវគ្គោ)

បញ្ចមភាគ

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

ខ្ញុំ​សូម​នមស្ការ ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ​។

ខន្ធសំយុត្ត ទី១

(១. ខន្ធសំយុត្តំ)

មូលបណ្ណាសកៈ

នកុលបិតវគ្គ (ទី១)

(១. នកុលបិតុវគ្គោ)

(នកុលបិតុ)សូត្រ ទី១

(១. នកុលបិតុសុត្តំ)

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងភេសកឡាវ័ន ជាទីឲ្យនូវអភ័យដល់សត្វម្រឹគ ជិតក្រុងសុំសុមារគិរៈ ក្នុងដែនភគ្គៈ។បេ។ គ្រានោះឯង គហបតី ឈ្មោះ នកុលបិតា (ជាបិតារបស់កុមារឈ្មោះនកុលៈ) ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះនកុលបិតាគហបតី អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជរាហើយ មានវ័យចម្រើនហើយ ចាស់ហើយ មានវ័យកន្លងហើយ ចូលក្នុងបច្ឆិមវ័យហើយ មានកាយរសាប់រសល់ មានជម្ងឺរឿយៗ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបានឃើញព្រះមានព្រះភាគ និងពួកភិក្ខុគួរដល់ការចម្រើននៃចិត្ត អស់កាលជានិច្ចទេ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទូន្មានខ្ញុំព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ប្រៀនប្រដៅខ្ញុំព្រះអង្គ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ខ្ញុំព្រះអង្គ អស់កាលជាយូរអង្វែង។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលគហបតី ការណ៍នុ៎ះ យ៉ាងហ្នឹងហើយ ម្នាលគហបតី ការណ៍នុ៎ះយ៉ាងហ្នឹងហើយ ម្នាលគហបតី ព្រោះថា កាយនេះ តែងរសាប់រសល់ (មិនមាំមួន) ដូចជាស៊ុតសត្វ គ្រាន់តែមានសម្បកពាសព័ទ្ធជុំវិញ ម្នាលគហបតី អ្នកណាដែលរក្សាកាយនេះ សំគាល់ថាគ្មានរោគ សូម្បីមួយរំពេច អ្នកនោះឯង មិនមានអ្វីក្រៅពីសេចក្តីល្ងង់ទេ ម្នាលគហបតី ព្រោះហេតុនោះ គួរអ្នកសិក្សាយ៉ាងនេះថា កាលបើអាត្មាអញ មានកាយរសាប់រសល់ ចិត្តនឹងមិនរសាប់រសល់ទេ ម្នាលគហបតី គួរអ្នកសិក្សា យ៉ាងនេះចុះ។

[២] លំដាប់នោះ នកុលបិតាគហបតី ត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ ហើយក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះសារីបុត្តមានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះនកុលបិតាគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះសារីបុត្តមានអាយុ និយាយយ៉ាងនេះថា ម្នាលគហបតី ឥន្ទ្រិយរបស់អ្នកស្រស់បស់ សម្បុរមុខក៏ស្អាតផូរផង់ ទំនងជាបានស្តាប់ធម្មីកថា ក្នុងទីចំពោះព្រះភក្ត្រ របស់ព្រះមានព្រះភាគ ក្នុងថ្ងៃនេះហើយទេដឹង។ បពិត្រលោកដ៏ចម្រើន ថ្វីក៏ខ្ញុំព្រះករុណាមិនបានស្តាប់ បពិត្រលោកដ៏ចម្រើន អម្បាញ់មិញ ព្រះមានព្រះភាគ បានស្រោចស្រប់ទឹកអម្រឹត គឺធម្មីកថា ដល់ខ្ញុំព្រះករុណា។ ម្នាលគហបតី ចុះព្រះមានព្រះភាគ ស្រោចស្រប់ទឹកអម្រឹត គឺធម្មីកថា ដល់អ្នក ដូចម្តេចខ្លះ។ បពិត្រលោកដ៏ចម្រើន ក្នុងអម្បាញ់មិញនេះ ខ្ញុំព្រះករុណា បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ បពិត្រលោកដ៏ចម្រើន លុះខ្ញុំអង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជរាហើយ មានវ័យចម្រើនហើយ ចាស់ហើយ មានវ័យកន្លងហើយ ចូលមកក្នុងបច្ឆិមវ័យហើយ មានកាយរសាប់រសល់ មានជម្ងឺរឿយៗ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនបានឃើញព្រះមានព្រះភាគ និងពួកភិក្ខុគួរដល់ការចម្រើននៃចិត្ត អស់កាលជានិច្ចទេ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទូន្មានខ្ញុំព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ប្រៀនប្រដៅខ្ញុំព្រះអង្គ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ខ្ញុំព្រះអង្គ អស់កាលជាយូរអង្វែង។ បពិត្រលោកដ៏ចំរើន កាលបើខ្ញុំព្រះករុណា ក្រាបទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ចំពោះខ្ញុំករុណា យ៉ាងនេះថា ម្នាលគហបតី ការណ៍នុ៎ះ យ៉ាងហ្នឹងហើយ ម្នាលគហបតី ការណ៍នុ៎ះ យ៉ាងហ្នឹងហើយ ម្នាលគហបតី ព្រោះថាកាយនេះ តែងរសាប់រសល់ (មិនមាំមួន) ដូចស៊ុតសត្វ មានសម្បកពាសព័ទ្ធជុំវិញ ម្នាលគហបតី អ្នកណា ដែលរក្សាកាយនេះ សំគាល់ថាគ្មានរោគ សូម្បីមួយរំពេច អ្នកនោះឯងមិនមានអ្វីក្រៅពីសេចក្តីល្ងង់ទេ ម្នាលគហបតី ព្រោះហេតុនោះ គួរអ្នកសិក្សា យ៉ាងនេះថា អាលបើអាត្មាអញ មានកាយរសាប់រសល់ តែចិត្តនឹងមិនរសាប់រសល់ទេ ម្នាលគហបតី អ្នកគួរសិក្សា យ៉ាងនេះចុះ។ បពិត្រលោកដ៏ចម្រើន ព្រះមានព្រះភាគ ស្រោចស្រប់ទឹកអម្រឹត គឺធម្មីកថា ដល់ខ្ញុំព្រះករុណា យ៉ាងនេះឯង។

[៣] ម្នាលគហបតី ចុះអ្នកមិនអាចសួរបញ្ជាក់ ចំពោះព្រះមានព្រះភាគ តទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលមានកាយរសាប់រសល់ផង មានចិត្តរសាប់រសល់ផង ដោយហេតុដូចម្តេចខ្លះ មួយទៀត បុគ្គល មានកាយរសាប់រសល់ តែមានចិត្តមិនរសាប់រសល់ ដូចម្តេចខ្លះទេឬ។ បពិត្រលោកដ៏ចំរើន យើងខ្ញុំមកពីចម្ងាយ ដើម្បីដឹងសេចក្តី នៃភាសិតនុ៎ះ ក្នុងសំណាក់ព្រះសារីបុត្តមានអាយុ (ឯណេះវិញ) ខ្ញុំព្រះករុណា សូមអង្វរ សូមព្រះសារីបុត្តមានអាយុ បំភ្លឺសេចក្តី នៃភាសិតនេះឲ្យទាន។ ម្នាលគហបតី បើដូច្នោះ ចូរអ្នកប្រុងស្តាប់ យកចិត្តទុកដាក់ ឲ្យប្រពៃចុះ អាត្មា នឹងសម្តែងជូន។ នកុលបិតាគហបតី ទទួលពាក្យព្រះសារីបុត្តមានអាយុថា ព្រះករុណា លោកម្ចាស់។ ព្រះសារីបុត្តមានអាយុ សម្តែងយ៉ាងនេះថា

[៤] ម្នាលគហបតី បុគ្គលមានកាយរសាប់រសល់ផង មានចិត្តរសាប់រសល់ផង តើដូចម្តេច។ ម្នាលគហបតី បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង ជាអ្នកមិនឃើញពួកព្រះអរិយៈ មិនឈ្លាសវៃ ក្នុងធម៌ព្រះអរិយៈ មិនបានសិក្សាក្នុងធម៌ព្រះអរិយៈ មិនបានឃើញពួកសប្បុររស មិនឈ្លាសវៃក្នុងធម៌សប្បុរស មិនបានសិក្សាក្នុងធម៌របស់សប្បុរស រមែងពិចារណាឃើញច្បាស់ នូវរូបថាជាខ្លួន នូវខ្លួនថាមានរូបខ្លះ នូវរូបថាមានក្នុងខ្លួនខ្លះ នូវខ្លួនថាមានក្នុងរូបខ្លះ រមែងប្រកាន់ថា រូប គឺអញ រូបរបស់អាត្មាអញ។ កាលបើបុគ្គលនោះ មានចិត្តប្រកាន់ថា រូបគឺអញ រូបរបស់អាត្មាអញ លុះដល់រូបនោះប្រែប្រួលទៅ ប្លែកទៅ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត រមែងកើតឡើងដល់បុគ្គលនោះ ព្រោះតែរូបប្រែប្រួល ប្លែកទៅ។ បុគ្គលនោះ ពិចារណាឃើញនូវវេទនា ថាជាខ្លួន នូវខ្លួនថាមានវេទនាខ្លះ នូវវេទនាថាមានក្នុងខ្លួនខ្លះ នូវខ្លួនថាមានក្នុងវេទនាខ្លះ មានសេចក្តីប្រកាន់ថាវេទនាគឺអញ វេទនារបស់អាត្មាអញ។ កាលបុគ្គលនោះ មានសេចក្តីប្រកាន់ថា វេទនាគឺអញ វេទនារបស់អាត្មាអញ ដូច្នេះ លុះដល់វេទនានោះ ប្រែប្រួលទៅ ប្លែកទៅ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត តែងកើតឡើង ដល់បុគ្គលនោះ ព្រោះតែវេទនាប្រែប្រួលទៅ ប្លែកទៅ។ បុគ្គលពិចារណាឃើញ នូវសញ្ញាថា ជាខ្លួនខ្លះ នូវខ្លួនថាមានសញ្ញាខ្លះ នូវសញ្ញាថាមានក្នុងខ្លួនខ្លះ នូវខ្លួនថាមានក្នុងសញ្ញាខ្លះ ក៏ប្រកាន់ថា សញ្ញាគឺអញ សញ្ញារបស់អាត្មាអញ។ កាលបើបុគ្គលនោះ មានសេចក្តីប្រកាន់ថា សញ្ញា គឺអញ សញ្ញារបស់អាត្មាអញ លុះដល់សញ្ញានោះ ប្រែប្រួលទៅ ប្លែកទៅ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត តែងកើតឡើង ដល់បុគ្គលនោះ ព្រោះតែសញ្ញាប្រែប្រួលទៅ ប្លែកទៅ។ បុគ្គលពិចារណាឃើញ នូវសង្ខារទាំងឡាយ ថាជាខ្លួនខ្លះ នូវខ្លួនថាមានសង្ខារខ្លះ នូវសង្ខារទាំងឡាយ ថាមានក្នុងខ្លួនខ្លះ នូវខ្លួនថាមានក្នុងសង្ខារទាំងឡាយខ្លះ តែងប្រកាន់ថា សង្ខារទាំងឡាយគឺអញ សង្ខារទាំងឡាយរបស់អាត្មាអញ។ កាលបុគ្គលនោះ មានសេចក្តីប្រកាន់ថា សង្ខារទាំងឡាយគឺអញ សង្ខារទាំងឡាយរបស់អាត្មាអញ លុះដល់សង្ខារទាំងនោះប្រែប្រួលទៅ ប្លែកទៅ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត តែងកើតឡើង ដល់បុគ្គលនោះ ព្រោះតែសង្ខារទាំងឡាយ ប្រែប្រួលទៅ ប្លែកទៅ។ បុគ្គលពិចារណាឃើញ នូវវិញ្ញាណ ថាជាខ្លួនខ្លះ នូវខ្លួនថាមានវិញ្ញាណខ្លះ នូវវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ នូវខ្លួនថាមានក្នុងវិញ្ញាណខ្លះ តែងប្រកាន់ថា វិញ្ញាណគឺអញ វិញ្ញាណរបស់អាត្មាអញ។ កាលបុគ្គលនោះ មានសេចក្តីប្រកាន់ថា វិញ្ញាណគឺអញ វិញ្ញាណរបស់អាត្មាអញ លុះដល់វិញ្ញាណនោះ ប្រែប្រួលទៅ ប្លែកទៅ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត តែងកើតឡើងដល់បុគ្គលនោះ ព្រោះតែវិញ្ញាណប្រែប្រួលទៅ ប្លែកទៅ។ ម្នាលគហបតី បុគ្គលមានកាយរសាប់រសល់ផង មានចិត្តរសាប់រសល់ផង យ៉ាងនេះឯង។

[៥] ម្នាលគហបតី ចុះបុគ្គលមានកាយរសាប់រសល់ តែចិត្តមិនរសាប់រសល់ តើដូចម្តេច។ ម្នាលគហបតី អរិយសាវ័កក្នុងលោកនេះ ជាអ្នកចេះដឹង បានឃើញពួកព្រះអរិយៈ ឈ្លាសវៃក្នុងធម៌ព្រះអរិយៈ បានសិក្សាថ្នឹកក្នុងធម៌ព្រះអរិយៈ ឃើញពួកសប្បុរស ឈ្លាសវៃក្នុងធម៌សប្បុរស បានសិក្សាថ្នឹក ក្នុងធម៌សប្បុរស រមែងមិនពិចារណាឃើញ នូវរូប ថាជាខ្លួនខ្លះ មិនឃើញនូវខ្លួន ថាមានរូបខ្លះ មិនឃើញនូវរូបថាមានក្នុងខ្លួនខ្លះ មិនឃើញនូវខ្លួន ថាមានក្នុងរូបខ្លះ មិនប្រកាន់ថា រូប គឺអញ រូបរបស់អាត្មាអញទេ។ កាលបុគ្គលនោះ មិនប្រកាន់ថា រូបគឺអញ រូបរបស់អាត្មាអញទេ លុះរូបនោះ ប្រែប្រួលទៅ ប្លែកទៅ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏មិនបានកើតឡើង ដល់បុគ្គលនោះ ព្រោះតែរូបប្រែប្រួលទៅ ប្លែកទៅឡើយ។ មិនពិចារណាឃើញ នូវវេទនា ថាជាខ្លួនខ្លះ មិនឃើញនូវខ្លួន ថាមានវេទនាខ្លះ មិនឃើញនូវវេទនា ថាមានក្នុងខ្លួនខ្លះ មិនឃើញនូវខ្លួនថាមានក្នុងវេទនាខ្លះ មិនប្រកាន់ថា វេទនាគឺអញ វេទនារបស់អាត្មាអញទេ។ កាលបុគ្គលនោះ មិនប្រកាន់ថា វេទនាគឺអញ វេទនារបស់អាត្មាអញទេ លុះវេទនានោះ ប្រែប្រួលទៅ ប្លែកទៅ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត មិនកើតឡើង ដល់បុគ្គលនោះ ព្រោះតែវេទនា ប្រែប្រួលទៅ ប្លែកទៅឡើយ។ មិនពិចារណាឃើញ នូវសញ្ញា ថាជាខ្លួនខ្លះ មិនឃើញនូវខ្លួន ថាមានសញ្ញាខ្លះ មិនឃើញនូវសញ្ញា ថាមានក្នុងខ្លួនខ្លះ មិនឃើញនូវខ្លួន ថាមានក្នុងសញ្ញាខ្លះ មិនប្រកាន់ថា សញ្ញា គឺអញ សញ្ញារបស់អាត្មាអញទេ។ កាលបុគ្គលនោះ មិនប្រកាន់ថា សញ្ញា គឺអញ សញ្ញារបស់អាត្មាអញទេ លុះសញ្ញានោះ ប្រែប្រួលទៅ ប្លែកទៅ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏មិនកើតឡើង ដល់បុគ្គលនោះ ព្រោះតែសញ្ញាប្រែប្រួលទៅ ប្លែកទៅឡើ់យ។ មិនពិចារណាឃើញ នូវសង្ខារទាំងឡាយ ថាជាខ្លួនខ្លះ មិនឃើញនូវខ្លួន ថាមានសង្ខារខ្លះ មិនឃើញនូវសង្ខារទាំងឡាយ ថាមានក្នុងខ្លួនខ្លះ មិនឃើញនូវខ្លួន ថាមានក្នុងសង្ខារទាំងឡាយខ្លះ មិនប្រកាន់ថា សង្ខារទាំងឡាយ គឺអញ សង្ខារទាំងឡាយរបស់អាត្មាអញទេ។ កាលបុគ្គលនោះ មិនប្រកាន់ថា សង្ខារទាំងឡាយ គឺអញ សង្ខារទាំងឡាយ របស់អាត្មាអញទេ លុះសង្ខារទាំងនោះ ប្រែប្រួលទៅ ប្លែកទៅ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត មិនកើតឡើង ដល់បុគ្គលនោះ ព្រោះតែសង្ខារទាំងឡាយ ប្រែប្រួលទៅ ប្លែកទៅឡើ់យ។ មិនពិចារណាឃើញនូវវិញ្ញាណ ថាជាខ្លួនខ្លះ មិនឃើញនូវខ្លួនថាមានវិញ្ញាណខ្លះ មិនឃើញនូវវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ មិនឃើញនូវខ្លួន ថាមានក្នុងវិញ្ញាណខ្លះ មិនបានប្រកាន់ថា វិញ្ញាណ គឺអញ វិញ្ញាណរបស់អាត្មាអញទេ។ កាលបុគ្គលនោះ មិនប្រកាន់ថា វិញ្ញាណ គឺអញ វិញ្ញាណរបស់អាត្មាអញទេ លុះវិញ្ញាណនោះ ប្រែប្រួលទៅ ប្លែកទៅ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏មិនកើតឡើង ដល់បុគ្គលនោះ ព្រោះតែវិញ្ញាណប្រែប្រួលទៅ ប្លែកទៅឡើ់យ។ ម្នាលគហបតី បុគ្គលមានកាយរសាប់រសល់ តែចិត្តមិនបានរសាប់រសល់ យ៉ាងនេះឯង។ លុះព្រះសារីបុត្តមានអាយុ បាននិយាយពាក្យនេះហើយ នកុលបិតាគហបតី ជាអ្នកមានសេចក្តីត្រេកអរ បានត្រេកអរ នឹងភាសិតរបស់ព្រះសារីបុត្តមានអាយុ។

(ទេវទហ)សូត្រ ទី២

(២. ទេវទហសុត្តំ)

[៦] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនិគមឈ្មោះទេវទហៈ របស់ពួកសក្យៈ ក្នុងដែនសក្កៈ។ គ្រានោះឯង ពួកភិក្ខុច្រើនរូប ដែលមានដំណើរត្រូវទៅបច្ឆាភូម បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំប្រាថ្នានឹងទៅកាន់ជនបទ ឈ្មោះបច្ឆាភូម នឹងសម្រេចការនៅអាស្រ័យ ក្នុងបច្ឆាភូមជនបទ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ បានលាសារីបុត្តហើយឬ។ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំ មិនបានលាព្រះសារីបុត្តមានអាយុទេ។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ លាសារីបុត្តផង ម្នាលភិក្ខុទាំងឡាយ (ព្រោះ) សារីបុត្ត ជាបណ្ឌិត ជាអ្នកអនុគ្រោះពួកភិក្ខុជាសព្រហ្មចារី។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគ ថា ព្រះករុណា ព្រះអង្គ។

[៧] សម័យនោះឯង ព្រះសារីបុត្តមានអាយុ អង្គុយនៅក្បែរគុម្ពរៃទឹកមួយ មិនឆ្ងាយអំពីព្រះមានព្រះភាគ។ គ្រានោះឯង ភិក្ខុទាំងនោះ ត្រេកអរ រីករាយនឹងភាសិត របស់ព្រះមានព្រះភាគ ហើយក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្តមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យ ដែលគួររឭកហើយ អង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏និយាយនឹងព្រះសារីបុត្តមានអាយុ យ៉ាងនេះថា ម្នាលអាវុសោ សារីបុត្ត យើងប្រាថ្នានឹងទៅកាន់បច្ឆាភូមជនបទ និងសម្រេចការនៅអាស្រ័យ ក្នុងបច្ឆាភូមជនបទ។ ពួកលោកបានលាព្រះសាស្តាហើយឬ។ ម្នាលអាវុសោ គង់មានពួកខត្តិយបណ្ឌិតខ្លះ ព្រាហ្មណបណ្ឌិតខ្លះ គហបតិបណ្ឌិតខ្លះ សមណបណ្ឌិតខ្លះ ជាអ្នកសួរប្រស្នាចំពោះភិក្ខុ ដែលទៅក្នុងដែនដទៃផ្សេងៗ ព្រោះថា ពួកមនុស្សជាបណ្ឌិត ជាអ្នកពិចារណារកប្រយោជន៍ (តែងសួរថា) ព្រះសាស្តា របស់ពួកលោកមានអាយុនោះ តើមានលទ្ធិដូចម្តេច ប្រៀនប្រដៅដូចម្តេច។ លោកមានអាយុទាំងឡាយ លោកបានស្តាប់ ដោយប្រពៃ រៀនដោយប្រពៃ យកចិត្តទុកដាក់ ដោយប្រពៃ ចាំជាក់លាក់ ចាក់ធ្លុះដោយប្រពៃ ដោយប្រាជ្ញា នូវធម៌ទាំងឡាយដែរឬ ពួកលោកមានអាយុ កាលនឹងដោះស្រាយ យ៉ាងណា ដែលឈ្មោះថា សម្តែងតាមធម៌ ដែលព្រះមានព្រះភាគ ត្រាស់ហើយផង កុំពោលបង្កាច់ព្រះមានព្រះភាគ ដោយពាក្យមិនពិតផង ព្យាករ នូវធម៌ដ៏សមគួរដល់ធម៌ផង លំអាននៃពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ មិនគប្បីដល់នូវហេតុ ដែលគួរតិះដៀលផង។ ម្នាលអាវុសោ ពួកយើងខ្ញុំ មកអំពីទីឆ្ងាយ បម្រុងឲ្យដឹងសេចក្តី នៃភាសិតនេះ ក្នុងសំណាក់ព្រះសារីបុត្តមានអាយុ សូមអង្វរ សូមព្រះសារីបុត្តមានអាយុ បំភ្លឺសេចក្តីនៃភាសិតនេះឲ្យទាន។

[៨] ម្នាលអាវុសោ បើដូច្នោះ ចូរលោកទាំងឡាយស្តាប់ ចូរយកចិត្តទុកដាក់ឲ្យប្រពៃចុះ ខ្ញុំនឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ក៏ទទួលពាក្យព្រះសារីបុត្តមានអាយុថា ករុណា អាវុសោ។ ព្រះសារីបុត្តមានអាយុ បាននិយាយ យ៉ាងនេះថា ម្នាលអាវុសោ គង់មានពួកខត្តិយបណ្ឌិតខ្លះ ព្រាហ្មណបណ្ឌិតខ្លះ គហបតិបណ្ឌិតខ្លះ សមណបណ្ឌិតខ្លះ ជាអ្នកសួរប្រស្នា ចំពោះភិក្ខុ ដែលទៅក្នុងដែនដទៃផ្សេងៗ មិនខាន ម្នាលអាវុសោ ព្រោះពួកមនុស្សជាបណ្ឌិត ជាអ្នកពិចារណារកប្រយោជន៍ (តែងសួរថា) ព្រះសាស្តា របស់លោកមានអាយុនោះ តើមានលទ្ធិដូចម្តេច ប្រដៅធម៌អ្វី។ ម្នាលអាវុសោ ពួកលោកត្រូវគេសួរ យ៉ាងនេះហើយ ត្រូវដោះស្រាយ យ៉ាងនេះថា ម្នាលអាវុសោ ព្រះសាស្តារបស់យើង ជាអ្នកប្រដៅឧបាយកំចាត់បង់ នូវឆន្ទរាគ។ ម្នាលអាវុសោ កាលបើពួកលោក ដោះស្រាយយ៉ាងនេះហើយ ពួកខត្តិយបណ្ឌិតក្តី ព្រាហ្មណបណ្ឌិតក្តី គហបតិបណ្ឌិតក្តី សមណបណ្ឌិតក្តី គង់នឹងសួរប្រស្នា តទៅទៀត ម្នាលអាវុសោ ព្រោះពួកមនុស្សជាបណ្ឌិត ជាអ្នកពិចារណារកប្រយោជន៍ (សមជានឹងសួរថា) ព្រះសាស្តា របស់លោកមានអាយុ ប្រដៅឧបាយកំចាត់បង់ នូវឆន្ទរាគ តើក្នុងវត្ថុអ្វី។ ម្នាលអាវុសោ ពួកលោកត្រូវគេសួរយ៉ាងនេះ គួរដោះស្រាយ យ៉ាងនេះថា ម្នាលអាវុសោ ព្រះសាស្តា ទ្រង់ប្រដៅឧបាយ ឲ្យកំចាត់បង់ នូវឆន្ទរាគ1) ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារទាំងឡាយ។ ព្រះសាស្តា ទ្រង់ប្រដៅឧបាយ កំចាត់បង់នូវឆន្ទរាគ ក្នុងវិញ្ញាណ។ ម្នាលអាវុសោ កាលបើពួកលោកដោះស្រាយ យ៉ាងនេះហើយ ពួកខត្តិយបណ្ឌិតក្តី ព្រាហ្មណបណ្ឌិតក្តី គហបតិបណ្ឌិតក្តី សមណបណ្ឌិតក្តី សមជានឹងសួរប្រស្នា តទៅទៀត ម្នាលអាវុសោ ព្រោះពួកមនុស្សជាបណ្ឌិត តែងពិចារណារកប្រយោជន៍ (តែងសួរថា) ព្រះសាស្តា របស់លោកមានអាយុ ទ្រង់ឃើញទោស ដូចម្តេច បានជាប្រដៅឧបាយកំចាត់បង់ នូវឆន្ទរាគក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារទាំងឡាយ។ ព្រះសាស្តា ទ្រង់ប្រដៅឧបាយ កំចាត់បង់ នូវឆន្ទរាគ ក្នុងវិញ្ញាណ។ ម្នាលអាវុសោ ពួកលោកត្រូវគេសួរ យ៉ាងនេះហើយ គួរដោះស្រាយ យ៉ាងនេះថា ម្នាលអាវុសោ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត រមែងកើតឡើង ដល់បុគ្គល ដែលមិនទាន់ប្រាសចាករាគៈ មិនទាន់ប្រាសចាកឆន្ទៈ មិនទាន់ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្តីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្តីក្តៅក្រហាយ មិនទាន់ប្រាសចាកតណ្ហា ក្នុងរូប ព្រោះតែរូបនោះ ប្រែប្រួលទៅ ប្លែកទៅ។ ក្នុងវេទនា។ ក្នុងសញ្ញា។ មិនទាន់ប្រាសចាករាគៈ ក្នុងសង្ខារទាំងឡាយ។បេ។ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត រមែងកើតឡើង ដល់បុគ្គល ដែលមិនទាន់ប្រាសចាកតណ្ហា ព្រោះតែសង្ខារទាំងឡាយនោះ ប្រែប្រួលទៅ ប្លែកទៅ។ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត រមែងកើតឡើង ដល់បុគ្គល ដែលមិនទាន់ប្រាសចាករាគៈ មិនទាន់ប្រាសចាកឆន្ទៈ មិនទាន់ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្តីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្តីក្តៅក្រហាយ មិនទាន់ប្រាសចាកតណ្ហា ក្នុងវិញ្ញាណ ព្រោះតែវិញ្ញាណនោះ ប្រែប្រួលទៅ ប្លែកទៅ។ ម្នាលអាវុសោ ព្រះសាស្តា របស់យើងទាំងឡាយ ទ្រង់ឃើញទោសនេះឯង បានជាទ្រង់ប្រដៅឧបាយ កំចាត់បង់ នូវឆន្ទរាគក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារទាំងឡាយ។ ព្រះសាស្តា ទ្រង់ប្រដៅឧបាយ កំចាត់បង់ នូវឆន្ទរាគ ក្នុងវិញ្ញាណ។ ម្នាលអាវុសោ កាលបើពួកលោកដោះស្រាយ យ៉ាងនេះហើយ ពួកខត្តិយបណ្ឌិតក្តី ព្រាហ្មណបណ្ឌិតក្តី គហបតិបណ្ឌិតក្តី សមណបណ្ឌិតក្តី សមជាសួរប្រស្នា តទៅទៀត ម្នាលអាវុសោ ព្រោះពួកមនុស្សជាបណ្ឌិត តែងពិចារណារកប្រយោជន៍ (តែងសួរថា) ព្រះសាស្តា របស់លោកមានអាយុ ទ្រង់ឃើញអានិសង្ស ដូចម្តេច បានជាប្រដៅឧបាយកំចាត់បង់ នូវឆន្ទរាគ ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារទាំងឡាយ។ ព្រះសាស្តា ទ្រង់ប្រដៅឧបាយកំចាត់បង់ នូវឆន្ទរាគ ក្នុងវិញ្ញាណ។ ម្នាលអាវុសោ ពួកលោកត្រូវគេសួរយ៉ាងនេះហើយ គួរព្យាករ យ៉ាងនេះថា ម្នាលអាវុសោ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត រមែងមិនកើតឡើង ដល់បុគ្គល ដែលប្រាសចាករាគៈ ប្រាសចាកឆន្ទៈ ប្រាសចាកសេចក្តីស្រឡាញ់ ប្រាសចាកសេចក្តីស្រេកឃ្លាន ប្រាសចាកសេចក្តីក្តៅក្រហាយ ប្រាសចាកតណ្ហាក្នុងរូប ព្រោះតែរូបនោះ ប្រែប្រួលទៅ ប្លែកទៅ។ ក្នុងវេទនា។ ក្នុងសញ្ញា។ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត រមែងមិនកើតឡើង ដល់បុគ្គល ដែលប្រាសចាករាគៈ ប្រាសចាកឆន្ទៈ ប្រាសចាកសេចក្តីស្រឡាញ់ ប្រាសចាកសេចក្តីស្រេកឃ្លាន ប្រាសចាកសេចក្តីក្តៅក្រហាយ ប្រាសចាកតណ្ហា ក្នុងសង្ខារទាំងឡាយ ព្រោះតែសង្ខារទាំងឡាយនោះ ប្រែប្រួលទៅ ប្លែកទៅ។ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត រមែងមិនកើតឡើង ដល់បុគ្គល ដែលប្រាសចាករាគៈ ប្រាសចាកឆន្ទៈ ប្រាសចាកសេចក្តីស្រឡាញ់ ប្រាសចាកសេចក្តីស្រេកឃ្លាន ប្រាសចាកសេចក្តីក្តៅក្រហាយ ប្រាសចាកតណ្ហា ក្នុងវិញ្ញាណ ព្រោះតែវិញ្ញាណនោះ ប្រែប្រួលទៅ ប្លែកទៅ។ ម្នាលអាវុសោ ព្រះសាស្តារបស់យើងទាំងឡាយ ទ្រង់ឃើញអានិសង្សនេះឯង បានជាទ្រង់ប្រដៅឧបាយ កំចាត់បង់ នូវឆន្ទរាគ ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារទាំងឡាយ។ ព្រះសាស្តា ទ្រង់ប្រដៅឧបាយ កំចាត់បង់ នូវឆន្ទរាគ ក្នុងវិញ្ញាណ។

[៩] ម្នាលអាវុសោ មួយទៀត កាលបើបុគ្គលបាន នូវអកុសលធម៌ទាំងឡាយហើយ ការនៅជាសុខ ឥតទុក្ខ មិនចង្អៀតចង្អល់ចិត្ត មិនក្តៅក្រហាយ ក្នុងបច្ចុប្បន្ន នឹងមានផង លុះទំលាយរាងកាយស្លាប់ទៅ ត្រូវទៅកើតក្នុងឋានសុគតិ ជាប្រាកដផង សមជាព្រះមានព្រះភាគ មិនសរសើរការលះបង់ នូវអកុសលធម៌នេះទេ។ ម្នាលអាវុសោ ព្រោះហេតុតែបុគ្គលបាន នូវអកុសលធម៌ទាំងឡាយហើយ ការនៅជាទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ចិត្ត ប្រកបដោយសេចក្តីក្តៅក្រហាយ ក្នុងបច្ចុប្បន្ន ក៏មានផង លុះទំលាយរាងកាយស្លាប់ទៅ ត្រូវទៅកើតក្នុងទុគ្គតិ ជាប្រាកដផង បានជាព្រះមានព្រះភាគ ទ្រង់សរសើរការលះបង់ នូវអកុសលធម៌ទាំងឡាយ។

[១០] ម្នាលអាវុសោ មួយទៀត កាលបើបុគ្គលបាន នូវអកុសលធម៌ទាំងឡាយហើយ ការនៅជាទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ចិត្ត ប្រកបដោយសេចក្តីក្តៅក្រហាយ ក្នុងបច្ចុប្បន្ន នឹងមានផង លុះទំលាយរាងកាយស្លាប់ទៅ ត្រូវទៅកើតក្នុងទុគ្គតិ ជាប្រាកដផង សមជាព្រះមានព្រះភាគ ទ្រង់មិនសរសើរ នូវការបំពេញកុសលធម៌ទាំងឡាយនេះទេ។ ម្នាលអាវុសោ ព្រោះហេតុតែបុគ្គលបាន នូវកុសលធម៌ទាំងឡាយហើយ ការនៅជាសុខ ឥតទុក្ខ មិនចង្អៀតចង្អល់ចិត្ត មិនក្តៅក្រហាយ ក្នុងបច្ចុប្បន្ន ក៏មានផង លុះទំលាយរាងកាយស្លាប់ទៅ ត្រូវបានសុគតិ ជាប្រាកដផង បានជាព្រះមានព្រះភាគ ទ្រង់សរសើរនូវការបំពេញកុសលធម៌ទាំងឡាយ។ ព្រះសារីបុត្តមានអាយុ សំដែងភាសិតនេះចប់ហើយ។ ភិក្ខុទាំងនោះ ជាអ្នកមានសេចក្តីត្រេកអរ បានត្រេកអរនឹងភាសិត របស់ព្រះសារីបុត្តមានអាយុ។

(ហាលិទ្ទិកានិ)សូត្រ ទី៣

(៣. ហាលិទ្ទិកានិសុត្តំ)

[១១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមហាកច្ចានៈមានអាយុ គង់នៅលើភ្នំមានជ្រោះ (ម្ខាង) ទៀបក្រុងឈ្មោះ កុររឃរៈ ក្នុងអវន្តីជនបទ។ គ្រានោះឯង គហបតីឈ្មោះ ហលិទ្ទិកានិ បានចូលទៅរកព្រះមហាកច្ចានៈមានអាយុ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមហាកច្ចានៈមានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះហលិទ្ទិកានិគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ក៏បាននិយាយនឹងព្រះមហាកច្ចានៈមានអាយុ យ៉ាងនេះថា បពិត្រលោកម្ចាស់ដ៏ចម្រើន សុភាសិតនេះ ព្រះមានព្រះភាគ បានសំដែងទុក ក្នុងមាគណ្ឌិយប្បញ្ហា ដែលរាប់បញ្ចូលក្នុងអដ្ឋកវគ្គថា

ព្រះតថាគតលះបង់នូវផ្ទះ (បញ្ចក្ខន្ធ) ជាអ្នកមិនមានការអន្ទោលទៅរកកន្លែងស្នាក់ (អារម្មណ៍ទាំង៦) ជាអ្នកប្រាជ្ញ មិនបានធ្វើ នូវសេចក្តីស្និទ្ធស្នាល ក្នុងស្រុក ជាអ្នកទំនេរ ចាកកាមទាំងឡាយ មិនមានប្រាថ្នាទៅក្នុងអនាគតកាល មិនគប្បីធ្វើនូវពាក្យទាស់ទែងជាមួយនឹងជន។

បពិត្រលោកដ៏ចម្រើន សេចក្តីនៃធម៌ ដែលព្រះមានព្រះភាគ ត្រាស់ដោយសង្ខេបនេះ តើត្រូវយល់ដោយពិស្តារដូចម្តេច។

[១២] ម្នាលគហបតី រូបធាតុ ឈ្មោះថា ជាផ្ទះរបស់វិញ្ញាណ ឯកម្មវិញ្ញាណ ដែលជាប់ចំពាក់ដោយតម្រេក ក្នុងរូបធាតុ ហៅថា ការអន្ទោលទៅរកផ្ទះ។ ម្នាលគហបតី វេទនាធាតុ ឈ្មោះថា ជាផ្ទះរបស់វិញ្ញាណ ឯកម្មវិញ្ញាណ ដែលជាប់ចំពាក់ដោយតម្រេក ក្នុងវេទនាធាតុ ហៅថា ការអន្ទោលទៅរកផ្ទះ។ ម្នាលគហបតី សញ្ញាធាតុ ឈ្មោះថា ជាផ្ទះរបស់វិញ្ញាណ ឯកម្មវិញ្ញាណ ដែលជាប់ចំពាក់ដោយតម្រេក ក្នុងសញ្ញាធាតុ ហៅថា ការអន្ទោលទៅរកផ្ទះ។ ម្នាលគហបតី សង្ខារធាតុ ឈ្មោះថា ជាផ្ទះរបស់វិញ្ញាណ ឯកម្មវិញ្ញាណ ដែលជាប់ចំពាក់ដោយតម្រេក ក្នុងសង្ខារធាតុ ហៅថា ការអន្ទោលទៅរកផ្ទះ។ ម្នាលគហបតី បុគ្គលជាអ្នកអន្ទោលទៅរកផ្ទះ យ៉ាងនេះឯង។

[១៣] ម្នាលគហបតី ចុះព្រះតថាគត មិនមានការអន្ទោលទៅរកផ្ទះ តើដូចម្តេច។ ម្នាលគហបតី សេចក្តីប៉ុនប៉ង តម្រេក សេចក្តីរីករាយ សេចក្តីប្រាថ្នាណា ក្នុងរូបធាតុ មួយទៀត ឧបាយ2) និង ឧបាទាន3) ណា ដែលជាទីឈរ ជាទីអង្គុយ ជាទីដេក របស់អកុសលចិត្ត ធម៌ទាំងនោះ ព្រះតថាគត បានលះបង់ហើយ បានគាស់រំលើងគល់អស់ហើយ បានធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព ជាសភាពមិនកើតតទៅ ព្រោះហេតុនោះ បានជាគេហៅថា ព្រះតថាគត មិនមានការអន្ទោលទៅរកផ្ទះ។ ម្នាលគហបតី ក្នុងវេទនាធាតុ។ ម្នាលគហបតី ក្នុងសញ្ញាធាតុ។ ម្នាលគហបតី ក្នុងសង្ខារធាតុ។ ម្នាលគហបតី សេចក្តីប៉ុនប៉ង តម្រេក សេចក្តីរីករាយ សេចក្តីប្រាថ្នាណា ក្នុងវិញ្ញាណធាតុ មួយទៀត ឧបាយ និងឧបាទានណា ដែលជាទីឈរ ជាទីអង្គុយ ជាទីដេក របស់អកុសលចិត្ត ធម៌ទាំងនោះ ព្រះតថាគត បានលះបង់ចោលហើយ បានគាស់រំលើងគល់អស់ហើយ បានធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព ជាសភាពមិនកើតតទៅ ព្រោះហេតុនោះ បានជាគេហៅថា ព្រះតថាគត មិនមានការអន្ទោលទៅរកផ្ទះ។ ម្នាលគហបតី ព្រះតថាគត មិនមានការអន្ទោលទៅរកផ្ទះ យ៉ាងនេះឯង។

[១៤] ម្នាលគហបតី ចុះបុគ្គលដែលមានការអន្ទោលទៅរកកន្លែងស្នាក់ (អារម្មណ៍ទាំង៦) តើដូចម្តេច។ ម្នាលគហបតី បុគ្គលដែលហៅថា មានការអន្ទោល ទៅរកកន្លែងស្នាក់ ព្រោះការផ្សាយទៅ និងការជាប់ចំពាក់ នៃកិលេស ដែលកើតឡើង ក្នុងកន្លែងស្នាក់ គឺរូបនិមិត្ត។ សទ្ទនិមិត្ត។បេ។ គន្ធនិមិត្ត… រសនិមិត្ត… ផោដ្ឋព្វនិមិត្ត… ម្នាលគហបតី បុគ្គល ដែលហៅថា មានការអន្ទោល ទៅរកកន្លែងស្នាក់ ព្រោះការផ្សាយទៅ និងការជាប់ចំពាក់ នៃកិលេស ដែលកើតឡើង ក្នុងកន្លែងស្នាក់ គឺធម្មនិមិត្ត។ ម្នាលគហបតី បុគ្គលដែលមានការអន្ទោល ទៅរកកន្លែងស្នាក់ យ៉ាងនេះឯង។

[១៥] ម្នាលគហបតី ចុះព្រះតថាគត ដែលមិនមានការអន្ទោលទៅរកកន្លែងស្នាក់ តើដូចម្តេច។ ម្នាលគហបតី សេចក្តីផ្សាយទៅ និងការជាប់ចំពាក់ នៃកិលេស ដែលកើតឡើង ក្នុងកន្លែងស្នាក់ គឺរូបនិមិត្ត ព្រះតថាគត បានលះបង់ចោលហើយ បានគាស់រំលើងគល់អស់ហើយ បានធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព ជាសភាពមិនកើតតទៅ ព្រោះហេតុនោះ បានជាគេហៅថា ព្រះតថាគត មិនមានការអន្ទោលទៅរកកន្លែងស្នាក់ (អារម្មណ៍ទាំង៦)។ សទ្ទនិមិត្ត។បេ។ គន្ធនិមិត្ត… រសនិមិត្ត… ផោដ្ឋព្វនិមិត្ត… ម្នាលគហបតី សេចក្តីផ្សាយទៅ និងការជាប់ចំពាក់ នៃកិលេស ដែលកើតឡើង ក្នុងកន្លែងស្នាក់ គឺធម្មនិមិត្ត ព្រះតថាគត បានលះបង់ចោលហើយ បានគាស់រំលើងគល់អស់ហើយ បានធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព ជាសភាពមិនកើតតទៅ ព្រោះហេតុនោះ បានជាគេហៅថា ព្រះតថាគត មិនមានការអន្ទោលទៅរកកន្លែងស្នាក់។ ម្នាលគហបតី ព្រះតថាគត មិនមានការអន្ទោលទៅរកកន្លែងស្នាក់ យ៉ាងនេះឯង។

[១៦] ម្នាលគហបតី ភិក្ខុដែលមានសេចក្តីស្និទ្ធស្នាលក្នុងស្រុក តើដូចម្តេច។ ម្នាលគហបតី ភិក្ខុខ្លះ ក្នុងសាសនានេះ ជាអ្នកច្រឡូកច្រឡំ ដោយពួកគ្រហស្ថ មានសេចក្តីរីករាយជាមួយគ្នា មានសេចក្តីសោកជាមួយគ្នា កាលបើពួកគ្រហស្ថបានសេចក្តីសុខ ក៏បានសេចក្តីសុខផង កាលបើពួកគ្រហស្ថបានសេចក្តីទុក្ខ ក៏បានសេចក្តីទុក្ខផង កាលបើពួកគ្រហស្ថទាំងនោះ មានកិច្ចការ ដែលត្រូវធ្វើកើតឡើង ជួយខ្វល់ខ្វាយ ក្នុងកិច្ចទាំងនោះ ដោយខ្លួនឯង។ ម្នាលគហបតី ភិក្ខុមានសេចក្តីស្និទ្ធស្នាលក្នុងស្រុក យ៉ាងនេះឯង។

[១៧] ម្នាលគហបតី ចុះភិក្ខុដែលមិនស្និទ្ធស្នាលក្នុងស្រុក តើដូចម្តេច។ ម្នាលគហបតី ភិក្ខុក្នុងសាសនានេះ មិនច្រឡូកច្រឡំ ដោយពួកគ្រហស្ថ មិនត្រេកអរជាមួយគ្នា មិនមានសេចក្តីសោកជាមួយគ្នា កាលបើពួកគ្រហស្ថ បានសេចក្តីសុខ ក៏មិនបានសេចក្តីសុខជាមួយផង កាលបើពួកគ្រហស្ថ បានសេចក្តីទុក្ខ ក៏មិនបានសេចក្តីទុក្ខជាមួយផង កាលបើពួកគ្រហស្ថ មានកិច្ចការ ដែលត្រូវធ្វើកើតឡើង ក៏មិនជួយខ្វល់ខ្វាយ ក្នុងកិច្ចការទាំងនោះ ដោយខ្លួនឯង។ ម្នាលគហបតី ភិក្ខុដែលមិនស្និទ្ធស្នាលក្នុងស្រុក យ៉ាងនេះឯង។

[១៨] ម្នាលគហបតី ចុះភិក្ខុដែលមិនស្ងាត់ចាកកាម តើដូចម្តេច។ ម្នាលគហបតី ភិក្ខុខ្លះ ក្នុងសាសនានេះ មិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកសេចក្តីប៉ុនប៉ង មិនទាន់ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្តីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្តីក្តៅក្រហាយ មិនទាន់ប្រាសចាកសេចក្តីប្រាថ្នា ក្នុងកាមទាំងឡាយនៅឡើយ។ ម្នាលគហបតី ភិក្ខុដែលមិនស្ងាត់ចាកកាមទាំងឡាយ យ៉ាងនេះឯង។

[១៩] ម្នាលគហបតី ចុះភិក្ខុដែលស្ងាត់ចាកកាម តើដូចម្តេច។ ម្នាលគហបតី ភិក្ខុខ្លះ ក្នុងសាសនានេះ ប្រាសចាកតម្រេក ប្រាសចាកសេចក្តីប៉ុនប៉ង ប្រាសចាកសេចក្តីស្រឡាញ់ ប្រាសចាកសេចក្តីស្រេកឃ្លាន ប្រាសចាកសេចក្តីក្តៅក្រហាយ ប្រាសចាកសេចក្តីប្រាថ្នា ក្នុងកាមទាំងឡាយ។ ម្នាលគហបតី ភិក្ខុដែលស្ងាត់ចាកកាមទាំងឡាយ យ៉ាងនេះឯង។

[២០] ម្នាលគហបតី ចុះភិក្ខុជាអ្នកប្រាថ្នាទៅក្នុងអនាគតកាល តើដូចម្តេច។ ម្នាលគហបតី ភិក្ខុខ្លះ ក្នុងសាសនានេះ មានសេចក្តីប្រាថ្នា យ៉ាងនេះថា សូមឲ្យអាត្មាអញ មានរូបយ៉ាងនេះ ក្នុងកាលជាអនាគត សូមឲ្យមានវេទនាយ៉ាងនេះ ក្នុងកាលជាអនាគត សូមឲ្យមានសញ្ញាយ៉ាងនេះ ក្នុងកាលជាអនាគត សូមឲ្យមានសង្ខារយ៉ាងនេះ ក្នុងកាលជាអនាគត សូមឲ្យមានវិញ្ញាណយ៉ាងនេះ ក្នុងកាលជាអនាគត។ ម្នាលគហបតី ភិក្ខុជាអ្នកប្រាថ្នាទៅក្នុងអនាគតកាល យ៉ាងនេះឯង។

[២១] ម្នាលគហបតី ចុះភិក្ខុជាអ្នកមិនប្រាថ្នាទៅក្នុងអនាគតកាល តើដូចម្តេច។ ម្នាលគហបតី ភិក្ខុខ្លះ ក្នុងសាសនានេះ មិនមានសេចក្តីប្រាថ្នា យ៉ាងនេះ សូមឲ្យអាត្មាអញ មានរូបយ៉ាងនេះ ក្នុងកាលជាអនាគត សូមឲ្យមានវេទនាយ៉ាងនេះ ក្នុងកាលជាអនាគត សូមឲ្យមានសញ្ញាយ៉ាងនេះ ក្នុងកាលជាអនាគត សូមឲ្យមានសង្ខារយ៉ាងនេះ ក្នុងកាលជាអនាគត សូមឲ្យមានវិញ្ញាណយ៉ាងនេះ ក្នុងកាលជាអនាគត។ ម្នាលគហបតី ភិក្ខុជាអ្នកមិនប្រាថ្នាទៅក្នុងអនាគតកាល យ៉ាងនេះឯង។

[២២] ម្នាលគហបតី ចុះភិក្ខុធ្វើនូវពាក្យទាស់ទែង ជាមួយនឹងជន តើដូចម្តេច។ ម្នាលគហបតី ភិក្ខុខ្លះ ក្នុងសាសនានេះ និយាយពាក្យ មានសភាពយ៉ាងនេះថា អ្នកមិនស្គាល់ច្បាស់ នូវធម៌វិន័យនេះទេ ខ្ញុំទើបស្គាល់ច្បាស់ធម៌វិន័យនេះ អ្នកនឹងស្គាល់ធម៌វិន័យនេះដូចម្តេចបាន អ្នកជាអ្នកប្រតិបត្តិខុស ខ្ញុំទើបប្រតិបត្តិត្រូវ ពាក្យដែលគេគួរនិយាយមុន អ្នកទៅជានិយាយក្រោយ ពាក្យដែលគេគួរនិយាយក្រោយ អ្នកទៅជានិយាយមុន ពាក្យរបស់ខ្ញុំ ទើបមានប្រយោជន៍ ពាក្យរបស់អ្នក មិនមានប្រយោជន៍ទេ វត្តដែលអ្នកសន្សំមកយូរហើយ ដល់មកត្រូវសំដីខ្ញុំ ក៏វិបរិតទៅ ខ្ញុំលើកទោសអ្នកហើយ ចូរអ្នកទៅរកដោះទោស (ឲ្យរួចចុះ) ខ្ញុំសង្កត់សង្កិនអ្នកហើយ បើអ្នកគ្រាន់បើ អ្នកដោះស្រាយមកចុះ។ ម្នាលគហបតី ភិក្ខុធ្វើនូវពាក្យទាស់ទែងជាមួយនឹងជន យ៉ាងនេះឯង។

[២៣] ចុះភិក្ខុមិនធ្វើនូវពាក្យទាស់ទែងជាមួយនឹងជន តើដូចម្តេច។ ម្នាលគហបតី ភិក្ខុក្នុងសាសនានេះ មិននិយាយពាក្យ មានសភាពយ៉ាងនេះថា អ្នកមិនស្គាល់ច្បាស់ នូវធម៌វិន័យនេះទេ ខ្ញុំទើបស្គាល់ច្បាស់ នូវធម៌វិន័យនេះ អ្នកនឹងស្គាល់ធម៌វិន័យនេះ ដូចម្តេចបាន អ្នកជាអ្នកប្រតិបត្តិខុស ខ្ញុំទើបប្រតិបត្តិត្រូវ ពាក្យដែលគេគួរនិយាយមុន អ្នកទៅជានិយាយក្រោយ ពាក្យដែលគេគួរនិយាយក្រោយ អ្នកទៅជានិយាយមុន ពាក្យរបស់ខ្ញុំ ទើបមានប្រយោជន៍ ពាក្យអ្នកមិនមានប្រយោជន៍ទេ វត្តដែលអ្នកសន្សំមកយូរហើយ ដល់មកត្រូវសំដីខ្ញុំ ក៏វិបរិតទៅ ខ្ញុំលើកទោសអ្នកហើយ ចូរអ្នកទៅរកដោះទោស (ឲ្យរួចចុះ) ខ្ញុំសង្កត់សង្កិនអ្នកហើយ បើអ្នកគ្រាន់បើ អ្នកដោះស្រាយមកចុះ។ ម្នាលគហបតី ភិក្ខុមិនធ្វើនូវពាក្យទាស់ទែងជាមួយនឹងជន យ៉ាងនេះឯង។

[២៤] ម្នាលគហបតី ភាសិតដែលព្រះមានព្រះភាគ បានត្រាស់ហើយ ក្នុងមាគណ្ឌិយប្បញ្ហា ដែលរាប់ចូលក្នុងអដ្ឋកវគ្គថា ព្រះតថាគត លះបង់ផ្ទះ គឺបញ្ចក្ខន្ធហើយ ជាអ្នកមិនមានការអន្ទោលទៅរកកន្លែងស្នាក់ (គឺអារម្មណ៍ ទាំង៦) ជាអ្នកប្រាជ្ញ មិនធ្វើសេចក្តីស្និទ្ធស្នាលក្នុងស្រុក ជាអ្នកទំនេរ ចាកកាមទាំងឡាយ មិនមានសេចក្តីប្រាថ្នា ទៅក្នុងអនាគតកាល មិនគប្បីធ្វើ នូវពាក្យទាស់ទែងជាមួយនឹងជន ដូច្នេះឯង។ ម្នាលគហបតី សេចក្តីនៃព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ ត្រាស់ហើយ ដោយសង្ខេបនេះឯង អ្នកត្រូវយល់សេចក្តីដោយពិស្តារ យ៉ាងនេះចុះ។

(ទុតិយហាលិទ្ទិកានិ)សូត្រ ទី៤

(៤. ទុតិយហាលិទ្ទិកានិសុត្តំ)

[២៥] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមហាកច្ចានៈមានអាយុ គង់នៅលើភ្នំ ដែលមានជ្រោះម្ខាង ទៀបក្រុងឈ្មោះកុររឃរៈ ក្នុងដែនអវន្តី។ គ្រានោះឯង គហបតីឈ្មោះ ហលិទ្ទិកានិ ចូលទៅរកព្រះមហាកច្ចានៈមានអាយុ លុះចូលទៅដល់ ថ្វាយបង្គំព្រះមហាកច្ចានៈមានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះហលិទ្ទិកានិគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ទើបនិយាយនឹងព្រះមហាកច្ចានៈមានអាយុ យ៉ាងនេះថា បពិត្រលោកដ៏ចម្រើន ពាក្យនេះ ព្រះមានព្រះភាគ បានត្រាស់ទុក ក្នុងសក្កប្បញ្ហាថា ពួកសមណព្រាហ្មណ៍ណា មានចិត្តរួចស្រឡះហើយ ព្រោះអស់ទៅ នៃតណ្ហា ពួកសមណព្រាហ្មណ៍ទាំងនោះ ទើបពេញជាអ្នកមានកិច្ចការស្រេចហើយ ពេញជាអ្នកមានធម៌ក្សេម ចាកយោគៈ ពេញជាអ្នកប្រព្រឹត្តព្រហ្មចរិយៈ ពេញជាអ្នកមានទីបំផុតដោយជុំវិញ ប្រសើរបំផុត ជាងទេវតា និងមនុស្សទាំងឡាយ។ បពិត្រលោកដ៏ចម្រើន សេចក្តីនៃធម៌ ដែលព្រះមានព្រះភាគ ត្រាស់ហើយ ដោយសង្ខេបនេះឯង តើត្រូវយល់សេចក្តីដោយពិស្តារ ដូចម្តេច។

[២៦] ម្នាលគហបតី សេចក្តីប៉ុនប៉ង តម្រេក រីករាយ ប្រាថ្នា ឧបាយ និងឧបាទាន ដែលជាទីឈរ ជាទីអង្គុយ ជាទីដេក របស់ចិត្តណា ក្នុងរូបធាតុ ចិត្តដែលហៅថា រួចស្រឡះហើយ ព្រោះអស់ទៅ ព្រោះគ្មានតម្រេក ព្រោះរលត់ ព្រោះលះបង់ ព្រោះជម្រុះចោល នូវសេចក្តីប៉ុនប៉ង ជាដើមនោះ។ ម្នាលគហបតី ក្នុងវេទនាធាតុ។បេ។ ម្នាលគហបតី ក្នុងសញ្ញាធាតុ។ ម្នាលគហបតី ក្នុងសង្ខារធាតុ។ ម្នាលគហបតី សេចក្តីប៉ុនប៉ង តម្រេក រីករាយ ប្រាថ្នា ឧបាយ និងឧបាទាន ដែលជាទីឈរ ជាទីអង្គុយ ជាទីដេក របស់ចិត្តណា ក្នុងវិញ្ញាណធាតុ ចិត្តដែលហៅថា រួចស្រឡះហើយ ព្រោះអស់ទៅ ព្រោះគ្មានតម្រេក ព្រោះរលត់ ព្រោះលះបង់ ព្រោះជម្រុះចោល នូវសេចក្តីប៉ុនប៉ង ជាដើមនោះ។ ម្នាលគហបតី ពាក្យដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ក្នុងសក្កប្បញ្ហាថា ពួកសមណព្រាហ្មណ៍ណា ដែលមានចិត្តរួចស្រឡះហើយ ព្រោះអស់ទៅនៃតណ្ហា ពួកសមណព្រាហ្មណ៍ទាំងនោះ ទើបពេញជាអ្នកមានកិច្ចការស្រេចហើយ ពេញជាអ្នកមានសេចក្តីក្សេមក្សាន្ត ចាកយោគៈ ពេញជាអ្នកប្រព្រឹត្តព្រហ្មចរិយៈ ពេញជាអ្នកមានទីបំផុតដោយជុំវិញ ប្រសើរបំផុត ជាងទេវតា និងមនុស្សទាំងឡាយ ដូច្នេះឯង។ ម្នាលគហបតី សេចក្តីនៃធម៌ ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ដោយសង្ខេបនេះឯង អ្នកត្រូវយល់សេចក្តីដោយពិស្តារ យ៉ាងនេះចុះ។

(សមាធិ)សូត្រ ទី៥

(៥. សមាធិសុត្តំ)

[២៧] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ចម្រើននូវសមាធិ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តតំកល់មាំហើយ រមែងដឹងច្បាស់ តាមសេចក្តីពិត។ ចុះដឹងច្បាស់នូវអ្វី តាមសេចក្តីពិត។ ដឹងច្បាស់នូវការកើតឡើង និងសេចក្តីវិនាសនៃរូប នូវការកើតឡើង និងសេចក្តីវិនាសនៃវេទនា នូវការកើតឡើង និងសេចក្តីវិនាសនៃសញ្ញា នូវការកើតឡើង និងសេចក្តីវិនាស នៃសង្ខារទាំងឡាយ នូវការកើតឡើង និងសេចក្តីវិនាស នៃវិញ្ញាណ។

[២៨] ម្នាលភិក្ខុទាំងឡាយ ចុះការកើតឡើងនៃរូប តើដូចម្តេច ការកើតឡើងនៃវេទនា តើដូចម្តេច ការកើតឡើងនៃសញ្ញា តើដូចម្តេច ការកើតឡើងនៃសង្ខារទាំងឡាយ តើដូចម្តេច ការកើតឡើងនៃវិញ្ញាណ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលក្នុងលោកនេះ តែងត្រេកអរ សរសើរ ក្រសោបក្រសាវយក។ ចុះបុគ្គលនោះ តែងត្រេកអរ សរសើរ ក្រសោបក្រសាវយកអ្វី។ បុគ្គលនោះ តែងត្រេកអរ សរសើរ ក្រសោបក្រសាវយកនូវរូប កាលបុគ្គលនោះ កំពុងត្រេកអរ សរសើរ ក្រសោបក្រសាវយកនូវរូប សេចក្តីត្រេកអរ តែងកើតឡើង សេចក្តីត្រេកអរណាក្នុងរូប សេចក្តីត្រេកអរនោះ ហៅថា ឧបាទាន (សេចក្តីប្រកាន់) ភពកើតឡើង ព្រោះសេចក្តីប្រកាន់នូវរូបនោះ ជាបច្ច័យ ជាតិកើតឡើង ព្រោះភពជាបច្ច័យ ជរាមរណៈ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត កើតឡើង ព្រោះជាតិ ជាបច្ច័យដែរ។ សេចក្តីកើតឡើង នៃកងទុក្ខទាំងអស់នុ៎ះ យ៉ាងនេះឯង។ ត្រេកអរនឹងវេទនា។បេ។ ត្រេកអរនឹងសញ្ញា។បេ។ ត្រេកអរនឹងសង្ខារទាំងឡាយ។បេ។ ត្រេកអរ សរសើរ ក្រសោបក្រសាវយក នូវវិញ្ញាណ កាលបើបុគ្គលនោះ កំពុងត្រេកអរ សរសើរ ក្រសោបក្រសាវយក នូវវិញ្ញាណ សេចក្តីត្រេកអរ រមែងកើតឡើង សេចក្តីត្រេកអរណា ក្នុងវិញ្ញាណ សេចក្តីត្រេកអរនោះ ហៅថា ឧបាទាន (សេចក្តីប្រកាន់) ភពកើតឡើង ព្រោះសេចក្តីប្រកាន់ នូវវិញ្ញាណនោះ ជាបច្ច័យ ជាតិកើតឡើង ព្រោះភពជាបច្ច័យ។បេ។ សេចក្តីកើតឡើង នៃកងទុក្ខទាំងអស់នុ៎ះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា ហេតុឲ្យកើតរូប នេះឈ្មោះថា ហេតុឲ្យកើតវេទនា នេះឈ្មោះថា ហេតុឲ្យកើតសញ្ញា នេះឈ្មោះថា ហេតុឲ្យកើតសង្ខារទាំងឡាយ នេះឈ្មោះថា ហេតុឲ្យកើតវិញ្ញាណ។

[២៩] ម្នាលភិក្ខុទាំងឡាយ សេចក្តីវិនាសទៅវិញនៃរូប តើដូចម្តេច។ នៃវេទនា តើដូចម្តេច។ នៃសញ្ញា តើដូចម្តេច។ នៃសង្ខារទាំងឡាយ តើដូចម្តេច។ សេចក្តីវិនាសនៃវិញ្ញាណ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលក្នុងលោកនេះ មិនត្រេកអរ មិនសរសើរ មិនក្រសោបក្រសាវយក។ ចុះបុគ្គលនោះ មិនត្រេកអរ មិនសរសើរ មិនក្រសោបក្រសាវយកអ្វី។ មិនត្រេកអរ មិនសរសើរ មិនក្រសោបក្រសាវយកនូវរូប កាលបុគ្គលនោះ មិនត្រេកអរ មិនសរសើរ មិនក្រសោបក្រសាវយកនូវរូប សេចក្តីត្រេកអរណា ក្នុងរូប សេចក្តីត្រេកអរនោះ ក៏រលត់បាត់បង់ ការរលត់ឧបាទាន ព្រោះរលត់សេចក្តីត្រេកអរ របស់បុគ្គលនោះ ការរលត់ភព ព្រោះរលត់ឧបាទាន។បេ។ ការរលត់ទៅ នៃកងទុក្ខទាំងអស់នុ៎ះ យ៉ាងនេះឯង។ បុគ្គលនោះ មិនត្រេកអរ មិនសរសើរ មិនក្រសោបក្រសាវយក នូវវេទនា កាលបុគ្គលនោះ មិនត្រេកអរ មិនសរសើរ មិនក្រសោបក្រសាវយក នូវវេទនាទេ សេចក្តីត្រេកអរណា ក្នុងវេទនា សេចក្តីត្រេកអរនោះ ក៏រលត់ទៅ ការរលត់ឧបាទាន ព្រោះរលត់សេចក្តីត្រេកអរ របស់បុគ្គលនោះ ការរលត់ភព ព្រោះរលត់ឧបាទាន ការរលត់ជាតិ ព្រោះរលត់ភព។បេ។ ការរលត់ទៅ នៃកងទុក្ខទាំងអស់នុ៎ះ យ៉ាងនេះឯង។ មិនត្រេកអរនឹងសញ្ញា។បេ។ មិនត្រេកអរ មិនសរសើរ មិនក្រសោបក្រសាវយក នូវសង្ខារទាំងឡាយ កាលបុគ្គលនោះ មិនត្រេកអរ មិនសរសើរ មិនក្រសោបក្រសាវយក នូវសង្ខារទាំងឡាយទេ សេចក្តីត្រេកអរណា ក្នុងសង្ខារទាំងឡាយ សេចក្តីត្រេកអរនោះ រលត់ទៅ ការរលត់ឧបាទាន ព្រោះរលត់សេចក្តីត្រេកអរ របស់បុគ្គលនោះ ការរលត់ភព ព្រោះរលត់ឧបាទាន។បេ។ ការរលត់ទៅ នៃកងទុក្ខទាំងអស់នុ៎ះ យ៉ាងនេះឯង។ មិនត្រេកអរ មិនសរសើរ មិនក្រសោបក្រសាវយក នូវវិញ្ញាណ កាលបើបុគ្គលនោះ មិនត្រេកអរ មិនសរសើរ មិនក្រសោបក្រសាវយក នូវវិញ្ញាណទេ សេចក្តីត្រេកអរណា ក្នុងវិញ្ញាណ សេចក្តីត្រេកអរនោះ រលត់ទៅ ការរលត់ឧបាទាន ព្រោះរលត់សេចក្តីត្រេកអរ របស់បុគ្គលនោះ។បេ។ ការរលត់ទៅ នៃកងទុក្ខទាំងអស់នុ៎ះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា សេចក្តីវិនាសរូប នេះឈ្មោះថា សេចក្តីវិនាសវេទនា នេះឈ្មោះថា សេចក្តីវិនាសសញ្ញា នេះឈ្មោះថា សេចក្តីវិនាសសង្ខារទាំងឡាយ នេះឈ្មោះថា សេចក្តីវិនាសវិញ្ញាណ។

(បដិសល្លាណ)សូត្រ ទី៦

(៦. បដិសល្លាណសុត្តំ)

[៣០] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ប្រកបព្យាយាម ក្នុងការស្ងប់ស្ងាត់កាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលស្ងប់ស្ងាត់កាយ រមែងដឹងច្បាស់ តាមសេចក្តីពិត។ ចុះដឹងច្បាស់នូវអ្វី តាមសេចក្តីពិត។ ដឹងច្បាស់នូវសេចក្តីកើតឡើង និងសេចក្តីវិនាសនៃរូប នូវសេចក្តីកើតឡើង និងសេចក្តីវិនាសនៃវេទនា នូវសេចក្តីកើតឡើង និងសេចក្តីវិនាសនៃសញ្ញា នូវសេចក្តីកើតឡើង និងសេចក្តីវិនាស នៃសង្ខារទាំងឡាយ នូវសេចក្តីកើតឡើង និងសេចក្តីវិនាស នៃវិញ្ញាណ។ (សេចក្តីពិស្តារ ក្នុងសូត្រទី១ យ៉ាងណា បណ្ឌិតត្រូវធ្វើឲ្យពិស្តារ យ៉ាងនោះចុះ។)

(ឧបាទាបរិតស្សនា)សូត្រ ទី៧

(៧. ឧបាទាបរិតស្សនាសុត្តំ)

[៣១] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែង នូវសេចក្តីតក់ស្លុត ដែលកើតឡើង ព្រោះសេចក្តីប្រកាន់ផង នូវសេចក្តីមិនតក់ស្លុត ព្រោះសេចក្តីមិនប្រកាន់ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះចុះ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគត នឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា

[៣២] ម្នាលភិក្ខុទាំងឡាយ សេចក្តីតក់ស្លុត ព្រោះសេចក្តីប្រកាន់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង ជាអ្នកមិនឃើញពួកព្រះអរិយៈ មិនឈ្លាសវៃ ក្នុងធម៌ព្រះអរិយៈ មិនបានសិក្សា ក្នុងធម៌ព្រះអរិយៈ មិនបានឃើញពួកសប្បុរស មិនឈ្លាសវៃ ក្នុងធម៌សប្បុរស មិនបានទូន្មានខ្លួន ក្នុងធម៌សប្បុរស រមែងពិចារណាឃើញច្បាស់ នូវរូប ថាជាខ្លួនខ្លះ ឃើញនូវខ្លួន ថាមានរូបខ្លះ ឃើញនូវរូប ថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួន ថាមានក្នុងរូបខ្លះ លុះដល់រូបនោះ នៃបុគ្គលនោះ ប្រែប្រួលទៅ ប្លែកទៅ កម្មវិញ្ញាណ ដែលវិលតាមការប្រែប្រួលរបស់រូប រមែងមានដល់បុគ្គលនោះ ព្រោះតែរូបប្រែប្រួលទៅ ប្លែកទៅ សេចក្តីតក់ស្លុត និងការកើតឡើង នៃអកុសលធម៌ ដែលកើតអំពីការវិលតាម នូវសេចក្តីប្រែប្រួលនៃរូប ក៏គ្របសង្កត់កុសលចិត្ត របស់បុគ្គលនោះ ព្រោះតែការគ្របសង្កត់ចិត្ត ទើបបុគ្គលនោះ មានសេចក្តីតក់ស្លុតផង មានសេចក្តីទុក្ខផង មានសេចក្តីអាឡោះអាល័យផង តែងតក់ស្លុត ព្រោះប្រកាន់ផង។ ពិចារណាឃើញច្បាស់ នូវវេទនា ថាជាខ្លួនខ្លះ ឃើញនូវខ្លួន ថាមានវេទនាខ្លះ ឃើញនូវវេទនា ថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួន ថាមានក្នុងវេទនាខ្លះ លុះដល់វេទនានោះ របស់បុគ្គលនោះ ប្រែប្រួលទៅ ប្លែកទៅ កម្មវិញ្ញាណ ដែលវិលទៅតាមការប្រែប្រួលនៃវេទនា រមែងមានដល់បុគ្គលនោះ ព្រោះតែវេទនាប្រែប្រួលទៅ ប្លែកទៅ សេចក្តីតក់ស្លុត និងការកើតឡើង នៃអកុសលធម៌ ដែលកើតអំពីការវិលតាម នូវសេចក្តីប្រែប្រួលនៃវេទនា រមែងគ្របសង្កត់កុសលចិត្ត របស់បុគ្គលនោះ ព្រោះតែការគ្របសង្កត់ចិត្ត បុគ្គលនោះ មានសេចក្តីតក់ស្លុតផង មានសេចក្តីទុក្ខផង មានសេចក្តីអាឡោះអាល័យផង តែងតក់ស្លុត ព្រោះប្រកាន់ផង។ ពិចារណាឃើញច្បាស់ នូវសញ្ញា ថាជាខ្លួន។បេ។ ពិចារណាឃើញច្បាស់ នូវសង្ខារថាជាខ្លួន ឃើញនូវខ្លួន ថាមានសង្ខារខ្លះ ឃើញនូវសង្ខារ ថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួន ថាមានក្នុងសង្ខារខ្លះ លុះដល់សង្ខារនោះ របស់បុគ្គលនោះ ប្រែប្រួលទៅ ប្លែកទៅ កម្មវិញ្ញាណ ដែលវិលតាមការប្រែប្រួលនៃសង្ខារ រមែងមានដល់បុគ្គលនោះ ព្រោះតែសង្ខារប្រែប្រួលទៅ ប្លែកទៅ សេចក្តីតក់ស្លុត និងការកើតឡើង នៃអកុសលធម៌ ដែលកើតអំពីការវិលតាម នូវសេចក្តីប្រែប្រួលនៃសង្ខារ រមែងគ្របសង្កត់ចិត្តបុគ្គលនោះ ព្រោះតែការគ្របសង្កត់ចិត្ត ទើបបុគ្គលនោះ រមែងតក់ស្លុតផង ប្រកបដោយសេចក្តីទុក្ខផង មានសេចក្តីអាល័យផង តែងតក់ស្លុត ព្រោះប្រកាន់ផង។ ពិចារណាឃើញច្បាស់ នូវវិញ្ញាណ ថាជាខ្លួនខ្លះ ឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ ឃើញនូវវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួន ថាមានក្នុងវិញ្ញាណខ្លះ លុះដល់វិញ្ញាណនោះ របស់បុគ្គលនោះ ប្រែប្រួលទៅ ប្លែកទៅ កម្មវិញ្ញាណ ដែលវិលតាមការប្រែប្រួលនៃវិញ្ញាណ រមែងមានដល់បុគ្គលនោះ ព្រោះតែវិញ្ញាណ ប្រែប្រួលទៅ ប្លែកទៅ សេចក្តីតក់ស្លុត និងការកើតឡើង នៃអកុសលធម៌ ដែលកើតអំពីការវិលតាម នូវសេចក្តីប្រែប្រួល នៃវិញ្ញាណ រមែងគ្របសង្កត់ចិត្ត របស់បុគ្គលនោះ ព្រោះតែការគ្របសង្កត់ ទើបបុគ្គលនោះ មានសេចក្តីតក់ស្លុតផង មានសេចក្តីទុក្ខផង មានសេចក្តីអាឡោះអាល័យផង តែងតក់ស្លុត ព្រោះប្រកាន់ផង។ ម្នាលភិក្ខុទាំងឡាយ សេចក្តីតក់ស្លុត ព្រោះសេចក្តីប្រកាន់ យ៉ាងនេះឯង។

