km:tipitaka:sut:sn:24:sut.sn.24.005



(នត្ថិទិន្ន)សូត្រ ទី៥

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 24.005 បាលី cs-km: sut.sn.24.005 អដ្ឋកថា: sut.sn.24.005_att PTS: ?

(នត្ថិទិន្ន)សូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥. នត្ថិទិន្នសុត្តំ)

[១៥២] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ទាន ដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល ការបូជាតូច មិនមានផល ផល និងវិបាក នៃកម្មល្អ និងអាក្រក់ មិនមាន លោកមនេះ មិនមាន លោកខាងមុខ មិនមាន មាតា មិនមាន1) បិតា មិនមាន2) សត្វទាំងឡាយ ជាឱបបាតិកៈ មិនមាន សមណៈ និងព្រាហ្មណ៍ណា ដែលបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ចំពោះលោកនេះ និងលោកខាងមុខ ហើយអាចនឹងប្រកាសបាន សមណព្រាហ្មណ៍នោះ ជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិល្អ មិនមានក្នុងលោកឡើយ បុរសនេះ មានកាយប្រកបដោយមហាភូតរូប ទាំង៤ កាលណាបើធ្វើមរណកាលទៅ បឋវីធាតុខាងក្នុង ក៏ប្រែក្លាយទៅជាបឋវីធាតុខាងក្រៅ អបោធាតុខាងក្នុង ក៏ប្រែក្លាយទៅជាអបោធាតុខាងក្រៅ តេជោធាតុខាងក្នុង ក៏ប្រែក្លាយទៅជាតេជោធាតុខាក្រៅ វាយោធាតុខាងក្នុង ក៏ប្រែក្លាយទៅជាវាយោធាតុខាងក្រៅ ឥន្ទ្រិយ ក៏អណ្តែតទៅព្ធដ៏អាកាស បុរស (៤នាក់) មានគ្រែជាគម្រប់៥ សែងយកបុរសដែលស្លាប់ ហើយ ទៅត្រាតែដល់ទីប៉ាឆា ចំណែកគុណ និងទោស ក៏ប្រាកដឡើង ឯឆ្អឹងមានសម្បុរដូចជាកូនព្រាប គ្រឿងបូជា មានផេះជាទីបំផុត ទាននេះ មនុស្សខ្លៅ បានបញ្ញត្តទុកមកហើយ ជនទាំងឡាយណានីមួយ ទាំងពាល ទាំងបណ្ឌិត តែងពោលពាក្យថា ទានមានផល ពាក្យរបស់ជនទាំងនោះ ជាពាក្យកុហកទទេ ជនទាំងនោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ ក៏សូន្យទទេ មិនកើតទៀត។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល។បេ។ ជនទាំងនោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ ក៏សូន្យទទេ មិនកើតទៀត។ កាលបើវេទនាមាន។បេ។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល។បេ។ ជនទាំងនោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ ក៏សូន្យទទេ មិនកើតទៀត។

[១៥៣] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសភាពប្រែប្រួលទៅ បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល។បេ។ ជនទាំងនោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ ក៏សូន្យទទេ មិនកើតទៀតដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះបើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល។បេ។ ជនទាំងនោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ ក៏សូន្យទទេ មិនកើតទៀតដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ របស់ណា ដែលបុគ្គលបានឃើញ បានឮ បានពាល់ត្រូវ បានដឹងច្បាស់ បានដល់ បានស្វែងរក បានពិចារណារឿយៗ ដោយចិត្ត របស់នោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះបើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល។បេ។ ជនទាំងឡាយណានីមួយ ទាំងពាល ទាំងបណ្ឌិត តែងពោលពាក្យថា ទានមានផល ជនទាំងនោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ ក៏សូន្យទទេ មិនកើតទៀតដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក លះបង់សេចក្តីសង្ស័យ ក្នុងឋានទាំង៦នេះ បានហើយ សេចក្តីសង្ស័យក្នុងទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។បេ។ សេចក្តីសង្ស័យ ក្នុងបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

 

លេខយោង

1)
សេចក្តីប្រត្តបត្តិល្អ ឬអាក្រក់ចំពោះមាតា មិនមានផលបុណ្យ ឬបាប។
2)
ចំណែកបិតាក៏ដូចគ្នា។
km/tipitaka/sut/sn/24/sut.sn.24.005.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann