km:tipitaka:sut:sn:23:sut.sn.23.002



(សត្ត)សូត្រ ទី២

សង្ខេប

សត្វទាំងឡាយ កើតទៀត។ ដូម្តេចដែលហៅថាសត្វ? បុគ្គលណាដែលជំពាក់ក្នុងខន្ធប្រាំ តថាគតហៅបុគ្គលទាំងនោះ ថាសត្វ។

sn 23.002 បាលី cs-km: sut.sn.23.002 អដ្ឋកថា: sut.sn.23.002_att PTS: ?

(សត្ត)សូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(២. សត្តសុត្តំ)

[៩៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះរាធៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា សត្វ សត្វ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថាសត្វ តើដោយហេតុដូចម្តេច។ ម្នាលរាធៈ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ក្នុងរូប បុគ្គលដែលជាប់នៅក្នុងសេចក្តីពេញចិត្ត ជាដើមនោះ ចំពាក់នៅក្នុងសេចក្តីពេញចិត្ត ជាដើមនោះ លោកហៅថា សត្វ។ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារទាំងឡាយ។ ក្នុងវិញ្ញាណ បុគ្គលដែលជាប់នៅក្នុងសេចក្តីពេញចិត្ត ជាដើមនោះ ចំពាក់នៅក្នុងសេចក្តីពេញចិត្ត ជាដើមនោះ លោកហៅថា សត្វ។ ម្នាលរាធៈ ដូចពួកកុមារក្តី ពួកកុមារីក្តី នាំគ្នាលេងកូនផ្ទះ ធ្វើពីអាចម៍ដី មិនទាន់ប្រាសចាកសេចក្តីត្រេកអរ មិនទាន់ប្រាសចាកសេចក្តីពេញចិត្ត មិនទាន់ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្តីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្តីឆ្លេឆ្លា មិនទាន់ប្រាសចាកសេចក្តីប្រាថ្នា ក្នុងកូនផ្ទះធ្វើពីអាចម៍ដីទាំងនោះ កំណត់ត្រឹមណា តែងអាល័យ តែងប្រកាន់លេង តែងប្រកាន់ ថាជាទ្រព្យ ប្រកាន់ថាជារបស់ខ្លួន ចំពោះកូនផ្ទះធ្វើពីអាចម៍ដី កំណត់ត្រឹមនោះ ម្នាលរាធៈ កាលណាបើពួកកុមារក្តី ពួកកុមារីក្តី លែងត្រេកអរ លែងពេញចិត្ត លែងស្រឡាញ់ លែងស្រេកឃ្លាន លែងឆ្លេឆ្លា លែងប្រាថ្នា ក្នុងកូនផ្ទះធ្វើពីអាចម៍ដីទាំងនោះហើយ យកដៃ និងជើងទៅកំចាយចោល ឈូសចោល កំចាត់ចោល នូវកូនផ្ទះធ្វើពីអាចម៍ដីទាំងនោះ ធ្វើឲ្យជារបស់លេងមិនកើតក្នុងកាលនោះ យ៉ាងណាមិញ។ ម្នាលរាធៈ អ្នកទាំងឡាយ ចូរកំចាយចោល ឈូសចោល កំចាត់ចោល នូវរូប ចូរធ្វើឲ្យជារបស់លេងមិនកើត ចូរប្រតិបត្តិ ដើម្បីអស់ទៅ នៃតណ្ហា ចូរកំចាយចោល ឈូសចោល កំចាត់ចោល នូវវេទនា ចូរធ្វើឲ្យជារបស់លេងមិនកើត ចូរប្រតិបត្តិ ដើម្បីអស់ទៅ នៃតណ្ហា។ ចូរកំចាយចោល ឈូសចោល កំចាត់ចោល នូវសញ្ញា។ នូវសង្ខារទាំងឡាយ ចូរធ្វើឲ្យជារបស់លេងមិនកើត ចូរប្រតិបត្តិ ដើម្បីអស់ទៅ នៃតណ្ហា ចូរកំចាយចោល ឈូសចោល កំចាត់ចោល នូវវិញ្ញាណ ចូរធ្វើឲ្យជារបស់លេងមិនកើត ចូរប្រតិបត្តិ ដើម្បីអស់ទៅ នៃតណ្ហា យ៉ាងនោះឯង។ ម្នាលរាធៈ ព្រោះថា ការអស់ទៅ នៃតណ្ហា ឈ្មោះថា ព្រះនិព្វាន។

 

លេខយោង

km/tipitaka/sut/sn/23/sut.sn.23.002.txt · ពេលកែចុងក្រោយ: 2023/06/24 16:18 និពន្ឋដោយ Cheav Villa