[៣៣] ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីមិនតក់ស្លុត ព្រោះការមិនប្រកាន់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ក្នុងសាសនានេះ ជាអ្នកចេះដឹង ជាអ្នកឃើញពួកព្រះអរិយៈ ជាអ្នកឈ្លាសវៃ ក្នុងធម៌ព្រះអរិយៈ បានសិក្សាខ្លួន ក្នុងធម៌ព្រះអរិយៈ ជាអ្នកឃើញពួកសប្បុរស ជាអ្នកឈ្លាសវៃ ក្នុងធម៌សប្បុរស បានទូន្មានខ្លួន ក្នុងធម៌សប្បុរស មិនពិចារណាឃើញច្បាស់ នូវរូប ថាជាខ្លួនខ្លះ មិនឃើញនូវខ្លួន ថាមានរូបខ្លះ មិនឃើញនូវរូប ថាមានក្នុងខ្លួនខ្លះ មិនឃើញនូវខ្លួន ថាមានក្នុងរូបខ្លះ លុះដល់រូប របស់អរិយសាវ័កនោះ ប្រែប្រួលទៅ ប្លែកទៅ កម្មវិញ្ញាណ ដែលវិលតាមការប្រែប្រួលនៃរូប រមែងមិនមាន ដល់អរិយសាវ័កនោះ ព្រោះតែរូបប្រែប្រួលទៅ ប្លែកទៅទេ សេចក្តីតក់ស្លុត និងការកើតឡើង នៃអកុសលធម៌ ដែលកើតអំពីការវិលតាម នូវសេចក្តីប្រែប្រួលនៃរូប ក៏មិនគ្របសង្កត់ចិត្ត នៃអរិយសាវ័កនោះទេ ព្រោះតែការមិនគ្របសង្កត់ចិត្ត ទើបអរិយសាវ័កនោះ មិនមានសេចក្តីតក់ស្លុតផង មិនមានសេចក្តីទុក្ខផង មិនមានសេចក្តីអាឡោះអាល័យផង មិនតក់ស្លុត ព្រោះមិនប្រកាន់ផង។ មិនពិចារណាឃើញច្បាស់ នូវវេទនា ថាជាខ្លួនខ្លះ មិនឃើញនូវខ្លួន ថាមានវេទនាខ្លះ មិនឃើញនូវវេទនា ថាមានក្នុងខ្លួនខ្លះ មិនឃើញនូវខ្លួន ថាមានក្នុងវេទនាខ្លះ (លុះដល់) វេទនានោះ របស់អរិយសាវ័កនោះ ប្រែប្រួលទៅ ប្លែកទៅ កម្មវិញ្ញាណ ដែលវិលតាមការប្រែប្រួលនៃវេទនា រមែងមិនមានដល់អរិសាវ័កនោះ ព្រោះតែវេទនាប្រែប្រួលទៅ ប្លែកទៅទេ សេចក្តីតក់ស្លុត និងការកើតឡើង នៃអកុសលធម៌ ដែលកើតអំពីការវិលតាមសេចក្តីប្រែប្រួល នៃវេទនា ក៏មិនគ្របសង្កត់ចិត្ត នៃអរិយសាវ័កនោះបានឡើយ ព្រោះតែការមិនគ្របសង្កត់ចិត្ត ទើបអរិយសាវ័កនោះ មិនមានសេចក្តីតក់ស្លុតផង មិនមានសេចក្តីទុក្ខផង មិនមានសេចក្តីអាឡោះអាល័យផង មិនតក់ស្លុត ព្រោះមិនប្រកាន់ផង។ មិនពិចារណាឃើញច្បាស់ នូវសញ្ញា។បេ។ មិនពិចារណាឃើញច្បាស់ នូវសង្ខារទាំងឡាយ ថាជាខ្លួនខ្លះ មិនឃើញនូវខ្លួន ថាមានសង្ខារខ្លះ មិនឃើញនូវសង្ខារ ថាមានក្នុងខ្លួនខ្លះ មិនឃើញនូវខ្លួន ថាមានក្នុងសង្ខារខ្លះ លុះដល់សង្ខារនោះ របស់អរិយសាវ័កនោះ ប្រែប្រួលទៅ ប្លែកទៅ កម្មវិញ្ញាណ ដែលវិលតាមការប្រែប្រួល នៃសង្ខារ រមែងមិនមានដល់អរិយសាវ័កនោះ ព្រោះសង្ខារប្រែប្រួលទៅ ប្លែកទៅទេ សេចក្តីតក់ស្លុត និងការកើតឡើង នៃអកុសលធម៌ ដែលកើតអំពីការវិលតាម សេចក្តីប្រែប្រួល នៃសង្ខារ ក៏មិនគ្របសង្កត់ចិត្តអរិយសាវ័កនោះឡើយ ព្រោះតែការមិនគ្របសង្កត់ចិត្ត ទើបអរិយសាវ័កនោះ មិនមានសេចក្តីតក់ស្លុតផង មិនមានសេចក្តីទុក្ខផង មិនមានសេចក្តីអាឡោះអាល័យផង មិនតក់ស្លុត ព្រោះមិនប្រកាន់ផង។ មិនពិចារណាឃើញច្បាស់ នូវវិញ្ញាណ ថាជាខ្លួនខ្លះ មិនឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ មិនឃើញនូវវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ មិនឃើញនូវខ្លួន ថាមានក្នុងវិញ្ញាណខ្លះ លុះដល់វិញ្ញាណនោះ របស់អរិយសាវ័កនោះ ប្រែប្រួលទៅ ប្លែកទៅ កម្មវិញ្ញាណ ដែលវិលតាមការប្រែប្រួល នៃវិញ្ញាណ រមែងមិនមានដល់អរិយសាវ័កនោះ ព្រោះតែវិញ្ញាណ ប្រែប្រួលទៅ ប្លែកទៅទេ សេចក្តីតក់ស្លុត និងការកើតឡើង នៃអកុសលធម៌ ដែលកើតអំពីការវិលតាម សេចក្តីប្រែប្រួល នៃវិញ្ញាណ ក៏មិនគ្របសង្កត់ចិត្ត នៃអរិយសាវ័កនោះឡើយ ព្រោះការមិនគ្របសង្កត់ចិត្ត ទើបអរិយសាវ័កនោះ មិនមានសេចក្តីតក់ស្លុតផង មិនមានសេចក្តីទុក្ខផង មិនមានសេចក្តីអាឡោះអាល័យផង មិនតក់ស្លុត ព្រោះមិនប្រកាន់ផង។ ម្នាលភិក្ខុទាំងឡាយ ការមិនតក់ស្លុត ព្រោះមិនប្រកាន់ យ៉ាងនេះឯង។

(ទុតិយឧបាទាបរិតស្សនា)សូត្រ ទី៨

(៨. ទុតិយឧបាទាបរិតស្សនាសុត្តំ)

[៣៤] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែង នូវសេចក្តីតក់ស្លុត ព្រោះសេចក្តីប្រកាន់ផង សេចក្តីមិនតក់ស្លុត ព្រោះសេចក្តីមិនប្រកាន់ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះចុះ។បេ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីតក់ស្លុត ព្រោះសេចក្តីប្រកាន់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង រមែងពិចារណាឃើញ នូវរូបថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ លុះដល់រូបនោះ របស់បុគ្គលនោះ ប្រែប្រួលទៅ ប្លែកទៅ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត រមែងកើតឡើង ដល់បុគ្គលនោះ ព្រោះតែរូបប្រែប្រួលទៅ ប្លែកទៅ។ នូវវេទនាថា នុ៎ះរបស់អញ។បេ។ នូវសញ្ញាថា នុ៎ះរបស់អញ។បេ។ នូវសង្ខារទាំងឡាយថា នុ៎ះរបស់អញ។បេ។ ពិចារណាឃើញ នូវវិញ្ញាណថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ លុះដល់វិញ្ញាណនោះ របស់បុគ្គលនោះ ប្រែប្រួលទៅ ប្លែកទៅ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត រមែងកើតឡើង ដល់បុគ្គលនោះ ព្រោះតែវិញ្ញាណប្រែប្រួលទៅ ប្លែកទៅ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីតក់ស្លុត ព្រោះសេចក្តីប្រកាន់ យ៉ាងនេះឯង។

[៣៥] ម្នាលភិក្ខុទាំងឡាយ ចុះការមិនតក់ស្លុត ព្រោះសេចក្តីមិនប្រកាន់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ក្នុងលោកនេះ ជាអ្នកចេះដឹង រមែងពិចារណាឃើញ នូវរូបថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញទេ លុះដល់រូបនោះ របស់អរិយសាវ័កនោះ ប្រែប្រួលទៅ ប្លែកទៅ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត រមែងមិនកើតឡើង ដល់អរិយសាវ័កនោះ ព្រោះតែរូបប្រែប្រួលទៅ ប្លែកទៅឡើយ។ នូវវេទនាថា នុ៎ះមិនមែនរបស់អញ។ នូវសញ្ញាថា នុ៎ះមិនមែនរបស់អញ។ នូវសង្ខារទាំងឡាយថា នុ៎ះមិនមែនរបស់អញ។ ពិចារណាឃើញ នូវវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ លុះដល់វិញ្ញាណនោះ របស់អរិយសាវ័កនោះ ប្រែប្រួលទៅ ប្លែកទៅ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត រមែងមិនកើតឡើង ដល់អរិយសាវ័កនោះ ព្រោះតែវិញ្ញាណប្រែប្រួលទៅ ប្លែកទៅឡើយ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីមិនតក់ស្លុត ព្រោះការមិនប្រកាន់ យ៉ាងនេះឯង។

(កាលត្តយអនិច្ច)សូត្រ ទី៩

(៩. កាលត្តយអនិច្ចសុត្តំ)

[៣៦] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ រូបជាអតីត អនាគត មិនទៀងទៅហើយ ចាំបាច់និយាយថ្វី ដល់រូបជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ជាអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ជាអ្នកឥតមានអាឡោះអាឡ័យ ក្នុងរូបជាអតីត មិនត្រេកអរ ចំពោះរូបជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បីនឿយណាយ រំសាយ រំលត់រូបជាបច្ចុប្បន្ន។ វេទនាមិនទៀង។បេ។ សញ្ញាមិនទៀង។បេ។ សង្ខារជាអតីត អនាគត មិនទៀងទៅហើយ ចាំបាច់និយាយថ្វី ដល់សង្ខារជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ជាអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យ ក្នុងសង្ខារជាអតីត មិនត្រេកអរ ចំពោះសង្ខារជាអនាគត ប្រតិបត្តិដើម្បីនឿយណាយ រំសាយ រំលត់សង្ខារជាបច្ចុប្បន្ន។ វិញ្ញាណជាអតីត អនាគត មិនទៀងទៅហើយ ចាំបាច់និយាយថ្វី ដល់វិញ្ញាណជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ជាអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យ ក្នុងវិញ្ញាណជាអតីត មិនត្រេកអរ ចំពោះវិញ្ញាណជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បីនឿយណាយ រំសាយ រំលត់វិញ្ញាណជាបច្ចុប្បន្ន។

(កាលត្តយទុក្ខ)សូត្រ ទី១០

(១០. កាលត្តយទុក្ខសុត្តំ)

[៣៧] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ រូបជាអតីត និងអនាគត ជាទុក្ខទៅហើយ ចាំបាច់និយាយថ្វី ដល់រូបជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ជាអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាឡ័យ ក្នុងរូបជាអតីត មិនត្រេកអរ ចំពោះរូបជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បីនឿយណាយ រំសាយ រំលត់រូបជាបច្ចុប្បន្ន។ វេទនាជាទុក្ខ។ សញ្ញាជាទុក្ខ។ សង្ខារជាទុក្ខ។ វិញ្ញាណជាអតីត និងអនាគត ជាទុក្ខទៅហើយ ចាំបាច់និយាយថ្វី ដល់វិញ្ញាណជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ជាអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាឡ័យ ក្នុងវិញ្ញាណជាអតីត មិនត្រេកអរ ចំពោះវិញ្ញាណជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បីនឿយណាយ រំសាយ រំលត់វិញ្ញាណជាបច្ចុប្បន្ន។

(កាលត្តយអនត្ត)សូត្រ ទី១១

(១១. កាលត្តយអនត្តសុត្តំ)

[៣៨] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ រូបជាអតីត និងអនាគត ជាអនត្តាទៅហើយ ចាំបាច់និយាយថ្វី ដល់រូបជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាឡ័យ ក្នុងរូបជាអតីត មិនត្រេកអរ ចំពោះរូបជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បីនឿយណាយ រំសាយ រំលត់រូបជាបច្ចុប្បន្ន។ វេទនាជាអនត្តា។ សញ្ញាជាអនត្តា។ សង្ខារជាអនត្តា។ វិញ្ញាណ ជាអតីត និងអនាគត ជាអនត្តាទៅហើយ ចាំបាច់និយាយថ្វី ដល់វិញ្ញាណជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ជាអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាឡ័យ ក្នុងវិញ្ញាណជាអតីត មិនត្រេកអរ ចំពោះវិញ្ញាណជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បីនឿយណាយ រំសាយ រំលត់វិញ្ញាណជាបច្ចុប្បន្ន។

ចប់ នកុលបិតវគ្គ ទី១។

ឧទ្ទាននៃ នកុលបិត វគ្គនោះគឺ

រឿងនកុលបិតាគហបតី១ រឿងក្នុងទេវទហនិគម១ រឿងហលិទ្ទិកានិគហបតី២លើក រឿងសមាធិ១ រឿងកាយវិវេក១ រឿងសេចក្តីតក់ស្លុត ព្រោះសេចក្តីប្រកាន់២លើក រឿងខន្ធជាអតីត១ អនាគត១ បច្ចុប្បន្ន១ ហេតុនោះ បានជាចាត់ជា១វគ្គ។

អនិច្ចវគ្គ (ទី២)

(២. អនិច្ចវគ្គោ)

(អនិច្ច)សូត្រ ទី១

(១. អនិច្ចសុត្តំ)

[៣៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង វេទនាមិនទៀង សញ្ញាមិនទៀង សង្ខារមិនទៀង វិញ្ញាណមិនទៀង។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយ នឹងរូបផង នឿយណាយ នឹងវេទនាផង នឿយណាយ នឹងសញ្ញាផង នឿយណាយ នឹងសង្ខារផង នឿយណាយ នឹងវិញ្ញាណផង កាលបើនឿយណាយ ក៏រមែងស្អប់ខ្ពើម ព្រោះតែស្អប់ខ្ពើម ទើបចិត្តរួចស្រឡះ (ចាកកិលេស)។ កាលបើចិត្តរួចស្រឡះហើយ ញាណ ក៏កើតឡើងថា ចិត្តរួចស្រឡះហើយ។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាចិត្តដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(ទុក្ខ)សូត្រ ទី២

(២. ទុក្ខសុត្តំ)

[៤០] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ រូបជាទុក្ខ វេទនាជាទុក្ខ សញ្ញាជាទុក្ខ សង្ខារជាទុក្ខ វិញ្ញាណជាទុក្ខ។ កាលបើអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ រមែងដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(អនត្ត)សូត្រ ទី៣

(៣. អនត្តសុត្តំ)

[៤១] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ រូបជាអនត្តា វេទនាជាអនត្តា សញ្ញាជាអនត្តា សង្ខារជាអនត្តា វិញ្ញាណជាអនត្តា។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយ នឹងរូបផង នឿយណាយ នឹងវេទនាផង នឿយណាយនឹងសញ្ញាផង នឿយណាយ នឹងសង្ខារផង នឿយណាយ នឹងវិញ្ញាណផង កាលបើនឿយណាយ ក៏រមែងស្អប់ខ្ពើម ព្រោះតែស្អប់ខ្ពើម ទើបចិត្តរួចស្រឡះ។ កាលបើចិត្តរួចស្រឡះហើយ ញាណ រមែងកើតឡើងថា ចិត្តរួចស្រឡះហើយ។ រមែងដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(យទនិច្ច)សូត្រ ទី៤

(៤. យទនិច្ចសុត្តំ)

[៤២] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះ ជាអនត្តា របស់ណា ជាអនត្តា របស់នោះ បណ្ឌិតត្រូវយល់តាមសេចក្តីពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនអញទេ។ វេទនាមិនទៀង របស់ណាមិនទៀង របស់នោះ ជាទុក្ខ របស់ណាជាទុក្ខ របស់នោះ ជាអនត្តា របស់ណាជាអនត្តា របស់នោះ បណ្ឌិតត្រូវយល់ តាមសេចក្តីពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនអញទេ។ សញ្ញាមិនទៀង។បេ។ សង្ខារមិនទៀង។បេ។ វិញ្ញាណមិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះ ជាអនត្តា របស់ណាជាអនត្តា របស់នោះ បណ្ឌិតត្រូវយល់តាមសេចក្តីពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនអញទេ។ កាលបើឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(យំទុក្ខ)សូត្រ ទី៥

(៥. យំទុក្ខសុត្តំ)

[៤៣] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ រូបជាទុក្ខ របស់ណាជាទុក្ខ របស់នោះ ជាអនត្តា របស់ណាជាអនត្តា របស់នោះ បណ្ឌិតត្រូវយល់តាមសេចក្តីពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនអញទេ។ វេទនាជាទុក្ខ។ សញ្ញាជាទុក្ខ។ សង្ខារជាទុក្ខ។ វិញ្ញាណជាទុក្ខ របស់ណាជាទុក្ខ របស់នោះ ជាអនត្តា របស់ណាជាអនត្តា របស់នោះ បណ្ឌិតត្រូវយល់ តាមសេចក្តីពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនអញទេ។ កាលបើឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(យទនត្តា)សូត្រ ទី៦

(៦. យទនត្តាសុត្តំ)

[៤៤] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ រូបជាអនត្តា (ឥតខ្លឹមសារ) រូបនោះ បណ្ឌិត ត្រូវយល់តាមសេចក្តីពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះ មិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនអញទេ។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(សហេតុអនិច្ច)សូត្រ ទី៧

(៧. សហេតុអនិច្ចសុត្តំ)

[៤៥] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង ហេតុណាក្តី បច្ច័យណាក្តី ដែលនាំរូបឲ្យកើតឡើង ហេតុប្បច្ច័យនោះ ក៏មិនទៀងដែរ។ ម្នាលភិក្ខុទាំងឡាយ រូបដែលកើតអំពីហេតុប្បច្ច័យ មិនទៀងទៅហើយ តើនឹងបានទៀងទាត់មកពីណា។ វេទនាមិនទៀង ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យវេទនាកើតឡើង ហេតុប្បច្ច័យនោះ ក៏មិនទៀងដែរ។ ម្នាលភិក្ខុទាំងឡាយ វេទនា ដែលកើតអំពីហេតុប្បច្ច័យ មិនទៀងទៅហើយ តើនឹងបានទៀងទាត់មកពីណា។ សញ្ញាមិនទៀង។ សង្ខារមិនទៀង ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យសង្ខារកើតឡើង ហេតុប្បច្ច័យនោះ ក៏មិនទៀងដែរ។ ម្នាលភិក្ខុទាំងឡាយ សង្ខារ ដែលកើតអំពីហេតុប្បច្ច័យ មិនទៀងហើយ តើនឹងបានទៀងទាត់មកពីណា។ វិញ្ញាណមិនទៀង ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យវិញ្ញាណកើតឡើង ហេតុប្បច្ច័យនោះ ក៏មិនទៀងដែរ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណកើតអំពីហេតុប្បច្ច័យ មិនទៀងទៅហើយ តើនឹងបានទៀងទាត់មកពីណា។ កាលបើឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(សហេតុទុក្ខ)សូត្រ ទី៨

(៨. សហេតុទុក្ខសុត្តំ)

[៤៦] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ រូបជាទុក្ខ ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យរូបកើតឡើង ហេតុប្បច្ច័យនោះ ក៏ជាទុក្ខដែរ។ ម្នាលភិក្ខុទាំងឡាយ រូបដែលកើតអំពីហេតុប្បច្ច័យ ជាទុក្ខ តើនឹងបានសុខមកពីណា។ វេទនាជាទុក្ខ។ សញ្ញាជាទុក្ខ។ សង្ខារជាទុក្ខ។ វិញ្ញាណជាទុក្ខ ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យវិញ្ញាណកើតឡើង ហេតុប្បច្ច័យនោះ ក៏ជាទុក្ខដែរ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ ដែលកើតអំពីហេតុប្បច្ច័យ ជាទុក្ខ តើនឹងបានសុខមកពីណា។ កាលបើឃើញយ៉ាងនេះ។បេ។ រមែងដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ដែលប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(សហេតុអនត្ត)សូត្រ ទី៩

(៩. សហេតុអនត្តសុត្តំ)

[៤៧] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ រូបជាអនត្តា ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យរូបកើតឡើង ហេតុប្បច្ច័យនោះ ក៏ជាអនត្តាដែរ។ ម្នាលភិក្ខុទាំងឡាយ រូបដែលកើតអំពីហេតុប្បច្ច័យ ជាអនត្តា តើនឹងបានជាអត្តា (មានខ្លឹមសារ) មកពីណា។ វេទនាជាអនត្តា។ សញ្ញាជាអនត្តា។ សង្ខារ ជាអនត្តា។ វិញ្ញាណជាអនត្តា ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យវិញ្ញាណកើតឡើង ហេតុប្បច្ច័យនោះ ក៏ជាអនត្តាដែរ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ ដែលកើតអំពីហេតុប្បច្ច័យ ជាអនត្តា តើនឹងបានជាអត្តាមកពីណា។ កាលបើឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ដែលប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(អានន្ទ)សូត្រ ទី១០

(១០. អានន្ទសុត្តំ)

[៤៨] ទៀបក្រុងសាវត្ថី។ ក្នុងវត្ត។ គ្រានោះឯង ព្រះអានន្ទមានអាយុ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យដែលហៅថា សេចក្តីរលត់ៗ បពិត្រព្រះអង្គដ៏ចំរើន តើសេចក្តីរលត់ធម៌ណា បានជាហៅថា រលត់។ ម្នាលអានន្ទ រូបមិនទៀង ជារបស់ដែលបច្ច័យតាក់តែងហើយ ដែលកើតឡើង ព្រោះអាស្រ័យហេតុប្បច្ច័យ មានកិរិយាអស់ទៅ សូន្យទៅ ប្រាសទៅ រលត់ទៅ ជាធម្មតា សេចក្តីរលត់នៃរូបនោះ ហៅថា រលត់។ វេទនា មិនទៀង ជាធម្មជាតិដែលបច្ច័យតាក់តែងហើយ ដែលកើតឡើង ព្រោះអាស្រ័យហេតុប្បច្ច័យ មានកិរិយាអស់ទៅ សូន្យទៅ ប្រាសទៅ រលត់ទៅ ជាធម្មតា សេចក្តីរលត់ នៃវេទនានោះ ហៅថា រលត់។ សញ្ញា មិនទៀង។ សង្ខារមិនទៀង ជាសភាវៈ ដែលបច្ច័យតាក់តែងហើយ ដែលកើតឡើង ព្រោះអាស្រ័យហេតុប្បច្ច័យ មានកិរិយាអស់ទៅ សូន្យទៅ ប្រាសទៅ រលត់ទៅ ជាធម្មតា សេចក្តីរលត់ នៃសង្ខារទាំងនោះ ហៅថា រលត់។ វិញ្ញាណ មិនទៀង ជាធម្មជាត ដែលបច្ច័យតាក់តែងហើយ ដែលកើតឡើង ព្រោះអាស្រ័យហេតុប្បច្ច័យ មានកិរិយាអស់ទៅ សូន្យទៅ ប្រាសទៅ រលត់ទៅ ជាធម្មតា សេចក្តីរលត់នៃវិញ្ញាណនោះ ហៅថា រលត់។ ម្នាលអានន្ទ សេចក្តីរលត់នៃធម៌ទាំងនេះឯង ហៅថា រលត់។

ចប់ អនិច្ចវគ្គ ទី២។

ឧទ្ទាន ក្នុង អនិច្ចវគ្គ នោះគឺ

ខន្ធមិនទៀង១ ជាទុក្ខ១ ជាអនត្តា១ និងខន្ធមិនទៀង ដទៃទៀត៣ និងខន្ធ៣ ទ្រង់ត្រាស់ដោយហេតុផង ជាគំរប់១០ នឹងរឿងព្រះអានន្ទ។

ភារវគ្គ (ទី៣)

(៣. ភារវគ្គោ)

(ភារ)សូត្រ ទី១

(១. ភារសុត្តំ)

[៤៩] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវភារៈ4) ផង នូវអ្នកដែលនាំភារៈផង នូវការប្រកាន់មាំ នូវភារៈផង នូវការដាក់ចុះ នូវភារៈផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ នូវធម៌នោះចុះ។បេ។ ទើបមានព្រះបន្ទូលសួរ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ឈ្មោះថា ភារៈ។ គប្បីឆ្លើយថា ឧបាទានក្ខន្ធ ទាំង៥។ ចុះឧបាទានក្ខន្ធទាំង៥ តើដូចម្តេចខ្លះ។ គឺរូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភារៈ។

[៥០] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ឈ្មោះថា អ្នកនាំនូវភារៈ។ គប្បីឆ្លើយថា បុគ្គល។ គឺអ្នកមានអាយុនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា អ្នកនាំនូវភារៈ។

[៥១] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ឈ្មោះថា ការប្រកាន់មាំ នូវភារៈ។ តណ្ហា ដែលនាំឲ្យកើតក្នុងភពថ្មី ប្រកបដោយតម្រេក ដោយអំណាច នៃសេចក្តីត្រេកត្រអាល មានកិរិយារីករាយ ក្នុងអារម្មណ៍នោះៗ ជាប្រក្រតី។ តណ្ហានោះ ដូចម្តេចខ្លះ។ គឺកាមតណ្ហា១ ភវតណ្ហា១ វិភវតណ្ហា១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការប្រកាន់មាំនូវភារៈ។

[៥២] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ឈ្មោះថា ការដាក់ចុះនូវភារៈ។ សេចក្តីវិនាស និងសេចក្តីរលត់ មិនមានសេសសល់ កិរិយាលះបង់ កិរិយារលាស់ចោល កិរិយារួចស្រឡះ ការមិនមានអាល័យ ក្នុងតណ្ហានោះ ឯណា ម្នាលភិក្ខុទាំងឡាយ នេះ ហៅថា ការដាក់ចុះនូវភារៈ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នូវព្រះពុទ្ធដីកានេះហើយ លុះព្រះសុគត ត្រាស់នូវព្រះពុទ្ធដីកានេះរួចហើយ បន្ទាប់ពីនោះមក ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះថា

[៥៣] បញ្ចក្ខន្ធ ជារបស់ធ្ងន់ដោយពិត បុគ្គលអ្នកនាំនូវភារៈ គឺបញ្ចក្ខន្ធក្តី ការប្រកាន់មាំនូវភារៈ គឺបញ្ចក្ខន្ធក្តី តែងនាំមកនូវទុក្ខក្នុងលោក ការដាក់ចុះនូវភារៈ ជាហេតុនាំមកនូវសុខ លុះតែបុគ្គលដាក់ចុះនូវភារៈ ដ៏ធ្ងន់ គឺបញ្ចក្ខន្ធចេញ មិនកួចកាន់នូវភារៈដទៃទៀត បានដកឡើងនូវតណ្ហា ព្រមទាំងឫស ទើបជាអ្នកមិនមានសេចក្តីប្រាថ្នា ហើយបរិនិព្វាន។

(បរិញ្ញ)សូត្រ ទី២

(២. បរិញ្ញសុត្តំ)

[៥៤] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវធម៌ដែលត្រូវកំណត់ដឹងផង នូវកិរិយាកំណត់ដឹងផង អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ធម៌ ដែលត្រូវកំណត់ដឹង។ ម្នាលភិក្ខុទាំងឡាយ រូប ជាធម៌ ដែលត្រូវកំណត់ដឹង វេទនា ជាធម៌ដែលត្រូវកំណត់ដឹង សញ្ញា ជាធម៌ដែលត្រូវកំណត់ដឹង សង្ខារជាធម៌ ដែលត្រូវកំណត់ដឹង វិញ្ញាណ ជាធម៌ដែលត្រូវកំណត់ដឹង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលត្រូវកំណត់ដឹង។

[៥៥] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា ការកំណត់ដឹង។ ម្នាលភិក្ខុទាំងឡាយ កិរិយាអស់រាគៈ កិរិយាអស់ទោសៈ កិរិយាអស់មោហៈណា ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការកំណត់ដឹង។

(អភិជាន)សូត្រ ទី៣

(៣. អភិជានសុត្តំ)

[៥៦] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹងច្បាស់ មិនកំណត់ដឹង មិននឿយណាយ មិនលះបង់នូវរូប មិនគួរដើម្បីអស់ទុក្ខបានទេ បុគ្គល កាលមិនដឹងច្បាស់ មិនកំណត់ដឹង មិននឿយណាយ មិនលះបង់នូវវេទនា មិនគួរដើម្បីអស់ទុក្ខបានទេ បុគ្គល កាលមិនដឹងច្បាស់។បេ។ នូវសញ្ញា បុគ្គលកាលមិនដឹងច្បាស់ មិនកំណត់ដឹង មិននឿយណាយ មិនលះបង់ នូវសង្ខារ មិនគួរដើម្បីអស់ទុក្ខបានទេ បុគ្គល កាលមិនដឹងច្បាស់ មិនកំណត់ដឹង មិននឿយណាយ មិនលះបង់ នូវវិញ្ញាណ មិនគួរដើម្បីអស់ទុក្ខបានទេ។

[៥៧] ម្នាលភិក្ខុទាំងឡាយ លុះតែបុគ្គលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់ នូវរូប ទើបគួរដើម្បីអស់ទុក្ខបាន។ បុគ្គល កាលដឹងច្បាស់នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ លុះតែបុគ្គលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់នូវវិញ្ញាណ ទើបគួរដើម្បីអស់ទុក្ខបាន។

(ឆន្ទរាគ)សូត្រ ទី៤

(៤. ឆន្ទរាគសុត្តំ)

[៥៨] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគណា មានក្នុងរូប អ្នកទាំងឡាយ ចូរលះបង់ នូវឆន្ទរាគនោះចេញ កាលបើយ៉ាងនេះ រូបនោះឯង នឹងឈ្មោះថា អ្នកទាំងឡាយ បានលះបង់ រំលើងឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាត្នោតកំបុតក ធ្វើឲ្យតាំងនៅមិនបាន មិនឲ្យកើតឡើងតទៅទៀត ជាធម្មតា។ ឆន្ទរាគណា មានក្នុងវេទនា អ្នកទាំងឡាយ ចូរលះបង់នូវឆន្ទរាគនោះចេញ កាលបើយ៉ាងនេះ វេទនានោះឯង នឹងឈ្មោះថា អ្នកទាំងឡាយ បានលះបង់ រំលើងឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាត្នោតកំបុតក ធ្វើឲ្យតាំងនៅមិនបាន មិនឲ្យកើតឡើង តទៅទៀត ជាធម្មតា។ ឆន្ទរាគណា មានក្នុងសញ្ញា អ្នកទាំងឡាយ ចូរលះបង់ នូវឆន្ទរាគនោះចេញ កាលបើយ៉ាងនេះ សញ្ញានោះឯង នឹងឈ្មោះថា អ្នកទាំងឡាយ បានលះបង់ រំលើងឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាត្នោតកំបុតក ធ្វើឲ្យតាំងនៅមិនបាន មិនឲ្យកើតឡើង តទៅទៀត ជាធម្មតា។ ឆន្ទរាគណា មានក្នុងសង្ខារ អ្នកទាំងឡាយ ចូរលះបង់ នូវឆន្ទរាគនោះចេញ កាលបើយ៉ាងនេះ សង្ខារទាំងនោះឯង នឹងឈ្មោះថា អ្នកទាំងឡាយ បានលះបង់ រំលើងឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាត្នោតកំបុតក ធ្វើឲ្យតាំងនៅមិនបាន មិនឲ្យកើតឡើង តទៅទៀត ជាធម្មតា។ ឆន្ទរាគណា មានក្នុងវិញ្ញាណ អ្នកទាំងឡាយ ចូរលះបង់នូវឆន្ទរាគនោះចេញ កាលបើយ៉ាងនេះ វិញ្ញាណនោះឯង នឹងឈ្មោះថា អ្នកទាំងឡាយ បានលះបង់ រំលើងឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាត្នោតកំបុតក ធ្វើឲ្យតាំងនៅមិនបាន មិនឲ្យកើតឡើងតទៅទៀត ជាធម្មតា។

(អស្សាទ)សូត្រ ទី៥

(៥. អស្សាទសុត្តំ)

[៥៩] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ កាលតថាគតនៅជាពោធិសត្វ មិនទាន់ត្រាស់ដឹង មុនអំពីសម្ពោធិញ្ញាណនៅឡើយ មានសេចក្តីត្រិះរិះដូច្នេះថា អ្វីហ្ន៎ ជាអានិសង្ស អ្វីជាទោស អ្វីជាការរលាស់ចេញនៃរូប។ អ្វីជាអានិសង្ស អ្វីជាទោស អ្វីជាការរលាស់ចេញ នៃវេទនា។ អ្វីជាអានិសង្ស អ្វីជាទោស អ្វីជាការរលាស់ចេញ នៃសញ្ញា។ អ្វីជាអានិសង្ស អ្វីជាទោស អ្វីជាការរលាស់ចេញ នៃសង្ខារ។ អ្វីជាអានិសង្ស អ្វីជាទោស អ្វីជាការរលាស់ចេញ នៃវិញ្ញាណ។ ម្នាលភិក្ខុទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា សេចក្តីសុខ សោមនស្សណា កើតឡើងព្រោះអាស្រ័យរូប នេះជាអានិសង្ស របស់រូប រូបណា មិនទៀង ជាទុក្ខ មានកិរិយាប្រែប្រួលជាធម្មតា នេះជាទោសរបស់រូប ការបន្ទោបង់ នូវឆន្ទរាគ ការលះបង់ នូវឆន្ទរាគណា ក្នុងរូប នេះជាការរលាស់ចេញ នូវរូប។ សេចក្តីសុខ សោមនស្សណា កើតឡើងព្រោះអាស្រ័យវេទនា នេះជាអានិសង្ស របស់វេទនា វេទនាណា មិនទៀង ជាទុក្ខ មានកិរិយាប្រែប្រួលជាធម្មតា នេះជាទោសរបស់វេទនា ការបន្ទោបង់ នូវឆន្ទរាគ ការលះបង់ នូវឆន្ទរាគណា ក្នុងវេទនា នេះជាការរលាស់ចេញ នូវវេទនា។ សេចក្តីសុខ សោមនស្សណា កើតឡើងព្រោះអាស្រ័យសញ្ញា។ សេចក្តីសុខ សោមនស្សណា កើតឡើងព្រោះអាស្រ័យសង្ខារ នេះជាអានិសង្សរបស់សង្ខារ សង្ខារណា មិនទៀង ជាទុក្ខ មានកិរិយាប្រែប្រួលជាធម្មតា នេះជាទោសរបស់សង្ខារ ការបន្ទោបង់ នូវឆន្ទរាគ ការលះបង់ នូវឆន្ទរាគណា ក្នុងសង្ខារ នេះជាការរលាស់ចេញ នូវសង្ខារ។ សេចក្តីសុខ សោមនស្សណា កើតឡើងព្រោះអាស្រ័យវិញ្ញាណ នេះជាអានិសង្ស របស់វិញ្ញាណ វិញ្ញាណណា មិនទៀង ជាទុក្ខ មានកិរិយាប្រែប្រួលជាធម្មតា នេះជាទោស របស់វិញ្ញាណ ការបន្ទោបង់នូវឆន្ទរាគ ការលះបង់ នូវឆន្ទរាគណា ក្នុងវិញ្ញាណ នេះជាការរលាស់ចេញ នូវវិញ្ញាណ។

[៦០] ម្នាលភិក្ខុទាំងឡាយ តថាគត មិនទាន់ដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ចេញផង របស់ឧបាទានក្ខន្ធ ទាំង៥នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ តថាគត ក៏មិនទាន់ប្តេជ្ញាខ្លួន ថាជាអ្នកត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណ ជាគុណជាតដ៏ប្រសើរ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស អស់កាលត្រឹមនោះដែរ។ ម្នាលភិក្ខុទាំងឡាយ លុះតថាគត បានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ចេញផង របស់ឧបាទានក្ខន្ធ ទាំង៥នេះ ក្នុងកាលណា ម្នាលភិក្ខុទាំងឡាយ តថាគត ទើបប្តេជ្ញាខ្លួន ថាជាអ្នកត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណ ជាគុណជាត ដ៏ប្រសើរក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ក្នុងកាលនោះឯង។ ការដឹងច្បាស់ ឃើញច្បាស់ ក៏កើតឡើងហើយ ដល់តថាគត ដូច្នេះថា សេចក្តីរួចស្រឡះ (ចាកអាសវៈ) របស់តថាគត មិនកម្រើកបានឡើយ ជាតិនេះ ជាទីបំផុតត្រឹមនេះហើយ ឥឡូវនេះ ភពថ្មី គឺការត្រឡប់កើតតទៅទៀត មិនមានឡើយ។

(ទុតិយអស្សាទ)សូត្រ ទី៦

(៦. ទុតិយអស្សាទសុត្តំ)

[៦១] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្តស្វះស្វែងរក នូវអានិសង្សរបស់រូប អានិសង្សរបស់រូបណា តថាគត ក៏បានជួបប្រទះ នូវអានិសង្សនោះហើយ អានិសង្សរបស់រូប ទាំងប៉ុន្មាន អានិសង្សនោះ តថាគត បានឃើញច្បាស់ ដោយបញ្ញាហើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្តស្វះស្វែងរក នូវទោសរបស់រូប ទោសរបស់រូបណា តថាគត ក៏បានជួបប្រទះ នូវទោសនោះហើយ ទោសរបស់រូប ទាំងប៉ុន្មាន ទោសនោះ តថាគត បានឃើញច្បាស់ ដោយបញ្ញាហើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្តស្វះស្វែងរក ការរលាស់ចេញនូវរូប ការរលាស់ចេញនូវរូបណា តថាគត ក៏បានជួបប្រទះ នូវការរលាស់ចេញ នូវរូបនោះហើយ ការរលាស់ចេញនូវរូប ទាំងប៉ុន្មាន ការរលាស់ចេញ នូវរូបនោះ តថាគត បានឃើញច្បាស់ ដោយបញ្ញាហើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត (បានប្រព្រឹត្តស្វះស្វែងរកអានិសង្ស) របស់វេទនា។ ម្នាលភិក្ខុទាំងឡាយ តថាគត (បានប្រព្រឹត្តស្វះស្វែងរកអានិសង្ស) របស់សញ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគត (បានប្រព្រឹត្តស្វះស្វែងរកអានិសង្ស)។ របស់សង្ខារ។ ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្តស្វះស្វែងរកអានិសង្ស របស់វិញ្ញាណ អានិសង្សរបស់វិញ្ញាណណា តថាគត ក៏បានជួបប្រទះ នូវអានិសង្សរបស់វិញ្ញាណនោះហើយ អានិសង្ស របស់វិញ្ញាណ ទាំងប៉ុន្មាន អានិសង្សរបស់វិញ្ញាណនោះ តថាគត បានឃើញច្បាស់ ដោយបញ្ញាហើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្តស្វះស្វែងរកទោស របស់វិញ្ញាណ ទោសរបស់វិញ្ញាណណា តថាគត ក៏បានជួបប្រទះ នូវទោសរបស់វិញ្ញាណនោះហើយ ទោសរបស់វិញ្ញាណទាំងប៉ុន្មាន ទោសរបស់វិញ្ញាណនោះ តថាគត បានឃើញច្បាស់ ដោយបញ្ញាហើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្តស្វះស្វែង រកការរលាស់ចេញ នូវវិញ្ញាណ ការរលាស់ចេញ នូវវិញ្ញាណណា តថាគត ក៏បានជួបប្រទះ នូវការរលាស់ចេញ នូវវិញ្ញាណនោះហើយ ការរលាស់ចេញ នូវវិញ្ញាណ ទាំងប៉ុន្មាន ការរលាស់ចេញ នូវវិញ្ញាណនោះ តថាគត បានឃើញច្បាស់ ដោយបញ្ញាហើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនទាន់ដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ចេញផង របស់ឧបាទានក្ខន្ធ ទាំង៥នេះ អស់កាលត្រឹមណា។បេ។ ក៏មិនបានប្តេជ្ញាខ្លួន។ ឯការដឹងច្បាស់ ឃើញច្បាស់ ក៏កើតឡើងហើយ ដល់តថាគត ដូច្នេះថា សេចក្តីរួចស្រឡះ (ចាកអាសវៈ) របស់តថាគត មិនកម្រើកទៀតឡើយ ជាតិនេះ ជាទីបំផុតត្រឹមនេះហើយ ឥឡូវនេះ ភពថ្មី គឺការត្រឡប់កើតទៀត មិនមានឡើយ។

(តតិយអស្សាទ)សូត្រ ទី៧

(៧. តតិយអស្សាទសុត្តំ)

[៦២] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ បើអានិសង្សរបស់រូប មិនមានទេ សត្វទាំងឡាយ ក៏មិនត្រេកអរក្នុងរូបឡើយ។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់រូប មាន បានជាសត្វទាំងឡាយ ត្រេកអរក្នុងរូប។ ម្នាលភិក្ខុទាំងឡាយ បើទោសរបស់រូប មិនមានទេ សត្វទាំងឡាយនេះ ក៏មិននឿយណាយ ក្នុងរូបឡើយ។ ម្នាលភិក្ខុទាំងឡាយ ទោសរបស់រូប មាន បានជាសត្វទាំងឡាយ តែងនឿយណាយ ក្នុងរូប។ ម្នាលភិក្ខុទាំងឡាយ បើការរលាស់ចេញ នូវរូប មិនមានទេ សត្វទាំងឡាយ ក៏មិនរលាស់ចេញចាករូបឡើយ។ ម្នាលភិក្ខុទាំងឡាយ ការរលាស់ចេញនូវរូប មាន បានជាសត្វទាំងឡាយ តែងរលាស់ចេញចាករូប។ ម្នាលភិក្ខុទាំងឡាយ បើអានិសង្សរបស់វេទនា មិនមានទេ។បេ។ ម្នាលភិក្ខុទាំងឡាយ បើ (អានិសង្ស) របស់សញ្ញា មិនមានទេ។ ម្នាលភិក្ខុទាំងឡាយ បើអានិសង្សរបស់សង្ខារ មិនមានទេ សត្វទាំងឡាយ ក៏មិនត្រេកអរ ក្នុងសង្ខារឡើយ។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់សង្ខារមាន បានជាសត្វទាំងឡាយ ត្រេកអរ ក្នុងសង្ខារ។ ម្នាលភិក្ខុទាំងឡាយ បើទោសរបស់សង្ខារមិនមានទេ សត្វទាំងឡាយ ក៏មិននឿយណាយ ក្នុងសង្ខារឡើយ។ ម្នាលភិក្ខុទាំងឡាយ ទោសរបស់សង្ខារ មាន បានជាសត្វទាំងឡាយ តែងនឿយណាយក្នុងសង្ខារ។ ម្នាលភិក្ខុទាំងឡាយ បើការរលាស់ចេញ នូវសង្ខារនេះ មិនមានទេ សត្វទាំងឡាយនេះ ក៏មិនរលាស់ចេញ ចាកសង្ខារឡើយ។ ម្នាលភិក្ខុទាំងឡាយ ការរលាស់ចេញ នូវសង្ខារ មាន បានជាសត្វទាំងឡាយ តែងរលាស់ចេញចាកសង្ខារ។ ម្នាលភិក្ខុទាំងឡាយ បើអានិសង្សរបស់វិញ្ញាណនេះមិនមានទេ សត្វទាំងឡាយ ក៏មិនត្រេកអរ ក្នុងវិញ្ញាណឡើយ។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់វិញ្ញាណ មាន បានជាសត្វទាំងឡាយ ត្រេកអរក្នុងវិញ្ញាណ។ ម្នាលភិក្ខុទាំងឡាយ បើទោសរបស់វិញ្ញាណ មិនមានទេ សត្វទាំងឡាយក៏មិននឿយណាយ ក្នុងវិញ្ញាណឡើយ។ ម្នាលភិក្ខុទាំងឡាយ ទោសរបស់វិញ្ញាណ មាន បានជាសត្វទាំងឡាយ តែងនឿយណាយ ក្នុងវិញ្ញាណ។ ម្នាលភិក្ខុទាំងឡាយ បើការរលាស់ចេញ នូវវិញ្ញាណ មិនមានទេ សត្វទាំងឡាយ ក៏មិនរលាស់ចេញ ចាកវិញ្ញាណឡើយ។ ម្នាលភិក្ខុទាំងឡាយ ការរលាស់ចេញ នូវវិញ្ញាណ មាន បានជាសត្វទាំងឡាយ តែងរលាស់ចេញចាកវិញ្ញាណ។

[៦៣] ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ មិនបានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្សផង នូវទោសថា ជាទោសផង នូវការរលាស់ចេញថា ជាការរលាស់ចេញផង របស់ឧបាទានក្ខន្ធ ទាំង៥នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស រមែងមិនរលាស់ចេញ មិនបានប្រាសចេញ មិនបានរួចស្រឡះ មានចិត្តមិនបានធ្វើឲ្យប្រាសចាកដែន គឺកិលេស និងវដ្តៈ អស់កាលត្រឹមណោះដែរ។ ម្នាលភិក្ខុទាំងឡាយ លុះតែសត្វទាំងឡាយ ដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញថា ជាការរលាស់ចេញផង របស់ឧបាទានក្ខន្ធ ទាំង៥នេះ ក្នុងកាលណា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ទើបបានរលាស់ចេញ ប្រាសចេញ រួចស្រឡះ មានចិត្តធ្វើឲ្យប្រាសចាកដែន គឺកិលេស និងវដ្តៈ ក្នុងកាលនោះ។

(អភិនន្ទន)សូត្រ ទី៨

(៨. អភិនន្ទនសុត្តំ)

[៦៤] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ត្រេកអរនឹងរូប បុគ្គលនោះ ឈ្មោះថា ត្រេកអរនឹងទុក្ខ បុគ្គលណា ត្រេកអរនឹងទុក្ខ តថាគតហៅថា បុគ្គលនោះ មិនរួចស្រឡះ ចាកវដ្តទុក្ខបានឡើយ។ បុគ្គលណា ត្រេកអរនឹងវេទនា។ បុគ្គលណា ត្រេកអរនឹងសញ្ញា។ បុគ្គលណា ត្រេកអរនឹងសង្ខារទាំងឡាយ។ បុគ្គលណា ត្រេកអរនឹងវិញ្ញាណ បុគ្គលនោះ ឈ្មោះថា ត្រេកអរនឹងទុក្ខ បុគ្គលណា ត្រេកអរនឹងទុក្ខ តថាគតហៅថា បុគ្គលនោះ មិនរួចស្រឡះចាកវដ្តទុក្ខបានឡើយ។

[៦៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលណា មិនត្រេកអរនឹងរូប បុគ្គលនោះ ឈ្មោះថា មិនត្រេកអរនឹងទុក្ខ បុគ្គលណា មិនត្រេកអរនឹងទុក្ខ តថាគតហៅថា បុគ្គលនោះ រួចស្រឡះចាកវដ្តទុក្ខបាន។ បុគ្គលណា មិនត្រេកអរនឹងវេទនា។ បុគ្គលណា មិនត្រេកអរនឹងសញ្ញា។ បុគ្គលណា មិនត្រេកអរនឹងសង្ខារទាំងឡាយ។ បុគ្គលណា មិនត្រេកអរនឹងវិញ្ញាណ បុគ្គលនោះ ឈ្មោះថា មិនត្រេកអរនឹងទុក្ខ បុគ្គលណា មិនត្រេកអរនឹងទុក្ខ តថាគតហៅថា បុគ្គលនោះ រួចស្រឡះចាកវដ្តទុក្ខបាន។

(ឧប្បាទ)សូត្រ ទី៩

(៩. ឧប្បាទសុត្តំ)

[៦៦] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំងនៅ ការកើតចំពោះ ការកើតប្រាកដណានៃរូប នុ៎ះឯង ឈ្មោះថា ការកើតឡើងនៃទុក្ខ ការតាំងនៅនៃរោគ ការកើតប្រាកដ នៃជរាមរណៈ។ ការកើតឡើងណា នៃវេទនា។ នៃសញ្ញា នៃសង្ខារទាំងឡាយ។ ការកើតឡើង ការតាំងនៅ ការកើតចំពោះ ការកើតប្រាកដណា នៃវិញ្ញាណ នុ៎ះឯង ឈ្មោះថា ការកើតឡើងនៃទុក្ខ ការតាំងនៅនៃរោគ ការកើតប្រាកដ នៃជរាមរណៈ។

[៦៧] ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់ សេចក្តីស្ងប់រម្ងាប់ សេចក្តីវិនាស ណានៃរូប នុ៎ះឯង ឈ្មោះថា សេចក្តីរលត់នៃទុក្ខ សេចក្តីស្ងប់រម្ងាប់នៃរោគ សេចក្តីវិនាស នៃជរាមរណៈ។ សេចក្តីរលត់ណា នៃវេទនា។ នៃសញ្ញា។ នៃសង្ខារទាំងឡាយ។ សេចក្តីរលត់ សេចក្តីស្ងប់រម្ងាប់ សេចក្តីវិនាសណា នៃវិញ្ញាណ នុ៎ះឯង ឈ្មោះថា សេចក្តីរលត់នៃទុក្ខ សេចក្តីស្ងប់រម្ងាប់នៃរោគ សេចក្តីវិនាសនៃជរាមរណៈ។

(អឃមូល)សូត្រ ទី១០

(១០. អឃមូលសុត្តំ)

[៦៨] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែង នូវទុក្ខផង នូវឫសគល់ នៃទុក្ខផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចខ្លះ ហៅថា ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ រូបជាទុក្ខ វេទនាជាទុក្ខ សញ្ញាជាទុក្ខ សង្ខារទាំងឡាយ ជាទុក្ខ វិញ្ញាណ ជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខ។

[៦៩] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា ឫសគល់នៃទុក្ខ។ តណ្ហាណា ដែលនាំឲ្យកើតក្នុងភពថ្មី ប្រកបដោយតម្រេក ដោយអំណាច នៃសេចក្តីត្រេកត្រអាល មានកិរិយារីករាយ ក្នុងអារម្មណ៍នោះៗ ជាប្រក្រតី។ ចុះតណ្ហានោះ ដូចម្តេចខ្លះ។ គឺកាមតណ្ហា ភវតណ្ហា វិភវតណ្ហា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឫសគល់នៃទុក្ខ។

(បភង្គុ)សូត្រ ទី១១

(១១. បភង្គុសុត្តំ)

[៧០] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែង នូវរបស់បែកធ្លាយផង នូវរបស់មិនបែកធ្លាយផង (ដល់អ្នកទាំងឡាយ) ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះអ្វី ជារបស់បែកធ្លាយ អ្វីជារបស់មិនបែកធ្លាយ។ ម្នាលភិក្ខុទាំងឡាយ រូប ជារបស់បែកធ្លាយ សេចក្តីរលត់ សេចក្តីស្ងប់រម្ងាប់ សេចក្តីវិនាស ណា នៃរូបនោះ នេះ ជារបស់មិនបែកធ្លាយ។ វេទនា ជារបស់បែកធ្លាយ សេចក្តីរលត់ សេចក្តីស្ងប់រម្ងាប់ សេចក្តីវិនាស ណា នៃវេទនានោះ នេះ ជារបស់មិនបែកធ្លាយ។ សញ្ញា ជារបស់បែកធ្លាយ។ សង្ខារទាំងឡាយ ជារបស់បែកធ្លាយ សេចក្តីរលត់ សេចក្តីស្ងប់រម្ងាប់ សេចក្តីវិនាស ណា នៃសង្ខារទាំងនោះ នេះ ជារបស់មិនបែកធ្លាយ។ វិញ្ញាណ ជារបស់បែកធ្លាយ សេចក្តីរលត់ សេចក្តីស្ងប់រម្ងាប់ សេចក្តីវិនាស ណា នៃវិញ្ញាណនោះ នេះ ជារបស់មិនបែកធ្លាយ។

ចប់ ភារវគ្គ ទី៣។

ឧទ្ទាន ក្នុងភារវគ្គនោះ គឺ

និយាយអំពីរបស់ធ្ងន់១ ការកំណត់ដឹង១ ភិក្ខុកាលដឹង១ លះបង់ឆន្ទរាគ១ ជាគំរប់៤ អំពីអានិសង្ស៣លើក សេចក្តីត្រេកអរ១ ជាគំរប់៨ អំពីការកើត១ ឫសគល់នៃទុក្ខ១ របស់បែកធ្លាយ១ ជាគំរប់១១។

នតុម្ហាកវគ្គ (ទី៤)

(៤. នតុម្ហាកំវគ្គោ)

(នតុម្ហាកំ)សូត្រ ទី១

(១. នតុម្ហាកំសុត្តំ)

[៧១] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ របស់ណា មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់របស់នេះចេញ របស់នោះ បើអ្នកទាំងឡាយ លះបង់ហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ ចុះរបស់ដូចម្តេច ដែលមិនមែនរបស់អ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ រូប មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់នូវរូបនោះចេញ រូបនោះ បើអ្នកទាំងឡាយ លះបង់ហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ។ វេទនា មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់វេទនានោះចេញ វេទនានោះ បើអ្នកទាំងឡាយ លះបង់ហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ។ សញ្ញា មិនមែនរបស់អ្នកទាំងឡាយទេ។ សង្ខារទាំងឡាយ មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់សង្ខារនោះចេញ សង្ខារទាំងនោះ បើអ្នកទាំងឡាយ លះបង់ហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ។ វិញ្ញាណ មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់វិញ្ញាណនោះចេញ វិញ្ញាណនោះ បើអ្នកទាំងឡាយ លះបង់ហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ។

[៧២] ម្នាលភិក្ខុទាំងឡាយ ដូចស្មៅ ឬឈើ មែកឈើ និងស្លឹកឈើណា ក្នុងវត្តជេតពននេះ អ្នកផងនាំយកចេញ ឬដុតចោល ឬក៏ធ្វើឲ្យសមគួរដល់ហេតុ នូវស្មៅ ឬឈើ មែកឈើ និងស្លឹកឈើនោះ ចុះអ្នកទាំងឡាយ នឹងមានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នកផងឈ្មោះថា នាំយកចេញ ឬដុតចោល ឬក៏ធ្វើឲ្យសមគួរ ដល់ហេតុ នូវយើងទាំងឡាយដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនដូច្នោះទេ។ ដំណើរនោះ ព្រោះហេតុដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះវត្ថុនោះ មិនមែនជាខ្លួនផង មិនមែនជារបស់អាស្រ័យនៅក្នុងខ្លួនផង នៃយើងទាំងឡាយទេ។ ម្នាលភិក្ខុទាំងឡាយ រូបមិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់ នូវរូបនោះចេញ រូបនោះ បើអ្នកទាំងឡាយ លះបង់ហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ។ វេទនា មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់ នូវវេទនានោះចេញ វេទនានោះ បើអ្នកទាំងឡាយ លះបង់ហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ។ សញ្ញា មិនមែនរបស់អ្នកទាំងឡាយទេ។ សង្ខារទាំងឡាយ មិនមែនរបស់អ្នកទាំងឡាយទេ។ វិញ្ញាណ មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់ នូវវិញ្ញាណនោះចេញ វិញ្ញាណនោះ បើអ្នកទាំងឡាយ លះបង់ហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ក៏មានឧបមេយ្យ យ៉ាងនោះឯង។

(ទុតិយនតុម្ហាកំ)សូត្រ ទី២

(២. ទុតិយនតុម្ហាកំសុត្តំ)

[៧៣] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ របស់ណាមិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់របស់នោះចេញ របស់នោះ បើអ្នកទាំងឡាយ លះបង់ហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ ចុះរបស់ដូចម្តេច ដែលមិនមែនរបស់អ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ រូប មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់នូវរូបនោះចេញ រូបនោះ បើអ្នកទាំងឡាយ លះបង់ហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ។ វេទនា មិនមែនរបស់អ្នកទាំងឡាយទេ។ សញ្ញា មិនមែនរបស់អ្នកទាំងឡាយទេ។ សង្ខារទាំងឡាយ មិនមែនរបស់អ្នកទាំងឡាយទេ។ វិញ្ញាណ មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់ នូវវិញ្ញាណនោះចេញ វិញ្ញាណនោះ បើអ្នកទាំងឡាយ លះបង់ហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ របស់ណា មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់របស់នោះចេញ របស់នោះ បើអ្នកទាំងឡាយ លះបង់ហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ។

(អញ្ញតរភិក្ខុ)សូត្រ ទី៣

(៣. អញ្ញតរភិក្ខុសុត្តំ)

[៧៤] ក្នុងក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ស្តាប់ធម៌ណា របស់ព្រះមានព្រះភាគហើយ គប្បីជាបុគ្គលម្នាក់ឯង ចៀសចេញចាកពួក មិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន សូមព្រះមានព្រះភាគ សំដែងធម៌នោះ ដោយសង្ខេប ដល់ខ្ញុំព្រះអង្គឲ្យទាន។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ បុគ្គលផ្តេកផ្តិតនឹងអនុស័យណា រមែងដល់នូវការរាប់ដោយអនុស័យនោះ បុគ្គលមិនផ្តេកផ្តិតនឹងអនុស័យណា រមែងមិនដល់នូវការរាប់ដោយអនុស័យនោះ។ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ យល់ហើយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គយល់ហើយ។ ម្នាលភិក្ខុ ចុះពាក្យដែលតថាគតសំដែងសង្ខេប អ្នកយល់សេចក្តីដោយពិស្តារបាន តើដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន បើបុគ្គលផ្តេកផ្តិតនឹងរូប រមែងដល់នូវការរាប់ (ថាជាអ្នកត្រេកអរ អ្នកប្រទូស្ត អ្នកវង្វេង) ដោយការផ្តេកផ្តិតនោះ។ បើបុគ្គលផ្តេកផ្តិតនឹងវេទនា។ បើបុគ្គលផ្តេកផ្តិតនឹងសញ្ញា។ បើបុគ្គលផ្តេកផ្តិតនឹងសង្ខារ។ បើបុគ្គលផ្តេកផ្តិតនឹងវិញ្ញាណ រមែងដល់នូវការរាប់ ដោយការផ្តេកផ្តិតនោះ។ បពិត្រព្រះអង្គដ៏ចំរើន បើបុគ្គលមិនផ្តេកផ្តិតនឹងរូប រមែងមិនដល់នូវការរាប់ (ថាជាអ្នកត្រេកអរ អ្នកប្រទូស្ត អ្នកវង្វេង) ដោយការផ្តេកផ្តិតនោះ។ បើបុគ្គលមិនផ្តេកផ្តិតនឹងវេទនា រមែងមិនដល់នូវការរាប់ ដោយការផ្តេកផ្តិតនោះ។ បើបុគ្គល (មិនផ្តេកផ្តិត) នឹងសញ្ញា។ នឹងសង្ខារ។ បើបុគ្គលមិនផ្តេកផ្តិតនឹងវិញ្ញាណ រមែងមិនដល់នូវការរាប់ ដោយការផ្តេកផ្តិតនោះ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ សំដែងសង្ខេបនេះ ខ្ញុំព្រះអង្គយល់សេចក្តីដោយពិស្តារបាន យ៉ាងនេះឯង។

[៧៥] ម្នាលភិក្ខុ ត្រូវហើយៗ ម្នាលភិក្ខុ ពាក្យដែលតថាគត សំដែងសង្ខេប អ្នកយល់សេចក្តី ដោយពិស្តារបាន នេះជាការប្រពៃណាស់។ ម្នាលភិក្ខុ បើបុគ្គលផ្តេកផ្តិតនឹងរូប រមែងដល់នូវការរាប់ (ថាជាអ្នកត្រេកអរ អ្នកប្រទូស្ត អ្នកវង្វេង) ដោយការផ្តេកផ្តិតនោះ។ បើបុគ្គលផ្តេកផ្តិតនឹងវេទនា។ នឹងសញ្ញា។ នឹងសង្ខារ។ បើបុគ្គលផ្តេកផ្តិតនឹងវិញ្ញាណ រមែងដល់នូវការរាប់ ដោយការផ្តេកផ្តិតនោះ។ ម្នាលភិក្ខុ បើបុគ្គល មិនផ្តេកផ្តិតនឹងរូប មិនដល់នូវការរាប់ដោយការផ្តេកផ្តិតនោះ។ បើបុគ្គលមិនផ្តេកផ្តិតនឹងវេទនា។ នឹងសញ្ញា។ នឹងសង្ខារ។ បើបុគ្គលមិនផ្តេកផ្តិតនឹងវិញ្ញាណ រមែងមិនដល់នូវការរាប់ ដោយការផ្តេកផ្តិតនោះ។ ម្នាលភិក្ខុ ពាក្យដែលតថាគតសំដែងសង្ខេបនេះឯង បណ្ឌិត គប្បីយល់សេចក្តីដោយពិស្តារ យ៉ាងនេះឯង។

[៧៦] គ្រានោះឯង ភិក្ខុនោះ ត្រេកអរ រីករាយ នឹងភាសិត របស់ព្រះមានព្រះភាគហើយ ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ រួចចៀសចេញទៅ។ លំដាប់នោះ ភិក្ខុនោះ ជាបុគ្គលតែម្នាក់ឯង ចៀសចេញ (ចាកពួក) ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់គុណវិសេសណា មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេសដ៏ប្រសើរ ជាទីបំផុត នៃព្រហ្មចរិយធម៌នោះ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រាន្តនៅ ក៏បានដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ភិក្ខុនោះ បានជាព្រះអរហន្តមួយអង្គដែរ។

(ទុតិយអញ្ញតរភិក្ខុ)សូត្រ ទី៤

(៤. ទុតិយអញ្ញតរភិក្ខុសុត្តំ)

[៧៧] ក្នុងក្រុងសាវត្ថី។ គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ស្តាប់ធម៌ណា របស់ព្រះមានព្រះភាគហើយ គប្បីជាបុគ្គលម្នាក់ឯង ចៀសចេញ (ចាកពួក) ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន សូមព្រះមានព្រះភាគ សំដែងធម៌នោះ ដោយសង្ខេប ដល់ខ្ញុំព្រះអង្គឲ្យទាន។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ បុគ្គលផ្តេកផ្តិតនឹងអនុស័យណា រមែងស្លាប់នឹងអនុស័យនោះ បុគ្គលស្លាប់នឹងអនុស័យណា រមែងដល់នូវកិរិយារាប់ ដោយអនុស័យនោះ បុគ្គលមិនផ្តេកផ្តិតនឹងអនុស័យណា រមែងមិនស្លាប់នឹងអនុស័យនោះ បុគ្គលមិនស្លាប់នឹងអនុស័យណា រមែងមិនដល់នូវកិរិយារាប់ ដោយអនុស័យនោះ។ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គយល់ហើយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ យល់ហើយ។ ម្នាលភិក្ខុ ចុះពាក្យដែលតថាគត សំដែងដោយសង្ខេប អ្នកយល់សេចក្តីដោយពិស្តារបាន តើដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន បើបុគ្គលផ្តេកផ្តិតនឹងរូប រមែងស្លាប់នឹងរូបនោះ បុគ្គលស្លាប់នឹងរូបណា រមែងដល់នូវការរាប់ (ថាជាអ្នកត្រេកអរ អ្នកប្រទូស្ត អ្នកវង្វេង) ដោយរូបនោះ។ បើបុគ្គលផ្តេកផ្តិតនឹងវេទនា។ បើបុគ្គលផ្តេកផ្តិតនឹងសញ្ញា។ បើបុគ្គលផ្តេកផ្តិតនឹងសង្ខារ។ បើបុគ្គលផ្តេកផ្តិតនឹងវិញ្ញាណ រមែងស្លាប់នឹងវិញ្ញាណនោះ បុគ្គលស្លាប់នឹងវិញ្ញាណណា រមែងដល់នូវការរាប់ ដោយវិញ្ញាណនោះ។ បពិត្រព្រះអង្គដ៏ចំរើន បើបុគ្គលមិនផ្តេកផ្តិតនឹងរូប រមែងមិនស្លាប់នឹងរូបនោះ បុគ្គលមិនស្លាប់នឹងរូបណា រមែងមិនដល់ នូវការរាប់ដោយរូបនោះ។ បើបុគ្គលមិនផ្តេកផ្តិតនឹងវេទនា។ បើបុគ្គលមិនផ្តេកផ្តិតនឹងសញ្ញា។ បើបុគ្គលមិនផ្តេកផ្តិតនឹងសង្ខារ។ បើបុគ្គលមិនផ្តេកផ្តិតនឹងវិញ្ញាណ រមែងមិនស្លាប់នឹងវិញ្ញាណនោះ បុគ្គលមិនស្លាប់នឹងវិញ្ញាណណា រមែងមិនដល់នូវការរាប់ ដោយវិញ្ញាណនោះ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ សំដែងដោយសង្ខេបនេះឯង ខ្ញុំព្រះអង្គ យល់សេចក្តីដោយពិស្តារបាន យ៉ាងនេះឯង។

[៧៨] ម្នាលភិក្ខុ ត្រូវហើយៗ ម្នាលភិក្ខុ ពាក្យដែលតថាគត សំដែងដោយសង្ខេប អ្នកយល់សេចក្តីដោយពិស្តារបាន ជាការប្រពៃណាស់។ ម្នាលភិក្ខុ បើបុគ្គលផ្តេកផ្តិតនឹងរូប រមែងស្លាប់នឹងរូបនោះ បុគ្គលស្លាប់នឹងរូបណា រមែងដល់នូវការរាប់ដោយរូបនោះ។ បើបុគ្គលផ្តេកផ្តិតនឹងវេទនា។ នឹងសញ្ញា។ នឹងសង្ខារ។ បើបុគ្គលផ្តេកផ្តិតនឹងវិញ្ញាណ រមែងស្លាប់នឹងវិញ្ញាណនោះ បុគ្គលស្លាប់នឹងវិញ្ញាណណា រមែងដល់នូវការរាប់ដោយវិញ្ញាណនោះ។ ម្នាលភិក្ខុ បើបុគ្គលមិនផ្តេកផ្តិតនឹងរូប រមែងមិនស្លាប់នឹងរូបនោះ បុគ្គលមិនស្លាប់នឹងរូបណា រមែងមិនដល់នូវការរាប់ដោយរូបនោះ។ បើបុគ្គលមិនផ្តេកផ្តិតនឹងវេទនា។ បើបុគ្គលមិនផ្តេកផ្តិតនឹងសញ្ញា។ បើបុគ្គលមិនផ្តេកផ្តិតនឹងសង្ខារ។ បើបុគ្គលមិនផ្តេកផ្តិតនឹងវិញ្ញាណ រមែងមិនស្លាប់នឹងវិញ្ញាណនោះ បុគ្គលមិនស្លាប់នឹងវិញ្ញាណណា រមែងមិនដល់នូវការរាប់ ដោយវិញ្ញាណនោះ។ ម្នាលភិក្ខុ ពាក្យដែលតថាគតសំដែង ដោយសង្ខេបនេះឯង បណ្ឌិតគួរយល់សេចក្តី ដោយពិស្តារយ៉ាងនេះ។បេ។ បណ្តាព្រះអរហន្តទាំងឡាយ ភិក្ខុនោះ បានជាព្រះអរហន្តមួយអង្គដែរ។

(អានន្ទ)សូត្រ ទី៥

(៥. អានន្ទសុត្តំ)

[៧៩] ក្នុងក្រុងសាវត្ថី។ គ្រានោះ ព្រះអានន្ទមានអាយុ ចេញចាកទីពួនសម្ងំ ក្នុងសាយណ្ហសម័យ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ បើគេសួរអ្នក យ៉ាងនេះថា នែអានន្ទមានអាយុ ធម៌ទាំងឡាយ ដូចម្តេចខ្លះ ដែលកើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅ ហើយប្រែប្រួលទៅវិញ5) ក៏ប្រាកដ។ ម្នាលអានន្ទ កាលបើគេសួរយ៉ាងនេះ តើអ្នកគប្បីដោះស្រាយដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន បើគេសួរខ្ញុំព្រះអង្គ យ៉ាងនេះថា នែអានន្ទមានអាយុ ធម៌ទាំងឡាយ ដូចម្តេចខ្លះ ដែលកើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅ ហើយប្រែប្រួលទៅវិញ ក៏ប្រាកដ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះថា ម្នាលអាវុសោ រូប រមែងកើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដ។ វេទនា។ សញ្ញា។ សង្ខារ។ វិញ្ញាណ រមែងកើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅ ហើយប្រែប្រួលទៅវិញ ក៏ប្រាកដ។ ម្នាលអាវុសោ ធម៌ទាំងនេះឯង រមែងកើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅ ហើយប្រែប្រួលទៅវិញ ក៏ប្រាកដ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះឯង។

[៨០] ម្នាលអានន្ទ ត្រូវហើយៗ ម្នាលអានន្ទ រូប ពិតជាកើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅ ហើយប្រែប្រួលទៅវិញ ក៏ប្រាកដ។ វេទនា។ សញ្ញា។ សង្ខារ។ វិញ្ញាណ ពិតជាកើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដ។ ម្នាលអានន្ទ ធម៌ទាំងឡាយនេះឯង រមែងកើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដ។ ម្នាលអានន្ទ កាលបើគេសួរយ៉ាងនេះ អ្នកគប្បីដោះស្រាយ យ៉ាងនេះចុះ។

(ទុតិយអានន្ទ)សូត្រ ទី៦

(៦. ទុតិយអានន្ទសុត្តំ)

[៨១] ក្នុងក្រុងសាវត្ថី។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ បើគេសួរយ៉ាងនេះថា នែអានន្ទមានអាយុ ធម៌ទាំងឡាយ ដូចម្តេចខ្លះ ដែលកើតប្រាកដហើយ វិនាសទៅប្រាកដហើយ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដហើយ។ ធម៌ទាំងឡាយ ដូចម្តេចខ្លះ នឹងកើតប្រាកដ នឹងវិនាសទៅប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏នឹងប្រាកដ។ ធម៌ទាំងឡាយ ដូចម្តេចខ្លះ កំពុងកើតប្រាកដ កំពុងវិនាសទៅប្រាកដ កំពុងតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដ។ ម្នាលអានន្ទ កាលបើគេសួរយ៉ាងនេះ តើអ្នកគប្បីដោះស្រាយដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន បើគេសួរខ្ញុំព្រះអង្គយ៉ាងនេះថា នែអានន្ទមានអាយុ ធម៌ទាំងឡាយ ដូចម្តេចខ្លះ ដែលកើតប្រាកដហើយ វិនាសទៅប្រាកដហើយ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដហើយ។ ធម៌ទាំងឡាយ ដូចម្តេចខ្លះ នឹងកើតប្រាកដ នឹងវិនាសទៅប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏នឹងប្រាកដ។ ធម៌ទាំងឡាយ ដូចម្តេចខ្លះ កំពុងកើតប្រាកដ កំពុងវិនាសទៅប្រាកដ កំពុងតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ រូបណា ដែលកន្លងទៅហើយ រលត់ហើយ ប្រែប្រួលហើយ រូបនោះ ឈ្មោះថា កើតប្រាកដហើយ វិនាសទៅប្រាកដហើយ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដហើយ។ វេទនាណា ដែលកន្លងទៅហើយ រលត់ហើយ ប្រែប្រួលហើយ វេទនានោះ ឈ្មោះថា កើតប្រាកដហើយ វិនាសទៅប្រាកដហើយ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដហើយ។ សញ្ញាណា។ សង្ខារណា ដែលកន្លងទៅហើយ រលត់ហើយ ប្រែប្រួលហើយ សង្ខារទាំងនោះ ឈ្មោះថា កើតប្រាកដហើយ វិនាសទៅប្រាកដហើយ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដហើយ។ វិញ្ញាណណា ដែលកន្លងទៅហើយ រលត់ហើយ ប្រែប្រួលហើយ វិញ្ញាណនោះ ឈ្មោះថា កើតប្រាកដហើយ វិនាសទៅប្រាកដហើយ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដហើយ។ ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះឯង ដែលកើតប្រាកដហើយ វិនាសទៅប្រាកដហើយ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដហើយ។ ម្នាលអាវុសោទាំងឡាយ រូបណា ដែលមិនទាន់កើត មិនទាន់មានប្រាកដ រូបនោះ ឈ្មោះថា នឹងកើតប្រាកដ នឹងវិនាសទៅប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏នឹងប្រាកដ។ វេទនាណា ដែលមិនទាន់កើត មិនទាន់មានប្រាកដ វេទនានោះ ឈ្មោះថា នឹងកើតប្រាកដ នឹងវិនាសទៅប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏នឹងប្រាកដ។ សញ្ញាណា។ សង្ខារណា ដែលមិនទាន់កើត មិនទាន់មានប្រាកដ សង្ខារទាំងនោះ ឈ្មោះថា នឹងកើតប្រាកដ នឹងវិនាសទៅប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏នឹងប្រាកដ។ វិញ្ញាណណា ដែលមិនទាន់កើត មិនទាន់មានប្រាកដ វិញ្ញាណនោះ ឈ្មោះថា នឹងកើតប្រាកដ នឹងវិនាសទៅប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏នឹងប្រាកដ។ ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះឯង នឹងកើតប្រាកដ នឹងវិនាសទៅប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏នឹងប្រាកដ។ ម្នាលអាវុសោទាំងឡាយ រូបណា ដែលកំពុងកើត កំពុងមានប្រាកដ រូបនោះ ឈ្មោះថា កំពុងកើតប្រាកដ កំពុងវិនាសទៅប្រាកដ កំពុងតាំងនៅហើយ ប្រែប្រួលទៅវិញ ប្រាកដ។ វេទនាណា ដែលកំពុងកើត កំពុងមានប្រាកដ។បេ។ សញ្ញាណា។ សង្ខារណា ដែលកំពុងកើត កំពុងមានប្រាកដ សង្ខារទាំងនោះ ឈ្មោះថា កំពុងកើតប្រាកដ កំពុងវិនាសទៅប្រាកដ កំពុងតាំងនៅហើយ ប្រែប្រួលទៅវិញ ប្រាកដ។ វិញ្ញាណណា ដែលកំពុងកើត កំពុងមានប្រាកដ វិញ្ញាណនោះ ឈ្មោះថា កំពុងកើតប្រាកដ កំពុងវិនាសទៅប្រាកដ កំពុងតាំងនៅហើយ ប្រែប្រួលទៅវិញ ប្រាកដ។ ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះឯង ដែលកំពុងកើតប្រាកដ កំពុងវិនាសទៅប្រាកដ កំពុងតាំងនៅហើយ ប្រែប្រួលទៅវិញប្រាកដ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរ យ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះឯង។

[៨២] ម្នាលអានន្ទ ត្រូវហើយៗ ម្នាលអានន្ទ រូបណា កន្លងទៅហើយ រលត់ហើយ ប្រែប្រួលហើយ រូបនោះ ឈ្មោះថា កើតប្រាកដហើយ វិនាសប្រាកដហើយ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដហើយ។ វេទនាណា។ សញ្ញាណណា។ សង្ខារណា។ វិញ្ញាណណា កន្លងទៅហើយ រលត់ហើយ ប្រែប្រួលហើយ វិញ្ញាណនោះ ឈ្មោះថា កើតប្រាកដហើយ វិនាសទៅប្រាកដហើយ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដហើយ។ ម្នាលអានន្ទ ធម៌ទាំងនេះឯង ដែលកើតប្រាកដហើយ វិនាសទៅប្រាកដហើយ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដហើយ។ ម្នាលអានន្ទ រូបណា ដែលមិនទាន់កើត មិនទាន់មានប្រាកដទេ រូបនោះ ឈ្មោះថា នឹងកើតប្រាកដ នឹងវិនាសប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏នឹងប្រាកដ។ វេទនាណា។ សញ្ញាណា។ សង្ខារណា។ វិញ្ញាណណា ដែលមិនទាន់កើត មិនទាន់មានប្រាកដទេ វិញ្ញាណនោះ ឈ្មោះថា នឹងកើតប្រាកដ នឹងវិនាសប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏នឹងប្រាកដ។ ម្នាលអានន្ទ ធម៌ទាំងនេះឯង ដែលនឹងកើតប្រាកដ នឹងវិនាសប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏នឹងប្រាកដ។ ម្នាលអាន្ទ រូបណា ដែលកំពុងកើត កំពុងមានប្រាកដ រូបនោះ ឈ្មោះថា កំពុងកើតប្រាកដ កំពុងវិនាសប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដ។ វេទនាណា ដែលកំពុងកើត កំពុងមានប្រាកដ។បេ។ សញ្ញាណា។ សង្ខារណា វិញ្ញាណណា ដែលកំពុងកើត កំពុងមានប្រាកដ វិញ្ញាណនោះ ឈ្មោះថា កំពុងកើតប្រាកដ កំពុងវិនាសប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដ។ ម្នាលអានន្ទ ធម៌ទាំងនេះឯង ដែលកំពុងកើតប្រាកដ កំពុងវិនាសប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដ។ ម្នាលអានន្ទ កាលបើគេសួរ យ៉ាងនេះ អ្នកគប្បីដោះស្រាយ យ៉ាងនេះចុះ។

(អនុធម្ម)សូត្រ ទី៧

(៧. អនុធម្មសុត្តំ)

[៨៣] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌ រមែងមានអនុធម៌នេះ គឺ ជាអ្នកច្រើនដោយសេចក្តីនឿយណាយក្នុងរូប ច្រើនដោយសេចក្តីនឿយណាយ ក្នុងវេទនា ច្រើនដោយសេចក្តីនឿយណាយ ក្នុងសញ្ញា ច្រើនដោយសេចក្តីនឿយណាយ ក្នុងសង្ខារ ច្រើនដោយសេចក្តីនឿយណាយ ក្នុងវិញ្ញាណ។ កាលបើភិក្ខុនោះ ច្រើនដោយសេចក្តីនឿយណាយ ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារ។ កាលបើភិក្ខុនោះ ច្រើនដោយសេចក្តីនឿយណាយ ក្នុងវិញ្ញាណ ក៏រមែងកំណត់ដឹងនូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ រមែងកំណត់ដឹងនូវវិញ្ញាណ។ កាលបើភិក្ខុនោះ កំណត់ដឹងនូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ កាលបើភិក្ខុនោះ កំណត់ដឹងនូវវិញ្ញាណ រមែងរួចស្រឡះចាករូប រួចស្រឡះចាកវេទនា រួចស្រឡះ ចាកសញ្ញា រួចស្រឡះចាកសង្ខារ រួចស្រឡះចាកវិញ្ញាណ រួចស្រឡះចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត តថាគត ពោលថា បុគ្គលនោះ រួចស្រឡះចាកវដ្តទុក្ខ។

(ទុតិយអនុធម្ម)សូត្រ ទី៨

(៨. ទុតិយអនុធម្មសុត្តំ)

[៨៤] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌ រមែងមានអនុធម៌នេះ គឺជាអ្នកពិចារណាឃើញថាមិនទៀង ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារ។ ជាអ្នកពិចារណាឃើញថាមិនទៀង ក្នុងវិញ្ញាណ។ កាលបើភិក្ខុនោះ ពិចារណាឃើញថាមិនទៀង ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារ។ កាលបើភិក្ខុនោះ ពិចារណាឃើញថាមិនទៀង ក្នុងវិញ្ញាណ ក៏រមែងកំណត់ដឹងនូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ រមែងកំណត់ដឹងនូវវិញ្ញាណ។ កាលបើភិក្ខុនោះ កំណត់ដឹងនូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ កាលបើភិក្ខុនោះ កំណត់ដឹងនូវវិញ្ញាណ រមែងរួចស្រឡះចាករូប រួចស្រឡះចាកវេទនា រួចស្រឡះចាកសញ្ញា រួចស្រឡះចាកសង្ខារ រួចស្រឡះចាកវិញ្ញាណ រួចស្រឡះចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត តថាគតពោលថា បុគ្គលនោះ រួចស្រឡះចាកវដ្តទុក្ខ។

(តតិយអនុធម្ម)សូត្រ ទី៩

(៩. តតិយអនុធម្មសុត្តំ)

[៨៥] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តធម៌ ដ៏សមគួរដល់ធម៌ រមែងមានអនុធម៌នេះ គឺជាអ្នកពិចារណាឃើញថាជាទុក្ខក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារ។ ជាអ្នកពិចារណាឃើញថាជាទុក្ខ ក្នុងវិញ្ញាណ។ កាលបើភិក្ខុនោះ ពិចារណាឃើញថាជាទុក្ខ ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារ។ ពិចារណាឃើញថាជាទុក្ខ ក្នុងវិញ្ញាណ រមែងកំណត់ដឹងច្បាស់នូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ រមែងកំណត់ដឹងច្បាស់នូវវិញ្ញាណ។ កាលបើភិក្ខុនោះ កំណត់ដឹងច្បាស់នូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ កំណត់ដឹងច្បាស់នូវវិញ្ញាណ រមែងរួចស្រឡះចាករូប រួចស្រឡះចាកវេទនា រួចស្រឡះចាកសញ្ញា រួចស្រឡះចាកសង្ខារ រួចស្រឡះចាកវិញ្ញាណ រួចស្រឡះចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត តថាគតពោលថា បុគ្គលនោះ រួចស្រឡះចាកវដ្តទុក្ខ។

(ចតុត្ថអនុធម្ម)សូត្រ ទី១០

(១០. ចតុត្ថអនុធម្មសុត្តំ)

[៨៦] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌ រមែងមានអនុធម៌នេះ គឺជាអ្នកពិចារណាឃើញថាមិនមែនជារបស់ខ្លួន ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារ។ ជាអ្នកពិចារណាឃើញថាមិនមែនជារបស់ខ្លួន ក្នុងវិញ្ញាណ។ កាលបើភិក្ខុនោះ ពិចារណាឃើញថាមិនមែនជារបស់ខ្លួន ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារ។ កាលបើភិក្ខុនោះ ពិចារណាឃើញថាមិនមែនជារបស់ខ្លួន ក្នុងវិញ្ញាណ រមែងកំណត់ដឹងច្បាស់នូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ កំណត់ដឹងច្បាស់នូវវិញ្ញាណ។ កាលបើភិក្ខុនោះ កំណត់ដឹងច្បាស់នូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ កាលបើភិក្ខុនោះ កំណត់ដឹងច្បាស់នូវវិញ្ញាណ រមែងរួចស្រឡះចាករូប រួចស្រឡះចាកវេទនា រួចស្រឡះចាកសញ្ញា រួចស្រឡះចាកសង្ខារ រួចស្រឡះចាកវិញ្ញាណ រួចស្រឡះចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត តថាគតពោលថា បុគ្គលនោះ រួចស្រឡះចាកវដ្តទុក្ខ។

ចប់ នតុម្ហាកវគ្គ ទី៤។

ឧទ្ទានក្នុងនតុម្ហាកវគ្គនោះគឺ

និយាយអំពីធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងថា មិនមែនជារបស់អ្នកទាំងឡាយទេ មានពីរលើក អំពីអញ្ញតរភិក្ខុ ចូលទៅគាល់ព្រះមានព្រះភាគ សូមឲ្យព្រះអង្គសំដែងធម៌ដោយសង្ខេប មានពីរលើក អំពីព្រះមានព្រះភាគត្រាស់សួរធម៌ ចំពោះព្រះអានន្ទ មានពីរលើក អំពីព្រះមានព្រះភាគសំដែងអនុធម៌ ប្រមាណពីរៗ មានពីរលើក។

អត្តទីបវគ្គ (ទី៥)

(៥. អត្តទីបវគ្គោ)

(អត្តទីប)សូត្រ ទី១

(១. អត្តទីបសុត្តំ)

[៨៧] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរយកខ្លួនជាទីពឹង យកខ្លួនជាទីរឭក កុំយករបស់ដទៃជាទីពឹងទីរឭកឡើយ ចូរយកធម៌ជាទីពឹង យកធម៌ជាទីរឭក កុំយករបស់ដទៃ ជាទីពឹង ទីរឭកឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលបើយកខ្លួនជាទីពឹង យកខ្លួនជាទីរឭក មិនយករបស់ដទៃជាទីពឹងទីរឭក យកធម៌ជាទីពឹង យកធម៌ជាទីរឭក មិនយករបស់ដទៃ ជាទីពឹង ទីរឭកហើយ គប្បីពិចារណារកហេតុ ដោយយោបល់ថា សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត កើតមកអំពីអ្វី មានមកអំពីអ្វី។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត តើកើតមកអំពីអ្វី មានមកអំពីអ្វី។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាសវៃ ក្នុងអរិយធម៌ មិនសិក្សាក្នុងអរិយធម៌ មិនបានឃើញពួកសប្បុរស មិនឈ្លាសវៃ ក្នុងសប្បុរិសធម៌ មិនសិក្សាក្នុងសប្បុរិសធម៌ រមែងពិចារណាឃើញនូវរូប ថាជាខ្លួនខ្លះ ឃើញនូវខ្លួនថាមានរូបខ្លះ ឃើញនូវរូបថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួន ថាមានក្នុងរូបខ្លះ លុះរូបនោះ របស់បុគ្គលនោះ ប្រែប្រួលវិបត្តិផ្សេងៗទៅ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើតឡើងដល់បុគ្គលនោះ ព្រោះរូបប្រែប្រួល វិបត្តិទៅផ្សេងៗ។ បុគ្គលនោះ ពិចារណាឃើញនូវវេទនា ថាជាខ្លួនខ្លះ ឃើញនូវខ្លួនថាមានវេទនាខ្លះ ឃើញនូវវេទនាថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួន ថាមានក្នុងវេទនាខ្លះ លុះវេទនានោះ របស់បុគ្គលនោះ ប្រែប្រួលវិបត្តិផ្សេងៗទៅ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើតឡើងដល់បុគ្គលនោះ ព្រោះវេទនាប្រែប្រួល វិបត្តិទៅផ្សេងៗ។ ឃើញនូវសញ្ញា។ ពិចារណាឃើញនូវសង្ខារថាជាខ្លួន។បេ។ ពិចារណាឃើញនូវវិញ្ញាណ ថាជាខ្លួនខ្លះ ឃើញនូវខ្លួនថាមានវិញ្ញាណខ្លះ ឃើញនូវវិញ្ញាណថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួន ថាមានក្នុងវិញ្ញាណខ្លះ លុះវិញ្ញាណនោះ របស់បុគ្គលនោះ ប្រែប្រួលវិបត្តិផ្សេងៗទៅ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើតឡើងដល់បុគ្គលនោះ ព្រោះវិញ្ញាណប្រែប្រួល វិបត្តិទៅផ្សេងៗ។

[៨៨] ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុដឹងច្បាស់ នូវសេចក្តីមិនទៀង សេចក្តីប្រែប្រួល សេចក្តីវិនាស និងសេចក្តីរលត់នៃរូប ហើយឃើញច្បាស់តាមពិត ដោយប្រាជ្ញាដ៏ប្រពៃ នូវរូបនុ៎ះយ៉ាងនេះថា រូបក្នុងកាលមុនក្តី ក្នុងកាលឥឡូវនេះក្តី រូបទាំងអស់ មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ភិក្ខុនោះ ក៏លះបង់សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្តចេញបាន កាលបើភិក្ខុនោះ លះបង់នូវសេចក្តីសោកជាដើមទាំងនោះចេញហើយ រមែងមិនតក់ស្លុត កាលបើមិនតក់ស្លុតហើយ រមែងនៅជាសុខ ភិក្ខុអ្នកមានធម៌ ជាគ្រឿងនៅជាសុខ ហៅថា អ្នករំលត់កិលេសដោយអង្គ នៃវិបស្សនានោះៗ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុដឹងច្បាស់ នូវសេចក្តីមិនទៀង សេចក្តីប្រែប្រួល សេចក្តីវិនាស និងសេចក្តីរលត់ នៃវេទនា ហើយឃើញច្បាស់តាមពិត ដោយប្រាជ្ញាដ៏ប្រពៃ នូវវេទនានុ៎ះ យ៉ាងនេះថា វេទនាក្នុងកាលមុនក្តី ក្នុងកាលឥឡូវនេះក្តី វេទនាទាំងអស់ មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ភិក្ខុនោះ ក៏លះបង់សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្តចេញបាន កាលបើភិក្ខុនោះ លះបង់នូវសេចក្តីសោក ជាដើមទាំងនោះចេញហើយ រមែងមិនតក់ស្លុត កាលបើមិនតក់ស្លុតហើយ រមែងនៅជាសុខ ភិក្ខុអ្នកមានធម៌ ជាគ្រឿងនៅជាសុខ ហៅថា អ្នករំលត់កិលេសដោយអង្គ នៃវិបស្សនានោះៗ។ (កាលបើភិក្ខុដឹងច្បាស់ នូវសេចក្តីមិនទៀង) នៃសញ្ញា។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុដឹងច្បាស់ នូវសេចក្តីមិនទៀង សេចក្តីប្រែប្រួល សេចក្តីវិនាស និងសេចក្តីរលត់នៃសង្ខារហើយ បានឃើញច្បាស់តាមពិត ដោយប្រាជ្ញាដ៏ប្រពៃ នូវសង្ខារនុ៎ះ យ៉ាងនេះថា សង្ខារក្នុងកាលមុនក្តី សង្ខារក្នុងកាលឥឡូវនេះក្តី សង្ខារទាំងអស់ មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ភិក្ខុនោះ ក៏លះបង់សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្តចេញបាន កាលបើភិក្ខុនោះ លះបង់សេចក្តីសោក ជាដើម ទាំងនោះចេញហើយ រមែងមិនតក់ស្លុត កាលបើមិនតក់ស្លុតហើយ រមែងនៅជាសុខ ភិក្ខុអ្នកមានធម៌ ជាគ្រឿងនៅជាសុខ ហៅថា អ្នករំលត់កិលេសដោយអង្គ នៃវិបស្សនានោះៗ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុដឹងច្បាស់ នូវសេចក្តីមិនទៀង សេចក្តីប្រែប្រួល សេចក្តីវិនាស និងសេចក្តីរលត់ នៃវិញ្ញាណហើយ បានឃើញច្បាស់តាមពិត ដោយប្រាជ្ញាដ៏ប្រពៃ នូវវិញ្ញាណនុ៎ះ យ៉ាងនេះថា វិញ្ញាណក្នុងកាលមុនក្តី ក្នុងកាលឥឡូវនេះក្តី វិញ្ញាណទាំងអស់ មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ភិក្ខុនោះ ក៏លះបង់សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្តចេញបាន កាលបើភិក្ខុនោះ លះបង់សេចក្តីសោក ជាដើមទាំងនោះចេញហើយ រមែងមិនតក់ស្លុត កាលបើមិនតក់ស្លុតហើយ រមែងនៅជាសុខ ភិក្ខុអ្នកមានធម៌ ជាគ្រឿងនៅជាសុខ ហៅថា អ្នករំលត់កិលេស ដោយអង្គនៃវិបស្សនានោះៗ។

(បដិបទា)សូត្រ ទី២

(២. បដិបទាសុត្តំ)

[៨៩] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវបដិបទា ជាដំណើរកើតឡើង នៃសក្កាយផង នូវបដិបទា ជាដំណើររលត់នៃសក្កាយផង ដល់អ្នកទាំងឡាយ ៗ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះបដិបទា ជាដំណើរកើតឡើង នៃសក្កាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន ក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងអរិយធម៌ មិនបានសិក្សាក្នុងអរិយធម៌ មិនបានឃើញពួកសប្បុរស មិនឈ្លាសវៃក្នុងសប្បុរិសធម៌ មិនបានសិក្សា ក្នុងសប្បុរិសធម៌ រមែងពិចារណាឃើញ នូវរូប ថា ជាខ្លួនខ្លះ ឃើញនូវខ្លួន ថាមានរូបខ្លះ ឃើញនូវរូប ថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួន ថាមានក្នុងរូបខ្លះ ឃើញនូវវេទនា ថាជាខ្លួន។បេ។ ឃើញនូវសញ្ញា។ ឃើញនូវសង្ខារ។ ពិចារណាឃើញ នូវវិញ្ញាណ ថាជាខ្លួនខ្លះ ឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ ឃើញនូវវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួន ថាមានក្នុងវិញ្ញាណខ្លះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទា ជាដំណើរកើតឡើង នៃសក្កាយ។ ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា ការយល់ឃើញ ជាដំណើរនាំឲ្យកើតឡើងនៃទុក្ខ នេះជាសេចក្តីអធិប្បាយ ក្នុងធម៌នុ៎ះ ដោយប្រការដូច្នេះឯង។

[៩០] ម្នាលភិក្ខុទាំងឡាយ ចុះបដិបទា ជាដំណើររលត់នៃសក្កាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ក្នុងលោកនេះ ជាអ្នកចេះដឹង បានឃើញពួកព្រះអរិយៈ ឈ្លាសវៃក្នុងអរិយធម៌ បានសិក្សាដោយល្អ ក្នុងអរិយធម៌ បានឃើញពួកសប្បុរស ឈ្លាសវៃ ក្នុងសប្បុរិសធម៌ បានសិក្សាដោយល្អ ក្នុងសប្បុរិសធម៌ រមែងមិនពិចារណាឃើញនូវរូប ថាជាខ្លួនខ្លះ មិនឃើញនូវខ្លួន ថាមានរូបខ្លះ មិនឃើញនូវរូប ថាមានក្នុងខ្លួនខ្លះ មិនឃើញនូវខ្លួន ថាមានក្នុងរូបខ្លះ មិនឃើញនូវវេទនា ថាជាខ្លួន។ មិនឃើញនូវសញ្ញា។ មិនឃើញនូវសង្ខារ។ មិនពិចារណាឃើញ នូវវិញ្ញាណ ថាជាខ្លួនខ្លះ មិនឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ មិនឃើញនូវវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ មិនឃើញនូវខ្លួន ថាមានក្នុងវិញ្ញាណខ្លះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទា ជាដំណើររលត់ នៃសក្កាយ។ ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា ការយល់ឃើញ ជាដំណើរនាំឲ្យរលត់នៃទុក្ខ នេះជាសេចក្តីអធិប្បាយ ក្នុងធម៌នុ៎ះ ដោយប្រការដូច្នេះឯង។

(អនិច្ច)សូត្រ ទី៣

(៣. អនិច្ចសុត្តំ)

[៩១] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះ មិនមែនជារបស់ខ្លួនទេ របស់ណា មិនមែនជារបស់ខ្លួន របស់នោះ គួរយល់ឃើញតាមពិត ដោយប្រាជ្ញាដ៏ប្រពៃ ដូច្នេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ កាលបើយល់ឃើញតាមពិត ដោយប្រាជ្ញាដ៏ប្រពៃ នូវរបស់នុ៎ះ យ៉ាងនេះហើយ ចិត្តក៏រមែងនឿយណាយ រមែងរួចស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ។ វេទនា មិនទៀង។ សញ្ញា។ សង្ខារ។ វិញ្ញាណ មិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះ មិនមែនជារបស់ខ្លួនទេ របស់ណា មិនមែនជារបស់ខ្លួន របស់នោះ គួរយល់ឃើញតាមពិត ដោយប្រាជ្ញាដ៏ប្រពៃ ដូច្នេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ កាលបើយល់ឃើញតាមពិត ដោយប្រាជ្ញាដ៏ប្រពៃ នូវរបស់នុ៎ះ យ៉ាងនេះហើយ ចិត្តក៏រមែងនឿយណាយ រមែងរួចស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ។

[៩២] ម្នាលភិក្ខុទាំងឡាយ បើចិត្តរបស់ភិក្ខុ បាននឿយណាយ ក្នុងរូបធាតុ បានរួចស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំហើយ។ ក្នុងវេទនាធាតុ។ ក្នុងសញ្ញាធាតុ។ ក្នុងសង្ខារធាតុ។ ម្នាលភិក្ខុទាំងឡាយ បើចិត្តរបស់ភិក្ខុ បាននឿយណាយ ក្នុងវិញ្ញាណធាតុ បានរួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំហើយ។ ព្រោះហេតុតែរួចស្រឡះចាកអាសវៈ ចិត្តក៏តាំងនៅនឹង ព្រោះហេតុតែតាំងនៅនឹង ចិត្តក៏រីករាយ ព្រោះហេតុតែរីករាយ បុគ្គលរមែងមិនតក់ស្លុត បុគ្គលដែលមិនតក់ស្លុត រមែងរំលត់កិលេសចំពោះខ្លួនឯង។ បុគ្គលនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(ទុតិយអនិច្ច)សូត្រ ទី៤

(៤. ទុតិយអនិច្ចសុត្តំ)

[៩៣] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះមិនមែនជារបស់ខ្លួនទេ របស់ណា មិនមែនជារបស់ខ្លួន របស់នោះ គួរយល់ឃើញតាមពិត ដោយប្រាជ្ញាដ៏ប្រពៃ ដូច្នេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ វេទនាមិនទៀង។ សញ្ញាមិនទៀង។ សង្ខារមិនទៀង។ វិញ្ញាណមិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះមិនមែនជារបស់ខ្លួន របស់ណា មិនមែនជារបស់ខ្លួន របស់នោះ គួរយល់ឃើញតាមពិត ដោយប្រាជ្ញាដ៏ប្រពៃ ដូច្នេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។ កាលបើយល់ឃើញតាមពិត ដោយប្រាជ្ញាដ៏ប្រពៃ នូវរបស់នុ៎ះ យ៉ាងនេះហើយ បុព្វន្តានុទិដ្ឋិ6) រមែងមិនមាន កាលបើបុព្វន្តានុទិដ្ឋិមិនមានហើយ អបរន្តានុទិដ្ឋិ7) ក៏មិនមាន កាលបើអបរន្តានុទិដ្ឋិមិនមានហើយ ការស្ទាបអង្អែល ដោយកំឡាំងទិដ្ឋិ ក៏មិនមាន។ កាលបើការស្ទាបអង្អែល ដោយកំឡាំងទិដ្ឋិ មិនមានហើយ ចិត្តក៏រមែងនឿយណាយ ក្នុងរូប ក្នុងវេទនា ក្នុងសញ្ញា ក្នុងសង្ខារ ក្នុងវិញ្ញាណ រមែងរួចស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ។ ព្រោះហេតុតែរួចស្រឡះ ចាកអាសវៈ ចិត្តក៏តាំងនៅនឹង ព្រោះហេតុតែតាំងនៅនឹង ចិត្តក៏រីករាយ ព្រោះហេតុតែរីករាយ បុគ្គលរមែងមិនតក់ស្លុត បុគ្គលដែលមិនតក់ស្លុត រមែងរំលត់កិលេស ចំពោះខ្លួនឯង។ បុគ្គលនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(សមនុបស្សនា)សូត្រ ទី៥

(៥. សមនុបស្សនាសុត្តំ)

[៩៤] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ កាលយល់ឃើញ តែងយល់ឃើញ នូវខ្លួនជាច្រើនប្រការ សមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ រមែងយល់ឃើញ នូវឧបាទានក្ខន្ធ ទាំង៥ ឬបណ្តាឧបាទានក្ខន្ធ ទាំង៥នុ៎ះ ឧបាទានក្ខន្ធណាមួយ។ ចុះឧបាទានក្ខន្ធ ទាំង៥ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន ក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ។បេ។ មិនបានសិក្សា ក្នុងសប្បុរិសធម៌ រមែងពិចារណាឃើញ នូវរូប ថាជាខ្លួនខ្លះ ឃើញនូវខ្លួន ថាមានរូបខ្លះ ឃើញនូវរូប ថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួន ថាមានក្នុងរូបខ្លះ។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ ពិចារណាឃើញ នូវវិញ្ញាណ ថាជាខ្លួនខ្លះ ឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ ឃើញនូវវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ។ យ៉ាងនេះឯង ហៅថា ការយល់ឃើញ (ដោយទិដ្ឋិ) មួយទៀត បុគ្គលនោះ រមែងបាននូវសេចក្តីប្រកាន់ថា អាត្មាអញ មាន។8) ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលនោះ បាននូវសេចក្តីប្រកាន់ថា អាត្មាអញ មាន ដូច្នេះហើយ បន្ទាប់អំពីនោះមក ឥន្ទ្រិយ ទាំង៥ គឺ ចក្ខុន្ទ្រិយ១ សោតិន្ទ្រិយ១ ឃានិន្ទ្រិយ១ ជិវ្ហិន្ទ្រិយ១ កាយិន្ទ្រិយ១ រមែងកើតឡើងបាន។ ម្នាលភិក្ខុទាំងឡាយ ចិត្តក៏មាន ធម្មារម្មណ៍ក៏មាន អវិជ្ជាធាតុ ក៏មាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបុថុជ្ជន មិនចេះដឹង កាលបើវេទនា ដែលកើតអំពីអវិជ្ជាសម្ផ័ស្ស ពាល់ត្រូវហើយ តែងយល់ឃើញថា អាត្មាអញ មានដូច្នេះខ្លះ យល់ឃើញថា នេះអាត្មាអញ ដូច្នេះខ្លះ យល់ឃើញថា អាត្មាអញនឹងមាន ដូច្នេះខ្លះ យល់ឃើញថា អាត្មាអញ នឹងមិនមាន ដូច្នេះខ្លះ យល់ឃើញថា អាត្មាអញនឹងមានរូបដូច្នេះខ្លះ យល់ឃើញថា អាត្មាអញ នឹងមិនមានរូប ដូច្នេះខ្លះ យល់ឃើញថា អាត្មាអញ នឹងមានសញ្ញា ដូច្នេះខ្លះ យល់ឃើញថា អាត្មាអញ នឹងមិនមានសញ្ញា ដូច្នេះខ្លះ យល់ឃើញថា អាត្មាអញ នឹងមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ដូច្នេះខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក៏ឥន្ទ្រិយ ទាំង៥ តែងឋិតនៅ ក្នុងបុគ្គលនោះៗឯង ទុកជាឥន្ទ្រិយទាំងនោះ ឋិតនៅដោយប្រការដូច្នេះ ចំណែកអរិយសាវ័កអ្នកចេះដឹង រមែងលះបង់អវិជ្ជាចេញបាន វិជ្ជាក៏កើតឡើង ព្រោះវិនាសអវិជ្ជា ព្រោះកើតឡើងនៃវិជ្ជា អរិយសាវ័កនោះ ក៏មិនបានយល់ឃើញថា អាត្មាអញ មាន ដូច្នេះផង មិនយល់ឃើញថា នេះអាត្មាអញ ដូច្នេះផង មិនយល់ឃើញថា អាត្មាអញនឹងមាន ដូច្នេះផង មិនយល់ឃើញថា អាត្មាអញ នឹងមិនមាន ដូច្នេះផង មិនយល់ឃើញថា អាត្មាអញ នឹងមានរូប ដូច្នេះផង មិនយល់ឃើញថា អាត្មាអញ នឹងមិនមានរូប ដូច្នេះផង មិនយល់ឃើញថា អាត្មាអញ នឹងមានសញ្ញា ដូច្នេះផង មិនយល់ឃើញថា អាត្មាអញ នឹងមិនមានសញ្ញា ដូច្នេះផង មិនយល់ឃើញថា អាត្មាអញ នឹងមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ដូច្នេះផង។

(ខន្ធ)សូត្រ ទី៦

(៦. ខន្ធសុត្តំ)

[៩៥] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវខន្ធ ទាំង៥ផង នូវឧបាទានក្ខន្ធ ទាំង៥ផង ចូរអ្នកទាំងឡាយ ប្រុងស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ខន្ធទាំង៥ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ រូបណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឋិតនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី។ នេះហៅថា រូបក្ខន្ធ។ វេទនាណាមួយ។ សញ្ញាណាមួយ។ សង្ខារណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឋិតនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី។ នេះហៅថា សង្ខារក្ខន្ធ។ វិញ្ញាណណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឋិតនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី។ នេះហៅថា វិញ្ញាណក្ខន្ធ។ ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា ខន្ធ៥។

[៩៦] ម្នាលភិក្ខុទាំងឡាយ ចុះឧបាទានក្ខន្ធទាំង៥ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រូបណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឋិតនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ប្រកបដោយអាសវៈ ជាបច្ច័យ នៃឧបាទាន។ នេះហៅថា រូបូបាទានក្ខន្ធ។ វេទនាណាមួយ។បេ។ ឋិតនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ប្រកបដោយអាសវៈ ជាបច្ច័យ នៃឧបាទាន។ នេះហៅថា វេទនូបាទានក្ខន្ធ។ សញ្ញាណាមួយ។បេ។ ឋិតនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ប្រកបដោយអាសវៈ ជាបច្ច័យនៃឧបាទាន។ នេះហៅថា សញ្ញូបាទានក្ខន្ធ។ សង្ខារណាមួយ។បេ។ ប្រកបដោយអាសវៈ ជាបច្ច័យ នៃឧបាទាន។ នេះហៅថា សង្ខារូបាទានក្ខន្ធ។ វិញ្ញាណណាមួយ ជាអតីត អនាគត បច្ចុប្បន្ន។បេ។ ឋិតនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ប្រកបដោយអាសវៈ ជាបច្ច័យ នៃឧបាទាន។ នេះហៅថា វិញ្ញាណូបាទានក្ខន្ធ។ ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា ឧបាទានក្ខន្ធ៥។

(សោណ)សូត្រ ទី៧

(៧. សោណសុត្តំ)

[៩៧] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ គ្រានោះ គហបតិបុត្ត ឈ្មោះសោណៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ។បេ។ លុះគហបតិបុត្ត ឈ្មោះសោណៈ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលសោណៈ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ មានរូបមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តែយល់ឃើញថា អាត្មាអញ ប្រសើរជាងគេក្តី យល់ឃើញថា អាត្មាអញ ស្មើនឹងគេក្តី យល់ឃើញថា អាត្មាអញ ថោកទាបជាងគេក្តី (ឯការយល់ឃើញបែបនេះ) មិនមែនមកអំពីហេតុអ្វីដទៃឡើយ គឺមកអំពីការមិនឃើញនូវសេចក្តីពិត។ សមណៈ ឬព្រាហ្មណ៍ណាមួយ មានវេទនាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តែយល់ឃើញថា អាត្មាអញ ប្រសើរជាងគេក្តី យល់ឃើញថា អាត្មាអញ ស្មើនឹងគេក្តី យល់ឃើញថា អាត្មាអញ ថោកទាបជាងគេក្តី (ឯការយល់ឃើញបែបនេះ) មិនមែនមកអំពីហេតុអ្វីដទៃឡើយ គឺមកអំពីការមិនឃើញនូវសេចក្តីពិត។ មានសញ្ញាមិនទៀង។ មានសង្ខារមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តែយល់ឃើញថា អាត្មាអញ ប្រសើរជាងគេក្តី យល់ឃើញថា អាត្មាអញ ស្មើនឹងគេក្តី យល់ឃើញថា អាត្មាអញ ថោកទាបជាងគេក្តី (ឯការយល់ឃើញបែបនេះ) មិនមែនមកអំពីហេតុអ្វីដទៃឡើយ គឺមកអំពីការមិនឃើញនូវសេចក្តីពិត។ មានវិញ្ញាណមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តែយល់ឃើញថា អាត្មាអញ ប្រសើរជាងគេក្តី យល់ឃើញថា អាត្មាអញ ស្មើនឹងគេក្តី យល់ឃើញថា អាត្មាអញ ថោកទាបជាងគេក្តី (ឯការយល់ឃើញបែបនេះ) មិនមែនមកអំពីហេតុអ្វីដទៃឡើយ គឺមកអំពីការមិនឃើញនូវសេចក្តីពិត។

[៩៨] ម្នាលសោណៈ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ មានរូបមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា មិនយល់ឃើញថា អាត្មាអញ ប្រសើរជាងគេក្តី មិនយល់ឃើញថា អាត្មាអញ ស្មើនឹងគេក្តី មិនយល់ឃើញថា អាត្មាអញ ថោកទាបជាងគេក្តី (ឯការមិនយល់ឃើញបែបនេះ) មិនមែនមកអំពីហេតុអ្វីដទៃឡើយ គឺមកអំពីការឃើញ នូវសេចក្តីពិត។ មានវេទនាមិនទៀង។ មានសញ្ញាមិនទៀង។ មានសង្ខារមិនទៀង។ មានវិញ្ញាណមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា មិនយល់ឃើញថា អាត្មាអញ ប្រសើរជាងគេក្តី មិនយល់ឃើញថា អាត្មាអញ សើ្មនឹងគេក្តី មិនយល់ឃើញថា អាត្មាអញ ថោកទាបជាងគេក្តី (ឯការមិនយល់ឃើញបែបនេះ) មិនមែនមកអំពីហេតុអ្វីដទៃឡើយ គឺមកអំពីការឃើញនូវសេចក្តីពិត។

[៩៩] ម្នាលសោណៈ អ្នកយល់សេចក្តីនោះ ថាដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះឬ។ មិនគួរយល់ឃើញ យ៉ាងនោះទេ ព្រះអង្គ។ វេទនា ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញនូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះឬ។ មិនគួរនឹងយល់ឃើញ យ៉ាងនោះទេ ព្រះអង្គ។

[១០០] ម្នាលសោណៈ ព្រោះហេតុនោះ រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឋិតនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី រូបទាំងអស់នោះ គ្រាន់តែជារូប (ប៉ុណ្ណោះឯង) បុគ្គលគួរយល់ឃើញនូវរូបនោះ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះ មិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ វេទនាណាមួយ។ សញ្ញាណាមួយ។ សង្ខារទាំងឡាយណាមួយ។ វិញ្ញាណណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឋិតនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី វិញ្ញាណទាំងអស់នោះ គ្រាន់តែជាវិញ្ញាណ (ប៉ុណ្ណោះឯង) គួរយល់ឃើញ នូវវិញ្ញាណនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះ មិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ ម្នាលសោណៈ អរិយសាវ័ក ជាអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយ ក្នុងរូបផង នឿយណាយក្នុងវេទនាផង នឿយណាយ ក្នុងសញ្ញាផង នឿយណាយ ក្នុងសង្ខារទាំងឡាយផង នឿយណាយ ក្នុងវិញ្ញាណផង កាលបើនឿយណាយ (យ៉ាងនេះហើយ) រមែងប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេក ចិត្តក៏ផុតស្រឡះ (ចាកអាសវៈ) កាលបើចិត្តផុតស្រឡះហើយ ការដឹង ក៏កើតឡើងថា អាត្មាអញ រួចស្រឡះហើយ។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(ទុតិយសោណ)សូត្រ ទី៨

(៨. ទុតិយសោណសុត្តំ)

[១០១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ គ្រានោះឯង សោណគហបតិបុត្ត ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះសោណគហបតិបុត្ត អង្គុយក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលសោណៈ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ មិនស្គាល់រូប មិនស្គាល់ហេតុ ជាទីកើតឡើង នៃរូប មិនស្គាល់ទីរលត់រូប មិនស្គាល់សេចក្តីប្រតិបត្តិ ជាដំណើរទៅកាន់ទីរលត់រូប។ មិនស្គាល់វេទនា មិនស្គាល់ហេតុ ជាទីកើតឡើង នៃវេទនា មិនស្គាល់ទីរលត់ នៃវេទនា មិនស្គាល់សេចក្តីប្រតិបត្តិ ជាដំណើរទៅកាន់ទីរលត់ នៃវេទនា។ មិនស្គាល់សញ្ញា។បេ។ មិនស្គាល់សង្ខារ មិនស្គាល់ហេតុ ជាទីកើតឡើង នៃសង្ខារ មិនស្គាល់ទីរលត់ នៃសង្ខារ មិនស្គាល់សេចក្តីប្រតិបត្តិជាដំណើរទៅកាន់ទីរលត់នៃសង្ខារ។ មិនស្គាល់វិញ្ញាណ មិនស្គាល់ហេតុ ជាទីកើតឡើងនៃវិញ្ញាណ មិនស្គាល់ទីរលត់នៃវិញ្ញាណ មិនស្គាល់សេចក្តីប្រតិបត្តិជាដំណើរទៅកាន់ទីរលត់នៃវិញ្ញាណ។ ម្នាលសោណៈ សមណៈឬព្រាហ្មណ៍ទាំងនុ៎ះ មិនរាប់ថាជាសមណៈ ក្នុងពួកសមណៈផង មិនរាប់ថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង មិនតែប៉ុណ្ណោះ សមណៈ ឬព្រាហ្មណ៍មានអាយុទាំងនោះឯង រមែងមិនបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវសាមញ្ញផល ឬព្រហ្មញ្ញផល ដោយប្រាជ្ញាដ៏ឧត្តមរបស់ខ្លួនឯង ក្នុងបច្ចុប្បន្ននេះបានឡើយ។

[១០២] ម្នាលសោណៈ លុះតែពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ ស្គាល់រូប ស្គាល់ហេតុ ជាទីកើតឡើងនៃរូប ស្គាល់ទីរលត់នៃរូប ស្គាល់សេចក្តីប្រតិបត្តិជាដំណើរទៅកាន់ទីរលត់នៃរូប។ ស្គាល់វេទនា។បេ។ ស្គាល់សញ្ញា។ ស្គាល់សង្ខារទាំងឡាយ។ ស្គាល់វិញ្ញាណ ស្គាល់ហេតុ ជាទីកើតឡើង នៃវិញ្ញាណ ស្គាល់សេចក្តីរលត់ នៃវិញ្ញាណ ស្គាល់សេចក្តីប្រតិបត្តិ ជាដំណើរទៅកាន់ទីរលត់នៃវិញ្ញាណ។ ម្នាលសោណៈ សមណៈ ឬព្រាហ្មណ៍ទាំងនោះឯង ទើបរាប់ថាជាសមណៈ ក្នុងពួកសមណៈផង រាប់ថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង មិនតែប៉ុណ្ណោះ សមណៈ ឬព្រាហ្មណ៍មានអាយុទាំងនោះ រមែងបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវសាមញ្ញផលផង នូវព្រហ្មញ្ញផលផង ដោយប្រាជ្ញាដ៏ឧត្តម របស់ខ្លួនឯង ក្នុងបច្ចុប្បន្ននេះ។

(នន្ទិក្ខយ)សូត្រ ទី៩

(៩. នន្ទិក្ខយសុត្តំ)

[១០៣] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញរូប ដែលមិនទៀងពិត ថា មិនទៀង ភិក្ខុនោះឈ្មោះថា មានសេចក្តីយល់ឃើញត្រូវ កាលបើភិក្ខុយល់ឃើញត្រូវហើយ រមែងនឿយណាយ។ ការអស់ទៅនៃតម្រេក ព្រោះអស់ទៅ នៃសេចក្តីរីករាយ ការអស់ទៅនៃសេចក្តីរីករាយ ព្រោះការអស់ទៅ នៃតម្រេក ចិត្តដែលរួចស្រឡះហើយ ព្រោះអស់ទៅ នៃសេចក្តីរីករាយ និងតម្រេក ហៅថា រួចស្រឡះដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញវេទនា ដែលមិនទៀងពិត ថា មិនទៀង ភិក្ខុនោះឈ្មោះថា មានសេចក្តីយល់ឃើញត្រូវ កាលបើភិក្ខុយល់ឃើញត្រូវហើយ រមែងនឿយណាយ។ ការអស់ទៅនៃតម្រេក ព្រោះអស់ទៅ នៃសេចក្តីរីករាយ ការអស់ទៅនៃសេចក្តីរីករាយ ព្រោះអស់ទៅ នៃតម្រេក ចិត្តដែលរួចស្រឡះហើយ ព្រោះការអស់ទៅ នៃសេចក្តីរីករាយ និងតម្រេក ហៅថា រួចស្រឡះដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញសញ្ញា ដែលមិនទៀងពិត ថា មិនទៀង។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញសង្ខារ ដែលមិនទៀងពិត ថា មិនទៀង ភិក្ខុនោះឈ្មោះថា មានសេចក្តីយល់ឃើញត្រូវ កាលបើភិក្ខុយល់ឃើញត្រូវហើយ រមែងនឿយណាយ។ ការអស់ទៅ នៃតម្រេក ព្រោះអស់ទៅ នៃសេចក្តីរីករាយ ការអស់ទៅនៃសេចក្តីរីករាយ ព្រោះអស់ទៅ នៃតម្រេក ចិត្តដែលរួចស្រឡះហើយ ព្រោះការអស់ទៅ នៃសេចក្តីរីករាយ និងតម្រេក ហៅថា រួចស្រឡះដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញវិញ្ញាណ ដែលមិនទៀងពិត ថា មិនទៀង ភិក្ខុនោះឈ្មោះថា មានសេចក្តីយល់ឃើញត្រូវ កាលបើភិក្ខុយល់ឃើញត្រូវហើយ រមែងនឿយណាយ។ ការអស់ទៅ នៃតម្រេក ព្រោះអស់ទៅ នៃសេចក្តីរីករាយ ការអស់ទៅ នៃសេចក្តីរីករាយ ព្រោះអស់ទៅ នៃតម្រេក ចិត្តដែលរួចស្រឡះហើយ ព្រោះការអស់ទៅ នៃសេចក្តីរីករាយ និងតម្រេក ហៅថា រួចស្រឡះដោយប្រពៃ។

(ទុតិយនន្ទិក្ខយ)សូត្រ ទី១០

(១០. ទុតិយនន្ទិក្ខយសុត្តំ)

[១០៤] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរធ្វើទុកក្នុងចិត្ត ចំពោះរូប ដោយឧបាយផង ចូរពិចារណាតាមពិត នូវរូប ថាមានសេចក្តីមិនទៀងផង។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុធ្វើទុកក្នុងចិត្ត ចំពោះរូប ដោយឧបាយផង ពិចារណាឃើញតាមពិត នូវរូប ថាមានសេចក្តីមិនទៀងផងហើយ រមែងនឿយណាយក្នុងរូប។ ការអស់ទៅនៃតម្រេក ព្រោះអស់ទៅ នៃសេចក្តីរីករាយ ការអស់ទៅនៃសេចក្តីរីករាយ ព្រោះអស់ទៅ នៃតម្រេក ចិត្តដែលរួចស្រឡះហើយ ព្រោះអស់ទៅ នៃសេចក្តីរីករាយ និងតម្រេក ហៅថា រួចស្រឡះដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរធ្វើទុកក្នុងចិត្ត ចំពោះវេទនា ដោយឧបាយផង ចូរពិចារណាតាមពិត នូវវេទនា ថាមានសេចក្តីមិនទៀងផង។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុធ្វើទុកក្នុងចិត្ត ចំពោះវេទនា ដោយឧបាយ ពិចារណាតាមពិត នូវវេទនា ថាមានសេចក្តីមិនទៀងហើយ រមែងនឿយណាយ ក្នុងវេទនា។ ការអស់ទៅ នៃតម្រេក ព្រោះការអស់ទៅ នៃសេចក្តីរីករាយ ការអស់ទៅនៃសេចក្តីរីករាយ ព្រោះការអស់ទៅ នៃតម្រេក ចិត្តដែលរួចស្រឡះហើយ ព្រោះការអស់ទៅ នៃសេចក្តីរីករាយ និងតម្រេក ហៅថា រួចស្រឡះដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ (អ្នកទាំងឡាយ ចូរធ្វើទុកក្នុងចិត្ត) ចំពោះសញ្ញា។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរធ្វើទុកក្នុងចិត្ត ចំពោះសង្ខារ ដោយឧបាយផង ចូរពិចារណាតាមពិត នូវសង្ខារ ថាមានសេចក្តីមិនទៀងផង។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុធ្វើទុកក្នុងចិត្ត ចំពោះសង្ខារ ដោយឧបាយ ពិចារណាតាមពិត នូវសង្ខារ ថាមានសេចក្តីមិនទៀងហើយ រមែងនឿយណាយ ក្នុងសង្ខារ។ ការអស់ទៅនៃតម្រេក ព្រោះការអស់ទៅ នៃសេចក្តីរីករាយ ការអស់ទៅ នៃសេចក្តីរីករាយ ព្រោះការអស់ទៅនៃតម្រេក ចិត្តដែលរួចស្រឡះហើយ ព្រោះការអស់ទៅ នៃសេចក្តីរីករាយ និងតម្រេក ហៅថា រួចស្រឡះដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរធ្វើទុកក្នុងចិត្ត ចំពោះវិញ្ញាណ ដោយឧបាយផង ចូរពិចារណាតាមពិត នូវវិញ្ញាណ ថាមានសេចក្តីមិនទៀងផង។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុធ្វើទុកក្នុងចិត្ត ចំពោះវិញ្ញាណ ដោយឧបាយ ពិចារណាតាមពិត នូវវិញ្ញាណ ថាមានសេចក្តីមិនទៀងហើយ រមែងនឿយណាយក្នុងវិញ្ញាណ។ ការអស់ទៅនៃតម្រេក ព្រោះការអស់ទៅ នៃសេចក្តីរីករាយ ការអស់ទៅនៃសេចក្តីរីករាយ ព្រោះការអស់ទៅនៃតម្រេក ចិត្តដែលរួចស្រឡះហើយ ព្រោះការអស់ទៅនៃសេចក្តីរីករាយ និងតម្រេក ហៅថា រួចស្រឡះដោយប្រពៃ។

ចប់ អត្តទីបវគ្គ ទី៥។

ឧទ្ទាននៃអត្តទីបវគ្គនោះគឺ

និយាយអំពីការយកខ្លួនជាទីពឹង អំពីបដិបទា អំពីសេចក្តីមិនទៀងមានពីរលើក អំពីការពិចារណាឃើញ អំពីខន្ធ អំពីសោណគហបតិបុត្តមានពីរលើក អំពីការអស់ទៅ នៃសេចក្តីរីករាយមានពីរលើក។

ចប់ មូលបណ្ណាសកៈ។

ឧទ្ទាននៃមូលបណ្ណាសកវគ្គនោះគឺ

នកុលបិតវគ្គ១ អនិច្ចវគ្គ១ ភារវគ្គ១ នតុម្ហាកវគ្គ១ អត្តទីបវគ្គ១ ដែលលោកចាត់ថាជាបឋមបណ្ណាសកៈ។

មជ្ឈិមបណ្ណាសកៈ

ឧបាយវគ្គ (ទី១/៦)

(៦. ឧបយវគ្គោ)

(ឧបយ)សូត្រ ទី១

(១. ឧបយសុត្តំ)

[១០៥] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ព្រះមានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សភាវៈដែលប្រកាន់មាំ (នូវខន្ធ៥ ដោយអំណាចតណ្ហា មានះ ទិដ្ឋិ) រមែងមិនរួចផុតស្រឡះឡើយ សភាវៈដែលមិនបានប្រកាន់មាំ (នូវខន្ធ៥ ដោយអំណាចតណ្ហា មានះ ទិដ្ឋិ) ទើបរួចផុតស្រឡះបាន។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណមានរូបជាហេតុ កាលនឹងឋិតនៅ ក៏ឋិតនៅបាន រូបារម្មណ៍ មានរូបជាទីតាំង មានកិរិយាចូលទៅជិត សេពនូវសេចក្តីរីករាយ ដល់នូវសេចក្តីចម្រើន ដុះដាល ធំទូលាយឡើង។បេ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ មានសង្ខារជាហេតុ កាលឋិតនៅ ក៏ឋិតនៅបាន សង្ខារារម្មណ៍ មានសង្ខារជាទីតាំង មានកិរិយាចូលទៅជិត សេពនូវសេចក្តីរីករាយ ដល់នូវសេចក្តីចម្រើន ដុះដាល ធំទូលាយឡើង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា និយាយយ៉ាងនេះថា អាត្មាអញ បើទុកជាវៀរចាករូប វៀរចាកវេទនា វៀរចាកសញ្ញា វៀរចាកសង្ខារទាំងឡាយហើយ ក៏គង់តែដឹង នូវដំណើរមក ឬដំណើរទៅ ការឃ្លាត ឬការកើត ការចម្រើន ឬការដុះដាលធំទូលាយ របស់វិញ្ញាណបាន ពាក្យនេះមិនសមហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ បើសេចក្តីត្រេកអរក្នុងរូបធាតុ ភិក្ខុបានលះបង់ហើយ។ ម្នាលភិក្ខុទាំងឡាយ បើសេចក្តីត្រេកអរ ក្នុងវេទនាធាតុ ភិក្ខុបានលះបង់ហើយ។ ម្នាលភិក្ខុទាំងឡាយ បើសេចក្តីត្រេកអរ ក្នុងសញ្ញាធាតុ ភិក្ខុបានលះបង់ហើយ។ ម្នាលភិក្ខុទាំងឡាយ បើសេចក្តីត្រេកអរ ក្នុងសង្ខារធាតុ ភិក្ខុបាន លះបង់ហើយ។ ម្នាលភិក្ខុទាំងឡាយ បើសេចក្តីត្រេកអរ ក្នុងវិញ្ញាណធាតុ ភិក្ខុបានលះបង់ហើយ ព្រោះបានលះបង់ នូវសេចក្តីត្រេកអរ អារម្មណ៍ក៏ដាច់ចេញ ការ ទីពឹងរបស់វិញ្ញាណ ក៏មិនមាន វិញ្ញាណនោះ បើមិនមានទីពឹងហើយ ក៏មិនដុះដាលឡើងបានឡើយ សឹងផុតស្រឡះ ព្រោះមិនបានតាក់តែង នូវបដិសន្ធិទៀត ព្រោះផុតស្រឡះហើយ ក៏រមែងតម្កល់នៅ ព្រោះតម្កល់នៅហើយ ក៏រមែងត្រេកអរ ព្រោះត្រេកអរហើយ ក៏រមែងមិនតក់ស្លុត កាលបើមិនតក់ស្លុតហើយ រមែងបរិនិព្វានដោយខ្លួនឯង។ ភិក្ខុនោះ ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញក៏បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(ពីជ)សូត្រ ទី២

(២. ពីជសុត្តំ)

[១០៦] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ពូជទាំងឡាយ នេះ មាន៥ប្រការ។ ពូជ៥ប្រការ តើអ្វីខ្លះ។ គឺពូជកើតពីមើម១ ពូជកើតពីដើម១ ពូជកើតពីថ្នាំង១ ពូជកើតពីត្រួយ១ និងពូជកើតពីគ្រាប់១ ជាគម្រប់៥។ ម្នាល ភិក្ខុទាំងឡាយ ចុះបើពូជ ទាំង៥ប្រការនេះ មិនបាក់ មិនស្អុយ មិនវិនាស ដោយខ្យល់ និងកំដៅថ្ងៃ គួរកាន់យកនូវខ្លឹម នៅជាសុខ តែដីក៏គ្មាន ទឹកក៏គ្មាន។ ម្នាលភិក្ខុ ទាំងឡាយ (កាលបើដូច្នេះ) ពូជ ទាំង៥ប្រការនេះ តើគួរនឹងដល់ នូវសេចក្តីចម្រើន ដុះដាល ធំទូលាយឡើងបាន ដែរឬ។ មិនបានទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ចុះបើពូជ ទាំង៥ប្រការនេះ មិនបាក់។បេ។ នៅជាសុខ ទាំងដីក៏មាន ទឹកក៏មាន។ ម្នាលភិក្ខុទាំងឡាយ (កាលបើដូច្នេះ) ពូជ ទាំង៥នេះ តើគួរនឹងដល់ នូវសេចក្តីចម្រើន ដុះដាល ធំទូលាយឡើងបានដែរឬ។ ព្រះករុណា ព្រះអង្គ។

[១០៧] ម្នាលភិក្ខុទាំងឡាយ បឋវីធាតុ យ៉ាងណា វិញ្ញាណដ្ឋិតិ (ទីតម្កល់នៅនៃវិញ្ញាណ) ទាំង៤ អ្នកទាំងឡាយ ក៏គប្បីឃើញ យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ អាបោធាតុយ៉ាងណា សេចក្តីរីករាយ និងសេចក្តីត្រេកអរ អ្នកទាំងឡាយ ក៏គប្បីឃើញ យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពូជ ទាំង៥ប្រការ យ៉ាងណា វិញ្ញាណដែលប្រកបដោយអាហារ អ្នកទាំងឡាយ ក៏គប្បីឃើញ យ៉ាងនោះដែរ។ ម្នាលភិក្ខុ ទាំងឡាយ វិញ្ញាណ មានរូបជាហេតុ កាលដែលឋិតនៅ ក៏ឋិតនៅបាន រូបារម្មណ៍ មានរូបជាទីតាំង មានកិរិយាចូលទៅជិត សេពនូវសេចក្តីរីករាយ ដល់នូវសេចក្តីចម្រើន ដុះដាល ធំទូលាយឡើងបាន។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ មាន វេទនាជាហេតុ កាលឋិតនៅ ក៏ឋិតនៅបាន។បេ។ មានកិរិយាចូលទៅជិត សេពនូវសេចក្តីរីករាយ ដល់នូវសេចក្តីចម្រើន ដុះដាល ធំទូលាយឡើងបាន។ មានសញ្ញា ជាហេតុ។បេ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ មានសង្ខារជាហេតុ កាលឋិតនៅ ក៏ឋិតនៅបាន សង្ខារារម្មណ៍ មានសង្ខារជាទីតាំង មានកិរិយាចូលទៅជិត សេពនូវសេចក្តីរីករាយ ដល់នូវសេចក្តីចម្រើន ដុះដាល ធំទូលាយឡើងបាន។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលណា និយាយយ៉ាងនេះថា អាត្មាអញ ទោះបីវៀរចាករូប វៀរចាកវេទនា វៀរចាកសញ្ញា វៀរចាកសង្ខារទាំងឡាយ ក៏គង់តែដឹង នូវដំណើរមក ឬដំណើរទៅ ការឃ្លាត ឬការកើត ការចម្រើន ឬការដុះដាលធំទូលាយ នៃវិញ្ញាណបាន ពាក្យនេះ មិនសមហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ បើសេចក្តីត្រេកអរ ក្នុងរូបធាតុ ភិក្ខុបានលះបង់ហើយ ព្រោះលះបង់ នូវសេចក្តីត្រេកអរហើយ អារម្មណ៍ ក៏ដាច់ចេញ ការទីពឹងរបស់វិញ្ញាណ ក៏មិនមាន។ បើសេចក្តីត្រេកអរ ក្នុងវេទនាធាតុ។ ក្នុងសញ្ញាធាតុ។ ក្នុងសង្ខារធាតុ។ ម្នាលភិក្ខុទាំងឡាយ បើសេចក្តីត្រេកអរ ក្នុងវិញ្ញាណធាតុ ភិក្ខុបានលះបង់ហើយ ព្រោះលះបង់ នូវសេចក្តីត្រេកអរហើយ អារម្មណ៍ ក៏ដាច់ចេញ ការទីពឹងរបស់វិញ្ញាណ ក៏មិនមាន។ វិញ្ញាណនោះ បើឥតមានទីពឹងហើយ ក៏មិនដុះដាលឡើងបានឡើយ សឹងផុតស្រឡះ ព្រោះមិនតាក់តែង នូវបដិសន្ធិទៀត ព្រោះផុតស្រឡះហើយ ក៏រមែងតម្កល់នៅ ព្រោះតម្កល់នៅហើយ ក៏រមែងត្រេកអរ ព្រោះត្រេកអរហើយ ក៏រមែងមិនតក់ស្លុត កាលបើមិនតក់ស្លុតហើយ ទើបបរិនិព្វានដោយខ្លួនឯង។ ភិក្ខុនោះ ក៏ដឹងច្បាស់ថា ជាតិអស់ហើយ។បេ។ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(ឧទាន)សូត្រ ទី៣

(៣. ឧទានសុត្តំ)

[១០៨] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ព្រះមានព្រះភាគ ទ្រង់បន្លឺនូវឧទានថា ភិក្ខុ កាលចុះចិត្តស៊ប់ យ៉ាងនេះថា បើអាត្មាអញ នឹងមិនមានទេ (បរិក្ខារ) របស់អាត្មាអញ ក៏នឹងមិនមាន (បើការកសាង នូវកម្មទុកទៅក្នុងអនាគត) នឹងមិនមានទេ (បដិសន្ធិ) របស់អាត្មាអញ (ក្នុងអនាគត) ក៏នឹងមិនមាន ដូច្នេះហើយ ទើបគួរកាត់នូវសញ្ញោជនៈ ដែលជាចំណែកខាងក្រោមបាន។

[១០៩] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ មានភិក្ខុមួយរូប ក្រាបទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុ កាលចុះចិត្តស៊ប់ យ៉ាងនេះថា បើអាត្មាអញ នឹងមិនមានទេ (បរិក្ខារ) របស់អាត្មាអញ ក៏នឹងមិនមាន (បើការកសាង នូវកម្មទុកទៅក្នុងអនាគត) នឹងមិនមានទេ (បដិសន្ធិ) របស់អាត្មាអញ (ក្នុងអនាគត) ក៏នឹងមិនមានដែរ ដូច្នេះហើយ ទើបគួរកាត់នូវសញ្ញោជនៈ ជាចំណែកខាងក្រោមបាន តើដូចម្តេច។ ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ មិនបានចេះដឹង នៅជាបុថុជ្ជន មិនបានឃើញព្រះអរិយៈទាំងឡាយ។បេ។ មិនបានទូន្មានខ្លួន ក្នុងសប្បុរិសធម៌ហើយ ក៏រមែងពិចារណាឃើញរូប ថាជាខ្លួនខ្លះ ឃើញខ្លួនថាមានរូបខ្លះ ឃើញរូប ថាមានក្នុងខ្លួនខ្លះ ឃើញខ្លួន ថាមានក្នុងរូបខ្លះ។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ ឃើញនូវវិញ្ញាណ ថាជាខ្លួនខ្លះ ឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ ឃើញវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួន ថាមានក្នុងវិញ្ញាណខ្លះ។ ភិក្ខុនោះ មិនដឹងច្បាស់តាមពិត នូវរូបមិនទៀង ថារូបមិនទៀង មិនដឹងច្បាស់តាមពិត នូវវេទនាមិនទៀង ថាវេទនាមិនទៀង មិនដឹងច្បាស់តាមពិត នូវសញ្ញាមិនទៀង ថាសញ្ញាមិនទៀង មិនដឹងច្បាស់តាមពិត នូវសង្ខារទាំងឡាយមិនទៀង ថា សង្ខារទាំងឡាយមិនទៀង មិនដឹងច្បាស់តាមពិត នូវវិញ្ញាណមិនទៀង ថាវិញ្ញាណមិនទៀង។ មិនដឹងច្បាស់តាមពិត នូវរូបជាទុក្ខ ថារូបជាទុក្ខ។ នូវវេទនាជាទុក្ខ។ នូវសញ្ញាជាទុក្ខ។ នូវសង្ខារទាំងឡាយជាទុក្ខ។ មិនដឹងច្បាស់តាមពិត នូវវិញ្ញាណជាទុក្ខ ថាវិញ្ញាណជាទុក្ខ។ មិនដឹងច្បាស់តាមពិត នូវរូបជាអនត្តា ថារូបជាអនត្តា។ នូវវេទនាជាអនត្តា។ នូវសញ្ញាជាអនត្តា។ នូវសង្ខារទាំងឡាយជាអនត្តា។ មិនដឹងច្បាស់តាមពិត នូវវិញ្ញាណជាអនត្តា ថាវិញ្ញាណជាអនត្តា។ មិនដឹងច្បាស់តាមពិត នូវរូបដែលមានបច្ច័យប្រជុំតាក់តែង ថារូបមានបច្ច័យប្រជុំតាក់តែង។ នូវវេទនា ដែលមានបច្ច័យប្រជុំតាក់តែង។ នូវសញ្ញា ដែលមានបច្ច័យប្រជុំតាក់តែង។ នូវសង្ខារទាំងឡាយ ដែលមានបច្ច័យប្រជុំតាក់តែង។ មិនដឹងច្បាស់តាមពិត នូវវិញ្ញាណ ដែលមានបច្ច័យប្រជុំតាក់តែង ថាវិញ្ញាណមានបច្ច័យប្រជុំតាក់តែង។ មិនដឹងច្បាស់តាមពិត ថារូបនឹងមាន។ ថាវេទនានឹងមាន។ ថាសញ្ញានឹងមាន។ ថាសង្ខារទាំងឡាយនឹងមាន។ មិនដឹងច្បាស់តាមពិត ថាវិញ្ញាណនឹងមាន ដូច្នេះឡើយ។

[១១០] ម្នាលភិក្ខុ អរិយសាវ័ក ជាអ្នកចេះដឹង បានឃើញនូវព្រះអរិយៈទាំងឡាយ អ្នកឈ្លាសវៃ ក្នុងអរិយធម៌ បានទូន្មានខ្លួន ក្នុងអរិយធម៌ ឃើញនូវសប្បុរសទាំងឡាយ អ្នកឈ្លាសវៃ ក្នុងសប្បុរិសធម៌ បានទូន្មានខ្លួន ក្នុងសប្បុរិសធម៌ ក៏រមែងមិនពិចារណាឃើញរូប ថាជាខ្លួនខ្លះ។បេ។ មិនឃើញវេទនា។ មិនឃើញសញ្ញា។ មិនឃើញសង្ខារទាំងឡាយ។ មិនឃើញវិញ្ញាណ ថាជាខ្លួនខ្លះ។ ភិក្ខុនោះ ដឹងច្បាស់ តាមពិត នូវរូបមិនទៀង ថារូបមិនទៀង។ នូវវេទនាមិនទៀង។ នូវសញ្ញាមិនទៀង។ នូវសង្ខារទាំងឡាយមិនទៀង។ ដឹងច្បាស់តាមពិត នូវវិញ្ញាណមិនទៀង ថាវិញ្ញាណមិនទៀង។ នូវរូបជាទុក្ខ។បេ។ នូវវិញ្ញាណជាទុក្ខ។ នូវរូបជាអនត្តា។បេ។ នូវវិញ្ញាណជាអនត្តា។ នូវរូបដែលមានបច្ច័យប្រជុំតាក់តែង។បេ។ ដឹងច្បាស់តាមពិត នូវវិញ្ញាណ ដែលមានបច្ច័យប្រជុំតាក់តែង ថាវិញ្ញាណមានបច្ច័យប្រជុំតាក់តែង។ ដឹងច្បាស់តាមពិត ថារូបនឹងមាន។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ ដឹងច្បាស់តាមពិត ថាវិញ្ញាណនឹងមាន។ ភិក្ខុនោះ ទើបឈ្មោះថា ប្រាសចាករូប ប្រាសចាកវេទនា ប្រាសចាកសញ្ញា ប្រាសចាកសង្ខារទាំងឡាយ ប្រាសចាកវិញ្ញាណ។ ភិក្ខុ កាល ចុះចិត្តស៊ប់ យ៉ាងនេះថា បើអាត្មាអញ នឹងមិនមាន (គ្រឿងបរិក្ខារ) របស់អាត្មាអញ ក៏នឹងមិនមាន (បើការកសាងនូវកម្មទុក ក្នុងអនាគត) នឹងមិនមាន (បដិសន្ធិ) របស់អាត្មាអញ (ក្នុងអនាគត) ក៏នឹងមិនមានដែរ ដូច្នេះហើយ ទើបគួរកាត់នូវសញ្ញោជនៈ ជាចំណែកខាងក្រោមបាន យ៉ាងនេះឯង។

[១១១] បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុកាលចុះចិត្តស៊ប់ យ៉ាងនេះហើយ ទើបគួរកាត់នូវសញ្ញោជនៈ ជាចំណែកខាងក្រោមបាន។ បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុកាលដឹងដូចម្តេច កាលឃើញដូចម្តេច ទើបអស់អាសវៈ ក្នុងលំដាប់បាន។ ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនចេះដឹង ជាបុថុជ្ជន។បេ។ តែងដល់នូវសេចក្តីតក់ស្លុត ក្នុងហេតុដែលមិនគួរតក់ស្លុត។ ម្នាលភិក្ខុ ព្រោះថា ភិក្ខុជាបុថុជ្ជន ជាអ្នកមិនចេះដឹង តែងមានសេចក្តីតក់ស្លុតនុ៎ះថា បើអាត្មាអញ នឹងមិនមាន (បរិក្ខារ) របស់អាត្មាអញ ក៏នឹងមិនមាន។ (បើការកសាងនូវកម្មទុក ក្នុងអនាគត) នឹងមិនមាន (បដិសន្ធិ) របស់អាត្មាអញ (ក្នុងអនាគត) ក៏នឹងមិនមាន។ ម្នាលភិក្ខុ ឯអរិយសាវ័ក ជាអ្នកចេះដឹង។បេ។ តែងមិនដល់ នូវសេចក្តីតក់ស្លុតក្នុងហេតុ ដែលមិនគួរតក់ស្លុតឡើយ។ ម្នាលភិក្ខុ ព្រោះថា អរិយសាវ័ក ជាអ្នកចេះដឹង តែងមិនមានសេចក្តីតក់ស្លុតនុ៎ះថា បើអាត្មាអញ នឹងមិនមាន (បរិក្ខារ) របស់អាត្មាអញ ក៏នឹងមិនមាន (ការកសាងនូវកម្មទុក ក្នុងអនាគត) ក៏នឹងមិនមាន (បដិសន្ធិ) របស់អាត្មាអញ (ក្នុងអនាគត) ក៏នឹងមិនមាន ដូច្នេះឡើយ។ ម្នាលភិក្ខុ វិញ្ញាណ មានរូបជាហេតុ កាលដែលឋិតនៅ ក៏ឋិតនៅបាន រូបារម្មណ៍ មានរូបជាទីតាំង មានកិរិយាចូលទៅជិត សេពនូវសេចក្តីរីករាយ គួរដល់សេចក្តីចម្រើន ដុះដាល ធំទូលាយឡើងបាន។ ម្នាលភិក្ខុ វិញ្ញាណ មានវេទនាជាហេតុ។ ម្នាលភិក្ខុ វិញ្ញាណ មានសញ្ញាជាហេតុ។ ម្នាលភិក្ខុ វិញ្ញាណមានសង្ខារជាហេតុ កាលដែលឋិតនៅ ក៏ឋិតនៅបាន សង្ខារារម្មណ៍ មានសង្ខារជាទីតាំង មានកិរិយាចូលទៅជិត សេពនូវសេចក្តីរីករាយ គួរដល់សេចក្តីចម្រើន ដុះដាល ធំទូលាយឡើងបាន។ ម្នាលភិក្ខុ បុគ្គលនោះ និយាយយ៉ាងនេះថា អាត្មាអញ ទោះបីវៀរចាករូប វៀរចាកវេទនា វៀរចាកសញ្ញា វៀរចាកសង្ខារទាំងឡាយហើយ ក៏គង់ដឹងដំណើរមក ឬដំណើរទៅ ការឃ្លាត ឬការកើតឡើង ឬសេចក្តីចម្រើន ដុះដាល ធំទូលាយឡើង របស់វិញ្ញាណបាន ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ម្នាលភិក្ខុ បើសេចក្តីត្រេកអរ ក្នុងរូបធាតុ ភិក្ខុបានលះបង់ហើយ ព្រោះតែលះបង់ នូវសេចក្តីត្រេកអរ អារម្មណ៍ ក៏ដាច់ចេញ ការទីពឹងនៃវិញ្ញាណ ក៏មិនមាន។ ម្នាលភិក្ខុ បើសេចក្តីត្រេកអរ ក្នុងវេទនាធាតុ ភិក្ខុបានលះបង់ហើយ។ ម្នាលភិក្ខុ បើសេចក្តីត្រេកអរ ក្នុងសញ្ញាធាតុ ភិក្ខុបានលះបង់ហើយ។ ម្នាលភិក្ខុ បើសេចក្តីត្រេកអរ ក្នុងសង្ខារធាតុ ភិក្ខុបានលះបង់ហើយ។ ម្នាលភិក្ខុ បើសេចក្តីត្រេកអរ ក្នុងវិញ្ញាណធាតុ ភិក្ខុបានលះបង់ហើយ ព្រោះតែបានលះបង់នូវសេចក្តីត្រេកអរ អារម្មណ៍ ក៏ដាច់ចេញ ការទីពឹង នៃវិញ្ញាណ ក៏មិនមាន។ វិញ្ញាណដែលមិនមានទីពឹងហើយនោះ ក៏មិនដុះដាល សឹងផុតស្រឡះ ព្រោះមិនតាក់តែង នូវបដិសន្ធិតទៅទៀត ព្រោះតែផុតស្រឡះ ក៏តំកល់នៅនឹង ព្រោះតកល់នៅនឹងហើយ ក៏ត្រេកអរ ព្រោះតែត្រេកអរ ក៏មិនតក់ស្លុត កាលបើមិនតក់ស្លុត ទើបបរិនិព្វានចំពោះខ្លួនឯង។ ដឹងច្បាស់ថា ជាតិអស់ហើយ។បេ។ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុ អរិយសាវ័ក កាលដឹងយ៉ាងនេះ កាលឃើញយ៉ាងនេះ ទើបអស់អាសវៈ ក្នុងលំដាប់បាន។

(ឧបាទានបរិបវត្ត)សូត្រ ទី៤

(៤. ឧបាទានបរិបវត្តសុត្តំ)

[១១២] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ឧបាទានក្ខន្ធនេះ មាន៥ប្រការ។ ឧបាទានក្ខន្ធ ៥ តើដូចម្តេច។ គឺរូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនទាន់ដឹងច្បាស់តាមពិត នូវឧបាទានក្ខន្ធ9) ទាំង៥នេះ ដែលមានបរិវដ្តៈបួនៗ ត្រឹមណា ម្នាលភិក្ខុទាំងឡាយ តថាគត មិនទាន់ប្តេជ្ញាខ្លួន ថាជាអ្នកត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណ ដ៏ប្រសើរ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ត្រឹមនោះដែរ។ ម្នាលភិក្ខុទាំងឡាយ កាលណា តថាគត បានដឹងច្បាស់តាមពិត នូវឧបាទានក្ខន្ធ ទាំង៥នេះ ដែលមានបរិវដ្តៈបួនៗហើយ ម្នាលភិក្ខុទាំងឡាយ កាលនោះ ទើបតថាគត ប្តេជ្ញាខ្លួន ថាជាអ្នកត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណ ដ៏ប្រសើរ ក្នុងលោក ព្រមទាំងទេវលោក។បេ។ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេសបាន។ ឧបាទានក្ខន្ធ ដែលមានបរិវដ្តៈបួនៗ ដូចម្តេច។ គឺតថាគត ដឹងច្បាស់នូវរូប ដឹងច្បាស់នូវការកើតឡើងនៃរូប ដឹងច្បាស់ នូវការរលត់នៃរូប ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ទៅកាន់ទីរលត់នៃរូប។ ដឹងច្បាស់នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ តថាគត ដឹងច្បាស់នូវវិញ្ញាណ ដឹងច្បាស់ នូវការកើតឡើង នៃវិញ្ញាណ ដឹងច្បាស់ នូវការរលត់ នៃវិញ្ញាណ ដឹងច្បាស់ នូវសេចក្តីប្រតិបត្តិ ទៅកាន់ទីរលត់ នៃវិញ្ញាណ។

[១១៣] ម្នាលភិក្ខុទាំងឡាយ ចុះរូប តើដូចម្តេច។ មហាភូតរូប ៤ និងឧបាទាយរូប (២៤ដែលអាស្រ័យ) នឹងមហាភូតរូប៤។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា រូប។ ការកើតឡើងនៃរូប ព្រោះកើតឡើង នៃអាហារ ការរលត់ទៅនៃរូប ព្រោះរលត់ទៅ នៃអាហារ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាផ្លូវប្រតិបត្តិ ទៅកាន់សេចក្តីរលត់នៃរូប។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនោះ តើអ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវរូបយ៉ាងនេះ ដឹងច្បាស់ នូវការកើតឡើងនៃរូប យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរលត់ នៃរូបយ៉ាងនេះ ដឹងច្បាស់ នូវសេចក្តីប្រតិបត្តិ ទៅកាន់សេចក្តីរលត់នៃរូប យ៉ាងនេះ ហើយប្រតិបត្តិ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តីរលត់នៃរូប សមណៈ ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា បានប្រតិបត្តិដោយល្អ សមណៈ ឬព្រាហ្មណ៍ណា បានប្រតិបត្តិល្អ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា តាំងនៅក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវរូបយ៉ាងនេះ ដឹងច្បាស់នូវការកើតឡើង នៃរូបយ៉ាងនេះ ដឹងច្បាស់ នូវសេចក្តីរលត់នៃរូប យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្រតិបត្តិទៅកាន់សេចក្តីរលត់ នៃរូបយ៉ាងនេះហើយ ក៏ផុតស្រឡះ ព្រោះនឿយណាយ ព្រោះប្រាសចាកតម្រេក ព្រោះរលត់ ព្រោះមិនបានប្រកាន់យកនូវរូប សមណៈ ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា ផុតស្រឡះដោយល្អ សមណៈ ឬព្រាហ្មណ៍ណា ផុតស្រឡះដោយល្អហើយ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា មានកិច្ចបានធ្វើហើយ សមណៈ ឬព្រាហ្មណ៍ទាំងឡាយណា មានកិច្ចបានធ្វើហើយ វដ្តៈរបស់សមណៈ និងព្រាហ្មណ៍ទាំងនោះ ក៏មិនមានជាប្រាកដ។

[១១៤] ម្នាលភិក្ខុទាំងឡាយ ចុះវេទនា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកវេទនានេះ មាន៦យ៉ាង គឺ ចក្ខុសម្ផស្ស ជាវេទនា១ សោតសម្ផស្ស ជាវេទនា១ ឃានសម្ផស្ស ជាវេទនា១ ជិវ្ហាសម្ផស្ស ជាវេទនា១ កាយសម្ផស្ស ជាវេទនា១ មនោសម្ផស្ស ជាវេទនា១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វេទនា។ ការកើតឡើងនៃវេទនា ព្រោះកើតឡើងនៃផស្សៈ ការរលត់នៃវេទនា ព្រោះរលត់នៃផស្សៈ មគ្គប្រកបដោយអង្គ៨ ដ៏ប្រសើរនេះឯង ជាសេចក្តីប្រតិបត្តិ ដើម្បីដល់នូវការរលត់ នៃវេទនា។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេចខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវវេទនាយ៉ាងនេះ បានដឹងច្បាស់ នូវការកើតឡើង នៃវេទនា យ៉ាងនេះ បានដឹងច្បាស់ នូវការរលត់ នៃវេទនា យ៉ាងនេះ បានដឹងច្បាស់ នូវសេចក្តីប្រតិបត្តិទៅកាន់ទីរលត់ នៃវេទនា យ៉ាងនេះ ហើយប្រតិបត្តិ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តីរលត់នៃវេទនា ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ប្រតិបត្តិល្អ ពួកសមណៈ ឬព្រាហ្មណ៍ណា បានប្រតិបត្តិល្អ ពួកសមណៈ ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា ឋិតនៅក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវវេទនាយ៉ាងនេះ បានដឹងច្បាស់ នូវការកើតឡើង នៃវេទនាយ៉ាងនេះ បានដឹងច្បាស់ នូវការរលត់នៃវេទនា យ៉ាងនេះ បានដឹងច្បាស់ នូវសេចក្តីប្រតិបត្តិ ទៅកាន់ទីរលត់ នៃវេទនា យ៉ាងនេះហើយ។បេ។ វដ្តៈរបស់ពួកសមណៈ និងព្រាហ្មណ៍នោះ ក៏មិនមានជាប្រាកដ។

[១១៥] ម្នាលភិក្ខុទាំងឡាយ ចុះសញ្ញា តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពួកសញ្ញានេះ មាន៦យ៉ាង គឺ រូបសញ្ញា១ សទ្ទសញ្ញា១ គន្ធសញ្ញា១ រសសញ្ញា១ ផោដ្ឋព្វសញ្ញា១ ធម្មសញ្ញា១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សញ្ញា។ ការកើតឡើងនៃសញ្ញា ព្រោះកើតឡើងនៃផស្សៈ ការរលត់នៃសញ្ញា ព្រោះរលត់នៃផស្សៈ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាសេចក្តីប្រតិបត្តិ ដើម្បីដល់នូវការរលត់ នៃសញ្ញា។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេចខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវសញ្ញាយ៉ាងនេះ។បេ។ វដ្តៈរបស់សមណៈ និងព្រាហ្មណ៍ទាំងនោះ ក៏មិនមានជាប្រាកដ។

[១១៦] ម្នាលភិក្ខុទាំងឡាយ ចុះសង្ខារទាំងឡាយ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពួកចេតនានេះ មាន៦ប្រការ គឺ រូបសញ្ចេតនា១ សទ្ទសញ្ចេតនា១ គន្ធសញ្ចេតនា១ រសសញ្ចេតនា១ ផោដ្ឋព្វសញ្ចេតនា១ ធម្មសញ្ចេតនា១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សង្ខារ។ ការកើតឡើង នៃសង្ខារ ព្រោះកើតឡើង នៃផស្សៈ ការរលត់ទៅ នៃសង្ខារ ព្រោះរលត់ទៅនៃផស្សៈ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាសេចក្តីប្រតិបត្តិ ដើម្បីដល់នូវការរលត់ នៃសង្ខារ។ មគ្គប្រកបដោយអង្គ ៨ តើអ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវសង្ខារទាំងឡាយយ៉ាងនេះ បានដឹងច្បាស់ នូវការកើតឡើង នៃសង្ខារយ៉ាងនេះ បានដឹងច្បាស់ នូវការរលត់ នៃសង្ខារយ៉ាងនេះ បានដឹងច្បាស់ នូវសេចក្តីប្រតិបត្តិទៅកាន់ទីរលត់ នៃសង្ខារ យ៉ាងនេះ ហើយប្រតិបត្តិ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តីរលត់ នៃសង្ខារ ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា បានប្រតិបត្តិល្អ ពួកសមណៈ ឬព្រាហ្មណ៍ណា ប្រតិបត្តិល្អ ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ឋិតនៅក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវសង្ខារទាំងឡាយយ៉ាងនេះ បានដឹងច្បាស់ នូវការកើតឡើង នៃសង្ខារយ៉ាងនេះ បានដឹងច្បាស់នូវទីរលត់នៃសង្ខារ យ៉ាងនេះ បានដឹងច្បាស់ នូវសេចក្តីប្រតិបត្តិ ទៅកាន់ទីរលត់នៃសង្ខារ យ៉ាងនេះហើយ ផុតស្រឡះ ព្រោះនឿយណាយ ព្រោះប្រាសចាកតម្រេក ព្រោះរលត់ ព្រោះមិនប្រកាន់យក នូវសង្ខារទាំងឡាយ ពួកសមណៈឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា ផុតស្រឡះដោយល្អ ពួកសមណៈ ឬព្រាហ្មណ៍ណា ផុតស្រឡះល្អ ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា មានកិច្ចបានធ្វើហើយ ពួកសមណៈ ឬព្រាហ្មណ៍ណា មានកិច្ចបានធ្វើហើយ វដ្តៈរបស់សមណៈ និងព្រាហ្មណ៍ទាំងនោះ ក៏មិនមានជាប្រាកដ។

[១១៧] ម្នាលភិក្ខុទាំងឡាយ ចុះវិញ្ញាណ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពួកវិញ្ញាណនេះ មាន៦យ៉ាងគឺ ចក្ខុវិញ្ញាណ១ សោតវិញ្ញាណ១ ឃានវិញ្ញាណ១ ជីវ្ហាវិញ្ញាណ១ កាយវិញ្ញាណ១ មនោវិញ្ញាណ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិញ្ញាណ។ ការកើតឡើង នៃវិញ្ញាណ ព្រោះកើតឡើង នៃនាមនិងរូប ការរលត់ទៅ នៃវិញ្ញាណ ព្រោះរលត់ទៅ នៃនាមនិងរូប មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាសេចក្តីប្រតិបត្តិ ទៅកាន់ទីរលត់ នៃវិញ្ញាណ។ មគ្គប្រកបដោយអង្គ ៨ តើអ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ពួកសមណៈឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវវិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ នូវការកើតឡើង នៃវិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ នូវការរលត់ នៃវិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ នូវសេចក្តីប្រតិបត្តិ ទៅកាន់ទីរលត់នៃវិញ្ញាណយ៉ាងនេះ ហើយប្រតិបត្តិ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់នៃវិញ្ញាណ សមណៈឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា បានប្រតិបត្តិដោយល្អ ពួកសមណៈ ឬព្រាហ្មណ៍ណា បានប្រតិបតិ្តល្អ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា ឋិតនៅក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវវិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ នូវការកើតឡើងនៃវិញ្ញាណយ៉ាងនេះ បានដឹងច្បាស់នូវការរលត់ នៃវិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ នូវសេចក្តីប្រតិបត្តិ ទៅកាន់ទីរលត់នៃវិញ្ញាណយ៉ាងនេះ ហើយផុតស្រឡះ ព្រោះនឿយណាយ ព្រោះប្រាសចាកតម្រេក ព្រោះរលត់ ព្រោះមិនប្រកាន់យក នូវវិញ្ញាណ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា បានផុតស្រឡះដោយល្អ ពួកសមណៈ ឬព្រាហ្មណ៍ណា បានផុតស្រឡះល្អ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា មានកិច្ចបានធ្វើហើយ ពួកសមណៈ ឬព្រាហ្មណ៍ណា មានកិច្ចបានធ្វើហើយ វដ្តៈរបស់សមណៈ និងព្រាហ្មណ៍ទាំងនោះ ក៏មិនមានជាប្រាកដ។

(សត្តដ្ឋាន)សូត្រ ទី៥

(៥. សត្តដ្ឋានសុត្តំ)

[១១៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកឈ្លាសវៃ ក្នុងហេតុ៧ប្រការ ជាអ្នកពិចារណា នូវលក្ខណៈ៣ប្រការ តថាគត ពោលថា ជាបុរសឧត្តម មានកិច្ចបានធ្វើអស់ហើយ មានព្រហ្មចរិយធម៌នៅរួចហើយ ក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកឈ្លាសវៃ ក្នុងហេតុ៧ប្រការ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់នូវរូប ដឹងច្បាស់ នូវការកើតឡើងនៃរូប ដឹងច្បាស់ នូវការរលត់នៃរូប ដឹងច្បាស់ នូវសេចក្តីប្រតិបត្តិ ទៅកាន់ទីរលត់នៃរូប។ ដឹងច្បាស់ នូវអានិសង្សរបស់រូប ដឹងច្បាស់ នូវទោសរបស់រូប ដឹងច្បាស់ នូវការរលាស់ចេញនូវរូប។ ដឹងច្បាស់ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ ដឹងច្បាស់ នូវវិញ្ញាណ ដឹងច្បាស់នូវការកើតឡើង នៃវិញ្ញាណ ដឹងច្បាស់ នូវការរលត់នៃវិញ្ញាណ ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ទៅកាន់ទីរលត់នៃវិញ្ញាណ។ ដឹងច្បាស់ នូវអានិសង្សរបស់វិញ្ញាណ ដឹងច្បាស់ នូវទោសរបស់វិញ្ញាណ ដឹងច្បាស់ នូវការរលាស់ចេញនូវវិញ្ញាណ។

[១១៩] ម្នាលភិក្ខុទាំងឡាយ ចុះរូប តើដូចម្តេច។ មហាភូតរូប ៤ និងឧបាទាយរូប (២៤) ដែលអាស្រ័យនឹងមហាភូតរូប៤។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា រូប។ ការកើតឡើងនៃរូប ព្រោះការកើតឡើងនៃអាហារ ការរលត់ទៅនៃរូប ព្រោះការរលត់ទៅនៃអាហារ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាសេចក្តីប្រតិបត្តិ ទៅកាន់ទីរលត់នៃរូប។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេចខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ សេចក្តីសុខ និងសោមនស្សណា កើតឡើងព្រោះអាស្រ័យនូវរូប នេះឈ្មោះថា អានិសង្សរបស់រូប រូបណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា នេះឈ្មោះថា ទោសរបស់រូប ការបន្ទោបង់ នូវឆន្ទរាគ ការលះបង់ នូវឆន្ទរាគ ណា នេះឈ្មោះថា ការរលាស់ចេញនូវរូប។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវរូបយ៉ាងនេះ បានដឹងច្បាស់ នូវការកើតឡើងនៃរូប យ៉ាងនេះ បានដឹងច្បាស់ នូវការរលត់នៃរូបយ៉ាងនេះ បានដឹងច្បាស់ នូវសេចក្តីប្រតិបត្តិ ទៅកាន់ទីរលត់ នៃរូបយ៉ាងនេះ បានដឹងច្បាស់នូវអានិសង្ស របស់រូបយ៉ាងនេះ បានដឹងច្បាស់ នូវទោសរបស់រូបយ៉ាងនេះ បានដឹងច្បាស់ នូវការរលាស់ចេញ នូវរូបយ៉ាងនេះ ហើយប្រតិបត្តិ ដើម្បីសេចក្តីនឿយណាយ ដើម្បីការប្រាសចាកតម្រេក ដើម្បីសេចក្តីរលត់នៃរូប ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា បានប្រតិបត្តិដោយល្អ ពួកសមណៈ ឬព្រាហ្មណ៍ណា ប្រតិបត្តិល្អ ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ឋិតនៅក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវរូបយ៉ាងនេះ បានដឹងច្បាស់ នូវការកើតឡើង នៃរូបយ៉ាងនេះ បានដឹងច្បាស់ នូវការរលត់នៃរូបយ៉ាងនេះ បានដឹងច្បាស់ នូវសេចក្តីប្រតិបត្តិទៅកាន់ទីរលត់នៃរូបយ៉ាងនេះ បានដឹងច្បាស់ នូវអានិសង្សរបស់រូបយ៉ាងនេះ បានដឹងច្បាស់នូវទោស របស់រូបយ៉ាងនេះ បានដឹងច្បាស់ នូវការរលាស់ចេញ នូវរូបយ៉ាងនេះហើយ ក៏ផុតស្រឡះ ព្រោះនឿយណាយ ប្រាសចាកតម្រេក ព្រោះរលត់ ព្រោះមិនប្រកាន់យកនូវរូប ពួកសមណៈ ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា បានផុតស្រឡះដោយល្អ ពួកសមណៈ ឬព្រាហ្មណ៍ណា បានផុតស្រឡះដោយល្អ ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ជាអ្នកមានកិច្ចបានធ្វើហើយ ពួកសមណៈ ឬព្រាហ្មណ៍ណា មានកិច្ចបានធ្វើហើយ វដ្តៈ របស់សមណៈ និងព្រាហ្មណ៍ទាំងនោះ ក៏មិនមានជាប្រាកដ។

[១២០] ម្នាលភិក្ខុទាំងឡាយ ចុះវេទនាតើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពួកវេទនានោះ មាន៦យ៉ាងគឺ ចក្ខុសម្ផស្សជាវេទនា១។បេ។ មនោសម្ផស្សជាវេទនា១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វេទនា។ ការកើតឡើងនៃវេទនា ព្រោះការកើតឡើងនៃផស្សៈ ការរលត់នៃវេទនា ព្រោះការរលត់នៃផស្សៈ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាផ្លូវទៅកាន់ទីរលត់ នៃវេទនា។ មគ្គប្រកបដោយអង្គ ៨ តើអ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ សេចក្តីសុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យនូវវេទនា នេះឈ្មោះថា អានិសង្សរបស់វេទនា វេទនាណា មិនទៀង ជាទុក្ខ មានសភាពប្រែប្រួលទៅជាធម្មតា នេះឈ្មោះថា ទោសរបស់វេទនា ការបន្ទោបង់ នូវឆន្ទរាគ ការលះបង់ នូវឆន្ទរាគ របស់វេទនាណា នេះឈ្មោះថា ការរលាស់ចេញ នូវវេទនា។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់នូវវេទនាយ៉ាងនេះ បានដឹងច្បាស់ នូវការកើតឡើង នៃវេទនាយ៉ាងនេះ បានដឹងច្បាស់ នូវការរលត់ នៃវេទនាយ៉ាងនេះ បានដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ទៅកាន់ទីរលត់ នៃវេទនាយ៉ាងនេះ បានដឹងច្បាស់ នូវអានិសង្សរបស់វេទនាយ៉ាងនេះ បានដឹងច្បាស់ នូវទោសរបស់វេទនា យ៉ាងនេះ បានដឹងច្បាស់ នូវការរលាស់ចេញនូវវេទនាយ៉ាងនេះ ហើយប្រតិបត្តិ ដើម្បីសេចក្តីនឿយណាយ ដើម្បីការប្រាសចាកតម្រេក ដើម្បីសេចក្តីរលត់នៃវេទនា ពួកសមណៈ ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា បានប្រតិបត្តិដោយល្អ ពួកសមណៈ ឬព្រាហ្មណ៍ណា បានប្រតិបត្តិដោយល្អ ពួកសមណៈ ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា ឋិតនៅក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ក៏ឯពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់នូវវេទនាយ៉ាងនេះ។បេ។ វដ្តៈរបស់សមណៈ និងព្រាហ្មណ៍ទាំងនោះ ក៏មិនមានជាប្រាកដ។

[១២១] ម្នាលភិក្ខុទាំងឡាយ ចុះសញ្ញា តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពួកសញ្ញានេះ មាន៦យ៉ាងគឺ រូបសញ្ញា១ សទ្ទសញ្ញា១ គន្ធសញ្ញា១ រសសញ្ញា១ ផោដ្ឋព្វសញ្ញា១ ធម្មសញ្ញា១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សញ្ញា។ ការកើតឡើងនៃសញ្ញា ព្រោះការកើតឡើងនៃផស្សៈ ការរលត់នៃសញ្ញា ព្រោះការរលត់នៃផស្សៈ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាសេចក្តីប្រតិបត្តិ ទៅកាន់ទីរលត់នៃសញ្ញា។ មគ្គប្រកបដោយអង្គ ៨ តើអ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។បេ។ វដ្តៈរបស់សមណៈ និងព្រាហ្មណ៍ទាំងនោះ ក៏មិនមានជាប្រាកដ។

[១២២] ម្នាលភិក្ខុទាំងឡាយ ចុះសង្ខារទាំងឡាយ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពួកចេតនានេះ មាន៦ប្រការ គឺរូបសញ្ចេតនា១។បេ។ ធម្មសញ្ចេតនា១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សង្ខារ។ ការកើតឡើង នៃសង្ខារ ព្រោះការកើតឡើង នៃផស្សៈ ការរលត់នៃសង្ខារ ព្រោះការរលត់នៃផស្សៈ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាសេចក្តីប្រតិបត្តិ ទៅកាន់ទីរលត់នៃសង្ខារ។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេចខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។បេ។ សេចក្តីសុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យសង្ខារទាំងឡាយ នេះឈ្មោះថា អានិសង្សរបស់សង្ខារទាំងឡាយ សង្ខារទាំងឡាយណា មិនទៀង ជាទុក្ខ មានសភាពប្រែប្រួលជាធម្មតា នេះឈ្មោះថា ទោសរបស់សង្ខារទាំងឡាយ ការបន្ទោបង់ នូវឆន្ទរាគ ការលះបង់ នូវឆន្ទរាគ ក្នុងសង្ខារទាំងឡាយណា នេះឈ្មោះថា ការរលាស់ចេញ នូវសង្ខារទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវសង្ខារទាំងឡាយយ៉ាងនេះ បានដឹងច្បាស់ នូវការកើតឡើង នៃសង្ខារយ៉ាងនេះ បានដឹងច្បាស់ នូវការរលត់ នៃសង្ខារយ៉ាងនេះ បានដឹងច្បាស់ នូវសេចក្តីប្រតិបត្តិ ទៅកាន់ទីរលត់ នៃសង្ខារទាំងឡាយយ៉ាងនេះ។បេ។ ហើយប្រតិបត្តិ ដើម្បីសេចក្តីនឿយណាយ ដើម្បីការប្រាសចាកតម្រេក ដើម្បីសេចក្តីរលត់ នៃសង្ខារទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា បានប្រតិបត្តិដោយល្អ ពួកសមណៈ ឬព្រាហ្មណ៍ណា បានប្រតិបត្តិល្អ ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ឋិតនៅក្នុងធម្មវិន័យនេះ។បេ។ វដ្តៈ របស់ពួកសមណៈ និងព្រាហ្មណ៍ទាំងនោះ ក៏មិនមានជាប្រាកដ។

[១២៣] ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពួកវិញ្ញាណនេះ មាន៦យ៉ាង គឺចក្ខុវិញ្ញាណ១ សោតវិញ្ញាណ១ ឃានវិញ្ញាណ១ ជិវ្ហាវិញ្ញាណ១ កាយវិញ្ញាណ១ មនោវិញ្ញាណ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិញ្ញាណ។ ការកើតឡើង នៃវិញ្ញាណ ព្រោះការកើតឡើង នៃនាមនិងរូប ការរលត់នៃវិញ្ញាណ ព្រោះការរលត់ នៃនាមនិងរូប មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាសេចក្តីប្រតិបត្តិ ទៅកាន់ទីរលត់ នៃវិញ្ញាណ។ មគ្គប្រកបដោយអង្គ ៨ តើអ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។បេ។ សេចក្តីសុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យវិញ្ញាណ នេះឈ្មោះថា អានិសង្សរបស់វិញ្ញាណ វិញ្ញាណណាមិនទៀង ជាទុក្ខ មានសភាពប្រែប្រួលជាធម្មតា នេះឈ្មោះថា ទោសរបស់វិញ្ញាណ ការបន្ទោបង់ នូវឆន្ទរាគ ការលះបង់ នូវឆន្ទរាគ ក្នុងវិញ្ញាណណា នេះឈ្មោះថា ការរលាស់ចេញ នូវវិញ្ញាណ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវវិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ នូវការកើតឡើង នៃវិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ នូវការរលត់នៃវិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ នូវសេចក្តីប្រតិបត្តិ ទៅកាន់ទីរលត់នៃវិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ នូវអានិសង្សរបស់វិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ នូវទោសរបស់វិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ នូវការរលាស់ចេញ នូវវិញ្ញាណយ៉ាងនេះ ហើយប្រតិបត្តិដើម្បីសេចក្តីនឿយណាយ ដើម្បីការប្រាសចាកតម្រេក ដើម្បីសេចក្តីរលត់នៃវិញ្ញាណ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា បានប្រតិបត្តិល្អ ពួកសមណៈ ឬព្រាហ្មណ៍ណា បានប្រតិបត្តិល្អ ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ឋិតនៅក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ក៏ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវវិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ នូវការកើតឡើង នៃវិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ នូវការរលត់នៃវិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ នូវសេចក្តីប្រតិបត្តិ ទៅកាន់ទីរលត់នៃវិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ នូវអានិសង្ស របស់វិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ នូវទោសរបស់វិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ នូវការរលាស់ចេញ នូវវិញ្ញាណយ៉ាងនេះ ហើយក៏ផុតស្រឡះ ព្រោះសេចក្តីនឿយណាយ ព្រោះប្រាសចាកតម្រេក ព្រោះរលត់ ព្រោះមិនប្រកាន់យក នូវវិញ្ញាណ ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ផុតស្រឡះដោយល្អ ពួកសមណៈ ឬព្រាហ្មណ៍ណា បានផុតស្រឡះល្អ ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ជាអ្នកមានកិច្ចបានធ្វើហើយ ពួកសមណៈ ឬព្រាហ្មណ៍ណា មានកិច្ចបានធ្វើហើយ វដ្តៈ របស់សមណៈ និងព្រាហ្មណ៍ទាំងនោះ ក៏មិនមានជាប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកឈ្លាសវៃ ក្នុងហេតុ៧ប្រការ យ៉ាងនេះឯង។

[១២៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកពិចារណា នូវលក្ខណៈ៣ប្រការ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាតាមធាតុ ពិចារណាតាមអាយតនៈ ពិចារណាតាមបដិច្ចសមុប្បាទ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកពិចារណា នូវលក្ខណៈ៣ប្រការ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកឈ្លាស ក្នុងហេតុ៧ប្រការ ជាអ្នកពិចារណា នូវលក្ខណៈ៣ប្រការ តថាគត ហៅថា ជាឧត្តមបុរស មានកិច្ចបានធ្វើហើយ មានព្រហ្មចរិយធម៌នៅរួចហើយ ក្នុងធម្មវិន័យនេះ។

(សម្មាសម្ពុទ្ធ)សូត្រ ទី៦

(៦. សម្មាសម្ពុទ្ធសុត្តំ)

[១២៥] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ផុតស្រឡះហើយ ព្រោះនឿយណាយ ព្រោះប្រាសចាកតម្រេក ព្រោះរលត់ ព្រោះមិនប្រកាន់យកនូវរូប បានជាហៅថា សម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងភិក្ខុជាបញ្ញាវិមុត្ត ផុតស្រឡះហើយ ព្រោះនឿយណាយ ព្រោះប្រាសចាកតម្រេក ព្រោះរលត់ ព្រោះមិនប្រកាន់យកនូវរូប ហៅថា បញ្ញាវិមុត្ត។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ផុតស្រឡះហើយ ព្រោះនឿយណាយ ព្រោះប្រាសចាកតម្រេក ព្រោះរលត់ ព្រោះមិនប្រកាន់យកនូវវេទនា បានជាហៅថា សម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងភិក្ខុជាបញ្ញាវិមុត្ត ព្រោះនឿយណាយ ចាកវេទនា។បេ។ ហៅថា បញ្ញាវិមុត្ត។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ផុតស្រឡះហើយ ព្រោះនឿយណាយ ព្រោះប្រាសចាកតម្រេក ព្រោះរលត់ ព្រោះមិនប្រកាន់យក នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ នូវវិញ្ញាណ បានជាហៅថា សម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងភិក្ខុ ជាបញ្ញាវិមុត្ត ផុតស្រឡះហើយ ព្រោះនឿយណាយ ព្រោះប្រាសចាកតម្រេក ព្រោះរលត់ ព្រោះមិនប្រកាន់យក នូវវិញ្ញាណ ហៅថា បញ្ញាវិមុត្ត។

[១២៦] ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុទាំងនោះ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ មានគុណវិសេសដូចម្តេច មានព្យាយាមលើសលុបដូចម្តេច មានហេតុផ្សេងគ្នាដូចម្តេច អំពីភិក្ខុជាបញ្ញាវិមុត្ត។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយរបស់យើងខ្ញុំ មានព្រះមានព្រះភាគជាប្រធាន មានព្រះមានព្រះភាគ ជាអ្នកណែនាំ មានព្រះមានព្រះភាគ ជាទីពឹង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ព្រះមេត្តាប្រោស បំភ្លឺសេចក្តី នៃភាសិតនេះឲ្យទាន ភិក្ខុទាំងឡាយ បានស្តាប់ព្រះមានព្រះភាគហើយ នឹងចាំទុក។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ជាអ្នកញុំាងមគ្គ ដែលមិនទាន់កើត ឲ្យកើតឡើង ពន្យល់មគ្គ ដែលមិនទាន់ដឹងច្បាស់ ឲ្យដឹងច្បាស់ បង្ហាញមគ្គ ដែលមិនទាន់បង្ហាញ ទ្រង់ដឹងមគ្គ ទ្រង់ជ្រាបមគ្គ ឈ្លាសវៃក្នុងមគ្គ (និងមិនមែនមគ្គ)។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ មានពួកសាវ័កអ្នកដើរតាមមគ្គ បានប្រកបតាមជាខាងក្រោយហើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត ជាអរហន្ត សម្មាសម្ពុទ្ធ មានគុណវិសេសនេះឯង មានព្យាយាមលើសលុបនេះឯង មានហេតុផ្សេងគ្នានេះឯង អំពីភិក្ខុជាបញ្ញាវិមុត្ត។

(អនត្តលក្ខណ)សូត្រ ទី៧

(៧. អនត្តលក្ខណសុត្តំ)

[១២៧] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ ក្នុងទីនោះ ព្រះមានព្រះភាគ ត្រាស់ហៅពួកបញ្ចវគ្គិយភិក្ខុ។បេ។ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ រូបមិនមែនជារបស់ខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ បើរូបនេះ ជារបស់ខ្លួន រូបនេះ នឹងមិនប្រព្រឹត្តទៅ ដើម្បីអាពាធឡើយ បុគ្គល គប្បីបាន (នូវអំណាច) ក្នុងរូបថា រូបរបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ រូបរបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ រូបមិនមែនជារបស់ខ្លួន ព្រោះហេតុណា ព្រោះហេតុនោះ បានជារូបចេះតែប្រព្រឹត្តទៅ ដើម្បីអាពាធ បុគ្គល មិនបាន (នូវអំណាច) ក្នុងរូបថា រូបរបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ រូបរបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ វេទនា មិនមែនជារបស់ខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ បើវេទនានេះ ជារបស់ខ្លួន វេទនានេះ នឹងមិនប្រព្រឹត្តទៅ ដើម្បីអាពាធឡើយ បុគ្គលគប្បីបាន (នូវអំណាច) ក្នុងវេទនាថា វេទនារបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ វេទនារបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ វេទនា មិនមែនជារបស់ខ្លួន ព្រោះហេតុណា ព្រោះហេតុនោះ បានជាវេទនា ចេះតែប្រព្រឹត្តទៅ ដើម្បីអាពាធ បុគ្គល មិនបាន (នូវអំណាច) ក្នុងវេទនាថា វេទនារបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ វេទនារបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ សញ្ញា មិនមែនជារបស់ខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនមែនជារបស់ខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ បើសង្ខារនេះ ជារបស់ខ្លួន សង្ខារនេះ នឹងមិនប្រព្រឹត្តទៅ ដើម្បីអាពាធឡើយ បុគ្គលគប្បីបាន (នូវអំណាច) ក្នុងសង្ខារទាំងឡាយថា សង្ខារទាំងឡាយ របស់អាត្មាអញ ចូរជាយ៉ាងនេះចុះ សង្ខារទាំងឡាយ របស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនមែនជារបស់ខ្លួន ព្រោះហេតុណា ព្រោះហេតុនោះ បានជាសង្ខារទាំងឡាយ ចេះតែប្រព្រឹត្តទៅ ដើម្បីអាពាធ បុគ្គលមិនបាន (នូវអំណាច) ក្នុងសង្ខារទាំងឡាយថា សង្ខារទាំងឡាយ របស់អាត្មាអញ ចូរជាយ៉ាងនេះចុះ សង្ខារទាំងឡាយ របស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ មិនមែនជារបស់ខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ បើវិញ្ញាណនេះ ជារបស់ខ្លួន វិញ្ញាណនេះ នឹងមិនប្រព្រឹត្តទៅ ដើម្បីអាពាធឡើយ បុគ្គលគប្បីបាន (នូវអំណាច) ក្នុងវិញ្ញាណថា វិញ្ញាណរបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ វិញ្ញាណរបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ មិនមែនជារបស់ខ្លួន ព្រោះហេតុណា ព្រោះហេតុនោះ បានជាវិញ្ញាណ ចេះតែប្រព្រឹត្តទៅ ដើម្បីអាពាធ បុគ្គលមិនបាន (នូវអំណាច) ក្នុងវិញ្ញាណថា វិញ្ញាណរបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ វិញ្ញាណរបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។

[១២៨] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរូបណាមិនទៀង រូបនោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរូបណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា អ្នកទាំងឡាយ គួរយល់ឃើញនូវរូបនោះថា នុ៎ះរបស់អាត្មាអញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អាត្មាអញដែរឬ។ មិនគួរយល់ឃើញយ៉ាងនុ៎ះទេ ព្រះអង្គ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះវិញ្ញាណណា មិនទៀង វិញ្ញាណនោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះវិញ្ញាណណា ដែលមិនទៀងជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា អ្នកទាំងឡាយ គួរយល់ឃើញ នូវវិញ្ញាណនោះថា នុ៎ះរបស់អាត្មាអញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អាត្មាអញដែរឬ។ មិនគួរយល់ឃើញយ៉ាងនុ៎ះទេ ព្រះអង្គ។

[១២៩] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឬរូបណា ដែលមានក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី រូបទាំងអស់នោះ គ្រាន់តែជារូបប៉ុណ្ណោះ បុគ្គលគួរឃើញនូវរូបនុ៎ះ ដោយបញ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អាត្មាអញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញឡើយ។ វេទនាណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន។បេ។ ឬវេទនាណាមួយ ដែលមានក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី វេទនាទាំងអស់នោះ គ្រាន់តែជាវេទនាប៉ុណ្ណោះ បុគ្គលគួរឃើញ នូវវេទនានុ៎ះ ដោយបញ្ញា ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អាត្មាអញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញឡើយ។ សញ្ញាណានីមួយ។ សង្ខារទាំងឡាយណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន។បេ។ ដែលមានក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី សង្ខារទាំងអស់នោះ គ្រាន់តែជាសង្ខារប៉ុណ្ណោះ បុគ្គលគប្បីឃើញ នូវសង្ខារនុ៎ះ ដោយបញ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អាត្មាអញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញឡើយ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ដែលមានក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី វិញ្ញាណទាំងអស់នោះ គ្រាន់តែជាវិញ្ញាណប៉ុណ្ណោះ បុគ្គលគួរឃើញនូវវិញ្ញាណនុ៎ះ ដោយបញ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អាត្មាអញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញឡើយ។

[១៣០] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កជាអ្នកចេះដឹង កាលបើបានឃើញយ៉ាងនេះ រមែងនឿយណាយ ក្នុងរូបផង នឿយណាយ ក្នុងវេទនាផង នឿយណាយ ក្នុងសញ្ញាផង នឿយណាយ ក្នុងសង្ខារទាំងឡាយផង នឿយណាយ ក្នុងវិញ្ញាណផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក តែងផុតស្រឡះ ព្រោះប្រាសចាកតម្រេក។ កាលបើចិត្តផុតស្រឡះហើយ ប្រាជ្ញា ក៏កើតឡើងថា ចិត្តផុតស្រឡះហើយ។ ព្រះអរិយសាវ័កនោះ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះហើយ។ ពួកបញ្ចវគ្គិយភិក្ខុ ក៏ពេញចិត្ត ត្រេកអរចំពោះភាសិត នៃព្រះមានព្រះភាគ។ កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់វេយ្យាករណ៍នេះហើយ ចិត្តរបស់បញ្ចវគ្គិយភិក្ខុ ក៏ផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់។

(មហាលិ)សូត្រ ទី៨

(៨. មហាលិសុត្តំ)

[១៣១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ទៀបក្រុងវេសាលី។ គ្រានោះឯង ស្តេចលិច្ឆវីឈ្មោះ មហលិ ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះមហលិលិច្ឆវី គង់ក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន គ្រូឈ្មោះបូរណកស្សបបានពោលពាក្យយ៉ាងនេះថា ហេតុ ឬបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយសៅហ្មង មិនមានឡើយ សត្វទាំងឡាយ មិនមានហេតុ មិនមានបច្ច័យ នាំឲ្យសៅហ្មងទេ ទាំងហេតុ ឬបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយបរិសុទ្ធ ក៏មិនមាន សត្វទាំងឡាយ មិនមានហេតុ មិនមានបច្ច័យ នាំឲ្យបរិសុទ្ធឡើយ ចុះក្នុងរឿងនេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូចម្តេច។ ម្នាលមហលិ ហេតុ ឬបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយសៅហ្មង តែងមាន សត្វទាំងឡាយ សុទ្ធតែមានហេតុ មានបច្ច័យនាំឲ្យសៅហ្មង ម្នាលមហលិ ហេតុ ឬបច្ច័យ ដែលនាំសត្វទាំងឡាយ ឲ្យបរិសុទ្ធមាន សត្វទាំងឡាយ មានហេតុ មានបច្ច័យនាំឲ្យបរិសុទ្ធស្អាតបាន។ បពិត្រព្រះអង្គដ៏ចំរើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យសត្វទាំងឡាយ សៅហ្មង ចុះសត្វទាំងឡាយ មានហេតុ មានបច្ច័យនាំឲ្យសៅហ្មង ដោយប្រការដូចម្តេច។ ម្នាលមហលិ រូបនេះ មានទុក្ខតែម្យ៉ាង មានទុក្ខជាប់តាម មានទុក្ខគ្របសង្កត់ មិនទាន់មានសេចក្តីសុខ មកគ្របដណ្តប់នៅឡើយ ជារូប ដែលពួកសត្វមិនគួរត្រេកអរទេ។ ម្នាលមហលិ តែរូបនេះជាសុខ មានសុខជាប់តាម មានសុខគ្របដណ្តប់ មិនទាន់មានទុក្ខគ្របសង្កត់នៅឡើយ ព្រោះហេតុណា ព្រោះហេតុនោះ ពួកសត្វ រមែងត្រេកអរ ក្នុងរូប ព្រោះតែមានសេចក្តីត្រេកអរ បានជាជាប់ចំពាក់ ព្រោះមានការជាប់ចំពាក់ បានជាសៅហ្មង។ ម្នាលមហលិ នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយសៅហ្មង។ សត្វទាំងឡាយ មានហេតុ មានបច្ច័យនាំឲ្យសៅហ្មង យ៉ាងនេះឯង។ ម្នាលមហលិ វេទនា នេះ មានមានទុក្ខតែម្យ៉ាង មានទុក្ខជាប់តាម មានទុក្ខគ្របសង្កត់ មិនទាន់មានសុខ គ្របដណ្តប់នៅឡើយ ជាវេទនា ដែលសត្វទាំងឡាយ មិនគួរត្រេកអរទេ។ ម្នាលមហលិ តែវេទនានេះជាសុខ មានសុខជាប់តាម មានសុខគ្របដណ្តប់ មិនទាន់មានទុក្ខមកគ្របសង្កត់នៅឡើយ ព្រោះហេតុណា ព្រោះហេតុនោះ សត្វទាំងឡាយ រមែងត្រេកអរ ក្នុងវេទនា ព្រោះមានសេចក្តីត្រេកអរ បានជាជាប់ចំពាក់ ព្រោះមានការជាប់ចំពាក់ បានជាសៅហ្មង។ ម្នាលមហលិ នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយសៅហ្មង។ សត្វទាំងឡាយ មានហេតុ មានបច្ច័យនាំឲ្យសៅហ្មង យ៉ាងនេះឯង។ ម្នាលមហលិ សញ្ញា នេះ។ ម្នាលមហលិ សង្ខារទាំងឡាយនេះ មានទុក្ខតែម្យ៉ាង មានទុក្ខជាប់តាម មានទុក្ខគ្របសង្កត់ មិនទាន់មានសេចក្តីសុខ មកគ្របដណ្តប់នៅឡើយ ជាសង្ខារដែលសត្វទាំងឡាយ មិនគួរត្រេកអរទេ។ ម្នាលមហលិ តែសង្ខារទាំងឡាយនេះ ជាសុខ មានសុខជាប់តាម មានសុខគ្របដណ្តប់ មិនទាន់មានទុក្ខមកគ្របសង្កត់នៅឡើយ ព្រោះហេតុណា ព្រោះហេតុនោះ សត្វទាំងឡាយ តែងត្រេកអរ ក្នុងសង្ខារទាំងឡាយ ព្រោះតែមានសេចក្តីត្រេកអរ បានជាជាប់ចំពាក់ ព្រោះមានការជាប់ចំពាក់ បានជាសៅហ្មង។ ម្នាលមហលិ នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយសៅហ្មង។ សត្វទាំងឡាយ មានហេតុ មានបច្ច័យនាំឲ្យសៅហ្មង យ៉ាងនេះឯង។ ម្នាលមហលិ វិញ្ញាណ នេះ មានទុក្ខតែម្យ៉ាង មានទុក្ខជាប់តាម មានទុក្ខគ្របសង្កត់ មិនទាន់មានសេចក្តីសុខ មកគ្របដណ្តប់នៅឡើយ ជាវិញ្ញាណ ដែលសត្វទាំងឡាយ មិនគួរត្រេកអរទេ។ ម្នាលមហលិ តែវិញ្ញាណនេះ ជាសុខ មានសុខជាប់តាម មានសុខគ្របដណ្តប់ មិនទាន់មានទុក្ខមកគ្របសង្កត់នៅឡើយ ព្រោះហេតុណា ព្រោះហេតុនោះ សត្វទាំងឡាយ រមែងត្រេកអរ ក្នុងវិញ្ញាណ ព្រោះតែមានសេចក្តីត្រេកអរ បានជាជាប់ចំពាក់ ព្រោះមានការជាប់ចំពាក់ បានជាសៅហ្មង។ ម្នាលមហលិ នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយសៅហ្មង។ សត្វទាំងឡាយ មានហេតុ មានបច្ច័យ នាំឲ្យសៅហ្មង យ៉ាងនេះឯង។

[១៣២] បពិត្រព្រះអង្គដ៏ចំរើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យសត្វទាំងឡាយបរិសុទ្ធ ចុះសត្វទាំងឡាយ មានហេតុ មានបច្ច័យនាំឲ្យបរិសុទ្ធ ដោយប្រការដូចម្តេច។ ម្នាលមហលិ រូបនេះ មានសេចក្តីសុខតែម្យ៉ាង មានសុខជាប់តាម មានសុខគ្របដណ្តប់ មិនទាន់មានទុក្ខមកគ្របសង្កត់នៅឡើយ ជារូបដែលសត្វទាំងឡាយ មិនគួរនឿយណាទេ។ ម្នាលមហលិ តែរូបនេះជាទុក្ខ មានទុក្ខជាប់តាម មានទុក្ខគ្របសង្កត់ មិនទាន់មានសុខមកគ្របដណ្តប់នៅឡើយ ព្រោះហេតុណា ព្រោះហេតុនោះ សត្វទាំងឡាយ រមែងនឿយណាយ ក្នុងរូប កាលបើនឿយណាយហើយ ក៏ប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេក ទើបបរិសុទ្ធ។ ម្នាលមហលិ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយ បរិសុទ្ធ។ សត្វទាំងឡាយ មានហេតុ មានបច្ច័យ នាំឲ្យបរិសុទ្ធ យ៉ាងនេះឯង។ ម្នាលមហលិ វេទនានេះ មានសេចក្តីសុខតែម្យ៉ាង។បេ។ បពិត្រមហលិ សញ្ញានេះ។ ម្នាលមហលិ សង្ខារទាំងឡាយនេះ មានសេចក្តីសុខតែម្យ៉ាង។ ម្នាលមហលិ វិញ្ញាណនេះ មានសេចក្តីសុខតែម្យ៉ាង មានសុខជាប់តាម មានសុខគ្របដណ្តប់ មិនទាន់មានទុក្ខមកគ្របសង្កត់នៅឡើយ ជាវិញ្ញាណ ដែលសត្វទាំងឡាយ មិនគួរនឿយណាយ។ ម្នាលមហលិ តែវិញ្ញាណនេះ ជាទុក្ខ មានទុក្ខជាប់តាម មានទុក្ខគ្របសង្កត់ មិនទាន់មានសុខមកគ្របដណ្តប់នៅឡើយ ព្រោះហេតុណា ព្រោះហេតុនោះ សត្វទាំងឡាយ ទើបនឿយណាយ ក្នុងវិញ្ញាណ កាលបើនឿយណាយហើយ ក៏ប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេក ទើបបរិសុទ្ធ។ ម្នាលមហលិ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយ បរិសុទ្ធ។ ពួកសត្វ មានហេតុ មានបច្ច័យ នាំឲ្យបរិសុទ្ធ យ៉ាងនេះឯង។

(អាទិត្ត)សូត្រ ទី៩

(៩. អាទិត្តសុត្តំ)

[១៣៣] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ រូបក្តៅ វេទនាក្តៅ សញ្ញាក្តៅ សង្ខារក្តៅ វិញ្ញាណក្តៅ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយ ក្នុងរូបផង ក្នុងវេទនាផង។ ក្នុងសញ្ញាផង។ ក្នុងសង្ខារទាំងឡាយផង។ នឿយណាយ ក្នុងវិញ្ញាណផង កាលបើនឿយណាយ ក៏ប្រាសចាកតម្រេក។បេ។ រមែងដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(និរុត្តិបថ)សូត្រ ទី១០

(១០. និរុត្តិបថសុត្តំ)

[១៣៤] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ សភាវៈ ទាំង៣យ៉ាងនេះ គឺ គន្លងពាក្យ១ គន្លងឈ្មោះ១ គន្លងបញ្ញត្តិ១ ពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ មិនដែលលះបង់ មិនធ្លាប់លះបង់ មិនទំលាក់ចោល មិនដែលទំលាក់ចោល ទាំងមិនបានខាំងឃាត់ឡើយ។ សភាវៈ ទាំង៣យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រូបណា ដែលកន្លងទៅ រលត់ទៅ ប្រែប្រួលទៅហើយ ការពិចារណានូវរូបនោះ ថាកើតមានរួចហើយ ឈ្មោះរបស់រូបនោះ ថាកើតមានរួចហើយ បញ្ញត្តិរបស់រូបនោះ ថាកើតមានរួចហើយ តែការពិចារណានូវរូបនោះ ថាគ្មានក្នុងបច្ចុប្បន្ននេះទេ ការពិចារណានូវរូបនោះ ថាគ្មានទៅក្នុងអនាគតទេ។ វេទនាណា ដែលកន្លងទៅ រលត់ទៅ ប្រែប្រួលទៅហើយ ការពិចារណានូវវេទនានោះ ថាកើតមានរួចហើយ ឈ្មោះរបស់វេទនានោះ ថាកើតមានរួចហើយ បញ្ញត្តិរបស់វេទនានោះ ថាកើតមានរួចហើយ តែការពិចារណា នូវវេទនានោះ ថាគ្មានក្នុងបច្ចុប្បន្ននេះទេ ការពិចារណានូវវេទនានោះ ថាគ្មានទៅក្នុងអនាគតទេ។ សញ្ញាណា។បេ។ សង្ខារទាំងឡាយណា ដែលកន្លងទៅ រលត់ទៅប្រែប្រួលទៅហើយ ការពិចារណានូវសង្ខារទាំងឡាយនោះ ថាកើតមានរួចហើយ ឈ្មោះរបស់សង្ខារទាំងឡាយនោះ ថាកើតមានរួចហើយ បញ្ញត្តិរបស់សង្ខារទាំងឡាយនោះ ថាកើតមានរួចហើយ តែការពិចារណា នូវសង្ខារទាំងឡាយនោះ ថាគ្មានក្នុងបច្ចុប្បន្ននេះទេ ការពិចារណានូវសង្ខារទាំងឡាយនោះ ថាគ្មានទៅក្នុងអនាគតទេ។ វិញ្ញាណណា ដែលកន្លងទៅ រលត់ទៅ ប្រែប្រួលទៅហើយ ការពិចារណានូវវិញ្ញាណនោះ ថាកើតមានរួចហើយ ឈ្មោះរបស់វិញ្ញាណនោះ ថាកើតមានរួចហើយ បញ្ញត្តិរបស់វិញ្ញាណនោះ ថាកើតមានរួចហើយ តែការពិចារណានូវវិញ្ញាណនោះ ថាគ្មានក្នុងបច្ចុប្បន្នទេ ការពិចារណានូវវិញ្ញាណនោះ ថាគ្មានទៅក្នុងអនាគតទេ។

[១៣៥] ម្នាលភិក្ខុទាំងឡាយ រូបណា មិនទាន់កើតហើយ មិនទាន់កើតប្រាកដហើយ ការពិចារណានូវរូបនោះ ថានឹងកើតមានទៅក្នុងអនាគត ឈ្មោះរបស់រូបនោះ ថានឹងកើតមានទៅក្នុងអនាគត បញ្ញត្តិរបស់រូបនោះ ថានឹងកើតមានទៅក្នុងអនាគត តែការពិចារណានូវរូបនោះ ថាគ្មានក្នុងបច្ចុប្បន្ននេះទេ ការពិចារណានូវរូបនោះ ថាគ្មានពីអតីតកាលមកទេ។ វេទនាណា មិនទាន់កើតហើយ មិនទាន់កើតប្រាកដហើយ ការពិចារណានូវវេទនានោះ ថានឹងកើតមានទៅក្នុងអនាគត ឈ្មោះរបស់វេទនានោះ ថានឹងកើតមានទៅក្នុងអនាគត បញ្ញត្តិរបស់វេទនានោះ ថានឹងកើតមានទៅក្នុងអនាគត តែការពិចារណានូវវេទនានោះ ថាគ្មានក្នុងបច្ចុប្បន្ននេះទេ ការពិចារណានូវវេទនានោះ ថាគ្មានពីអតីតកាលមកទេ។ សញ្ញាណា។ សង្ខារទាំងឡាយណា មិនទាន់កើតហើយ មិនទាន់កើតប្រាកដហើយ ការពិចារណានូវសង្ខារទាំងឡាយនោះ ថានឹងកើតមានទៅក្នុងអនាគត បញ្ញត្តិរបស់សង្ខារទាំងឡាយនោះ ថានឹងកើតមានទៅក្នុងអនាគត ឈ្មោះរបស់សង្ខារទាំងឡាយនោះ ថានឹងកើតមានទៅក្នុងអនាគត តែការពិចារណានូវសង្ខារទាំងឡាយនោះ ថាគ្មានក្នុងបច្ចុប្បន្ននេះទេ ការពិចារណានូវសង្ខារទាំងឡាយនោះ ថាគ្មានពីអតីតកាលមកទេ។ វិញ្ញាណណា មិនទាន់កើតហើយ មិនទាន់កើតប្រាកដហើយ ការពិចារណានូវវិញ្ញាណនោះ ថានឹងកើតមានទៅក្នុងអនាគត ឈ្មោះរបស់វិញ្ញាណនោះ ថានឹងកើតមានទៅ ក្នុងអនាគត បញ្ញត្តិរបស់វិញ្ញាណនោះ ថានឹងកើតមានទៅក្នុងអនាគត តែការពិចារណា នូវវិញ្ញាណនោះ ថាគ្មានក្នុងបច្ចុប្បន្ននេះទេ ការពិចារណានូវវិញ្ញាណនោះ ថាគ្មានពីអតីតកាលមកទេ។

[១៣៦] ម្នាលភិក្ខុទាំងឡាយ រូបណា ដែលកើតហើយ កើតប្រាកដហើយ ការពិចារណានូវរូបនោះ ថាមានក្នុងបច្ចុប្បន្ន ឈ្មោះរបស់រូបនោះ ថាមានក្នុងបច្ចុប្បន្ន បញ្ញត្តិរបស់រូបនោះ ថាមានក្នុងបច្ចុប្បន្ន តែការពិចារណានូវរូបនោះ ថាគ្មានពីអតីតកាលមកទេ ការពិចារណា នូវរូបនោះ ថាឥតមានទៅក្នុងអនាគតទេ។ វេទនាណា ដែលកើតហើយ កើតប្រាកដហើយ។បេ។ បញ្ញត្តិរបស់វេទនានោះ ថាគ្មានក្នុងបច្ចុប្បន្ន តែការពិចារណា នូវវេទនានោះ ថាគ្មានពីអតីតកាលមកទេ ការពិចារណា នូវវេទនានោះ ថាឥតមានទៅក្នុងអនាគតទេ។ សញ្ញាណា។ សង្ខារទាំងឡាយណា ដែលកើតហើយ កើតប្រាកដហើយ ការពិចារណា នូវសង្ខារទាំងឡាយនោះ ថាមានក្នុងបច្ចុប្បន្ន ឈ្មោះរបស់សង្ខារទាំងឡាយនោះ ថាមានក្នុងបច្ចុប្បន្ន បញ្ញត្តិរបស់សង្ខារទាំងឡាយនោះ ថាមានក្នុងបច្ចុប្បន្ន តែការពិចារណា នូវសង្ខារទាំងឡាយនោះ ថាគ្មានពីអតីតកាលមកទេ ការពិចារណា នូវសង្ខារទាំងឡាយនោះ ថាឥតមានទៅក្នុងអនាគតទេ។ វិញ្ញាណណា ដែលកើតហើយ កើតប្រាកដហើយ ការពិចារណា នូវវិញ្ញាណនោះ ថាមានក្នុងបច្ចុប្បន្ន ឈ្មោះរបស់វិញ្ញាណនោះ ថាមានក្នុងបច្ចុប្បន្ន បញ្ញត្តិរបស់វិញ្ញាណនោះ ថាមានក្នុងបច្ចុប្បន្ន តែការពិចារណា នូវវិញ្ញាណនោះ ថាគ្មានពីអតីតកាលមកទេ ការពិចារណា នូវវិញ្ញាណនោះ ថាឥតមានទៅក្នុងអនាគតទេ។ ម្នាលភិក្ខុទាំងឡាយ សភាវៈ៣យ៉ាងនេះឯង គឺ គន្លងពាក្យ១ គន្លងឈ្មោះ១ គន្លងបញ្ញត្តិ១ ពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ មិនដែលលះបង់ មិនធ្លាប់លះបង់ មិនទម្លាក់ចោល មិនដែលទម្លាក់ចោល មិនធ្លាប់ខាំងឃាត់ឡើយ។

[១៣៧] ម្នាលភិក្ខុទាំងឡាយ ពួកជនណា អ្នកនៅក្នុងឧក្កលជនបទ ជាអ្នកពោលនូវភ្លៀង ជាអហេតុកវាទ ជាអកិរិយវាទ ជានត្ថិកវាទ ជនទាំងនោះ បានសំគាល់នូវសភាវៈទាំង៣ នេះគឺ គន្លងពាក្យ១ គន្លងឈ្មោះ១ គន្លងបញ្ញត្តិ១ ថាជារបស់មិនគួរតិះដៀល មិនគួរហាមឃាត់ឡើយ។ សេចក្តីនោះ ព្រោះហេតុអ្វី។ ព្រោះខ្លាចសេចក្តីនិន្ទា ការលើកទោស និងសេចក្តីប្រណាំងប្រជែង។

ចប់ ឧបាយវគ្គ ទី១។

ឧទ្ទាននៃឧបាយវគ្គនោះ គឺ

និយាយអំពីឧបាយ១ ពូជ១ ឧបាទាន១ បរិវដ្តៈ១ ហេតុ៧ប្រការ១ ព្រះអរហន្តសម្មាសម្ពុទ្ធ១ បញ្ចវគ្គិយភិក្ខុ១ មហលិលិច្ឆវិរាជ១ រូបដែលភ្លើងឆេះរុងរឿងជាដើម១ សភាវៈ៣យ៉ាង មានគន្លងពាក្យជាដើម១។

អរហន្តវគ្គ (ទី២/៧)

(៧. អរហន្តវគ្គោ)

(ឧបាទិយមាន)សូត្រ ទី១

(១. ឧបាទិយមានសុត្តំ)

[១៣៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុមួយរូបចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ព្រះមេត្តាប្រោសសំដែងធម៌ ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ បានស្តាប់ធម៌របស់ព្រះមានព្រះភាគ នឹងចៀសចេញទៅតែម្នាក់ឯង មិនប្រមាទ មានតែសេចក្តីព្យាយាម មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុ បុគ្គលដែលប្រកាន់យក ដោយអំណាចតណ្ហា មានះ និងទិដ្ឋិ ឈ្មោះថា ជាប់ (ក្នុងអន្ទាក់) របស់មារ (បើ) មិនបានប្រកាន់យកទេ ឈ្មោះថា រួចផុតស្រឡះអំពី (អន្ទាក់) របស់មារមានចិត្តបាប។ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គយល់ហើយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ យល់ហើយ។ ម្នាលភិក្ខុ អ្នកយល់នូវអត្ថនៃភាសិត ដែលតថាគតសំដែងសង្ខេប ដោយពិស្តារបាន តើយ៉ាងណា។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលប្រកាន់យកនូវរូប ឈ្មោះថា ជាប់ (អន្ទាក់) របស់មារ (បើ) មិនប្រកាន់យកទេ ឈ្មោះថា រួចផុតស្រឡះអំពី (អន្ទាក់) របស់មារ មានចិត្តបាប។ បុគ្គលប្រកាន់យកនូវ វេទនា ឈ្មោះថា ជាប់ (អន្ទាក់) របស់មារ (បើ) មិនប្រកាន់យកទេ ឈ្មោះថា រួចផុតស្រឡះអំពី (អន្ទាក់) របស់មារមានចិត្តបាប។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ បុគ្គលប្រកាន់យកនូវវិញ្ញាណ ឈ្មោះថា ជាប់ (អន្ទាក់) របស់មារ (បើ) មិនប្រកាន់យកទេ ឈ្មោះថា រួចផុតស្រឡះអំពី (អន្ទាក់) របស់មារចិត្តបាប។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គយល់នូវអត្ថ នៃភាសិតសង្ខេប ដែលព្រះមានព្រះភាគ សំដែងដោយពិស្តារបាន យ៉ាងនេះឯង។ ម្នាលភិក្ខុ ប្រពៃហើយៗ ម្នាលភិក្ខុ ត្រូវពិតណាស់ហើយ ត្រង់ដែលអ្នកបានយល់ច្បាស់ នូវអត្ថ នៃភាសិត ដែលតថាគត សំដែងសង្ខេប ដោយពិស្តារបាន។ ម្នាលភិក្ខុ បុគ្គលប្រកាន់យកនូវរូប ឈ្មោះថា ជាប់ (អន្ទាក់) របស់មារ (បើ) មិនប្រកាន់យកទេ ឈ្មោះថា រួចផុតស្រឡះអំពី (អន្ទាក់) របស់មារមានចិត្តបាប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ បុគ្គលប្រកាន់យកនូវវិញ្ញាណ ឈ្មោះថា ជាប់ (អន្ទាក់) របស់មារ (បើ) មិនប្រកាន់យកទេ ឈ្មោះថា រួចផុតស្រឡះអំពី (អន្ទាក់) របស់មារមានចិត្តបាប។ ម្នាលភិក្ខុ អត្ថនៃភាសិតនេះ ដែលតថាគត សំដែងដោយសង្ខេប អ្នកគប្បីយល់ឃើញដោយពិស្តារ យ៉ាងនេះឯង។

[១៣៩] គ្រានោះឯង ភិក្ខុនោះ ត្រេកអររីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគហើយ ក្រោកអំពីអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ។ វេលាដែលភិក្ខុនោះចៀសចេញទៅតែម្នាក់ឯង មិនមានសេចក្តីប្រមាទ មានតែសេចក្តីព្យាយាម ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ពួកកុលបុត្តចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះ ដែលជាទីបំផុត នៃព្រហ្មចរិយៈ សម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ភិក្ខុនោះ បានដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ភិក្ខុនោះ ក៏បានជាព្រះអរហន្តមួយអង្គដែរ។

(មញ្ញមាន)សូត្រ ទី២

(២. មញ្ញមានសុត្តំ)

[១៤០] ក្នុងក្រុងសាវត្ថី។ ក្នុងវត្ត។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំដែងធម៌ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ។បេ។ ខ្ញុំព្រះអង្គ នឹងមានសេចក្តីព្យាយាម ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន សម្រាន្តនៅដោយឥរិយាបថ ទាំង៤។ ម្នាលភិក្ខុ បុគ្គលកាលសំគាល់ ឈ្មោះថា ជាប់ (អន្ទាក់) របស់មារ (បើ) មិនសំគាល់ទេ ឈ្មោះថា រួចផុតស្រឡះ អំពី (អន្ទាក់) របស់មារមានចិត្តបាប។ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គយល់ហើយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ យល់ហើយ។ ម្នាលភិក្ខុ អ្នកយល់នូវអត្ថ នៃភាសិត ដែលតថាគតសំដែងសង្ខេប ដោយពិស្តារបាន តើយ៉ាងណា។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលកាលសំគាល់នូវរូប ឈ្មោះថា ជាប់ (អន្ទាក់) របស់មារ (បើ) មិនសំគាល់ទេ ឈ្មោះថា រួចផុតស្រឡះ អំពី (អន្ទាក់) របស់មារ មានចិត្តបាប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ បុគ្គលកាលសំគាល់ នូវវិញ្ញាណ ឈ្មោះថា ជាប់ (អន្ទាក់) របស់មារ (បើ) មិនសំគាល់ទេ ឈ្មោះថា រួចផុតស្រឡះ អំពី (អន្ទាក់) របស់មារមានចិត្តបាប។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ យល់នូវអត្ថ នៃភាសិតនេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងសង្ខេប ដោយពិស្តារបាន យ៉ាងនេះ។ ម្នាលភិក្ខុ ពីរោះហើយៗ ម្នាលភិក្ខុ ត្រូវមែនហើយ ត្រង់ដែលអ្នកយល់នូវអត្ថ នៃភាសិត ដែលតថាគត សំដែងសង្ខេប ដោយពិស្តារបាន។ ម្នាលភិក្ខុ បុគ្គល កាលសំគាល់នូវរូប ឈ្មោះថា ជាប់ (អន្ទាក់) របស់មារ (បើ) មិនសំគាល់ទេ ឈ្មោះថា រួចផុតស្រឡះ អំពី (អន្ទាក់) របស់មារមានចិត្តបាប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ បុគ្គលកាលសំគាល់ នូវវិញ្ញាណ ឈ្មោះថា ជាប់ (អន្ទាក់) របស់មារ (បើ) មិនសំគាល់ទេ ឈ្មោះថា រួចផុតស្រឡះអំពី (អន្ទាក់) របស់មារមានចិត្តបាប។ ម្នាលភិក្ខុ អត្ថនៃភាសិតនេះឯង ដែលតថាគត សំដែងដោយសង្ខេប អ្នកគប្បីយល់ឃើញ ដោយពិស្តារ យ៉ាងនេះឯង។បេ។ បណ្តាព្រះអរហន្តទាំងឡាយ ភិក្ខុនោះ ក៏បានជាព្រះអរហន្តមួយអង្គដែរ។

(អភិនន្ទមាន)សូត្រ ទី៣

(៣. អភិនន្ទមានសុត្តំ)

[១៤១] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ។បេ។ ខ្ញុំព្រះអង្គ នឹងមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន សម្រាន្តនៅដោយឥរិយាបថ ទាំង៤។ ភិក្ខុកាលត្រេកអរ ឈ្មោះថា ជាប់ (អន្ទាក់) មារ កាលភិក្ខុមិនត្រេកអរ ឈ្មោះថា រួចចាក (អន្ទាក់) មារមានចិត្តបាប។ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ យល់ហើយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ យល់ហើយ។ ម្នាលភិក្ខុ ចុះភាសិត ដែលតថាគត សំដែងដោយសង្ខេប តើអ្នកយល់សេចក្តី ដោយពិស្តារ ដូចម្តេចទៅ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុ កាលត្រេកអរនូវរូប ឈ្មោះថា ជាប់ (អន្ទាក់) មារ កាលបើមិនត្រេកអរទេ ឈ្មោះថា រួចចាក (អន្ទាក់) មារ មានចិត្តបាប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ កាលបើភិក្ខុត្រេកអរ នូវវិញ្ញាណ ឈ្មោះថា ជាប់ (អន្ទាក់) មារ កាលបើមិនត្រេកអរទេ ឈ្មោះថា រួចចាក (អន្ទាក់) មារមានចិត្តបាប។ បពិត្រព្រះអង្គដ៏ចំរើន ភាសិតនេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយសង្ខេប ខ្ញុំព្រះអង្គ យល់សេចក្តី ដោយពិស្តារ យ៉ាងនេះឯង។ ម្នាលភិក្ខុ ប្រពៃហើយៗ ម្នាលភិក្ខុ ត្រូវណាស់ហើយ ត្រង់ភាសិត ដែលតថាគតសំដែង ដោយសង្ខេប អ្នកយល់សេចក្តី ដោយពិស្តារបាន។ ម្នាលភិក្ខុ កាលបើភិក្ខុត្រេកអរនូវរូប ឈ្មោះថា ជាប់ (អន្ទាក់) មារ កាលបើមិនត្រេកអរទេ ឈ្មោះថា រួចចាក (អន្ទាក់) មារមានចិត្តបាប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ កាលបើភិក្ខុត្រេកអរ នូវវិញ្ញាណ ឈ្មោះថា ជាប់ (អន្ទាក់) មារ កាលបើមិនត្រេកអរទេ ឈ្មោះថា រួចចាក (អន្ទាក់) មារមានចិត្តបាប។ ម្នាលភិក្ខុ ភាសិតនេះ ដែលតថាគត សំដែងហើយ ដោយសង្ខេប អ្នកត្រូវយល់ឃើញសេចក្តីដោយពិស្តារ យ៉ាងនេះឯង។បេ។ បណ្តាព្រះអរហន្តទាំងឡាយ ភិក្ខុនោះ ជាព្រះអរហន្តមួយអង្គដែរ។

(អនិច្ច)សូត្រ ទី៤

(៤. អនិច្ចសុត្តំ)

[១៤២] ទៀបក្រុងសាវត្ថី។ ក្នុងវត្ត។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ ត្រាស់សំដែងធម៌ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ។បេ។ គប្បីសម្រាន្តនៅ។ ម្នាលភិក្ខុ របស់ណាមិនទៀង អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ង ក្នុងរបស់នោះចេញ។ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គយល់ហើយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គយល់ហើយ។ ម្នាលភិក្ខុ ចុះធម៌ដែលតថាគត សំដែងហើយដោយសេចក្តីសង្ខេប តើអ្នកយល់សេចក្តីដោយពិស្តារ ដូចម្តេចទៅ។ បពិត្រព្រះអង្គដ៏ចំរើន រូបមិនទៀង ខ្ញុំព្រះអង្គ ត្រូវលះបង់សេចក្តីប៉ុនប៉ងក្នុងរូបនោះចេញ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនទៀង ខ្ញុំព្រះអង្គ ត្រូវលះបង់សេចក្តីប៉ុនប៉ងក្នុងវិញ្ញាណនោះចេញ។ បពិត្រព្រះអង្គដ៏ចំរើន ភាសិតដែលព្រះមានព្រះភាគ ត្រាស់ហើយ ដោយសង្ខេបនេះ ខ្ញុំព្រះអង្គយល់សេចក្តីដោយពិស្តារយ៉ាងនេះឯង។ ម្នាលភិក្ខុ ប្រពៃហើយៗ ម្នាលភិក្ខុ ប្រពៃណាស់ហើយ ត្រង់ភាសិតដែលតថាគតសំដែងហើយដោយសង្ខេប អ្នកយល់សេចក្តីដោយពិស្តារបាន។ ម្នាលភិក្ខុ រូបមិនទៀង អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ងក្នុងរូបនោះចេញ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនទៀង អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ងក្នុងវិញ្ញាណនោះចេញ។ ម្នាលភិក្ខុ ភាសិតនេះ ដែលតថាគត សំដែងហើយ ដោយសង្ខេប អ្នកត្រូវយល់ឃើញសេចក្តីដោយពិស្តារ យ៉ាងនេះឯង។បេ។ បណ្តាព្រះអរហន្តទាំងឡាយ ភិក្ខុនោះ ក៏ជាព្រះអរហន្តមួយអង្គដែរ។

(ទុក្ខ)សូត្រ ទី៥

(៥. ទុក្ខសុត្តំ)

[១៤៣] ទៀបក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ។បេ។ គប្បីសម្រាន្តនៅ។ ម្នាលភិក្ខុ របស់ណាជាទុក្ខ អ្នកត្រូវលះបង់នូវសេចក្តីប៉ុនប៉ងក្នុងរបស់នោះចេញ។ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គយល់ហើយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គយល់ហើយ។ ម្នាលភិក្ខុ ចុះភាសិតដែលតថាគត សំដែងដោយសង្ខេប តើអ្នកយល់សេចក្តីដោយពិស្តារ ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន រូបហ្នឹងឯងជាទុក្ខ ខ្ញុំព្រះអង្គ ត្រូវលះបង់សេចក្តីប៉ុនប៉ងក្នុងរូបនោះចេញ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណជាទុក្ខ ខ្ញុំព្រះអង្គ ត្រូវលះបង់សេចក្តីប៉ុនប៉ងក្នុងវិញ្ញាណនោះចេញ។ បពិត្រព្រះអង្គដ៏ចំរើន ភាសិតនេះ ដែលព្រះមានព្រះភាគ សំដែងហើយ ដោយសង្ខេប ខ្ញុំព្រះអង្គយល់សេចក្តីដោយពិស្តារ យ៉ាងនេះឯង។ ម្នាលភិក្ខុ ប្រពៃហើយៗ ម្នាលភិក្ខុ ប្រពៃណាស់ហើយ ត្រង់ភាសិត ដែលតថាគតសំដែងហើយដោយសង្ខេប អ្នកយល់សេចក្តីដោយពិស្តារបាន។ ម្នាលភិក្ខុ រូបហ្នឹងឯង ជាទុក្ខ អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ងក្នុងរូបនោះចេញ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណជាទុក្ខ អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ង ក្នុងវិញ្ញាណនោះចេញ។ ម្នាលភិក្ខុ ភាសិតនេះ តថាគត សំដែងហើយ ដោយសង្ខេប អ្នកត្រូវយល់ឃើញសេចក្តីដោយពិស្តារ យ៉ាងនេះឯង។បេ។ បណ្តាព្រះអរហន្តទាំងឡាយ ភិក្ខុនោះ ក៏ជាព្រះអរហន្តមួយអង្គដែរ។

(អនត្ត)សូត្រ ទី៦

(៦. អនត្តសុត្តំ)

[១៤៤] ទៀបក្រុងសាវត្ថី។ ក្នុងវត្ត។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ។បេ។ គប្បីសម្រាន្តនៅ។ ម្នាលភិក្ខុ សភាវៈណា ជាអនត្តា អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ងក្នុងសភាវៈនោះចេញ។ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គយល់ហើយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គយល់ហើយ។ ម្នាលភិក្ខុ ចុះភាសិតដែលតថាគត សំដែងហើយដោយសង្ខេប អ្នកយល់សេចក្តីដោយពិស្តារ ដូចម្តេចទៅ។ បពិត្រព្រះអង្គដ៏ចំរើន រូបហ្នឹងឯង ជាអនត្តា ខ្ញុំព្រះអង្គ ត្រូវលះបង់សេចក្តីប៉ុនប៉ងក្នុងរូបនោះចេញ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណជាអនត្តា ខ្ញុំព្រះអង្គ ត្រូវលះបង់សេចក្តីប៉ុនប៉ងក្នុងវិញ្ញាណនោះចេញ។ បពិត្រព្រះអង្គដ៏ចំរើន ភាសិតនេះ ដែលព្រះមានព្រះភាគ សំដែងហើយ ដោយសង្ខេប ខ្ញុំព្រះអង្គយល់សេចក្តីដោយពិស្តារយ៉ាងនេះឯង។ ម្នាលភិក្ខុ ប្រពៃមែនហើយៗ ម្នាលភិក្ខុ ប្រពៃណាស់ហើយ ត្រង់ភាសិតដែលតថាគតសំដែងហើយដោយសង្ខេប អ្នកយល់សេចក្តីដោយពិស្តារបាន។ ម្នាលភិក្ខុ រូបហ្នឹងឯង ជាអនត្តា អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ងក្នុងរូបនោះចេញ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណជាអនត្តា អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ងក្នុងវិញ្ញាណនោះចេញ។ ម្នាលភិក្ខុ ភាសិតនេះ ដែលតថាគត សំដែងហើយ ដោយសង្ខេប អ្នកត្រូវយល់ឃើញសេចក្តីដោយពិស្តារ យ៉ាងនេះឯង។បេ។ បណ្តាព្រះអរហន្តទាំងឡាយ ភិក្ខុនោះ ជាព្រះអរហន្តមួយអង្គដែរ។

(អនត្តនិយ)សូត្រ ទី៧

(៧. អនត្តនិយសុត្តំ)

[១៤៥] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ។បេ។ គប្បីសម្រាន្តនៅ។ ម្នាលភិក្ខុ របស់ណា មិនគួរជារបស់ខ្លួន អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ងក្នុងរបស់នោះចេញ។ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គយល់ហើយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គយល់ហើយ។ ម្នាលភិក្ខុ ចុះភាសិតដែលតថាគត សំដែងហើយ ដោយសង្ខេប អ្នកយល់សេចក្តីដោយពិស្តារ ដូចម្តេចទៅ។ បពិត្រព្រះអង្គដ៏ចំរើន រូបហ្នឹងឯង មិនគួរជារបស់ខ្លួនទេ ខ្ញុំព្រះអង្គ ត្រូវលះបង់សេចក្តីប៉ុនប៉ង ក្នុងរូបនោះចេញ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនគួរជារបស់ខ្លួនទេ ខ្ញុំព្រះអង្គ ត្រូវលះបង់សេចក្តីប៉ុនប៉ង ក្នុងវិញ្ញាណនោះចេញ។ បពិត្រព្រះអង្គដ៏ចំរើន ភាសិតនេះ ដែលព្រះមានព្រះភាគ សំដែងហើយ ដោយសង្ខេប ខ្ញុំព្រះអង្គយល់សេចក្តីដោយពិស្តារ យ៉ាងនេះឯង។ ម្នាលភិក្ខុ ប្រពៃមែនហើយៗ ម្នាលភិក្ខុ ប្រពៃណាស់ហើយ ត្រង់ភាសិត ដែលតថាគតសំដែងហើយ ដោយសង្ខេប អ្នកយល់សេចក្តីដោយពិស្តារបាន។ ម្នាលភិក្ខុ រូបហ្នឹងឯង មិនគួរជារបស់ខ្លួនទេ អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ងក្នុងរូបនោះចេញ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនគួរជារបស់ខ្លួនទេ អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ងក្នុងវិញ្ញាណនោះចេញ។ ម្នាលភិក្ខុ ភាសិតនេះ ដែលតថាគត សំដែងហើយ ដោយសង្ខេប អ្នកត្រូវយល់ឃើញសេចក្តីដោយពិស្តារ យ៉ាងនេះឯង។បេ។ បណ្តាព្រះអរហន្តទាំងឡាយ ភិក្ខុនោះ ជាព្រះអរហន្តមួយអង្គដែរ។

(រជនីយសណ្ឋិត)សូត្រ ទី៨

(៨. រជនីយសណ្ឋិតសុត្តំ)

[១៤៦] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ ស្តាប់ធម៌របស់ព្រះមានព្រះភាគហើយ។បេ។ គប្បីសម្រាន្តនៅ។ ម្នាលភិក្ខុ របស់ណាតាំងនៅដោយអាការដែលបុគ្គលគប្បីត្រេកអរ អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ង ក្នុងរបស់នោះចេញ។ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គយល់ហើយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គយល់ហើយ។ ម្នាលភិក្ខុ ចុះភាសិតដែលតថាគត សំដែងហើយ ដោយសង្ខេប តើអ្នកយល់សេចក្តីដោយពិស្តារ ដូចម្តេចទៅ។ បពិត្រព្រះអង្គដ៏ចំរើន រូបហ្នឹងឯង តាំងនៅដោយអាការ ដែលបុគ្គលគប្បីត្រេកអរ ខ្ញុំព្រះអង្គ ត្រូវលះបង់សេចក្តីប៉ុនប៉ង ក្នុងរូបនោះចេញ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណតាំងនៅដោយអាការដែលបុគ្គលគប្បីត្រេកអរ ខ្ញុំព្រះអង្គ ត្រូវលះបង់សេចក្តីប៉ុនប៉ង ក្នុងវិញ្ញាណនោះចេញ។ បពិត្រព្រះអង្គដ៏ចំរើន ភាសិតនេះ ដែលព្រះមានព្រះភាគ សំដែងហើយ ដោយសង្ខេប ខ្ញុំព្រះអង្គយល់សេចក្តីដោយពិស្តារ យ៉ាងនេះឯង។ ម្នាលភិក្ខុ ប្រពៃមែនហើយៗ ម្នាលភិក្ខុ ប្រពៃណាស់ហើយ ត្រង់ភាសិត ដែលតថាគតសំដែងហើយ ដោយសង្ខេប អ្នកយល់សេចក្តីដោយពិស្តារបាន។ ម្នាលភិក្ខុ រូបហ្នឹងឯង តាំងនៅដោយអាការ ដែលបុគ្គលគប្បីត្រេកអរ អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ង ក្នុងរូបនោះចេញ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណតាំងនៅដោយអាការដែលបុគ្គលគប្បីត្រេកអរ អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ង ក្នុងវិញ្ញាណនោះចេញ។ ម្នាលភិក្ខុ ភាសិតនេះ ដែលតថាគត សំដែងហើយ ដោយសង្ខេប អ្នកត្រូវយល់ឃើញសេចក្តីដោយពិស្តារ យ៉ាងនេះឯង។បេ។ បណ្តាព្រះអរហន្តទាំងឡាយ ភិក្ខុនោះ ជាព្រះអរហន្តមួយអង្គដែរ។

(រាធ)សូត្រ ទី៩

(៩. រាធសុត្តំ)

[១៤៧] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ព្រះរាធៈមានអាយុ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលដឹងដូចម្តេច ឃើញដូចម្តេច អហង្ការមានានុស័យ និងមមង្ការមានានុស័យ ចំពោះកាយ ដែលប្រកបដោយវិញ្ញាណនេះផង ចំពោះនិមិត្តទាំងពួងជាខាងក្រៅផង មិនមាន។ ម្នាលរាធៈ រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបណា ឋិតនៅក្នុងទីឆ្ងាយក្តី ទីជិតក្តី បុគ្គលតែងពិចារណាឃើញ នូវរូបទាំងអស់នុ៎ះតាមពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។ វេទនាណានីមួយ។ សញ្ញាណានីមួយ។ សង្ខារទាំងឡាយណានីមួយ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន។បេ។ វិញ្ញាណណា ឋិតនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី បុគ្គលតែងពិចារណាឃើញវិញ្ញាណទាំងអស់នុ៎ះតាមពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។ ម្នាលរាធៈ កាលបុគ្គលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ អហង្ការមានានុស័យ និងមមង្ការមានានុស័យ ចំពោះកាយដែលប្រកបដោយវិញ្ញាណនេះផង ចំពោះនិមិត្តទាំងពួងជាខាងក្រៅផង មិនមាន។បេ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះរាធៈមានអាយុ ជាព្រះអរហន្តមួយអង្គដែរ។

(សុរាធ)សូត្រ ទី១០

(១០. សុរាធសុត្តំ)

[១៤៨] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ព្រះសុរាធៈមានអាយុ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ចុះកាលបុគ្គលដឹងដូចម្តេច ឃើញដូចម្តេច ចិត្តដែលប្រាសចាកសេចក្តីប្រកាន់អហង្ការ មមង្ការ ចំពោះកាយ ប្រកបដោយវិញ្ញាណនេះផង ចំពោះនិមិត្តទាំងពួង ជាខាងក្រៅផង ទើបជាចិត្តកន្លងបង់ ស្ងប់រម្ងាប់ រួចស្រឡះចាកវិធី (នេះបាន)។ ម្នាលសុរាធៈ រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន។បេ។ រូបណា ឋិតនៅក្នុងទីឆ្ងាយក្តី ទីជិតក្តី បុគ្គលឃើញរូបទាំងអស់នុ៎ះ តាមពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ ដូច្នេះហើយ រមែងរួចស្រឡះ ព្រោះការមិនប្រកាន់។ វេទនាណានីមួយ។ សញ្ញាណានីមួយ។ សង្ខារទាំងឡាយណានីមួយ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន។បេ។ វិញ្ញាណណា ឋិតនៅក្នុងទីឆ្ងាយក្តី ទីជិតក្តី បុគ្គលឃើញវិញ្ញាណទាំងអស់នុ៎ះ តាមពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ ដូច្នេះហើយ រមែងរួចស្រឡះ ព្រោះការមិនប្រកាន់។ ម្នាលសុរាធៈ កាលបុគ្គលដឹងយ៉ាងនេះ ឃើញយ៉ាងនេះឯង ក្នុងចិត្តដែលប្រាសចាកសេចក្តីប្រកាន់អហង្ការ មមង្ការ ចំពោះកាយ ប្រកបដោយវិញ្ញាណនេះផង ចំពោះនិមិត្តទាំងពួង ជាខាងក្រៅផង ទើបជាចិត្តកន្លងបង់ ស្ងប់រម្ងាប់ រួចស្រឡះចាកវិធី (នេះបាន)។ បេ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះសុរាធៈមានអាយុ ជាព្រះអរហន្តមួយអង្គដែរ។

ចប់ អរហន្តវគ្គ ទី២។

ឧទ្ទានក្នុងអរហន្តវគ្គនោះ គឺ

និយាយអំពីភិក្ខុប្រកាន់១ ភិក្ខុសំគាល់១ ភិក្ខុត្រេកអរ១ ខន្ធមិនទៀង១ ជាទុក្ខ១ ជាអនត្តា១ មិនគួរជារបស់ខ្លួន១ តាំងនៅដោយអាការ ដែលបុគ្គលត្រេកអរ១ ព្រះរាធៈ១ ព្រះសុរាធៈ១ (ទាំងអស់) នោះ ត្រូវជា១០។

ខជ្ជនីយវគ្គ (ទី៣/៨)

(៨. ខជ្ជនីយវគ្គោ)

(អស្សាទ)សូត្រ ទី១

(១. អស្សាទសុត្តំ)

[១៤៩] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវអានិសង្ស នូវទោស និងការរលាស់ចោលនៃរូប។ នៃវេទនា។ នៃសញ្ញា។ នៃសង្ខារទាំងឡាយ។ រមែងមិនដឹងច្បាស់ តាមសេចក្តីពិត នូវអានិសង្ស នូវទោស និងការរលាស់ចោល នៃវិញ្ញាណ។ ម្នាលភិក្ខុទាំងឡាយ ឯអរិយសាវ័ក អ្នកចេះដឹង រមែងដឹងច្បាស់តាមសេចក្តីពិត នូវអានិសង្ស នូវទោស និងការរលាស់ចោលនៃរូប។ នៃវេទនា។ នៃសញ្ញា។ នៃសង្ខារទាំងឡាយ។ ដឹងច្បាស់ តាមសេចក្តីពិត នូវអានិសង្ស នូវទោស និងការរលាស់ចោល នៃវិញ្ញាណ។

(សមុទយ)សូត្រ ទី២

(២. សមុទយសុត្តំ)

[១៥០] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវការកើត នូវសេចក្តីវិនាស នូវអានិសង្ស នូវទោស និងការរលាស់ចោលនៃរូប។ នៃវេទនា។ នៃសញ្ញា។ នៃសង្ខារទាំងឡាយ។ មិនដឹងច្បាស់ តាមសេចក្តីពិត នូវការកើត នូវសេចក្តីវិនាស នូវអានិសង្ស នូវទោស និងការរលាស់ចោល នៃវិញ្ញាណ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក អ្នកចេះដឹង រមែងដឹងច្បាស់តាមសេចក្តីពិត នូវការកើត នូវសេចក្តីវិនាស នូវអានិសង្ស នូវទោស និងការរលាស់ចោលនៃរូប។ នៃវេទនា។ នៃសញ្ញា។ នៃសង្ខារទាំងឡាយ។ ដឹងច្បាស់ តាមសេចក្តីពិត នូវការកើត នូវសេចក្តីវិនាស នូវអានិសង្ស នូវទោស និងការរលាស់ចោល នៃវិញ្ញាណ។

(ទុតិយសមុទយ)សូត្រ ទី៣

(៣. ទុតិយសមុទយសុត្តំ)

[១៥១] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក អ្នកចេះដឹង រមែងដឹងច្បាស់តាមសេចក្តីពិត នូវការកើត នូវសេចក្តីវិនាស នូវអានិសង្ស នូវទោស និងការរលាស់ចោលនៃរូប។ នៃវេទនា។ នៃសញ្ញា។ នៃសង្ខារទាំងឡាយ។ ដឹងច្បាស់ តាមសេចក្តីពិត នូវការកើត នូវសេចក្តីវិនាស នូវអានិសង្ស នូវទោស និងការរលាស់ចោល នៃវិញ្ញាណ។

(អរហន្ត)សូត្រ ទី៤

(៤. អរហន្តសុត្តំ)

[១៥២] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះ ជាអនត្តា របស់ណាជាអនត្តា របស់នោះ បណ្ឌិតត្រូវឃើញតាមសេចក្តីពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនអញទេ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនទៀងទេ របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះ ជាអនត្តា របស់ណាជាអនត្តា របស់នោះ បណ្ឌិតត្រូវឃើញតាមសេចក្តីពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនអញទេ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក អ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយ ក្នុងរូបផង ក្នុងវេទនាផង។ ក្នុងសញ្ញាផង។ ក្នុងសង្ខារទាំងឡាយផង។ រមែងនឿយណាយក្នុងវិញ្ញាណផង កាលបើនឿយណាហើយ រមែងប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ទើបចិត្តរួចស្រឡះ។ កាលបើចិត្តរួចស្រឡះហើយ ញាណក៏កើតឡើងថា អាត្មាអញ រួចស្រឡះហើយ។ ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ លំនៅរបស់សត្វទាំងប៉ុន្មាន ភពដ៏ប្រសើរទាំងប៉ុន្មាន មានតែពួកអរហន្តទេ ដែលជាបុគ្គលខ្ពង់ខ្ពស់ ប្រសើរបំផុត ក្នុងលោក។ ព្រះមានព្រះភាគ ត្រាស់សូត្រនេះចប់ហើយ លុះព្រះសុគត ជាសាស្តា ត្រាស់សូត្រនេះចប់ហើយ ទើបត្រាស់គាថានេះ តទៅទៀតថា

[១៥៣] ពួកអរហន្តមានសេចក្តីសុខណាស់ ពួកអរហន្តទាំងនោះ មិនមានតណ្ហាទេ អស្មិមានះ លោកផ្តាច់បង់ហើយ បណ្តាញ គឺមោហៈ លោកទម្លាយចោលហើយ។ លោកមិនដល់ នូវការញាប់ញ័រ ដោយតណ្ហា និងទិដ្ឋិទេ ចិត្តរបស់អរហន្តទាំងនោះ មិនល្អក់ទេ អរហន្តទាំងនោះ ជាអ្នកប្រសើរ មិនមានអាសវៈ មិនជាប់នៅក្នុងលោក។ លោកមានព្រះសទ្ធម្ម ទាំង៧10) ជាអារម្មណ៍ ព្រោះកំណត់ដឹង នូវខន្ធទាំង៥ ពួកសប្បុរស តែងសរសើរចំពោះពួកអរហន្តជាបុត្រ ជាឱរស របស់ព្រះពុទ្ធ។ ពួកអរហន្តបរិបូណ៌ដោយកែវ គឺ ពោជ្ឈង្គទាំង៧ប្រការ បានសិក្សាចំពោះសិក្ខា ទាំង៣ មានព្យាយាមច្រើន បានលះបង់នូវភ័យ និងសេចក្តីខ្លាច ដ៏ពន្លឹក ហើយប្រព្រឹត្តនៅ។ ពួកអរហន្ត ជាមហានាគ ប្រកបដោយអង្គជាអសេក្ខៈទាំង១០ មានចិត្តនឹងធឹង (ដោយឧបចារ និងអប្បនាទាំងឡាយ) អរហន្តទាំងនុ៎ះ ប្រសើរបំផុតក្នុងលោក អរហន្តទាំងនោះ មិនមានតណ្ហាទេ។ ញាណរបស់អសេក្ខបុគ្គល កើតឡើងហើយ នេះជាទីបំផុត នៃអត្តភាព ផលណា របស់មគ្គព្រហ្មចារ្យ លោកបានចាក់ធ្លុះ ក្នុងផលនោះហើយ។ ពួកអរហន្ត មិនញាប់ញ័រ ចំពោះមានះផ្សេងៗ អរហន្តទាំងនោះ មានចិត្តផុតស្រឡះ ចាកភពថ្មីទៀត បានសម្រេចអរហត្ត បានឈ្នះ (នូវកិលេស មានរាគៈ ជាដើម) ក្នុងលោកហើយ រមែងមិនញាប់ញ័រ ចំពោះមានះផ្សេងៗ។ អរហន្តទាំងនោះ មិនមានសេចក្តីត្រេកអរ ចំពោះទេវលោក មនុស្សលោក និងអបាយលោកឡើយ អរហន្តទាំងនោះ បានចាក់ធ្លុះ នូវអរិយសច្ចទាំង៤ ជាបុគ្គលប្រសើរបំផុតក្នុងលោក ហើយបន្លឺនូវសីហនាទ។

(ទុតិយអរហន្ត)សូត្រ ទី៥

(៥. ទុតិយអរហន្តសុត្តំ)

[១៥៤] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ រូបមិនទៀងទេ របស់ណាមិនទៀង របស់នោះ ជាទុក្ខ របស់ណាជាទុក្ខ របស់នោះ ជាអនត្តា របស់ណាជាអនត្តា របស់នោះ បណ្ឌិតត្រូវឃើញតាមសេចក្តីពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនអញទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះហើយ រមែងនឿយណាយ ក្នុងរូបផង ក្នុងវេទនាផង។ ក្នុងសញ្ញាផង។ ក្នុងសង្ខារទាំងឡាយផង។ រមែងនឿយណាយ ក្នុងវិញ្ញាណផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ទើបចិត្តរួចស្រឡះបាន។ កាលបើចិត្តរួចស្រឡះហើយ ញាណក៏កើតឡើងថា អាត្មាអញ រួចស្រឡះហើយ។ ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចារ្យ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ លំនៅរបស់ពួកសត្វទាំងប៉ុន្មាន ភពដ៏ប្រសើរទាំងប៉ុន្មាន មានតែអរហន្ត ជាបុគ្គលខ្ពង់ខ្ពស់ ប្រសើរបំផុត ក្នុងលោកនេះ។

(សីហ)សូត្រ ទី៦

(៦. សីហសុត្តំ)

[១៥៥] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ សត្វសីហៈ ជាស្តេចម្រឹគ ចេញអំពីលំនៅ ក្នុងសម័យថ្ងៃរសៀល លុះចេញអំពីលំនៅហើយ រមែងមឹតពត់ (កាយ) លុះមឹតពត់ហើយ ទើបក្រឡេកមើលទិស ទាំង៤ជុំវិញ លុះក្រឡេកមើលទិស ទាំង៤ជុំវិញហើយ ក៏បន្លឺនូវសីហនាទ អស់វារៈ៣ដង លុះបន្លឺនូវសីហនាទ ៣ដងហើយ ទើបត្រាច់ចរទៅរកចំណី។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វតិរច្ឆានណានីមួយ ឮសំឡេងសត្វសីហៈ ជាមិគរាជ កំពុងបន្លឺ (នូវសីហនាទ) ហើយ ច្រើនតែដល់នូវសេចក្តីភិតភ័យ តក់ស្លុត ញ័រចំប្រប់ ពួកសត្វនៅរូង រមែងចូលទៅរូងវិញ ពួកសត្វទឹក ចូលទៅក្នុងទឹកវិញ ពួកសត្វព្រៃ ចូលទៅរកព្រៃវិញ ពួកបក្សី ក៏ហើរទៅរកអាកាសវិញ។ ម្នាលភិក្ខុទាំងឡាយ ពួកដំរីណា ជារបស់ព្រះរាជា ដែលគេចងដោយចំណង គឺព្រ័ត្រដ៏មាំ ក្នុងស្រុកនិគម និងរាជធានី ដំរីទាំងនោះ ក៏រមែងផ្តាច់ទម្លាយចំណងទាំងនោះ ភិតភ័យលេចមូត្រ និងករីសហើយ បោលទៅផ្តេសផ្តាស។ ម្នាលភិក្ខុទាំងឡាយ សត្វសីហៈ ជាមិគរាជ មានឫទ្ធិច្រើន យ៉ាងនេះ មានស័ក្តិធំយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ជាងសត្វតិរច្ឆានទាំងឡាយ។

[១៥៦] ម្នាលភិក្ខុទាំងឡាយ កាលណា ព្រះតថាគត ជាព្រះអរហន្តសម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរបំផុត ជាសារថីទូន្មាន នូវបុរស ជាសាស្តាចារ្យ នៃពួកទេវតា និងមនុស្ស ត្រាស់ដឹង នូវចតុរារិយសច្ច លែងត្រឡប់មកកាន់ភពថ្មីទៀត ទ្រង់កើតឡើងក្នុងលោក ព្រះអង្គ តែងសម្តែងថា រូបដូច្នេះ ការកើតនៃរូប ដូច្នេះ សេចក្តីវិនាស នៃរូបដូច្នេះ វេទនា ដូច្នេះ។ សញ្ញាដូច្នេះ។ សង្ខារទាំងឡាយ ដូច្នេះ។ វិញ្ញាណដូច្នេះ ការកើតនៃវិញ្ញាណ ដូច្នេះ សេចក្តីវិនាស នៃវិញ្ញាណ ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតាណា ដែលមានអាយុវែង មានពណ៌សម្បុរច្រើន ដោយសេចក្តីសុខ ឋិតនៅលើវិមានដ៏ខ្ពស់ អស់កាលយូរ ពួកទេវតានោះ បានស្តាប់ធម៌ទេសនា របស់ព្រះតថាគតហើយ ច្រើនតែដល់ នូវសេចក្តីភិតភ័យ តក់ស្លុត ញ័រចំប្រប់ ដោយគិតថា អើហ្ន៎ យើងទាំងឡាយ មិនទៀងទេតើ ប៉ុន្តែយើងសំគាល់ថាទៀង អើហ្ន៎ យើងទាំងឡាយ មិនឋិតថេរទេតើ ប៉ុន្តែយើងសំគាល់ថាឋិតថេរ អើហ្ន៎ យើងទាំងឡាយ មិនកំណត់ទេតើ ប៉ុន្តែយើងសំគាល់ថាកំណត់ អើហ្ន៎ យើងទាំងឡាយ មិនទៀង មិនឋិតថេរ មិនកំណត់ទេ ប៉ុន្តែយើងរាប់អានព្រោះសក្កាយ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត មានឫទ្ធិច្រើន យ៉ាងនេះ មានស័ក្តិធំយ៉ាងនេះ មានអានុភាពច្រើន យ៉ាងនេះ ជាងមនុស្សលោក ព្រមទាំងទេវលោក ក៏យ៉ាងនោះដែរ។ ព្រះមានព្រះភាគ បានត្រាស់ភាសិតនេះចប់ហើយ លុះព្រះសុគត ជាសាស្តា ត្រាស់ភាសិត នេះចប់ហើយ ទើបត្រាស់គាថានេះ តទៅទៀតថា

[១៥៧] កាលណា ព្រះពុទ្ធបានត្រាស់ដឹងឡើង សំដែងធម្មចក្រហើយ ព្រះអង្គជាគ្រូ របស់មនុស្សលោក ព្រមទាំងទេវលោក ឥតមានបុគ្គលប្រៀបផ្ទឹមបាន។ (ទ្រង់សំដែង) នូវការរំលត់ នៃសក្កាយផង នូវហេតុកើត នៃសក្កាយផង នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ៨ ជាផ្លូវសម្រាប់ទៅកាន់ទីរំលត់ទុក្ខផង។ ពួកទេវតាណា មានអាយុវែង មានពណ៌សម្បុរ មានយស ជាអ្នកខ្លាច ជាអ្នកដល់នូវសេចក្តីតក់ស្លុត ដូចជាហ្វូងម្រឹគខ្លាចសីហៈ។ សត្វទាំងឡាយ មិនទាន់លះបង់ នូវសក្កាយ បានស្តាប់ពាក្យរបស់ព្រះអរហន្តសម្មាសម្ពុទ្ធ មានចិត្តផុតស្រឡះ ប្រកបដោយតាទិគុណថា អើហ្ន៎ យើងទាំងឡាយ មិនទៀងទេ ដូច្នេះ។

(ខជ្ជនីយ)សូត្រ ទី៧

(៧. ខជ្ជនីយសុត្តំ)

[១៥៨] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកសមណៈ ឬព្រាហ្មណ៍ណាមួយ រឭកឃើញ រមែងរឭកឃើញ នូវបុព្វេនិវាស មានប្រការផ្សេងៗ ពួកសមណព្រាហ្មណ៍ទាំងអស់នោះ រមែងរឭកឃើញ នូវឧបាទានក្ខន្ធទាំង៥ ឬបណ្តាឧបាទានក្ខន្ធទាំង៥នុ៎ះ រឭកឃើញនូវឧបាទានក្ខន្ធណាមួយ។ ឧបាទានក្ខន្ធ ទាំង៥ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កាលបើសមណព្រាហ្មណ៍ រឭកឃើញ រមែងរឭកឃើញនូវរូប ដូច្នេះថា អាត្មាអញ មានរូបយ៉ាងនេះ ក្នុងកាលជាអតីត។ ម្នាលភិក្ខុទាំងឡាយ កាលបើសមណព្រាហ្មណ៍ រឭកឃើញ រមែងឃើញនូវវេទនា ដូច្នេះថា អាត្មាអញ មានវេទនាយ៉ាងនេះ ក្នុងកាលជាអតីត។ អាត្មាអញ មានសញ្ញាយ៉ាងនេះ ក្នុងកាលជាអតីត។ អាត្មាអញ មានសង្ខារយ៉ាងនេះ ក្នុងកាលជាអតីត។ ម្នាលភិក្ខុទាំងឡាយ កាលបើសមណព្រាហ្មណ៍ រឭកឃើញ រមែងរឭកឃើញនូវវិញ្ញាណ ដូច្នេះថា អាត្មាអញ មានវិញ្ញាណយ៉ាងនេះ ក្នុងកាលជាអតីត។

[១៥៩] ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ ហៅថារូប តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ របស់ណាវិនាស របស់នោះ ហៅថារូប។ ចុះវិនាសដោយអ្វី។ វិនាសដោយត្រជាក់ក៏មាន វិនាសដោយក្តៅក៏មាន វិនាសដោយគំលានក៏មាន វិនាសដោយសម្រេកក៏មាន វិនាសដោយសម្ផ័ស្ស នៃរបោមមូសខ្យល់ កំដៅថ្ងៃ ពស់តូច ពស់ធំក៏មាន។ ម្នាលភិក្ខុទាំងឡាយ របស់ណាវិនាស របស់នោះ ហៅថារូប។ ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ ហៅថា វេទនា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ធម្មជាតិណា រងនូវអារម្មណ៍ ធម្មជាតិនោះ ហៅថាវេទនា។ ចុះធម្មជាតិនោះ រងអ្វីខ្លះ។ រងនូវសុខក៏មាន រងនូវទុក្ខក៏មាន រងនូវអទុក្ខមសុខក៏មាន។ ម្នាលភិក្ខុទាំងឡាយ ធម្មជាតិណា រងនូវអារម្មណ៍ ធម្មជាតិនោះ ហៅថាវេទនា។ ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ ហៅថា សញ្ញា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ធម្មជាតិណា ចំណាំ (នូវអារម្មណ៍) ធម្មជាតិនោះ ហៅថា សញ្ញា។ ចុះចំណាំនូវអ្វី។ ចំណាំពណ៌ខៀវក៏មាន ចំណាំពណ៌លឿងក៏មាន ចំណាំពណ៌ក្រហមក៏មាន ចំណាំពណ៌សក៏មាន។ ម្នាលភិក្ខុទាំងឡាយ ធម្មជាតិណា ចំណាំ (នូវអារម្មណ៍) ធម្មជាតិនោះ ហៅថា សញ្ញា។ ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយហៅថា សង្ខារទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សភាវៈទាំងឡាយណា តាក់តែងនូវសង្ខតធម៌ សភាវៈទាំងឡាយនោះ ហៅថា សង្ខារ។ សភាវៈទាំងឡាយ តាក់តែងនូវសង្ខតធម៌ តើដូចម្តេច។ តាក់តែងនូវសង្ខតធម៌ គឺរូប តាមសភាពវិនាស តាក់តែងនូវសង្ខតធម៌ គឺវេទនា តាមសភាពរងនូវអារម្មណ៍ តាក់តែងនូវសង្ខតធម៌ គឺសញ្ញា តាមសភាពចំណាំនូវអារម្មណ៍ តាក់តែងនូវសង្ខតធម៌ គឺសង្ខារទាំងឡាយ តាមសភាពតាក់តែង តាក់តែងនូវសង្ខតធម៌ គឺវិញ្ញាណ តាមសភាពដឹងច្បាស់។ ម្នាលភិក្ខុទាំងឡាយ សភាវៈទាំងឡាយណា តាក់តែងនូវសង្ខតធម៌ សភាវៈទាំងឡាយនោះ ហៅថា សង្ខារ។ ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ ហៅថា វិញ្ញាណ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ធម្មជាតណា ដឹងច្បាស់ (នូវរស) ធម្មជាតនោះ ហៅថា វិញ្ញាណ។ ចុះដឹងច្បាស់នូវអ្វី។ ដឹងច្បាស់នូវរសជូរក៏មាន ដឹងច្បាស់នូវរសល្វីងក៏មាន ដឹងច្បាស់នូវរសហឹរក៏មាន ដឹងច្បាស់នូវរសផ្អែមក៏មាន ដឹងច្បាស់នូវរសខារក៏មាន ដឹងច្បាស់នូវរបស់មិនខារក៏មាន ដឹងច្បាស់នូវរសប្រៃក៏មាន ដឹងច្បាស់នូវរសសាបក៏មាន។ ម្នាលភិក្ខុទាំងឡាយ ធម្មជាតណា ដឹងច្បាស់ (នូវរស) ធម្មជាតនោះ ហៅថា វិញ្ញាណ។

[១៦០] ម្នាលភិក្ខុទាំងឡាយ ក្នុងសេចក្តីនោះ អរិយសាវ័កអ្នកចេះដឹង រមែងពិចារណាឃើញ ដូច្នេះថា អាត្មាអញ ទំពាស៊ីដោយសាររូប ក្នុងកាលឥឡូវនេះ បើដូច្នោះ មានតែអាត្មាអញ បានទំពាស៊ីដោយសាររូប ក្នុងអតីតកាល យ៉ាងនេះហើយ ដូចជាអាត្មាអញ ទំពាស៊ីដោយសាររូបជាបច្ចុប្បន្ន ក្នុងកាលឥឡូវនេះដែរ បើអាត្មាអញ ត្រេកអរនឹងរូបជាអនាគតហើយ អាត្មាអញ គង់នឹងទំពាស៊ីដោយសាររូប ក្នុងអនាគតកាល យ៉ាងនេះ ដូចជាអាត្មាអញ ទំពាស៊ីដោយសាររូបជាបច្ចុប្បន្ន ក្នុងកាលឥឡូវនេះដែរ។ អរិយសាវ័កនោះ កាលបើពិចារណាឃើញដូច្នេះហើយ មិនអាឡោះអាល័យ ក្នុងរូបជាអតីត មិនត្រេកអរនឹងរូបជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បីនឿយណាយ ប្រាសចាកតម្រេក ដើម្បីរំលត់រូបជាបច្ចុប្បន្ន។ អាត្មាអញ ទំពាស៊ីដោយសារវេទនា ក្នុងកាលឥឡូវនេះ បើដូច្នោះ មានតែអាត្មាអញ បានទំពាស៊ី ដោយសារវេទនា ជាអតីតកាល យ៉ាងនេះហើយ ដូចជាអាត្មាអញ ទំពាស៊ី ដោយសារវេទនាជាបច្ចុប្បន្ន ក្នុងកាលឥឡូវនេះដែរ បើអាត្មាអញ ត្រេកអរនឹងវេទនា ជាអនាគតហើយ អាត្មាអញ គង់នឹងទំពាស៊ី ដោយសារវេទនា ជាអនាគតកាល យ៉ាងនេះទៀត ដូចជាអាត្មាអញ ទំពាស៊ីដោយសារវេទនាជាបច្ចុប្បន្ន ក្នុងកាលឥឡូវនេះដែរ។ អរិយសាវ័កនោះ កាលបើពិចារណាឃើញដូច្នេះហើយ មិនអាឡោះអាល័យ ក្នុងវេទនាជាអតីត មិនត្រេកអរនឹងវេទនាជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បីនឿយណាយ ប្រាសចាកតម្រេក ដើម្បីរំលត់វេទនា ជាបច្ចុប្បន្ន អាត្មាអញ ទំពាស៊ីដោយសារសញ្ញា ក្នុងកាលឥឡូវនេះ។ អាត្មាអញ ទំពាស៊ីដោយសារសង្ខារ ក្នុងកាលឥឡូវនេះ បើដូច្នោះ មានតែអាត្មាអញ បានទំពាស៊ីដោយសារសង្ខារ ក្នុងកាលជាអតីត យ៉ាងនេះហើយ ដូចជាអាត្មាអញ ទំពាស៊ីដោយសារសង្ខារ ជាបច្ចុប្បន្ន ក្នុងកាលឥឡូវនេះដែរ បើអាត្មាអញ ត្រេកអរនឹងសង្ខារ ជាអនាគតកាល អាត្មាអញ គង់នឹងទំពាស៊ីដោយសារសង្ខារ ក្នុងកាលជាអនាគត យ៉ាងនេះទៀត ដូចជាអាត្មាអញ ទំពាស៊ីដោយសារសង្ខារ ជាបច្ចុប្បន្ន ក្នុងកាលឥឡូវនេះដែរ។ កាលបើអរិយសាវ័កនោះ ពិចារណាឃើញ ដូច្នេះហើយ រមែងមិនអាឡោះអាល័យ ក្នុងសង្ខារទាំងឡាយជាអតីត មិនត្រេកអរនឹងសង្ខារទាំងឡាយជាអនាគត ហើយប្រតិបត្តិ ដើម្បីនឿយណាយ ប្រាសចាកតម្រេក ដើម្បីរំលត់សង្ខារទាំងឡាយ ជាបច្ចុប្បន្ន។ អាត្មាអញ ទំពាស៊ីដោយសារវិញ្ញាណ ក្នុងកាលឥឡូវនេះ បើដូច្នោះ មានតែអាត្មាអញ បានទំពាស៊ីដោយសារវិញ្ញាណ ក្នុងអតីតកាល យ៉ាងនេះហើយ ដូចជាអាត្មាអញ ទំពាស៊ីដោយសារវិញ្ញាណ ជាបច្ចុប្បន្ន ក្នុងកាលឥឡូវនេះដែរ បើអាត្មាអញ ត្រេកអរនឹងវិញ្ញាណ ជាអនាគត អាត្មាអញ គង់នឹងទំពាស៊ីដោយសារវិញ្ញាណ ក្នុងកាលជាអនាគត យ៉ាងនេះទៀត ដូចជាអាត្មាអញ ទំពាស៊ីដោយសារវិញ្ញាណ ជាបច្ចុប្បន្ន ក្នុងកាលឥឡូវនេះដែរ។ កាលបើអរិយសាវ័កនោះ ពិចារណាឃើញដូច្នេះហើយ តែងមិនអាឡោះអាល័យ ក្នុងវិញ្ញាណជាអតីតឡើយ មិនត្រេកអរនឹងវិញ្ញាណ ជាអនាគត ហើយប្រតិបត្តិ ដើម្បីនឿយណាយ ប្រាសចាកតម្រេក ដើម្បីរំលត់នូវវិញ្ញាណ ជាបច្ចុប្បន្ន។

[១៦១] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច រូបទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចំរើន មិនទៀងទេ។ ចុះរបស់ណាដែលមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចំរើន របស់នោះជាទុក្ខ។ ចុះរបស់ណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរយល់ឃើញនូវរបស់នោះថា នុ៎ះជារបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនគួរនឹងយល់ឃើញយ៉ាងនុ៎ះទេ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចំរើន មិនទៀងទេ។ ចុះរបស់ណាមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចំរើន របស់នោះជាទុក្ខ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរយល់ឃើញ នូវរបស់នោះថា នុ៎ះជារបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនគួរនឹងយល់ឃើញយ៉ាងនោះទេ។

[១៦២] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងលោកនេះ រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឬរូបណា ឋិតនៅក្នុងទីឆ្ងាយក្តី ទីជិតក្តី រូបទាំងនុ៎ះ អ្នកត្រូវយល់ឃើញ តាមសេចក្តីពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនអញទេ។ វេទនាណានីមួយ។ សញ្ញាណានីមួយ។ សង្ខារទាំងឡាយណានីមួយ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន។បេ។ ឬវិញ្ញាណណា ឋិតនៅក្នុងទីឆ្ងាយក្តី ទីជិតក្តី វិញ្ញាណទាំងអស់នុ៎ះ ត្រូវអ្នកយល់ឃើញ តាមសេចក្តីពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនអញទេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អរិយសាវ័ក ញុំាងវដ្តៈឲ្យវិនាស មិនសន្សំ (វដ្តៈ) លះបង់ មិនប្រកាន់ បាចសាចចោល មិនប្រមូល រំលត់ មិនបង្កាត់ឲ្យឆេះ។

[១៦៣] ចុះអរិយសាវ័ក ធ្វើឲ្យវិនាស មិនសន្សំនូវអ្វី។ អរិយសាវ័ក ធ្វើឲ្យវិនាស មិនសន្សំនូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ ធ្វើឲ្យវិនាស មិនសន្សំនូវវិញ្ញាណ។ ចុះអរិយសាវ័ក លះបង់មិនប្រកាន់នូវអ្វី។ អរិយសាវ័ក លះបង់ មិនប្រកាន់នូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ អរិយសាវ័ក លះបង់ មិនប្រកាន់នូវវិញ្ញាណ។ ចុះអរិយសាវ័ក បាចសាចចោល មិនប្រមូលនូវអ្វី។ អរិយសាវ័ក បាចសាចចោល មិនប្រមូលនូវរូប។ ចុះអរិយសាវ័ក រំលត់ចោល មិនបង្កាត់នូវអ្វី។ អរិយសាវ័ក រំលត់ចោល មិនបង្កាត់ឲ្យឆេះនូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ អរិយសាវ័ក រំលត់ចោល មិនបង្កាត់ឲ្យឆេះនូវវិញ្ញាណ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័កអ្នកចេះដឹង បានឃើញយ៉ាងនេះ រមែងនឿយណាយ ក្នុងរូបផង។ ក្នុងវេទនាផង។ ក្នុងសញ្ញាផង។ ក្នុងសង្ខារទាំងឡាយផង។ នឿយណាក្នុងវិញ្ញាណផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ចិត្តរមែងរួចស្រឡះបាន។ កាលបើចិត្តផុតស្រឡះហើយ ញាណក៏កើតឡើងថា ចិត្តរបស់អាត្មាអញ រួចស្រឡះហើយ។ អរិយសាវ័ក រមែងដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះតថាគតពោលថា ភិក្ខុមិនសន្សំ មិនធ្វើឲ្យវិនាសទេ តែឈ្មោះថា អ្នកធ្វើឲ្យវិនាស ភិក្ខុមិនលះបង់ មិនប្រកាន់ទេ តែឈ្មោះថា អ្នកលះបង់ ភិក្ខុមិនបាចសាចចោល មិនប្រមូលទេ តែឈ្មោះថា អ្នកបាចសាចចោល ភិក្ខុមិនរំលត់ចោល មិនបង្កាត់ទេ តែឈ្មោះថា អ្នករំលត់ចោល។

[១៦៤] ចុះភិក្ខុមិនសន្សំ មិនធ្វើឲ្យវិនាសនូវអ្វី ដែលឈ្មោះថា អ្នកធ្វើឲ្យវិនាស។ ភិក្ខុមិនសន្សំ មិនធ្វើឲ្យវិនាសនូវរូប ឈ្មោះថា អ្នកធ្វើឲ្យវិនាស។ ភិក្ខុមិនសន្សំ មិនធ្វើឲ្យវិនាស នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ នូវវិញ្ញាណ ឈ្មោះថា អ្នកធ្វើឲ្យវិនាស។ ភិក្ខុមិនលះបង់ មិនប្រកាន់នូវអ្វី ដែលឈ្មោះថា អ្នកលះបង់។ ភិក្ខុមិនលះបង់ មិនប្រកាន់នូវរូប ឈ្មោះថា អ្នកលះបង់។ ភិក្ខុមិនលះបង់ មិនប្រកាន់នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ នូវវិញ្ញាណ ឈ្មោះថា អ្នកលះបង់។ ចុះភិក្ខុមិនបាចសាចចោល មិនប្រមូលនូវអ្វី ដែលឈ្មោះថា អ្នកបាចសាច។ ភិក្ខុមិនបាចសាចចោល មិនប្រមូលនូវរូប ឈ្មោះថា អ្នកបាចសាច។ ភិក្ខុមិនបាចសាចចោល មិនប្រមូលនូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ នូវវិញ្ញាណ ឈ្មោះថា អ្នកបាចសាចចោល។ ចុះភិក្ខុមិនរំលត់ មិនបង្កាត់នូវអ្វី ដែលឈ្មោះថា អ្នករំលត់ចោល។ ភិក្ខុមិនរំលត់ មិនបង្កាត់នូវរូប ឈ្មោះថា អ្នករំលត់ចោល។ ភិក្ខុមិនរំលត់មិនបង្កាត់នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ នូវវិញ្ញាណ ឈ្មោះថា អ្នករំលត់ចោល។ ម្នាលភិក្ខុទាំងឡាយ ទេវតាទាំងឡាយ ព្រមទាំងឥន្ទ្រ ព្រមទាំងព្រហ្ម ព្រមទាំងបជាបតិទេវរាជ តែងនមស្ការភិក្ខុ ដែលមានចិត្តរួចស្រឡះ យ៉ាងនេះ អំពីចម្ងាយថា

បពិត្របុរសអាជានេយ្យ យើងខ្ញុំ សូមក្រាបថ្វាយបង្គំលោក បពិត្របុរសដ៏ឧត្តម យើងខ្ញុំ សូមក្រាបថ្វាយបង្គំលោក លោកដុតបង់ (កិលេស) ព្រោះអាស្រ័យធម៌ណា ពួកយើងមិនដឹង (ធម៌នោះ) របស់លោកទេ។

(បិណ្ឌោល្យ)សូត្រ ទី៨

(៨. បិណ្ឌោល្យសុត្តំ)

[១៦៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ទៀបក្រុងកបិលព័ស្តុ ក្នុងដែនសក្កៈ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់បណ្តេញភិក្ខុសង្ឃ ព្រោះតែហេតុណាមួយ ហើយប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ទ្រង់ចូលទៅកាន់ក្រុងកបិលព័ស្តុ ដើម្បីបិណ្ឌបាត លុះត្រាច់ទៅ ដើម្បីបិណ្ឌបាត ក្នុងក្រុងកបិលព័ស្តុ ត្រឡប់អំពីបិណ្ឌបាត (បានធ្វើភត្តកិច្ចស្រេចហើយ) ជាខាងក្រោយនៃភត្ត ស្តេចចូលសំដៅទៅរកមហាវ័ន ដើម្បីសម្រាកក្នុងវេលាថ្ងៃ លុះចូលទៅកាន់មហាវ័នហើយ ក៏គង់សម្រាកក្នុងវេលាថ្ងៃ ទៀបគល់ព្នៅ។ លំដាប់នោះ ព្រះមានព្រះភាគ គង់នៅក្នុងទីស្ងាត់ ពួនសម្ងំនៅក្នុងផលសមាបត្តិ ក៏មានសេចក្តីត្រិះរិះ កើតឡើងក្នុងព្រះទ័យ យ៉ាងនេះថា ភិក្ខុសង្ឃ ដែលតថាគត បានបណ្តេញចោលហើយ ក្នុងទីនេះ មានពួកភិក្ខុថ្មី ដែលបួសមិនទាន់យូរប៉ុន្មាន ទើបនឹងមកកាន់ធម្មវិន័យនេះ កាលបើពួកភិក្ខុនោះ មិនឃើញតថាគត មុខជានឹងមានចិត្តរាយមាយ មានចិត្តប្រែប្រួលផ្សេងៗ ដូចជាកូនគោតូច កាលបើមិនឃើញមេវា មុខជានឹងមានចិត្តរាយមាយ មានចិត្តប្រែប្រួលទៅផ្សេងៗ យ៉ាងណាមិញ ក្នុងទីនេះ មានពួកភិក្ខុថ្មី ដែលបួសមិនទាន់យូរប៉ុន្មាន ទើបនឹងមកកាន់ធម្មវិន័យនេះ កាលបើភិក្ខុទាំងនោះ មិនឃើញតថាគត មុខជានឹងមានចិត្តរាយមាយ មានចិត្តប្រែប្រួលទៅផ្សេងៗ ក៏យ៉ាងនោះដែរ មួយទៀត ដូចពូជថ្មី កាលបើមិនមានទឹក រមែងរាត់រាយ ខ្ចាត់ខ្ចាយទៅផ្សេងៗ យ៉ាងណាមិញ ក្នុងទីនេះ មានពួកភិក្ខុថ្មី ដែលបួសមិនទាន់យូរប៉ុន្មាន ទើបនឹងមកកាន់ធម្មវិន័យនេះ កាលបើពួកភិក្ខុទាំងនោះ មិនបានឃើញតថាគត រមែងមានចិត្តរាយមាយ ប្រែប្រួលទៅផ្សេងៗ ក៏យ៉ាងនោះដែរ បើដូច្នោះ គួរតថាគត អនុគ្រោះភិក្ខុសង្ឃ ក្នុងកាលឥឡូវនេះ តាមទំនងដែលតថាគត អនុគ្រោះភិក្ខុសង្ឃ ក្នុងកាលមុនមកហើយ។

[១៦៦] គ្រានោះឯង សហម្បតិព្រហ្ម ដឹងនូវសេចក្តីត្រិះរិះ ក្នុងព្រះទ័យតាមព្រះទ័យ របស់ព្រះមានព្រះភាគហើយ ក៏បាត់អំពីព្រហ្មលោក មកប្រាកដក្នុងទីចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគ ដូចជាបុរស មានកម្លាំង លាដៃដែលខ្លួនបត់ ឬបត់ដៃ ដែលខ្លួនលា ដូច្នោះឯង។ លំដាប់នោះឯង សហម្បតិព្រហ្ម ធ្វើសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ដំណើរនុ៎ះយ៉ាងនេះមែនហើយ បពិត្រព្រះសុគត ដំណើរនុ៎ះ យ៉ាងនេះមែនហើយ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃ ដែលព្រះមានព្រះភាគ បណ្តេញចោលហើយ (ព្រោះ) ក្នុងទីនេះ មានពួកភិក្ខុថ្មី ដែលបួសមិនទាន់យូរប៉ុន្មាន ទើបនឹងមកកាន់ធម្មវិន័យនេះ កាលបើពួកភិក្ខុនោះ មិនឃើញព្រះមានព្រះភាគ រមែងមានចិត្តរាយមាយ មានចិត្តប្រែប្រួលទៅផ្សេងៗ ដូចជាកូនគោតូច កាលបើមិនឃើញមេវា រមែងមានចិត្តរាយមាយ ប្រែប្រួលទៅផ្សេងៗ យ៉ាងណាមិញ ក្នុងទីនេះ មានពួកភិក្ខុថ្មី ដែលបួសមិនទាន់យូរប៉ុន្មាន ទើបនឹងមកកាន់ធម្មវិន័យនេះ កាលបើពួកភិក្ខុទាំងនោះ មិនបានឃើញព្រះមានព្រះភាគ មុខជានឹងមានចិត្តរាយមាយ មានចិត្តប្រែប្រួលទៅផ្សេងៗ យ៉ាងនោះដែរ មួយទៀត ដូចពូជថ្មី កាលមិនបានទឹក មុខជារាត់រាយ ខ្ចាត់ខ្ចាយទៅផ្សេងៗ យ៉ាងណា ក្នុងទីនេះ មានពួកភិក្ខុថ្មី ដែលបួសមិនទាន់យូរប៉ុន្មាន ទើបនឹងមកកាន់ធម្មវិន័យនេះ កាលបើពួកភិក្ខុទាំងនោះ មិនបានឃើញព្រះមានព្រះភាគ មុខជាមានចិត្តរាយមាយ ប្រែប្រួលទៅផ្សេងៗ ក៏យ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ រីករាយ នឹងភិក្ខុសង្ឃ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ រួសរាយនឹងភិក្ខុសង្ឃ ព្រះមានព្រះភាគ អនុគ្រោះភិក្ខុសង្ឃក្នុងកាលមុន យ៉ាងណា សូមព្រះមានព្រះភាគ អនុគ្រោះភិក្ខុសង្ឃ ក្នុងកាលឥឡូវនេះ យ៉ាងនោះ ឲ្យទាន។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្ត ដោយតុណ្ហីភាព។ គ្រានោះ សហម្បតិព្រហ្ម ដឹងច្បាស់ នូវការទទួលនិមន្ត របស់ព្រះមានព្រះភាគហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណហើយ ក៏បាត់ក្នុងទីនោះទៅ។

[១៦៧] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ចូលទៅឯនិគ្រោធារាម លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះមានព្រះភាគ គង់ហើយ ក៏តាក់តែងនូវឥទ្ធាភិសង្ខារមានសភាពដូច្នោះ ទើបពួកភិក្ខុទាំងនោះភិតភ័យ ចូលមករកព្រះមានព្រះភាគ មួយរូបម្តង ពីររូបម្តង លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ការត្រាច់ទៅរកដុំបាយ ដើម្បីចិញ្ចឹមជីវិតនេះ ជាការថោកទាបបំផុត ជាងការចិញ្ចឹមជីវិតទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ការត្រាច់ទៅរកដុំបាយ (ដើម្បីចិញ្ចឹមជីវិត) នេះ គេតែងផ្តាសា ក្នុងលោកថា លោកជាអ្នកមានបាត្រក្នុងដៃត្រាច់ទៅ (បិណ្ឌបាត)។ ម្នាលភិក្ខុទាំងឡាយ ពួកកុលបុត្ត ដែលប្រកបដោយកម្លាំងប្រយោជន៍ អាស្រ័យនូវកម្លាំងប្រយោជន៍ ជាអ្នកដែលស្តេចមិនរឹបជាន់ ចោរមិនរឹបជាន់ មិនចំពាក់បំណុល មិនប្រកបដោយភ័យ មិនលុះក្នុងការចិញ្ចឹមជីវិត រមែងចូលចិត្តនឹងការត្រាច់ទៅ ដើម្បីដុំបាយនោះឯង ដោយគិតថា ពួកយើងជាអ្នកធ្លាក់ចុះ (ក្នុងអំណាច) នៃជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស ឧបាយាស ធ្លាក់ចុះក្នុងសេចក្តីទុក្ខ ត្រូវទុក្ខបៀតបៀន ដូចម្តេចហ្ន៎ នឹងធ្វើឲ្យដល់ទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តនេះ ដែលបួសយ៉ាងនេះហើយ ក៏កុលបុត្តនោះ ជាអ្នកច្រើនដោយអភិជ្ឈា មានតម្រេកដ៏ក្លៀវក្លា ក្នុងកាមទាំងឡាយ មានចិត្តព្យាបាទ មានសេចក្តីត្រិះរិះ ក្នុងចិត្តដ៏អាក្រក់ ភ្លេចស្មារតី មិនមានសម្បជញ្ញៈ មានចិត្តមិននឹងធឹង មានចិត្តរវើរវាយ មានឥន្ទ្រិយនៅជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ ដូចអង្កត់ឧស ដែលគេដុតខ្មោចស្រស់ ភ្លើងឆេះទាំងសងខាង ត្រង់កណ្តាលប្រឡាក់ដោយគូថ (អាចម៍) មិនផ្សាយទៅ ដើម្បីជាឧសក្នុងស្រុក មិនផ្សាយទៅ ដើម្បីជាឧសក្នុងព្រៃឡើយ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគត ហៅបុគ្គលនេះ ថាជាអ្នកសាបសូន្យចាកភោគៈ របស់គ្រហស្ថផង មិនបំពេញប្រយោជន៍ របស់សមណៈផង មានឧបមេយ្យ ដូចយ៉ាងអង្កត់ឧស ដូច្នោះឯង។

[១៦៨] ម្នាលភិក្ខុទាំងឡាយ អកុសលវិតក្កៈនេះ មាន៣យ៉ាង គឺ កាមវិតក្កៈ១ ព្យាបាទវិតក្កៈ១ វិហឹសាវិតក្កៈ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានចិត្តតាំងស៊ប់ ក្នុងសតិប្បដ្ឋាន ទាំង៤ ឬចម្រើននូវ អនិមិត្តសមាធិ អកុសលវិតក្កៈ ទាំង៣យ៉ាងនេះ រមែងរលត់ទៅ ឥតមានសេសសល់ឡើយ។ ម្នាលភិក្ខុទាំងឡាយ អនិមិត្តសមាធិនេះ បុគ្គលគួរចម្រើនឲ្យច្រើនក្រៃលែង។ ម្នាលភិក្ខុទាំងឡាយ (ព្រោះថា) អនិមិត្តសមាធិ ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន។

[១៦៩] ម្នាលភិក្ខុទាំងឡាយ ទិដ្ឋិនេះ មានពីរប្រការ គឺភវទិដ្ឋិ១ វិភវទិដ្ឋិ១។ ម្នាលភិក្ខុទាំងឡាយ ក្នុងទិដ្ឋិទាំងពីរនោះ អរិយសាវ័កអ្នកចេះដឹង រមែងពិចារណាដូច្នេះថា កាលបើអាត្មាអញ ប្រកាន់របស់ណា ដែលមិនមានទោស របស់នោះ គង់មានតិចតួចខ្លះក្នុងលោក ដែរឬ។ អរិយសាវ័កនោះ រមែងដឹងយ៉ាងនេះថា កាលបើអាត្មាអញ ប្រកាន់របស់ណា ដែលមិនមានទោស របស់នោះ រមែងមិនមានតិចតួចក្នុងលោកទេ។ អរិយសាវ័កនោះ ដឹងច្បាស់យ៉ាងនេះថា កាលបើអាត្មាអញ នឹងប្រកាន់រូប កាលបើប្រកាន់ នឹងប្រកាន់វេទនា កាលបើប្រកាន់ នឹងប្រកាន់សញ្ញា កាលបើប្រកាន់ នឹងប្រកាន់សង្ខារទាំងឡាយ កាលបើប្រកាន់ នឹងប្រកាន់វិញ្ញាណ ភពរបស់អាត្មាអញនោះ នឹងកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា មរណៈ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត កើតមាន ព្រោះជាតិជាបច្ច័យ ហេតុដែលឲ្យកើតកងទុក្ខទាំងអស់នុ៎ះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវសេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចំរើន មិនទៀងទេ។ ចុះរបស់ណាមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចំរើន របស់នោះជាទុក្ខ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អាត្មាអញ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនគួរយល់ឃើញដូច្នោះទេ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណទៀង ឬ។បេ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ។បេ។ កាលបើឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(បាលិលេយ្យ)សូត្រ ទី៩

(៩. បាលិលេយ្យសុត្តំ)

[១៧០] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ទ្រង់ចូលទៅកាន់ក្រុងកោសម្ពី ដើម្បីបិណ្ឌបាត លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងកោសម្ពីហើយ ត្រឡប់មកពីបិណ្ឌបាត (ធ្វើភត្តកិច្ចស្រេចហើយ) ក្នុងពេលជាខាងក្រោយភត្ត ទ្រង់រៀបចំទុកដាក់សេនាសនៈ ដោយព្រះអង្គឯង ប្រដាប់បាត្រ និងចីវរ មិនបានប្រាប់ពួកឧបដ្ឋាក មិនបានលាភិក្ខុសង្ឃ តែមួយព្រះអង្គឯង ឥតមានបុគ្គលជាគម្រប់ពីរ ចៀសចេញទៅកាន់ចារិក។

[១៧១] គ្រានោះឯង ភិក្ខុមួយរូប កាលព្រះមានព្រះភាគ ចៀសចេញទៅមិនយូរប៉ុន្មាន ក៏ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ និយាយនឹងព្រះអានន្ទមានអាយុ យ៉ាងនេះថា ម្នាលអាវុសោអានន្ទ ចូរអ្នកមកអាយ ព្រះមានព្រះភាគ រៀបចំទុកដាក់សេនាសនៈ ដោយព្រះអង្គឯង ប្រដាប់បាត្រ និងចីវរ មិនបានប្រាប់ពួកឧបដ្ឋាក មិនបានលាភិក្ខុសង្ឃ តែមួយព្រះអង្គឯង ឥតមានបុគ្គលជាគម្រប់ពីរ ស្តេចទៅកាន់ចារិកហើយ។ ម្នាលអាវុសោ ព្រះមានព្រះភាគ រៀបចំទុកដាក់សេនាសនៈ ដោយព្រះអង្គឯង ប្រដាប់បាត្រ និងចីវរ មិនបានប្រាប់ពួកឧបដ្ឋាក មិនបានលាភិក្ខុសង្ឃ តែមួយព្រះអង្គ ឥតមានបុគ្គលជាគម្រប់ពីរ ស្តេចទៅកាន់ចារិក ក្នុងសម័យណា ព្រះមានព្រះភាគ ចង់នៅតែមួយព្រះអង្គឯង ក្នុងសម័យនោះ ព្រះមានព្រះភាគ មិនឲ្យបុគ្គលណាមួយ ទៅតាមព្រះអង្គ ក្នុងសម័យនោះ។

[១៧២] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្តេចទៅកាន់ចារិកតាមលំដាប់ បានដល់ទៅក្រុងបាលិលេយ្យកៈ។ ក្នុងទីនោះឯង បានឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្បែរគល់សាលព្រឹក្ស ដ៏ប្រសើរ ជិតក្រុង បាលិលេយ្យកៈ។ គ្រានោះឯង ពួកភិក្ខុ មានប្រមាណច្រើនរូប បានចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏រាក់ទាក់ ទៅរកព្រះអានន្ទមានអាយុ លុះបញ្ចប់ពាក្យគួររាក់ទាក់ និងពាក្យគួររឭកហើយ ទើបអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏និយាយនឹងព្រះអានន្ទមានអាយុ យ៉ាងនេះថា ម្នាលអាវុសោអានន្ទ ពួកយើងខានស្តាប់ធម្មីកថា ក្នុងទីចំពោះព្រះភក្រ្តព្រះមានព្រះភាគយូរហើយ ម្នាលអាវុសោអានន្ទ ឥឡូវនេះ យើងចង់ស្តាប់ធម្មីកថា ក្នុងទីចំពោះព្រះភក្ត្រព្រះមានព្រះភាគ។ ទើបព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ ទៀបគល់សាលព្រឹក្សដ៏ប្រសើរ ជិតក្រុងបាលិលេយ្យកៈ ជាមួយនឹងភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ទើបក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះពួកភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ពន្យល់ ណែនាំ (ភិក្ខុទាំងនោះ) ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា។

[១៧៣] សម័យនោះឯង ភិក្ខុមួយរូប មានសេចក្តីត្រិះរិះកើតឡើងក្នុងចិត្ត យ៉ាងនេះថា កាលបុគ្គលដឹងដូចម្តេចហ្ន៎ ឃើញដូចម្តេចហ្ន៎ ទើបអស់ទៅ នៃអាសវៈទាំងឡាយ ជាលំដាប់។ គ្រានោះឯង ព្រះមានព្រះភាគ ជ្រាបច្បាស់ នូវបរិវិតក្កៈក្នុងចិត្ត តាមចិត្តរបស់ភិក្ខុនោះហើយ ទើបត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ធម៌ តថាគតសម្តែងហើយដោយការពិចារណា សតិប្បដ្ឋាន៤ តថាគតសម្តែងហើយដោយការពិចារណា សម្មប្បធាន៤ តថាគតសម្តែងហើយ ដោយការពិចារណា ឥទ្ធិបាទ៤ តថាគតសម្តែងហើយដោយការពិចារណា ឥន្ទ្រិយ៥ តថាគតសម្តែងហើយ ដោយការពិចារណា ពលៈ៥ តថាគតសម្តែងហើយ ដោយការពិចារណា ពោជ្ឈង្គ៧ តថាគតសម្តែងហើយដោយការពិចារណា មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ តថាគតសម្តែងហើយដោយការពិចារណា។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគតសម្តែងហើយ ដោយការពិចារណា យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគតសម្តែងហើយ ដោយការពិចារណា យ៉ាងនេះ។ ម្យ៉ាងទៀត ភិក្ខុខ្លះ ក្នុងសាសនានេះ មានសេចក្តីត្រិះរិះកើតឡើង ដោយចិត្ត យ៉ាងនេះថា កាលបុគ្គលដឹងដូចម្តេច ឃើញដូចម្តេច ទើបអស់ទៅនៃអាសវៈទាំងឡាយជាលំដាប់។

[១៧៤] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដឹងដូចម្តេច ឃើញដូចម្តេច ទើបអស់ទៅ នៃអាសវៈទាំងឡាយជាលំដាប់។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ បុថុជ្ជនអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាសវៃ ក្នុងធម៌ព្រះអរិយៈ មិនបានហាត់ក្នុងធម៌ព្រះអរិយៈ មិនបានឃើញពួកសប្បុរស។បេ។ មិនបានហាត់ក្នុងធម៌របស់សប្បុរស រមែងពិចារណាឃើញរូប ថាជាខ្លួន។ ម្នាលភិក្ខុទាំងឡាយ ការពិចារណាឃើញនោះ ឈ្មោះថាសង្ខារ។ ចុះសង្ខារនោះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ តណ្ហាកើតឡើងដល់បុថុជ្ជនអ្នកមិនចេះដឹង ដែលត្រូវវេទនាកើតអំពីសម្ផ័ស្ស នៃអវិជ្ជាប៉ះពាល់ សង្ខារនោះកើតអំពីតណ្ហានោះ។ ម្នាលភិក្ខុទាំងឡាយ សង្ខារនោះ ក៏មិនទៀង មានបច្ច័យតាក់តែងកើតឡើងហើយ ព្រោះអាស្រ័យហេតុ តណ្ហានោះសោត ក៏មិនទៀង មានបច្ច័យតាក់តែងកើតឡើងហើយ ព្រោះអាស្រ័យហេតុ វេទនានោះ ក៏ (មិនទៀង) ដូចពោលមកយ៉ាងនេះ។ ផស្សៈនោះ ក៏ដូច្នោះដែរ។ អវិជ្ជានោះ ក៏មិនទៀង មានបច្ច័យតាក់តែងកើតឡើងហើយ ព្រោះអាស្រ័យហេតុ។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ រមែងអស់ទៅនៃអាសវៈទាំងឡាយ ជាលំដាប់។

[១៧៥] បុគ្គលមិនពិចារណាឃើញ នូវរូបថាជាខ្លួនទេ តែពិចារណាឃើញខ្លួនថាមានរូប។ ម្នាលភិក្ខុទាំងឡាយ ការពិចារណាឃើញនោះ ឈ្មោះថា សង្ខារ។ ចុះសង្ខារនោះ តើមានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ តណ្ហាកើតឡើង ដល់បុថុជ្ជនជាអ្នកមិនចេះដឹង ដែលត្រូវវេទនាកើតអំពីសម្ផ័ស្ស នៃអវិជ្ជាប៉ះពាល់ សង្ខារនោះ កើតមកអំពីតណ្ហានោះ។ ម្នាលភិក្ខុទាំងឡាយ សង្ខារនោះ ក៏មិនទៀង មានបច្ច័យតាក់តែងកើតឡើងហើយ ព្រោះអាស្រ័យហេតុ តណ្ហានោះ ក៏មិនទៀង ដោយប្រការដូច្នេះ។ វេទនា ក៏ដូច្នោះដែរ។ ផស្សៈ ក៏ដូច្នោះដែរ។ អវិជ្ជានោះ ក៏មិនទៀង មានបច្ច័យតាក់តែងកើតឡើងហើយ ព្រោះអាស្រ័យហេតុ។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ រមែងអស់អាសវៈទាំងឡាយជាលំដាប់។

[១៧៦] បុគ្គលមិនពិចារណាឃើញ នូវរូបថាជាខ្លួន មិនពិចារណា ឃើញខ្លួនថាមានរូបទេ ប៉ុន្តែពិចារណាឃើញរូប ថាមានក្នុងខ្លួន។ ម្នាលភិក្ខុទាំងឡាយ ការពិចារណាឃើញនោះ ឈ្មោះថា សង្ខារ។ ចុះសង្ខារនោះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ តណ្ហាកើតឡើង ដល់បុថុជ្ជនជាអ្នកមិនចេះដឹង ដែលត្រូវវេទនា កើតអំពីសម្ផ័ស្ស នៃអវិជ្ជាប៉ះពាល់ សង្ខារនោះ កើតអំពីតណ្ហានោះ។ ម្នាលភិក្ខុទាំងឡាយ សង្ខារនោះ មិនទៀងទេ មានបច្ច័យតាក់តែងកើតឡើងហើយ ព្រោះអាស្រ័យហេតុ តណ្ហានោះ ក៏ដូច្នោះដែរ។ វេទនានោះ ក៏ដូច្នោះដែរ។ ផស្សៈនោះ ក៏ដូច្នោះដែរ។ អវិជ្ជានោះមិនទៀង មានបច្ច័យតាក់តែងកើតឡើងហើយ ព្រោះអាស្រ័យហេតុ។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ រមែងអស់អាសវៈទាំងឡាយ ជាលំដាប់។

[១៧៧] បុគ្គលមិនពិចារណាឃើញ នូវរូបថាជាខ្លួន មិនពិចារណាឃើញនូវខ្លួនថាមានរូប មិនពិចារណាឃើញនូវរូប ថាមានក្នុងខ្លួនទេ ប៉ុន្តែពិចារណាឃើញខ្លួន ថាមានក្នុងរូប។ ម្នាលភិក្ខុទាំងឡាយ ការពិចារណាឃើញនោះ ឈ្មោះថា សង្ខារ។ ចុះសង្ខារនោះ តើមានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ តណ្ហាកើតឡើង ដល់បុថុជ្ជនជាអ្នកមិនចេះដឹង ដែលត្រូវវេទនាកើតអំពីសម្ផ័ស្ស នៃអវិជ្ជាប៉ះពាល់ សង្ខារនោះ កើតអំពីតណ្ហានោះ។ ម្នាលភិក្ខុទាំងឡាយ សង្ខារនោះមិនទៀង មានបច្ច័យតាក់តែងកើតឡើងហើយ ព្រោះអាស្រ័យហេតុ តណ្ហានោះ ក៏ដូច្នោះដែរ។ វេទនា ក៏ដូច្នោះដែរ។ ផស្សៈ ក៏ដូច្នោះដែរ។ អវិជ្ជានោះ មិនទៀងទេ មានបច្ច័យតាក់តែងកើតឡើងហើយ ព្រោះអាស្រ័យហេតុ។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ រមែងអស់អាសវៈទាំងឡាយជាលំដាប់។

[១៧៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនពិចារណាឃើញរូបថាជាខ្លួន មិនពិចារណាឃើញខ្លួន ថាមានរូប មិនពិចារណាឃើញរូប ថាមានក្នុងខ្លួន មិនពិចារណាឃើញខ្លួន ថាមានក្នុងរូបទេ ប៉ុន្តែពិចារណាឃើញវេទនា ថាជាខ្លួន។ ពិចារណាឃើញខ្លួន ថាមានវេទនា។ ពិចារណាឃើញវេទនា ថាមានក្នុងខ្លួន។ ពិចារណាឃើញខ្លួន ថាមានក្នុងវេទនា។ ពិចារណាឃើញសញ្ញា ថាជាខ្លួន។ ពិចារណាឃើញសង្ខារទាំងឡាយ ថាជាខ្លួន។ ពិចារណាឃើញខ្លួន ថាមានសង្ខារ។ ពិចារណាឃើញសង្ខារទាំងឡាយ ថាមានក្នុងខ្លួន។ ពិចារណាឃើញខ្លួន ថាមានក្នុងសង្ខារទាំងឡាយ។ ពិចារណាឃើញវិញ្ញាណ ថាជាខ្លួន។ ពិចារណាឃើញខ្លួន ថាមានវិញ្ញាណ។ ពិចារណាឃើញវិញ្ញាណ ថាមានក្នុងខ្លួន។ ពិចារណាឃើញខ្លួន ថាមានក្នុងវិញ្ញាណ។ ម្នាលភិក្ខុទាំងឡាយ ការពិចារណាឃើញនោះ ឈ្មោះថា សង្ខារ។ ចុះសង្ខារនោះ មានអ្វីជាហេតុ។បេ។ មានអ្វីជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ តណ្ហាកើតឡើងដល់បុថុជ្ជនជាអ្នកមិនចេះដឹង ដែលត្រូវវេទនាកើតអំពីសម្ផ័ស្ស នៃអវិជ្ជាប៉ះពាល់ សង្ខារនោះ កើតអំពីតណ្ហានោះ។ ម្នាលភិក្ខុទាំងឡាយ សង្ខារនោះ មិនទៀងទេ មានបច្ច័យតាក់តែងកើតឡើងហើយ ព្រោះអាស្រ័យហេតុ ដូចពោលមកនេះ។ តណ្ហានោះក៏ដែរ។ វេទនានោះក៏ដែរ។ ផស្សៈនោះក៏ដែរ។ អវិជ្ជានោះ មិនទៀងទេ មានបច្ច័យតាក់តែងកើតឡើងហើយ ព្រោះអាស្រ័យហេតុ។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ រមែងអស់អាសវៈទាំងឡាយ ជាលំដាប់។

[១៧៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនពិចារណាឃើញរូបថា ជាខ្លួន។ មិនពិចារណាឃើញវេទនា។ មិនពិចារណាឃើញសញ្ញា។ មិនពិចារណាឃើញសង្ខារទាំងឡាយ។ មិនពិចារណាឃើញវិញ្ញាណ ថាជាខ្លួន តែមានសេចក្តីយល់យ៉ាងនេះថា នោះជាខ្លួន នោះជាលោក អាត្មាអញនោះ នឹងទៅខាងមុខ ក៏ទៀង ឋិតថេរ ពិតប្រាកដ មិនប្រែប្រួលជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ សស្សតទិដ្ឋិនោះ ឈ្មោះថា សង្ខារ។ ចុះសង្ខារនោះ មានអ្វីជាហេតុ។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ រមែងអស់អាសវៈទាំងឡាយ ជាលំដាប់។

[១៨០] បុគ្គលមិនពិចារណាឃើញរូប ថាជាខ្លួន។ មិនពិចារណាឃើញវេទនា។ មិនពិចារណាឃើញសញ្ញា។ មិនពិចារណាឃើញសង្ខារទាំងឡាយ។ មិនពិចារណាឃើញវិញ្ញាណ ថាជាខ្លួន ទាំងមិនមានសេចក្តីយល់ឃើញ យ៉ាងនេះថា នោះជាខ្លួន នោះជាលោក អាត្មាអញនោះ លុះទៅខាងមុខ ក៏ទៀង ឋិតថេរ ពិតប្រាកដ មិនបានប្រែប្រួលជាធម្មតាឡើយ តែមានសេចក្តីយល់ឃើញ យ៉ាងនេះថា បើអាត្មាអញ នឹងមិនកើត បរិក្ខាររបស់អាត្មាអញ ក៏នឹងមិនកើត បើអាត្មាអញនឹងមិនកើតទៀតទេ បរិក្ខាររបស់អាត្មាអញ ក៏នឹងមិនកើតទៀតដែរ។ ម្នាលភិក្ខុទាំងឡាយ ឧច្ឆេទទិដ្ឋិនោះ ឈ្មោះថា សង្ខារ។ ចុះសង្ខារនោះ តើមានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ តណ្ហាកើតឡើងដល់បុថុជ្ជន ជាអ្នកមិនចេះដឹង ដែលត្រូវវេទនាកើតអំពីសម្ផ័ស្ស នៃអវិជ្ជាប៉ះពាល់ សង្ខារនោះ កើតអំពីតណ្ហានោះ។ ម្នាលភិក្ខុទាំងឡាយ សង្ខារនោះ ក៏មិនទៀង ដោយប្រការដូច្នេះ។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ រមែងអស់អាសវៈទាំងឡាយជាលំដាប់។

[១៨១] បុគ្គលមិនពិចារណាឃើញរូប ថាជាខ្លួន។ មិនពិចារណាឃើញវេទនា។ មិនពិចារណាឃើញសញ្ញា។ មិនពិចារណាឃើញសង្ខារទាំងឡាយ។ មិនពិចារណាឃើញវិញ្ញាណ ថាជាខ្លួន។បេ។ មិនពិចារណាឃើញខ្លួន ថាមានក្នុងវិញ្ញាណ ទាំងមិនមានសេចក្តីយល់ឃើញ យ៉ាងនេះថា នោះជាខ្លួន នោះជាលោក អាត្មាអញ នោះ លុះទៅខាងមុខ ក៏ទៀងទាត់ ឋិតថេរ ពិតប្រាកដ មិនមានការប្រែប្រួលជាធម្មតាឡើយ ទាំងមិនមានសេចក្តីយល់ឃើញ យ៉ាងនេះថា បើអាត្មាអញ នឹងមិនកើត បរិក្ខាររបស់អាត្មាអញ ក៏នឹងមិនកើតដែរ បើអាត្មាអញ នឹងមិនកើតទៀតទេ បរិក្ខាររបស់អាត្មាអញ ក៏នឹងមិនកើតដែរ តែជាអ្នកមានសេចក្តីសង្ស័យងឿងឆ្ងល់ មិនដល់នូវសេចក្តីចូលចិត្ត ក្នុងព្រះសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសង្ស័យ ងឿងឆ្ងល់ មិនដល់នូវសេចក្តីចូលចិត្ត ក្នុងព្រះសទ្ធម្មនោះ ឈ្មោះថា សង្ខារ។ ចុះសង្ខារនោះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ តណ្ហា កើតឡើងដល់បុថុជ្ជនជាអ្នកមិនចេះដឹង ដែលត្រូវវេទនា កើតអំពើសម្ផ័ស្សនៃអវិជ្ជាប៉ះពាល់ សង្ខារនោះ កើតមកអំពីតណ្ហាននោះ។ ម្នាលភិក្ខុទាំងឡាយ សង្ខារនោះ មិនទៀងទេ មានបច្ច័យតាក់តែងកើតឡើង ព្រោះអាស្រ័យហេតុផង តណ្ហានោះ មិនទៀង មានបច្ច័យតាក់តែងកើតឡើង ព្រោះអាស្រ័យហេតុផង វេទនានោះ មិនទៀង មានបច្ច័យតាក់តែងកើតឡើង ព្រោះអាស្រ័យហេតុផង ផស្សៈនោះ ក៏មិនទៀង មានបច្ច័យតាក់តែងកើតឡើង ព្រោះអាស្រ័យហេតុផង អវិជ្ជានោះ ក៏មិនទៀង មានបច្ច័យតាក់តែងកើតឡើង ព្រោះអាស្រ័យហេតុផង ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ រមែងអស់អាសវៈទាំងឡាយជាលំដាប់។

(បុណ្ណម)សូត្រ ទី១០

(១០. បុណ្ណមសុត្តំ)

[១៨២] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទ របស់នាងវិសាខា ជាមិគារមាតា នាបុព្វារាម ជិតក្រុងសាវត្ថី មួយអន្លើ ដោយភិក្ខុសង្ឃច្រើនរូប។ សម័យនោះឯង ព្រះមានព្រះភាគ មានភិក្ខុសង្ឃចោមរោម ទ្រង់គង់ក្នុងទីវាល នារាត្រីមានព្រះចន្ទពេញវង់ ក្នុងថ្ងៃពេញបូណ៌មី ជាឧបោសថ ទី១៥។

[១៨៣] គ្រានោះ ភិក្ខុមួយរូប ក្រោកចាកអាសនៈ ធ្វើចីពរឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ ក្រាបបង្កំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន បើព្រះមានព្រះភាគ ទ្រង់ធ្វើឱកាសបម្រុងនឹងដោះស្រាយប្រស្នា របស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ សូមទូលសួរហេតុនីមួយ ចំពោះព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុ បើដូច្នោះ អ្នកប្រាថ្នានឹងសួរប្រស្នាណា ចូរអ្នកអង្គុយលើអាសនៈ ជារបស់ខ្លួន ហើយសួរប្រស្នានោះចុះ។ ភិក្ខុនោះ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយអង្គុយលើអាសនៈ ជារបស់ខ្លួន ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ឧបាទានក្ខន្ធនេះ មាន៥ឬហ្ន៎។ ឧបាទានក្ខន្ធ ៥ ដូចម្តេចខ្លះ។ គឺឧបាទានក្ខន្ធ គឺរូប១ ឧបាទានក្ខន្ធ គឺវេទនា១ ឧបាទានក្ខន្ធ គឺសញ្ញា១ ឧបាទានក្ខន្ធ គឺសង្ខារ១ ឧបាទានក្ខន្ធ គឺវិញ្ញាណ១។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុ នេះឯងជាឧបាទានក្ខន្ធ៥។ ឧបាទានក្ខន្ធ៥ ដូចម្តេចខ្លះ។ គឺឧបាទានក្ខន្ធ គឺរូប១។បេ។ ឧបាទានក្ខន្ធ គឺវិញ្ញាណ១។

[១៨៤] ភិក្ខុនោះ ត្រេកអរ អនុមោទនាចំពោះភាសិតរបស់ព្រះមានព្រះភាគថា ប្រពៃហើយ ព្រះអង្គ រួចក្រាបបង្គំទូលសួរប្រស្នានឹងព្រះមានព្រះភាគ តទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន ចុះឧបាទានក្ខន្ធ៥នេះ មានអ្វីជាឫស។ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុ ឧបាទានក្ខន្ធ៥នេះឯង មានឆន្ទៈជាឫស។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាទាននោះឬហ្ន៎ ជាឧបាទានក្ខន្ធ ទាំង៥នោះ ឬថា ឧបាទានផ្សេងអំពីឧបាទានក្ខន្ធទាំង៥។ ម្នាលភិក្ខុ ឧបាទាននោះ ជាឧបាទានក្ខន្ធទាំង៥នោះឯង ក៏ទេ ឧបាទានផ្សេងអំពីឧបាទានក្ខន្ធទាំង៥ ក៏ទេដែរ ឯសេចក្តីត្រេកត្រអាល ក្នុងឧបាទានក្ខន្ធ ទាំង៥នោះទេតើ ជាឧបាទាន។

[១៨៥] ភិក្ខុនោះក្រាបបង្គំទូលថា ប្រពៃហើយ ព្រះអង្គ។បេ។ រួចក្រាបទូលសួរប្រស្នាតទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន ចុះសេចក្តីត្រេកត្រអាល ក្នុងឧបាទានក្ខន្ធទាំង៥ ផ្សេងទៀត មានដែរឬ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុ មាន រួចត្រាស់ថា ម្នាលភិក្ខុ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ក្នុងអនាគតកាល សូមឲ្យអញមានរូបយ៉ាងនេះ ក្នុងអនាគតកាល សូមឲ្យអញ មានវេទនាយ៉ាងនេះ ក្នុងអនាគតកាល សូមឲ្យអញមានសញ្ញាយ៉ាងនេះ ក្នុងអនាគតកាល សូមឲ្យអញមានសង្ខារ យ៉ាងនេះ ក្នុងអនាគតកាល សូមឲ្យអញមានវិញ្ញាណយ៉ាងនេះ។ ម្នាលភិក្ខុ សេចក្តីត្រេកត្រអាល ក្នុងឧបាទានក្ខន្ធទាំង៥ ផ្សេងទៀត មានយ៉ាងនេះឯង។

[១៨៦] ភិក្ខុនោះក្រាបបង្គំទូលថា ប្រពៃហើយព្រះអង្គ។បេ។ រួចក្រាបទូលសួរប្រស្នា តទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន ដោយហេតុដូចម្តេច បានជាខន្ធទាំងឡាយ មានឈ្មោះថា ខន្ធ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុ រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ដែលមានក្នុងទីឆ្ងាយ ឬក្នុងទីជិត។ នេះហៅថា រូបក្ខន្ធ។ វេទនាណា នីមួយ។ សញ្ញាណានីមួយ។ សង្ខារទាំងឡាយ ណានីមួយ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ដែលមានក្នុងទីឆ្ងាយ ឬក្នុងទីជិត។ នេះហៅថា វិញ្ញាណក្ខន្ធ។ ម្នាលភិក្ខុ ដោយហេតុប៉ុណ្ណេះឯង បានជាខន្ធទាំងឡាយ មានឈ្មោះថា ខន្ធ។

[១៨៧] ភិក្ខុនោះក្រាបបង្គំទូលថា ប្រពៃហើយព្រះអង្គ។បេ។ រួចក្រាបទូលសួរប្រស្នា តទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន ចុះអ្វីជាហេតុ អ្វីជាបច្ច័យ នៃការបញ្ញត្តិរូបក្ខន្ធ។ អ្វីជាហេតុ អ្វីជាបច្ច័យ នៃការបញ្ញត្តិវេទនាខន្ធ។ អ្វីជាហេតុ អ្វីជាបច្ច័យ នៃការបញ្ញត្តិ សញ្ញាខន្ធ។ អ្វីជាហេតុ អ្វីជាបច្ច័យ នៃការបញ្ញត្តិសង្ខារក្ខន្ធ។ អ្វីជាហេតុ អ្វីជាបច្ច័យ នៃការបញ្ញត្តិវិញ្ញាណក្ខន្ធ។ ម្នាលភិក្ខុ មហាភូតទាំង៤ ជាហេតុ មហាភូតទាំង៤ ជាបច្ច័យ នៃការបញ្ញត្តិរូបក្ខន្ធ។ ផស្សជាហេតុ ផស្សៈជាបច្ច័យ នៃការបញ្ញត្តិវេទនាខន្ធ។ ផស្សៈជាហេតុ ផស្សៈជាបច្ច័យ នៃការបញ្ញត្តិសញ្ញាខន្ធ។ ផស្សៈជាហេតុ ផស្សៈជាបច្ច័យ នៃការបញ្ញត្តិសង្ខារខន្ធ។ នាមរូប ជាហេតុ នាមរូបជាបច្ច័យ នៃការបញ្ញត្តិវិញ្ញាណក្ខន្ធ។

[១៨៨] ភិក្ខុនោះ ក្រាបបង្គំទូលថា ប្រពៃហើយ ព្រះអង្គ។បេ។ រួចក្រាបទូលសួរប្រស្នា តទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន ចុះអ្វីជាសក្កាយទិដ្ឋិ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនធ្លាប់ឃើញពួកព្រះអរិយៈ មិនឈ្លាសវៃ ក្នុងធម៌របស់ព្រះអរិយៈ មិនបានហ្វឹកហ្វឺន ក្នុងធម៌របស់ព្រះអរិយៈ មិនធ្លាប់ឃើញពួកសប្បុរស មិនឈ្លាសវៃ ក្នុងធម៌របស់សប្បុរស មិនបានហ្វឹកហ្វឺន ក្នុងធម៌របស់សប្បុរស រមែងពិចារណាឃើញរូប ថាជាខ្លួនខ្លះ ឃើញខ្លួនថាមានរូបខ្លះ ឃើញរូប ថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងរូបខ្លះ។ ឃើញវេទនា។ ឃើញសញ្ញា។ ឃើញសង្ខារទាំងឡាយ។ រមែងពិចារណាឃើញវិញ្ញាណ ថាជាខ្លួនខ្លះ ឃើញខ្លួន ថាមានវិញ្ញាណខ្លះ ឃើញវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងវិញ្ញាណខ្លះ។ ម្នាលភិក្ខុ យ៉ាងនេះឯង ឈ្មោះថា សក្កាយទិដ្ឋិ។

[១៨៩] ភិក្ខុនោះក្រាបបង្គំទូលថា ប្រពៃហើយ ព្រះអង្គ។ បេ។ រួចក្រាបទូលសួរប្រស្នា តទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន ចុះដូចម្តេច ដែលមិនមែនជាសក្កាយទិដ្ឋិ។ ម្នាលភិក្ខុ អរិយសាវ័ក ក្នុងសាសនានេះ ជាអ្នកចេះដឹង ធ្លាប់បានឃើញពួកព្រះអរិយៈ ឈ្លាសវៃ ក្នុងធម៌របស់ព្រះអរិយៈ បានហ្វឹកហ្វឺន ក្នុងធម៌របស់ព្រះអរិយៈ ជាអ្នកបានឃើញពួកសប្បុរស ឈ្លាសវៃ ក្នុងធម៌របស់សប្បុរស បានហ្វឹកហ្វឺន ក្នុងធម៌របស់សប្បុរស មិនពិចារណាឃើញរូប ថាជាខ្លួនខ្លះ មិនឃើញខ្លួន ថាមានរូបខ្លះ មិនឃើញរូប ថាមានក្នុងខ្លួនខ្លះ មិនឃើញខ្លួនថាមានក្នុងរូបខ្លះ មិនឃើញវេទនា។ មិនឃើញសញ្ញា។ មិនឃើញសង្ខារទាំងឡាយ។ មិនពិចារណាឃើញ វិញ្ញាណថាជាខ្លួនខ្លះ មិនឃើញខ្លួន ថាមានវិញ្ញាណខ្លះ មិនឃើញវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ មិនឃើញខ្លួន ថាមានក្នុងវិញ្ញាណខ្លះ។ ម្នាលភិក្ខុ យ៉ាងនេះ មិនមែនឈ្មោះថាសក្កាយទិដ្ឋិទេ។

[១៩០] ភិក្ខុនោះ ក្រាបបង្គំទូលថា ប្រពៃហើយ ព្រះអង្គ។បេ។ រួចក្រាបទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ចុះអ្វី ជាអានិសង្ស អ្វីជាទោស អ្វីជាការរលាស់ចេញ នៃរូប។ អ្វីជាអានិសង្ស របស់វេទនា។ អ្វីជាអានិសង្សរបស់សញ្ញា។ អ្វីជាអានិសង្សរបស់សង្ខារទាំងឡាយ។ អ្វីជាអានិសង្ស អ្វីជាទោស អ្វីជាការរលាស់ចេញ នៃវិញ្ញាណ។ ម្នាលភិក្ខុ សេចក្តីសុខ និងសោមនស្សណា កើតឡើងព្រោះអាស្រ័យរូប នេះជាអានិសង្សរបស់រូប រូបណា ដែលមិនទៀងជាទុក្ខ មានសភាពប្រែប្រួល នេះជាទោសរបស់រូប ការបន្ទោបង់ នូវសេចក្តីត្រេកត្រអាល ការលះបង់នូវសេចក្តីត្រេកត្រអាល ក្នុងរូបណា នេះជាការរលាស់ចេញនូវរូប។ សេចក្តីសុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យវេទនា។ ព្រះអាស្រ័យសញ្ញា។ ព្រោះអាស្រ័យសង្ខារទាំងឡាយ។ សេចក្តីសុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យវិញ្ញាណ នេះជាអានិសង្ស របស់វិញ្ញាណ វិញ្ញាណណា ដែលមិនទៀង ជាទុក្ខ មានសភាពប្រែប្រួល នេះជាទោសរបស់វិញ្ញាណ ការបន្ទោបង់ នូវសេចក្តីត្រេកត្រអាល ការលះបង់ នូវសេចក្តីត្រេកត្រអាល ក្នុងវិញ្ញាណណា នេះ ជាការរលាស់ចេញ នូវវិញ្ញាណ។

[១៩១] ភិក្ខុនោះ ត្រេកអរ អនុមោទនា ចំពោះភាសិតព្រះមានព្រះភាគថា ប្រពៃហើយ ព្រះអង្គ រួចក្រាបទូលសួរប្រស្នា នឹងព្រះមានព្រះភាគ តទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន ចុះបុគ្គល កាលដឹងដូចម្តេច ឃើញដូចម្តេច ទើបអនុស័យ គឺសេចក្តីប្រកាន់អហង្ការមមង្ការមិនមាន ក្នុងកាយ ដែលប្រកបដោយវិញ្ញាណនេះ និងក្នុងនិមិត្តទាំងពួងជាខាងក្រៅ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុ រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ដែលមានក្នុងទីឆ្ងាយ ឬក្នុងទីជិត បុគ្គលឃើញរូបទាំងអស់នុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ វេទនាណានីមួយ។ សញ្ញាណានីមួយ។ សង្ខារទាំងឡាយណានីមួយ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ដែលមានក្នុងទីឆ្ងាយ ឬក្នុងទីជិត បុគ្គលឃើញនូវវិញ្ញាណទាំងអស់នុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមសេចក្តីពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ ម្នាលភិក្ខុ កាលបុគ្គលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ទើបអនុស័យ គឺសេចក្តីប្រកាន់អហង្ការ មមង្ការ មិនមានក្នុងកាយ ដែលប្រកបដោយវិញ្ញាណនេះ និងក្នុងនិមិត្តទាំងពួងជាខាងក្រៅ។

[១៩២] សម័យនោះឯង ភិក្ខុមួយរូប មានគំនិតត្រិះរិះកើតឡើង យ៉ាងនេះថា ឱហ្ន៎ រូបជាអនត្តា។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ជាអនត្តា កម្មទាំងឡាយ ដែលអនត្តាធ្វើហើយ គង់នឹងបាននូវអត្តា ព្រោះកម្ម។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបគំនិតត្រិះរិះក្នុងចិត្ត របស់ភិក្ខុនោះហើយ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ រមែងមានជាប្រាកដ ត្រង់ដែល មោឃបុរសពួកខ្លះ ក្នុងលោកនេះ ជាអ្នកប្រកបដោយអវិជ្ជា មានចិត្តលុះក្នុងអំណាចតណ្ហា មុខជាសំគាល់នូវសាសនានៃព្រះសាស្តា ដែលខ្លួនត្រូវកាន់ថា ឱហ្ន៎ រូបជាអនត្តា។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណជាអនត្តា កម្មទាំងឡាយ ដែលអនត្តាធ្វើហើយ គង់នឹងបាននូវអត្តា ព្រោះកម្ម។ ម្នាលភិក្ខុទាំងឡាយ ការបុច្ឆាតបពាក្យសួរ តថាគតបានពន្យល់ហើយ ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ យល់សេចក្តីនោះ ក្នុងធម៌ទាំងនោះ ក្នុងទីនោះៗ ថាដូចម្តេច ម្នាលភិក្ខុទាំងឡាយ រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចំរើន របស់នោះជាទុក្ខ។ ចុះរបស់ណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះជារបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនគួរនឹងយល់ឃើញយ៉ាងនុ៎ះទេ។ ព្រោះហេតុនោះ អរិយសាវ័កក្នុងសាសនានេះ។បេ។ កាលយល់ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

និយាយអំពីខន្ធ ២លើក អំពីឧបាទាននោះឯង ដែលជារបស់គួរត្រេកអរ១ អំពីឈ្មោះរបស់ខន្ធ១ អំពីហេតុ១ អំពីសក្កាយទិដ្ឋិ ដែលព្រះមានព្រះភាគ ទ្រង់សំដែង ២លើក អំពីអានិសង្ស១ អំពីវិញ្ញាណ១ អំពីភិក្ខុសួរប្រស្នា១ ទាំង១០នេះ ព្រះមានព្រះភាគ ពោលហើយ។

ចប់ ខជ្ជនីយវគ្គ ទី៣។

ឧទ្ទានក្នុងខជ្ជនីយវគ្គនោះគឺ

និយាយអំពីអានិសង្ស១ អំពីការកើតនៃរូប មាន២លើក អំពីការយល់ឃើញរបស់ព្រះអរហន្ត និងសមណព្រាហ្មណ៍ ដទៃទៀត មាន២លើក អំពីព្រះសម្មាសម្ពុទ្ធប្រៀបដូចស្តេចសីហៈ១ អំពីការទំពាស៊ីដោយសាររូប ជាដើម១ អំពីព្រះសម្មាសម្ពុទ្ធទ្រង់ស្តេចទៅបិណ្ឌបាត ក្នុងក្រុងកបិលព័ស្តុ១ អំពីព្រះសម្មាសម្ពុទ្ធទ្រង់គង់ ក្នុងនគរបាលិលេយ្យ១ អំពីព្រះសម្មាសម្ពុទ្ធ ទ្រង់គង់ក្នុងទីវាល នារាត្រីពេញបូណ៌មី១។

ថេរវគ្គ (ទី៤/៩)

(៩. ថេរវគ្គោ)

(អានន្ទ)សូត្រ ទី១

(១. អានន្ទសុត្តំ)

[១៩៣] ទ្រង់គង់នៅជិតក្រុងសាវត្ថី។ ក្នុងវត្ត។ ក្នុងទីនោះ ព្រះអានន្ទមានអាយុ ហៅភិក្ខុទាំងឡាយថា អាវុសោភិក្ខុទាំងឡាយ។ ភិក្ខុអម្បាលនោះ ទទួលថេរវាចា របស់ព្រះអានន្ទមានអាយុថា អាវុសោ។ ព្រះអានន្ទមានអាយុ និយាយដូច្នេះថា អាវុសោទាំងឡាយ ព្រះបុណ្ណមន្តានីបុត្តមានអាយុ លោកមានឧបការៈច្រើន ដល់យើងទាំងឡាយ ដែលជាភិក្ខុថ្មីច្រើនរូប លោកតែងទូន្មានយើងទាំងឡាយ ដោយឱវាទនេះថា ម្នាលអាវុសោអានន្ទ សេចក្តីប្រកាន់ថា អញ រមែងមាន ព្រោះអាស្រ័យហេតុ មិនមាន ព្រោះមិនអាស្រ័យហេតុ។ ចុះសេចក្តីប្រកាន់ ថាអញ រមែងមាន ព្រោះអាស្រ័យហេតុអ្វី មិនមាន ព្រោះមិនអាស្រ័យហេតុអ្វី។ សេចក្តីប្រកាន់ថា អញ រមែងមាន ព្រោះអាស្រ័យរូប មិនមាន ព្រោះមិនអាស្រ័យរូប។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ សេចក្តីប្រកាន់ថាអញ រមែងមាន ព្រោះអាស្រ័យវិញ្ញាណ មិនមាន ព្រោះមិនអាស្រ័យវិញ្ញាណ។ ម្នាលអាវុសោអានន្ទ ស្ត្រី ឬបុរស កំពុងពេញកំឡោះ ពេញក្រមុំ មានជាតិជាអ្នកចូលចិត្តនឹងការស្អិតស្អាង កាលពិនិត្យមើលនិមិត្តមុខរបស់ខ្លួន ក្នុងកញ្ចក់ ដ៏បរិសុទ្ធស្អាត ឬក្នុងភាជនៈទឹកដ៏ថ្លា ក៏ឃើញ ព្រោះអាស្រ័យកញ្ចក់ ឬភាជនៈទឹក មិនឃើញ ព្រោះមិនអាស្រ័យកញ្ចក់ ឬភាជនៈទឹក ដូចម្តេចមិញ។ ម្នាលអាវុសោអានន្ទ សេចក្តីប្រកាន់ ថាអញ រមែងមាន ព្រោះអាស្រ័យរូប មិនមាន ព្រោះមិនអាស្រ័យរូប។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ សេចក្តីប្រកាន់ ថាអញ រមែងមាន ព្រោះអាស្រ័យវិញ្ញាណ មិនមាន ព្រោះមិនអាស្រ័យវិញ្ញាណ ក៏ដូច្នោះដែរ។ ម្នាលអាវុសោអានន្ទ អ្នកយល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ ម្នាលអាវុសោ មិនទៀងទេ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ ម្នាលអាវុសោ មិនទៀងទេ។ ព្រោះហេតុនោះ អរិយសាវ័កក្នុងសាសនានេះ។បេ។ ការយល់ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលអាវុសោ ព្រះបុណ្ណមន្តានីបុត្ត មានអាយុ លោកមានឧបការៈច្រើន ដល់យើងទាំងឡាយ ដែលជាភិក្ខុថ្មីច្រើនរូប លោកតែងទូន្មានយើង ដោយឱវាទនេះ មួយទៀត ធម៌ដែលយើងបានសម្រេចហើយ ក៏ព្រោះតែស្តាប់ធម៌ទេសនា របស់ព្រះបុណ្ណមន្តានីបុត្តមានអាយុនេះឯង។

(តិស្ស)សូត្រ ទី២

(២. តិស្សសុត្តំ)

[១៩៤] ទ្រង់គង់នៅជិតក្រុងសាវត្ថី។ ក្នុងវត្ត។ ក៏សម័យនោះឯង ព្រះតិស្សៈមានអាយុ ជាបុត្ត នៃព្រះបិតុច្ឆា របស់ព្រះមានព្រះភាគ បាននិយាយប្រាប់ភិក្ខុទាំងឡាយជាច្រើនរូប យ៉ាងនេះថា ម្នាលអាវុសោ កាយរបស់ខ្ញុំ ដូចជាសត្វ ដែលធ្វើនូវរសផ្អែម (មានឃ្មុំជាដើម) ទិសទាំងឡាយ មិនប្រាកដដល់ខ្ញុំ ធម៌ទាំងឡាយ មិនភ្លឺដល់ខ្ញុំ ដ្បិតថីនមិទ្ធៈ គ្របសង្កត់ចិត្តរបស់ខ្ញុំ ខ្ញុំមិនត្រេកអរនឹងប្រព្រឹត្តព្រហ្មចរិយៈផង ខ្ញុំមានសេចក្តីសង្ស័យ ក្នុងធម៌ទាំងឡាយផង។

[១៩៥] លំដាប់នោះ ភិក្ខុទាំងឡាយច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុអម្បាលនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះតិស្សៈមានអាយុ ជាបុត្តនៃព្រះបិតុច្ឆា របស់ព្រះមានព្រះភាគ និយាយប្រាប់ភិក្ខុទាំងឡាយច្រើនរូប យ៉ាងនេះថា ម្នាលអាវុសោ កាយរបស់ខ្ញុំ ដូចសត្វដែលធ្វើ នូវរសផ្អែម ទិសទាំងឡាយ មិនប្រាកដដល់ខ្ញុំ ធម៌ទាំងឡាយ មិនភ្លឺដល់ខ្ញុំ ដ្បិតថីនមិទ្ធៈគ្របសង្កត់ចិត្តរបស់ខ្ញុំ ខ្ញុំមិនត្រេកអរនឹងប្រព្រឹត្តព្រហ្មចរិយៈផង ខ្ញុំមានសេចក្តីសង្ស័យ ក្នុងធម៌ទាំងឡាយផង។ លំដាប់នោះ ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុមួយរូប មកថា ម្នាលភិក្ខុ អ្នកចូរចូលមកអាយ អ្នកចូរហៅតិស្សភិក្ខុ តាមពាក្យតថាគតថា ម្នាលអាវុសោតិស្សៈ ព្រះសាស្តា ត្រាស់ហៅលោក។ ភិក្ខុនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយចូលទៅរកព្រះតិស្សៈមានអាយុ លុះចូលទៅដល់ ក៏ប្រាប់ព្រះតិស្សៈមានអាយុ ដូច្នេះថា ម្នាលអាវុសោតិស្សៈ ព្រះសាស្តាទ្រង់ត្រាស់ហៅលោក។ ព្រះតិស្សៈមានអាយុ ទទួលស្តាប់ពាក្យ របស់ភិក្ខុនោះថា ករុណា អាវុសោ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះតិស្សៈមានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលតិស្សៈ ឮថា អ្នកនិយាយនឹងភិក្ខុទាំងឡាយច្រើនរូប យ៉ាងនេះថា ម្នាលអាវុសោ កាយរបស់ខ្ញុំ ដូចជាសត្វ ដែលធ្វើនូវរសផ្អែម។បេ។ ខ្ញុំមានសេចក្តីសង្ស័យ ក្នុងធម៌ទាំងឡាយផង ដូច្នេះ ពិតឬ។ ព្រះតិស្សៈមានអាយុ ក្រាបបង្គំទូលថា យ៉ាងនុ៎ះមែន ព្រះអង្គ។ ម្នាលតិស្សៈ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច កាលបើបុគ្គល មានតម្រេកមិនទាន់ទៅប្រាស មានសេចក្តីពេញចិត្តមិនទាន់ទៅប្រាស មានសេចក្តីស្រឡាញ់មិនទាន់ទៅប្រាស មានសេចក្តីស្រេកឃ្លានមិនទាន់ទៅប្រាស មានសេចក្តីក្រហល់ក្រហាយមិនទាន់ទៅប្រាស មានតណ្ហាមិនទាន់ទៅប្រាសចាករូបទេ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ការតានតឹង ក្នុងចិត្តទាំងឡាយ តែងកើតឡើង ព្រោះសេចក្តីប្រែប្រួលទៅជាយ៉ាងដទៃ នៃរូបនោះឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលតិស្សៈ ប្រពៃហើយ ប្រពៃហើយ ម្នាលតិស្សៈ កាលបើបុគ្គលមានតម្រេកមិនទាន់ទៅប្រាសចាករូប យ៉ាងណា ដំណើរនុ៎ះ រមែងមាន យ៉ាងនុ៎ះឯង។ កាលបើបុគ្គលមានតម្រេកមិនទាន់ទៅប្រាសចាកវេទនា។ ចាកសញ្ញា។ ចាកសង្ខារទាំងឡាយ។បេ។ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ការតានតឹងក្នុងចិត្តទាំងឡាយ តែងកើតឡើង ព្រោះសេចក្តីប្រែប្រួលទៅជាយ៉ាងដទៃ នៃសង្ខារទាំងនោះឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលតិស្សៈ ប្រពៃហើយ ប្រពៃហើយ ម្នាលតិស្សៈ កាលបើបុគ្គលមានតម្រេកមិនទាន់ទៅប្រាស ចាកសង្ខារទាំងឡាយ យ៉ាងណា ដំណើរនុ៎ះ រមែងមាន យ៉ាងនុ៎ះឯង។ កាលបើបុគ្គល មានតម្រេកមិនទាន់ទៅប្រាស មានសេចក្តីពេញចិត្តមិនទាន់ទៅប្រាស មានសេចក្តីស្រឡាញ់មិនទាន់ទៅប្រាស មានសេចក្តីស្រេកឃ្លានមិនទាន់ទៅប្រាស មានសេចក្តីក្រហល់ក្រហាយមិនទាន់ទៅប្រាស មានតណ្ហាមិនទាន់ទៅប្រាស ចាកវិញ្ញាណ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីតានតឹង ក្នុងចិត្តទាំងឡាយ តែងកើតឡើង ព្រោះសេចក្តីប្រែប្រួលទៅជាយ៉ាងដទៃ នៃវិញ្ញាណនោះឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលតិស្សៈ ប្រពៃហើយ ប្រពៃហើយ ម្នាលតិស្សៈ កាលបើបុគ្គលមានតម្រេកមិនទាន់ទៅប្រាស ចាកវិញ្ញាណ យ៉ាងណា ដំណើរនុ៎ះ រមែងមានយ៉ាងនុ៎ះឯង។

[១៩៦] ម្នាលតិស្សៈ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច កាលបើបុគ្គល មានតម្រេកទៅប្រាសហើយ មានសេចក្តីពេញចិត្តទៅប្រាសហើយ មានសេចក្តីស្រឡាញ់ទៅប្រាសហើយ មានសេចក្តីស្រេកឃ្លានទៅប្រាសហើយ មានសេចក្តីក្រហល់ក្រហាយទៅប្រាសហើយ មានតណ្ហាទៅប្រាសហើយ ចាករូប តើសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីតានតឹង ក្នុងចិត្តទាំងឡាយកើតឡើង ព្រោះសេចក្តីប្រែប្រួលទៅជាយ៉ាងដទៃ នៃរូបនោះដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ ម្នាលតិស្សៈ ប្រពៃហើយ ប្រពៃហើយ ម្នាលតិស្សៈ កាលបើបុគ្គលមានតម្រេកទៅប្រាសហើយ ចាករូប យ៉ាងណា ដំណើរនុ៎ះ រមែងមាន យ៉ាងនុ៎ះឯង។ កាលបើបុគ្គល មានតម្រេកទៅប្រាសហើយ មានសេចក្តីពេញចិត្តទៅប្រាសហើយ មានសេចក្តីស្រឡាញ់ទៅប្រាសហើយ មានសេចក្តីស្រេកឃ្លានទៅប្រាសហើយ មានសេចក្តីក្រហល់ក្រហាយទៅប្រាសហើយ មានតណ្ហាទៅប្រាសហើយ ចាកវេទនា។ ចាកសញ្ញា។ ចាកសង្ខារទាំងឡាយ។ ចាកវិញ្ញាណ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីតានតឹងក្នុងចិត្ត តែងកើតឡើង ព្រោះសេចក្តីប្រែប្រួលទៅជាយ៉ាងដទៃ នៃវិញ្ញាណនោះដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ ម្នាលតិស្សៈ ប្រពៃហើយ ប្រពៃហើយ ម្នាលតិស្សៈ កាលបើបុគ្គល មានតម្រេកទៅប្រាសហើយ ចាកវិញ្ញាណយ៉ាងណា ដំណើរនុ៎ះ រមែងមានយ៉ាងនុ៎ះឯង។ ម្នាលតិស្សៈ អ្នកសំគាល់សេចក្តីនោះដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ព្រោះហេតុនោះ អរិយសាវ័ក ក្នុងសាសនានេះ។បេ។ យល់ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[១៩៧] ព្រះមានព្រះភាគត្រាស់ថា ម្នាលតិស្សៈ ដូចជាបុរសពីរនាក់ បុរសម្នាក់ជាអ្នកមិនស្ទាត់ក្នុងផ្លូវ បុរសម្នាក់ ជាអ្នកស្ទាត់ក្នុងផ្លូវ បុរស ដែលមិនស្ទាត់ក្នុងផ្លូវនោះ សួរផ្លូវឯណោះ នឹងបុរសដែលស្ទាត់ក្នុងផ្លូវនោះ បុរសដែលស្ទាត់ក្នុងផ្លូវប្រាប់យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន នេះផ្លូវ ចូរអ្នកទៅតាមផ្លូវនោះបន្តិចចុះ លុះអ្នកទៅតាមផ្លូវនោះបន្តិចទៅ នឹងឃើញផ្លូវបែកជាពីរ បណ្តាផ្លូវទាំងពីរនោះ ចូរអ្នកលះបង់ផ្លូវខាងឆ្វេង កាន់យកផ្លូវខាងស្តាំ ចូរអ្នកទៅតាមផ្លូវខាងស្តាំនោះបន្តិចទៀត លុះអ្នកទៅតាមផ្លូវខាងស្តាំនោះបន្តិចទៅ នឹងបានឃើញដងព្រៃស្រោង ចូរអ្នកទៅតាមដងព្រៃស្រោងនោះ បន្តិចទៀត លុះអ្នកទៅតាមដងព្រៃស្រោងនោះ បន្តិចទៅ នឹងបានឃើញល្បាប់ទំនាបធំ ចូរអ្នកទៅតាមល្បាប់ទំនាបធំនោះ បន្តិចទៀត លុះអ្នកទៅតាមល្បាប់ទំនាបធំនោះបន្តិចទៅ នឹងបានឃើញអូរ និងជ្រោះ ចូរអ្នកទៅតាមអូរ និងជ្រោះនោះបន្តិចទៀត លុះអ្នកទៅតាមអូរ និងជ្រោះនោះបន្តិចទៅ នឹងបានឃើញភូមិភាគ ដ៏រាបស្មើ គួរជាទីត្រេកអរ។ ម្នាលតិស្សៈ តថាគត ធ្វើសេចក្តីឧបមានេះ ដើម្បីឲ្យអ្នកយល់សេចក្តី នេះឯង ជាសេចក្តីអធិប្បាយ ក្នុងដំណើរនុ៎ះ។ ម្នាលតិស្សៈ ពាក្យថា បុរសមិនស្ទាត់ក្នុងផ្លូវ នុ៎ះ ជាឈ្មោះ របស់បុថុជ្ជន។ ម្នាលតិស្សៈ ពាក្យថា បុរសស្ទាត់ក្នុងផ្លូវនុ៎ះ ជាឈ្មោះរបស់ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ។ ម្នាលតិស្សៈ ពាក្យថា ផ្លូវបែកជាពីរនុ៎ះ ជាឈ្មោះ របស់វិចិកិច្ឆា។ ម្នាលតិស្សៈ ពាក្យថា ផ្លូវខាងឆ្វេងនុ៎ះ ជាឈ្មោះរបស់ផ្លូវខុស ប្រកបដោយអង្គ៨។ អង្គ៨ តើដូចម្តេច។ គឺមិច្ឆាទិដ្ឋិ។បេ។ មិច្ឆាសមាធិ។ ម្នាលតិស្សៈ ពាក្យថា ផ្លូវខាងស្តាំនុ៎ះ ជាឈ្មោះរបស់ផ្លូវ ប្រកបដោយអង្គ៨។ អង្គ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ។បេ។ សម្មាសមាធិ។ ម្នាលតិស្សៈ ពាក្យថា ដងព្រៃស្រោងនុ៎ះ ជាឈ្មោះរបស់អវិជ្ជា។ ម្នាលតិស្សៈ ពាក្យថា ល្បាប់ទំនាបធំនុ៎ះ ជាឈ្មោះរបស់កាមទាំងឡាយ។ ម្នាលតិស្សៈ ពាក្យថា អូរ និងជ្រោះនុ៎ះ ជាឈ្មោះរបស់សេចក្តីក្រោធ និងសេចក្តីតានតឹងក្នុងចិត្ត។ ម្នាលតិស្សៈ ពាក្យថា ភូមិភាគ ដ៏រាបស្មើ គួរជាទីត្រេកអរនុ៎ះ ជាឈ្មោះរបស់ព្រះនិព្វាន។ ម្នាលតិស្សៈ ចូរអ្នកត្រេកអរចុះ ម្នាលតិស្សៈ ចូរអ្នកត្រេកអរចុះថា អាត្មាអញ ត្រេកអរដោយឱវាទ អាត្មាអញ ត្រេកអរ ដោយសេចក្តីអនុគ្រោះ អាត្មាអញ ត្រេកអរ ដោយពាក្យប្រៀនប្រដៅ។ ព្រះមានព្រះភាគ បានត្រាស់ព្រះសូត្រនេះចប់ហើយ។ ព្រះតិស្សៈមានអាយុ មានចិត្តត្រេកអររីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ។

(យមក)សូត្រ ទី៣

(៣. យមកសុត្តំ)

[១៩៨] សម័យមួយ ព្រះសារីបុត្តមានអាយុ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក៏សម័យនោះឯង ភិក្ខុឈ្មោះ យមកៈ កើតទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះថា អញយល់ច្បាស់នូវធម៌ ដែលព្រះមានព្រះភាគសំដែងហើយថា ភិក្ខុជាខីណាស្រព តែទម្លាយកាយហើយ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងដាច់សូន្យទៅ មិនកើតទៀតទេ។ ភិក្ខុទាំងឡាយច្រើនរូប បានឮថា យមកភិក្ខុ កើតទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះថា អញយល់ច្បាស់នូវធម៌ ដែលព្រះមានព្រះភាគសំដែងហើយថា ភិក្ខុជាខីណាស្រព តែទម្លាយកាយហើយ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងដាច់សូន្យទៅ មិនកើតទៀតទេ។ លំដាប់នោះ ភិក្ខុអម្បាលនោះ ចូលទៅរកយមកភិក្ខុមានអាយុ លុះចូលទៅដល់ហើយ ក៏រាក់ទាក់ជាមួយនឹងយមកភិក្ខុមានអាយុ លុះបញ្ចប់ពាក្យគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះភិក្ខុអម្បាលនោះ អង្គុយក្នុងទីសមគួរហើយ ទើបពោលនឹងយមកភិក្ខុមានអាយុ ដូច្នេះថា ម្នាលអាវុសោយមកៈ ឮថា លោកកើតទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះថា អញយល់ច្បាស់នូវធម៌ ដែលព្រះមានព្រះភាគសំដែងហើយថា ភិក្ខុជាខីណាស្រព តែទម្លាយកាយហើយ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងដាច់សូន្យទៅ មិនកើតទៀត ដូច្នេះពិតឬ។ យមកភិក្ខុមានអាយុ ឆ្លើយថា ម្នាលអាវុសោ យ៉ាងហ្នឹងមែនហើយ ខ្ញុំយល់ច្បាស់នូវធម៌ដែលព្រះមានព្រះភាគ សំដែងហើយថា ភិក្ខុជាខីណាស្រព តែទម្លាយកាយហើយ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងដាច់សូន្យ មិនកើតទៀតទេ។ ម្នាលអាវុសោយមកៈ លោកកុំពោលយ៉ាងនេះឡើយ លោកកុំពោលបង្កាច់ព្រះមានព្រះភាគឡើយ ការពោលបង្កាច់ព្រះមានព្រះភាគ មិនល្អទេ ព្រោះព្រះមានព្រះភាគ មិនមែនត្រាស់យ៉ាងនេះថា ភិក្ខុជាខីណាស្រព តែទម្លាយកាយហើយ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងដាច់សូន្យ មិនកើតទៀត យ៉ាងនេះទេ។ កាលភិក្ខុអម្បាលនោះ ពោល (ហាមឃាត់) យ៉ាងនេះហើយ យមកភិក្ខុមានអាយុ ក៏នៅតែកួចកាន់ ស្ទាបអង្អែលទិដ្ឋិអាក្រក់នោះ ដូច្នោះដដែល ហើយពោលថា ខ្ញុំយល់ច្បាស់ នូវធម៌ដែលព្រះមានព្រះភាគ សំដែងហើយថា ភិក្ខុជាខីណាស្រព តែទម្លាយកាយហើយ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងដាច់សូន្យបាត់ទៅ មិនកើតទៀតទេ។ កាលបើភិក្ខុអម្បាលនោះ មិនអាចរំដោះយមកភិក្ខុមានអាយុ ចាកទិដ្ឋិអាក្រក់នេះបានទេ។ ទើបភិក្ខុអម្បាលនោះ ក្រោកចាកអាសនៈ ចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលអាវុសោ សារីបុត្ត យមកភិក្ខុ កើតទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះថា អញយល់ច្បាស់ នូវធម៌ដែលព្រះមានព្រះភាគ សំដែងហើយថា ភិក្ខុជាខីណាស្រព តែទម្លាយកាយហើយ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងដាច់សូន្យទៅ មិនកើតទៀតទេ សូមព្រះសារីបុត្តមានអាយុ និមន្តចូលទៅរកយមកភិក្ខុ ដើម្បីធ្វើនូវសេចក្តីអនុគ្រោះ។ ព្រះសារីបុត្តមានអាយុ ក៏ទទួលដោយតុណ្ហីភាព។

[១៩៩] លំដាប់នោះ ព្រះសារីបុត្តមានអាយុ ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅរកយមកភិក្ខុមានអាយុ លុះចូលទៅដល់ ក៏ពោលពាក្យរាក់ទាក់ ជាមួយនឹងយមកភិក្ខុមានអាយុ។បេ។ លុះព្រះសារីបុត្តមានអាយុ គង់ក្នុងទីសមគួរហើយ ក៏ពោលនឹងយមកភិក្ខុមានអាយុ ដូច្នេះថា ម្នាលអាវុសោយមកៈ ឮថា លោកកើតទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះថា អញយល់ច្បាស់ នូវធម៌ដែលព្រះមានព្រះភាគ សំដែងហើយថា ភិក្ខុជាខីណាស្រព តែទម្លាយកាយហើយ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងដាច់សូន្យទៅ មិនកើតទៀត ដូច្នេះ មែនឬ។ យមកភិក្ខុមានអាយុ ឆ្លើយថា យ៉ាងហ្នឹងមែនហើយ ម្នាលអាវុសោ ខ្ញុំយល់ច្បាស់ នូវធម៌ដែលព្រះមានព្រះភាគ សំដែងហើយថា ភិក្ខុជាខីណាស្រព តែទម្លាយកាយហើយ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងដាច់សូន្យទៅ មិនកើតទៀតទេ។ ម្នាលអាវុសោយមកៈ លោកសំគាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ អាវុសោ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ អាវុសោ។ ព្រោះហេតុនោះ អរិយសាវ័កក្នុងសាសនានេះ។បេ។ ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[២០០] ម្នាលអាវុសោយមកៈ លោកសំគាល់សេចក្តីនោះ ដូចម្តេច លោកពិចារណាឃើញរូប ថាជាសត្វឬ។ មិនដូច្នោះទេ អាវុសោ។ ព្រះសារីបុត្តសួរថា លោកពិចារណាឃើញវេទនា ថាជាសត្វឬ។ មិនដូច្នោះទេ អាវុសោ។ សញ្ញា។ សង្ខារទាំងឡាយ។ លោកពិចារណាឃើញវិញ្ញាណ ថាជាសត្វឬ។ មិនដូច្នោះទេ អាវុសោ។

[២០១] ម្នាលអាវុសោយមកៈ លោកសំគាល់សេចក្តីនោះ ដូចម្តេច លោកពិចារណាឃើញថា សត្វមានក្នុងរូបឬ។ មិនដូច្នោះទេ អាវុសោ។ លោកពិចារណាឃើញថា សត្វផ្សេងពីរូបឬ។ មិនដូច្នោះទេ អាវុសោ។ ក្នុងវេទនា។បេ។ ផ្សេងពីវេទនា។បេ។ ក្នុងសញ្ញា។ ផ្សេងពីសញ្ញា។ ក្នុងសង្ខារទាំងឡាយ។ ផ្សេងពីសង្ខារទាំងឡាយ។ លោកពិចារណាឃើញថា សត្វមានក្នុងវិញ្ញាណឬ។ មិនដូច្នោះទេ អាវុសោ។ លោកពិចារណាឃើញថា សត្វផ្សេងពីវិញ្ញាណឬ។ មិនដូច្នោះទេ អាវុសោ។

[២០២] ម្នាលអាវុសោយមកៈ លោកសំគាល់សេចក្តីនោះ ដូចម្តេច លោកពិចារណាឃើញរូប។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ថាជាសត្វឬ។ មិនដូច្នោះទេ អាវុសោ។

[២០៣] ម្នាលអាវុសោយមកៈ លោកសំគាល់សេចក្តីនោះ ដូចម្តេច លោកពិចារណាឃើញសត្វនេះថា មិនមានរូប មិនមានវេទនា មិនមានសញ្ញា មិនមានសង្ខារ មិនមានវិញ្ញាណឬ។ មិនដូច្នោះទេ អាវុសោ។ ម្នាលអាវុសោយមកៈ ក្នុងស្ថាននេះ កាលបើលោកកំណត់សត្វ ថាទៀង ថាពិត ក្នុងបច្ចុប្បន្នហើយ ការព្យាករណ៍ របស់លោកនោះ គួរហើយឬ ថាអញយល់ច្បាស់នូវធម៌ ដែលព្រះមានព្រះភាគ សម្តែងហើយថា ភិក្ខុជាខីណាស្រព តែទម្លាយកាយហើយ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងដាច់សូន្យបាត់ទៅ មិនកើតទៀត។ ម្នាលអាវុសោសារីបុត្ត កាលពីដើម ខ្ញុំមិនដឹងថា ទិដ្ឋិរបស់ខ្ញុំនោះ ជាទិដ្ឋិអាក្រក់ ឥឡូវនេះ ខ្ញុំលះបង់ទិដ្ឋិអាក្រក់នោះហើយ ព្រោះបានស្តាប់ធម្មទេសនា របស់ព្រះសារីបុត្តមានអាយុនេះ មួយទៀត ខ្ញុំក៏បានសម្រេចធម៌វិសេសហើយ។

[២០៤] ម្នាលអាវុសោយមកៈ បើជនទាំងឡាយសួរលោកយ៉ាងនេះថា ម្នាលអាវុសោយមកៈ ភិក្ខុណា ជាអរហន្តខីណាស្រព ភិក្ខុនោះ ទម្លាយកាយហើយ ខាងមុខអំពីសេចក្តីស្លាប់ទៅ នឹងកើតទៀតឬ ម្នាលអាវុសោយមកៈ កាលបើគេសួរយ៉ាងនេះ លោកគប្បីព្យាករ (ឆ្លើយ) ដូចម្តេចទៅ។ ម្នាលអាវុសោ បើគេសួរខ្ញុំ យ៉ាងនេះថា ម្នាលអាវុសោយមកៈ ភិក្ខុណា ជាអរហន្ត ខីណាស្រព ភិក្ខុនោះ លុះទម្លាយកាយហើយ ខាងមុខអំពីសេចក្តីស្លាប់ទៅ នឹងកើតទៀតឬ ម្នាលអាវុសោ កាលបើគេសួរយ៉ាងនេះ ខ្ញុំគប្បីព្យាករយ៉ាងនេះថា ម្នាលអាវុសោ រូបមិនទៀងទេ រូបណាមិនទៀង រូបនោះជាទុក្ខ រូបណាជាទុក្ខ រូបនោះ រលត់ទៅ ដល់នូវសេចក្តីវិនាសទៅ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនទៀងទេ វិញ្ញាណណា មិនទៀង វិញ្ញាណនោះជាទុក្ខ វិញ្ញាណណាជាទុក្ខ វិញ្ញាណនោះ រលត់ទៅ ដល់នូវសេចក្តីវិនាសទៅ ម្នាលអាវុសោ កាលបើគេសួរយ៉ាងនេះ ខ្ញុំគប្បីព្យាករយ៉ាងនេះឯង។

[២០៥] ម្នាលអាវុសោយមកៈ ប្រពៃហើយ ប្រពៃហើយ ម្នាលអាវុសោយមកៈ បើដូច្នោះ ខ្ញុំនឹងធ្វើសេចក្តីឧបមាឲ្យលោកស្តាប់ ដើម្បីឲ្យដឹងសេចក្តីនោះ ច្បាស់លាស់ឡើងទៀត។ ម្នាលអាវុសោយមកៈ ដូចជាគហបតី ឬគហបតិបុត្ត ជាអ្នកស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន គហបតី ឬគហបតិបុត្តនោះ ក៏ប្រកបដោយការរក្សាមាំមួន ទោះបីបុរសណាមួយ ចង់ឲ្យគហបតី ឬគហបតិបុត្តនោះវិនាស ចង់ឲ្យខូចប្រយោជន៍ មិនចង់ឲ្យក្សេមក្សាន្តចាកយោគៈ ចង់សម្លាប់គហបតី ឬគហបតិបុត្តនោះ បុរសនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា គហបតី ឬគហបតិបុត្តនេះឯង ជាអ្នកស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន គហបតី ឬគហបតិបុត្តនោះ ក៏ប្រកបដោយការរក្សាមាំមួន អញមិនងាយនឹងកំហែងសម្លាប់គហបតី ឬគហបតិបុត្តនេះបានទេ បើដូច្នោះ មានតែអញចូលទៅលួងលោមហើយ សឹមសម្លាប់។ បុរសនោះ ក៏ចូលទៅរកគហបតី ឬគហបតិបុត្តនោះ ហើយនិយាយ យ៉ាងនេះថា សូមមេត្តាប្រោស ខ្ញុំបាទសូមបម្រើលោក។ គហបតី ឬគហបតិបុត្តនោះ ក៏ឲ្យបុរសនោះបម្រើ លុះបុរសនោះ ចូលទៅបម្រើ ក៏ក្រោកឡើងមុន ដេកក្រោយ ទទួលធ្វើការអ្វីៗ ប្រព្រឹត្តជាទីគាប់ចិត្ត ពោលពាក្យជាទីស្រឡាញ់ នៃគហបតី ឬគហបតិបុត្តនោះ លុះគហបតី ឬគហបតិបុត្តនោះ ជឿបុរសនោះថាជាមិត្តផង ជឿបុរសនោះ ថាជាបុគ្គលមានចិត្តល្អផង ហើយក៏ដល់នូវសេចក្តីស្និទ្ធស្នាល នឹងបុរសនោះ។ ម្នាលអាវុសោ កាលណាបើបុរសនោះ គិតយ៉ាងនេះថា គហបតី ឬគហបតិបុត្តនេះ អញបានស្និទ្ធស្នាលល្អហើយ លុះវេលាខាងក្រោយដឹងថា គហបតី ឬគហបតិបុត្តនោះ នៅក្នុងទីស្ងាត់ ក៏សម្លាប់ដោយសស្ត្រាដ៏មុត។ ម្នាលអាវុសោយមកៈ លោកសំគាល់សេចក្តីនោះ ដូចម្តេច កាលដែលបុរសនោះ ចូលទៅរកគហបតី ឬគហបតិបុត្តឯណោះ ហើយនិយាយ យ៉ាងនេះថា សូមមេត្តាប្រោស ខ្ញុំបាទសូមបម្រើលោក គហបតី ឬគហបតិបុត្ត ដែលត្រូវគេសម្លាប់នោះឯង មិនស្គាល់បុរសអ្នកសម្លាប់ថា ជាអ្នកសម្លាប់ខ្លួនទេឬ។ កាលដែលបុរសនោះ ចូលទៅបម្រើ ក៏ក្រោកឡើងមុន ដេកក្រោយ ទទួលធ្វើការអ្វីៗ ប្រព្រឹត្តជាទីពេញចិត្ត ពោលពាក្យជាទីស្រឡាញ់ គហបតី ឬគហបតិបុត្ត ដែលត្រូវគេសម្លាប់នោះឯង មិនស្គាល់បុរសអ្នកសម្លាប់ថា ជាអ្នកសម្លាប់ខ្លួនទេ។ កាលដែលបុរសនោះដឹងថា គហបតី ឬគហបតិបុត្តនោះ នៅក្នុងទីស្ងាត់ហើយ ក៏សម្លាប់ដោយសស្ត្រាដ៏មុត តើគហបតី ឬគហបតិបុត្ត ដែលត្រូវគេសម្លាប់នោះឯង មិនស្គាល់បុរសអ្នកសម្លាប់ ថាជាអ្នកសម្លាប់ខ្លួនទេឬ។ យ៉ាងហ្នឹងឯង អាវុសោ។

[២០៦] ព្រះសារីបុត្តពោលថា ម្នាលអាវុសោ បុថុជ្ជនអ្នកមិនចេះដឹង មិនធ្លាប់ឃើញពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងអរិយធម៌ មិនហ្វឹកហ្វឺនក្នុងអរិយធម៌ មិនឃើញពួកសប្បុរស មិនឈ្លាសវៃ ក្នុងសប្បុរិសធម៌ មិនហ្វឹកហ្វឺនក្នុងសប្បុរិសធម៌ រមែងឃើញរូប ថាជាខ្លួនខ្លះ ឃើញខ្លួន ថាមានរូបខ្លះ ឃើញរូប ថាមានក្នុងខ្លួនខ្លះ ឃើញខ្លួន ថាមានក្នុងរូបខ្លះ។ ឃើញវេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ថាជាខ្លួន។បេ។ ឃើញខ្លួន ថាមានក្នុងវិញ្ញាណខ្លះ។ បុថុជ្ជននោះ រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវរូបមិនទៀង ថារូបមិនទៀង រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវវេទនាមិនទៀង ថាវេទនាមិនទៀង រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវសញ្ញាមិនទៀង ថាសញ្ញាមិនទៀង រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវសង្ខារទាំងឡាយមិនទៀង ថាសង្ខារទាំងឡាយ មិនទៀងឡើយ រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវវិញ្ញាណមិនទៀង ថាវិញ្ញាណមិនទៀងឡើយ។ រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវរូបជាទុក្ខ ថារូបជាទុក្ខឡើយ។ នូវវេទនាជាទុក្ខ។ នូវសញ្ញាជាទុក្ខ។ នូវសង្ខារទាំងឡាយជាទុក្ខ។ រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវវិញ្ញាណជាទុក្ខ ថាវិញ្ញាណជាទុក្ខឡើយ។ រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវរូបមិនមែនខ្លួន ថារូបមិនមែនខ្លួនឡើយ។ នូវវេទនាមិនមែនខ្លួន។ នូវសញ្ញាមិនមែនខ្លួន។ នូវសង្ខារទាំងឡាយមិនមែនខ្លួន។ រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវវិញ្ញាណមិនមែនខ្លួន ថាវិញ្ញាណមិនមែនខ្លួនឡើយ។ រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវរូបមានបច្ច័យតាក់តែង ថារូបមានបច្ច័យតាក់តែងឡើយ។ នូវវេទនាមានបច្ច័យតាក់តែង។ នូវសញ្ញាមានបច្ច័យតាក់តែង។ នូវសង្ខារទាំងឡាយ មានបច្ច័យតាក់តែង។ រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវវិញ្ញាណមានបច្ច័យតាក់តែង ថាវិញ្ញាណមានបច្ច័យតាក់តែងឡើយ។ រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវរូបជាអ្នកសម្លាប់ ថារូបជាអ្នកសម្លាប់ឡើយ។ នូវវេទនាជាអ្នកសម្លាប់។ នូវសញ្ញាជាអ្នកសម្លាប់។ នូវសង្ខារទាំងឡាយជាអ្នកសម្លាប់។ រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវវិញ្ញាណជាអ្នកសម្លាប់ ថាវិញ្ញាណជាអ្នកសម្លាប់ឡើយ។ បុថុជ្ជននោះ រមែងចូលទៅប្រកាន់ខ្ជាប់ តាំងចិត្តស៊ប់ នូវរូបថាជាខ្លួនរបស់អញ។ រមែងចូលទៅប្រកាន់ខ្ជាប់ តាំងចិត្តស៊ប់ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ នូវវិញ្ញាណ ថាជាខ្លួនរបស់អញ។ ឧបាទានក្ខន្ធ ទាំង៥នេះ ដែលបុថុជ្ជននោះ ចូលទៅប្រកាន់ខ្ជាប់ហើយ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខ អស់កាលជាអង្វែង។

[២០៧] ព្រះសារីបុត្តពោលថា ម្នាលអាវុសោ ឯអរិយសាវ័ក ជាអ្នកចេះដឹង បានឃើញពួកព្រះអរិយៈ ឈ្លាសវៃ ក្នុងអរិយធម៌ ហ្វឹកហ្វឺនក្នុងអរិយធម៌។បេ។ ជាអ្នកហឹ្វកហ្វឺនក្នុងសប្បុរិសធម៌ រមែងមិនឃើញរូបថាជាខ្លួន មិនឃើញខ្លួនថាមានរូបខ្លះ មិនឃើញរូបថាមានក្នុងខ្លួនខ្លះ មិនឃើញខ្លួន ថាមានក្នុងរូបខ្លះ។ មិនឃើញវេទនា។ មិនឃើញសញ្ញា។ មិនឃើញសង្ខារទាំងឡាយ។ មិនឃើញវិញ្ញាណ ថាជាខ្លួន មិនឃើញខ្លួន ថាមានវិញ្ញាណខ្លះ មិនឃើញវិញ្ញាណថាមានក្នុងខ្លួនខ្លះ មិនឃើញខ្លួន ថាមានក្នុងវិញ្ញាណខ្លះ។ អរិយសាវ័កនោះ ដឹងច្បាស់តាមសេចក្តីពិត នូវរូបមិនទៀងថា រូបមិនទៀងមែន។ នូវវេទនាមិនទៀង។ នូវសញ្ញាមិនទៀង។ នូវសង្ខារទាំងឡាយមិនទៀង។ ដឹងច្បាស់តាមសេចក្តីពិត នូវវិញ្ញាណមិនទៀង ថា វិញ្ញាណមិនទៀងមែន។ ដឹងច្បាស់តាមសេចក្តីពិត នូវរូបជាទុក្ខថា រូបជាទុក្ខមែន។ ដឹងច្បាស់តាមសេចក្តីពិត នូវវេទនាជាទុក្ខ។ នូវសញ្ញាជាទុក្ខ។ នូវសង្ខារទាំងឡាយជាទុក្ខ។ នូវវិញ្ញាណជាទុក្ខ ថាវិញ្ញាណជាទុក្ខមែន។ ដឹងច្បាស់តាមសេចក្តីពិត នូវរូបមិនមែនខ្លួនថា រូបមិនមែនខ្លួនមែន។ ដឹងច្បាស់តាមសេចក្តីពិតនូវវេទនាមិនមែនខ្លួន។ នូវសញ្ញាមិនមែនខ្លួន។ នូវសង្ខារទាំងឡាយមិនមែនខ្លួន។ នូវវិញ្ញាណមិនមែនខ្លួនថា វិញ្ញាណមិនមែនខ្លួនមែន។ ដឹងច្បាស់តាមសេចក្តីពិត នូវរូបមានបច្ច័យតាក់តែងថា រូបមានបច្ច័យតាក់តែងមែន។ ដឹងច្បាស់តាមសេចក្តីពិត នូវវេទនា មានបច្ច័យតាក់តែង។ នូវសញ្ញា មានបច្ច័យតាក់តែង។ នូវសង្ខារទាំងឡាយមានបច្ច័យតាក់តែង។ នូវវិញ្ញាណមានបច្ច័យតាក់តែងថា វិញ្ញាណមានបច្ច័យតាក់តែងមែន។ ដឹងច្បាស់តាមសេចក្តីពិត នូវរូបជាអ្នកសម្លាប់ថា រូបជាអ្នកសម្លាប់មែន។ ដឹងច្បាស់តាមសេចក្តីពិត នូវវេទនាជាអ្នកសម្លាប់។ នូវសញ្ញាជាអ្នកសម្លាប់។ នូវសង្ខារទាំងឡាយជាអ្នកសម្លាប់ថា សង្ខារទាំងឡាយជាអ្នកសម្លាប់មែន។ ដឹងច្បាស់តាមសេចក្តីពិត នូវវិញ្ញាណជាអ្នកសម្លាប់ថា វិញ្ញាណជាអ្នកសម្លាប់មែន។ អរិយសាវ័កនោះ ក៏មិនចូលទៅជិត មិនប្រកាន់ខ្ជាប់ មិនតាំងចិត្តស៊ប់ នូវរូប ថាជាខ្លួនរបស់អញ។ មិនចូលទៅជិត មិនប្រកាន់ខ្ជាប់ មិនតាំងចិត្តស៊ប់ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ នូវវិញ្ញាណ ថាជាខ្លួនរបស់អញ។ ឧបាទានក្ខន្ធ ទាំង៥នេះ ដែលអរិយសាវ័កនោះ មិនចូលទៅជិត មិនប្រកាន់ខ្ជាប់ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលជាអង្វែង។ យមកភិក្ខុតបថា ម្នាលអាវុសោ សារីបុត្ត សេចក្តីនុ៎ះ យ៉ាងហ្នឹងមែនហើយ បណ្តាលោកមានអាយុទាំងឡាយណា លោកមានអាយុទាំងឡាយនោះ ប្រាកដដូចជាលោកម្ចាស់ ឈ្មោះថា ជាសព្រហ្មចារី ជាអ្នកអនុគ្រោះ ចង់ឲ្យបានប្រយោជន៍ ជាអ្នកឲ្យឱវាទ ជាអ្នកប្រៀនប្រដៅមែន ឯចិត្តរបស់ខ្ញុំ រួចចាកអាសវៈ មិនប្រកាន់មាំហើយ ព្រោះបានស្តាប់ធម្មទេសនានេះ របស់ព្រះសារីបុត្តមានអាយុ។

(អនុរាធ)សូត្រ ទី៤

(៤. អនុរាធសុត្តំ)

[២០៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលី។ សម័យនោះឯង ព្រះអនុរាធមានអាយុ នៅក្នុងអរញ្ញកុដិ ក្នុងទីជិតព្រះមានព្រះភាគ។ គ្រានោះ ពួកបរិព្វាជក ជាអន្យតិរ្ថិយច្រើនរូប ចូលទៅរកព្រះអនុរាធមានអាយុ លុះចូលទៅដល់ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះអនុរាធមានអាយុ លុះបញ្ចប់ពាក្យគួររីករាយ និងពាក្យគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះបរិព្វាជក ជាអន្យតិរ្ថិយអម្បាលនោះ អង្គុយក្នុងទីសមគួរហើយ ក៏និយាយនឹងព្រះអនុរាធមានអាយុ ដូច្នេះថា ម្នាលអាវុសោ អនុរាធ ព្រះតថាគតណា ជាបុរសឧត្តម ជាបុរសដ៏ខ្ពង់ខ្ពស់ ដល់នូវតំណែងដ៏ខ្ពង់ខ្ពស់ ព្រះតថាគតនោះ កាលនឹងបញ្ញត្តនូវសត្វនោះ តែងបញ្ញត្តក្នុងស្ថាន៤នេះថា សត្វស្លាប់ទៅកើតទៀតក៏មាន សត្វស្លាប់ទៅមិនកើតទៀតក៏មាន សត្វស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះក៏មាន សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក៏មាន។ កាលបើពួកបរិព្វាជក ជាអន្យតិរ្ថិយ ពោលយ៉ាងនេះហើយ ព្រះអនុរាធមានអាយុ ក៏និយាយនឹងពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ដូច្នេះថា ម្នាលអាវុសោ ព្រះតថាគតណា ជាបុរសដ៏ឧត្តម ជាបុរសដ៏ខ្ពង់ខ្ពស់ ដល់នូវតំណែងដ៏ខ្ពង់ខ្ពស់ ព្រះតថាគតនោះ កាលនឹងបញ្ញត្តនូវសត្វនោះ តែងបញ្ញត្តក្រៅអំពីស្ថាន៤នេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន សត្វស្លាប់ទៅ មិនកើតទៀតក៏មាន សត្វស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះក៏មាន សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក៏មាន។ កាលព្រះអនុរាធ និយាយយ៉ាងនេះហើយ បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ និយាយនឹងព្រះអនុរាធមានអាយុ យ៉ាងនេះថា ភិក្ខុនេះជាភិក្ខុថ្មី បួសមិនទាន់បានយូរ ពុំនោះសោត លោកជាថេរៈដែរ តែល្ងង់មិនឈ្លាសវៃ។ លំដាប់នោះ ពួកបរិព្វាជក ជាអន្យតិរ្ថិយ ក៏តិះដៀលព្រះអនុរាធមានអាយុ ដោយពាក្យថា នៅថ្មីផង ដោយពាក្យថា ល្ងង់ផង ហើយក្រោកអំពីអាសនៈ ចៀសចេញទៅ។

[២០៩] កាលដែលបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ចៀសចេញទៅ មិនយូរប៉ុន្មាន ព្រះអនុរាធមានអាយុ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ប្រសិនបើបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ សួរអាត្មាអញ តទៅទៀត អាត្មាអញ នឹងព្យាករ ដល់បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ដូចម្តេច ទើបឈ្មោះថា ពោលតាមពាក្យ ដែលព្រះមានព្រះភាគ ពោលហើយផង មិនពោលបង្កាច់ព្រះមានព្រះភាគ ដោយពាក្យមិនពិតផង ឈ្មោះថា ព្យាករនូវធម៌ តាមធម៌ផង ពាក្យពោលនីមួយ ដែលប្រកបដោយធម៌ មិនមកកាន់ស្ថាន ដែលបណ្ឌិតគប្បីតិះដៀលផង។ គ្រានោះ ព្រះអនុរាធមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ។បេ។ លុះព្រះអនុរាធមានអាយុ គង់ក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គសម្រាកនៅក្នុងអរញ្ញកុដិ ជិតព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួកបរិព្វាជក ជាអន្យតិរ្ថិយច្រើនរូប ចូលមករកខ្ញុំព្រះអង្គ។បេ។ បាននិយាយនឹងខ្ញុំព្រះអង្គ ដូច្នេះថា ម្នាលអាវុសោអនុរាធ ព្រះតថាគតណា ជាបុរសដ៏ឧត្តម ជាបុរសដ៏ខ្ពង់ខ្ពស់ ដល់នូវតំណែងដ៏ខ្ពង់ខ្ពស់ ព្រះតថាគតនោះ កាលនឹងបញ្ញត្តសត្វនោះ តែងបញ្ញត្តក្នុងស្ថាន ទាំង៤នេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន សត្វស្លាប់ទៅ មិនកើតទៀតក៏មាន សត្វស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះក៏មាន សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក៏មាន។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេនិយាយ យ៉ាងនេះហើយ ខ្ញុំព្រះអង្គ ក៏និយាយទៅនឹងបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ដូច្នេះថា ម្នាលអាវុសោ ព្រះតថាគតណា ជាបុរសដ៏ឧត្តម ជាបុរសដ៏ខ្ពង់ខ្ពស់ ដល់នូវតំណែងដ៏ខ្ពង់ខ្ពស់ ព្រះតថាគតនោះ កាលនឹងបញ្ញត្តនូវសត្វនោះ តែងបញ្ញត្ត ក្រៅអំពីស្ថាន ៤ នេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន។បេ។ សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក៏មាន។ បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គនិយាយ យ៉ាងនេះហើយ ទើបបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ និយាយមកនឹងខ្ញុំព្រះអង្គវិញ ដូច្នេះថា ភិក្ខុនេះ ប្រហែលជាភិក្ខុថ្មី បួសមិនទាន់បានយូរ ពុំនោះសោត លោកជាថេរៈដែរ តែល្ងង់មិនឈ្លាសវៃ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ តិះដៀលខ្ញុំព្រះអង្គ ដោយពាក្យថា នៅថ្មីផង ដោយពាក្យថា ល្ងង់ផង ហើយក្រោកចាកអាសនៈ ចៀសចេញទៅ។ បពិត្រព្រះអង្គដ៏ចំរើន កាលដែលបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ចៀសចេញទៅមិនយូរប៉ុន្មាន ខ្ញុំព្រះអង្គ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា បើបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ សួរអាត្មាអញ តទៅទៀត អាត្មាអញ នឹងព្យាករដល់បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ដូចម្តេច ទើបឈ្មោះថា ពោលតាមពាក្យ ដែលព្រះមានព្រះភាគ ពោលហើយផង មិនឈ្មោះថា ពោលបង្កាច់ព្រះមានព្រះភាគ ដោយពាក្យមិនពិតផង ឈ្មោះថា ព្យាករនូវធម៌តាមធម៌ផង ពាក្យពោលនីមួយ ដែលប្រកបដោយធម៌ មិនមកកាន់ស្ថាន ដែលបណ្ឌិតគប្បីតិះដៀលផង។

[២១០] ព្រះអង្គត្រាស់ថា ម្នាលអនុរាធ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណាមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា ដែលមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរយល់ឃើញនូវរបស់នោះថា នុ៎ះជារបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ មិនគួរយល់ឃើញយ៉ាងនោះទេ ព្រះអង្គ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ព្រោះហេតុនោះ ក្នុងសាសនានេះ។បេ។ អរិយសាវ័ក កាលឃើញយ៉ាងនេះ។បេ។ រមែងដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[២១១] ម្នាលអនុរាធ អ្នកសំគាល់សេចក្តីនោះដូចម្តេច អ្នកពិចារណាឃើញនូវរូប ថាជាសត្វឬ។ មិនដូច្នោះទេ ព្រះអង្គ។ អ្នកពិចារណាឃើញនូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ នូវវិញ្ញាណ ថាជាសត្វឬ។ មិនដូច្នោះទេ ព្រះអង្គ។

