km:tipitaka:sut:sn:24:sut.sn.24.001



(វាត)សូត្រ ទី១

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 24.001 បាលី cs-km: sut.sn.24.001 អដ្ឋកថា: sut.sn.24.001_att PTS: ?

(វាត)សូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១. វាតសុត្តំ)

[១៤៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន ទៀបក្រុងសាវត្ថី។បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់1) ស្ទឹងមិនហូរ ស្រីមានគភ៌មិនសម្រាល ព្រះចន្ទ ព្រះអាទិត្យ មិនរះ ឬមិនលិច តាំងនៅនឹងដដែល ដូចជាសសរខឿន។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់ខ្ញុំព្រះអង្គទាំងឡាយ មានព្រះមានព្រះភាគជាមូល មានព្រះមានព្រះភាគជាអ្នកណែនាំ មានព្រះមានព្រះភាគជាទីពឹង បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ សម្តែងសេចក្តី នៃភាសិតនេះ ពួកភិក្ខុបានស្តាប់ធម៌ របស់ព្រះមានព្រះភាគហើយ នឹងចាំទុក។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគត នឹងសម្តែង។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ស្ទឹងមិនហូរ ស្រីមានគ័ភ៌មិនសម្រាល ព្រះចន្ទ ព្រះអាទិត្យ មិនរះ ឬមិនលិច តាំងនៅនឹងដដែល ដូចជាសសរខឿន។ កាលបើវេទនាមាន។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ស្ទឹងមិនហូរ ស្រីមានគ័ភ៌មិនសម្រាល ព្រះចន្ទ ព្រះអាទិត្យ មិនរះ ឬមិនលិច តាំងនៅនឹងដដែល ដូចជាសសរខឿន។

[១៤៥] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសភាពប្រែប្រួលទៅ បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ស្ទឹងមិនហូរ ស្រីមានគ័ភ៌មិនសម្រាល ព្រះចន្ទ ព្រះអាទិត្យ មិនរះ ឬមិនលិច តាំងនៅនឹងដដែល ដូចជាសសរខឿនដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ វេទនាទៀង ឬមិនទៀង។បេ។ សញ្ញា។ សង្ខារទាំងឡាយទៀង ឬមិនទៀង។បេ។ វិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀងជាទុក្ខ មានសភាពប្រែប្រួលទៅ បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ស្ទឹងមិនហូរ ស្រីមានគ័ភ៌មិនសម្រាល ព្រះចន្ទ ព្រះអាទិត្យ មិនរះ ឬមិនលិច តាំងនៅនឹងដដែល ដូចជាសសរខឿនដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ចុះរបស់ណា ដែលបុគ្គល បានឃើញ បានឮ បានពាល់ត្រូវ2) បានដឹងច្បាស់3) បានដល់ បានស្វែងរក បានពិចារណារឿយៗដោយចិត្ត របស់នោះទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសភាពប្រែប្រួលទៅ បើមិនអាស្រ័យ នូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ស្ទឹងមិនហូរ ស្រីមានគ័ភ៌មិនសម្រាល ព្រះចន្ទ ព្រះអាទិត្យ មិនរះ ឬមិនលិច តាំងនៅនឹងដដែល ដូចជាសសរខឿនដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក លះបង់សេចក្តីសង្ស័យ ក្នុងឋានទាំង៦នេះ បានហើយ សេចក្តីសង្ស័យក្នុងទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន សេចក្តីសង្ស័យ ក្នុងហេតុនាំឲ្យកើតទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន សេចក្តីសង្ស័យ ក្នុងការរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន សេចក្តីសង្ស័យ ក្នុងបដិបទា ជាដំណើរទៅកាន់ការរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

 

លេខយោង

1)
សេចក្តីយល់ឃើញឆ្វេងថា ខ្យល់ដែលបក់បំបាក់រំលើងរុក្ខជាតិ ជាដើម មិនមែនជាខ្យល់មែនទែនទេ ហៅថា វាតលេស គឺគ្រាន់តែជាសំអាងរបស់ខ្យល់ ឯខ្យល់មែនទែននោះ ឋិតនៅនឹងថ្កល់ ដូចជាសសរគោល ឬកំពូលភ្នំ។ ស្ទឹង ស្រីមានគភ៌ និងព្រះចន្ទព្រះអាទិត្យ ក៏មានន័យដូចគ្នាដែរ។
2)
ពាក្យថា ពាល់ត្រូវ គឺធុំក្លិនដោយច្រមុះ ក្រេបជញ្ជក់ដោយអណ្តាត ប៉ះពាល់ដោយកាយ។
3)
ពាក្យថា ដឹងច្បាស់ គឺយល់ប្រាកដដោយចិត្ត។
km/tipitaka/sut/sn/24/sut.sn.24.001.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann