km:tipitaka:sut:sn:23:sut.sn.23.001



(មារ)សូត្រ ទី១

សង្ខេប

«ពាក្យ​ដែល​ហៅ​ថា មារ មារ ដូ​ច្នេះ … ដែល​ហៅ​ថា មារ តើ​ដោយ​ហេតុយ៉ា​ងណា។»

sn 23.001 បាលី cs-km: sut.sn.23.001 អដ្ឋកថា: sut.sn.23.001_att PTS: ?

(មារ)សូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១. មារសុត្តំ)

[៩៣] ក្រុងសាវត្ថី។ គ្រានោះឯង ព្រះរាធៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា មារ មារ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថា មារ តើដោយហេតុយ៉ាងណា។ ម្នាលរាធៈ កាលបើរូបមាន សេចក្តីស្លាប់ក្តី សត្វដែលត្រូវគេសម្លាប់ក្តី ក៏មានដែរ ឬ សត្វណាតែងស្លាប់ (សត្វនោះក៏មានដែរ) ម្នាលរាធៈ ហេតុដូច្នេះ អ្នកចូរឃើញ នូវរូប ថាជាមារ ឃើញថាជាសត្វ ដែលត្រូវគេសម្លាប់ ឃើញថា រមែងស្លាប់ ឃើញថាជារោគ ឃើញថាជាបូស ឃើញថាជាសរ ឃើញថាជាទុក្ខ ឃើញថាជារបស់មានទុក្ខ ពួកជនណា ឃើញនូវរូបនោះយ៉ាងនេះ ពួកជននោះ ឈ្មោះថា ឃើញប្រពៃ។ កាលបើវេទនាមាន។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន សេចក្តីស្លាប់ក្តី សត្វដែលត្រូវគេសម្លាប់ក្តី ក៏មានដែរ ឬ សត្វណា តែងស្លាប់ (សត្វនោះ ក៏មានដែរ) ម្នាលរាធៈ ហេតុដូច្នេះ អ្នកចូរឃើញ នូវវិញ្ញាណ ថាជាមារ ឃើញថាជាសត្វ ដែលត្រូវគេសម្លាប់ ឃើញថា រមែងស្លាប់ ឃើញថាជារោគ ឃើញថាជាបូស ឃើញថាជាសរ ឃើញថាជាទុក្ខ ឃើញថាជារបស់មានទុក្ខ ពួកជនណា ឃើញនូវវិញ្ញាណនោះ យ៉ាងនេះ ពួកជននោះ ឈ្មោះថា ឃើញប្រពៃ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះការឃើញប្រពៃ តើមានប្រយោជន៍អ្វី។ ម្នាលរាធៈ ការឃើញប្រពៃ មានប្រយោជន៍ឲ្យកើតសេចក្តីនឿយណាយ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះសេចក្តីនឿយណាយ មានប្រយោជន៍អ្វី។ ម្នាលរាធៈ សេចក្តីនឿយណាយ មានប្រយោជន៍ឲ្យកើតការប្រាសចាកតម្រេក។ បពិត្រព្រះអង្គដ៏ចម្រើន ចុះការប្រាសចាកតម្រេក មានប្រយោជន៍អ្វី។ ម្នាលរាធៈ ការប្រាសចាកតម្រេក មានប្រយោជន៍ឲ្យកើតការផុតស្រឡះ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះការផុតស្រឡះ មានប្រយោជន៍អ្វី។ ម្នាលរាធៈ ការផុតស្រឡះ មានប្រយោជន៍ឲ្យបានព្រះនិព្វាន។ បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះនិព្វាន មានអ្វីជាប្រយោជន៍។ ម្នាលរាធៈ អ្នកប្រព្រឹត្តកន្លង គឺសួរហួសបញ្ហា មិនអាចកាន់យកនូវទីបំផុត នៃបញ្ហាបានឡើយ។ ម្នាលរាធៈ ព្រោះថា ការប្រព្រឹត្តព្រហ្មចរិយៈ មានព្រះនិព្វាន ជាទីពឹង មានព្រះនិព្វាន ជាទីបំផុត។

 

លេខយោង

km/tipitaka/sut/sn/23/sut.sn.23.001.txt · ពេលកែចុងក្រោយ: 2024/04/30 12:48 និពន្ឋដោយ Johann