[២១២] ម្នាលអនុរាធ អ្នកសំគាល់សេចក្តីនោះដូចម្តេច អ្នកពិចារណាឃើញថា សត្វមានក្នុងរូបឬ។ មិនដូច្នោះទេ ព្រះអង្គ។ អ្នកពិចារណាឃើញថា សត្វផ្សេងអំពីរូបឬ។ មិនដូច្នោះទេ ព្រះអង្គ។ ក្នុងវេទនា។បេ។ ផ្សេងអំពីវេទនា។បេ។ ក្នុងសញ្ញា។ ផ្សេងអំពីសញ្ញា។ ក្នុងសង្ខារទាំងឡាយ។ ផ្សេងអំពីសង្ខារទាំងឡាយ។ ក្នុងវិញ្ញាណ។ អ្នកពិចារណាឃើញថា សត្វផ្សេងអំពីវិញ្ញាណឬ។ មិនដូច្នោះទេ ព្រះអង្គ។

[២១៣] ម្នាលអនុរាធ អ្នកសំគាល់សេចក្តីនោះដូចម្តេច អ្នកពិចារណាឃើញរូប។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ អ្នកពិចារណាឃើញវិញ្ញាណ ថាជាសត្វឬ។ មិនដូច្នោះទេ ព្រះអង្គ។

[២១៤] ម្នាលអនុរាធ អ្នកសំគាល់សេចក្តីនោះដូចម្តេច អ្នកពិចារណាឃើញថា សត្វនេះ មិនមានរូប មិនមានវេទនា មិនមានសញ្ញា មិនមានសង្ខារ មិនមានវិញ្ញាណឬ។ មិនដូច្នោះទេ ព្រះអង្គ។ ម្នាលអនុរាធ ក៏ក្នុងរឿងនេះ កាលបើអ្នកកំណត់ថា ជារបស់ទៀង ជារបស់ពិត ក្នុងបច្ចុប្បន្នហើយ ការព្យាករណ៍របស់អ្នកនោះ គួរហើយឬ ថា ម្នាលអាវុសោ ព្រះតថាគតណា ជាបុរសដ៏ឧត្តម ជាបុរសដ៏ខ្ពង់ខ្ពស់ ដល់នូវតំណែងដ៏ខ្ពង់ខ្ពស់ ព្រះតថាគតនោះ កាលនឹងបញ្ញត្តនូវសត្វនោះ តែងបញ្ញត្ត ក្រៅពីស្ថាន ៤នេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន សត្វស្លាប់ទៅ មិនកើតទៀតក៏មាន សត្វស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះក៏មាន សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនក៏មាន។ មិនគួរទេ ព្រះអង្គ។ ម្នាលអនុរាធ ប្រពៃហើយ ប្រពៃហើយ ម្នាលអនុរាធ ក្នុងកាលមុនក្តី ក្នុងកាលឥឡូវនេះក្តី តថាគត បញ្ញត្តនូវទុក្ខ និងសេចក្តីរលត់ទុក្ខ។

(វក្កលិ)សូត្រ ទី៥

(៥. វក្កលិសុត្តំ)

[២១៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះវក្កលិមានអាយុ មានអាពាធ ដល់នូវសេក្តីទុក្ខ មានជម្ងឺជាទម្ងន់ នៅក្នុងសាលារបស់ស្មូនឆ្នាំង។ ព្រះវក្កលិ មានអាយុ ក៏ហៅពួកភិក្ខុជាឧបដ្ឋាកមកថា ម្នាលអាវុសោទាំងឡាយ ចូរអ្នកទាំងឡាយមក ចូរអ្នកទាំងឡាយ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ចូរថ្វាយបង្គំព្រះបាទា របស់ព្រះមានព្រះភាគ ដោយត្បូង តាមពាក្យរបស់ខ្ញុំថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុឈ្មោះវក្កលិ មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជម្ងឺជាទម្ងន់ លោកថ្វាយបង្គំព្រះបាទាព្រះមានព្រះភាគ ដោយត្បូង ហើយអ្នកទាំងឡាយ ចូរពោលយ៉ាងនេះទៀតថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ស្តេចទៅរកភិក្ខុឈ្មោះវក្កលិ ដោយសេចក្តីអនុគ្រោះ។ ភិក្ខុអម្បាលនោះ ទទួលពាក្យរបស់ព្រះវក្កលិមានអាយុថា ករុណា អាវុសោ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ។បេ។ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុឈ្មោះ វក្កលិ មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជម្ងឺជាទម្ងន់ លោកថ្វាយបង្គំព្រះបាទាព្រះមានព្រះភាគ ដោយត្បូង មួយទៀត លោកពោលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ស្តេចទៅរកព្រះវក្កលិ ដោយសេចក្តីអនុគ្រោះ។ ព្រះមានព្រះភាគ ទ្រង់ទទួល ដោយតុណ្ហីភាព។

[២១៦] លំដាប់នោះ ព្រះមានព្រះភាគទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរហើយ ទ្រង់ស្តេចទៅរកព្រះវក្កលិមានអាយុ។ ព្រះវក្កលិ មានអាយុ បានឃើញព្រះមានព្រះភាគ កំពុងស្តេចមកអំពីចម្ងាយ លុះឃើញហើយ ក៏សម្តែងកិរិយាតតេះតតះលើគ្រែ។ ទើបព្រះមានព្រះភាគ ត្រាស់នឹងព្រះវក្កលិ មានអាយុ ដូច្នេះថា ម្នាលវក្កលិ ណ្ហើយចុះ អ្នកកុំតតេះតតះលើគ្រែឡើយ តថាគត នឹងអង្គុយលើអាសនៈដែលគេក្រាលបំរុងហើយនេះ។ ព្រះមានព្រះភាគ ក៏គង់លើអាសនៈ ដែលគេក្រាលហើយ។ លុះព្រះមានព្រះភាគគង់ហើយ ទើបត្រាស់នឹងព្រះវក្កលិ មានអាយុ ដូច្នេះថា ម្នាលវក្កលិ អ្នកល្មមអត់ធន់បានខ្លះឬ អ្នកល្មមប្រព្រឹត្តទៅបានខ្លះឬ ទុក្ខវេទនាធូរថយ មិនចម្រើនឡើង សេចក្តីធូរថយ រមែងប្រាកដ មិនចម្រើនឡើងទេឬ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ អត់ធន់មិនបានទេ ខ្ញុំព្រះអង្គ ប្រព្រឹត្តទៅមិនបានទេ ទុក្ខវេទនាជាទម្ងន់ ចម្រើនឡើងដល់ខ្ញុំព្រះអង្គ មិនធូរថយទេ សេចក្តីចម្រើនប្រាកដឡើង មិនធូរថយទេ។ ម្នាលវក្កលិ អ្នកឥតមានសេចក្តីរង្កៀសបន្តិចបន្តួចទេឬ អ្នកឥតមានសេចក្តីក្តៅក្រហាយអ្វីទេឬ។ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ មានសេចក្តីរង្កៀសជាច្រើន ខ្ញុំព្រះអង្គ មានសេចក្តីក្តៅក្រហាយជាច្រើន។ ម្នាលវក្កលិ ខ្លួនអ្នកមិនតិះដៀលអ្នកឯង ដោយសីលទេឬ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្លួនខ្ញុំមិនតិះដៀលខ្ញុំព្រះអង្គដោយសីលទេ។ ម្នាលវក្កលិ បើខ្លួនអ្នកមិនតិះដៀលអ្នកឯង ដោយសីលទេ ចុះអ្នកឯងរង្កៀស ដូចម្តេច ក្តៅក្រហាយ ដូចម្តេច។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ចង់ចូលទៅចួបព្រះមានព្រះភាគ តាំងពីយូរយារហើយ ប៉ុន្តែខ្ញុំព្រះអង្គមិនមានកម្លាំងកាយ ល្មមចូលទៅចួបព្រះមានព្រះភាគបានសោះឡើយ។ កុំឡើយ វក្កលិ ប្រយោជន៍អ្វី ដោយកាយសម្អុយ ដែលអ្នកឃើញហើយនេះ។ ម្នាលវក្កលិ បុគ្គលណាមួយ ឃើញធម៌ បុគ្គលនោះ ឈ្មោះថា ឃើញតថាគត បុគ្គលណា ឃើញតថាគត បុគ្គលនោះ ឈ្មោះថា ឃើញធម៌។ ម្នាលវក្កលិ ព្រោះថា កាលបើបុគ្គលឃើញធម៌ ឈ្មោះថា ឃើញតថាគត កាលបើបុគ្គលឃើញតថាគត ឈ្មោះថា ឃើញធម៌។ ម្នាលវក្កលិ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬ មិនទៀង។ បពិត្រព្រះអង្គដ៏ចម្រើន មិនទៀងទេ។ ចុះរបស់ណាមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចម្រើន ជាទុក្ខ។ ចុះរបស់ណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា របស់នោះ គួរដើម្បីយល់ឃើញថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញដែរឬ។ បពិត្រព្រះអង្គដ៏ចម្រើន មិនគួរដើម្បីយល់ឃើញយ៉ាងនោះទេ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬ មិនទៀង។ បពិត្រព្រះអង្គដ៏ចម្រើន មិនទៀងទេ។បេ។ នុ៎ះជាខ្លួនអញដែរឬ។ បពិត្រព្រះអង្គដ៏ចម្រើន មិនគួរដើម្បីយល់ឃើញយ៉ាងនោះទេ។ ព្រោះហេតុនោះ អរិយសាវ័កក្នុងសាសនានេះ។បេ។ យល់ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ លុះព្រះមានព្រះភាគ ទ្រង់ទូន្មានព្រះវក្កលិ មានអាយុ ដោយព្រះឱវាទនេះហើយ ក៏ក្រោកចាកអាសនៈ ស្តេចចេញទៅកាន់ភ្នំ គិជ្ឈកូដ។

[២១៧] កាលព្រះមានព្រះភាគ ទ្រង់ស្តេចចេញទៅ មិនយូរប៉ុន្មាន ព្រះវក្កលិ ក៏ហៅពួកភិក្ខុជាឧបដ្ឋាកមកថា ម្នាលអាវុសោទាំងឡាយ ចូរអ្នកទាំងឡាយ មកអាយ ចូរអ្នកទាំងឡាយ លើកខ្ញុំឡើងកាន់គ្រែ ហើយនាំទៅឯវត្តកាឡសិលា ក្បែរភ្នំឥសិគិលិ ព្រោះបុគ្គលដូចជាខ្ញុំ មិនសមបើនឹងធ្វើកាលកិរិយា ក្នុងចន្លោះផ្ទះឡើយ។ ភិក្ខុទាំងនោះ ទទួលពាក្យរបស់ព្រះវក្កលិមានអាយុ ដូច្នេះថា ករុណា អាវុសោ ហើយលើកព្រះវក្កលិមានអាយុឡើងកាន់គ្រែ សែងនាំទៅឯវត្តកាឡសិលា ក្បែរភ្នំឥសិគិលិ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់គង់លើភ្នំគិជ្ឈកូដ អស់រាត្រីនោះ និងថ្ងៃនោះ។ កាលរាត្រី (បឋមយាម) កន្លងហើយ ទេវតា២អង្គ មានរស្មីដ៏រុងរឿង ញុំាងភ្នំគិជ្ឈកូដទាំងមូលឲ្យភ្លឺ ហើយចូលទៅគាល់ព្រះមានព្រះភាគ។បេ។ ឋិតនៅក្នុងទីដ៏សមគួរ។ លុះទេវតាមួយអង្គ ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន វក្កលិភិក្ខុ កំពុងត្រិះរិះ ដើម្បីមគ្គវិមោក្ខ។ ទេវតាមួយអង្គទៀត ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន វក្កលិភិក្ខុនោះ ជាអ្នកចង់រួចស្រឡះ ចាកកិលេស មុខជានឹងរួចដោយពិត។ ទេវតាទាំងនោះ បានពោលពាក្យនេះ លុះពោលពាក្យនេះហើយ ក៏អភិវាទព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយបាត់ទៅ ក្នុងទីនោះឯង។

[២១៨] លុះរាត្រីនោះ កន្លងទៅហើយ ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ មកអាយ ចូរអ្នកទាំងឡាយ ចូលទៅរកវក្កលិភិក្ខុ លុះចូលទៅដល់ហើយ ត្រូវប្រាប់វក្កលិភិក្ខុ យ៉ាងនេះថា ម្នាលអាវុសោវក្កលិ ចូរអ្នកស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគ និងពាក្យរបស់ទេវតាទាំងពីរអង្គ ម្នាលអាវុសោ ដ្បិតយប់មិញនេះ កាលដែលរាត្រី (បឋមយាម) កន្លងហើយ ទេវតាពីរអង្គ មានរស្មីដ៏រុងរឿង ញុំាងភ្នំគិជ្ឈកូដទាំងមូលឲ្យភ្លឺ ចូលមកគាល់ព្រះមានព្រះភាគ លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ ម្នាលអាវុសោ លុះទេវតាមួយអង្គ ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន វក្កលិភិក្ខុ កំពុងត្រិះរិះ ដើម្បីវិមោក្ខ។ ទេវតាមួយអង្គទៀត ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន វក្កលិភិក្ខុនោះ ជាអ្នកចង់រួចស្រឡះ ចាកកិលេស មុខជានឹងរួចដោយពិត។ ម្នាលអាវុសោ វក្កលិ ទាំងព្រះមានព្រះភាគ ក៏បានត្រាស់នឹងអ្នក យ៉ាងនេះថា ម្នាលវក្កលិ អ្នកកុំខ្លាចឡើយ ម្នាលវក្កលិ អ្នកកុំខ្លាចឡើយ មរណៈរបស់អ្នក មុខជាមិនអាក្រក់ទេ កាលកិរិយា ក៏មុខជាមិនអាក្រក់ទេ ដូច្នេះដែរ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយចូលទៅរកព្រះវក្កលិមានអាយុ លុះចូលទៅដល់ហើយ ក៏និយាយនឹងព្រះវក្កលិមានអាយុ ដូច្នេះថា ម្នាលអាវុសោ វក្កលិ អ្នកចូរស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគ និងពាក្យរបស់ទេវតាទាំងពីរអង្គ។

[២១៩] លំដាប់នោះ ព្រះវក្កលិមានអាយុ ហៅភិក្ខុទាំងឡាយជាឧបដ្ឋាកថា ម្នាលអាវុសោទាំងឡាយ ចូរអ្នកទាំងឡាយ មកអាយ ចូរអ្នកទាំងឡាយ ដាក់ខ្ញុំចុះអំពីគ្រែ ព្រោះបុគ្គលដូចជាខ្ញុំ មិនសមបើនឹងអង្គុយលើអាសនៈខ្ពស់ ស្តាប់ពាក្យប្រៀនប្រដៅរបស់ព្រះមានព្រះភាគ អង្គនោះទេ។ ភិក្ខុទាំងនោះ ទទួលស្តាប់ពាក្យរបស់ព្រះវក្កលិមានអាយុថា ករុណា អាវុសោ ហើយដាក់ព្រះវក្កលិមានអាយុ ចុះអំពីគ្រែ រួចពោលថា ម្នាលអាវុសោ យប់មិញនេះ កាលដែលរាត្រី (បឋមយាម) កន្លងហើយ ទេវតាពីរអង្គ។បេ។ បានឋិតនៅក្នុងទីសមគួរ ម្នាលអាវុសោ លុះទេវតាមួយអង្គ ឋិតនៅក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន វក្កលិភិក្ខុ កំពុងត្រិះរិះ ដើម្បីមគ្គវិមោក្ខ។ ទេវតាមួយអង្គទៀត ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន វក្កលិភិក្ខុនោះ ជាអ្នកចង់រួចស្រឡះ ចាកកិលេស មុខជានឹងរួចដោយពិត។ ម្នាលអាវុសោវក្កលិ ទាំងព្រះមានព្រះភាគ ត្រាស់នឹងអ្នក យ៉ាងនេះថា ម្នាលវក្កលិ អ្នកកុំខ្លាចឡើយ ម្នាលវក្កលិ អ្នកកុំខ្លាចឡើយ មរណៈរបស់អ្នក មុខជាមិនអាក្រក់ទេ កាលកិរិយា របស់អ្នក ក៏មុខជាមិនអាក្រក់ទេ ដូច្នេះដែរ។ ព្រះវក្កលិពោលថា ម្នាលអាវុសោទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយ ថ្វាយបង្គំព្រះបាទា របស់ព្រះមានព្រះភាគ ដោយត្បូង តាមពាក្យរបស់ខ្ញុំថា បពិត្រព្រះអង្គដ៏ចំរើន វក្កលិភិក្ខុ មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជម្ងឺជាទម្ងន់ លោកថ្វាយបង្គំព្រះបាទា របស់ព្រះមានព្រះភាគ ដោយត្បូង មួយទៀត លោកពោលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនងឿងឆ្ងល់ទេ ត្រង់ពាក្យថា រូបមិនទៀង ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា រូបណាមិនទៀង រូបនោះជាទុក្ខ ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា រូបណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ខ្ញុំព្រះអង្គ មិនមានសេចក្តីពេញចិត្ត ឬសេចក្តីត្រេកត្រអាល សេចក្តីស្រឡាញ់ ក្នុងរូបនោះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនងឿងឆ្ងល់ទេ ត្រង់ពាក្យថា វេទនាមិនទៀង ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា វេទនាណាមិនទៀង វេទនានោះជាទុក្ខ ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា វេទនាណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ខ្ញុំព្រះអង្គ មិនមានសេចក្តីពេញចិត្ត ឬសេចក្តីត្រេកត្រអាល សេចក្តីស្រឡាញ់ ក្នុងវេទនានោះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនងឿងឆ្ងល់ទេ ត្រង់ពាក្យថា សញ្ញាមិនទៀង ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា សញ្ញាណាមិនទៀង សញ្ញានោះជាទុក្ខ ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា សញ្ញាណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ខ្ញុំព្រះអង្គ មិនមានសេចក្តីពេញចិត្ត ឬសេចក្តីត្រេកត្រអាល សេចក្តីស្រឡាញ់ ក្នុងសញ្ញានោះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនងឿងឆ្ងល់ទេ ត្រង់ពាក្យថា ពួកសង្ខារមិនទៀង ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា សង្ខារណាមិនទៀង សង្ខារនោះជាទុក្ខ ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា សង្ខារណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ខ្ញុំព្រះអង្គ មិនមានសេចក្តីពេញចិត្ត ឬសេចក្តីត្រេកត្រអាល សេចក្តីស្រឡាញ់ ក្នុងសង្ខារទាំងនោះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនងឿងឆ្ងល់ទេ ត្រង់ពាក្យថា វិញ្ញាណមិនទៀង ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា វិញ្ញាណណាមិនទៀង វិញ្ញាណនោះជាទុក្ខ ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា វិញ្ញាណណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ខ្ញុំព្រះអង្គ មិនមានសេចក្តីពេញចិត្ត ឬសេចក្តីត្រេកត្រអាល សេចក្តីស្រឡាញ់ ក្នុងវិញ្ញាណនោះឡើយ។ ភិក្ខុអម្បាលនោះ ទទួលស្តាប់ពាក្យរបស់ព្រះវក្កលិមានអាយុថា ករុណា អាវុសោ ហើយក៏ចៀសចេញទៅ។ កាលភិក្ខុទាំងឡាយចៀសចេញទៅ មិនយូរប៉ុន្មាន ព្រះវក្កលិមានអាយុ ក៏ទាញយកកាំបិតមក។

[២២០] លំដាប់នោះ ភិក្ខុទាំងអម្បាលនោះ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន វក្កលិភិក្ខុ មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជម្ងឺជាទម្ងន់ លោកថ្វាយបង្គំព្រះបាទា របស់ព្រះមានព្រះភាគ ដោយត្បូង មួយទៀត លោកពោលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនងឿងឆ្ងល់ទេ ត្រង់ពាក្យថា រូបមិនទៀង ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា រូបណាមិនទៀង រូបនោះជាទុក្ខ ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា រូបណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ខ្ញុំព្រះអង្គ មិនមានសេចក្តីពេញចិត្ត ឬសេចក្តីត្រេកត្រអាល សេចក្តីស្រឡាញ់ ក្នុងរូបនោះឡើយ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនងឿងឆ្ងល់ទេ ត្រង់ពាក្យថា វិញ្ញាណមិនទៀង ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា វិញ្ញាណណាមិនទៀង វិញ្ញាណនោះជាទុក្ខ ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា វិញ្ញាណណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ខ្ញុំព្រះអង្គ មិនមានសេចក្តីពេញចិត្ត ឬសេចក្តីត្រេកត្រអាល សេចក្តីស្រឡាញ់ ក្នុងវិញ្ញាណនោះឡើយ។

[២២១] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ មក យើងនឹងទៅកាន់វត្តកាឡសិលា ក្បែរភ្នំឥសិគិលិ ត្រង់ទីដែលវក្កលិកុលបុត្តទាញយកកាំបិតមក។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ស្តេចសំដៅទៅកាន់វត្តកាឡសិលា ក្បែរភ្នំឥសិគិលិ មួយអន្លើដោយពួកភិក្ខុជាច្រើនរូប។ ព្រះមានព្រះភាគ បានឃើញព្រះវក្កលិមានអាយុអំពីចម្ងាយ កំពុងដេកងាកកលើគ្រែ។ សម័យនោះឯង ផ្សែងអ័ព្ទ ក៏ផ្សាយទៅកាន់ទិសខាងកើត ទៅកាន់ទិសខាងលិច ទៅកាន់ទិសខាងជើង ទៅកាន់ទិសខាងត្បូង ទៅកាន់ទិសខាងលើ ទៅកាន់ទិសខាងក្រោម ទៅកាន់ទិសតូច។ លំដាប់នោះ ព្រះមានព្រះភាគ ក៏ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញផ្សែងអ័ព្ទ ផ្សាយទៅកាន់ទិសខាងកើត។បេ។ ទៅកាន់ទិសតូច យ៉ាងនេះដែរឬ។ ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ នុ៎ះឯង ជាមារមានចិត្តបាប ស្វែងរកវិញ្ញាណរបស់វក្កលិកុលបុត្តថា វិញ្ញាណរបស់វក្កលិកុលបុត្ត ប្រតិស្ឋានក្នុងទីណាអេ៎ះ។ ម្នាលភិក្ខុទាំងឡាយ ឯវក្កលិកុលបុត្ត មានវិញ្ញាណ ពុំបានប្រតិស្ឋាននៅ (ក្នុងទីណា) ទេ បរិនិព្វានហើយ។

(អស្សជិ)សូត្រ ទី៦

(៦. អស្សជិសុត្តំ)

[២២២] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះអស្សជិមានអាយុ នៅក្នុងអារាម របស់សេដ្ឋីឈ្មោះកស្សប មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជម្ងឺជាទម្ងន់។ គ្រានោះ ព្រះអស្សជិមានអាយុ បានហៅភិក្ខុទាំងឡាយ ជាឧបដ្ឋាកមកថា ម្នាលអាវុសោទាំងឡាយ ចូរអ្នកទាំងឡាយ មកអាយ ចូរអ្នកទាំងឡាយ ទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ចូរថ្វាយបង្គំព្រះបាទា របស់ព្រះមានព្រះភាគ ដោយត្បូង តាមពាក្យរបស់ខ្ញុំថា បពិត្រព្រះអង្គដ៏ចំរើន អស្សជិភិក្ខុ មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជម្ងឺជាទម្ងន់ លោកថ្វាយបង្គំព្រះបាទា របស់ព្រះមានព្រះភាគ ដោយត្បូង មួយទៀត ចូរអ្នកទាំងឡាយ ពោលយ៉ាងនេះទៀតថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ធ្វើនូវសេចក្តីអនុគ្រោះ ចូលទៅរកអស្សជិភិក្ខុ ភិក្ខុទាំងនោះ ទទួលស្តាប់ពាក្យ របស់ព្រះអស្សជិមានអាយុថា ករុណា អាវុសោ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អស្សជិភិក្ខុ មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជម្ងឺជាទម្ងន់ លោកថ្វាយបង្គំព្រះបាទា របស់ព្រះមានព្រះភាគ ដោយត្បូង មួយទៀត លោកពោលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ធ្វើនូវសេចក្តីអនុគ្រោះ ចូលទៅរកអស្សជិភិក្ខុ។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព។

[២២៣] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្តេចចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយស្តេចទៅរកព្រះអស្សជិមានអាយុ។ ព្រះអស្សជិមានអាយុ ក៏បានឃើញព្រះមានព្រះភាគ កំពុងតែស្តេចមកពីចម្ងាយ លុះឃើញហើយ ក៏សំដែងកិរិយាតតេះតតះលើគ្រែ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអស្សជិមានអាយុ ដូច្នេះថា ណ្ហើយ អស្សជិ អ្នកកុំសំដែងកិរិយាតតេះតតះលើគ្រែឡើយ នេះអាសនៈទាំងឡាយ ដែលគេតែងតាំងបម្រុងទុក មានស្រាប់ហើយ តថាគត នឹងអង្គុយលើអាសនៈនោះ។ ព្រះមានព្រះភាគ គង់លើអាសនៈ ដែលគេតែងតាំងបម្រុងទុក។ លុះព្រះមានព្រះភាគ គង់ស្រេចហើយ ទ្រង់ត្រាស់សួរព្រះអស្សជិមានអាយុ ដូច្នេះថា ម្នាលអស្សជិ អ្នកល្មមអត់ធន់បានខ្លះឬ អ្នកល្មមប្រព្រឹត្តទៅបានខ្លះឬ។បេ។ សេចក្តីធូរថយ ប្រាកដ មិនចម្រើនឡើងទេឬ។ ព្រះអស្សជិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ អត់ធន់មិនបានទេ ខ្ញុំព្រះអង្គ ប្រព្រឹត្តទៅមិនបានទេ។បេ។ សេចក្តីចម្រើនប្រាកដឡើង មិនធូរថយទេ។ ម្នាលអស្សជិ អ្នកមិនមានសេចក្តីរង្កៀសបន្តិចបន្តួចទេឬ អ្នកមិនមានសេចក្តីក្តៅក្រហាយអ្វីទេឬ។ ព្រះករុណា ព្រះអង្គ ខ្ញុំព្រះអង្គ មានសេចក្តីរង្កៀសជាច្រើន មានសេចក្តីក្តៅក្រហាយជាច្រើន។ ម្នាលអស្សជិ ចុះខ្លួនមិនតិះដៀលអ្នកឯង ដោយសីលទេឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្លួន (របស់ខ្ញុំព្រះអង្គ) មិនតិះដៀលខ្ញុំព្រះអង្គ ដោយសីលទេ។ ម្នាលអស្សជិ បើខ្លួនមិនតិះដៀលអ្នកឯង ដោយសីលទេ ចុះអ្នកឯងមានសេចក្តីរង្កៀសដូចម្តេច មានសេចក្តីក្តៅក្រហាយដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងកាលមុន ខ្ញុំព្រះអង្គរម្ងាប់នូវសេចក្តីលំបាក ក្នុងកាយសង្ខារ (អស្សាសប្បស្សាសៈ) ក៏ខ្ញុំព្រះអង្គ នៅតែមិនបានសមាធិ បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំព្រះអង្គ មិនបានសមាធិនោះហើយ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា អញមិនសាបសូន្យ (ចាកសាសនា) ទេ។ ម្នាលអស្សជិ ពួកសមណព្រាហ្មណ៍ណា ក៏ដោយ ដែលមានសមាធិជាខ្លឹម មានសមាធិជាសាមញ្ញផល កាលបើសមណព្រាហ្មណ៍ទាំងនោះ មិនបានសមាធិនោះហើយ ក៏រមែងមានសេចក្តីត្រិះរិះ យ៉ាងនេះថា យើងមិនសាបសូន្យ (ចាកសាសនា)ទេ។ ម្នាលអស្សជិ អ្នកយល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ វិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ព្រោះហេតុនោះ អរិយសាវ័ក ក្នុងសាសនានេះ។បេ។ ពិចារណាឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បើអរិយសាវ័កនោះ ទទួលសុខវេទនា ក៏ដឹងច្បាស់ថា សុខវេទនានោះ មិនទៀង ដឹងច្បាស់ថា មិនគួរជ្រប់ ដឹងច្បាស់ថា មិនគួរត្រេកអរ បើរងទុក្ខវេទនា ក៏ដឹងច្បាស់ថា ទុក្ខវេទនានោះ មិនទៀង ដឹងច្បាស់ថា មិនគួរជ្រប់ ដឹងច្បាស់ថា មិនគួរត្រេកអរ បើរងអទុក្ខមសុខវេទនា ក៏ដឹងច្បាស់ថា អទុក្ខមសុខវេទនានោះ មិនទៀង។បេ។ ដឹងច្បាស់ថា មិនគួរត្រេកអរ។ បើអរិយសាវ័កនោះរងសុខវេទនា ក៏មិនប្រកបសុខវេទនានោះហើយរងទេ បើរងទុក្ខវេទនា ក៏មិនប្រកបទុក្ខវេទនានោះហើយរងទេ បើរងអទុក្ខមសុខវេទនា ក៏មិនប្រកបអទុក្ខមសុខវេទនានោះហើយរងទេ រមែងដឹងច្បាស់ថា អទុក្ខមសុខវេទនានោះមិនទៀង។បេ។ ដឹងច្បាស់ថា មិនគួរត្រេកអរ។ បើអរិយសាវ័កនោះ កំពុងរងកាយបរិយន្តិកវេទនា (វេទនាដែលប្រព្រឹត្តទៅ ក្នុងទីបំផុតកាយ) ក៏ដឹងច្បាស់ថា អាត្មាអញ កំពុងរងនូវកាយបរិយន្តិកវេទនា បើកំពុងរងនូវជីវិតបរិយន្តិកវេទនា (វេទនា ដែលប្រព្រឹត្តទៅ ក្នុងទីបំផុតនៃជីវិត) ក៏ដឹងច្បាស់ថា អាត្មាអញ កំពុងរងនូវជីវិតបរិយន្តិកវេទនា លុះទម្លាយរាងកាយ ខាងលើអំពីទីបំផុត នៃជីវិតទៅ ក៏ដឹងច្បាស់ថា អារម្មណ៍ទាំងពួង ដែលបុគ្គលរង ក្នុងលោកនេះ មិនជាអារម្មណ៍ត្រជាក់ គួរត្រេកអរទេ។

[២២៤] ម្នាលអស្សជិ ដូចប្រទីបប្រេង លុះតែអាស្រ័យប្រេងផង អាស្រ័យប្រឆេះផង ទើបឆេះឡើងបាន បើប្រទីបមិនមានអាហារ ព្រោះអស់ប្រេង និងប្រឆេះនោះឯង ក៏រលត់ទៅ ដូចម្តេចមិញ។ ម្នាលអស្សជិ កាលភិក្ខុរងនូវកាយបរិយន្តិកវេទនា ក៏ដឹងច្បាស់ថា អាត្មាអញ រងនូវកាយបរិយន្តិកវេទនា កាលរងនូវជីវិតបរិយន្តិកវេទនា ក៏ដឹងច្បាស់ថា អាត្មាអញ រងនូវជីវិតបរិយន្តិកវេទនា លុះទម្លាយរាងកាយ ខាងលើអំពីទីបំផុតជីវិតទៅ ក៏ដឹងច្បាស់ថា អារម្មណ៍ទាំងពួង ដែលបុគ្គលរងក្នុងលោកនេះ មិនជាអារម្មណ៍ត្រជាក់ គួរត្រេកអរទេ។

(ខេមក)សូត្រ ទី៧

(៧. ខេមកសុត្តំ)

[២២៥] សម័យមួយ ភិក្ខុទាំងឡាយ ជាថេរៈច្រើនរូប នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី។ សម័យនោះឯង ព្រះខេមកៈមានអាយុ នៅក្នុងពទរិការាម មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជម្ងឺជាទម្ងន់។ គ្រានោះ ភិក្ខុទាំងឡាយជាថេរៈ ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយហៅព្រះទាសកៈមានអាយុមកថា អាវុសោ ទាសកៈ ចូរលោកមកអាយ ចូរលោកទៅរកខេមកភិក្ខុ លុះចូលទៅដល់ហើយ ចូរប្រាប់ខេមកភិក្ខុ យ៉ាងនេះថា អាវុសោខេមកៈ ព្រះថេរៈទាំងឡាយ សួរលោកយ៉ាងនេះថា អាវុសោ អ្នកល្មមអត់ធន់បានខ្លះឬ អ្នកល្មមប្រព្រឹត្តទៅបានខ្លះឬ ទុក្ខវេទនាធូរថយ មិនចម្រើនឡើង ការធូរថយប្រាកដ មិនចម្រើនឡើងទេឬ។ ព្រះទាសកៈមានអាយុ ទទួលស្តាប់ពាក្យ របស់ភិក្ខុទាំងឡាយ ជាថេរៈថា ករុណា អាវុសោ ហើយចូលទៅរកព្រះខេមកៈមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលនឹងព្រះខេមកៈមានអាយុ ដូច្នេះថា អាវុសោខេមកៈ ព្រះថេរៈទាំងឡាយ សួរលោកយ៉ាងនេះថា អាវុសោ អ្នកល្មមអត់ធន់បានខ្លះឬ អ្នកល្មមប្រព្រឹត្តទៅបានខ្លះឬ ទុក្ខវេទនាធូរថយ មិនចម្រើនឡើង ការធូរថយប្រាកដ មិនចម្រើនឡើងទេឬ។ ព្រះខេមកៈពោលថា អាវុសោ ខ្ញុំអត់ធន់មិនបានទេ ខ្ញុំប្រព្រឹត្តទៅមិនបានទេ ទុក្ខវេទនារបស់ខ្ញុំ ចម្រើនឡើងខ្លាំងណាស់ មិនធូរថយទេ សេចក្តីចម្រើនប្រាកដឡើង មិនធូរថយទេ។

[២២៦] លំដាប់នោះ ព្រះទាសកៈមានអាយុ ចូលមករកភិក្ខុទាំងឡាយ ជាថេរៈវិញ លុះចូលមកដល់ហើយ ក៏ពោលនឹងភិក្ខុទាំងឡាយ ជាថេរៈ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ខេមកភិក្ខុ ពោលយ៉ាងនេះថា អាវុសោ ខ្ញុំអត់ធន់មិនបានទេ ខ្ញុំប្រព្រឹត្តទៅមិនបានទេ ទុក្ខវេទនារបស់ខ្ញុំ ចម្រើនឡើងខ្លាំងណាស់ មិនធូរថយទេ សេចក្តីចម្រើនប្រាកដឡើង មិនធូរថយទេ។ ភិក្ខុទាំងឡាយ ជាថេរៈ ពោលថា អាវុសោទាសកៈ ចូរលោកមកអាយ ចូរលោកចូលទៅរកខេមកភិក្ខុ លុះចូលទៅដល់ហើយ ចូរពោលនឹងខេមកភិក្ខុ យ៉ាងនេះថា អាវុសោខេមកៈ ព្រះថេរៈទាំងឡាយ ប្រាប់លោកយ៉ាងនេះថា អាវុសោ ឧបាទានក្ខន្ធ ទាំង៥នេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ។ ឧបាទានក្ខន្ធ ទាំង៥ តើដូចម្តេចខ្លះ។ គឺ រូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១។ ក្នុងឧបាទានក្ខន្ធ ទាំង៥នេះ ព្រះខេមកៈមានអាយុ យល់ឃើញរបស់អ្វីបន្តិចបន្តួច ថាជាខ្លួន ឬថាជាបរិក្ខាររបស់ខ្លួនដែរឬ។ ព្រះទាសកៈមានអាយុ ទទួលស្តាប់ពាក្យរបស់ភិក្ខុទាំងឡាយជាថេរៈថា ករុណា អាវុសោ ហើយក៏ចូលទៅរកព្រះខេមកៈមានអាយុ។បេ។ អាវុសោខេមកៈ ព្រះថេរៈទាំងឡាយ ប្រាប់លោកយ៉ាងនេះថា អាវុសោ ឧបាទានក្ខន្ធ ទាំង៥នេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ។ ឧបាទានក្ខន្ធ ទាំង៥ តើដូចម្តេចខ្លះ។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ ក្នុងឧបាទានក្ខន្ធ ទាំង៥នេះ ព្រះខេមកៈមានអាយុ យល់ឃើញរបស់អ្វីបន្តិចបន្តួច ថាជាខ្លួន ឬថាជាបរិក្ខារ របស់ខ្លួនដែរឬ។ ព្រះខេមកៈពោលថា អាវុសោ ឧបាទានក្ខន្ធ ទាំង៥នេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ។ ឧបាទានក្ខន្ធ ទាំង៥ តើដូចម្តេចខ្លះ។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ អាវុសោ ក្នុងឧបាទានក្ខន្ធ ទាំង៥នេះ ខ្ញុំមិនយល់ឃើញរបស់អ្វីបន្តិចបន្តួច ថាជាខ្លួន ឬថាជាបរិក្ខារ របស់ខ្លួនឡើយ។

[២២៧] លំដាប់នោះ ព្រះទាសកៈមានអាយុ ចូលទៅរកភិក្ខុទាំងឡាយ ជាថេរៈ លុះចូលទៅដល់ហើយ ពោលនឹងភិក្ខុទាំងឡាយ ជាថេរៈ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ខេមកភិក្ខុ ពោលយ៉ាងនេះថា ឧបាទានក្ខន្ធ ទាំង៥នេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ។ ឧបាទានក្ខន្ធ ទាំង៥ តើដូចម្តេចខ្លះ។ គឺ រូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ អាវុសោ ក្នុងឧបាទានក្ខន្ធ ទាំង៥នេះ ខ្ញុំមិនយល់ឃើញរបស់អ្វីបន្តិចបន្តួច ថាជាខ្លួន ឬថាជាបរិក្ខារ របស់ខ្លួនឡើយ។ ព្រះថេរៈទាំងឡាយ ពោលថា អាវុសោទាសកៈ ចូរលោកមកអាយ ចូរលោកចូលទៅរកខេមកភិក្ខុ លុះចូលទៅដល់ហើយ ចូរពោលនឹងខេមកភិក្ខុ យ៉ាងនេះថា អាវុសោខេមកៈ ព្រះថេរៈទាំងឡាយ ប្រាប់លោកយ៉ាងនេះថា អាវុសោ ឧបាទានក្ខន្ធ ទាំង៥នេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ។ ឧបាទានក្ខន្ធទាំង៥ តើដូចម្តេចខ្លះ។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ បានឮថា ក្នុងឧបាទានក្ខន្ធ ទាំង៥នេះ បើព្រះខេមកៈមានអាយុ មិនយល់ឃើញរបស់អ្វីបន្តិចបន្តួច ថាជាខ្លួន ឬថាជាបរិក្ខារ របស់ខ្លួនទេ មានតែព្រះខេមកៈមានអាយុ ជាព្រះអរហន្ត ខីណាស្រពហើយ។ ព្រះទាសកៈមានអាយុ ទទួលស្តាប់ពាក្យរបស់ភិក្ខុទាំងឡាយ ជាថេរៈថា ករុណា អាវុសោ ហើយចូលទៅរកព្រះខេមកៈមានអាយុ។បេ។ អាវុសោខេមកៈ ព្រះថេរៈទាំងឡាយ ប្រាប់លោកយ៉ាងនេះថា អាវុសោ ឧបាទានក្ខន្ធទាំង៥នេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ។ ឧបាទានក្ខន្ធទាំង៥ តើដូចម្តេចខ្លះ។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ បានឮថា ក្នុងឧបាទានក្ខន្ធ ទាំង៥នេះ បើព្រះខេមកៈមានអាយុ មិនយល់ឃើញរបស់អ្វីបន្តិចបន្តួច ថាជាខ្លួន ឬថាជាបរិក្ខាររបស់ខ្លួនទេ មានតែព្រះខេមកៈមានអាយុ ជាព្រះអរហន្ត ខីណាស្រពហើយ។ ព្រះខេមកៈឆ្លើយថា អាវុសោ ឧបាទានក្ខន្ធទាំង៥នេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ។ ឧបាទានក្ខន្ធ ទាំង៥ តើដូចម្តេចខ្លះ។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ អាវុសោ ក្នុងឧបាទានក្ខន្ធ ទាំង៥នេះឯង ខ្ញុំមិនយល់ឃើញរបស់អ្វីបន្តិចបន្តួច ថាជាខ្លួន ឬថាជាបរិក្ខារ របស់ខ្លួនទេ ទាំងខ្ញុំ ក៏មិនមែនជាអរហន្ត ខីណាស្រពដែរ អាវុសោ ខ្ញុំគ្រាន់តែប្រកាន់ថា អញមានក្នុងឧបាទានក្ខន្ធ ទាំង៥ ប៉ុណ្ណោះ តែខ្ញុំមិនយល់ឃើញថា ឧបាទានក្ខន្ធ ទាំង៥នេះ ជាអញឡើយ។

[២២៨] លំដាប់នោះ ព្រះទាសកៈមានអាយុ ចូលទៅរកភិក្ខុទាំងឡាយ ជាថេរៈ លុះចូលទៅដល់ហើយ ក៏ពោលនឹងភិក្ខុទាំងឡាយ ជាថេរៈដូច្នេះថា ម្នាលអាវុសោទាំងឡាយ ខេមកភិក្ខុ ពោលយ៉ាងនេះថា អាវុសោ ឧបាទានក្ខន្ធ ទាំង៥នេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ។ ឧបាទានក្ខន្ធ ទាំង៥ តើដូចម្តេចខ្លះ។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ អាវុសោ ក្នុងឧបាទានក្ខន្ធទាំង៥ នេះឯង ខ្ញុំមិនយល់ឃើញរបស់អ្វីបន្តិចបន្តួច ថាជារបស់ខ្លួន ឬថាជាបរិក្ខារ របស់ខ្លួនទេ ទាំងខ្ញុំ ក៏មិនមែនជាអរហន្ត ខីណាស្រពដែរ អាវុសោ ខ្ញុំគ្រាន់តែប្រកាន់ថា អញមានក្នុងឧបាទានក្ខន្ធ ទាំង៥ប៉ុណ្ណោះ តែខ្ញុំមិនយល់ឃើញថា ឧបាទានក្ខន្ធទាំង៥ នេះជាអញឡើយ។ ព្រះថេរៈទាំងឡាយពោលថា អាវុសោទាសកៈ ចូរលោកមកអាយ ចូរលោកទៅរកខេមកភិក្ខុ លុះចូលទៅដល់ហើយ ចូរពោលនឹងខេមកភិក្ខុ យ៉ាងនេះថា អាវុសោខេមកៈ ព្រះថេរៈទាំងឡាយ សួរលោកយ៉ាងនេះថា អាវុសោខេមកៈ ដែលលោកហៅថា អញនុ៎ះ តើលោកហៅអ្វី ថាជាអញ។ លោកហៅរូប ថាជាអញឬ។ ឬលោកហៅរបស់ដទៃអំពីរូប ថាជាអញ។ លោកហៅវេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ លោកហៅវិញ្ញាណ ថាជាអញឬ។បេ។ ឬលោកហៅរបស់ដទៃអំពីវិញ្ញាណ ថាជាអញ។ អាវុសោខេមកៈ ដែលលោកហៅថា ជាអញនុ៎ះ តើលោកហៅអ្វីថាជាអញ។ ព្រះទាសកៈមានអាយុ ទទួលស្តាប់ពាក្យរបស់ភិក្ខុទាំងឡាយ ជាថេរៈថា ករុណា អាវុសោ ហើយចូលទៅរកព្រះខេមកៈមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលនឹងព្រះខេមកៈមានអាយុ ដូច្នេះថា អាវុសោខេមកៈ ព្រះថេរៈទាំងឡាយ សួរលោកយ៉ាងនេះថា អាវុសោខេមកៈ ដែលលោកហៅថា អញនុ៎ះ តើលោកហៅអ្វី ថាជាអញ។ លោកហៅរូបថា ជាអញឬ។ ឬលោកហៅរបស់ដទៃអំពីរូបថាជាអញ។ លោកហៅវេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ លោកហៅវិញ្ញាណ ថាជាអញឬ។ ឬលោកហៅរបស់ដទៃអំពីវិញ្ញាណ ថាជាអញ។ អាវុសោខេមកៈ ដែលលោកហៅថាជាអញនុ៎ះ តើលោកហៅអ្វីថាជាអញ។ ព្រះខេមកៈពោលថា កុំឡើយ អាវុសោទាសកៈ ប្រយោជន៍អ្វី ដោយការត្រឡប់ទៅ ត្រឡប់មកនេះ អាវុសោ ចូរលោកហុចឈើច្រត់មក ខ្ញុំឯងនឹងចូលទៅរកភិក្ខុទាំងឡាយជាថេរៈ។

[២២៩] លំដាប់នោះ ព្រះខេមកៈមានអាយុ ច្រត់ឈើច្រត់ ដើរចូលទៅរកភិក្ខុទាំងឡាយជាថេរៈ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងភិក្ខុទាំងឡាយជាថេរៈ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រះខេមកៈមានអាយុ អង្គុយក្នុងទីសមគួរហើយ ភិក្ខុទាំងឡាយ ជាថេរៈ ក៏សួរដូច្នេះថា អាវុសោខេមកៈ ដែលលោកហៅថា អញនុ៎ះ តើលោកហៅអ្វី ថាជាអញ។ លោកហៅរូបថា ជាអញឬ។ ឬលោកហៅរបស់ដទៃ អំពីរូបថាជាអញ។ លោកហៅវេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ លោកហៅវិញ្ញាណ ថាជាអញឬ។ ឬលោកហៅរបស់ដទៃអំពីវិញ្ញាណ ថាជាអញ។ អាវុសោខេមកៈ ដែលលោកហៅថា អញនុ៎ះ តើលោកហៅអ្វី ថាជាអញ។ ព្រះខេមកៈឆ្លើយថា អាវុសោ ខ្ញុំមិនហៅរូប ថាជាអញទេ សូម្បីរបស់ដទៃអំពីរូប ក៏ខ្ញុំមិនហៅថា ជាអញដែរ។ ខ្ញុំមិនហៅវេទនា។ មិនហៅសញ្ញា។ មិនហៅសង្ខារទាំងឡាយ។ មិនហៅវិញ្ញាណថាជាអញទេ សូម្បីរបស់ដទៃអំពីវិញ្ញាណ ក៏ខ្ញុំមិនហៅថា ជាអញដែរ អាវុសោ ខ្ញុំគ្រាន់តែប្រកាន់ថា អញមានក្នុងឧបាទានក្ខន្ធ ទាំង៥ប៉ុណ្ណោះ តែខ្ញុំមិនយល់ឃើញថា ឧបាទានក្ខន្ធ ទាំង៥នេះ ជាអញទេ។ អាវុសោ ដូចជាក្លិននៃផ្កាព្រលិត ផ្កាឈូកក្រហម ឬផ្កាឈូកស បុគ្គលណា និយាយយ៉ាងនេះថា ក្លិនរបស់ត្របកក្តី ក្លិនរបស់ពណ៌ក្តី ក្លិនរបស់កេសរក្តី បុគ្គលនោះ កាលបើនិយាយ (យ៉ាងនេះ) ឈ្មោះថា និយាយត្រូវដែរឬ។ យ៉ាងនុ៎ះមិនត្រូវទេ អាវុសោ។ អាវុសោ ចុះកាលបើបុគ្គលនឹងព្យាករឲ្យត្រូវ តើគប្បីព្យាករដូចម្តេចវិញ។ អាវុសោ កាលបើបុគ្គលនឹងព្យាករឲ្យត្រូវ គប្បីព្យាករថា ក្លិនរបស់ផ្កា។ អើអាវុសោ យ៉ាងនោះមែន ឯខ្ញុំមិនហៅរូប ថាជាអញទេ សូម្បីរបស់ដទៃអំពីរូប ក៏ខ្ញុំមិនហៅថា ជាអញដែរ។ ខ្ញុំមិនហៅវេទនា។ មិនហៅសញ្ញា។ មិនហៅសង្ខារទាំងឡាយ។ មិនហៅវិញ្ញាណថាជាអញទេ សូម្បីរបស់ដទៃអំពីវិញ្ញាណ ក៏ខ្ញុំមិនហៅថា ជាអញដែរ អាវុសោ ខ្ញុំគ្រាន់តែប្រកាន់ថា អញមានក្នុងឧបាទានក្ខន្ធ ទាំង៥ប៉ុណ្ណោះ តែខ្ញុំមិនយល់ឃើញថា ឧបាទានក្ខន្ធ ទាំង៥នេះ ជាអញទេ។ អាវុសោ ពួក ឱរម្ភាគិយសំយោជនៈ (សំយោជនៈជាចំណែកខាងក្រោម) ៥ប្រការ ដែលអរិយសាវ័កលះបង់បាន ក៏មែនពិតហើយ តែថាមានះ (សេចក្តីប្រកាន់) ថាជាអញ ឆន្ទៈ (សេចក្តីគាប់ចិត្ត) ថាជាអញ អនុស័យ (កិលេសដែលដេកត្រាំក្នុងចិត្ត) ថាជាអញ យ៉ាងល្អិត នៅក្នុងឧបាទានក្ខន្ធទាំង៥ លោកមិនទាន់គាស់រំលើងបាននៅឡើយ។ លុះសម័យខាងក្រោយមក លោកពិចារណាឃើញ នូវសេចក្តីកើត និងសេចក្តីរលត់ ក្នុងឧបាទានក្ខន្ធទាំង៥ថា ដូច្នេះជារូប ដូច្នេះជាហេតុឲ្យកើតរូប ដូច្នេះជាសេចក្តីរលត់រូប។ ដូច្នេះជាវេទនា។ ដូច្នេះជាសញ្ញា។ ដូច្នេះជាសង្ខារទាំងឡាយ។ ដូច្នេះជាវិញ្ញាណ ដូច្នេះជាហេតុឲ្យកើតវិញ្ញាណ ដូច្នេះជាសេចក្តីរលត់នៃវិញ្ញាណ។ កាលលោកពិចារណាឃើញ នូវសេចក្តីកើត សេចក្តីរលត់ ក្នុងឧបាទានក្ខន្ធ ទាំង៥នេះហើយ មានះ ថាជាអញ ឆន្ទៈថាជាអញ អនុស័យថាជាអញ ជាកិលេសយ៉ាងល្អិត ដែលលោកគាស់រំលើង មិនទាន់បាននៅឡើយ ក៏ដល់នូវកិរិយាគាស់រំលើងឡើងបាន។ អាវុសោ ដូចសំពត់ដ៏សៅហ្មង ប្រឡាក់ក្អែល ពួកជនជាម្ចាស់ យកសំពត់នោះ ទៅប្រគល់ឲ្យជាងជ្រលក់ ជាងជ្រលក់ ក៏ច្របាច់ ច្របល់សំពត់នោះ ក្នុងទឹកប្រៃក្តី ក្នុងទឹកក្បុងក្តី ក្នុងទឹកគោម័យក្តី ហើយយកទៅគក់ក្នុងទឹកដ៏ថ្លា សំពត់នោះ ត្រឡប់ជាសំពត់ស្អាត ផូរផង់ ក៏មែនពិតហើយ តែថាសំពត់នោះ គង់មានក្លិនទឹកប្រៃ ក្លិនទឹកក្បុង ក្លិនទឹកគោម័យ ដែលជ្រួតជ្រាបមិនទាន់បាត់នៅឡើយ លុះតែជាងជ្រលក់ ឲ្យសំពត់នោះ ដល់ពួកជនជាម្ចាស់ ពួកជនជាម្ចាស់ ក៏ដាក់សំពត់នោះ ក្នុងទូដែលអប់ដោយក្លិន ឯក្លិនទឹកប្រៃក្តី ក្លិនទឹកក្បុងក្តី ក្លិនទឹកគោម័យក្តី ដែលជ្រួតជ្រាបនៅ ក៏ហើរបាត់អស់ទៅ យ៉ាងណាមិញ។ អាវុសោ ពួកឱរម្ភាគិយសំយោជនៈ ៥ប្រការ ដែលអរិយសាវ័កលះបង់បាន ក៏មែនពិតហើយ តែថា មានះថាជាអញ ឆន្ទៈថាជាអញ អនុស័យថាជាអញ ជាកិលេសយ៉ាងល្អិត នៅក្នុងឧបាទានក្ខន្ធ ទាំង៥ ក៏លោកគាស់រំលើងមិនទាន់បាននៅឡើយ លុះសម័យខាងក្រោយមក លោកពិចារណាឃើញ នូវសេចក្តីកើត និងសេចក្តីរលត់ ក្នុងឧបាទានក្ខន្ធ ទាំង៥ថា ដូច្នេះជារូប ដូច្នេះជាហេតុឲ្យកើតរូប ដូច្នេះ ជាសេចក្តីរលត់រូប។ ដូច្នេះជាវេទនា។ ដូច្នេះជាសញ្ញា។ ដូច្នេះជាសង្ខារទាំងឡាយ។ ដូច្នេះជាវិញ្ញាណ ដូច្នេះជាហេតុឲ្យកើតវិញ្ញាណ ដូច្នេះជាសេចក្តីរលត់វិញ្ញាណ។ កាលបើលោកពិចារណាឃើញ នូវសេចក្តីកើត និងសេចក្តីរលត់ ក្នុងឧបាទានក្ខន្ធ ទាំង៥ហើយ មានះថាជាអញ ឆន្ទៈថាជាអញ អនុស័យថាជាអញ ជាកិលេសយ៉ាងល្អិត ក្នុងឧបាទានក្ខន្ធ ទាំង៥ ដែលលោកគាស់រំលើងមិនទាន់បាននៅឡើយ ក៏ដល់នូវកិរិយាគាស់រំលើងឡើងបានយ៉ាងនោះឯង។

[២៣០] លុះព្រះខេមកៈពោលយ៉ាងនេះហើយ ភិក្ខុទាំងឡាយជាថេរៈ ក៏ពោលនឹងព្រះខេមកៈមានអាយុ ដូច្នេះថា យើងទាំងឡាយ មិនសួរព្រះខេមកៈមានអាយុ ព្រោះប្រាថ្នានឹងបៀតបៀនទេ បានជាសួរ (ដោយយល់ឃើញថា) ព្រះខេមកៈមានអាយុ អាចនឹងប្រាប់ សំដែង បញ្ញត្ត តែងតាំង បើក ចែក ធ្វើឲ្យរាក់ នូវសាសនា របស់ព្រះមានព្រះភាគ អង្គនោះ ដោយពិស្តារបាន ដូចជាសាសនារបស់ព្រះមានព្រះភាគ អង្គនោះ ដែលព្រះខេមកៈមានអាយុ បានប្រាប់ បានសំដែង បានបញ្ញត្ត បានតែងតាំង បានបើក បានចែក បានធ្វើឲ្យរាក់ហើយ ដោយសេចក្តីពិស្តារនេះឯង។ ព្រះខេមកៈមានអាយុ បានពោលភាសិតនេះចប់ហើយ។ ភិក្ខុទាំងឡាយ ជាថេរៈ មានចិត្តត្រេកអររីករាយ នឹងភាសិតរបស់ព្រះខេមកៈមានអាយុក្រៃលែង។ ក៏កាលដែលព្រះខេមកៈមានអាយុ កំពុងពោលវេយ្យាករណ៍នេះ ចិត្តរបស់ភិក្ខុទាំងឡាយ ជាថេរៈ ប្រមាណ៦០រូប ព្រមទាំងព្រះខេមកៈមានអាយុ ក៏រួចផុតស្រឡះ ចាកអាសវៈទាំងឡាយ។

(ឆន្ន)សូត្រ ទី៨

(៨. ឆន្នសុត្តំ)

[២៣១] សម័យមួយ ភិក្ខុទាំងឡាយ ជាថេរៈច្រើ់នរូប នៅក្នុងឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី។ គ្រានោះឯង ព្រះឆន្នៈមានអាយុ ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយកាន់កូនសោដើរចេញពីវិហារមួយ ចូលទៅកាន់វិហារមួយ និយាយនឹងភិក្ខុទាំងឡាយជាថេរៈ ដូច្នេះថា សូមព្រះថេរៈទាំងឡាយ មានអាយុ ទូន្មានខ្ញុំករុណា សូមព្រះថេរៈទាំងឡាយ មានអាយុ ប្រៀនប្រដៅខ្ញុំករុណា សូមព្រះថេរៈទាំងឡាយ មានអាយុ ធ្វើធម្មីកថា ដល់ខ្ញុំករុណា សមគួរតាមធម៌ ដែលខ្ញុំករុណាល្មមយល់បាន។

[២៣២] កាលដែលព្រះឆន្នៈនិយាយយ៉ាងនេះហើយ ភិក្ខុទាំងឡាយជាថេរៈ និយាយនឹងព្រះឆន្នៈមានអាយុ ដូច្នេះថា អាវុសោឆន្នៈ រូប មិនទៀង វេទនាមិនទៀង សញ្ញាមិនទៀង សង្ខារទាំងឡាយ មិនទៀង វិញ្ញាណមិនទៀង។ រូបជាអនត្តា។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណជាអនត្តា សង្ខារទាំងឡាយ ទាំងពួង មិនទៀង ធម៌ទាំងឡាយទាំងពួង ជាអនត្តា។ លំដាប់នោះ ព្រះឆន្នៈមានអាយុ មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះដែរថា រូបមិនទៀង។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនទៀង។ រូបជាអនត្តា។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណជាអនត្តា សង្ខារទាំងឡាយទាំងពួង មិនទៀង ធម៌ទាំងឡាយទាំងពួង ជាអនត្តាដែរ ប៉ុន្តែចិត្តរបស់អញ មិនស្ទុះ មិនជ្រះថ្លា មិនតម្កល់ខ្ជាប់ មិនបង្អោនទៅរកព្រះនិព្វាន ដែលមានអាការរម្ងាប់ នូវសង្ខារទាំងពួង ជាទីរលាស់ចេញ នូវឧបធិទាំងពួង ជាទីអស់ទៅ នៃតណ្ហា ជាទីប្រាសចាកតម្រក ជាទីរលត់ទេ ទើបសេចក្តីតក់ស្លុត សេចក្តីប្រកាន់មាំ ក៏កើតឡើង ចិត្តរបស់អញ ក៏ត្រឡប់គិតថា អ្វីហ្ន៎ ជាខ្លួនរបស់អញអេះ។ មួយទៀត កាលបើអញ មិនទាន់ឃើញចតុស្សច្ចធម៌នុ៎ះ ហើយនរណាឡើយ នឹងសំដែងធម៌ដល់អញ សមគួរតាមធម៌ដែលអញល្មមយល់បាន។

[២៣៣] លំដាប់នោះ ព្រះឆន្នៈមានអាយុ មានសេចក្តីត្រិះរិះ ដូច្នេះថា ព្រះអានន្ទមានអាយុនេះ នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី ជាអ្នកដែលព្រះសាស្តា ទ្រង់សរសើរផង ជាអ្នកដែលពួកវិញ្ញូជន ជាសព្រហ្មចារី លើកតំកើងផង មានតែព្រះអានន្ទមានអាយុ ទើបអាចសំដែងធម៌ដល់អញ សមគួរតាមធម៌ ដែលអញល្មមយល់បាន ទាំងអញ ក៏មានសេចក្តីស្និទ្ធស្នាល នឹងព្រះអានន្ទមានអាយុជាដរាបមក បើដូច្នោះ គួរតែអញ ចូលទៅរកព្រះអានន្ទមានអាយុចុះ។ ទើបព្រះឆន្នៈមានអាយុ រៀបចំទុកដាក់សេនាសនៈ រួចស្រេចហើយ កាន់យកបាត្រ និងចីវរ ចូលទៅរកព្រះអានន្ទមានអាយុ ឯឃោសិតារាម ជិតក្រុងកោសម្ពី លុះចូលទៅដល់ហើយ ធ្វើកិរិយារីករាយ ជាមួយនឹងព្រះអានន្ទមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះឆន្នៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ពោលនឹងព្រះអានន្ទមានអាយុ ដូច្នេះថា អាវុសោអានន្ទ សម័យមួយ ខ្ញុំនៅក្នុងឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី អាវុសោ គ្រានោះ ខ្ញុំចេញចាកទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយកាន់កូនសោដើរចេញពីវិហារមួយ ចូលទៅកាន់វិហារមួយ និយាយនឹងភិក្ខុទាំងឡាយជាថេរៈ ដូច្នេះថា សូមព្រះថេរៈទាំងឡាយ មានអាយុ ទូន្មានខ្ញុំករុណា សូមព្រះថេរៈទាំងឡាយ មានអាយុ ប្រៀនប្រដៅខ្ញុំករុណា សូមព្រះថេរៈទាំងឡាយ មានអាយុ ធ្វើធម្មីកថា ដល់ខ្ញុំករុណា ឲ្យសមគួរតាមធម៌ ដែលខ្ញុំករុណាល្មមយល់បាន។ អាវុសោ កាលខ្ញុំនិយាយ យ៉ាងនេះហើយ ភិក្ខុទាំងឡាយជាថេរៈ និយាយនឹងខ្ញុំករុណា ដូច្នេះថា អាវុសោឆន្នៈ រូប មិនទៀង។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ មិនទៀង។ រូបជាអនត្តា។បេ។ វិញ្ញាណជាអនត្តា សង្ខារទាំងឡាយ ទាំងពួង មិនទៀង ធម៌ទាំងឡាយទាំងពួង ជាអនត្តា។ អាវុសោ ខ្ញុំនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា រូបមិនទៀង។បេ។ វិញ្ញាណមិនទៀង។ រូបជាអនត្តា។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណជាអនត្តា សង្ខារទាំងឡាយទាំងពួង មិនទៀង ធម៌ទាំងឡាយទាំងពួង ជាអនត្តាដែរ ប៉ុន្តែចិត្តរបស់ខ្ញុំ មិនស្ទុះ មិនជ្រះថ្លា មិនតម្កល់ខ្ជាប់ មិនបង្អោនទៅក្នុងព្រះនិព្វាន ដែលមានអាការរម្ងាប់ នូវសង្ខារទាំងពួង ជាទីរលាស់ចេញ នូវឧបធិទាំងពួង ជាទីអស់ទៅនៃតណ្ហា ជាទីប្រាសចាកតម្រក ជាទីរលត់ទេ ទើបសេចក្តីតក់ស្លុត សេចក្តីប្រកាន់មាំ ក៏កើតឡើង ចិត្តរបស់ខ្ញុំ ក៏ត្រឡប់គិតថា អ្វីហ្ន៎ ជាខ្លួនរបស់អញអេះ។ មួយទៀត កាលបើខ្ញុំ មិនទាន់ឃើញចតុស្សច្ចធម៌ទេ នរណាឡើយ នឹងសំដែងធម៌ដល់ខ្ញុំ សមគួរដល់ធម៌ ដែលខ្ញុំល្មមយល់បាន។ អាវុសោ ខ្ញុំក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ព្រះអានន្ទមានអាយុអង្គនេះ នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី ជាអ្នកដែលព្រះសាស្តា ទ្រង់សរសើរផង ជាអ្នកដែលពួកវិញ្ញូជន ជាសព្រហ្មចារី លើកតំកើងផង មានតែព្រះអានន្ទមានអាយុ អាចនឹងសំដែងធម៌ដល់អញ សមគួរតាមធម៌ ដែលអញល្មមយល់បាន ទាំងអញ ក៏មានសេចក្តីស្និទ្ធស្នាល នឹងព្រះអានន្ទមានអាយុ ជាដរាបមក បើដូច្នោះ គួរតែអាត្មាអញ ចូលទៅរកព្រះអានន្ទមានអាយុចុះ។ សូមព្រះអានន្ទមានអាយុ ទូន្មានខ្ញុំករុណា សូមព្រះអានន្ទមានអាយុ ប្រៀនប្រដៅខ្ញុំករុណា សូមព្រះអានន្ទមានអាយុ ធ្វើធម្មីកថា ដល់ខ្ញុំករុណា សមគួរតាមធម៌ ដែលខ្ញុំករុណាល្មមយល់បាន។

[២៣៤] ព្រះអានន្ទពោលថា ខ្ញុំរីករាយត្រេកអរ នឹងព្រះឆន្នៈមានអាយុ ដោយហេតុដែលព្រះឆន្នៈមានអាយុ ធ្វើសេចក្តីនោះ ឲ្យជាក់ច្បាស់ ទម្លាយសេចក្តីរឹងត្អឹង អាវុសោឆន្នៈ ចូរលោកផ្ទៀងសោតប្រសាទចុះ លោកជាបុគ្គលគួរយល់ធម៌បានហើយ។ ព្រះឆន្នៈមានអាយុ ក៏កើតបីតិ និងបាមោជ្ជ ដ៏ក្រៃលែង ដោយហេតុគ្រាន់តែឮថាខ្លួនជាបុគ្គលគួរយល់ធម៌បានហើយប៉ុណ្ណោះ។ ព្រះអានន្ទមានអាយុ ពោលថា អាវុសោឆន្នៈ សូត្រនេះ ខ្ញុំបានស្តាប់មក ខ្ញុំបានទទួលមក ក្នុងទីចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគ កាលដែលទ្រង់ទូន្មានភិក្ខុជាកច្ចានគោត្រថា ម្នាលកច្ចានៈ សត្វលោកនេះ ច្រើនតែអាស្រ័យនូវ ទិដ្ឋិ២ប្រការ គឺការប្រកាន់ថា មាន (សស្សតទិដ្ឋិ)១ ការប្រកាន់ថា មិនមាន (ឧច្ឆេទទិដ្ឋិ)១។ ម្នាលកច្ចានៈ កាលបើគេពិចារណាឃើញ តាមសេចក្តីពិត ដោយប្រាជ្ញាដ៏ប្រពៃ នូវហេតុដែលឲ្យកើតលោក ការប្រកាន់ថា មិនមាន ណា ក្នុងលោក គេមិនមានការប្រកាន់ថា មិនមាននោះទេ។ ម្នាលកច្ចានៈ កាលបើគេពិចារណាឃើញ តាមសេចក្តីពិត ដោយប្រាជ្ញាដ៏ប្រពៃ នូវសេចក្តីរលត់របស់លោក ការប្រកាន់ថា មាន ណា ក្នុងលោក គេមិនមានការប្រកាន់ថា មាន នោះទេ។ ម្នាលកច្ចានៈ សត្វលោកនេះ ច្រើនតែជាប់ចំពាក់ដោយឧបាយ (តណ្ហាទិដ្ឋិ) ឧបាទាន និងអភិនិវេសៈ គឺតណ្ហាទិដ្ឋិ ចំណែកអរិយសាវ័កនេះ រមែងមិនផ្តេកផ្តួល មិនប្រកាន់ មិនតាំងចិត្តខ្ជាប់ នូវឧបាយ និងឧបាទាននោះ ដែលជាអធិដ្ឋាន (ទីឈរ) ជាអភិនិវេសៈ (ទីអង្គុយ) និងជាអនុស័យ (ទីដេក) នៃចិត្ត ថាខ្លួនរបស់អញឡើយ។ អរិយសាវ័កនោះ មិនសង្ស័យ មិនងឿងឆ្ងល់ថា ទុក្ខក្នុងឧបាទានក្ខន្ធ ទាំង៥ កាលកើតឡើង រមែងកើតឡើងពិត ទុក្ខកាលរលត់ទៅ រមែងរលត់ទៅពិត។ ព្រះអរិយសាវ័កនោះ មានសេចក្តីយល់ចំពោះខ្លួន ក្នុងឧបាទានក្ខន្ធទុក្ខនុ៎ះ មិនបាច់មានបុគ្គលដទៃ ជាបច្ច័យ។ ម្នាលកច្ចានៈ សម្មាទិដ្ឋិ រមែងកើតមាន ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។ ម្នាលកច្ចានៈ សេចក្តីយល់ថា អ្វីទាំងអស់ មាន នេះជាសេចក្តីយល់ដ៏លាមកទី១ គឺសស្សតទិដ្ឋិ សេចក្តីយល់ថា អ្វីទាំងអស់មិនមាន នេះជាសេចក្តីយល់ដ៏លាមកទី២ គឺឧច្ឆេទទិដ្ឋិ។ ម្នាលកច្ចានៈ តថាគត សំដែងធម៌ ប្រាប់អ្នកតាមផ្លូវកណ្តាល មិនច្រឡូកច្រឡំ ក្នុងសេចក្តីយល់ដ៏លាមកទាំង២នេះឡើយថា សង្ខារទាំងឡាយ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារទាំងឡាយ ជាបច្ច័យ។បេ។ ហេតុជាដែនកើត នៃកងទុក្ខទាំងអស់នេះ រមែងកើតមាន ដោយប្រការដូច្នេះ។ មួយទៀត សេចក្តីរលត់នូវសង្ខារ ព្រោះវិនាស និងរលត់មិនសេសសល់ នៃអវិជ្ជា។បេ។ សេចក្តីរលត់ នៃកងទុក្ខទាំងអស់នេះ រមែងកើតមាន ដោយប្រការដូច្នេះ។ ព្រះឆន្នៈពោលថា អាវុសោអានន្ទ សេចក្តីនុ៎ះ យ៉ាងហ្នឹងមែនហើយ បណ្តាលោកមានអាយុទាំងឡាយណា លោកមានអាយុទាំងនោះ ប្រាកដដូចលោកម្ចាស់ ឈ្មោះថា ជាសព្រហ្មចារី ជាអ្នកអនុគ្រោះ អ្នកចង់ឲ្យប្រយោជន៍ អ្នកឲ្យឱវាទ អ្នកប្រៀនប្រដៅមែន ចំណែកខ្ញុំ ទើបនឹងយល់ធម៌ច្បាស់ ព្រោះបានស្តាប់ធម៌ទេសនា របស់ព្រះអានន្ទមានអាយុនេះឯង។

(រាហុល)សូត្រ ទី៩

(៩. រាហុលសុត្តំ)

[២៣៥] ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះរាហុលមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះរាហុល មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលដឹងដូចម្តេច ឃើញដូចម្តេច ទើបមិនមានអនុស័យ គឺសេចក្តីប្រកាន់អហង្ការមមង្ការ ក្នុងកាយដែលប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តគ្រប់ចំពូកជាខាងក្រៅផង។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលរាហុល រូបណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឬរូបណា មានក្នុងទីឆ្ងាយ ក្នុងទីជិត បុគ្គលឃើញនូវរូបទាំងអស់នុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមសេចក្តីពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ វេទនាណានីមួយ។ សញ្ញាណានីមួយ។ សង្ខារទាំងឡាយណានីមួយ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី។បេ។ បុគ្គលឃើញនូវវិញ្ញាណទាំងអស់នុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមសេចក្តីពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ ម្នាលរាហុល កាលបុគ្គលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ទើបមិនមានអនុស័យ គឺសេចក្តីប្រកាន់អហង្ការមមង្ការ ក្នុងកាយដែលប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តគ្រប់ចំពូកជាខាងក្រៅផង។

(ទុតិយរាហុល)សូត្រ ទី១០

(១០. ទុតិយរាហុលសុត្តំ)

[២៣៦] ជិតក្រុងសាវត្ថី។ ក្នុងវត្ត។ លុះព្រះរាហុលមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលដឹងដូចម្តេច ឃើញដូចម្តេច ទើបមានចិត្តប្រាសចាកសេចក្តីប្រកាន់អហង្ការមមង្ការ ក្នុងកាយដែលប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តគ្រប់ចំពូកជាខាងក្រៅផង ហើយកន្លងផុត ស្ងប់រម្ងាប់ រួចស្រឡះដោយចំណែក។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលរាហុល រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី។បេ។ ឬរូបណា មានក្នុងទីឆ្ងាយ ក្នុងទីជិត បុគ្គលឃើញនូវរូបទាំងអស់នុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមសេចក្តីពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ ទើបជាអ្នកផុតស្រឡះ ចាកសេចក្តីប្រកាន់មាំ។ វេទនាណានីមួយ។ សញ្ញាណានីមួយ។ សង្ខារទាំងឡាយណានីមួយ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឬវិញ្ញាណណា ដែលមានក្នុងទីឆ្ងាយ ក្នុងទីជិត បុគ្គលឃើញនូវវិញ្ញាណទាំងអស់នុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមសេចក្តីពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ ទើបផុតស្រឡះ ចាកសេចក្តីប្រកាន់មាំ។ ម្នាលរាហុល បុគ្គលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ទើបមានចិត្តប្រាសចាកសេចក្តីប្រកាន់អហង្ការមមង្ការ ក្នុងកាយដែលប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តគ្រប់ចំពូកជាខាងក្រៅផង ហើយកន្លងផុត ស្ងប់រម្ងាប់ រួចស្រឡះដោយចំណែក។

