km:tipitaka:sut:sn:24:sut.sn.24.019



(វាត)សូត្រ ទី១-១៧

សង្ខេប

«ព្រោះ​តែ​អាស្រ័យ​អ្វី ប្រកាន់​អ្វី ទើប​ទិដ្ឋិ​កើត​ឡើង»?

sn 24.019 បាលី cs-km: sut.sn.24.019 អដ្ឋកថា: sut.sn.24.019_att PTS: ?

(វាត)សូត្រ ទី១-១៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១. វាតសុត្តំ)

[១៧២] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះតែអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ទឹកស្ទឹងមិនហូរ ស្រីមានគ័ភ៌មិនសម្រាលកូន ព្រះចន្ទ និងព្រះអាទិត្យ មិនរះឡើង ឬមិនលិចទៅ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានរូប ព្រោះតែអាស្រ័យនូវរូប ប្រកាន់រូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់។បេ។ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។ កាលបើមានវេទនា។បេ។ កាលបើមានសញ្ញា។ កាលបើមានសង្ខារទាំងឡាយ។ កាលបើមានវិញ្ញាណ ព្រោះតែអាស្រ័យវិញ្ញាណ ប្រកាន់វិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់។បេ។ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។

[១៧៣] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់។បេ។ តាំងនៅនឹងថ្កល់ ដូចជាសសរគោល ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានទុក្ខ ព្រោះតែអាស្រ័យទុក្ខ ប្រកាន់ទុក្ខ ដូច្នេះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់។បេ។ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់។បេ។ តាំងនៅនឹងថ្កល់ ដូចជាសសរគោល ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានទុក្ខ ព្រោះតែអាស្រ័យទុក្ខ ប្រកាន់ទុក្ខ ដូច្នេះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ទឹកស្ទឹងមិនហូរ ស្រីមានគ័ភ៌មិនសម្រាលកូន ព្រះចន្ទ និងព្រះអាទិត្យ មិនរះឡើង ឬមិនលិចទៅ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។ (ឯវេយ្យាករណ៍ ដ៏ពិស្តារ ទាំង១៨ មានដំណើរដូចមុន)។

 

លេខយោង

km/tipitaka/sut/sn/24/sut.sn.24.019.txt · ពេលកែចុងក្រោយ: 2023/11/03 18:30 និពន្ឋដោយ Johann