km:tipitaka:sut:sn:28:sut.sn.28.001



(វិវេកជ)សូត្រ ទី១

សង្ខេប

អរហន្ត​​មិន​​ប្រើ​ ឈាន​ជា​​អត្តសញ្ញាណ​ទៀត​ទេ ទោះ​បី​​ជា​ព្រមសុខ​ក៏​​ដោយ។

sn 28.001 បាលី cs-km: sut.sn.28.001 អដ្ឋកថា: sut.sn.28.001_att PTS: ?

(វិវេកជ)សូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១. វិវេកជសុត្តំ)

[២៣៦] សម័យមួយ ព្រះសារីបុត្តមានអាយុ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះសារីបុត្តមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រង់សាវត្ថី ដើម្បីបិណ្ឌបាត លុះត្រាច់ទៅក្នុងក្រុងសាវត្ថី ដើម្បីបិណ្ឌបាតហើយ ត្រឡប់អំពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយ នៃភត្តហើយ សំដៅទៅកាន់អន្ធវ័ន ដើម្បីសម្រាកក្នុងវេលាថ្ងៃ លុះចូលស៊ប់ក្នុងអន្ធវ័នហើយ គង់សម្រាក ក្នុងវេលាថ្ងៃ ទៀបគល់ឈើមួយ។ គ្រានោះ ព្រះសារីបុត្តមានអាយុ ចេញអំពីទីពួនសម្ងំ ក្នុងសាយណ្ហសម័យហើយ ចូលទៅកាន់វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី។ ព្រះអានន្ទមានអាយុ បានឃើញព្រះសារីបុត្តមានអាយុ កំពុងនិមន្តមកអំពីចម្ងាយ លុះឃើញហើយ ក៏ពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ឥន្ទ្រិយរបស់លោកជ្រះថ្លា សម្បុរមុខក៏ស្អាតផូរផង់ ថ្ងៃនេះ តើព្រះសារីបុត្តមានអាយុ នៅដោយធម៌ជាគ្រឿងនៅដូចម្តេច។ ម្នាលអាវុសោ ក្នុងទីឯណោះ ខ្ញុំស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានចូលបឋមជ្ឈាន ដែលប្រកបដោយវិត្តកៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងាត់ ហើយសម្រេចសម្រាន្តនៅ។ ម្នាលអាវុសោ ខ្ញុំនោះ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ កំពុងចូលបឋមជ្ឈាន ឬថា អាត្មាអញ បានចូលបឋមជ្ឈានហើយ ឬក៏ថា អាត្មាអញ បានចេញអំពីបឋមជ្ឈានហើយ ដូច្នេះឡើយ។ ព្រះអានន្ទតបថា ពិតដូច្នោះមែន ព្រោះព្រះសារីបុត្តមានអាយុ បានគាស់រំលើង នូវអនុស័យ គឺសេចក្តីប្រកាន់ថាអញ ថារបស់អញ អស់កាលយូរមកហើយ ហេតុនោះ បានជាព្រះសារីបុត្តមានអាយុ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ កំពុងចូលបឋមជ្ឈាន ឬថា អាត្មាអញ បានចូលបឋមជ្ឈានហើយ ឬក៏ថា អាត្មាអញ បានចេញអំពីបឋមជ្ឈានហើយ ដូច្នេះឡើយ។

 

លេខយោង

km/tipitaka/sut/sn/28/sut.sn.28.001.txt · ពេលកែចុងក្រោយ: 2024/02/11 13:13 និពន្ឋដោយ Johann