ចប់ ថេរវគ្គ ទី៤។

ឧទ្ទានក្នុងថេរវគ្គនោះ គឺ

និយាយអំពីព្រះអានន្ទ១ ព្រះតិស្សៈ១ ព្រះយមកៈ១ ព្រះអនុរាធ១ ព្រះវក្កលិ១ ព្រះអស្សជិ១ ព្រះខេមកៈ១ ព្រះឆន្នៈ១ និងព្រះរាហុល២រឿងទៀត លោកហៅថា ថេរវគ្គ។

បុប្ផវគ្គ (ទី៥/១០)

(១០. បុប្ផវគ្គោ)

(នទី)សូត្រ ទី១

(១. នទីសុត្តំ)

[២៣៧] ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ដូចជាស្ទឹងជាប់មកអំពីកំពូលភ្នំ មានប្រក្រតីនាំសំណាត់ហូរចុះមក ហូរទៅកាន់ទីឆ្ងាយ មានខ្សែទឹករហ័ស ប្រសិនបើមានត្រែងដុះនៅឰដ៏ឆ្នេរទាំងពីរ នៃស្ទឹងនោះ ត្រែងនោះ នឹងសំយុងចុះទៅរកស្ទឹងនោះ ប្រសិនបើមានស្បូវដុះនៅ ស្បូវទាំងនោះ នឹងសំយុងចុះទៅរកស្ទឹងនោះ ប្រសិនបើមានស្មៅដំណេកទន្សាយដុះនៅ ស្មៅដំណេកទន្សាយទាំងនោះ នឹងសំយុងចុះទៅរកស្ទឹងនោះ ប្រសិនបើមានស្បូវរណ្តាសដុះនៅ ស្បូវរណ្តាសទាំងនោះ នឹងសំយុងចុះទៅរកស្ទឹងនោះ ប្រសិនបើមានឈើដុះនៅ ឈើទាំងនោះ នឹងសំយុងចុះទៅរកស្ទឹងនោះ កាលបើមានបុរស អណ្តែតទៅតាមខ្សែទឹកស្ទឹងនោះ ទុកជាចាប់កាន់ត្រែងក្តី ត្រែងនោះក៏ដេកទៅ បុរសនោះ នឹងដល់នូវសេចក្តីមិនចម្រើន និងសេចក្តីវិនាស ព្រោះដំណើរនោះជាហេតុ។ ទុកជាចាប់កាន់ស្បូវក្តី។ ទុកជាចាប់កាន់ស្មៅដំណេកទន្សាយក្តី។ ទុកជាចាប់កាន់ស្បូវរណ្តាសក្តី។ ទុកជាចាប់កាន់ដើមឈើក្តី ឈើទាំងនោះ ក៏ដេកទៅ បុរសនោះ នឹងដល់នូវសេចក្តីមិនចម្រើន និងសេចក្តីវិនាស ព្រោះដំណើរនោះជាហេតុ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន ដែលមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាសវៃ ក្នុងអរិយធម៌ មិនសិក្សា ក្នុងអរិយធម៌ មិនបានឃើញពួកសប្បុរស មិនឈ្លាសវៃ ក្នុងសប្បុរិសធម៌ មិនបានសិក្សា ក្នុងសប្បុរិសធម៌ រមែងពិចារណាឃើញ នូវរូបថាជាខ្លួន ឃើញនូវខ្លួន ថាមានរូបខ្លះ ឃើញនូវរូប ថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួន ថាមានក្នុងរូបខ្លះ រូបនោះ របស់បុថុជ្ជននោះ រមែងរលុបរលាយទៅ បុថុជ្ជននោះ ក៏ដល់នូវសេចក្តីមិនចម្រើន និងសេចក្តីវិនាស ព្រោះដំណើរនោះជាហេតុ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ ឃើញនូវវិញ្ញាណ ថាជាខ្លួន ឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ ឃើញនូវវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួន ថាមានក្នុងវិញ្ញាណខ្លះ វិញ្ញាណនោះ របស់បុថុជ្ជននោះ រមែងរលុបរលាយទៅ បុថុជ្ជននោះ ក៏ដល់នូវសេចក្តីមិនចម្រើន និងសេចក្តីវិនាស ព្រោះដំណើរនោះជាហេតុ ក៏យ៉ាងនោះឯង។

[២៣៨] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវសេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ។បេ។ កាលបើភិក្ខុឃើញយ៉ាងនេះ។បេ។ រមែងដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(បុប្ផ)សូត្រ ទី២

(២. បុប្ផសុត្តំ)

[២៣៩] ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលពោលទាស់នឹងសត្វលោកទេ។ ម្នាលភិក្ខុទាំងឡាយ តែសត្វលោកតែងពោលទាស់នឹងតថាគត។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាធម្មវាទី រមែងមិនពោលទាស់នឹងបុគ្គលនីមួយក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ របស់ណា ដែលបណ្ឌិតសន្មតហើយថា មិនមានក្នុងលោក តថាគត ក៏ពោលនូវរបស់នោះថា មិនមានដែរ។ ម្នាលភិក្ខុទាំងឡាយ របស់ណា ដែលបណ្ឌិតសន្មតហើយថា មានក្នុងលោក តថាគត ក៏ពោលនូវរបស់នោះថា មានដែរ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវរបស់ណា ថាមិនមាន ចុះរបស់នោះ ដូចម្តេច ដែលបណ្ឌិតសន្មតហើយថា មិនមានក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ រូបដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ដែលបណ្ឌិតសន្មតថា មិនមានក្នុងលោក តថាគត ក៏ពោលនូវរូបនោះថា មិនមានដែរ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ដែលបណ្ឌិតសន្មតថា មិនមានក្នុងលោក តថាគត ក៏ពោលនូវវិញ្ញាណនោះថា មិនមានដែរ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវរបស់ណា ថាមិនមាន របស់នោះឯង ក៏បណ្ឌិតសន្មតថា មិនមានក្នុងលោកដែរ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវរបស់ណា ថាមាន ចុះរបស់នោះ ដូចម្តេច ដែលបណ្ឌិតសន្មតថាមានក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង ជាទុក្ខ ប្រែប្រួលជាធម្មតា ដែលបណ្ឌិតសន្មតថា មានក្នុងលោក តថាគត ក៏ពោលនូវរូបនោះថា មានដែរ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ មិនទៀង ជាទុក្ខ ប្រែប្រួលជាធម្មតា ដែលបណ្ឌិតសន្មតថា មានក្នុងលោក តថាគត ក៏ពោលនូវវិញ្ញាណនោះ ថាមានដែរ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវរបស់ណា ថាមាន របស់នេះឯង ក៏បណ្ឌិតសន្មតថា មានក្នុងលោកដែរ។

[២៤០] ម្នាលភិក្ខុទាំងឡាយ លោកធម៌11) រមែងមានក្នុងលោក ព្រះតថាគត បានចាក់ធ្លុះ ត្រាស់ដឹង នូវលោកធម៌នោះ លុះចាក់ ធ្លុះត្រាស់ដឹងហើយ ក៏រមែងប្រាប់ សំដែង បញ្ញត្ត តែងតាំង បើក វែកញែក ធ្វើឲ្យរាក់។ ម្នាលភិក្ខុទាំងឡាយ ចុះធម្មជាតដូចម្តេច ជាលោកធម៌ក្នុងលោក ដែលព្រះតថាគត ចាក់ធ្លុះ ត្រាស់ដឹង នូវធម្មជាតនោះ លុះចាក់ធ្លុះ ត្រាស់ដឹងហើយ ក៏រមែងប្រាប់ សំដែង បញ្ញត្ត តែងតាំង វែកញែក ធ្វើឲ្យរាក់។ ម្នាលភិក្ខុទាំងឡាយ រូប ជាលោកធម៌ក្នុងលោក ព្រះតថាគត បានចាក់ធ្លុះ នូវរូបនោះ។បេ។ ធ្វើឲ្យរាក់។ ម្នាលភិក្ខុទាំងឡាយ កាលបើរូប ដែលព្រះតថាគត ប្រាប់ សំដែង បញ្ញត្ត តែងតាំង បើក វែកញែក ធ្វើឲ្យរាក់ យ៉ាងនេះ បុគ្គលណា នៅតែមិនដឹង មិនយល់ទៀត ម្នាលភិក្ខុទាំងឡាយ តថាគតនឹងធ្វើដូចម្តេច នូវបុគ្គលដែលល្ងង់ ជាបុថុជ្ជន ខ្វាក់ មិនមានចក្ខុ មិនដឹង មិនយល់នោះ។ ម្នាលភិក្ខុទាំងឡាយ វេទនា។ ម្នាលភិក្ខុទាំងឡាយ សញ្ញា។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ ជាលោកធម៌ក្នុងលោក ព្រះតថាគត ចាក់ធ្លុះ ត្រាស់ដឹងនូវវិញ្ញាណនោះ លុះចាក់ ធ្លុះត្រាស់ដឹងហើយ ក៏រមែងប្រាប់ សំដែង បញ្ញត្ត តែងតាំង បើក វែកញែក ធ្វើឲ្យរាក់។ ម្នាលភិក្ខុទាំងឡាយ កាលបើវិញ្ញាណ ដែលព្រះតថាគត ប្រាប់ សំដែង បញ្ញត្ត តែងតាំង បើក វែកញែក ធ្វើឲ្យរាក់ យ៉ាងនេះ បុគ្គលណា នៅតែមិនដឹង មិនយល់ទៀត ម្នាលភិក្ខុទាំងឡាយ តថាគត នឹងធ្វើដូចម្តេចកើត នូវបុគ្គលនោះ ដែលល្ងង់ ជាបុថុជ្ជន ខ្វាក់ មិនមានចក្ខុ មិនដឹង មិនយល់នោះ។

[២៤១] ម្នាលភិក្ខុទាំងឡាយ ដូចជាព្រលឹតក្តី ឈូកក្រហមក្តី ឈូកសក្តី ដែលដុះក្នុងទឹក ចម្រើនឡើងក្នុងទឹក លូតផុតអំពីទឹក មិនទទឹកដោយទឹក យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ដែលកើតក្នុងលោក ចម្រើនក្នុងលោក រមែងគ្របសង្កត់នូវលោក មិនជាប់ចំពាក់ដោយលោក ក៏យ៉ាងនោះឯង។

(ផេណបិណ្ឌូបម)សូត្រ ទី៣

(៣. ផេណបិណ្ឌូបមសុត្តំ)

[២៤២] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ទៀបឆ្នេរនៃស្ទឹងគង្គា ជិតក្រុងអយុធ្យា។ ក្នុងទីនោះ ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ដូចជាស្ទឹងគង្គានេះ បន្សាត់ទៅ នូវដុំនៃពពុះទឹកដ៏ធំ បុរសមានភ្នែកក្រឡេកមើលឃើញដុំ នៃពពុះទឹកនោះ ហើយពិចារណា ដោយឧបាយ កាលបើបុរសនោះ ក្រឡេកមើលឃើញ ពិចារណាដោយឧបាយ ដុំនៃពពុះទឹកនោះ ក៏ប្រាកដជារបស់សោះសូន្យ ប្រាកដជារបស់ទទេ ប្រាដកជារបស់មិនមានខ្លឹម ម្នាលភិក្ខុទាំងឡាយ ខ្លឹមនឹងមានក្នុងដុំ នៃពពុះទឹក ដូចម្តេចបាន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន។បេ។ រូបណា ក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ភិក្ខុក្រឡេកមើលឃើញរូបនោះ ពិចារណាដោយឧបាយ កាលបើភិក្ខុនោះក្រឡេកមើលឃើញ ពិចារណាដោយឧបាយ រូបនោះ ក៏ប្រាកដជារបស់សោះសូន្យ ប្រាកដជារបស់ទទេ ប្រាកដជារបស់មិនមានខ្លឹម ម្នាលភិក្ខុទាំងឡាយ ខ្លឹមនឹងមានក្នុងរូបដូចម្តេចបាន ក៏យ៉ាងនោះឯង។

[២៤៣] ម្នាលភិក្ខុទាំងឡាយ ដូចជាភ្លៀងមានតំណក់ដ៏ថ្លោស បង្អោរចុះមក ក្នុងសរទសម័យ ឯក្រពេញទឹក តែងកើតឡើង ក្នុងទឹកផង បែកធ្លាយទៅក្នុងទឹកផង បុរសមានភ្នែក ក្រឡេកមើលឃើញក្រពេញទឹកនោះ ពិចារណាដោយឧបាយ កាលបើបុរសនោះ ក្រឡេកមើលឃើញ ពិចារណាដោយឧបាយ ក្រពេញទឹកនោះ ក៏ប្រាកដជារបស់សោះសូន្យ ប្រាកដជារបស់ទទេ ប្រាកដជារបស់មិនមានខ្លឹម ម្នាលភិក្ខុទាំងឡាយ ខ្លឹមនឹងមានក្នុងក្រពេញទឹក ដូចម្តេចបាន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ វេទនាណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន។បេ។ វេទនាណា ក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ភិក្ខុតែងក្រឡេកមើលឃើញវេទនានោះ ពិចារណាដោយឧបាយ កាលបើភិក្ខុនោះ ក្រឡេកមើលឃើញ ពិចារណាដោយឧបាយ វេទនានោះ ក៏ប្រាកដជារបស់សោះសូន្យ ប្រាកដជារបស់ទទេ ប្រាកដជារបស់មិនមានខ្លឹម ម្នាលភិក្ខុទាំងឡាយ ខ្លឹមនឹងមានក្នុងវេទនា ដូចម្តេចបាន ក៏យ៉ាងនោះឯង។

[២៤៤] ម្នាលភិក្ខុទាំងឡាយ ព្រេញថ្ងៃ រមែងញាប់ញ័រក្នុងវេលាថ្ងៃត្រង់ ក្នុងខែជាខាងចុង នៃគិម្ហរដូវ បុរសមានភ្នែក ក្រឡេកមើលឃើញព្រេញថ្ងៃនោះ ពិចារណាដោយឧបាយ កាលបើបុរសនោះ ក្រឡេកមើលឃើញ ពិចារណាដោយឧបាយ ព្រេញថ្ងៃនោះ ក៏ប្រាកដជារបស់សោះសូន្យ។បេ។ ម្នាលភិក្ខុទាំងឡាយ ខ្លឹមនឹងមានក្នុងព្រេញថ្ងៃ ដូចម្តេចបាន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ សញ្ញាណានីមួយ ក៏យ៉ាងនោះឯង។បេ។

[២៤៥] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅកាន់ទីស្វែងរកខ្លឹមឈើ បានកាន់យកដឹងដ៏មុត ចូលទៅកាន់ព្រៃ បុរសនោះ ឃើញដើមចេកធំ ត្រង់ នៅខ្ចី មិនទាន់មានត្រយូង ក្នុងព្រៃនោះ ក៏កាត់ដើមចេកនោះ ត្រង់គល់ លុះកាត់គល់ហើយ ក៏កាត់ចុង លុះកាត់ចុងហើយ ក៏បកស្រទប កាលបើបុរសនោះបកស្រទប ក៏មិនបានសូម្បីតែស្រាយ ក្នុងដើមចេកនោះទេ នឹងបាននូវខ្លឹមពីណា បុរសមានភ្នែក ក្រឡេកមើលឃើញដើមចេកនោះ ពិចារណាដោយឧបាយ កាលបើបុរសនោះ ក្រឡេកមើលឃើញ ពិចារណាដោយឧបាយ ដើមចេកនោះ ក៏ប្រាកដជារបស់សោះសូន្យ ប្រាកដជារបស់ទទេ ប្រាកដជារបស់មិនមានខ្លឹម ម្នាលភិក្ខុទាំងឡាយ ខ្លឹមនឹងមានក្នុងដើមចេក ដូចម្តេចបាន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ សង្ខារណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន។បេ។ សង្ខារណា ក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ភិក្ខុក្រឡេកមើលឃើញសង្ខារនោះ ពិចារណាដោយឧបាយ កាលបើភិក្ខុនោះ ក្រឡេកមើលឃើញ ពិចារណាដោយឧបាយ សង្ខារនោះ ប្រាកដជារបស់សោះសូន្យ ប្រាកដជារបស់ទទេ ប្រាកដជារបស់មិនមានខ្លឹម ម្នាលភិក្ខុទាំងឡាយ ខ្លឹមនឹងមានក្នុងសង្ខារ ដូចម្តេចបាន ក៏យ៉ាងនោះឯង។

[២៤៦] ម្នាលភិក្ខុទាំងឡាយ ដូចជាបុគ្គលអ្នកធ្វើកិច្ចកលក្តី កូនសិស្សរបស់បុគ្គលអ្នកធ្វើកិច្ចកល់ក្តី បញ្ចេញនូវកិច្ចកល ក្នុងផ្លូវធំបែកជា៤ ឯបុរសមានភ្នែក ក្រឡេកមើលឃើញនូវកិច្ចកលនោះ ពិចារណាដោយឧបាយ កាលបើបុរសនោះ ក្រឡេកមើលឃើញ ពិចារណាដោយឧបាយ កិច្ចកលនោះ ក៏ប្រាកដជារបស់សោះសូន្យ ប្រាកដជារបស់ទទេ ប្រាកដជារបស់មិនមានខ្លឹម ម្នាលភិក្ខុទាំងឡាយ ខ្លឹមនឹងមានក្នុងកិច្ចកល ដូចម្តេចបាន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន។បេ។ វិញ្ញាណណា ក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ភិក្ខុក្រឡេកមើលឃើញវិញ្ញាណនោះ ពិចារណាដោយឧបាយ កាលបើភិក្ខុនោះ ក្រឡេកមើលឃើញ ពិចារណាដោយឧបាយ វិញ្ញាណនោះ ក៏ប្រាកដជារបស់សោះសូន្យ ប្រាកដជារបស់ទទេ ប្រាកដជារបស់មិនមានខ្លឹម ម្នាលភិក្ខុទាំងឡាយ ខ្លឹមនឹងមានក្នុងវិញ្ញាណ ដូចម្តេចបាន ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះហើយ រមែងនឿយណាយក្នុងរូបផង ក្នុងវេទនាផង។ ក្នុងសញ្ញាផង។ ក្នុងសង្ខារផង។ រមែងនឿយណាយក្នុងវិញ្ញាណផង កាលបើនឿយណាយហើយ រមែងប្រាសចាកតម្រេក ចិត្តក៏ផុតស្រឡះ ព្រោះប្រាសចាកតម្រេក។ កាលបើចិត្តផុតស្រឡះហើយ សេចក្តីដឹងថា ចិត្តផុតស្រឡះក៏កើតមាន។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សូត្រនេះហើយ លុះព្រះសុគត ជាសាស្តា ទ្រង់ត្រាស់សូត្រនេះហើយ ទ្រង់ត្រាស់គាថានេះតទៅទៀតថា

[២៤៧] ព្រះពុទ្ធមានផៅពង្សដូចជាព្រះអាទិត្យ សំដែងហើយថា រូបដូចជាដុំនៃពពុះទឹក វេទនាដូចជាក្រពេញទឹក សញ្ញាដូចជាព្រេញថ្ងៃ សង្ខារដូចជាដើមចេក វិញ្ញាណ ដូចជាកិច្ចកល។ បុគ្គលក្រឡេកមើលដោយប្រការណាៗ រមែងពិចារណា ដោយឧបាយ ដោយប្រការនោះៗ បុគ្គលណា ឃើញនូវខន្ធបញ្ចកៈនោះ ដោយឧបាយ ខន្ធបញ្ចកៈនោះ ជារបស់សោះសូន្យទទេ តែងប្រាកដ (ដល់បុគ្គលនោះ)។ ការលះបង់ នូវធម៌ទាំង៣ ដែលព្រះមានព្រះភាគ មានបញ្ញាដូចជាផែនដី ទ្រង់ប្រារព្ធនូវកាយនេះ ហើយសំដែង អ្នកទាំងឡាយ ចូរឃើញនូវរូប ដែលគេចោលហើយ។ អាយុក្តី ភ្លើងធាតុក្តី វិញ្ញាណក្តី តែងលះបង់នូវកាយនេះ ដែលជាចំណី នៃសត្វដទៃ មិនមានចេតនា ក្នុងកាលណាហើយ កាយដែលគេចោលហើយ រមែងដេកលើផែនដី ក្នុងកាលនោះ។ ធម៌ជាតំណ12) នេះ ប្រាកដដូច្នេះឯង កិច្ចកលនេះ ជាគ្រឿងប្រឡោម នូវជនពាល ខន្ធនេះ អ្នកប្រាជ្ញពោលហើយ ថា ជាពេជ្ឈឃាដមួយ ឯខ្លឹម រមែងមិនមាន ក្នុងខន្ធនេះឡើយ។ ភិក្ខុមានព្យាយាមតឹងតែង មានសេចក្តីដឹងខ្លួន មានសតិដ៏មាំ គប្បីពិចារណា នូវខន្ធយ៉ាងនេះ ទាំងយប់ ទាំងថ្ងៃ។ គប្បីលះបង់ នូវសំយោគទាំងពួង គប្បីធ្វើនូវទីពឹងសម្រាប់ខ្លួន កាលបើប្រាថ្នានូវព្រះនិព្វាន ដែលមិនមានចុតិ គប្បីប្រព្រឹត្តរួសរាន់ ដូចជាបុគ្គលមានភ្លើងឆេះក្បាល។

(គោមយបិណ្ឌ)សូត្រ ទី៤

(៤. គោមយបិណ្ឌសុត្តំ)

[២៤៨] ជិតក្រុងសាវត្ថី។ គ្រានោះ ភិក្ខុមួយរូប។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន រូបណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ រូបនោះ បន្តិចបន្តួច មានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន វេទនាណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ វេទនានោះ បន្តិចបន្តួច មានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន សញ្ញាណា។បេ។ សញ្ញានោះ បន្តិចបន្តួច មានដែរ។ បពិត្រព្រះអង្គដ៏ចំរើន សង្ខារណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ សង្ខារនោះ បន្តិចបន្តួច មានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន វិញ្ញាណណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ វិញ្ញាណនោះ បន្តិចបន្តួច មានដែរឬ។ ម្នាលភិក្ខុ រូបណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ រូបនោះ បន្តិចបន្តួច មិនមានទេ។ ម្នាលភិក្ខុ វេទនានោះ បន្តិចបន្តួច មិនមានទេ។ សញ្ញានោះ បន្តិចបន្តួច។ សង្ខារនោះ បន្តិចបន្តួច។ វិញ្ញាណណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ វិញ្ញាណនោះ បន្តិចបន្តួច (មិនមានទេ)។

[២៤៩] គ្រានោះ ព្រះមានព្រះភាគ យកព្រះហស្តទៅចាប់ដុំអាចម៍គោបន្តិចហើយ ទ្រង់មានព្រះពុទ្ធដីកា នឹងភិក្ខុនោះ ដូច្នេះថា ម្នាលភិក្ខុ (ការបាននូវអត្តភាពណា) ដែលទៀតទាត់ ឋិតថេរ មិនប្រែប្រួល ជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ ការបាននូវអត្តភាព (នោះ) សូម្បីប៉ុនអាចម៍គោនេះ មិនមានទេ។ ម្នាលភិក្ខុ ប្រសិនបើ ការបាននូវអត្តភាពប៉ុណ្ណេះ ជារបស់ទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា នឹងមានហើយ ការអប់រំព្រហ្មចរិយៈនេះ មិនប្រាកដ ដើម្បីអស់ទៅនៃទុក្ខ ដោយប្រពៃឡើយ។ ម្នាលភិក្ខុ ព្រោះការបាននូវអត្តភាពប៉ុណ្ណេះ ជារបស់ទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា មិនមានទេ បានជាការអប់រំព្រហ្មចរិយៈ ប្រាកដដើម្បីអស់ទៅនៃទុក្ខ ដោយប្រពៃបាន។

[២៥០] ម្នាលភិក្ខុ កាលពីព្រេងនាយ តថាគត ជាខត្តិយរាជ បានមុទ្ធាភិសេកហើយ។ ម្នាលភិក្ខុ កាលដែលតថាគត ជាខត្តិយរាជ បានមុទ្ធាភិសេកហើយនោះ មាននគរ ៨៤.០០០ (ប្រាំបីម៉ឺនបួនពាន់) មានកុសាវតីរាជធានី ជាប្រធាន។ ម្នាលភិក្ខុ កាលដែលតថាគត ជាខត្តិយរាជ បានមុទ្ធាភិសេកហើយនោះ មានប្រាសាទ ៨៤.០០០ មានធម្មប្រាសាទជាប្រធាន។ ម្នាលភិក្ខុ កាលដែលតថាគត ជាខត្តិយរាជ បានមុទ្ធាភិសេកហើយនោះ មានផ្ទះកំពូល ៨៤.០០០ មានផ្ទះកំពូលឈ្មោះ មហាព្យូហៈ ជាប្រធាន។ ម្នាលភិក្ខុ កាលដែលតថាគត ជាខត្តិយរាជ បានមុទ្ធាភិសេកហើយនោះ មានបល្ល័ង្ក ៨៤.០០០ ធ្វើអំពីភ្លុក ធ្វើអំពីឈើខ្លឹម ធ្វើអំពីមាស ធ្វើអំពីប្រាក់ ក្រាលដោយព្រំមានរោមវែងជាង៤ធ្នាប់ ក្រាលដោយកម្រាលមានពណ៌ស ធ្វើដោយរោមសត្វ ក្រាលដោយកម្រាលធ្វើអំពីរោមសត្វជាផ្កាចង្កោម មានកម្រាលដ៏ប្រសើរ ធ្វើអំពីស្បែកឈ្លូស មានខ្នើយពណ៌ក្រហមទាំងពីរខាង គឺខ្នើយក្បាល និងខ្នើយជើង ព្រមទាំងពិតាន មានពណ៌ក្រហម។ ម្នាលភិក្ខុ កាលដែលតថាគត ជាខត្តិយរាជ បានមុទ្ធាភិសេកហើយនោះ មានដំរី ៨៤.០០០ មានគ្រឿងប្រដាប់ធ្វើអំពីមាស មានទង់ធ្វើអំពីមាស ស្រោបដោយបណ្តាញមាស មានស្តេចដំរីឈ្មោះ ឧបោសថ ជាប្រធាន។ ម្នាលភិក្ខុ កាលដែលតថាគត ជាខត្តិយរាជ បានមុទ្ធាភិសេកហើយនោះ មានសេះ ៨៤.០០០ មានគ្រឿងប្រដាប់ធ្វើអំពីមាស មានទង់ធ្វើអំពីមាស ស្រោបដោយបណ្តាញមាស មានស្តេចសេះឈ្មោះ វលាហក ជាប្រធាន។ ម្នាលភិក្ខុ កាលដែលតថាគត ជាខត្តិយរាជ បានមុទ្ធាភិសេកហើយនោះ មានរថ ៨៤.០០០ មានគ្រឿងប្រដាប់ធ្វើអំពីមាស មានទង់ធ្វើអំពីមាស បិទបាំងដោយបណ្តាញមាស មានវេជយន្តរថ ជាប្រធាន។ ម្នាលភិក្ខុ កាលដែលតថាគត ជាខត្តិយរាជ បានមុទ្ធាភិសេកហើយនោះ មានមណី ៨៤.០០០ មានមណីរ័តន៍ ជាប្រធាន។ ម្នាលភិក្ខុ កាលដែលតថាគត ជាខត្តិយរាជ បានមុទ្ធាភិសេកហើយនោះ មានស្ត្រី ៨៤.០០០ មាននាងភទ្ទាទេវី ជាប្រធាន។ ម្នាលភិក្ខុ កាលដែលតថាគត។បេ។ មានក្សត្រ ៨៤.០០០ ជាចំណុះ មានបរិនាយករ័តន៍ ជាប្រធាន។ ម្នាលភិក្ខុ កាលដែលតថាគត។បេ។ មានមេគោ ៨៤.០០០ សម្រាប់រឺតបង្ហូរយកទឹកដោះ មានភាជនៈប្រាក់ សម្រាប់ត្រង។ ម្នាលភិក្ខុ កាលដែលតថាគត។បេ។ មានសំពត់ ៨៤.០០០កោដិ គឺសំពត់សម្បកឈើ មានសាច់ដ៏ល្អិត សំពត់សូត្រ មានសាច់ដ៏ល្អិត សំពត់កម្ពល មានសាច់ដ៏ល្អិត សំពត់អម្បោះ មានសាច់ដ៏ល្អិត។ ម្នាលភិក្ខុ កាលដែលតថាគត។បេ។ មានសម្រាប់ ៨៤.០០០ ជាភត្តាភិហារ ដែលរាជបុរសនាំមកថ្វាយ រាល់ពេលល្ងាចព្រឹក។

[២៥១] ម្នាលភិក្ខុ បណ្តានគរទាំង ៨៤.០០០ នោះ មានតែនគរ១ ដែលតថាគត តែងនៅអាស្រ័យ ក្នុងសម័យនោះ គឺ កុសាវតីរាជធានី។ ម្នាលភិក្ខុ បណ្តាប្រាសាទទាំង ៨៤.០០០នោះ មានតែប្រាសាទ១ ដែលតថាគតតែងនៅអាស្រ័យ ក្នុងសម័យនោះ គឺ ធម្មប្រាសាទ។ ម្នាលភិក្ខុ បណ្តាផ្ទះកំពូលទាំង៨៤.០០០នោះ មានតែផ្ទះកំពូល១ ដែលតថាគត តែងនៅអាស្រ័យ ក្នុងសម័យនោះ គឺ ផ្ទះកំពូលឈ្មោះ មហាព្យូហៈ។ ម្នាលភិក្ខុ បណ្តាបល្ល័ង្កទាំង ៨៤.០០០នោះ មានតែបល្ល័ង្ក១ ដែលតថាគត តែងប្រើប្រាស់ ក្នុងសម័យនោះ គឺ បល្ល័ង្កធ្វើអំពីភ្លុក ឬបល្ល័ង្កធ្វើអំពីខ្លឹមឈើ បល្ល័ង្កធ្វើអំពីមាស ឬបល្ល័ង្កធ្វើអំពីប្រាក់។ ម្នាលភិក្ខុ បណ្តាដំរីទាំង ៨៤.០០០នោះ មានតែដំរី១ ដែលតថាគត តែងជិះ ក្នុងសម័យនោះ គឺ ស្តេចដំរីឈ្មោះ ឧបោសថ។ ម្នាលភិក្ខុ បណ្តាសេះទាំង ៨៤.០០០នោះ មានតែសេះ១ ដែលតថាគត តែងជិះ ក្នុងសម័យនោះ គឺ ស្តេចសេះឈ្មោះ វលាហកៈ។ ម្នាលភិក្ខុ បណ្តារថទាំង ៨៤.០០០នោះ មានតែរថ១ ដែលតថាគត តែងជិះ ក្នុងសម័យនោះ គឺ វេជយន្តរថ។ ម្នាលភិក្ខុ បណ្តាស្ត្រីទាំង ៨៤.០០០នោះ មានតែស្ត្រី១ ដែលជាអ្នកបម្រើផ្ទាល់តថាគត ក្នុងសម័យនោះ គឺ ស្ត្រីជាខត្តិយា ឬស្ត្រីជាវេលាមិកា។13) ម្នាលភិក្ខុ បណ្តាសំពត់ទាំង ៨៤.០០០កោដិនោះ មានតែសំពត់១គូ ដែលតថាគត តែងស្លៀកដណ្តប់ ក្នុងសម័យនោះ គឺ សំពត់សម្បកឈើ មានសាច់ដ៏ល្អិត ឬសំពត់សូត្រ មានសាច់ដ៏ល្អិត សំពត់កម្ពល មានសាច់ដ៏ល្អិត ឬសំពត់អម្បោះ មានសាច់ដ៏ល្អិត។ ម្នាលភិក្ខុ បណ្តាសម្រាប់ទាំង ៨៤.០០០នោះ មានតែសម្រាប់១ ដែលតថាគត តែងបរិភោគ គឺបាយ ដែលគេចំអិនដោយអង្ករ១នាឡិ ជាកំណត់ ទាំងសម្ល និងម្ហូបក្រៀម ដ៏សមគួរដល់បាយនោះ។ ម្នាលភិក្ខុ សង្ខារទាំងអស់នោះ សុទ្ធតែកន្លងហើយ រលត់ហើយ មានសេចក្តីប្រែប្រួលទៅហើយ ដោយប្រការដូច្នេះ ម្នាលភិក្ខុ សង្ខារមិនទៀង យ៉ាងនេះឯង ម្នាលភិក្ខុ សង្ខារមិនឋិតថេរ យ៉ាងនេះឯង ម្នាលភិក្ខុ សង្ខារទាំងពួង មិនមានគ្រឿងទំនុកបម្រុង យ៉ាងនេះឯង។ ម្នាលភិក្ខុ ហេតុនេះ គួរដើម្បីនឿយណាយ គួរដើម្បីធុញទ្រាន់ គួរដើម្បីជិនឆ្អន់ ក្នុងសង្ខារទាំងពួង។

(នខសិខា)សូត្រ ទី៥

(៥. នខសិខាសុត្តំ)

[២៥២] ជិតក្រុងសាវត្ថី។ ក្នុងវត្ត។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន រូបណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ រូបនោះ បន្តិចបន្តួច មានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន វេទនាណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ វេទនានោះ បន្តិចបន្តួច មានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន សញ្ញានោះ បន្តិចបន្តួច មានដែរឬ។បេ។ សង្ខារណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ សង្ខារនោះ បន្តិចបន្តួច មានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន វិញ្ញាណណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលទៅជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ វិញ្ញាណនោះ បន្តិចបន្តួច មានដែរឬ។ ម្នាលភិក្ខុ រូបណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ រូបនោះ បន្តិចបន្តួច មិនមានទេ។ ម្នាលភិក្ខុ វេទនានោះ បន្តិចបន្តួច មិនមានទេ។ សញ្ញានោះ បន្តិចបន្តួច។ សង្ខារនោះ បន្តិចបន្តួច។ វិញ្ញាណណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ វិញ្ញាណនោះ បន្តិចបន្តួច មិនមានទេ។

[២៥៣] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចូកអាចម៍ដីបន្តិច ដោយចុងព្រះនខា ហើយទ្រង់មានព្រះពុទ្ធដីកានឹងភិក្ខុនោះ ដូច្នេះថា ម្នាលភិក្ខុ រូបណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួល ជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ រូបនោះ សូម្បីប៉ុនអាចម៍ដីនេះ មិនមានទេ។ ម្នាលភិក្ខុ ប្រសិនបើរូបប៉ុណ្ណេះ ជារបស់ទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតានឹងមានហើយ ការអប់រំព្រហ្មចរិយៈនេះ មិនប្រាកដដើម្បីអស់ទៅនៃទុក្ខ ដោយប្រពៃឡើយ។ ម្នាលភិក្ខុ ព្រោះរូបប៉ុណ្ណេះជារបស់ទៀងទាត់ ឋិតថេរ មិនប្រែប្រួលទៅជាធម្មតា មិនមាន បានជាការអប់រំព្រហ្មចរិយៈ ប្រាកដដើម្បីអស់ទៅនៃទុក្ខ ដោយប្រពៃបាន។ ម្នាលភិក្ខុ វេទនាណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ វេទនានោះ សូម្បីប៉ុនអាចម៍ដីនេះ មិនមានទេ។ ម្នាលភិក្ខុ ប្រសិនបើវេទនាប៉ុណ្ណេះ ជារបស់ទៀងទាត់ ឋិតថេរ មិនប្រែប្រួលទៅជាធម្មតា នឹងមានហើយ ការអប់រំព្រហ្មចរិយៈនេះ មិនប្រាកដដើម្បីអស់ទៅនៃទុក្ខ ដោយប្រពៃឡើយ។ ម្នាលភិក្ខុ ព្រោះវេទនាប៉ុណ្ណេះ ជារបស់ទៀងទាត់ ឋិតថេរ មិនប្រែប្រួលទៅជាធម្មតា មិនមាន បានជាការអប់រំព្រហ្មចរិយៈ ប្រាកដដើម្បីអស់ទៅនៃទុក្ខ ដោយប្រពៃបាន។ ម្នាលភិក្ខុ សញ្ញានោះ សូម្បីប៉ុនអាចម៍ដីនេះ។បេ។ ម្នាលភិក្ខុ សង្ខារណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ សង្ខារនោះ សូម្បីប៉ុនអាចម៍ដីនេះ មិនមានឡើយ។ ម្នាលភិក្ខុ ប្រសិនបើសង្ខារប៉ុណ្ណេះ ជារបស់ទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតានឹងមានហើយ ការអប់រំព្រហ្មចរិយៈនេះ មិនប្រាកដដើម្បីអស់ទៅនៃទុក្ខ ដោយប្រពៃឡើយ។ ម្នាលភិក្ខុ ព្រោះសង្ខារប៉ុណ្ណេះជារបស់ទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា មិនមាន បានជាការអប់រំព្រហ្មចរិយៈ តែងប្រាកដដើម្បីអស់ទៅនៃទុក្ខ ដោយប្រពៃបាន។ ម្នាលភិក្ខុ វិញ្ញាណណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ វិញ្ញាណនោះ សូម្បីប៉ុនអាចម៍ដីនេះ មិនមានឡើយ។ ម្នាលភិក្ខុ ប្រសិនបើវិញ្ញាណប៉ុណ្ណេះ ជារបស់ទៀងទាត់ ឋិតថេរ មិនប្រែប្រួលទៅ ជាធម្មតា នឹងមានហើយ ការអប់រំព្រហ្មចរិយៈនេះ មិនប្រាកដដើម្បីអស់ទៅនៃទុក្ខ ដោយប្រពៃបានឡើយ។ ម្នាលភិក្ខុ ព្រោះវិញ្ញាណប៉ុណ្ណេះ ជារបស់ទៀងទាត់ ឋិតថេរ មិនប្រែប្រួល ជាធម្មតា មិនមាន បានជាការអប់រំព្រហ្មចរិយៈ តែងប្រាកដដើម្បីអស់ទៅនៃទុក្ខ ដោយប្រពៃបាន។

[២៥៤] ម្នាលភិក្ខុ អ្នកសំគាល់សេចក្តីនោះដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ វេទនា។ សញ្ញា។ សង្ខារ។ វិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ព្រោះហេតុនោះ ក្នុងសាសនានេះ។បេ។ កាលបើអរិយសាវ័កឃើញយ៉ាងនេះ។បេ។ រមែងដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(សុទ្ធិក)សូត្រ ទី៦

(៦. សុទ្ធិកសុត្តំ)

[២៥៥] ជិតក្រុងសាវត្ថី។ ក្នុងវត្ត។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន រូបណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ រូបនោះ បន្តិចបន្តួច មានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន វេទនាបន្តិចបន្តួចមានដែរឬ។ សញ្ញាបន្តិចបន្តួច។ សង្ខារបន្តិចបន្តួច។ វិញ្ញាណណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ វិញ្ញាណនោះ បន្តិចបន្តួច មានដែរឬ។ ម្នាលភិក្ខុ រូបណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ រូបនោះ បន្តិចបន្តួចមិនមានទេ។ ម្នាលភិក្ខុ វេទនាបន្តិចបន្តួច មិនមានទេ។ សញ្ញាបន្តិចបន្តួច។ សង្ខារបន្តិចបន្តួច។ វិញ្ញាណណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ វិញ្ញាណនោះ បន្តិចបន្តួច (មិនមានទេ)។

(គទ្ទុលពទ្ធ)សូត្រ ទី៧

(៧. គទ្ទុលពទ្ធសុត្តំ)

[២៥៦] ជិតក្រុងសាវត្ថី។ ក្នុងវត្ត។ ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជា ជាគ្រឿងបិទបាំង មានតណ្ហា ជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ។ ម្នាលភិក្ខុទាំងឡាយ មានសម័យ ដែលត្រូវមហាសមុទ្ររីងស្ងួត មិនមានសល់នៅ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមានអវិជ្ជា ជាគ្រឿងបិទបាំង មានតណ្ហា ជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ តថាគត មិនពោលថា ធ្វើនូវទីបំផុតនៃទុក្ខបានឡើយ។ ម្នាលភិក្ខុទាំងឡាយ មានសម័យ ដែលស្តេចភ្នំឈ្មោះ សិនេរុ ត្រូវភ្លើងឆេះវិនាសទៅ មិនមានសល់នៅ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមានអវិជ្ជា ជាគ្រឿងបិទបាំង មានតណ្ហា ជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ តថាគត មិនពោលថា ធ្វើនូវទីបំផុត នៃទុក្ខបានឡើយ។ ម្នាលភិក្ខុទាំងឡាយ មានសម័យ ដែលមហាប្រឹថពី ត្រូវភ្លើងឆេះវិនាសទៅ មិនមានសល់នៅ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមានអវិជ្ជា ជាគ្រឿងបិទបាំង មានតណ្ហា ជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ តថាគត មិនពោលថា ធ្វើនូវទីបំផុតនៃទុក្ខបានឡើយ។

[២៥៧] ម្នាលភិក្ខុទាំងឡាយ ដូចជាឆ្កែដែលគេចង ដោយដងដោយ ចងភ្ជាប់នឹងបង្គោល ឬសសរដ៏មាំ រមែងស្ទុះក្រឡឹង ដើរក្រឡឹងបង្គោល ឬសសរនោះឯង យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន ជាអ្នកមិនចេះដឹង មិនឃើញពួកព្រះអរិយៈ។បេ។ មិនបានសិក្សា ក្នុងសប្បុរិសធម៌ រមែងពិចារណាឃើញនូវរូប ថាជាខ្លួន។បេ។ ពិចារណាឃើញនូវវេទនា ថាជាខ្លួន។ នូវសញ្ញា។ ពិចារណា ឃើញនូវសង្ខារថាជាខ្លួន។ ពិចារណាឃើញ នូវវិញ្ញាណ ថាជាខ្លួន ឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ ឃើញនូវវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួន ថាមានក្នុងវិញ្ញាណខ្លះ។ បុថុជ្ជននោះ រមែងស្ទុះក្រឡឹង ដើរក្រឡឹងនូវរូបដដែលៗ។ នូវវេទនាដដែលៗ។ នូវសញ្ញាដដែលៗ។ នូវសង្ខារដដែលៗ។ រមែងស្ទុះក្រឡឹង ដើរក្រឡឹង នូវវិញ្ញាណដដែលៗ។ កាលដែលបុថុជ្ជននោះ ស្ទុះក្រឡឹង ដើរក្រឡឹងនូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ ស្ទុះក្រឡឹង ដើរក្រឡឹង នូវវិញ្ញាណ តថាគត ពោលថា មិនរួចចាករូប មិនរួចចាកវេទនា មិនរួចចាកសញ្ញា មិនរួចចាកសង្ខារ មិនរួចចាកវិញ្ញាណ មិនរួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ មិនរួចចាកទុក្ខឡើយ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងអរិយសាវ័ក ជាអ្នកចេះដឹង ឃើញពួកព្រះអរិយៈ។បេ។ បានសិក្សាដោយប្រពៃ ក្នុងសប្បុរិសធម៌ រមែងមិនពិចារណាឃើញនូវរូប ថាជាខ្លួន។ មិនឃើញនូវវេទនា។ មិនឃើញនូវសញ្ញា។ មិនឃើញនូវសង្ខារ។ មិនឃើញនូវវិញ្ញាណ ថាជាខ្លួន នូវខ្លួន ថាមានវិញ្ញាណខ្លះ នូវវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ នូវខ្លួន ថាមានក្នុងវិញ្ញាណខ្លះ។ អរិយសាវ័កនោះ រមែងមិនស្ទុះក្រឡឹង មិនដើរក្រឡឹងនូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ មិនស្ទុះក្រឡឹង មិនដើរក្រឡឹងនូវវិញ្ញាណ។ កាលដែលអរិយសាវ័កនោះ មិនស្ទុះក្រឡឹង មិនដើរក្រឡឹងនូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ មិនស្ទុះក្រឡឹង មិនដើរក្រឡឹងនូវវិញ្ញាណ តថាគត ពោលថា រួចចាករូប រួចចាកវេទនា រួចចាកសញ្ញា រួចចាកសង្ខារ រួចចាកវិញ្ញាណ រួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ រួចចាកទុក្ខបាន។

(ទុតិយគទ្ទុលពទ្ធ)សូត្រ ទី៨

(៨. ទុតិយគទ្ទុលពទ្ធសុត្តំ)

[២៥៨] ជិតក្រុងសាវត្ថី។ ក្នុងវត្ត។ ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជាជាគ្រឿងបិទបាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាឆ្កែ ដែលគេចងដោយដងដោយ ចងភ្ជាប់នឹងបង្គោល ឬសសរដ៏មាំ ប្រសិនបើឆ្កែនោះដើរទៅ រមែងដើរជិតបង្គោល ឬសសរនោះដដែល ប្រសិនបើឈរ រមែងឈរជិតបង្គោល ឬសសរនោះដដែល ប្រសិនបើអង្គុយ រមែងអង្គុយជិតបង្គោល ឬសសរនោះដដែល ប្រសិនបើដេក រមែងដេកជិតបង្គោល ឬសសរនោះដដែល យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង រមែងពិចារណាឃើញនូវរូបថា នុ៎ះជារបស់អាត្មាអញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួនរបស់អាត្មាអញ។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ ពិចារណាឃើញនូវវិញ្ញាណថា នុ៎ះជារបស់អាត្មាអញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួនរបស់អាត្មាអញ។ ប្រសិនបើបុគ្គលនោះ ដើរទៅ រមែងដើរទៅជិតឧបាទានក្ខន្ធទាំង៥នេះដដែល ប្រសិនបើឈរ រមែងឈរជិតឧបាទានក្ខន្ធ ទាំង៥នេះដដែល ប្រសិនបើអង្គុយ រមែងអង្គុយជិតឧបាទានក្ខន្ធ ទាំង៥នេះដដែល ប្រសិនបើដេក រមែងដេកជិតឧបាទានក្ខន្ធ ទាំង៥នេះដដែល ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ បុគ្គលក្នុងលោកនេះ គួរពិចារណា នូវចិត្តរបស់ខ្លួន ឲ្យរឿយៗថា ចិត្តនេះសៅហ្មង ដោយរាគៈ ទោសៈ មោហៈ អស់កាលជាអង្វែង។

[២៥៩] ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលមានធម៌ជាគ្រឿងសៅហ្មងនៃចិត្ត រមែងជ្រោកជ្រាក ពួកសត្វដែលមានធម៌ ជាគ្រឿងផូរផង់នៃចិត្ត រមែងបរិសុទ្ធ។ ម្នាលភិក្ខុទាំងឡាយ រូបគំនូរ អ្នកទាំងឡាយ បានឃើញហើយឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ រូបគំនូរនោះ គេរចនាដោយការវិចិត្រជាប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ចិត្តនេះឯង វិចិត្រដោយវិសេសជាងរូបគំនូរដែលគេរចនា។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ បុគ្គលក្នុងលោកនេះ គប្បីពិចារណានូវចិត្តរបស់ខ្លួនឲ្យរឿយៗថា ចិត្តនេះសៅហ្មងហើយ ដោយរាគៈ ទោសៈ មោហៈ អស់កាលជាអង្វែង។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលមានធម៌ជាគ្រឿងសៅហ្មងនៃចិត្ត រមែងជ្រោកជ្រាក ពួកសត្វដែលមានធម៌ជាគ្រឿងផូរផង់នៃចិត្ត រមែងបរិសុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វតិរច្ឆាននេះ ដ៏វិចិត្រយ៉ាងណា ចិត្តណាដែលវិចិត្រយ៉ាងនោះ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលឃើញ សូម្បីនូវពួកធម៌មួយ ដទៃអំពីចិត្តនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ សត្វតិរច្ឆានទាំងនោះឯង តែងគិតដោយចិត្តដូចគ្នា។ ម្នាលភិក្ខុទាំងឡាយ ចិត្តនេះឯង វិចិត្រដោយវិសេសជាងពួកសត្វតិរច្ឆាននោះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ បុគ្គលក្នុងលោកនេះ គប្បីពិចារណានូវចិត្តរបស់ខ្លួនឲ្យរឿយៗថា ចិត្តនេះសៅហ្មងដោយរាគៈ ទោសៈ មោហៈ អស់កាលជាអង្វែង។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលមានធម៌ជាគ្រឿងសៅហ្មងនៃចិត្ត រមែងជ្រោកជ្រាក ពួកសត្វដែលមានធម៌ជាគ្រឿងផូរផង់នៃចិត្ត រមែងបរិសុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ដូចជាជាងជ្រលក់ក្តី ជាងគំនូរក្តី កាលបើទឹកជ្រលក់ក្តី ទឹកល័ក្តក្តី ទឹករមៀតក្តី ទឹកមានពណ៌ខៀវក្តី ពណ៌ហង្សបាទក្តី ផែនក្តារដែលគេខាត់ល្អហើយក្តី ជញ្ជាំងក្តី ផ្ទាំងសំពត់ក្តី មានហើយ គប្បីតាក់តែងនូវរូបស្ត្រី ឬរូបបុរស មានអវយវៈតូច និងអវយវៈធំសព្វគ្រប់បាន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនជាអ្នកមិនចេះដឹង កាលបើចង់ឲ្យរូបកើត រមែងញុំាងរូបឲ្យកើតឡើងបាន។ ញុំាងវេទនា។ ញុំាងសញ្ញា។ ញុំាងសង្ខារ។ កាលបើចង់ឲ្យវិញ្ញាណកើត រមែងញុំាងវិញ្ញាណឲ្យកើតឡើងបាន ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ វេទនា។ សញ្ញា។ សង្ខារ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ។បេ។ អរិយសាវ័ក កាលបើឃើញយ៉ាងនេះ។បេ។ រមែងដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(វាសិជដ)សូត្រ ទី៩

(៩. វាសិជដសុត្តំ)

[២៦០] ជិតក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវកិរិយាអស់ទៅនៃអាសវៈ ចំពោះបុគ្គលដែលដឹងច្បាស់ ឃើញច្បាស់ មិនពោលចំពោះបុគ្គលដែលមិនដឹងច្បាស់ មិនឃើញច្បាស់ឡើយ។ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈ រមែងមានដល់បុគ្គល ដែលដឹងអ្វី ឃើញអ្វី។ (ដល់បុគ្គលដឹងឃើញ) ថារូប ដូច្នេះ ហេតុឲ្យកើតឡើងនៃរូប ដូច្នេះ សេចក្តីអស់ទៅនៃរូប ដូច្នេះ។ វេទនា ដូច្នេះ។ សញ្ញា ដូច្នេះ។ សង្ខារដូច្នេះ។ វិញ្ញាណដូច្នេះ ហេតុឲ្យកើតឡើងនៃវិញ្ញាណ ដូច្នេះ សេចក្តីអស់ទៅ នៃវិញ្ញាណ ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅ នៃអាសវៈ រមែងមាន ដល់បុគ្គលដែលដឹងយ៉ាងនេះ ឃើញយ៉ាងនេះឯង។

[២៦១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលមិនប្រកបរឿយៗ នូវភាវនានុយោគ ទុកជាមានសេចក្តីប្រាថ្នា កើតឡើងយ៉ាងនេះថា ឱហ្ន៎ ចិត្តរបស់អាត្មាអញ គប្បីរួចស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនបានប្រកាន់មាំក៏ដោយ ចិត្តរបស់ភិក្ខុនោះ ក៏នៅតែមិនរួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនបានប្រកាន់មាំឡើយ។ សេចក្តីនោះ ព្រោះហេតុដូចម្តេច។ គប្បីឆ្លើយថា ព្រោះភិក្ខុនោះ មិនបានចម្រើន។ មិនបានចម្រើនអ្វី។ មិនបានចម្រើនសតិប្បដ្ឋានទាំង៤ មិនបានចម្រើនសម្មប្បធានទាំង៤ មិនបានចម្រើនឥទ្ធិបាទទាំង៤ មិនបានចម្រើនឥន្ទ្រិយទាំង៥ មិនបានចម្រើនពលៈទាំង៥ មិនបានចម្រើនពោជ្ឈង្គទាំង៧ មិនបានចម្រើនអរិយមគ្គប្រកបដោយអង្គ៨។ ម្នាលភិក្ខុទាំងឡាយ ដូចជាមេមាន់ មានស៊ុត៨ក្តី ១០ក្តី ១២ក្តី ឯស៊ុតទាំងនោះ បើមេមាន់មិនបានក្រាបដោយប្រពៃ មិនបានឲ្យចំហាយដោយប្រពៃ មិនបានអប់កំដៅដោយប្រពៃទេ មេមាន់នោះ ទុកជាមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ឱហ្ន៎ កូនមាន់របស់អាត្មាអញ គប្បីទម្លាយនូវសម្បកស៊ុត ដោយចុងក្រចកជើង ឬដោយចុងចំពុះ ហើយញាស់មកដោយសួស្តី ដូច្នេះក៏ដោយ កូនមាន់ទាំងនោះ ក៏មិនគួរ ដើម្បីទម្លាយនូវសម្បកស៊ុត ដោយចុងក្រចកជើង ឬដោយចុងចំពុះ ហើយញាស់មក ដោយសួស្តីបានឡើយ។ សេចក្តីនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា មេមាន់ ដែលមានស៊ុត៨ក្តី ១០ក្តី ១២ក្តី ឯស៊ុតទាំងនោះ មេមាន់មិនបានក្រាបដោយប្រពៃ មិនបានឲ្យចំហាយដោយប្រពៃ មិនបានអប់កំដៅដោយប្រពៃ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ឯភិក្ខុដែលមិនបានប្រកបរឿយៗ នូវភាវនានុយោគ ទុកជាមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ឱហ្ន៎ ចិត្តរបស់អាត្មាអញ គប្បីរួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនបានប្រកាន់មាំ ដូច្នេះ ក៏ដោយ ចិត្តរបស់ភិក្ខុនោះ ក៏នៅតែមិនរួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនបានប្រកាន់មាំឡើយ។ សេចក្តីនោះ ព្រោះហេតុអ្វី។ គប្បីឆ្លើយថា ព្រោះភិក្ខុនោះ មិនបានចម្រើន។ មិនបានចម្រើនអ្វី។ មិនបានចម្រើនសតិប្បដ្ឋានទាំង៤ មិនបានចម្រើនសម្មប្បធានទាំង៤ មិនបានចម្រើនឥទ្ធិបាទទាំង៤ មិនបានចម្រើនឥន្ទ្រិយទាំង៥ មិនបានចម្រើនពលៈទាំង៥ មិនបានចម្រើនពោជ្ឈង្គទាំង៧ មិនបានចម្រើនអរិយមគ្គប្រកបដោយអង្គ៨ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបរឿយៗ នូវភាវនានុយោគ ទុកជាមិនមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ឱហ្ន៎ ចិត្តរបស់អាត្មាអញ គប្បីរួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនបានប្រកាន់មាំ ដូច្នេះ ក៏ដោយ ចិត្តរបស់ភិក្ខុនោះ រមែងរួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនបានប្រកាន់មាំដោយពិត។ សេចក្តីនោះ ព្រោះហេតុអ្វី។ គប្បីឆ្លើយថា ព្រោះភិក្ខុនោះ បានចម្រើន។ បានចម្រើនអ្វី។ បានចម្រើនសតិប្បដ្ឋានទាំង៤ បានចម្រើនសម្មប្បធានទាំង៤ បានចម្រើនឥទ្ធិបាទទាំង៤ បានចម្រើនឥន្ទ្រិយទាំង៥ បានចម្រើនពលៈទាំង៥ បានចម្រើនពោជ្ឈង្គទាំង៧ បានចម្រើនអរិយមគ្គ ប្រកបដោយអង្គ៨។ ម្នាលភិក្ខុទាំងឡាយ ដូចជាមេមាន់ មានស៊ុត៨ក្តី ១០ក្តី ១២ក្តី ឯស៊ុតទាំងនោះ មេមាន់ ក៏បានក្រាបដោយប្រពៃ បានឲ្យចំហាយ ដោយប្រពៃ បានអប់កំដៅ ដោយប្រពៃ ទុកជាមេមាន់នោះ មិនមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ឱហ្ន៎ កូនមាន់របស់អាត្មាអញ គប្បីទម្លាយ នូវសម្បកស៊ុត ដោយចុងក្រចកជើង ឬដោយចុងចំពុះ ហើយញាស់ចេញមក ដោយសួស្តី ដូច្នេះក៏ដោយ កូនមាន់ទាំងនោះ ក៏គួរដើម្បីទម្លាយ នូវសម្បកស៊ុត ដោយចុងក្រចកជើង ឬដោយចុងចំពុះ ហើយញាស់ចេញមកដោយសួស្តីបានដោយពិត។ សេចក្តីនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា មេមាន់ ដែលមានស៊ុត ៨ក្តី ១០ក្តី ១២ក្តី ឯស៊ុតទាំងនោះ មេមាន់បានក្រាបដោយប្រពៃ បានឲ្យចំហាយដោយប្រពៃ បានអប់កំដៅដោយប្រពៃ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ឯភិក្ខុអ្នកប្រកបរឿយៗ នូវភាវនានុយោគ ទុកជាមិនមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ឱហ្ន៎ ចិត្តរបស់អាត្មាអញ គប្បីរួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនបានប្រកាន់មាំ ដូច្នេះ ក៏ដោយ ចិត្តរបស់ភិក្ខុនោះ រមែងរួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនបានប្រកាន់មាំ បានដោយពិត។ សេចក្តីនោះ ព្រោះហេតុអ្វី។ គប្បីឆ្លើយថា ព្រោះភិក្ខុនោះ បានចម្រើន។ បានចម្រើនអ្វី។ បានចម្រើនសតិប្បដ្ឋានទាំង៤ បានចម្រើនសម្មប្បធានទាំង៤ បានចម្រើនឥទ្ធិបាទទាំង៤ បានចម្រើនឥន្ទ្រិយទាំង៥ បានចម្រើនពលៈទាំង៥ បានចម្រើនពោជ្ឈង្គទាំង៧ បានចម្រើនអរិយមគ្គ ប្រកបដោយអង្គ៨។

[២៦២] ម្នាលភិក្ខុទាំងឡាយ ដូចជាជាងឈើ ឬកូនសិស្សរបស់ជាងឈើ រមែងយកម្រាមដៃ និងមេដៃ ចាប់កាន់ត្រង់មៀនកាំបិត ជាប្រាកដ ប៉ុន្តែ ជាងឈើនោះ ក៏មិនមានសេចក្តីដឹង យ៉ាងនេះថា ក្នុងថ្ងៃនេះ មៀនកាំបិតរបស់អាត្មាអញ សឹកអស់ទៅប៉ុណ្ណេះ ម្សិលមិញ សឹកអស់ប៉ុណ្ណេះ ម្សិលម្ង៉ៃ សឹកអស់ប៉ុណ្ណេះ ដូច្នេះឡើយ ជាងឈើនោះ គ្រាន់តែមានសេចក្តីដឹងថា អស់ទៅៗ តែប៉ុណ្ណេះ ដោយពិត យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបរឿយៗ នូវភាវនានុយោគ ក៏មិនមានសេចក្តីដឹង យ៉ាងនេះថា ក្នុងថ្ងៃនេះ អាសវៈ របស់អាត្មាអញ អស់ទៅប៉ុណ្ណេះ ម្សិលមិញ អស់ទៅប៉ុណ្ណេះ ម្សិលម្ង៉ៃ អស់ទៅប៉ុណ្ណេះ ដូច្នេះដែរ ភិក្ខុនោះ គ្រាន់តែមានសេចក្តីដឹងថា អស់ទៅៗ ប៉ុណ្ណោះ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ដូចជាទូកនៅក្នុងសមុទ្រ ដែលគេចង ដោយចំណងផ្តៅ ត្រាំនៅក្នុងទឹក អស់៦ខែ ទើបគេស្រង់ឡើង ដាក់លើគោក ក្នុងហេមន្តរដូវ ឯចំណងផ្តៅទាំងនោះ ត្រូវខ្សល់ និងកំដៅថ្ងៃគ្របសង្កត់ មេឃបង្អុរទឹកភ្លៀងគ្របសង្កត់ ក៏រមាសពុកផុយទៅ ដោយមិនយូរ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបរឿយៗ នូវភាវនានុយោគ រមែងមានសញ្ញោជនៈស្ងប់រម្ងាប់ទៅ ពុកផុយទៅ ដោយមិនលំបាក ក៏យ៉ាងនោះឯង។

(អនិច្ចសញ្ញា)សូត្រ ទី១០

(១០. អនិច្ចសញ្ញាសុត្តំ)

[២៦៣] ជិតក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ អនិច្ចសញ្ញា ដែលបុគ្គលបានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ រមែងគ្របសង្កត់ នូវកាមរាគ14) ទាំងអស់ គ្របសង្កត់នូវរូបរាគ15) ទាំងអស់ គ្របសង្កត់នូវភវរាគ16) ទាំងអស់ គ្របសង្កត់នូវអវិជ្ជាទាំងអស់ ដកឡើងនូវអស្មិមានះទាំងអស់។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសអ្នកភ្ជួរ កាលភ្ជួរដោយនង្គ័លធំ ក្នុងសរទសម័យ តែងភ្ជួរទម្លាយ នូវបណ្តាញ នៃឫសទាំងពួង យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ឯអនិច្ចសញ្ញា ដែលបុគ្គលបានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ រមែងគ្របសង្កត់ នូវកាមរាគទាំងអស់ គ្របសង្កត់នូវរូបរាគទាំងអស់ គ្របសង្កត់ នូវភវរាគទាំងអស់ គ្របសង្កត់នូវអវិជ្ជាទាំងអស់ ដកឡើងនូវអស្មិមានះទាំងអស់បាន ក៏យ៉ាងនោះឯង។

[២៦៤] ម្នាលភិក្ខុទាំងឡាយ មួយទៀត ដូចជាបុរសអ្នកច្រូតស្មៅដំណេកទន្សាយ បានច្រូតស្មៅដំណេកទន្សាយ ចាប់ចុងហើយរលាស់គ្រវាត់បោក យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ អនិច្ចសញ្ញា ដែលបុគ្គលបានចម្រើនហើយ ក៏យ៉ាងនោះឯង។បេ។

[២៦៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត ដូចជាចង្កោមស្វាយ ដែលបុគ្គលកាត់ទងហើយ បណ្តាផ្លែស្វាយទាំងនោះ ផ្លែស្វាយទាំងឡាយណា ដែលជាប់នៅនឹងទង ផ្លែស្វាយទាំងអស់នោះ រមែងទៅតាមចង្កោមស្វាយនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ អនិច្ចសញ្ញា ដែលបុគ្គលបានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ។បេ។ ក៏យ៉ាងនោះឯង។

[២៦៦] ម្នាលភិក្ខុទាំងឡាយ មួយទៀត ដូចជាឈើបង្កង់ណានីមួយ របស់ផ្ទះមានកំពូល ឯបង្កង់ទាំងអស់នោះ បាញ់ទៅរកកំពូល ងាកទៅរកកំពូល ប្រជុំចុះក្នុងកំពូល ឯកំពូលប្រាកដជាប្រសើរជាងបង្កង់ទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ អនិច្ចសញ្ញា ដែលបុគ្គលបានចម្រើនហើយ។បេ។ ក៏យ៉ាងនោះឯង។

[២៦៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត ដូចជាវត្ថុមានក្លិនពីឫសណានីមួយ ស្មៅស្គា ប្រាកដជាប្រសើរ ជាងវត្ថុមានក្លិនពីឫសទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ អនិច្ចសញ្ញា ដែលបុគ្គលបានចម្រើនហើយ។បេ។ ក៏យ៉ាងនោះឯង។

[២៦៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត ដូចជាវត្ថុមានក្លិនពីខ្លឹមណានីមួយ ចន្ទន៍ក្រហម ប្រាកដជាប្រសើរ ជាងវត្ថុមានក្លិនពីខ្លឹមទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ អនិច្ចសញ្ញា ដែលបុគ្គលបានចម្រើនហើយ។បេ។ ក៏យ៉ាងនោះឯង។

[២៦៩] ម្នាលភិក្ខុទាំងឡាយ មួយទៀត ដូចជាវត្ថុមានក្លិនពីផ្កាណានីមួយ ម្លិះលា ប្រាកដជាប្រសើរ ជាងវត្ថុមានក្លិនពីផ្កាទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ឯអនិច្ចសញ្ញា ដែលបុគ្គលបានចម្រើនហើយ។បេ។ ក៏យ៉ាងនោះឯង។

[២៧០] ម្នាលភិក្ខុទាំងឡាយ មួយទៀត ដូចជាពួកស្តេចខ្សោយអំណាចណានីមួយ ស្តេចទាំងអស់នោះ ជាចំណុះស្តេចចក្រពត្តិ ឯស្តេចចក្រពត្តិ ប្រាកដជាប្រសើរ ជាងស្តេចទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ អនិច្ចសញ្ញា ដែលបុគ្គលបានចម្រើនហើយ។បេ។ ក៏យ៉ាងនោះឯង។

[២៧១] ម្នាលភិក្ខុទាំងឡាយ មួយទៀត ដូចជាពន្លឺនៃពួកផ្កាយណានីមួយ ពន្លឺទាំងអស់នោះ រមែងមិនដល់នូវចំណែកដែលបុគ្គលចែកជាដប់ប្រាំមួយ ៗ លើកនៃពន្លឺព្រះចន្ទ្រ ពន្លឺព្រះចន្ទ្រ ប្រាកដជាប្រសើរជាងពន្លឺទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ អនិច្ចសញ្ញា ដែលបុគ្គលបានចម្រើនហើយ។បេ។ ក៏យ៉ាងនោះឯង។

[២៧២] ម្នាលភិក្ខុទាំងឡាយ មួយទៀត ដូចជាព្រះអាទិត្យ កាលបើមេឃដ៏ស្អាត ប្រាសចាកពពកហើយ ក្នុងសរទសម័យ ក៏ស្ទុះឡើងទៅកាន់អាកាស កំចាត់បង់នូវងងឹត ដែលតាំងនៅក្នុងអាកាសទាំងពួងហើយ ក៏រមែងភ្លឺផង ក្តៅផង រុងរឿងផង យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ អនិច្ចសញ្ញា ដែលបុគ្គលបានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ រមែងគ្របសង្កត់នូវកាមរាគទាំងអស់ គ្របសង្កត់នូវរូបរាគទាំងអស់ គ្របសង្កត់នូវភវរាគទាំងអស់ គ្របសង្កត់នូវអវិជ្ជាទាំងអស់ ដកឡើងនូវអស្មិមានះទាំងអស់បាន ក៏យ៉ាងនោះឯង។

[២៧៣] ម្នាលភិក្ខុទាំងឡាយ ចុះអនិច្ចសញ្ញា ដែលបុគ្គលបានចម្រើនហើយ ដូចម្តេច ដែលបុគ្គលបានធ្វើឲ្យច្រើនហើយ ដូចម្តេច ទើបគ្របសង្កត់នូវកាមរាគទាំងអស់។បេ។ ដកឡើងនូវអស្មិមានះទាំងអស់បាន។ បានចម្រើនថា រូបដូច្នេះ ហេតុឲ្យកើតឡើងនៃរូប ដូច្នេះ សេចក្តីអស់ទៅនៃរូបដូច្នេះ។ វេទនាដូច្នេះ។ សញ្ញាដូច្នេះ។ សង្ខារដូច្នេះ។ វិញ្ញាណដូច្នេះ ហេតុឲ្យកើតឡើងនៃវិញ្ញាណ ដូច្នេះ សេចក្តីអស់ទៅនៃវិញ្ញាណដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ អនិច្ចសញ្ញា ដែលបុគ្គលបានធ្វើឲ្យច្រើនហើយ យ៉ាងនេះឯង រមែងគ្របសង្កត់ នូវកាមរាគទាំងអស់ គ្រប់សង្កត់ នូវរូបរាគទាំងអស់ គ្របសង្កត់ នូវភវរាគទាំងអស់ គ្របសង្កត់ នូវអវិជ្ជាទាំងអស់ ដកឡើងនូវអស្មិមានះទាំងអស់បាន។

ចប់ បុប្ផវគ្គ ទី៥។

ឧទ្ទាននៃបុប្ផវគ្គនោះ គឺ

និយាយអំពីស្ទឹង១ ផ្កាជលជាតិ១ ពពុះទឹក១ អាចម៍គោ១ ចុងព្រះនខា១ សមុទ្រ១ ដងដោយសម្រាប់ចងឆ្កែពីរលើក ទូក១ សញ្ញា១ ត្រូវជា១០។

ចប់ មជ្ឈិមបណ្ណាសកៈ។

ឧទ្ទាននៃវគ្គ របស់មជ្ឈិមបណ្ណាសកៈនោះគឺ

ឧបាយវគ្គ១ អរហន្តវគ្គ១ ខជ្ជនីយវគ្គ១ ថេរវគ្គ១ បុប្ផវគ្គ១ លោកឲ្យឈ្មោះថា ទុតិយបណ្ណាសកៈ។

ចប់ ភាគ៣៣

មាតិកា

លេខ ទំព័រ លេខ​សម្គាល់
សុត្តន្តបិដក sut
សំយុត្តនិកាយ sut.sn
ខន្ធវារវគ្គ បញ្ចមភាគ sut.sn.v3
ខន្ធសំយុត្ត ? sut.sn.22
មូលបណ្ណាសកៈ
នកុលបិតវគ្គ ទី១ ? sut.sn.22.v01
អនិច្ចវគ្គ ទី២ ? sut.sn.22.v02
ភារវគ្គ ទី៣ ? sut.sn.22.v03
នតុម្ហាកវគ្គ ទី៤ ? sut.sn.22.v04
អត្តទីបវគ្គ ទី៥ ? sut.sn.22.v05
មជ្ឈិមបណ្ណាសកៈ
ឧបាយវគ្គ ទី ១ ? sut.sn.22.v06
អរហន្តវគ្គ ទី ២ ? sut.sn.22.v07
ខជ្ជនីយវគ្គ ទី ៣ ? sut.sn.22.v08
ថេរវគ្គ ទី ៤ ? sut.sn.22.v09
បុប្ផវគ្គ ទី ៥ ? sut.sn.22.v10

 

លេខយោង

1)
សេចក្តីត្រេកត្រអាលក្នុងរូប។
2)
ឧបាយពីរ គឺតណ្ហា១ ទិដ្ឋិ១។
3)
ឧបាទាន៤ មានកាមុបាទានជាដើម (អដ្ឋកថា)។
4)
ប្រែថា ធ្ងន់ គឺលំបាកនឹងរក្សា មាន ឲ្យដើរ អង្គុយ ដេក ផ្ងូត ប្រដាប់ ស៊ី ផឹក ជាដើម (អដ្ឋកថា)។
5)
សំដៅយកធម៌ គឺរូប វេទនា សញ្ញា វិញ្ញាណ របស់សត្វ កំពុងរស់នៅ ហើយចាស់គ្រាំគ្រា (អដ្ឋកថា)។
6)
ប្រែថា ការយល់ឃើញនូវខន្ធ ក្នុងអតីតកាល ទិដ្ឋិនេះ មាន១៨។
7)
ប្រែថា ការយល់ឃើញនូវខន្ធ ក្នុងអនាគតកាល ទិដ្ឋិនេះ មាន៤៤។ ទិដ្ឋិ ទាំង២យ៉ាងនេះ ចូរមើលក្នុងព្រហ្មជាលសូត្រ ទីឃនិកាយ សីលក្ខន្ធវគ្គ។
8)
អដ្ឋកថាពន្យល់ថា ប្រកាន់ដោយបបញ្ចធម៌ ៣យ៉ាង គឺ តណ្ហា មានះ ទិដ្ឋិ។
9)
ក្នុងខន្ធទាំងនេះ ខន្ធមួយៗ មានបរិវដ្តៈបួនៗ (អដ្ឋកថា)។
10)
ព្រះសទ្ធម្មទាំង៧នោះ បានដល់ សទ្ធា ហិរិ ឱត្តប្បៈ ពាហុសច្ចៈ វីរិយៈ ឧបដ្ឋិតស្សតិ និងបញ្ញា។ អដ្ឋកថា។
11)
សំដៅយកខន្ធបញ្ចកៈ។
12)
ធម៌ជាបវេណី។
13)
គឺស្ត្រីមានបិតាជាក្សត្រិយ៍ មាតាជាព្រាហ្មណ៍ ឬបិតាជាព្រាហ្មណ៍ មាតាជាក្សត្រិយ៍ (អដ្ឋកថា)។
14)
សេចក្តីត្រេកអរ ក្នុងកាមភព។
15)
សេចក្តីត្រេកអរ ក្នុងរូបភព។
16)
សេចក្តីត្រេកអរក្នុងភព។
km/tipitaka/sut/sn/22/sut.sn.22.v08.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann